« សេចក្ដីផ្ដើម » កុមារ និងយុវវ័យនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ៖ បុព្វកថាណែនាំសម្រាប់ឪពុកម្ដាយ និងថ្នាក់ដឹកនាំ ( ឆ្នាំ ២០១៩ )
« សេចក្ដីផ្ដើម »
សេចក្ដីផ្ដើម
ដោយធ្វើការរួមគ្នា ឪពុកម្ដាយ និងថ្នាក់ដឹកនាំជួយកុមារ និងយុវវ័យឲ្យប្រែចិត្តជឿកាន់តែស៊ីជម្រៅ ក្លាយជាសិស្សដ៏សក្ដិសមរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយក្លាយជាបុរស និងស្ដ្រីនៃសេចក្ដីទៀងត្រង់តាមរយៈ ៖
-
ការរៀនសូត្រដំណឹងល្អ ដែលបំផុសគំនិតដល់ការបេ្ដជ្ញាផ្ទាល់ខ្លួន ។
-
ការបម្រើ និងសកម្មភាពនានា ដែលស្អាងដល់រាងកាយ និងវិញ្ញាណ ។
-
ការអភិវឌ្ឍផ្ទាល់ខ្លួន ដែលនាំឲ្យមានការរីកចម្រើនកើនឡើង ។
គោលការណ៍ណែនាំ និងតួនាទីទូទៅដែលបានចែងនៅក្នុងសៀវភៅនេះអាចសម្របសម្រួលបាន ។ មិនមានរបៀបតែមួយត្រឹមត្រូវដើម្បីអនុវត្តវានោះទេ ។ យោបល់ និងឧទាហរណ៍មួយចំនួនមាននៅលើគេហទំព័រ ChildrenandYouth.ChurchofJesusChrist.org ។ សូមស្វែងរកការបំផុសគំនិតដើម្បីដឹងពីអ្វីដែលល្អបំផុតសម្រាប់បុគ្គលម្នាក់ៗ ( សូមមើល « កែតម្រូវ និងសម្របសម្រួល » ) ។
ជំនាន់កំពុងពេញវ័យ
ព្យាការីបានថ្លែងថា ជំនាន់កុមារ និងយុវវ័យនេះស្ថិតក្នុងចំណោមជំនាន់ល្អបំផុតដែលព្រះអម្ចាស់បានបញ្ជូនមកកាន់ផែនដីនេះ ( សូមមើល រ័សុល អិម ណិលសុន « Hope of Israel » ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវវ័យ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ទំព័រ ១៦ ) ។ ពួកគេមានសក្ដានុភាពក្នុងការជះឥទ្ធិពលដ៏អស្ចារ្យដល់ពិភពលោកនេះ ។ ពួកគេត្រូវបានអញ្ជើញឲ្យជួយប្រមូលផ្ដុំសាសន៍អ៊ីស្រាអែលនៅផ្នែកទាំងសងខាងនៃវាំងនន ។ យើងត្រូវការវិធីសាស្ដ្រដ៏ខ្ពស់ និងបរិសុទ្ធជាងនេះដើម្បីថែទាំ និងធ្វើការងារបម្រើដល់ពួកគេ ។ វិធីសាស្ដ្រនេះនឹងជួយកុមារ និងយុវវ័យឲ្យ ៖
-
ស្គាល់អត្តសញ្ញាណ និងគោលបំណងដ៏នៅអស់កល្បជានិច្ចរបស់ពួកគេ ។
-
ប្រែចិត្តជឿលើព្រះយេស៊ូវគ្រីស្ទកាន់តែស៊ីជម្រៅ ដាក់ដំណឹងល្អរបស់ទ្រង់ក្នុងចិត្តរបស់ពួកគេ ហើយបំផុសពួកគេឲ្យជ្រើសរើសធ្វើតាមទ្រង់ ។
-
បំពេញកាតព្វកិច្ចបព្វជិតភាពអើរ៉ុនទាំងឡាយ ។
-
ចូលរួមជាមួយគ្នានៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ ។
-
អភិវឌ្ឍខ្លួនដោយមានជំនួយមកពីឪពុកម្ដាយ និងថ្នាក់ដឹកនាំតាមតម្រូវការ ។
-
មានភាពសក្ដិសមដើម្បីចូលក្នុងព្រះវិហារបរិសុទ្ធ ហើយមានអំណរក្នុងការតស៊ូនៅលើផ្លូវនៃសេចក្ដីសញ្ញា ។
នៅពេលកុមារ និងយុវវ័យទទួលបានវិវរណៈសម្រាប់ជីវិតរបស់ពួកគេ បង្កើតទំនាក់ទំនងដែលផ្ដោតលើដំណឹងល្អ និងអនុវត្តសិទ្ធិជ្រើសរើសកាលពួកគេធំឡើង នោះពួកគេនឹងទទួលជោគជ័យក្នុងការសម្រេចបាននូវគោលបំណងទាំងនេះ ។
ព្យាយាមធ្វើតាមព្រះអង្គសង្គ្រោះ
នៅក្នុងយុវវ័យរបស់ទ្រង់ ព្រះយេស៊ូវបានរៀនពីអត្តសញ្ញាណ និងបេសកកម្មដ៏ទេវភាពរបស់ទ្រង់ គឺដូចជាបុត្រាបុត្រីម្នាក់ៗរបស់ព្រះត្រូវធ្វើដែរ ។ ទ្រង់ « កាន់តែធំប្រកបដោយប្រាជ្ញារឹតតែច្រើនឡើង ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ និងចិត្តមនុស្សផង » ( លូកា ២:៥២ ) ។ ទ្រង់បានធំឡើងក្នុងតុល្យភាពមួយ ដូច្នេះហើយកុមារ និងយុវវ័យទាំងអស់ក៏អាចធ្វើបានដូចគ្នាដែរ ។
សូមជួយកុមារ និងយុវវ័យឲ្យទទួលយកព្រះអង្គសង្គ្រោះដាក់ក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់ពួកគេ—មិនមែនគ្រាន់តែនៅថ្ងៃឈប់សម្រាកនោះទេ ។ នៅពេលពួកគេព្យាយាមដាក់ព្រះយេស៊ូវគ្រីស្ទជាស្នូលនៃជីវិតរបស់ពួកគេ នោះទ្រង់សន្យាថានឹងបញ្ជូនព្រះវិញ្ញាណបរិសុទ្ធឲ្យធ្វើជាអង្គលួងលោម និងដឹកនាំពួកគេ ។
វិធីល្អបំផុតនោះគឺ ការធ្វើតាមព្រះអង្គសង្គ្រោះត្រូវចាប់ផ្ដើមនៅក្នុងគេហដ្ឋាន ។ ថ្នាក់ដឹកនាំទាំងឡាយរបស់សាសនាចក្រអាចផ្ដល់ការគាំទ្រដ៏សំខាន់ដល់បុគ្គល និងក្រុមគ្រួសារ ។
ការផ្ដោតទៅលើគេហដ្ឋាន
ឪពុកម្ដាយរៀបចំផែនការបទពិសោធន៍ និងការសន្ទនាជាគ្រួសារ ដើម្បីបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយបំពេញតាមតម្រូវការពិសេសដល់កូនម្នាក់ៗ ។ ការណ៍នេះកើតឡើង នៅពេលក្រុមគ្រួសារធ្វើការ និងលេងជាមួយគ្នាតាមរបៀបនានាដែលជួយបង្រៀនជំនាញដ៏សំខាន់ៗ ពង្រឹងអត្តចរិត និងផ្ដល់ឱកាសឲ្យរីកចម្រើនឡើង ។
លើកទឹកចិត្តឲ្យមានការរីកចម្រើន
-
សូមអធិស្ឋានសូមការណែនាំ ។ ព្រះវរបិតាសួគ៌ជ្រាបពីកូនចៅរបស់អ្នក ហើយនឹងជួយអ្នកបង្រៀនពួកគេ ។
-
សូមជួយកូនចៅរបស់អ្នកឲ្យស្វែងរក និងទទួលស្គាល់ព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។
-
បង្ហាញសេចក្ដីស្រឡាញ់ ហើយសរសើរកូនចៅរបស់អ្នកឲ្យបានញឹកញាប់ចំពោះកិច្ចខិតខំរបស់ពួកគេដើម្បីធ្វើឲ្យបានល្អ និងចំពោះគុណសម្បត្តិដូចជាព្រះគ្រីស្ទដែលអ្នកឃើញនៅក្នុងពួកគេ ។
-
សូមស្វែងរកឱកាសដើម្បីបម្រើមនុស្សដទៃជាក្រុមគ្រួសារមួយ ។
ផ្ដល់ការណែនាំ
-
សូមជួយកូនចៅរបស់អ្នកឲ្យឃើញពីរបៀប ដែលពួកគេអាចអនុវត្តដំណឹងល្អនៅក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់ពួកគេ ។
-
សូមណែនាំកូនចៅរបស់អ្នក និងលើកទឹកចិត្តពួកគេឲ្យដាក់គោលដៅ និងផែនការផ្ទាល់ខ្លួនគេ ។
-
សូមជួយពួកគេឲ្យមានដំណោះស្រាយផ្ទាល់ខ្លួនចំពោះបញ្ហានានា ។
-
សូមផ្ដល់ការគាំទ្រ ជំនួយ និងការលើកទឹកចិត្តជាដរាប ។
និយាយជាមួយថ្នាក់ដឹកនាំ
សូមប្រាស្រ័យទាក់ទងជាមួយនឹងគ្រូបង្រៀន និងថ្នាក់ដឹកនាំដើម្បីកំណត់ពីរបៀបដែលពួកគេអាចជួយគាំទ្រដល់កូនចៅរបស់អ្នកបានល្អបំផុត ។ សូមប្រុងប្រយ័ត្នមិនត្រូវបំបាក់ទំនុកចិត្តកូនចៅរបស់អ្នកឡើយ ឬក៏ធ្វើឲ្យពួកគេខ្មាស់គេទេ ។
ការគាំទ្រដោយសាសនាចក្រ
តួនាទីរបស់សាសនាចក្ររួមមាន ការបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ធ្វើពិធីបរិសុទ្ធ និងគាំទ្រដល់គេហដ្ឋាន ។ ថ្នាក់ដឹកនាំ និងគ្រូបង្រៀនគាំទ្រឪពុកម្ដាយតាមរយៈការបង្កើតទំនាក់ទំនងដ៏រឹងមាំ និងចេះបីបាច់ទំនាក់ទំនងជាមួយនឹងកុមារ និងយុវវ័យដែលពួកគេបម្រើ ។
និយាយជាមួយឪពុកម្ដាយ
-
សូមប្រាស្រ័យទាក់ទងក្រៅផ្លូវការជាមួយឪពុកម្ដាយ ដើម្បីដឹងពីរបៀបគាំទ្រដល់កូនចៅរបស់ពួកគេ ។ សូមចែកចាយភាពខ្លាំងដែលអ្នកកត់សម្គាល់ ។
-
សូមសួរពីអ្វីដែលពួកគេសង្ឃឹមចង់ឲ្យកូនចៅរបស់ពួកគេដកពិសោធន៍ ហើយរៀនសូត្រពីកូរ៉ុមបព្វជិតភាពអើរ៉ុន ថ្នាក់យុវនារី និងតាមសកម្មភាពនានា ។
នៅពេលឪពុកម្តាយពុំមែនជាសមាជិកសកម្មក្នុងសាសនាចក្រ ៖
-
សូមពន្យល់ដល់ឪពុកម្ដាយអំពីកិច្ចខិតខំដើម្បីគាំទ្រដល់កុមារ និងយុវវ័យនេះ ហើយសួរថាតើពួកគេចង់ឲ្យកូនចៅរបស់ពួកគេចូលរួមដែរឬទេ ហើយតាមរបៀបណា ។
-
សូមសួរកុមារ ឬយុវវ័យពីប្រភេទនៃការគាំទ្រដែលពួកគេចង់បាន ។
-
សូមនិយាយជាមួយនឹងក្រុមប្រឹក្សាវួដអំពីរបៀបរួមបញ្ចូលឪពុកម្ដាយឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន ។
គាំទ្រកុមារ និងយុវវ័យ
-
សូមជួយកុមារ និងយុវវ័យឲ្យទទួលស្គាល់ព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។
-
សូមសួរពីអ្វីដែលពួកគេចង់រៀនសូត្រ និងដកពិសោធន៍ពីកូរ៉ុម ថ្នាក់រៀន និងសកម្មភាពនានា ។
-
សូមលើកទឹកចិត្តពួកគេឲ្យដឹកនាំក្នុងការដាក់ផែនការ និងចាត់ចែងសកម្មភាព ។
-
សូមគាំទ្រដល់អ្នកកាន់បព្វជិតភាពអើរ៉ុនឲ្យបំពេញការទទួលខុសត្រូវក្នុងកូរ៉ុម ។
ការសិក្សាដំណឹងល្អ
នៅគេហដ្ឋាន
ការសិក្សាព្រះគម្ពីរ និងការអធិស្ឋានផ្ទាល់ខ្លួន និងជាគ្រួសារនឹងជួយកុមារ និងយុវវ័យឲ្យទទួលអារម្មណ៍ និងទទួលស្គាល់ព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ហើយរៀនស្រឡាញ់ព្រះអង្គសង្គ្រោះ ។ បុគ្គលម្នាក់ៗ និងក្រុមគ្រួសារត្រូវបានលើកទឹកចិត្តឲ្យប្រើសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ និងពាក្យពេចន៍របស់ព្យាការីនៅរស់ដើម្បីសិក្សាដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
នៅព្រះវិហារ
កុមារ និងយុវវ័យជួបជុំគ្នាដើម្បីរៀនអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ កុមាររៀនដំណឹងល្អតាមរយៈការណែនាំក្នុងថ្នាក់ និងពេលវេលាច្រៀងក្នុងអង្គការបឋមសិក្សា ។ យុវវ័យរៀនគោលលទ្ធិនៅក្នុងថ្នាក់ និងកូរ៉ុម ។ កុមារ និងយុវវ័យត្រូវបានអញ្ជើញឲ្យចែកចាយអ្វីដែលពួកគេរៀននៅឯគេហដ្ឋាន ហើយអនុវត្តដំណឹងល្អនៅក្នុងជីវិតរបស់ពួកគេ ។
ការបម្រើ និងសកម្មភាពនានា
នៅគេហដ្ឋាន
ការបម្រើ និងសកម្មភាពនានាបង្កើតឲ្យមានទម្លាប់សុចរិតប្រចាំថ្ងៃ ស្ថាបនាទំនាក់ទំនងគ្រួសារ បង្រៀនជំនាញជីវិត អភិវឌ្ឍឥរិយាបថដូចជាព្រះគ្រីស្ទ និងជួយកុមារ ព្រមទាំងយុវវ័យឲ្យរីកចម្រើនឡើង ។ ការបម្រើ និងសកម្មភាពនានាក្នុងក្រុមគ្រួសារអាចផ្ដោតលើតម្រូវការបុគ្គល និងគ្រួសារ ហើយផ្ដល់ឱកាសឲ្យអនុវត្តគោលការណ៍នានានៃដំណឹងល្អនៅក្នុងបទពិសោធន៍ប្រចាំថ្ងៃ ។
នៅព្រះវិហារ
ការបម្រើ—រួមមាន អ្នកកាន់បព្វជិតភាពអើរ៉ុនបម្រើក្នុងពិធីបរិសុទ្ធសាក្រាម៉ង់— និងសកម្មភាពជាទៀងទាត់នានាផ្ដល់ឱកាសឲ្យជួបជុំគ្នា រៀនជំនាញថ្មីៗ សម្រេចបានកិច្ចការពិបាកៗ និងបង្កើតទំនាក់ទំនងដែលផ្ដោតលើដំណឹងល្អជាមួយនឹងមិត្តភក្ដិស្រករគ្នា ព្រមទាំងថ្នាក់ដឹកនាំផងដែរ ។ ឱកាសទាំងនេះជួយកុមារ និងយុវវ័យឲ្យរីកចម្រើនខាងវិញ្ញាណ ខាងសង្គម ខាងរូបកាយ និងខាងប្រាជ្ញា ហើយផ្ដល់ការបម្រើដ៏មានអត្ថន័យដល់មនុស្សដទៃ ។ JustServe ( JustServe.org ) គឺជាធនធានដ៏មានតម្លៃមួយសម្រាប់ឱកាសបម្រើដល់សហគមន៍ ។
សកម្មភាពលើសពីមួយថ្ងៃសម្រាប់យុវវ័យរួមមាន សន្និសីទដើម្បីកម្លាំងនៃយុវជន ( ដ.ក.យ ) សន្និសីទយុវវ័យ ការបោះជំរំ និងការប្រជុំគ្នាផ្សេងៗទៀត ។ សកម្មភាពទាំងនេះអាចជួយយុវវ័យឲ្យពង្រីកបំណងប្រាថ្នារបស់ពួកគេក្នុងការធ្វើតាមព្រះអង្គសង្គ្រោះ ទាញពួកគេចេញពីទម្លាប់ជាប្រចាំរបស់ពួកគេ ហើយជួយពួកគេឲ្យឃើញថា ពួកគេគឺជាផ្នែកនៃក្រុមយុវវ័យដ៏ធំមួយ ដែលមានគោលដៅសុចរិតដូចគ្នា ។
ការអភិវឌ្ឍផ្ទាល់ខ្លួន
នៅគេហដ្ឋាន
កុមារ និងយុវវ័យជ្រើសរើសអ្វីដែលពួកគេអាចធ្វើបាន ដើម្បីរីកចម្រើន និងរៀនធ្វើតាមព្រះអង្គសង្គ្រោះ ។ ឪពុកម្ដាយអាចជួយពួកគេឲ្យទទួលស្គាល់ពីរបៀបដែលពួកគេកំពុងរីកចម្រើនឡើងរួចហើយ និងពីចំណុចដែលពួកគេអាចត្រូវកែលម្អ ។ សកម្មភាពទាំងអស់រួមទាំងក្នុងសាសនាចក្រ សាលារៀន មិត្តភាព កីឡា សិល្បៈ ការងារ និងចំណាប់អារម្មណ៍បុគ្គលផ្សេងទៀត អាចជួយកុមារ និងយុវវ័យឲ្យធ្វើតាមព្រះយេស៊ូវគ្រីស្ទបាន ។
នៅព្រះវិហារ
ថ្នាក់ដឹកនាំស្រឡាញ់ និងបម្រើដល់កុមារ និងយុវវ័យម្នាក់ៗ ហើយកាន់តែដឹងពីតម្រូវការ និងចំណាប់អារម្មណ៍របស់ពួកគេ ។ តាមរយៈទំនាក់ទំនងដ៏ពេញដោយក្ដីស្រឡាញ់ ថ្នាក់ដឹកនាំអាចជះឥទ្ធិពលដ៏វិសេសវិសាល និងដ៏មានអានុភាពមួយដើម្បីគាំទ្រ និងលើកទឹកចិត្តដល់កុមារ និងយុវវ័យក្នុងការបម្រើ និងរីកចម្រើនផ្ទាល់ខ្លួនរបស់ពួកគេ ។
កែតម្រូវ និងសម្រួបសម្រួល
បុគ្គលម្នាក់ៗ ក្រុមគ្រួសារនីមួយៗ និងក្រុមជំនុំនីមួយៗមានលក្ខណៈពិសេស ។ អ្វីដែលល្អបំផុតសម្រាប់អ្នកណាម្នាក់ អាចមិនល្អសម្រាប់អ្នកផ្សេងឡើយ ។ សូមធ្វើអ្វីដែលល្អសម្រាប់គ្រួសារ ថ្នាក់ កូរ៉ុម ឬវួដរបស់អ្នក ។ សូមនិយាយអំពីឱកាស និងកង្វល់របស់អ្នក ហើយស្វែងរកវិវរណៈដើម្បីដឹងពីរបៀបសម្រួលគំនិតផ្ដួចផ្ដើមនេះ ដើម្បីជួយដល់កុមារ និងយុវវ័យម្នាក់ៗឲ្យឈានដល់សក្ដានុពលដ៏ទេវភាពរបស់ពួកគេ ។
ឧទាហរណ៍ កុមារ និងយុវវ័យនឹងមានភាពខុសគ្នាក្នុងរបៀបដែលពួកគេទទួលបានការរីកចម្រើនផ្ទាល់ខ្លួន ៖ ប្រភេទ ចំនួន និងភាពញឹកញាប់នៃគោលដៅ ក៏ដូចជាការគាំទ្រដែលពួកគេត្រូវការ គួរតែសម្រេចតាមបុគ្គលម្នាក់ៗ ។ ថ្នាក់ និងកូរ៉ុមក៏ត្រូវសម្របតាមដើម្បីបំពេញតាមតម្រូវការ ។ លើសពីនេះ ប្រភេទ និងភាពញឹកញាប់នៃសកម្មភាពអាចខុសៗគ្នាស្របតាមកាលៈទេសៈក្នុងតំបន់ ។
ការជម្រុញទឹកចិត្ត និងការទទួលស្គាល់
ការជម្រុញទឹកចិត្ត
កុមារ និងយុវវ័យនឹងត្រូវបានជម្រុញទឹកចិត្តដោយធម្មជាតិ នៅពេលពួកគេមានអារម្មណ៍ពីក្ដីស្រឡាញ់ រីកចម្រើន អភិវឌ្ឍ និងទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់ពួកគេ ។ នៅពេលការផ្លាស់ប្ដូរ និងការរីកចម្រើនទៅជាពិបាកសម្រាប់ពួកគេ នោះសូមលើកទឹកចិត្តពួកគេឲ្យរកមើលវិធីនានាដើម្បីយកឈ្នះលើឧបសគ្គ ឬសម្របផែនការរបស់ពួកគេ ។ ទំនាក់ទំនងដ៏រឹងមាំ និងមានទំនុកចិត្តជាមួយឪពុកម្ដាយ ថ្នាក់ដឹកនាំ និងមិត្តស្រករគ្នាអាចផ្ដល់កម្លាំងឲ្យពួកគេរក្សាការព្យាយាម ។
ការទទួលស្គាល់
នៅពេលកុមារ និងយុវវ័យរីកចម្រើន សូមសរសើរដល់កិច្ចខិតខំរបស់ពួកគេ ហើយលើកទឹកចិត្តពួកគេ ។ សូមផ្តល់ឱកាសឲ្យពួកគេចែកចាយអ្វីដែលពួកគេកំពុងរៀន និងអបអរការរីកចម្រើនរបស់ពួកគេ ។ បន្ថែមលើនេះ កុមារ និងយុវវ័យទាំងអស់អាចទទួលបានវត្ថុដូចជា ចិញ្ចៀន ឬមេដាយមួយដើម្បីរំឭកពួកគេថា ពួកគេគឺជាផ្នែកនៃក្រុមទូទាំងពិភពលោកមួយដែលខិតខំដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។ នៅពេលកុមារ និងយុវវ័យធ្វើតាមគោលដៅខាងវិញ្ញាណ ខាងសង្គម ខាងរូបកាយ និងប្រាជ្ញាទាំងឡាយ នោះពួកគេអាចទទួលបានបន្ដោងបន្ថែមទៀត ។