ការហៅ​ក្នុង​បេសកកម្ម
៣.ចរិយា​មាយាទ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា


រូបភាព
មនុស្ស​ថ្វាយបង្គំ​ព្រះយេស៊ូវ

ចរិយា​មាយាទ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា

៣.០

សេចក្តី​ផ្ដើម

ផ្នែក​នេះ​អធិប្បាយ​អំពី​បទដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា​អំពី​អាកប្បកិរិយា និង​លក្ខណៈ​សម្បត្តិ​ដូច​ព្រះគ្រីស្ទ ដែល​អ្នក​ត្រូវបាន​រំពឹង​ឲ្យ​អនុវត្ត និង​អភិវឌ្ឍ​អំឡុង​បេសកកម្ម​របស់​អ្នក កាល​ដែល​អ្នក​ក្លាយ​ជា​សិស្ស​ដែល​កាន់តែ​លះបង់​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ដូច​ជា​ព្យាការី​មរ៉ូណៃ​បាន​ប្រឹក្សា​ថា « នឹក​ចាំ​ពី​ព្រះ​បន្ទូល​នៃ​ព្រះ​ដែល​ចែង​ថា ដោយ​កិច្ចការ​របស់​គេ នោះ​អ្នក​រាល់​គ្នា​នឹង​ស្គាល់​ពួក​គេ​ហើយ ត្បិត​បើ​សិន​ជា​កិច្ចការ​របស់​គេ​ល្អ នោះ​ពួក​គេ​ក៏​ជា​មនុស្ស​ល្អ​ដែរ » ( មរ៉ូណៃ ៧:៥ ) ។

៣.១

អាកប្បកិរិយា​ដូច​ជា​ព្រះគ្រីស្ទ

សូម​អធិស្ឋាន និង​ខិតខំ​ដើម្បី​អភិវឌ្ឍ​គុណលក្ខណៈ​ដូច​ជា​ព្រះគ្រីស្ទ ដូច​បាន​ពិពណ៌នា​នៅក្នុង​ព្រះគម្ពីរ និង​នៅក្នុង ការប្រកាស​ដំណឹងល្អ​របស់​យើង រួមមាន ការដឹងគុណ សេចក្ដី​សប្បុរស សេចក្ដី​ស្រឡាញ់ ការបន្ទាប​ខ្លួន ការអត់ធ្មត់ ការអាណិត​អាសូរ និង​ការគោរព​ប្រតិបត្តិ ។ ជាមួយ​នឹង​ជំនួយ​របស់​ព្រះអង្គ​សង្គ្រោះ ព្រមទាំង​កិច្ច​ប្រឹងប្រែង​ដ៏​ស្មោះសរ និង​ឧស្សាហ៍​ព្យាយាម​របស់​អ្នក​ផ្ទាល់ អ្នក​អាច​អភិវឌ្ឍ​គុណ​លក្ខណៈ​ដូច​ជា​ព្រះគ្រីស្ទ​បាន ( សូមមើល ម៉ូសាយ ៣:១៩ ) ។

ចូរ​មាន​ចិត្តល្អ វិជ្ជមាន និង​លើក​ស្ទួយ ។ ចូរ​មាន​ការគិតគូរ​អំពី​ស្ថានភាព​របស់​មនុស្ស​ម្នាក់ៗ ដោយ​សួរខ្លួនឯង​នូវ​សំណួរ​ដូច​នេះ ៖

  • តើ​វា​យប់​ពេក ឬ​ព្រលឹម​ពេក​ដើម្បី​ទាក់ទង​ទៅ​មនុស្ស​នេះ​ឬ​ទេ ? តើ​វា​នឹង​រំខាន​ដោយ​មិន​សមរម្យ​ដល់​ពេលវេលា​គ្រួសារ ឬ​ពេលវេលា​ផ្ទាល់​ខ្លួន​ឬ​ទេ ?

  • តើ​មាន​របៀប​ណា​មួយ​ដែល​ខ្ញុំ​អាច​ជួយ​បាន​នៅក្នុង​ស្ថានភាព​នេះ​ទេ ?

  • តើ​ទង្វើ ឬ​យោបល់​នេះ​ធ្វើ​ឲ្យ​នរណា​ម្នាក់​អាម៉ាស់ ភិតភ័យ ឬ​អន់ចិត្ត​ដែរ​ឬ​ទេ ?

  • តើ​អ្វី​ដែល​សមរម្យ​សម្រាប់​វប្បធម៌​នេះ ?

អ្នក​ជា​ភ្ញៀវ​ម្នាក់​នៅក្នុង​តំបន់​ដែល​អ្នក​បម្រើ ហើយ​គួរតែ​ប្រព្រឹត្ត​ចំពោះ​មនុស្ស និង​ទីកន្លែង​ដោយ​ការគោរព និង​អំណរគុណ ។ សូម​គោរព​ដល់​ប្រពៃណី ជំនឿ និង​ការអនុវត្ត​ខាង​សាសនា ព្រម​ទាំង​ទីកន្លែង​ពិសិដ្ឋៗ​នៅក្នុង​តំបន់​របស់​អ្នក នៅ​គ្រប់​ពេល​ទាំង​អស់ ។ ចូរ​ប្រុងប្រយ័ត្ន​ថា ទង្វើ​របស់​អ្នក​នឹង​មិន​ធ្វើ​ឲ្យ​នរណា​ម្នាក់​អន់​ចិត្ត ។ ចូរ​ចងចាំ អ្វី​ដែល​អ្នក​និយាយ និង​អ្វី​ដែល​អ្នក​ធ្វើ អាច​ត្រូវបាន​គេ​ឮ សង្កេត និង​ថត ឬ​កត់ត្រា​ទុក ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​មើល​វគ្គ ៧.៣ « គោរព​មនុស្ស​ផ្សេង​ទៀត » ។

៣.២

ភាពស័ក្ដិសម​សម្រាប់​ព្រះវិហារ​បរិសុទ្ធ

ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​អញ្ជើញ​អ្នក​ឲ្យ « រៀបចំ​ខ្លួន ហើយ​ប្រុងប្រៀប​ខ្លួន ហើយ​ញែក​ខ្លួន​ជា​បរិសុទ្ធ មែន​ហើយ ចូរ​ជម្រះ​ចិត្ត​របស់​អ្នក​ឲ្យ​បាន​បរិសុទ្ធ ហើយ​លាង​ដៃ​របស់​អ្នក និង​ជើង​របស់​អ្នក​នៅ​ចំពោះ​យើង​ចុះ ប្រយោជន៍​ឲ្យ​យើង​អាច​ធ្វើ​ឲ្យ​អ្នក​បាន​ជ្រះ​ស្អាត » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៧៤ ) ។ ផ្នែក​នៃ​ការរៀបចំ​នេះ រួម​មាន​ការរក្សា​សេចក្ដី​សញ្ញា​ព្រះវិហារ​បរិសុទ្ធ​របស់​អ្នក ។

៣.២.១

សេចក្ដី​សញ្ញា​ព្រះវិហារ​បរិសុទ្ធ

ការរក្សា​សេចក្ដី​សញ្ញា​ព្រះវិហារ​បរិសុទ្ធ​នៃ​ការគោរព​ប្រតិបត្តិ ការលះបង់ និង​ការថ្វាយ នឹង​ផ្ដល់​អំណាច​ដល់​អ្នក និង​ជួយ​អ្នក​ឲ្យ​ក្លាយ​កាន់តែ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ ។

ទោះបី​ជា​គ្មាន​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅក្នុង​បេសកកម្ម​របស់​អ្នក​ក្ដី សូម​រក្សា​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព​មួយ ដើម្បី​ជួយ​រំឭក​ដល់​អ្នក​អំពី​សេចក្ដី​សញ្ញា​ទាំងឡាយ​របស់​អ្នក ។ សូម​ដល់​ប្រធាន​បេសកកម្ម​របស់​អ្នក​ដើម្បី​ធ្វើ​ការសម្ភាស​សម្រាប់​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​មួយ ពីមុន​បណ្ណ​របស់​អ្នក​ផុត​កំណត់ ។

៣.២.២

ការថ្វាយ​បង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ

ប្រសិន​បើ​មាន​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅ​ជិត ប្រធាន​បេសកកម្ម​របស់​អ្នក​អាច​អនុញ្ញាត​ឲ្យ​អ្នក និង​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត​ទៅ​ព្រះវិហារ​បរិសុទ្ធ​ម្ដង​ម្កាល​នៅ​ថ្ងៃ​រៀបចំ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​មើល​វគ្គ ៧.៤ « ការចូលរួម​ព្រះវិហារ​បរិសុទ្ធ » ។

៣.៣

ច្បាប់​ព្រហ្មចារីភាព

សេចក្ដី​សញ្ញា​ព្រះវិហារ​បរិសុទ្ធ​មួយ​ដែល​អ្នក​បាន​ធ្វើ គឺ​ដើម្បី​គោរព​តាម​ច្បាប់​ព្រហ្មចារីភាព ។ សូម​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ការពារ​ខ្លួន​អ្នក ដៃគូ​អ្នក និង​អ្នក​ផ្សេង​ទៀត​ពី​ការល្បួង​ផ្លូវភេទ ដែល​អាច​នាំ​ទៅ​កាន់​ការបំពាន​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ​នេះ ។ ការធ្វើ​អ្វីៗ​ដែល​បំពាន​ច្បាប់​ព្រហ្មចារីភាព អាច​ត្រូវបាន​ចាត់ទុក​ថា​ជា​បទឧក្រិដ្ឋ​នៅក្នុង​តំបន់​ខ្លះ ។

អ្នក​អាច​ចៀសវាង​ពី​គំនិត ឬ​ទង្វើ​ណា ដែល​នឹង​បំបែក​អ្នក​ពី​ព្រះវិញ្ញាណ​របស់​ព្រះ​បាន ។ វា​រួម​មាន ប៉ុន្តែ​មិន​កំណត់​ត្រឹម​តែ ការផិតក្បត់ សហាយស្មន់ សកម្មភាព​ភេទ​ដូច​គ្នា រួមភេទ​តាម​មាត់ ដាស់​អារម្មណ៍​ផ្លូវ​ភេទ ការប៉ះពាល់​ដែល​មិន​សមរម្យ ការផ្ញើ ឬ​ទទួល​សារ រូបភាព ឬ​វីដេអូ ដែល​មាន​លក្ខណៈ​អសីលធម៌ ឬ​ដែល​ទាក់ទង​នឹង​ផ្លូវ​ភេទ ការសម្រេច​កាម​ដោយ​ខ្លួន​ឯង និង​ការមើល ឬ​ប្រើប្រាស់​ការណ៍​អាសគ្រាម ( សូមមើល ៧.៥.៣ ) ។ សូមមើល ដើម្បី​កម្លាំង​នៃ​យុវជន ( ២០១១ ),« ការប្រែចិត្ត » ទំព័រ ២៨–២៩ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត ។

ព្រះអម្ចាស់​បាន​បង្រៀន​ថា « អារក្ស​សាតាំង​ស្វែងរក​បំផ្លាញ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៥៧ ) និង​ធ្វើ​ឲ្យ​អ្នក « មាន​ទុក្ខវេទនា​ដូច​វា​ដែរ » ( នីហ្វៃទី២ ២:២៧ ) ។ វា​នឹង​ប្រើ​មនុស្ស បណ្ដាញ​ផ្សព្វផ្សាយ​មិន​សមរម្យ និង​ការល្បួង​ផ្សេងៗ​ទៀត ដើម្បី​បោកបញ្ឆោត ដាក់អន្ទាក់ គំរាម និង​ធ្វើ​ឲ្យ​អ្នក​អាម៉ាស់ ។ ឧទាហរណ៍ ចូរ​ប្រុងប្រយ័ត្ន​ជា​ពិសេស​ចំពោះ​អស់​អ្នក​ដែល​អាច​នឹង​តម្រូវ​ឲ្យ​មាន​ការបង់​ប្រាក់ ដើម្បី​ជា​ការតបស្នង​នឹង​ការមិន​បង្ហាញ​រូបភាព និង​សារ​ដែល​ព្រមព្រៀង​គ្នា ឬ​ដែល​មិន​សមរម្យ ដែល​អ្នក​ប្រហែល​ជា​បាន​ផ្ញើ​ទៅ​ពួកគេ ។

ប្រសិន​បើ​អ្នក​កំពុង​មាន​ការលំបាក​ក្នុង​ការរក្សា​បទដ្ឋាន​ទាំងនេះ ឬ​ប្រសិន​បើ​នរណា​ម្នាក់​កំពុង​គំរាម​កំហែង​អ្នក សូម​ទូល​សុំ​ជំនួយ​ពី​ព្រះអម្ចាស់ ហើយ​និយាយ​ជាមួយ​នឹង​ប្រធាន​បេសកកម្ម​របស់​អ្នក​ភ្លាម ។

៣.៤

សេចក្តីទៀងត្រង់

ភាពស័ក្ដិសម​សម្រាប់​ព្រះវិហារ​បរិសុទ្ធ រួមមាន​ការ​ស្មោះត្រង់​នៅក្នុង​ការទាក់ទង​ទាំងអស់​របស់​អ្នក​ជាមួយ​មនុស្ស​ដទៃ​ទៀត ។ នៅក្នុង​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ការណ៍​នេះ​រួមមាន ៖

  • ប្រាប់​ការពិត ជាពិសេស​ដល់​ប្រធាន​បេសកកម្ម​របស់​អ្នក ទាក់ទង​នឹង​ចរិយា​មាយាទ ទីបន្ទាល់ ទម្លាប់​ការងារ និង​សុខភាព​ផ្លូវ​ចិត្ត និង​ផ្លូវកាយ​របស់​អ្នក ។

  • ផ្ដល់​របាយការណ៍​ត្រឹមត្រូវ​អំពី​ការងារ​របស់​អ្នក និង​របៀប​ដែល​អ្នក​បាន​ចំណាយ​ពេល​ក្នុង​អំឡុង​សប្ដាហ៍​នោះ​នៅក្នុង​របាយការណ៍​ប្រចាំ​សប្ដាហ៍​របស់​អ្នក ។

  • ប្រើ​មូលនិធិ​បេសកកម្ម​ដោយ​ទទួល​ខុសត្រូវ និង​បញ្ចូន​បង្កាន់ដៃ​ត្រឹមត្រូវ ។

  • ធ្វើ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន និង​កុំ​ផ្ដល់​ការរាយការណ៍ ឬ​ព័ត៌មាន​ក្លែងក្លាយ អំពី​មនុស្ស​ណា​ឡើយ រួម​ទាំង​អំពី​ដៃគូ​របស់​អ្នក​ផងដែរ ។

  • គោរព​អ្នក​ដទៃ​ទៀត​ដោយ​ការមិន​ខ្ចី មិន​យក ឬ​ការប្រើប្រាស់​របស់​របរ​ផ្ទាល់​ខ្លួន​របស់​នរណា​ម្នាក់ ( រួម​ទាំង សំលៀកបំពាក់ សៀវភៅ ឧបករណ៍​អេឡិចត្រូនិច និង​គ្រឿង​អលង្ការ ) ដោយ​គ្មាន​ការអនុញ្ញាត ។

៣.៥

ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ដទៃ​ទៀត

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា « នេះ​ជា​សេចក្តី​បញ្ញត្តិ​របស់​ខ្ញុំ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ » ( យ៉ូហាន ១៥:១២ ) ។ សូម​ជ្រើសរើស​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ និង​ប្រព្រឹត្ត​ដោយ​គួរសម មាន​សុវត្ថិភាព និង​សមរម្យ​សម្រាប់​ស្ថានភាព​នោះ ។

៣.៥.១

បទដ្ឋាន​ទូទៅ​សម្រាប់​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មជ្ឈិមវ័យ

សូម​បង្កើត​ទំនាក់ទំនង​ដែល​មាន​ការទុក​ចិត្ត​គ្នា និង​មាន​អត្ថន័យ​ជាមួយ​មនុស្ស​ដែល​អ្នក​បម្រើ រួម​ទាំង​មនុស្ស​ដែល​អ្នក​បង្រៀន អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត និង​សមាជិក​ក្នុង​មូលដ្ឋាន​ផងដែរ ។ ចូរ​មាន​វិជ្ជាជីវៈ និង​ចិត្ត​សប្បុរស ហើយ​គោរព​តាម​បទដ្ឋាន​ទាំងនេះ ៖

  • តែងតែ​នៅ​ជាមួយ​ដៃគូ​អ្នក​ជានិច្ច ។

  • កុំ​ផ្ដល់​ប្រឹក្សា​ដល់​មជ្ឈិមវ័យ​នានា​អំពី​បញ្ហា​ផ្ទាល់​ខ្លួន ។ សូម​ណែនាំ​សមាជិក​ឲ្យ​ទៅ​ជួប​ប៊ីស្សព​របស់​ពួកគេ ប្រសិន​បើ​ពួកគេ​ត្រូវការ​ការប្រឹក្សា ។ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា មនុស្ស​ម្នាក់​នៅ​សាសនា​ផ្សេង​ត្រូវការ​ជំនួយ​ជាមួយ​នឹង​បញ្ហា​ផ្ទាល់​ខ្លួន សូម​និយាយ​ជាមួយ​ប្រធាន​បេសកកម្ម​របស់​អ្នក ។

  • ចៀសវាង​ស្ថានភាព​ទាំងឡាយ​ដែល​អាច​ប្រែ​ជា​មាន​គ្រោះថ្នាក់​ខាង​រាងកាយ និង​ខាង​វិញ្ញាណ ឬ​ដែល​អាច​ធ្វើ​ឲ្យ​យល់​ខុស ។

  • កុំ​ចែចង់ ឬ​មាន​ទំនាក់ទំនង​ដោយ​មិន​សមរម្យ​ជាមួយ​នរណា​ម្នាក់​ឡើយ ។

  • សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​មាន​មជ្ឈិមវ័យ​ម្នាក់​ទៀត​ដែល​មាន​ភេទ​ដូច​គ្នា និង​អ្នក​ធ្វើ​ជា​ដៃគូ​អ្នក​នៅ ពេល​អ្នក​បង្រៀន ( ដោយ​ផ្ទាល់ )​ឬ​ធ្វើ​ដំណើរ​ជាមួយ​នឹង​មនុស្ស​ម្នាក់​ដែល​មាន​ភេទ​ផ្ទុយ​ពី​អ្នក ។

  • ប្រើ​ភាសា​ថ្លៃថ្នូរ​ជានិច្ច ហើយ​ចៀសវាង​ការប្រើ​គ្រាម​ភាសា ។ ប្រើ​ងារ​ត្រឹមត្រូវ​ពេល​ហៅ​មនុស្ស​ផ្សេង​ទៀត ។ ឧទាហរណ៍ ប្រើ​ងារ « អែលឌើរ » ឬ « ស៊ីស្ទើរ » ពេល​សំដៅ​ដល់​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត ដើម្បី​បង្ហាញ​ការគោរព​ដល់​ការហៅ​របស់​ពួកគេ ។

៣.៥.២

បទដ្ឋាន​ទូទៅ​សម្រាប់​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​កុមារ

សម្រាប់​សុវត្ថិភាព​របស់​អ្នក ក៏​ដូច​ជា​សុវត្ថិភាព​របស់​កុមារ សូម​គោរពតាម​គោលការណ៍​ណែនាំ​ខាង​ក្រោម​នេះ​ឲ្យ​បាន​តឹងរឹង ៖

  • តែងតែ​នៅ​ជាមួយ​ដៃគូ​អ្នក​ជានិច្ច ។

  • កុំ​នៅ​តែឯង​ជាមួយ​នរណា​ម្នាក់​ដែល​មាន​អាយុ​តិច​ជាង ១៨ ឆ្នាំ​ឡើយ ។

  • ចូរ​ប្រុងប្រយ័ត្ន​ចំពោះ​ការលេង​ជាមួយ​ក្រុម​កុមារ ដូចជា​ការចូលរួម​ក្នុង​ការលេង​បាត់ទាត់ និង​ល្បែង​ផ្សេងៗ​ទៀត ។ កុំ​ធ្វើ​អ្វី​ដែល​សកម្មភាព​របស់​អ្នក​អាច​ត្រូវបាន​យល់​ខុស ។

  • ពេល​ណា​ដែល​អាច​ធ្វើ​ទៅ​បាន សូម​សុំ​ការអនុញ្ញាត​ពី​ឪពុក/ម្ដាយ​ដើម្បី​ប្រាស្រ័យ​ទាក់ទង​នឹង​កុមារ​ម្នាក់ ។

  • កុំ​ចាក់​ក្រឡេក​កុមារ ប្ដូរ​កន្ទប ពកុមារ ឬ​ឲ្យ​កុមារ​អង្គុយ​លើ​ភ្លៅ​របស់​អ្នក​ឡើយ ។ សកម្មភាព​ទាំងនេះ និង​សកម្មភាព​ផ្សេងៗ​ទៀត អាច​មើល​ទៅ​មិន​សមរម្យ ឬ​ត្រូវបាន​យល់​ខុស ។

  • បដិសេធ​ដោយ​គួរសម​ចំពោះ​ការជួយ​មើល​កុមារ​គ្រប់​អាយុ​ទាំងអស់ ។

  • សូម​កុំ​ចូលរួម​នៅ​ក្នុង​សកម្មភាព​បម្រើ​ដែល​អ្នក​នឹង​នៅ​តែ​ឯង​ជាមួយ​កុមារ​ឡើយ ( សូមមើល ៧.២.២ ) ។

៣.៦

ការកម្សាន្ត

អ្នក​អាច​រៀន​ស្រឡាញ់​មនុស្ស​ដែល​អ្នក​បម្រើ​កាន់តែ​ពេញលេញ ដោយ​មាន​ការចាប់​អារម្មណ៍​ដោយ​ស្មោះសរ​លើ​វប្បធម៌ ប្រវត្តិសាស្ត្រ ទឹកដី និង​ប្រពៃណី​របស់​ពួកគេ តាមរយៈ​ការទៅ​ទស្សនា​ទីកន្លែង​ដែល​ចាប់អារម្មណ៍ ជា​ទូទៅ​នៅ​ថ្ងៃ​រៀបចំ ( សូមមើល ២.៥ ) ។

សូម​យោបល់​ពី​មនុស្ស​ដែល​អ្នក​ជួប​ឲ្យ​ប្រាប់​ពី​កន្លែង​ដែល​សមរម្យ និង​មាន​សុវត្ថិភាព​ដើម្បី​ទៅ​ទស្សនា ។ ជ្រើសរើស​សកម្មភាព​ដែល​លើកស្ទួយ និង​ដែល​ជួយ​ឲ្យ​អ្នក​បន្ធូរ​អារម្មណ៍ ។ ទីកន្លែង​ដែល​សមរម្យ​ដើម្បី​ទៅ​ទស្សនា​អាច​រួម​មាន ( ប៉ុន្តែ​មិន​ដាក់​កំហិត​ចំពោះ ) ដូច​ខាង​ក្រោម​នេះ ៖

  • ទីកន្លែង​ប្រវត្តិសាស្ត្រ និង​វប្បធម៌

  • សារមន្ទីរ និង​វិចិត្រសាល

  • សួនសត្វ និង​ឧទ្យាន

៣.៦.១

បទដ្ឋាន​ការកម្សាន្ត​ទូទៅ

ចៀសវាង​ការប្រមូល​ផ្ដុំ​ជា​ក្រុម​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ធំ​នៅក្នុង​ទី​សាធារណៈ ។ ជា​ធម្មតា វា​មានន័យ​ថា អ្នក​មិន​គួរ​ប្រមូល​ផ្ដុំ​ជា​ក្រុម​ធំជាង​មណ្ឌល​របស់​អ្នក​នោះ​ទេ ។ ការធ្វើ​ដូច្នោះ​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​ដែល​មិន​ចាំបាច់ ឬ​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ភិតភ័យ ។

ប្រើប្រាស់​យាន្តជំនិះ​របស់​បេសកកម្ម​សម្រាប់​តែ​សកម្មភាព​ណា​ដែល​ត្រូវបាន​អនុញ្ញាត​ដោយ​ប្រធាន​បេសកកម្ម​របស់​អ្នក​ប៉ុណ្ណោះ ។

ហាត់ប្រាណ និង​មាន​ភាពសកម្ម​ដើម្បី​រក្សា​រាងកាយ​របស់​អ្នក​ឲ្យ​មាន​សុខភាព​ល្អ​សម្រាប់​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។ លេង​កីឡា​នៅក្នុង​របៀបដែល​ចៀសវាង​ពី​ការរង​របួស និង​ការហត់​នឿយ​ហួសហេតុ ។

៣.៦.២

សកម្មភាព​ដែល​មិន​ត្រូវបាន​អនុញ្ញាត

ចូរ​មាន​សុវត្ថិភាព និង​ប្រើ​សុភវិនិច្ឆ័យ​ជានិច្ច ពេល​ចូលរួម​នៅក្នុង​សកម្មភាព​កម្សាន្ត​នានា ។ ដោយសារ​តែ​អ្នក​ផ្សព្វផ្សាយ​សាសនា​ធ្លាប់​បាន​រង​របួស​ធ្ងន់ធ្ងរ ពេល​កំពុង​ចូលរួម​នៅក្នុង​សកម្មភាព​ដែល​មាន​ហានិភ័យ​នានា នោះ​អ្នក​មិន​គួរ​ចូលរួម​នៅក្នុង​សកម្មភាព​ទាំងឡាយ អំឡុង​ពេល​បេសកកម្ម​របស់​អ្នក ដែល​មាន​ហានិភ័យកើន​ឡើង​នោះ​ទេ ។ សកម្មភាព​ទាំងនេះ​រួមមាន ប៉ុន្តែ​មិន​ដាក់​កំហិត ដូច​តទៅ​នេះ ៖

  • កីឡា​ដែល​ប៉ះពាល់​រាងកាយ​ដោយ​ផ្ទាល់ ដូចជា​កីឡាកាយសម្ព័ន្ធ កីឡា​រដូវ​រងា និង​កីឡា​ក្នុង​ទឹក​( រួមទាំង ការហែលទឹក )

  • ការឡើង​ភ្នំ និង​ការឡើង​ថ្ម

  • ការជិះ​ម៉ូតូ និង​សេះ

  • ការជិះ​ក្នុង​ទូក ឬ​យន្តហោះ​ឯកជន

  • ការកាន់​អាវុធ

  • ការប្រើប្រាស់​កាំជ្រួច ឬ​គ្រឿង​ផ្ទុះ​គ្រប់​ប្រភេទ

សូម​មើល​វីដេអូ​នេះ​សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត អំពី​សុវត្ថិភាព​សម្រាប់​ការកម្សាន្ត ។

៣.៦.៣

បណ្ដាញ​ផ្សព្វផ្សាយ

ជ្រើសរើស​បណ្ដាញ​ផ្សព្វផ្សាយ​ដែល​ត្រូវបាន​អនុញ្ញាត និង​សមរម្យ ។ ជា​ទូទៅ​ការណ៍​នេះ​មានន័យ​ថា ចៀសវាង​អ្វីៗ​ដូច​ខាងក្រោម​នេះ ៖

  • បណ្ដាញ​សង្គម កម្មវិធី​លើ​ឧបករណ៍​ចល័ត និង​បណ្ដាញ​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត ដែល​មិន​ត្រូវ​ប្រើប្រាស់​សម្រាប់​ការបង្រៀន​ដំណឹងល្អ និង​ការទាក់ទង​ជាមួយ​គ្រួសារ​អ្នក ( សូមមើល ៣.៩ ) ។

  • ទូរទស្សន៍ ភាពយន្ដ វីដេអូហ្គេម និង​វីដេអូ​ដែល​មិន​មាន​ការអនុញ្ញាត

  • សៀវភៅ​ជា​សំឡេង តន្ត្រី និង​ការអាន​ឯកសារ​ដែល​មិន​ត្រូវ​នឹង​បទដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា

សូម​យោង​ទៅ​បទដ្ឋាន​បច្ចេកវិទ្យា​សម្រាប់​អ្នក​ផ្សព្វផ្សាយ​សាសនា សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​( សូមមើល ៧.៥ ) ។ ពិភាក្សា​សំណួរ​ទាំងឡាយ​អំពី​បណ្ដាញ​ផ្សព្វផ្សាយ​ជាមួយ​ថ្នាក់​ដឹកនាំ​បេសកកម្ម​របស់​អ្នក ។

៣.៦.៤

ឧបករណ៍ តន្ត្រី

ប្រសិនបើ​ត្រូវ​បាន​យល់ព្រម​ដោយ​ប្រធានបេសកកម្ម​របស់​អ្នក​នោះ អ្នក​អាច​យក​ឧបករណ៍​ភ្លេង​ទៅ​កន្លែង​បេសកកម្ម ។ វា​គួរ​តែ​មាន​តម្លៃថោក​ងាយស្រួល​ដឹកជញ្ជូន​និង​អាច​បំពេញ​ទៅ​តាម​តម្រូវការ​ឥវ៉ាន់ ។ ប្រភេ ឧបករណ៍ គួរតែ សមស្រប សម្រាប់ ការប្រជុំ ថ្ងៃ អាទិត្យ ( សូមមើល ក្បួនខ្នាត​ទូទៅ, ១៩.៤.២ ) ។

អ្នក​អាច​ហាត់​ប្រើ​ឧបករណ៍​នេះ​នៅ​ថ្ងៃរៀបចំ​និង​នៅ​ពេល​ផ្សេង​ទៀត​ដែល​ប្រធាន​បេសកកម្ម​របស់​អ្នក​កំណត់ ។ នៅ​ពេល​លេង​ឧបករណ៍ សូម​គិត​ដល់​អ្នក​ជិតខាង​និង​អ្នកផ្សព្វផ្សាយ​ផ្សេង​ទៀត​និង​របៀប​នានា​ដែល​វា​អាច​ប៉ះពាល់ ។ ប្រភេទ​តន្ត្រី​ដែល​អ្នក​លេង​នៅ​លើ​ឧបករណ៍​នេះ​គួរ​តែ​មាន​ភាពថ្លៃថ្នូរថ្លៃថ្នូរ​និង​សមរម្យ​សម្រាប់​កិច្ចការផ្សព្វផ្សាយសាសនា ។

៣.៧

រូបថត និង​វីដេអូ

រូបថត​អាច​ជួយ​អ្នក​ឲ្យ​ចែកចាយ​បទពិសោធន៍​បេសកកម្ម​របស់​អ្នក ជាមួយ​មនុស្ស​ដែល​នៅ​ផ្ទះ និង​អាច​ជា​ការរំឭក​ដ៏​មាន​អត្ថន័យ​អំពី​បេសកកម្ម​របស់​អ្នក ។ ពេល​ថតរូប ឬ​ថត​វីដេអូ សូម​ប្រុងប្រយ័ត្ន​កុំ​ធ្វើ​ឲ្យ​នរណា​ម្នាក់​អាម៉ាស់ រួម​ទាំង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត និង​មនុស្ស​ដែល​មាន​ការលំបាក​ផ្នែក​សេដ្ឋកិច្ច សង្គម ឬ​មាន​ឧបសគ្គ​ខាង​រាងកាយ ។ មនុស្ស​មួយ​ចំនួន​អាច​មិន​ចង់​ឲ្យ​អ្នក ឬ​អ្នក​ផ្សេង​ទៀត​ឃើញ ចែកចាយ ឬ​ត្រូវ​រំឭក​ឲ្យ​ចងចាំ​នូវ​អ្វី​ដែល​បង្ហាញ​នៅក្នុង​រូបថត​មួយ​ឡើយ ។ ចូរ​សុំ​ការអនុញ្ញាត​មុន​នឹង​ថតរូប និង​ចែកចាយ​រូបថត ឬ​វីដេអូ ។ នៅក្នុង​បេសកកម្ម​មួយ​ចំនួន អ្នក​អាច​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចែកចាយ​ជា​សាធារណៈ​នូវ​រូបថត​របស់​នរណា​ម្នាក់​ដែល​អ្នក​កំពុង​បង្រៀន ដោយសារតែ​ច្បាប់​ឯកជនភាព​ក្នុង​មូលដ្ឋាន ។

ការថតរូប​ជាក់លាក់​នានា អាច​ជា​ការប្រមាថ ឬ​ខុស​ច្បាប់​នៅក្នុង​វប្បធម៌ ឬ​កន្លែង​ខ្លះ ។ ឧទាហរណ៍​មួយ​ចំនួន​រួម​មាន​ការថតរូប​នៃ ៖

  • អគារ​រដ្ឋាភិបាល និង​យោធា​ជាក់លាក់​មួយ​ចំនួន ។

  • តំបន់​សន្តិសុខ​នៅ​ព្រលាន​យន្តហោះ កន្លែង​ពិនិត្យ​លិខិត​ឆ្លងដែន ការឆ្លងកាត់​ព្រំដែន ស្ថានកុងស៊ុល និង​ស្ថានទូត ។

  • បុគ្គលិក​អនុវត្ត​ច្បាប់ និង​យោធា ។

  • មនុស្ស អគារ ឬ​សកម្មភាព​របស់​សាសនា​ផ្សេង​ទៀត ។

  • ប្រធានបទ​រសើប​ខាង​វប្បធម៌ រួមមាន​មនុស្ស​ក្នុង​សំលៀក​បំពាក់​ប្រពៃណី ។

  • ប្រជាជន​កំពុង​ជួប​ការលំបាក​ក្នុង​ភាពក្រីក្រ ជំងឺ ឬ​ពិការភាព ។

ជា​គោលការណ៍​ណែនាំ​ទូទៅ​មួយ សូម​កុំ​ថតរូប​វត្ថុ ទីកន្លែង ឬ​មនុស្ស​ដែល​មាន​រៀបរាប់​នៅ​ខាង​លើ ។ សូម​ពិភាក្សា​សំណួរ​ទាំងឡាយ​ដែល​អ្នក​អាច​មាន ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​បេសកកម្ម​របស់​អ្នក ។

សាសនាចក្រ​ក៏​មាន​គោលនយោបាយ​ជាក់លាក់​ផងដែរ អំពី​ការថតរូប​នៅ​សាលា​ប្រជុំ ៖

  • កុំ​ថតរូប ឬ​ថត​វីដេអូ​នៅក្នុង​រោងជំនុំ​របស់​សាលា​ប្រជុំ​ឡើយ ។

  • កុំ​ថតរូប ផ្ញើ ឬ​ថត​ពិធី​បរិសុទ្ធ​ពិសិដ្ឋ រួម​ទាំង​ពិធី​សាក្រាម៉ង់ និង​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​ឡើយ ។

សូមមើល​វីដេអូ​នេះ​សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត អំពី​គោលការណ៍​ណែនាំ​សម្រាប់​ការថតរូប និង​ថត​វីដេអូ ។

៣.៨

ការប្រើប្រាស់​បច្ចេកវិទ្យា

ព្រះអម្ចាស់​បាន​ប្រកាស​ថា « មើល​ចុះ យើង​នឹង​ពន្លឿន​កិច្ចការ​របស់​យើង​ឲ្យ​ឆាប់​កើត​នៅ​ពេល​កំណត់ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៧៣ ) ។ បច្ចេកវិទ្យា​អាច​ជា​ឧបករណ៍​មួយ​ដើម្បី​ចែកចាយ​ការបង្រៀន​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​គប្បី​ត្រូវបាន​ប្រើប្រាស់​ដោយ​សុចរិត ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​សូមមើល​នៅ​វគ្គ ៧.៥, “បច្ចេកវិទ្យា ។

៣.៩

ការទាក់ទង​ជាមួយ​ក្រុមគ្រួសារ ថ្នាក់ដឹកនាំ​បេសកកម្ម និង​មិត្តភក្ដិ

ក្រុមគ្រួសារ ថ្នាក់​ដឹកនាំ​បេសកកម្ម និង​មិត្តភក្ដិ​របស់​អ្នក អាច​ជា​អ្នក​គាំទ្រ​យ៉ាង​អស្ចារ្យ​ដល់​អ្នក នៅក្នុង​បេសកកម្ម​របស់​អ្នក ។ សូម​ប្រើ​ពេលវេលា​មួយ​ផ្នែក​ក្នុង​ថ្ងៃ​រៀបចំ​របស់​អ្នក ដើម្បី​ទាក់ទង​ជាមួយ​ពួកគេ សមាជិក និង​អ្នក​ប្រែចិត្ត​ជឿ​ថ្មី​ពី​តំបន់​ផ្សេង​ទៀត ។

សូម​ដាក់​អាទិភាព​ពេលវេលា​របស់​អ្នក​នៅ​ថ្ងៃ​រៀបចំ ដោយ​ការទាក់ទង​ទៅ​ឪពុក​ម្ដាយ​របស់​អ្នក​មុនគេ និង​ប្រធាន​បេសកកម្ម​របស់​អ្នក​ទីពីរ ។

អ្នក​អាច​អាន​សារ​ទាក់ទង​ដែល​អ្នក​ទទួល អំឡុង​សប្ដាហ៍​នោះ​ពេលណា​ដែល​អ្នក​មាន​ពេល​សមរម្យ​ដើម្បី​ធ្វើ​ដូច្នោះ ។ អ្នក​គួរតែ​ឆ្លើយតប​ទៅកាន់​សារទាក់ទង​ពី​ផ្ទះ តែ​នៅ​ក្នុង​ថ្ងៃ​រៀបចំ​ប៉ុណ្ណោះ លើក​លែង​តែ​វា​ជា​រឿង​បន្ទាន់ ។

៣.៩.១

ក្រុមគ្រួសារ

អ្នក​អាច​ទាក់ទង​ជាមួយ​គ្រួសារ​របស់​អ្នក​នៅ​ថ្ងៃ​រៀបចំ​ប្រចាំ​សប្ដាហ៍ តាមរយៈ​សំបុត្រ អ៊ីម៉ែល សារ​តាម​ទូរសព្ទ សារ​តាម​អ៊ីនធឺណិត និយាយ​តាមទូរសព្ទ និង​តាម​វីដេអូ​ឈែត ។

សូម​ប្រើ​វិធីសាស្ត្រ​នៃ​ការទាក់ទង​ដែល​បាន​អនុញ្ញាត ដែល​ដំណើរការ​ល្អ​បំផុត​សម្រាប់​អ្នក និង​គ្រួសារ​អ្នក ហើយ​ដែល​ចំណាយ​ថវិកា​តិច ដើម្បី​អ្នក​អាច​ចាយ​វាយ​ត្រឹមត្រូវ​តាម​ថវិកា​ប្រចាំ​ខែ​របស់​អ្នក ។ ការណ៍​នេះ​នឹង​ខុសៗ​គ្នា​អាស្រ័យ​ទៅលើ​កាលៈទេសៈ ទីកន្លែង និង​កាលវិភាគ ។

ប្រសិន​បើ​ឪពុក​ម្ដាយ​របស់​អ្នក​រស់​នៅក្នុង​ទីកន្លែង​ខុស​គ្នា អ្នក​អាច​ទាក់ទង​ទៅ​ឪពុក និង​ម្ដាយ​ដោយ​ឡែក​ពី​គ្នា​នៅ​ថ្ងៃ​រៀបចំ ។ វា​មិន​ត្រូវ​បាន​រំពឹង​ឲ្យ​អ្នក​ហៅ​ទូរសព្ទ ឬ​វីដេអូ​ឈែត​ជាមួយ​ឪពុក​ម្ដាយ​អ្នក​ជា​រៀងរាល់​សប្ដាហ៍​នោះ​ទេ ។

អ្នក​ក៏​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ទាក់ទង​គ្រួសារ​របស់​អ្នក​នៅ​ឱកាស​ពិសេសៗ​ផងដែរ ដូច​ជា​បុណ្យ​គ្រីស្ទម៉ាស់ បុណ្យ​អ្នក​ម្ដាយ បុណ្យ​លោក​ឪពុក ថ្ងៃខួប​កំណើត​ឪពុក​ម្ដាយ​របស់​អ្នក និង​ថ្ងៃ​បុណ្យ​ផ្សេង​ទៀត ដែល​សំខាន់​នៅក្នុង​ប្រទេស​កំណើត ឬ​វប្បធម៌​របស់​អ្នក ។

អ្នក​គួរតែ​ផ្ដើម​ការសន្ទនា​ជា​សារ​តាម​ទូរសព្ទ សារតាម​អ៊ីនធឺណិត ការនិយាយ​តាម​ទូរសព្ទ និង​វីដេអូ​ឈែត ។ ប្រសិន​គ្រួសារ​របស់​អ្នក​ត្រូវការ​ទាក់ទង​មក​អ្នក ពួកគេ​គួរតែ​ទាក់ទង​ទៅ​ប្រធាន​បេសកកម្ម​ជាមុន​សិន ។

ពេល​ទាក់ទង​ជាមួយ​គ្រួសារ​អ្នក​តាមរយៈ​ទូរសព្ទ ឬ​វីដេអូ​ឈែត ចូរ​មាន​ភាពឈ្លាសវៃ​នៅក្នុង​ការកំណត់​ពេលវេលា​នៃ​ការសន្ទនា​របស់​អ្នក ។ នៅក្នុង​ការធ្វើ​ការសម្រេច​ចិត្ត​ទាំងនេះ ចូរ​មាន​ការគិតគូរ​ដល់​ដៃគូ​របស់​អ្នក ហើយ​ចាំ​នៅក្នុង​គំនិត​ពី​គោលបំណង​នៃ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក ។

៣.៩.២

ប្រធាន​បេសកកម្ម

សូម​សរសេរ​សំបុត្រ​ទៅ​កាន់​ប្រធាន​បេសកកម្ម​របស់​អ្នក​ជា​រៀងរាល់​សប្ដាហ៍​នៅ​ថ្ងៃ​រៀបចំ ។ ជា​ទូទៅ អ្នក​នឹង​ផ្ញើ​សំបុត្រ​របស់​អ្នក​ទៅ​លោក ដោយ​ប្រើ ផតថល​អ្នក​ផ្សព្វផ្សាយ​សាសនា ។

មាន​តែ​ប្រធាន​បេសកកម្ម​របស់​អ្នក​ប៉ុណ្ណោះ​ដែល​នឹង​ទទួល​សំបុត្រ​របស់​អ្នក​ប្រចាំ​សប្ដាហ៍ ។ ចូរ​បើក​ចិត្ត និង​ស្មោះត្រង់ ដើម្បី​លោក​អាច​យល់​ពី​កង្វល់​ណា​ក៏​ដោយ​ដែល​អ្នក​មាន និង​ផ្ដល់​ការប្រឹក្សា និង​មតិ​កែលម្អ​ដែល​ទាក់ទង ។ សូម​ដឹង​ថា លោក​នឹង​អាន ប៉ុន្តែ​មិន​អាច​ឆ្លើយ​តប​ទៅ​គ្រប់​សំបុត្រ​នោះ​ទេ ។

ប្រសិន​បើ​អ្នក​ទទួល​ដំណឹង​សំខាន់​ពី​ផ្ទះ ដែល​ត្រូវការ​ការយក​ចិត្ត​ទុកដាក់​ភ្លាមៗ សូម​ផ្ដល់​ព័ត៌មាន​ដល់​ប្រធាន​បេសកកម្ម​របស់​អ្នក ហើយ​ទាក់ទង​ទៅ​លោក​មុន​ពេល​ទាក់ទង​ទៅ​គ្រួសារ​របស់​អ្នក នៅ​ថ្ងៃ​ទាំងឡាយ​ផ្សេង​ពី​ថ្ងៃ​រៀបចំ ឬ​នៅ​ឱកាស​ពិសេស​នានា ។

៣.៩.៣

ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ក្នុង​បេសកកម្ម​របស់​អ្នក

នៅ​ពេល​អ្នក​ទាក់ទង​មនុស្ស​មក​ពី​តំបន់​ផ្សេង​ទៀត​ក្នុង​បេសកកម្ម​របស់​នោះ​អ្នក​ត្រូវ​ប្រាកដ​ថា​បាន​ការប្រាស្រ័យ​នោះ​គឺ​ជា​ទំនាក់ទំនង​ក្នុង​គោលបំណង​ដើម្បី​តែ​បំពេញ​តាម​គោលបំណង​អ្នកផ្សព្វផ្សាយសាសនា​របស់​អ្នក​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​បទដ្ឋាន​នៅ​ក្នុង​ផ្នែក ៣.៥.១ « បទដ្ឋាន​ទូទៅ​សម្រាប់​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មជ្ឈិមវ័យ » និង​នៅ​ក្នុង សុវត្ថិភាព​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា,​និង​សូមចងចាំ​ថា​ដើម្បី​រួម​បញ្ចូល​ដៃគូ​របស់​អ្នក​នៅ​ពេល​ដែល​អ្នកចូលរួម​ក្នុង​ការទំនាក់ទំនង​ទាំងនេះ ។

៣.៩.៤

កញ្ចប់​បញ្ញើ និង​សំបុត្រ

បេសកកម្ម​ខ្លះ​អាច​ប្រើប្រាស់​អាសយដ្ឋាន​របស់​ការិយាល័យ​បេសកកម្ម ដើម្បី​ទទួល​សំបុត្រ និង​កញ្ចប់​បញ្ញើ និង​ជា​អាសយដ្ឋាន​ត្រឡប់​មក​វិញ​របស់​អ្នក ។ ការអនុវត្ត​នេះ​អាច​ការពារ​សុវត្ថិភាព​របស់​អ្នក និង​ជួយ​ការពារ​ការលួច​សំបុត្រ និង​ការបាត់បង់​សំបុត្រ​ដោយសារ​ការ​ផ្លាស់ប្ដូរ​តំបន់ ។ សូម​ធ្វើតាម​គោលការណ៍​ណែនាំ​ទាំងអស់ ដែល​អ្នក​ទទួល​នៅក្នុង​ករណី​បែបនោះ ។

៣.៩.៥

បទពិសោធន៍​អ្នក​ផ្សព្វផ្សាយ​សាសនា​ជាមួយ​មនុស្ស​នៅ​ផ្ទះ

អ្នក​អាច​ស្គាល់​មនុស្ស​ម្នាក់​នៅ​ផ្ទះ ដែល​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​គាត់​អាច​ជួយ​នរណា​ម្នាក់ ដែល​អ្នក​កំពុង​បង្រៀន​នៅក្នុង​បេសកកម្ម​របស់​អ្នក​បាន ។ អ្នក​អាច​សុំ​ការអនុញ្ញាត​ពី​ប្រធាន​បេសកកម្ម​របស់​អ្នក ដើម្បី​ឲ្យ​បុគ្គល​នោះ​ចែកចាយ​បទពិសោធន៍ និង​ទីបន្ទាល់​របស់​គាត់ ។ សូម​ប្រឹក្សា​ជាមួយ​បុគ្គល​នោះ អំពី​ការទាក់ទង​តាម​បច្ចេកវិទ្យា​ដែល​ល្អ​បំផុត​ដើម្បី​ប្រើ ។

ប្រសិន​បើ​គ្រួសារ ឬ​មិត្តភក្ដិ​របស់​អ្នក​នៅ​ផ្ទះ​ចង់​រៀន​បន្ថែម​ទៀត​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ប្រធាន​បេសកកម្ម​របស់​អ្នក​អាច​អនុញ្ញាត​ឲ្យ​អ្នក​បង្រៀន​ពួកគេ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​បាន ( សូម​មើល ៧.៥.៤ ) ។

៣.៩.៦

ការ​សួរសុខទុក្ខ​ផ្ទាល់​ខ្លួន​ពី​សំណាក់​ក្រុមគ្រួសារ និង​មិត្តភក្ដិ

ជា​ទូទៅ គ្រួសារ និង​មិត្តភក្ដិ​មិន​គួរ​​សួរសុខ​ទុក្ខ​អ្នក​ក្នុង​អំឡុង​បេសកកម្ម​របស់​អ្នក​នោះ​ទេ ។ ទោះ​ជា​យ៉ាង​ណា ក្នុង​កាលៈទេសៈ​ពិសេស​នានា ប្រធាន​បេសកកម្ម​របស់​អ្នក​អាច​អនុញ្ញាត​អាច​មាន​ករណី​លើកលែង​មួយ ។ ការសួរ​សុខទុក្ខ​ទាំង​នេះ​គួរតែ​មាន​រយៈពេល​ខ្លី ហើយ​មិន​រំខាន​ដល់​កាតព្វកិច្ច​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក ។ ការសួរ​សុខទុក្ខ​មិន​គួរ​ធ្វើ​ឲ្យ​ដៃគូ​របស់​អ្នក ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត ឬ​មនុស្ស​ដែល​អ្នក​បង្រៀន​មាន​អារម្មណ៍​មិន​ស្រណុក​ចិត្ត​នោះ​ទេ ។ សូម​ប្រយ័ត្ន​កុំ​ឲ្យ​ការសួរ​សុខទុក្ខ​បែបនោះ​ទាញ​ការគិត​របស់​អ្នក​ចេញ​ពី​ការបម្រើ​របស់​អ្នក ឬ​បង្កើត​បញ្ហា​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​របស់​អ្នក ។

៣.៩.៧

ភាពអាសន្ន

ប្រសិន​បើ​គ្រួសារ​របស់​អ្នក​ប្រាប់​អ្នក​នូវ​ការបន្ទាន់​មួយ​នៅ​ផ្ទះ សូម​ឲ្យ​ថ្នាក់ដឹកនាំ​បេសកកម្ម​របស់​អ្នក​បាន​ដឹង ដើម្បី​ពួកគាត់​អាច​ផ្ដល់​ការគាំទ្រ​ដល់​អ្នក ។ ថ្នាក់​ដឹកនាំ​បេសកកម្ម នឹង​ទាក់ទង​ទៅ​គ្រួសារ​អ្នក ប្រសិន​បើ​អ្នក​មាន​ស្ថានភាព​បន្ទាន់​មួយ ។

បោះពុម្ព