ការហៅ​ក្នុង​បេសកកម្ម
សារ​មក​ពី​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់


ព្រះ​យេស៊ូវ​គ្រីស្ទ​លាងជើង​សាវក ។

សារ​មក​ពី​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់

ជូន​ចំពោះ​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ទី​ស្រឡាញ់ ៖

បន្ទាប់​ពី​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​មក​ជួប​ពួក​សិស្ស​របស់​ទ្រង់ ហើយ​បាន​បញ្ជា​ពួកគេ « ឲ្យ​មាន​សិស្ស » (សូម​មើល​ចំណត់​ចំណាំក ចំពោះម៉ាថាយ ២៨:១៩ ) « នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ ហើយ​បង្រៀន​ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង » ( ម៉ាថាយ ២៨:១៩–២០ ) ។

អ្នក​ត្រូវបាន​ហៅ​ដោយ​វិវរណៈ តាមរយៈ​ពួក​អ្នក​បម្រើ​ដ៏​ជម្រើស​របស់​ព្រះ ដើម្បី​ជួយ​ដល់​ពួក​សាវក​នៅក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​នេះ ក្នុង​ការនាំ​យក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ទៅកាន់​ពិភពលោក​ដើម្បី « ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ » ។

នៅ​ពេល​អ្នក​បន្ត​បម្រើ​ដោយ​អស់​ពី​ចិត្ត នោះ​អ្នក​ជួយ​បំពេញ​នៃ​បទបញ្ញត្តិ​ធំ​ពីរ​« ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ឯង … [ និង ]​ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩:៥–៦ ) ។

ដើម្បី​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ដ៏​មាន​ប្រសិទ្ធភាព អ្នក​ត្រូវតែ​ជា​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះយេស៊ូវគ្រីស្ទ ។ យើង​សូម​អញ្ជើញ​អ្នក​ឲ្យ​ពង្រីក​ទេពកោសល្យ និង​ជំនាញ​របស់​អ្នក​សម្រាប់​សិរីល្អ​នៃ​ព្រះ ។ ព្រះយេស៊ូវគ្រីស្ទ​នឹង​តម្កើង​អ្នក​ឡើង ។ ព្រះវរបិតាសួគ៌​ស្រឡាញ់​អ្នក ហើយ​ទ្រង់​នឹង​ជួយ​អ្នក​ឲ្យ​ស្រឡាញ់ និង​ផ្ដល់​ពរជ័យ​ដល់​បុត្រា​បុត្រី​ទ្រង់ នៅ​កន្លែង​ណា​ដែល​អ្នក​បម្រើ ។ ទ្រង់​នឹង​ផ្ដល់​អំណាច​ដល់​អ្នក និង​មនុស្ស​ដែល​អ្នក​បម្រើ តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ឲ្យ « បាន​ប្រែ​ចិត្ត​ជឿ​ដល់​ព្រះ​អម្ចាស់ » យ៉ាង​ពិត​ប្រាកដ ( អាលម៉ា ២៣:៦ ) ។

បទដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនេះ ត្រូវបាន​អនុម័ត​ដោយ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ វា​នឹង​ជួយ​អ្នក​ខាង​រាងកាយ ខាង​វិញ្ញាណ និង​ខាង​សតិ​អារម្មណ៍ ហើយ​ជួយ​អ្នក​ឲ្យ​ក្លាយ​ជា​សិស្ស ដែល​ព្រះយេស៊ូវគ្រីស្ទ​ត្រូវការ​ឲ្យ​អ្នក​ប្រែ​ក្លាយ ។

ប្រសិន​បើ​អ្នក​មាន​សំណួរ​អំពី​បទដ្ឋាន​មួយ សូម​អធិស្ឋាន​ទូល​សួរ​ព្រះអម្ចាស់ ជួយ​អ្នក​ឲ្យ​យល់​ពី​សារសំខាន់​របស់​វា បន្ទាប់​មក​ប្រសិន​បើ​ចាំបាច់ សូម​សុំ​ជំនួយ​ពី​ដៃគូ​របស់​អ្នក ថ្នាក់​ដឹកនាំ​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​របស់​អ្នក ឬ​ថ្នាក់​ដឹកនាំ​បេសកកម្ម​របស់​អ្នក​ក៏​បាន ។ សូម​សិក្សា​បទដ្ឋាន​ទាំងនេះ​ជា​ទៀងទាត់​ជាមួយ​ដៃគូ​របស់​អ្នក ហើយ​ខិតខំ​គោរពតាម​វា ។

ពួក​យើង​សូម​អបអរ​សាទរ​ដល់​អ្នក សម្រាប់​ការទទួល​យក​ការហៅ​ដើម្បី​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ហើយ​យើង​អធិស្ឋាន​ថា អ្នក​នឹង​រកឃើញ​ភាពសុខសាន្ត និង​អំណរ​ដ៏​ពិត នៅក្នុង​ការបម្រើ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។

គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ