១
បទពិសោធន៍ជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងរបស់អ្នក
១.០
សេចក្តីផ្ដើម
បេសកកម្មរបស់អ្នកពុំបានចាប់ផ្ដើមនៅថ្ងៃដែលអ្នកត្រូវបានញែកចេញ ហើយនឹងមិនបញ្ចប់នៅថ្ងៃដែលអ្នកត្រូវបានដោះលែងឡើយ ។ បេសកកម្មមិនមែនដូចជាការស្លៀកពាក់ឯកសណ្ឋានការងារ ឬសាលានៅពេលព្រឹក គ្រាន់តែដើម្បីដោះវាចេញម្ដងទៀតនៅពេលយប់នោះទេ ។ តាំងពីពេលដែលអ្នកបានទទួលបុណ្យជ្រមុជទឹក អ្នកបានស្ថិតនៅលើផ្លូវនៃសេចក្ដីសញ្ញា ដែលនាំទៅកាន់សុភមង្គល អំណរ និងសេចក្ដីសុខសាន្តដ៏អស់កល្បជានិច្ច ។ បទពិសោធន៍បេសកកម្មពេញម៉ោងរបស់អ្នក អាចជាព្រឹត្តិការណ៍ផ្លាស់ប្ដូរមួយ ប៉ុន្តែគួរតែជាផ្នែកដ៏សំខាន់មួយនៃបទពិសោធន៍បេសកកម្មពេញមួយជីវិតរបស់អ្នក ។
នៅពេលសម្លឹងមើលចេញពីទស្សនវិស័យដ៏អស់កល្បមួយ បទពិសោធន៍បេសកកម្មពេញម៉ោងរបស់អ្នក គឺលើសពីការគូសប្រអប់ធីកមួយ—វាជាមធ្យោបាយដើម្បីបន្តក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទអស់មួយជីវិត ។
ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្ហាញឲ្យឃើញអំពីពរជ័យ និងឯកសិទ្ធិទាំងឡាយដែលយើងមាន ពេលយើងសម្រេចចិត្តដើម្បីក្លាយជាផ្នែកនៃកិច្ចការនៃសេចក្ដីសង្គ្រោះដ៏អស្ចារ្យនេះ ។ លោកបានសួរដល់ពួកបរិសុទ្ធជំនាន់ដើមថា « បងប្អូន [ ប្រុសស្រី ] អើយ តើយើងនឹងមិនទៅមុខ ដោយសារចលនាដ៏ធំមហិមានេះឬ ? ចូរទៅមុខ ហើយកុំថយក្រោយឡើយ ។ បងប្អូន [ ប្រុសស្រី ] អើយ ចូរមានចិត្តក្លាហានចុះ ហើយចូរទៅ ចូរទៅ ទៅរកជ័យជម្នះ ! ចូរឲ្យចិត្តអ្នកបានអរសប្បាយ ហើយរីករាយជាអតិបរមាចុះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:២២ ) ។
ចូររីករាយនឹងបទពិសោធន៍ជាអ្នកផ្សព្វផ្សាយសាសនារបស់អ្នក កាលដែលអ្នកស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់អ្នក ។ នេះជាពេលដើម្បីត្រេកអរ និងដើម្បីដកពិសោធន៍នូវសុភមង្គល និងភាពសុខសាន្តដ៏យូរអង្វែងតាមរយៈព្រះយេស៊ូវគ្រីស្ទ ។
១.១
ការគោរពប្រតិបត្តិ
សិស្សដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ គឺមានការគោរពប្រតិបត្តិ ។ ព្រះអង្គសង្គ្រោះបានបង្រៀនថា « បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តិរបស់ខ្ញុំចុះ » ( យ៉ូហាន ១៤:១៥ ) ។ ការកាន់តាមព្រះបញ្ញត្តិមានន័យថា អ្នកធ្វើនូវអ្វីដែលព្រះអម្ចាស់សុំដោយស្ម័គ្រចិត្ត និងដោយស្មោះត្រង់ ដោយសារអ្នកស្រឡាញ់ទ្រង់ ហើយថាអ្នកធ្វើដូច្នោះ « ដោយអំណរ » ផងដែរ ( កូឡូស ១:១១ ) និង « ចិត្តស្មោះត្រង់ » ( កិច្ចការ ២:៤៦ ) ។
ព្រះយេស៊ូវគ្រីស្ទគឺជាគំរូនៃភាពស្មោះត្រង់ដ៏ឥតខ្ចោះ ។ ទ្រង់បានធ្វើតែតាមព្រះហឫទ័យរបស់ព្រះវរបិតាប៉ុណ្ណោះ ។ ចូរធ្វើតាមទ្រង់ដោយធ្វើឲ្យអស់ពីសមត្ថភាពរបស់អ្នក ដើម្បីកាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ និងរស់នៅតាមបទដ្ឋានអ្នកផ្សព្វផ្សាយសាសនា ។ ការស្មោះត្រង់ និងគោរពប្រតិបត្តិ ក៏មានន័យថា អ្នកព្យាយាមរៀន លូតលាស់ និងធ្វើឲ្យប្រសើរឡើង ឆាប់កែកំហុស និងទទួលខុសត្រូវចំពោះទង្វើរបស់អ្នក ។
អ្នកដឹកនាំបេសកកម្មរបស់អ្នកនឹងជួយអ្នកឲ្យរៀនពីរបៀបអនុវត្តគោលការណ៍នៅក្នុងសៀវភៅដៃនេះ ។
អ្នកនឹងមានសុវត្ថិភាពបំផុត នៅពេលអ្នកធ្វើតាមព្រះបញ្ញត្តិ និងបទដ្ឋានអ្នកផ្សព្វផ្សាយសាសនា ហើយប្រើសុភវិនិច្ឆ័យ ។ ប៉ុន្តែ ចូរដឹងថា ទោះបីជាពេលដែលអ្នកកាន់តាមព្រះបញ្ញត្តិទាំងឡាយក្ដី ក៏អ្នកអាចប្រឈមនឹងបញ្ហា ជំងឺ ឬគ្រោះថ្នាក់ផងដែរ ( សូមមើល យ៉ូហាន ១៦:៣៣ ) ។ ព្រះអង្គសង្គ្រោះបានដកពិសោធន៍នូវការណ៍ទាំងអស់នេះ ( សូមមើល អាលម៉ា ៧:១១–១២; គោលលទ្ធិ និង សេចក្ដីសញ្ញា ១២២:៨ )ហើយទ្រង់សន្យាថា « ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាទេ » ( យ៉ូហាន ១៤:១៨ ) ។
ព្រះស្រឡាញ់អ្នក ។ ចូរជ្រើសរើសកាន់តាមព្រះបញ្ញត្តិទាំងឡាយ ដោយសារអ្នកស្រឡាញ់ព្រះ ។ សូមកុំព្យាយាមធ្វើកិច្ចព្រមព្រាងជាមួយនឹងព្រះ ហើយរំពឹងថាបានពរជ័យជាក់លាក់ណាមួយ ដោយការកែសម្រួលអ្វីដែលតម្រូវពីអ្នកឡើយ ។ តម្រូវការដែលអ្នកត្រូវបានរំពឹងឲ្យកាន់ខ្ជាប់ គឺត្រូវបានអនុម័តដោយគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងមាននៅក្នុងបទដ្ឋានទាំងនេះ ។ ឧទាហរណ៍ សូមកុំព្យាយាមតវ៉ាជាមួយនឹងព្រះអម្ចាស់ ដោយការក្រោកពីព្រលឹមពេក ចេញទៅទាំងមិនទទួលទានអាហារ ឬផឹកទឹក ( ហួសពីការតមអាហារប្រចាំខែ ) ឬរំលងថ្ងៃរៀបចំ ។
១.២
បទដ្ឋានសម្រាប់ជីវិត
ព្រះអញ្ជើញអ្នកឲ្យថ្វាយខ្លួនអ្នកដល់ទ្រង់អស់មួយជីវិតអ្នក ។ បទដ្ឋានបេសកកម្ម ដូចជាការសិក្សាផ្ទាល់ខ្លួន ការដាក់គោលដៅ និងការប្រើប្រាស់បច្ចេកវិទ្យាដោយសុចរិត នឹងផ្ដល់ពរជ័យដល់អ្នកនៅក្នុងបេសកកម្មរបស់អ្នក និងជួយអ្នកអស់មួយជីវិតអ្នក ។
សូមឲ្យបទបញ្ញត្តិនៅក្នុងបទគម្ពីរគោលការណ៍នៅក្នុងប្រកាសដំណឹងល្អរបស់យើង ៖ការណែនាំការបម្រើជាអ្នកផ្សព្វផ្សាយសាសនានិងបទដ្ឋានអ្នកផ្សព្វផ្សាយសាសនាដែលមានពន្យល់នៅក្នុងសៀវភៅនេះ ក្លាយជាគោលការណ៍ណែនាំអស់មួយជីវិត ។ កាលដែលអ្នកធ្វើតាមព្រះបញ្ញត្តិរបស់ព្រះ និងតាមបទដ្ឋានទាំងឡាយ នោះទ្រង់នឹងដឹកនាំ ប្រទានពរ និងណែនាំអ្នកពេញមួយជីវិតអ្នក ។