៣
ចរិយាមាយាទរបស់អ្នកផ្សព្វផ្សាយសាសនា
៣.០
សេចក្តីផ្ដើម
ផ្នែកនេះអធិប្បាយអំពីបទដ្ឋានអ្នកផ្សព្វផ្សាយសាសនាអំពីអាកប្បកិរិយា និងលក្ខណៈសម្បត្តិដូចព្រះគ្រីស្ទ ដែលអ្នកត្រូវបានរំពឹងឲ្យអនុវត្ត និងអភិវឌ្ឍអំឡុងបេសកកម្មរបស់អ្នក កាលដែលអ្នកក្លាយជាសិស្សដែលកាន់តែលះបង់របស់ព្រះយេស៊ូវគ្រីស្ទ ។ ដូចជាព្យាការីមរ៉ូណៃបានប្រឹក្សាថា « នឹកចាំពីព្រះបន្ទូលនៃព្រះដែលចែងថា ដោយកិច្ចការរបស់គេ នោះអ្នករាល់គ្នានឹងស្គាល់ពួកគេហើយ ត្បិតបើសិនជាកិច្ចការរបស់គេល្អ នោះពួកគេក៏ជាមនុស្សល្អដែរ » ( មរ៉ូណៃ ៧:៥ ) ។
៣.១
អាកប្បកិរិយាដូចជាព្រះគ្រីស្ទ
សូមអធិស្ឋាន និងខិតខំដើម្បីអភិវឌ្ឍគុណលក្ខណៈដូចជាព្រះគ្រីស្ទ ដូចបានពិពណ៌នានៅក្នុងព្រះគម្ពីរ និងនៅក្នុង ការប្រកាសដំណឹងល្អរបស់យើង រួមមាន ការដឹងគុណ សេចក្ដីសប្បុរស សេចក្ដីស្រឡាញ់ ការបន្ទាបខ្លួន ការអត់ធ្មត់ ការអាណិតអាសូរ និងការគោរពប្រតិបត្តិ ។ ជាមួយនឹងជំនួយរបស់ព្រះអង្គសង្គ្រោះ ព្រមទាំងកិច្ចប្រឹងប្រែងដ៏ស្មោះសរ និងឧស្សាហ៍ព្យាយាមរបស់អ្នកផ្ទាល់ អ្នកអាចអភិវឌ្ឍគុណលក្ខណៈដូចជាព្រះគ្រីស្ទបាន ( សូមមើល ម៉ូសាយ ៣:១៩ ) ។
ចូរមានចិត្តល្អ វិជ្ជមាន និងលើកស្ទួយ ។ ចូរមានការគិតគូរអំពីស្ថានភាពរបស់មនុស្សម្នាក់ៗ ដោយសួរខ្លួនឯងនូវសំណួរដូចនេះ ៖
-
តើវាយប់ពេក ឬព្រលឹមពេកដើម្បីទាក់ទងទៅមនុស្សនេះឬទេ ? តើវានឹងរំខានដោយមិនសមរម្យដល់ពេលវេលាគ្រួសារ ឬពេលវេលាផ្ទាល់ខ្លួនឬទេ ?
-
តើមានរបៀបណាមួយដែលខ្ញុំអាចជួយបាននៅក្នុងស្ថានភាពនេះទេ ?
-
តើទង្វើ ឬយោបល់នេះធ្វើឲ្យនរណាម្នាក់អាម៉ាស់ ភិតភ័យ ឬអន់ចិត្តដែរឬទេ ?
-
តើអ្វីដែលសមរម្យសម្រាប់វប្បធម៌នេះ ?
អ្នកជាភ្ញៀវម្នាក់នៅក្នុងតំបន់ដែលអ្នកបម្រើ ហើយគួរតែប្រព្រឹត្តចំពោះមនុស្ស និងទីកន្លែងដោយការគោរព និងអំណរគុណ ។ សូមគោរពដល់ប្រពៃណី ជំនឿ និងការអនុវត្តខាងសាសនា ព្រមទាំងទីកន្លែងពិសិដ្ឋៗនៅក្នុងតំបន់របស់អ្នក នៅគ្រប់ពេលទាំងអស់ ។ ចូរប្រុងប្រយ័ត្នថា ទង្វើរបស់អ្នកនឹងមិនធ្វើឲ្យនរណាម្នាក់អន់ចិត្ត ។ ចូរចងចាំ អ្វីដែលអ្នកនិយាយ និងអ្វីដែលអ្នកធ្វើ អាចត្រូវបានគេឮ សង្កេត និងថត ឬកត់ត្រាទុក ។
សម្រាប់ព័ត៌មានបន្ថែមទៀត សូមមើលវគ្គ ៧.៣ « គោរពមនុស្សផ្សេងទៀត » ។
៣.២
ភាពស័ក្ដិសមសម្រាប់ព្រះវិហារបរិសុទ្ធ
ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអញ្ជើញអ្នកឲ្យ « រៀបចំខ្លួន ហើយប្រុងប្រៀបខ្លួន ហើយញែកខ្លួនជាបរិសុទ្ធ មែនហើយ ចូរជម្រះចិត្តរបស់អ្នកឲ្យបានបរិសុទ្ធ ហើយលាងដៃរបស់អ្នក និងជើងរបស់អ្នកនៅចំពោះយើងចុះ ប្រយោជន៍ឲ្យយើងអាចធ្វើឲ្យអ្នកបានជ្រះស្អាត » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៧៤ ) ។ ផ្នែកនៃការរៀបចំនេះ រួមមានការរក្សាសេចក្ដីសញ្ញាព្រះវិហារបរិសុទ្ធរបស់អ្នក ។
៣.២.១
សេចក្ដីសញ្ញាព្រះវិហារបរិសុទ្ធ
ការរក្សាសេចក្ដីសញ្ញាព្រះវិហារបរិសុទ្ធនៃការគោរពប្រតិបត្តិ ការលះបង់ និងការថ្វាយ នឹងផ្ដល់អំណាចដល់អ្នក និងជួយអ្នកឲ្យក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ ។
ទោះបីជាគ្មានព្រះវិហារបរិសុទ្ធមួយនៅក្នុងបេសកកម្មរបស់អ្នកក្ដី សូមរក្សាបណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាពមួយ ដើម្បីជួយរំឭកដល់អ្នកអំពីសេចក្ដីសញ្ញាទាំងឡាយរបស់អ្នក ។ សូមដល់ប្រធានបេសកកម្មរបស់អ្នកដើម្បីធ្វើការសម្ភាសសម្រាប់បណ្ណចូលព្រះវិហារបរិសុទ្ធមួយ ពីមុនបណ្ណរបស់អ្នកផុតកំណត់ ។
៣.២.២
ការថ្វាយបង្គំនៅព្រះវិហារបរិសុទ្ធ
ប្រសិនបើមានព្រះវិហារបរិសុទ្ធមួយនៅជិត ប្រធានបេសកកម្មរបស់អ្នកអាចអនុញ្ញាតឲ្យអ្នក និងអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀតទៅព្រះវិហារបរិសុទ្ធម្ដងម្កាលនៅថ្ងៃរៀបចំ ។
សម្រាប់ព័ត៌មានបន្ថែមទៀត សូមមើលវគ្គ ៧.៤ « ការចូលរួមព្រះវិហារបរិសុទ្ធ » ។
៣.៣
ច្បាប់ព្រហ្មចារីភាព
សេចក្ដីសញ្ញាព្រះវិហារបរិសុទ្ធមួយដែលអ្នកបានធ្វើ គឺដើម្បីគោរពតាមច្បាប់ព្រហ្មចារីភាព ។ សូមធ្វើឲ្យអស់ពីសមត្ថភាពដើម្បីការពារខ្លួនអ្នក ដៃគូអ្នក និងអ្នកផ្សេងទៀតពីការល្បួងផ្លូវភេទ ដែលអាចនាំទៅកាន់ការបំពានសេចក្ដីសញ្ញាដ៏ពិសិដ្ឋនេះ ។ ការធ្វើអ្វីៗដែលបំពានច្បាប់ព្រហ្មចារីភាព អាចត្រូវបានចាត់ទុកថាជាបទឧក្រិដ្ឋនៅក្នុងតំបន់ខ្លះ ។
អ្នកអាចចៀសវាងពីគំនិត ឬទង្វើណា ដែលនឹងបំបែកអ្នកពីព្រះវិញ្ញាណរបស់ព្រះបាន ។ វារួមមាន ប៉ុន្តែមិនកំណត់ត្រឹមតែ ការផិតក្បត់ សហាយស្មន់ សកម្មភាពភេទដូចគ្នា រួមភេទតាមមាត់ ដាស់អារម្មណ៍ផ្លូវភេទ ការប៉ះពាល់ដែលមិនសមរម្យ ការផ្ញើ ឬទទួលសារ រូបភាព ឬវីដេអូ ដែលមានលក្ខណៈអសីលធម៌ ឬដែលទាក់ទងនឹងផ្លូវភេទ ការសម្រេចកាមដោយខ្លួនឯង និងការមើល ឬប្រើប្រាស់ការណ៍អាសគ្រាម ( សូមមើល ៧.៥.៣ ) ។ សូមមើល ដើម្បីកម្លាំងនៃយុវជន ( ២០១១ ),« ការប្រែចិត្ត » ទំព័រ ២៨–២៩ សម្រាប់ព័ត៌មានបន្ថែមទៀត ។
ព្រះអម្ចាស់បានបង្រៀនថា « អារក្សសាតាំងស្វែងរកបំផ្លាញ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៥៧ ) និងធ្វើឲ្យអ្នក « មានទុក្ខវេទនាដូចវាដែរ » ( នីហ្វៃទី២ ២:២៧ ) ។ វានឹងប្រើមនុស្ស បណ្ដាញផ្សព្វផ្សាយមិនសមរម្យ និងការល្បួងផ្សេងៗទៀត ដើម្បីបោកបញ្ឆោត ដាក់អន្ទាក់ គំរាម និងធ្វើឲ្យអ្នកអាម៉ាស់ ។ ឧទាហរណ៍ ចូរប្រុងប្រយ័ត្នជាពិសេសចំពោះអស់អ្នកដែលអាចនឹងតម្រូវឲ្យមានការបង់ប្រាក់ ដើម្បីជាការតបស្នងនឹងការមិនបង្ហាញរូបភាព និងសារដែលព្រមព្រៀងគ្នា ឬដែលមិនសមរម្យ ដែលអ្នកប្រហែលជាបានផ្ញើទៅពួកគេ ។
ប្រសិនបើអ្នកកំពុងមានការលំបាកក្នុងការរក្សាបទដ្ឋានទាំងនេះ ឬប្រសិនបើនរណាម្នាក់កំពុងគំរាមកំហែងអ្នក សូមទូលសុំជំនួយពីព្រះអម្ចាស់ ហើយនិយាយជាមួយនឹងប្រធានបេសកកម្មរបស់អ្នកភ្លាម ។
៣.៤
សេចក្តីទៀងត្រង់
ភាពស័ក្ដិសមសម្រាប់ព្រះវិហារបរិសុទ្ធ រួមមានការស្មោះត្រង់នៅក្នុងការទាក់ទងទាំងអស់របស់អ្នកជាមួយមនុស្សដទៃទៀត ។ នៅក្នុងការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ការណ៍នេះរួមមាន ៖
-
ប្រាប់ការពិត ជាពិសេសដល់ប្រធានបេសកកម្មរបស់អ្នក ទាក់ទងនឹងចរិយាមាយាទ ទីបន្ទាល់ ទម្លាប់ការងារ និងសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់អ្នក ។
-
ផ្ដល់របាយការណ៍ត្រឹមត្រូវអំពីការងាររបស់អ្នក និងរបៀបដែលអ្នកបានចំណាយពេលក្នុងអំឡុងសប្ដាហ៍នោះនៅក្នុងរបាយការណ៍ប្រចាំសប្ដាហ៍របស់អ្នក ។
-
ប្រើមូលនិធិបេសកកម្មដោយទទួលខុសត្រូវ និងបញ្ចូនបង្កាន់ដៃត្រឹមត្រូវ ។
-
ធ្វើជាមនុស្សដែលគួរឲ្យទុកចិត្តបាន និងកុំផ្ដល់ការរាយការណ៍ ឬព័ត៌មានក្លែងក្លាយ អំពីមនុស្សណាឡើយ រួមទាំងអំពីដៃគូរបស់អ្នកផងដែរ ។
-
គោរពអ្នកដទៃទៀតដោយការមិនខ្ចី មិនយក ឬការប្រើប្រាស់របស់របរផ្ទាល់ខ្លួនរបស់នរណាម្នាក់ ( រួមទាំង សំលៀកបំពាក់ សៀវភៅ ឧបករណ៍អេឡិចត្រូនិច និងគ្រឿងអលង្ការ ) ដោយគ្មានការអនុញ្ញាត ។
៣.៥
ការប្រាស្រ័យទាក់ទងជាមួយមនុស្សដទៃទៀត
ព្រះអង្គសង្គ្រោះបានបង្រៀនថា « នេះជាសេចក្តីបញ្ញត្តិរបស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ » ( យ៉ូហាន ១៥:១២ ) ។ សូមជ្រើសរើសធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ និងប្រព្រឹត្តដោយគួរសម មានសុវត្ថិភាព និងសមរម្យសម្រាប់ស្ថានភាពនោះ ។
៣.៥.១
បទដ្ឋានទូទៅសម្រាប់ការប្រាស្រ័យទាក់ទងជាមួយមជ្ឈិមវ័យ
សូមបង្កើតទំនាក់ទំនងដែលមានការទុកចិត្តគ្នា និងមានអត្ថន័យជាមួយមនុស្សដែលអ្នកបម្រើ រួមទាំងមនុស្សដែលអ្នកបង្រៀន អ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត និងសមាជិកក្នុងមូលដ្ឋានផងដែរ ។ ចូរមានវិជ្ជាជីវៈ និងចិត្តសប្បុរស ហើយគោរពតាមបទដ្ឋានទាំងនេះ ៖
-
តែងតែនៅជាមួយដៃគូអ្នកជានិច្ច ។
-
កុំផ្ដល់ប្រឹក្សាដល់មជ្ឈិមវ័យនានាអំពីបញ្ហាផ្ទាល់ខ្លួន ។ សូមណែនាំសមាជិកឲ្យទៅជួបប៊ីស្សពរបស់ពួកគេ ប្រសិនបើពួកគេត្រូវការការប្រឹក្សា ។ ប្រសិនបើអ្នកមានអារម្មណ៍ថា មនុស្សម្នាក់នៅសាសនាផ្សេងត្រូវការជំនួយជាមួយនឹងបញ្ហាផ្ទាល់ខ្លួន សូមនិយាយជាមួយប្រធានបេសកកម្មរបស់អ្នក ។
-
ចៀសវាងស្ថានភាពទាំងឡាយដែលអាចប្រែជាមានគ្រោះថ្នាក់ខាងរាងកាយ និងខាងវិញ្ញាណ ឬដែលអាចធ្វើឲ្យយល់ខុស ។
-
កុំចែចង់ ឬមានទំនាក់ទំនងដោយមិនសមរម្យជាមួយនរណាម្នាក់ឡើយ ។
-
សូមធ្វើឲ្យប្រាកដថាមានមជ្ឈិមវ័យម្នាក់ទៀតដែលមានភេទដូចគ្នា និងអ្នកធ្វើជាដៃគូអ្នកនៅ ពេលអ្នកបង្រៀន ( ដោយផ្ទាល់ )ឬធ្វើដំណើរជាមួយនឹងមនុស្សម្នាក់ដែលមានភេទផ្ទុយពីអ្នក ។
-
ប្រើភាសាថ្លៃថ្នូរជានិច្ច ហើយចៀសវាងការប្រើគ្រាមភាសា ។ ប្រើងារត្រឹមត្រូវពេលហៅមនុស្សផ្សេងទៀត ។ ឧទាហរណ៍ ប្រើងារ « អែលឌើរ » ឬ « ស៊ីស្ទើរ » ពេលសំដៅដល់អ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត ដើម្បីបង្ហាញការគោរពដល់ការហៅរបស់ពួកគេ ។
៣.៥.២
បទដ្ឋានទូទៅសម្រាប់ការប្រាស្រ័យទាក់ទងជាមួយកុមារ
សម្រាប់សុវត្ថិភាពរបស់អ្នក ក៏ដូចជាសុវត្ថិភាពរបស់កុមារ សូមគោរពតាមគោលការណ៍ណែនាំខាងក្រោមនេះឲ្យបានតឹងរឹង ៖
-
តែងតែនៅជាមួយដៃគូអ្នកជានិច្ច ។
-
កុំនៅតែឯងជាមួយនរណាម្នាក់ដែលមានអាយុតិចជាង ១៨ ឆ្នាំឡើយ ។
-
ចូរប្រុងប្រយ័ត្នចំពោះការលេងជាមួយក្រុមកុមារ ដូចជាការចូលរួមក្នុងការលេងបាត់ទាត់ និងល្បែងផ្សេងៗទៀត ។ កុំធ្វើអ្វីដែលសកម្មភាពរបស់អ្នកអាចត្រូវបានយល់ខុស ។
-
ពេលណាដែលអាចធ្វើទៅបាន សូមសុំការអនុញ្ញាតពីឪពុក/ម្ដាយដើម្បីប្រាស្រ័យទាក់ទងនឹងកុមារម្នាក់ ។
-
កុំចាក់ក្រឡេកកុមារ ប្ដូរកន្ទប ពកុមារ ឬឲ្យកុមារអង្គុយលើភ្លៅរបស់អ្នកឡើយ ។ សកម្មភាពទាំងនេះ និងសកម្មភាពផ្សេងៗទៀត អាចមើលទៅមិនសមរម្យ ឬត្រូវបានយល់ខុស ។
-
បដិសេធដោយគួរសមចំពោះការជួយមើលកុមារគ្រប់អាយុទាំងអស់ ។
-
សូមកុំចូលរួមនៅក្នុងសកម្មភាពបម្រើដែលអ្នកនឹងនៅតែឯងជាមួយកុមារឡើយ ( សូមមើល ៧.២.២ ) ។
៣.៦
ការកម្សាន្ត
អ្នកអាចរៀនស្រឡាញ់មនុស្សដែលអ្នកបម្រើកាន់តែពេញលេញ ដោយមានការចាប់អារម្មណ៍ដោយស្មោះសរលើវប្បធម៌ ប្រវត្តិសាស្ត្រ ទឹកដី និងប្រពៃណីរបស់ពួកគេ តាមរយៈការទៅទស្សនាទីកន្លែងដែលចាប់អារម្មណ៍ ជាទូទៅនៅថ្ងៃរៀបចំ ( សូមមើល ២.៥ ) ។
សូមយោបល់ពីមនុស្សដែលអ្នកជួបឲ្យប្រាប់ពីកន្លែងដែលសមរម្យ និងមានសុវត្ថិភាពដើម្បីទៅទស្សនា ។ ជ្រើសរើសសកម្មភាពដែលលើកស្ទួយ និងដែលជួយឲ្យអ្នកបន្ធូរអារម្មណ៍ ។ ទីកន្លែងដែលសមរម្យដើម្បីទៅទស្សនាអាចរួមមាន ( ប៉ុន្តែមិនដាក់កំហិតចំពោះ ) ដូចខាងក្រោមនេះ ៖
-
ទីកន្លែងប្រវត្តិសាស្ត្រ និងវប្បធម៌
-
សារមន្ទីរ និងវិចិត្រសាល
-
សួនសត្វ និងឧទ្យាន
៣.៦.១
បទដ្ឋានការកម្សាន្តទូទៅ
ចៀសវាងការប្រមូលផ្ដុំជាក្រុមអ្នកផ្សព្វផ្សាយសាសនាដ៏ធំនៅក្នុងទីសាធារណៈ ។ ជាធម្មតា វាមានន័យថា អ្នកមិនគួរប្រមូលផ្ដុំជាក្រុមធំជាងមណ្ឌលរបស់អ្នកនោះទេ ។ ការធ្វើដូច្នោះអាចទាក់ទាញចំណាប់អារម្មណ៍ដែលមិនចាំបាច់ ឬធ្វើឲ្យមនុស្សមានអារម្មណ៍ភិតភ័យ ។
ប្រើប្រាស់យាន្តជំនិះរបស់បេសកកម្មសម្រាប់តែសកម្មភាពណាដែលត្រូវបានអនុញ្ញាតដោយប្រធានបេសកកម្មរបស់អ្នកប៉ុណ្ណោះ ។
ហាត់ប្រាណ និងមានភាពសកម្មដើម្បីរក្សារាងកាយរបស់អ្នកឲ្យមានសុខភាពល្អសម្រាប់កិច្ចការផ្សព្វផ្សាយសាសនា ។ លេងកីឡានៅក្នុងរបៀបដែលចៀសវាងពីការរងរបួស និងការហត់នឿយហួសហេតុ ។
៣.៦.២
សកម្មភាពដែលមិនត្រូវបានអនុញ្ញាត
ចូរមានសុវត្ថិភាព និងប្រើសុភវិនិច្ឆ័យជានិច្ច ពេលចូលរួមនៅក្នុងសកម្មភាពកម្សាន្តនានា ។ ដោយសារតែអ្នកផ្សព្វផ្សាយសាសនាធ្លាប់បានរងរបួសធ្ងន់ធ្ងរ ពេលកំពុងចូលរួមនៅក្នុងសកម្មភាពដែលមានហានិភ័យនានា នោះអ្នកមិនគួរចូលរួមនៅក្នុងសកម្មភាពទាំងឡាយ អំឡុងពេលបេសកកម្មរបស់អ្នក ដែលមានហានិភ័យកើនឡើងនោះទេ ។ សកម្មភាពទាំងនេះរួមមាន ប៉ុន្តែមិនដាក់កំហិត ដូចតទៅនេះ ៖
-
កីឡាដែលប៉ះពាល់រាងកាយដោយផ្ទាល់ ដូចជាកីឡាកាយសម្ព័ន្ធ កីឡារដូវរងា និងកីឡាក្នុងទឹក( រួមទាំង ការហែលទឹក )
-
ការឡើងភ្នំ និងការឡើងថ្ម
-
ការជិះម៉ូតូ និងសេះ
-
ការជិះក្នុងទូក ឬយន្តហោះឯកជន
-
ការកាន់អាវុធ
-
ការប្រើប្រាស់កាំជ្រួច ឬគ្រឿងផ្ទុះគ្រប់ប្រភេទ
សូមមើលវីដេអូនេះសម្រាប់ព័ត៌មានបន្ថែមទៀត អំពីសុវត្ថិភាពសម្រាប់ការកម្សាន្ត ។
៣.៦.៣
បណ្ដាញផ្សព្វផ្សាយ
ជ្រើសរើសបណ្ដាញផ្សព្វផ្សាយដែលត្រូវបានអនុញ្ញាត និងសមរម្យ ។ ជាទូទៅការណ៍នេះមានន័យថា ចៀសវាងអ្វីៗដូចខាងក្រោមនេះ ៖
-
បណ្ដាញសង្គម កម្មវិធីលើឧបករណ៍ចល័ត និងបណ្ដាញផ្សព្វផ្សាយតាមអ៊ីនធឺណិត ដែលមិនត្រូវប្រើប្រាស់សម្រាប់ការបង្រៀនដំណឹងល្អ និងការទាក់ទងជាមួយគ្រួសារអ្នក ( សូមមើល ៣.៩ ) ។
-
ទូរទស្សន៍ ភាពយន្ដ វីដេអូហ្គេម និងវីដេអូដែលមិនមានការអនុញ្ញាត
-
សៀវភៅជាសំឡេង តន្ត្រី និងការអានឯកសារដែលមិនត្រូវនឹងបទដ្ឋានអ្នកផ្សព្វផ្សាយសាសនា
សូមយោងទៅបទដ្ឋានបច្ចេកវិទ្យាសម្រាប់អ្នកផ្សព្វផ្សាយសាសនា សម្រាប់ព័ត៌មានបន្ថែមទៀត( សូមមើល ៧.៥ ) ។ ពិភាក្សាសំណួរទាំងឡាយអំពីបណ្ដាញផ្សព្វផ្សាយជាមួយថ្នាក់ដឹកនាំបេសកកម្មរបស់អ្នក ។
៣.៦.៤
ឧបករណ៍ តន្ត្រី
ប្រសិនបើត្រូវបានយល់ព្រមដោយប្រធានបេសកកម្មរបស់អ្នកនោះ អ្នកអាចយកឧបករណ៍ភ្លេងទៅកន្លែងបេសកកម្ម ។ វាគួរតែមានតម្លៃថោកងាយស្រួលដឹកជញ្ជូននិងអាចបំពេញទៅតាមតម្រូវការឥវ៉ាន់ ។ ប្រភេ ឧបករណ៍ គួរតែ សមស្រប សម្រាប់ ការប្រជុំ ថ្ងៃ អាទិត្យ ( សូមមើល ក្បួនខ្នាតទូទៅ, ១៩.៤.២ ) ។
អ្នកអាចហាត់ប្រើឧបករណ៍នេះនៅថ្ងៃរៀបចំនិងនៅពេលផ្សេងទៀតដែលប្រធានបេសកកម្មរបស់អ្នកកំណត់ ។ នៅពេលលេងឧបករណ៍ សូមគិតដល់អ្នកជិតខាងនិងអ្នកផ្សព្វផ្សាយផ្សេងទៀតនិងរបៀបនានាដែលវាអាចប៉ះពាល់ ។ ប្រភេទតន្ត្រីដែលអ្នកលេងនៅលើឧបករណ៍នេះគួរតែមានភាពថ្លៃថ្នូរថ្លៃថ្នូរនិងសមរម្យសម្រាប់កិច្ចការផ្សព្វផ្សាយសាសនា ។
៣.៧
រូបថត និងវីដេអូ
រូបថតអាចជួយអ្នកឲ្យចែកចាយបទពិសោធន៍បេសកកម្មរបស់អ្នក ជាមួយមនុស្សដែលនៅផ្ទះ និងអាចជាការរំឭកដ៏មានអត្ថន័យអំពីបេសកកម្មរបស់អ្នក ។ ពេលថតរូប ឬថតវីដេអូ សូមប្រុងប្រយ័ត្នកុំធ្វើឲ្យនរណាម្នាក់អាម៉ាស់ រួមទាំងពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត និងមនុស្សដែលមានការលំបាកផ្នែកសេដ្ឋកិច្ច សង្គម ឬមានឧបសគ្គខាងរាងកាយ ។ មនុស្សមួយចំនួនអាចមិនចង់ឲ្យអ្នក ឬអ្នកផ្សេងទៀតឃើញ ចែកចាយ ឬត្រូវរំឭកឲ្យចងចាំនូវអ្វីដែលបង្ហាញនៅក្នុងរូបថតមួយឡើយ ។ ចូរសុំការអនុញ្ញាតមុននឹងថតរូប និងចែកចាយរូបថត ឬវីដេអូ ។ នៅក្នុងបេសកកម្មមួយចំនួន អ្នកអាចមិនត្រូវបានអនុញ្ញាតឲ្យចែកចាយជាសាធារណៈនូវរូបថតរបស់នរណាម្នាក់ដែលអ្នកកំពុងបង្រៀន ដោយសារតែច្បាប់ឯកជនភាពក្នុងមូលដ្ឋាន ។
ការថតរូបជាក់លាក់នានា អាចជាការប្រមាថ ឬខុសច្បាប់នៅក្នុងវប្បធម៌ ឬកន្លែងខ្លះ ។ ឧទាហរណ៍មួយចំនួនរួមមានការថតរូបនៃ ៖
-
អគាររដ្ឋាភិបាល និងយោធាជាក់លាក់មួយចំនួន ។
-
តំបន់សន្តិសុខនៅព្រលានយន្តហោះ កន្លែងពិនិត្យលិខិតឆ្លងដែន ការឆ្លងកាត់ព្រំដែន ស្ថានកុងស៊ុល និងស្ថានទូត ។
-
បុគ្គលិកអនុវត្តច្បាប់ និងយោធា ។
-
មនុស្ស អគារ ឬសកម្មភាពរបស់សាសនាផ្សេងទៀត ។
-
ប្រធានបទរសើបខាងវប្បធម៌ រួមមានមនុស្សក្នុងសំលៀកបំពាក់ប្រពៃណី ។
-
ប្រជាជនកំពុងជួបការលំបាកក្នុងភាពក្រីក្រ ជំងឺ ឬពិការភាព ។
ជាគោលការណ៍ណែនាំទូទៅមួយ សូមកុំថតរូបវត្ថុ ទីកន្លែង ឬមនុស្សដែលមានរៀបរាប់នៅខាងលើ ។ សូមពិភាក្សាសំណួរទាំងឡាយដែលអ្នកអាចមាន ជាមួយនឹងថ្នាក់ដឹកនាំបេសកកម្មរបស់អ្នក ។
សាសនាចក្រក៏មានគោលនយោបាយជាក់លាក់ផងដែរ អំពីការថតរូបនៅសាលាប្រជុំ ៖
-
កុំថតរូប ឬថតវីដេអូនៅក្នុងរោងជំនុំរបស់សាលាប្រជុំឡើយ ។
-
កុំថតរូប ផ្ញើ ឬថតពិធីបរិសុទ្ធពិសិដ្ឋ រួមទាំងពិធីសាក្រាម៉ង់ និងពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ឡើយ ។
សូមមើលវីដេអូនេះសម្រាប់ព័ត៌មានបន្ថែមទៀត អំពីគោលការណ៍ណែនាំសម្រាប់ការថតរូប និងថតវីដេអូ ។
៣.៨
ការប្រើប្រាស់បច្ចេកវិទ្យា
ព្រះអម្ចាស់បានប្រកាសថា « មើលចុះ យើងនឹងពន្លឿនកិច្ចការរបស់យើងឲ្យឆាប់កើតនៅពេលកំណត់ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៧៣ ) ។ បច្ចេកវិទ្យាអាចជាឧបករណ៍មួយដើម្បីចែកចាយការបង្រៀននៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និងគប្បីត្រូវបានប្រើប្រាស់ដោយសុចរិត ។
សម្រាប់ព័ត៌មានបន្ថែមទៀតសូមមើលនៅវគ្គ ៧.៥, “បច្ចេកវិទ្យា ។
៣.៩
ការទាក់ទងជាមួយក្រុមគ្រួសារ ថ្នាក់ដឹកនាំបេសកកម្ម និងមិត្តភក្ដិ
ក្រុមគ្រួសារ ថ្នាក់ដឹកនាំបេសកកម្ម និងមិត្តភក្ដិរបស់អ្នក អាចជាអ្នកគាំទ្រយ៉ាងអស្ចារ្យដល់អ្នក នៅក្នុងបេសកកម្មរបស់អ្នក ។ សូមប្រើពេលវេលាមួយផ្នែកក្នុងថ្ងៃរៀបចំរបស់អ្នក ដើម្បីទាក់ទងជាមួយពួកគេ សមាជិក និងអ្នកប្រែចិត្តជឿថ្មីពីតំបន់ផ្សេងទៀត ។
សូមដាក់អាទិភាពពេលវេលារបស់អ្នកនៅថ្ងៃរៀបចំ ដោយការទាក់ទងទៅឪពុកម្ដាយរបស់អ្នកមុនគេ និងប្រធានបេសកកម្មរបស់អ្នកទីពីរ ។
អ្នកអាចអានសារទាក់ទងដែលអ្នកទទួល អំឡុងសប្ដាហ៍នោះពេលណាដែលអ្នកមានពេលសមរម្យដើម្បីធ្វើដូច្នោះ ។ អ្នកគួរតែឆ្លើយតបទៅកាន់សារទាក់ទងពីផ្ទះ តែនៅក្នុងថ្ងៃរៀបចំប៉ុណ្ណោះ លើកលែងតែវាជារឿងបន្ទាន់ ។
៣.៩.១
ក្រុមគ្រួសារ
អ្នកអាចទាក់ទងជាមួយគ្រួសាររបស់អ្នកនៅថ្ងៃរៀបចំប្រចាំសប្ដាហ៍ តាមរយៈសំបុត្រ អ៊ីម៉ែល សារតាមទូរសព្ទ សារតាមអ៊ីនធឺណិត និយាយតាមទូរសព្ទ និងតាមវីដេអូឈែត ។
សូមប្រើវិធីសាស្ត្រនៃការទាក់ទងដែលបានអនុញ្ញាត ដែលដំណើរការល្អបំផុតសម្រាប់អ្នក និងគ្រួសារអ្នក ហើយដែលចំណាយថវិកាតិច ដើម្បីអ្នកអាចចាយវាយត្រឹមត្រូវតាមថវិកាប្រចាំខែរបស់អ្នក ។ ការណ៍នេះនឹងខុសៗគ្នាអាស្រ័យទៅលើកាលៈទេសៈ ទីកន្លែង និងកាលវិភាគ ។
ប្រសិនបើឪពុកម្ដាយរបស់អ្នករស់នៅក្នុងទីកន្លែងខុសគ្នា អ្នកអាចទាក់ទងទៅឪពុក និងម្ដាយដោយឡែកពីគ្នានៅថ្ងៃរៀបចំ ។ វាមិនត្រូវបានរំពឹងឲ្យអ្នកហៅទូរសព្ទ ឬវីដេអូឈែតជាមួយឪពុកម្ដាយអ្នកជារៀងរាល់សប្ដាហ៍នោះទេ ។
អ្នកក៏ត្រូវបានលើកទឹកចិត្តឲ្យទាក់ទងគ្រួសាររបស់អ្នកនៅឱកាសពិសេសៗផងដែរ ដូចជាបុណ្យគ្រីស្ទម៉ាស់ បុណ្យអ្នកម្ដាយ បុណ្យលោកឪពុក ថ្ងៃខួបកំណើតឪពុកម្ដាយរបស់អ្នក និងថ្ងៃបុណ្យផ្សេងទៀត ដែលសំខាន់នៅក្នុងប្រទេសកំណើត ឬវប្បធម៌របស់អ្នក ។
អ្នកគួរតែផ្ដើមការសន្ទនាជាសារតាមទូរសព្ទ សារតាមអ៊ីនធឺណិត ការនិយាយតាមទូរសព្ទ និងវីដេអូឈែត ។ ប្រសិនគ្រួសាររបស់អ្នកត្រូវការទាក់ទងមកអ្នក ពួកគេគួរតែទាក់ទងទៅប្រធានបេសកកម្មជាមុនសិន ។
ពេលទាក់ទងជាមួយគ្រួសារអ្នកតាមរយៈទូរសព្ទ ឬវីដេអូឈែត ចូរមានភាពឈ្លាសវៃនៅក្នុងការកំណត់ពេលវេលានៃការសន្ទនារបស់អ្នក ។ នៅក្នុងការធ្វើការសម្រេចចិត្តទាំងនេះ ចូរមានការគិតគូរដល់ដៃគូរបស់អ្នក ហើយចាំនៅក្នុងគំនិតពីគោលបំណងនៃការបម្រើជាអ្នកផ្សព្វផ្សាយសាសនារបស់អ្នក ។
៣.៩.២
ប្រធានបេសកកម្ម
សូមសរសេរសំបុត្រទៅកាន់ប្រធានបេសកកម្មរបស់អ្នកជារៀងរាល់សប្ដាហ៍នៅថ្ងៃរៀបចំ ។ ជាទូទៅ អ្នកនឹងផ្ញើសំបុត្ររបស់អ្នកទៅលោក ដោយប្រើ ផតថលអ្នកផ្សព្វផ្សាយសាសនា ។
មានតែប្រធានបេសកកម្មរបស់អ្នកប៉ុណ្ណោះដែលនឹងទទួលសំបុត្ររបស់អ្នកប្រចាំសប្ដាហ៍ ។ ចូរបើកចិត្ត និងស្មោះត្រង់ ដើម្បីលោកអាចយល់ពីកង្វល់ណាក៏ដោយដែលអ្នកមាន និងផ្ដល់ការប្រឹក្សា និងមតិកែលម្អដែលទាក់ទង ។ សូមដឹងថា លោកនឹងអាន ប៉ុន្តែមិនអាចឆ្លើយតបទៅគ្រប់សំបុត្រនោះទេ ។
ប្រសិនបើអ្នកទទួលដំណឹងសំខាន់ពីផ្ទះ ដែលត្រូវការការយកចិត្តទុកដាក់ភ្លាមៗ សូមផ្ដល់ព័ត៌មានដល់ប្រធានបេសកកម្មរបស់អ្នក ហើយទាក់ទងទៅលោកមុនពេលទាក់ទងទៅគ្រួសាររបស់អ្នក នៅថ្ងៃទាំងឡាយផ្សេងពីថ្ងៃរៀបចំ ឬនៅឱកាសពិសេសនានា ។
៣.៩.៣
ការប្រាស្រ័យទាក់ទងជាមួយមនុស្សក្នុងបេសកកម្មរបស់អ្នក
នៅពេលអ្នកទាក់ទងមនុស្សមកពីតំបន់ផ្សេងទៀតក្នុងបេសកកម្មរបស់នោះអ្នកត្រូវប្រាកដថាបានការប្រាស្រ័យនោះគឺជាទំនាក់ទំនងក្នុងគោលបំណងដើម្បីតែបំពេញតាមគោលបំណងអ្នកផ្សព្វផ្សាយសាសនារបស់អ្នកប៉ុណ្ណោះ ។ សូមធ្វើតាមបទដ្ឋាននៅក្នុងផ្នែក ៣.៥.១ « បទដ្ឋានទូទៅសម្រាប់ការប្រាស្រ័យទាក់ទងជាមួយមជ្ឈិមវ័យ » និងនៅក្នុង សុវត្ថិភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា,និងសូមចងចាំថាដើម្បីរួមបញ្ចូលដៃគូរបស់អ្នកនៅពេលដែលអ្នកចូលរួមក្នុងការទំនាក់ទំនងទាំងនេះ ។
៣.៩.៤
កញ្ចប់បញ្ញើ និងសំបុត្រ
បេសកកម្មខ្លះអាចប្រើប្រាស់អាសយដ្ឋានរបស់ការិយាល័យបេសកកម្ម ដើម្បីទទួលសំបុត្រ និងកញ្ចប់បញ្ញើ និងជាអាសយដ្ឋានត្រឡប់មកវិញរបស់អ្នក ។ ការអនុវត្តនេះអាចការពារសុវត្ថិភាពរបស់អ្នក និងជួយការពារការលួចសំបុត្រ និងការបាត់បង់សំបុត្រដោយសារការផ្លាស់ប្ដូរតំបន់ ។ សូមធ្វើតាមគោលការណ៍ណែនាំទាំងអស់ ដែលអ្នកទទួលនៅក្នុងករណីបែបនោះ ។
៣.៩.៥
បទពិសោធន៍អ្នកផ្សព្វផ្សាយសាសនាជាមួយមនុស្សនៅផ្ទះ
អ្នកអាចស្គាល់មនុស្សម្នាក់នៅផ្ទះ ដែលបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់អាចជួយនរណាម្នាក់ ដែលអ្នកកំពុងបង្រៀននៅក្នុងបេសកកម្មរបស់អ្នកបាន ។ អ្នកអាចសុំការអនុញ្ញាតពីប្រធានបេសកកម្មរបស់អ្នក ដើម្បីឲ្យបុគ្គលនោះចែកចាយបទពិសោធន៍ និងទីបន្ទាល់របស់គាត់ ។ សូមប្រឹក្សាជាមួយបុគ្គលនោះ អំពីការទាក់ទងតាមបច្ចេកវិទ្យាដែលល្អបំផុតដើម្បីប្រើ ។
ប្រសិនបើគ្រួសារ ឬមិត្តភក្ដិរបស់អ្នកនៅផ្ទះចង់រៀនបន្ថែមទៀតអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ប្រធានបេសកកម្មរបស់អ្នកអាចអនុញ្ញាតឲ្យអ្នកបង្រៀនពួកគេ ដោយប្រើប្រាស់បច្ចេកវិទ្យាបាន ( សូមមើល ៧.៥.៤ ) ។
៣.៩.៦
ការសួរសុខទុក្ខផ្ទាល់ខ្លួនពីសំណាក់ក្រុមគ្រួសារ និងមិត្តភក្ដិ
ជាទូទៅ គ្រួសារ និងមិត្តភក្ដិមិនគួរសួរសុខទុក្ខអ្នកក្នុងអំឡុងបេសកកម្មរបស់អ្នកនោះទេ ។ ទោះជាយ៉ាងណា ក្នុងកាលៈទេសៈពិសេសនានា ប្រធានបេសកកម្មរបស់អ្នកអាចអនុញ្ញាតអាចមានករណីលើកលែងមួយ ។ ការសួរសុខទុក្ខទាំងនេះគួរតែមានរយៈពេលខ្លី ហើយមិនរំខានដល់កាតព្វកិច្ចអ្នកផ្សព្វផ្សាយសាសនារបស់អ្នក ។ ការសួរសុខទុក្ខមិនគួរធ្វើឲ្យដៃគូរបស់អ្នក ពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត ឬមនុស្សដែលអ្នកបង្រៀនមានអារម្មណ៍មិនស្រណុកចិត្តនោះទេ ។ សូមប្រយ័ត្នកុំឲ្យការសួរសុខទុក្ខបែបនោះទាញការគិតរបស់អ្នកចេញពីការបម្រើរបស់អ្នក ឬបង្កើតបញ្ហាហិរញ្ញវត្ថុដល់គ្រួសាររបស់អ្នក ។
៣.៩.៧
ភាពអាសន្ន
ប្រសិនបើគ្រួសាររបស់អ្នកប្រាប់អ្នកនូវការបន្ទាន់មួយនៅផ្ទះ សូមឲ្យថ្នាក់ដឹកនាំបេសកកម្មរបស់អ្នកបានដឹង ដើម្បីពួកគាត់អាចផ្ដល់ការគាំទ្រដល់អ្នក ។ ថ្នាក់ដឹកនាំបេសកកម្ម នឹងទាក់ទងទៅគ្រួសារអ្នក ប្រសិនបើអ្នកមានស្ថានភាពបន្ទាន់មួយ ។