៤
សុខុមាលភាពខាងរាងកាយ
៤.០
សេចក្តីផ្ដើម
កិច្ចការអ្នកផ្សព្វផ្សាយសាសនាតម្រូវឲ្យមានការតាំងចិត្តខាងរាងកាយ និងខាងផ្លូវចិត្ត ។ បទដ្ឋាននៅក្នុងវគ្គនេះ និងនៅក្នុង ការសម្របទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនា នឹងជួយអ្នកឲ្យរៀបចំគំនិត និងរាងកាយរបស់អ្នក ដើម្បីបម្រើព្រះអម្ចាស់ និងបុព្វហេតុរបស់ទ្រង់បានប្រសើរឡើង ។ សូមរំឭកបទដ្ឋានទាំងនេះជាទៀងទាត់ ក្នុងអំឡុងបេសកកម្មរបស់អ្នក ។
៤.១
អាហាររូបត្ថម្ភ និងការរៀបចំអាហារ
ការផ្តល់ជាតិទឹក និងអាហាររូបត្ថម្ភឱ្យបានត្រឹមត្រូវគឺសំខាន់ដល់សុខុមាលភាពរបស់អ្នក ។
៤.១.១
គោលការណ៍ណែនាំសម្រាប់អាហាររូបត្ថម្ភទូទៅ
សូមធ្វើតាមគោលការណ៍ណែនាំសម្រាប់អាហាររូបត្ថម្ភទូទៅខាងក្រោមនេះ ៖
-
ផឹកទឹកស្អាតពី ៦ ទៅ ១២ កែវ ( ១ លីត្រកន្លះ ទៅ ៣ លីត្រ ) ជារៀងរាល់ថ្ងៃ ។ អ្នកអាចត្រូវការទឹក និងអំបិលបន្ថែមទៀត ប្រសិនបើអ្នកបែកញើសច្រើនពេញមួយថ្ងៃ ឬអំឡុងពេលហាត់ប្រាណ ។
-
ញ៉ាំអាហារមានតុល្យភាព ដែលមានបន្លែ ផ្លែឈើ គ្រាប់ធុញ្ញជាតិ ជាតិខ្លាញ់ដែលផ្ដល់សុខភាព និងប្រូតេអ៊ីន ។
-
កំណត់លើអាហារដែលឥតបានការ ភេស្ជជៈមានជាតិកាបូន អាហារកែច្នៃ និងអាហាររហ័សតាមភោជនីយដ្ឋាន ។
៤.១.២
ការរៀបចំអាហារដោយសុវត្ថិភាព
សូមគោរពតាមគោលការណ៍ណែនាំខាងក្រោមដើម្បីធានាថា អាហាររបស់អ្នកត្រូវបានរៀបចំដោយសុវត្ថិភាព ៖
-
លាងសម្អាតកន្លែងរៀបចំអាហាររបស់អ្នកឲ្យបានស្អាត ជាមួយនឹងទឹកស្អាត ទឹកក្ដៅ ទឹកសាប៊ូ ពីមុន និងបន្ទាប់ពីការចម្អិន ។
-
សម្អាតប្រដាប់ប្រដាចម្អិន និងចានស្លាបព្រា ជាមួយនឹងទឹកស្អាត ទឹកក្ដៅ ទឹកសាប៊ូ បន្ទាប់ពីការប្រើហើយម្ដងៗ ។
-
ទុកសាច់ ស៊ុត និងគ្រឿងសមុទ្រឆៅ ផ្សេងពីអាហារផ្សេងទៀតពេលកំពុងចម្អិន ។
-
ចម្អិនសាច់ សាច់ត្រី និងសាច់បក្សីឲ្យបានឆ្អិនល្អ ។
-
ចៀសវាងការញ៉ាំសាច់មិនឆ្អិនល្អ ឬឆៅ ។
-
បកសំបកផ្លែឈើ និងបន្លែស្រស់ៗ ឬលាងវាឲ្យបានស្អាតល្អ ។
-
រក្សាទុកម្ហូបនៅសល់ និងអាហារដែលងាយខូចនៅក្នុងទូរទឹកកក ។ ដើម្បីចៀសវាងពីការឈឺ សូមបោះចោលអាហារដែលសល់យូរជាងពេលដែលបានប្រាប់នៅលើកញ្ចប់ ។
-
ព្យាយាមចៀសវាងការញ៉ាំអាហារដែលលក់តាមផ្លូវ ដោយសារអ្នកមិនដឹងពីគុណភាពអាហារ និងសុវត្ថិភាពក្នុងការរៀបចំឡើយ ។
អនុវត្តគោលការណ៍ណែនាំទាំងនេះឲ្យបានខ្ជាប់ខ្ជួន ទោះបីជាអ្នកដទៃទៀត ( រួមទាំងពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត ) ព្យាយាមបញ្ចុះបញ្ចូលអ្នកថា វាមិនសំខាន់ ឬវាហួសហេតុក្ដី ។
សូមមើលវីដេអូនេះសម្រាប់ព័ត៌មានបន្ថែមទៀត អំពីអាហាររូបត្ថម្ភដែលត្រឹមត្រូវ និងសុវត្ថិភាពអាហារនៅក្នុងវគ្គ៤.១.២ ។
៤.១.៣
សុវត្ថិភាពទឹក និងផលិតផលទឹកដោះគោ
មានតែទឹកស្អាត និងផលិតផលទឹកដោះគោដែលបានរំងាប់មេរោគប៉ុណ្ណោះ ដែលមានសុវត្ថិភាពឲ្យអ្នកផឹក ឬញ៉ាំបាន ។
សូមធ្វើតាមគោលការណ៍ណែនាំទាំងនេះ និងគោលការណ៍ណែនាំបន្ថែមទៀត ដែលបានផ្ដល់ដោយបេសកកម្មរបស់អ្នក ៖
-
ប្រើចម្រោះទឹក ប្រសិនបើអ្នកកំពុងបម្រើនៅក្នុងតំបន់ដែលពុំមានទឹកបរិសុទ្ធទេ ។
-
ប្រើទឹកស្អាតដើម្បីដុសធ្មេញរបស់អ្នក និងដើម្បីលាង និងរៀបចំអាហារ ។
-
ញ៉ាំតែផលិតផលទឹកដោះគោណាដែលបានរំងាប់មេរោគប៉ុណ្ណោះ ។
សូមប្រុងប្រយ័ត្នថា នៅក្នុងកន្លែងខ្លះ ទឹកកក និងភេសជ្ជនៅភោជនីយដ្ឋាន ឬនៅផ្សារ អាចធ្វើមកពីទឹកដែលមិនបរិសុទ្ធ ។ ចូរប្រុងប្រយ័ត្ន ហើយកុំទទួលទានទឹកកក ឬភេសជ្ជ ប្រសិនបើវាមិនមានសុវត្ថិភាពទេ ។
៤.២
ការហាត់ប្រាណ
ការហាត់ប្រាណធ្វើឲ្យអ្នកមានសុខភាពល្អ និងជួយកាត់បន្ថយភាពតានតឹង ។ ធ្វើឲ្យវាក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់អ្នក ( សូមមើល ២.៤.២ ) ។ ទាក់ទងទៅការិយាល័យបេសកកម្ម ប្រសិនបើអ្នកមានសំណួរ ។ ធ្វើតាមគោលការណ៍ណែនាំជាក់លាក់របស់បេសកកម្ម ក៏ដូចជាគោលការណ៍ណែនាំទូទៅខាងក្រោមនេះ ៖
-
ធ្វើការហាត់ប្រាណខុសៗគ្នាក្នុងអំឡុងសប្ដាហ៍ រួមទាំង លំហាត់ប្រាណបេះដូង លំហាត់ប្រាណធ្វើឲ្យរឹងមាំ និងការហាត់ប្រាណភាពបត់បែន ។ សម្រាប់សុវត្ថិភាពរបស់អ្នក សូមចៀសវាងការលើកទម្ងន់ធ្ងន់ៗ ។
-
ប្រសិនបើអ្នកមានឧបករណ៍ចល័ត អ្នកអាចប្រើកម្មវិធីមួយដែលបានអនុញ្ញាតដោយប្រធានបេសកកម្មរបស់អ្នក ដើម្បីដាក់ផែនការហាត់ប្រាណរបស់អ្នក ។
-
អ្នកមិនគួរហាត់ប្រាណនៅកន្លែងហាត់ប្រាណសាធារណៈ និងពាណិជ្ជកម្មនោះទេ ។
៤.៣
ការគ្រប់គ្រងអារម្មណ៍តានតឹង
កិច្ចការអ្នកផ្សព្វផ្សាយសាសនាទាមទារតម្រូវការច្រើន ហើយការមានអារម្មណ៍តានតឹងពីមួយពេលទៅមួយពេល គឺជារឿងធម្មតា ។ អ្នកអាចរៀបចំរាងកាយ និងគំនិតរបស់អ្នក ដើម្បីដោះស្រាយអារម្មណ៍តានតឹងឲ្យបានប្រសើរ តាមរយៈការទទួលបានការគាំទ្រពីគ្រួសារ ( សូមមើល ៣.៩.១ ) និងដោយការអនុវត្តទម្លាប់នៃការញ៉ាំអាហារសុខភាព ( សូមមើល ៤.១.១ ) ការហាត់ប្រាណជាទៀងទាត់ ( សូមមើល ៤.២ ) ការដេកទៀងទាត់ ការបន្ធូរអារម្មណ៍ និងជីវភាពខាងផ្លូវវិញ្ញាណ ( រួមមានការអធិស្ឋាន ការពិចារណា និងការសិក្សា ) ។
ក្នុងអំឡុងបេសកកម្មរបស់អ្នក សូមប្រើប្រាស់ការសម្របទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនាដើម្បីជួយអ្នកឲ្យគ្រប់គ្រងអារម្មណ៍តានតឹងរបស់អ្នក និងដើម្បីជួយពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀតផងដែរ ។ ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នក ឬដៃគូរបស់អ្នកមានការលំបាកក្នុងការគ្រប់គ្រងអារម្មណ៍តានតឹងតាមរបៀបដ៏ល្អ ឬប្រសិនបើមានការបន្ទាន់មួយ សូមទាក់ទងទៅថ្នាក់ដឹកនាំបេសកកម្មរបស់អ្នក ។
ប្រសិនបើអ្នកត្រូវបានចេញវេជ្ជបញ្ជាថ្នាំសម្រាប់អារម្មណ៍តានតឹង សូមធ្វើតាមវេជ្ជបញ្ជា និងការណែនាំរបស់វេជ្ជបណ្ឌិតរបស់អ្នក ។
សាវកប៉ុលបានរំឭកពីកិច្ចការផ្សព្វផ្សាយសាសនារបស់លោក ហើយបានបង្រៀនថា ព្រះអម្ចាស់នឹងទ្រទ្រង់ គាំទ្រ និងជួយអស់អ្នកដែលស្វែងរកទ្រង់ ។ ព្រះអម្ចាស់នឹងមិនដែលបោះបង់អ្នកឡើយ ។ ប៉ុលបានបង្រៀន ៖
ដ្បិត គឺ ជា ព្រះ ដែល មាន ព្រះបន្ទូល បង្គាប់ ឲ្យ មាន ពន្លឺ ភ្លឺ ចេញ ពី សេចក្តី ងងឹត ទ្រង់ បាន បំភ្លឺ មក ក្នុង ចិត្ត យើង ខ្ញុំ ឲ្យ យើង ខ្ញុំ មាន រស្មី ពន្លឺ នៃ ដំណើរ ស្គាល់ សិរីល្អ របស់ ព្រះ ដែល នៅ ព្រះភក្ត្រ នៃ ព្រះយេស៊ូវគ្រីស្ទ។… មានសេចក្តីវិលវល់ តែមិនទ័លគំនិតទេ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ ។… ហើយ ដែល មាន ចិត្ត ជឿ ដូច គ្នា ត្រូវ នឹង សេចក្តី ដែល ចែង ទុក មក ថា «ខ្ញុំ បាន ជឿ បាន ជា ខ្ញុំ និយាយ នោះ យើង ខ្ញុំ ក៏ ជឿ ដែរ បាន ជា យើង ខ្ញុំ និយាយ ។… ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ដ៏នៅអស់កល្បជានិច្ចវិញ » ( កូរិនថូស ទី២ ៤:៦, ៨–៩, ១៣, ១៧ ) ។
សម្រាប់ព័ត៌មានបន្ថែមទៀត សូមមើលវគ្គ ៧.៦ « ស្ថានភាពលំបាក » ។
៤.៤
ការថែទាំផ្នែកវេជ្ជសាស្ត្រ
សូមយកចិត្តទុកដាក់ឲ្យហ្មត់ចត់ចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក ។ សូមឲ្យអ្នកសម្របសម្រួលខាងវេជ្ជសាស្ត្រប្រចាំបេសកកម្មដឹងអំពីបញ្ហាសុខភាពទាំងអស់ ( ដូចជាថ្នាំដែលអ្នកទទួល ប្រតិកម្មដែលអ្នកមាន ឬសកម្មភាពដែលអ្នកគួរចៀសវាង ) ដើម្បីអ្នកទទួលបានការគាំទ្រដែលអ្នកត្រូវការ ។ សូមទាក់ទងទៅការិយាល័យបេសកកម្ម ប្រសិនបើអ្នកមានសំណួរអំពីបញ្ហាសុខភាព ។
សម្រាប់សុវត្ថិភាពរបស់អ្នក ៖
-
កុំចែកចាយថ្នាំដែលមានវេជ្ជបញ្ជាជាមួយនរណាម្នាក់ ឬប្រើប្រាស់ថ្នាំដែលមានវេជ្ជបញ្ជារបស់នរណាម្នាក់ផ្សេងទៀត ។
-
កុំឲ្យគ្រួសារ ឬមិត្តភក្ដិផ្ញើថ្នាំមកអ្នក ដែលត្រូវបានដាក់កំហិតនៅក្នុងប្រទេស ឬតំបន់ដែលអ្នកបម្រើនោះ ។
ប្រសិនបើអ្នកមានការបន្ទាន់ខាងសុខភាព សូមធ្វើសកម្មភាពដោយមានសុភវិនិច្ឆ័យសម្រាប់សុវត្ថិភាព ឬការថែទាំបន្ទាន់របស់អ្នក ។ ទូរសព្ទទៅសេវាកម្មបន្ទាន់ក្នុងមូលដ្ឋាន ( ដូចជា ៩១១ នៅក្នុងសហរដ្ឋអាមេរិក ) លើកលែងតែអ្នកត្រូវបានផ្ដល់ការណែនាំផ្សេងទៀតនៅក្នុងបេសកកម្មរបស់អ្នក ។ ទាក់ទងថ្នាក់ដឹកនាំបេសកកម្មរបស់អ្នក ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ។
ប្រសិនបើអ្នកត្រូវការការថែទាំផ្នែកវេជ្ជសាស្ត្រដែលមិនបន្ទាន់ សូមទូរសព្ទទៅអ្នកសម្របសម្រួលខាងវេជ្ជសាស្ត្រប្រចាំបេសកកម្មភ្លាម ។ ការទៅជួបពេទ្យដែលមិនមែនជាករណីបន្ទាន់ គួរតែត្រូវបានអនុម័តជាមុនដោយអ្នកសម្របសម្រួលខាងវេជ្ជសាស្ត្រប្រចាំបេសកកម្ម ។ អ្នកសម្របសម្រួលខាងវេជ្ជសាស្ត្រប្រចាំបេសកកម្ម អាចណែនាំអ្នកទៅកាន់អ្នកផ្ដល់ការថែទាំខាងវេជ្ជសាស្ត្រនៅក្នុងតំបន់របស់អ្នក ។
សម្រាប់ព័ត៌មានបន្ថែមទៀត សូមមើលវគ្គ ៧.៧ « បញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្ត » ។
៤.៥
ស្ថានភាពគ្រោះថ្នាក់ និងការគំរាមកំហែង
គ្រោះថ្នាក់ដែលអាចកើតមានជាច្រើន អាចចៀសវាងបានដោយការប្រើសុភវិនិច្ឆ័យ និងដោយការគោរពតាមបទដ្ឋានបេសកកម្ម រួមមានការនៅកន្លែងណាដែលអាចមើលឃើញ និងអាចស្ដាប់ឮដៃគូរបស់អ្នក ។ ទោះជាយ៉ាងណា មនុស្សនៅតែអាចធ្វើបាបអ្នក សូម្បីតែអ្នកព្យាយាមមានសុវត្ថិភាពក្ដី ។ ប្រសិនបើមានបញ្ហាមួយ សូមរាយការណ៍វាទៅថ្នាក់ដឹកនាំបេសកកម្មណាម្នាក់របស់អ្នកភ្លាម ។
ចាកចេញភ្លាម ប្រសិនបើអ្នក ឬដៃគូរបស់អ្នកមានអារម្មណ៍មិនស្រណុកក្នុងចិត្តអំពីទីកន្លែង មនុស្ស ឬស្ថានភាពមួយ ( រួមទាំងស្ថានភាពនៃការបង្រៀនមួយផងដែរ ) ។ ស្ដាប់តាមការបំផុសគំនិតខាងវិញ្ញាណ ។ អ្នកអាចចាកចេញពីដៃគូរបស់អ្នកបាន ប្រសិនបើអ្នកមានអារម្មណ៍ថាគាត់អាចជាគ្រោះថ្នាក់មួយចំពោះអ្នក ។ ប្រសិនបើអ្នកចាកចេញពីដៃគូរបស់អ្នក សូមទូរសព្ទទៅថ្នាក់ដឹកនាំបេសកកម្មណាម្នាក់របស់អ្នកភ្លាម ។
សម្រាប់ព័ត៌មានបន្ថែមទៀត សូមមើលវគ្គ ៧.៨ « ស្ថានភាពគ្រោះថ្នាក់ » ។
៤.៦
ការស្នាក់នៅ
សូមបង្ហាញការគោរពដល់លំនៅដ្ឋានរបស់អ្នក ម្ចាស់ផ្ទះ និងអ្នកជិតខាងរបស់អ្នក ។ ប្រសិនបើអ្នកបណ្ដាលឲ្យមានការខូចខាត អ្នកត្រូវទទួលខុសត្រូវលើចំណាយសម្រាប់ការជួសជុល ដោយប្រើប្រាស់មូលនិធិផ្ទាល់ខ្លួនរបស់អ្នក ។ សូមនិយាយជាមួយអ្នកសម្របសម្រួលលំនៅដ្ឋានប្រចាំបេសកកម្មរបស់អ្នក ប្រសិនបើអ្នកមានកង្វល់ណាមួយអំពីលំនៅដ្ឋានរបស់អ្នក ។
សម្រាប់ព័ត៌មានបន្ថែមទៀត សូមមើលវគ្គ ៧.៩ « សុវត្ថិភាពលំនៅដ្ឋាន » ។
៤.៧
មធ្យោបាយធ្វើដំណើរ
សូមអនុវត្តតាមច្បាប់ចរាចរណ៍ក្នុងស្រុក ច្បាប់ និងទំនៀមទម្លាប់ នៅពេលអ្នកធ្វើដំណើរជានិច្ច ។ ប្រើសុភវិនិច្ឆ័យ ដឹងពីអ្វីៗដែលនៅជុំវិញខ្លួនអ្នក ស្គាល់តំបន់អ្នក និងធ្វើតាមបទដ្ឋានសុវត្ថិភាពទូទៅនៅក្នុងសៀវភៅក្បួនខ្នាតនេះ ។
សម្រាប់ព័ត៌មានបន្ថែមទៀត សូមមើលវគ្គ ៧.១០ « សុវត្ថិភាពក្នុងការធ្វើដំណើរ » ។
៤.៨
ប្រាក់
មូលនិធិដែលត្រូវបានបរិច្ចាគដោយអ្នក គ្រួសារអ្នក និងសមាជិកសាសនាចក្រ ដើម្បីគាំទ្រអ្នកក្នុងបេសកកម្មរបស់អ្នក គឺជាមូលនិធិដ៏ពិសិដ្ឋ ហើយគួរតែត្រូវបានប្រើប្រាស់ដោយការទទួលខុសត្រូវ និងដោយស្មោះត្រង់ ។
៤.៨.១
មូលនិធិបេសកកម្ម
សូមប្រើមូលនិធិបេសកកម្មដើម្បីបង់ការចំណាយក្នុងការរស់នៅ ។ អ្នកគួរតែប្រើមូលនិធិបេសសកម្មទាំងអស់របស់អ្នកជារៀងរាល់ខែ ដោយមានការលើកលែងបន្តិចបន្តួច ។ កុំសន្សំលុយពីមូលនិធិទាំងនេះ ឬឲ្យវាទៅនរណាម្នាក់ទៀតឡើយ រួមទាំងមនុស្សនៅផ្ទះផងដែរ ។ កុំឲ្យលុយគេខ្ចី ឬខ្ចីលុយពីគេ ។
ថវិការបស់អ្នកសម្រាប់មូលនិធិបេសកកម្មអាចរួមមានដូចខាងក្រោមនេះ ៖
-
ដង្វាយតមអាហារបង់ទៅវួដ ឬសាខា ដែលអ្នកកំពុងបម្រើ ។
-
អាហារដើម្បីរៀបចំម្ហូបដែលមានអាហាររូបត្ថម្ភ ( សូមមើល ៤.១.១ ) ។
-
ការធ្វើដំណើរ រួមមានសាំង ឬការធ្វើដំណើរសាធារណៈ ។
-
គ្រឿងថែរក្សាសក់ និងអនាម័យផ្ទាល់ខ្លួន ។
-
សម្ភារសម្អាត និងបោកសំលៀកបំពាក់ ។
-
ការចំណាយលើការផ្ញើសំបុត្រ និងអ៊ីនធឺណិត សម្រាប់ការទាក់ទងទៅផ្ទះជាប្រចាំសប្ដាហ៍ ( សូមមើល ៣.៨ ) ។
-
អាហារតាមភោជនីយដ្ឋាន និងអាហាររហ័សដែលមានកំណត់ ។
អ្នកមិនចាំបាច់ត្រូវបង់ដង្វាយមួយភាគក្នុងដប់លើមូលនិធិបេសកកម្មទេ ។
សូមមើល ៤.៨.២ សម្រាប់បញ្ជីនៃអ្វីដែលគួរត្រូវបានបង់ដោយមូលនិធិផ្ទាល់ខ្លួន ។
៤.៨.២
មូលនិធិផ្ទាល់ខ្លួន
មូលនិធិផ្ទាល់ខ្លួនគឺជាប្រាក់ដែលត្រូវបានផ្ញើទៅអ្នកផ្ទាល់ពីផ្ទះ ។ សូមប្រើមូលនិធិផ្ទាល់ខ្លួនសម្រាប់ ៖
-
សំលៀកបំពាក់ និងការផ្លាស់ប្ដូរស្បែកជើង ។
-
ការទិញ ថែទាំ និងជួសជុលកង់ ។
-
ការចំណាយលើវេជ្ជសាស្ត្រ ដែលមិនត្រូវបានបង់ដោយបេសកកម្ម ដូចជាការបង់ថ្លៃលើអ្វីដែលក្រុមហ៊ុនធានារ៉ាប់រងមិនបង់ ការទៅជួបពេទ្យភ្នែក និងទន្ដពេទ្យ ព្រមទាំងការថែទាំស្ថានភាពជំងឺដែលមានស្រាប់ ។
-
ការផាកពិន័យចរាចរណ៍ និងការចតខុស ។
-
ការជួសជុលលំនៅដ្ឋាន ប្រសិនបើអ្នកធ្វើឲ្យខូចខាត ។
-
ឧបករណ៍សំឡេង និងវីដេអូ ។
-
វត្ថុអនុស្សាវរីយ៍ និងអំណោយ ។
ការបង់ដង្វាយមួយភាគក្នុងដប់លើមូលនិធិផ្ទាល់ខ្លួនដែលបានទទួល ហើយប្រាក់ចំណូលណាក៏ដោយពីជំនួញ ឬការបណ្ដាក់ទុននៅផ្ទះ គួរតែត្រូវបង់ជាមួយនឹងមូលនិធិផ្ទាល់ខ្លួន តាមរយៈវួដនៅផ្ទះរបស់អ្នក ឬតាមការបង់ដង្វាយតាមអ៊ីនធឺណិត ។
៤.៨.៣
ភាពខ្លួនទីពឹងខ្លួន និងផែនការចំណាយ
ចូរក្លាយជាមានភាពខ្លួនទីពឹងខ្លួន អំឡុងបេសកកម្មរបស់អ្នក ដោយការបង្កើត និងធ្វើតាមផែនការចំណាយ ។ ជំនាញនេះនឹងជួយ ហើយផ្ដល់ពរជ័យដល់អ្នកអស់មួយជីវិតរបស់អ្នក ។ កុំសុំមូលនិធិបន្ថែមពីដៃគូ ឬគ្រួសារ លើកលែងតែវាជាការបន្ទាន់ ។
ការបង្កើត និងការធ្វើតាមផែនការចំណាយ រួមមានទាំងការធ្វើបញ្ជីមួយអំពីអ្វីៗដែលអ្នកត្រូវទិញសម្រាប់ខែនោះ ហើយបន្ទាប់មកជ្រើសរើសអ្វីដែលសំខាន់បំផុត ហើយចំណាយលើវាមុន ។ តែងតែជ្រើសរើសអ្វីដែលអ្នកត្រូវការ ពីមុនជ្រើសរើសអ្វីដែលអ្នកចង់បាន ។
ប្រសិនបើអ្នកត្រូវការលុយបន្ថែម ឬមានសំណួរអំពីការចំណាយ សូមនិយាយជាមួយលេខាហិរញ្ញវត្ថុ ឬថ្នាក់ដឹកនាំបេសកកម្មរបស់អ្នក ។
៤.៩
ការស្លៀកពាក់ និងការសម្អិតសម្អាង
ការស្លៀកពាក់ និងការសម្អិតសម្អាងរបស់អ្នក គួរតែជាការបង្ហាញពីការបន្ទាបខ្លួន ការគោរព និងសេចក្ដីជំនឿ ។ របៀបដែលអ្នកបង្ហាញខ្លួនជះឥទ្ធិពលលើរបៀបដែលមនុស្សគិតអំពីអ្នក និងសាសនាចក្ររបស់ព្រះអម្ចាស់ ហើយអាចជួយការពារអ្នកពីគ្រោះថ្នាក់ ។
៤.៩.១
បទដ្ឋានទូទៅសម្រាប់ការស្លៀកពាក់
របស់ជាក់លាក់ និងម៉ូតសំលៀកបំពាក់នឹងត្រូវបានផ្ដល់យោបល់ឲ្យសមនឹងវប្បធម៌ ព្រមទាំងអាកាសធាតុនៃបេសកកម្មរបស់អ្នក ។ នៅថ្ងៃរៀបចំ អ្នកគួរតែពាក់សំលៀកបំពាក់អ្នកផ្សព្វផ្សាយសាសនានៅទីសាធារណៈ ។ ទោះជាយ៉ាងណា ប្រសិនបើចាំបាច់សម្រាប់សកម្មភាពជាក់លាក់មួយ អ្នកអាចពាក់សំលៀកបំពាក់ធម្មតាបាន ។ សូមពិនិត្យមើលបទដ្ឋាននានាដែលមាននៅលើmissionaryclothing.ChurchofJesusChrist.org ។
សូមប្រើថ្នាំសម្លាប់សត្វល្អិតតាមដែលត្រូវការ ដើម្បីការពារសុខភាពរបស់អ្នក និងនៅក្នុងតំបន់ដែលត្រូវការ សូមគ្របដណ្ដប់ស្បែករបស់អ្នកអោយបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ( សូមមើល ៧.៧.៤ ) ។
៤.៩.២
បទដ្ឋានទូទៅសម្រាប់ការសម្អិតសម្អាង
សូមធ្វើតាមបទដ្ឋានសម្អិតសម្អាងដែលមានផាសុខភាព ៖
-
ងូតទឹកជារៀងរាល់ថ្ងៃ បើអាចធ្វើបាន ។
-
ដុសធ្មេញជាទៀងទាត់ ។
-
ប្រើផលិតផលបំបាត់ក្លិនក្លៀកជារៀងរាល់ថ្ងៃ ។
-
កក់សក់ឲ្យបានញឹកញាប់ ។
-
លាងដៃរបស់អ្នកឲ្យបានទៀងទាត់ រួមទាំងពីមុនការរៀបចំអាហារ និងបន្ទាប់ពីការប្រើបង្គន់ ។
-
លាបឡេការពារកម្ដៅថ្ងៃ ។
-
ជ្រើសរើសម៉ូតសក់ដែលមានរបៀប និងសមរម្យ ដែលងាយក្នុងការថែទាំ ។