ការហៅបម្រើរបស់ខ្ញុំជាលេខាសមាគមសង្រ្គោះ
ការទទួលខុសត្រូវទាំងឡាយ
ព្រះអម្ចាស់មានអំណរគុណចំពោះឆន្ទៈរបស់អ្នកក្នុងការបម្រើនៅក្នុងសាសនាចក្ររបស់ទ្រង់ ។ ខាងក្រោមនេះជាទិដ្ឋភាពទូទៅមួយនៃការទទួលខុសត្រូវក្នុងការហៅបម្រើរបស់អ្នក ។
គោលបំណងនៃសមាគមសង្គ្រោះ
សមាគមសង្គ្រោះគឺជាអង្គការដែលបានបង្កើតឡើងដោយព្រះ សម្រាប់ស្រ្តីមជ្ឈិមវ័យទាំងអស់នៅក្នុងសាសនាចក្រ ។ សមាគមសង្គ្រោះជួយបុត្រាបុត្រីរបស់ព្រះឲ្យរៀបចំខ្លួនដើម្បីត្រឡប់ទៅទីវត្តមានរបស់ទ្រង់វិញ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា គោលបំណងនៃសមាគមសង្រ្គោះគឺដើម្បី « សង្រ្គោះព្រលឹង និងជួយសម្រាលទុក្ខវេទនា »—ដោយការផ្ដល់សេចក្ដីសង្គ្រោះពីព្រះអង្គសង្គ្រោះ ( សូមមើល ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ៩.១ ) ។
លេខា
គណៈប្រធានសមាគមសង្រ្គោះ និងលេខាជួបជុំគ្នាជាទៀងទាត់ ( សូមមើល ៩.៣.២.៣ ) ។ ការទទួលខុសត្រូវរបស់លេខាអាចរួមបញ្ចូលទាំងការរៀបចំរបៀបវារៈសម្រាប់ការប្រជុំ និងការកត់ត្រា ការតាមដានការចាត់តាំង ការដាក់កាលវិភាគការសម្ភាសន៍ការងារបម្រើ ការរក្សាកំណត់ត្រាវត្តមាន ការបញ្ជូនរបាយការណ៍ ការជួយរៀបចំថវិកាប្រចាំឆ្នាំ និងការតាមដានចំណាយនានា ( សូមមើល ៩.៣.៣ ) ។ ជំនួយការលេខា និងលេខាដែលផ្ដល់ការងារបម្រើអាចត្រូវបានហៅឲ្យជួយដល់លេខាបាន ( សូមមើល ៩.៣.៤ ) ។
ថ្នាក់ដឹកនាំ និងក្រុមប្រឹក្សា
ថ្នាក់ដឹកនាំសមាគមសង្គ្រោះដាក់ផែនការប្រជុំនៅថ្ងៃអាទិត្យ ធ្វើសកម្មភាព ផ្ដល់ការងារបម្រើ ធ្វើការបម្រើ និងធ្វើសហប្រតិបត្តិការដទៃទៀត ដើម្បីផ្ដល់ដល់បងប្អូនស្ដ្រីនូវបទពិសោធន៍នានានៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះ ។ សមាជិកក្នុងសមាគមសង្គ្រោះ និងកូរ៉ុមអែលឌើរធ្វើការរួមសាមគ្គីគ្នា ( សូមមើល ៩.២ ) ។
ការប្រជុំនៅថ្ងៃអាទិត្យ
សមាគមសង្គ្រោះជួបជុំគ្នានៅថ្ងៃអាទិត្យទីពីរ និងទីបួន ដោយមានគោលបំណងបង្កើនសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ បង្កើតសាមគ្គីភាព និងពង្រឹងដល់ក្រុមគ្រួសារ និងគេហដ្ឋាន ។ ការប្រជុំចាប់ផ្តើមដោយមានការអធិស្ឋាន និងរួមបញ្ចូលពេលវេលាសម្រាប់ការប្រឹក្សាយោបល់ជាមួយគ្នា និងការណែនាំខាងដំណឹងល្អ ព្រមទាំងការពិភាក្សាដោយផ្អែកលើសុន្ទរកថាសន្និសីទនាពេលថ្មីៗ ( សូមមើល ៩.២.១.២ ) ។
ការបម្រើ និងសកម្មភាពនានា
គណៈប្រធានសមាគមសង្គ្រោះអាចនឹងរៀបចំសកម្មភាពនានា ដើម្បីពង្រឹងសេចក្ដីជំនឿរបស់បងប្អូនស្ដ្រីទៅលើព្រះយេស៊ូវគ្រីស្ទ បង្កើនបំណងប្រាថ្នារបស់ពួកគេដើម្បីធ្វើ និងរក្សាសេចក្ដីសញ្ញា ហើយផ្ដល់ឱកាសឲ្យពួកគេបម្រើជាមួយគ្នា ។ ប្រធានមើលការខុសត្រូវលើសកម្មភាពទាំងនេះ ហើយអាចសុំឲ្យទីប្រឹក្សា ឬបងប្អូនស្ដ្រីម្នាក់ទៀតដឹកនាំនៅក្នុងការដាក់ផែនការ និងការអនុវត្តផែនការទាំងនេះបាន ( សូមមើល ៩.២.១.៣ ) ។
គោលការណ៍ណែនាំ និងគោលនយោបាយ
គោលការណ៍ណែនាំ និងគោលនយោបាយបន្ថែមទៀតមាននៅក្នុង ផ្នែក ៩.៦ នៃ ក្បួនខ្នាតទូទៅ ។