ម៉ាថាយ ២០:១–១៦
ពាក្យប្រៀបប្រដូចអំពីជើងឈ្នួលក្នុងចម្ការទំពាំងបាយជូរ
ពេត្រុសសួរថា ៖ « យើងខ្ញុំបានលះចោលទាំងអស់មកតាមទ្រង់ហើយ ដូច្នេះ តើយើងខ្ញុំនឹងបានអ្វីខ្លះ ? » ( ម៉ាថាយ ១៩:២៧ ) ។ ព្រះអង្គសង្គ្រោះបានឆ្លើយតបដោយប្រទាននូវពាក្យប្រៀបប្រដូចអំពីជើងឈ្នួលក្នុងចម្ការទំពាំងបាយជូរ ។ ពាក្យប្រៀបប្រដូចនេះបង្រៀនថា អស់អ្នកណាដែលជ្រើសរើសលះបង់ជីវិតរបស់ពួកគេដើម្បីទ្រង់ នឹងទទួលបានរង្វាន់ដែលបានសន្យា មិនថាពួកគេបានចាប់ផ្តើមដើរលើផ្លូវនៃសេចក្ដីសញ្ញានៅពេលណាឡើយ ។ មេរៀននេះអាចជួយអ្នកឲ្យមានអារម្មណ៍ពោរពេញដោយសេចក្ដីសង្ឃឹមថា អ្នកនឹងទទួលបានពរជ័យដែលព្រះយេស៊ូវគ្រីស្ទប្រទានតាមរយៈដង្វាយធួនរបស់ទ្រង់ ។
សូមស្រមៃពីសាច់រឿងខាងក្រោមនេះ ៖
ថ្មីៗនេះ ម៉ារីសូល បានចូលរួមនឹងសាសនាចក្រ រួមជាមួយម្តាយ និងជីដូនជីតារបស់នាង ។ មិនយូរប៉ុន្មាន ជីតារបស់នាងក៏បានលាចាកលោកទៅ ។ ម៉ារីសូល ងឿងឆ្ងល់ថា តើជីតារបស់នាងនឹងទទួលបានពរជ័យដូចដែលនាងនឹងទទួលបានដែរឬទេ បើទោះបីជាគាត់បានទទួលយកដំណឹងល្អនៅពេលក្រោយខ្លាំងក្នុងជីវិតក៏ដោយនោះ ។
-
តើអ្នកនឹងនិយាយអ្វីខ្លះទៅកាន់ ម៉ារីសូល ?
ព្រះអង្គសង្គ្រោះបានបង្រៀនពួកសាវករបស់ទ្រង់នូវពាក្យប្រៀបប្រដូចមួយ ដែលបង្ហាញពីព្រះទ័យខ្វាយខ្វល់របស់ទ្រង់ចំពោះអស់អ្នកដែលជ្រើសរើសធ្វើតាមទ្រង់ ។ ពេញមួយមេរៀននេះ សូមស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកស្វែងរកសេចក្តីពិត ដែលនឹងជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីបំណងប្រាថ្នារបស់ព្រះអង្គសង្គ្រោះសម្រាប់ពួកយើង ។
ជើងឈ្នួលក្នុងចម្ការទំពាំងបាយជូរ
នៅពេលអ្នកសិក្សាពាក្យប្រៀបប្រដូចនេះ វាមានប្រយោជន៍ក្នុងការដឹងថា ថ្ងៃធ្វើការធម្មតានៅក្នុងសម័យព្រះគម្ពីរសញ្ញាថ្មីទំនងជាមានរយៈពេលប្រហែល ១២ ម៉ោង ដោយចាប់ផ្តើមពីព្រឹកព្រលឹម និងបញ្ចប់នៅពេលល្ងាច ។ ពាក្យថា កាក់ នៅក្នុងខគម្ពីរទាំងនេះសំដៅលើប្រាក់ឌឺណារីស ដែលជាកាក់របស់រ៉ូម៉ាំង ជាធម្មតាប្រើដើម្បីផ្តល់ប្រាក់ឈ្នួលដល់ជើងឈ្នួលសម្រាប់ការងារពេញមួយថ្ងៃ ។
សូមអាន ម៉ាថាយ ២០:១–៧ ដោយរកមើលពីរបៀបដែលម្ចាស់ចម្ការបានជួលជើងឈ្នួល ។អ្នកគួរតែមើលវីដេអូ « Laborers in the Vineyard » ចាប់ពីលេខកូដម៉ោង ០:០០ ដល់ ១:៣៣ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖
នៅក្នុងជំនាន់របស់ព្រះអង្គសង្រ្គោះ បុរសម្នាក់ និងគ្រួសាររបស់គាត់ជាមធ្យមមិនអាចធ្វើបានច្រើនជាងអ្វីដែលគេបានរកនៅថ្ងៃនោះទេ ។ ប្រសិនបើអ្នកមិនធ្វើការ ធ្វើចម្ការ នេសាទត្រី ឬ លក់ដូរទេ អ្នកប្រហែលគ្មានអ្វីបរិភោគនោះទេ ។
( ជែហ្វ្រី អ័រ ហូឡិន « The Laborers in the Vineyard » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣១ )
-
តើអ្នកគិតថាម្ចាស់ចម្ការទំពាំងបាយជូរ និងជើងឈ្នួលតំណាងឲ្យនរណា ?
-
តើអ្នកគិតថា វានឹងមានអារម្មណ៍យ៉ាងណាក្នុងការក្លាយជាជើងឈ្នួលដំបូងគេដែលបានជួលសម្រាប់ថ្ងៃនោះ ?
-
តើអ្នកគិតថា ជើងឈ្នួលដែលរង់ចាំការជួលមានអារម្មណ៍បែបណាអំឡុងពេលកំពុងរង់ចាំនោះ ?
សូមអាន ម៉ាថាយ ២០:៨–១៦ ដោយរកមើលរបៀបដែលមួយថ្ងៃៗបញ្ចប់សម្រាប់ជើងឈ្នួលទាំងអស់ ។អ្នកគួរតែមើលវីដេអូ « Laborers in the Vineyard » ចាប់ពីលេខកូដម៉ោង ១:៣៤ ដល់ ៣:០០ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
វាប្រហែលជាមានប្រយោជន៍ក្នុងការដឹងថា ការត្រូវបានជួលដោយម្ចាស់ចម្ការនៅក្នុងពាក្យប្រៀបប្រដូចនេះ អាចបង្ហាញពីការចូលទៅក្នុងសេចក្តីសញ្ញាជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ប្រាក់បៀវត្សរ៍អាចតំណាងឲ្យពរជ័យនៃជីវិតដ៏នៅអស់កល្បជានិច្ច ។
១. សូមឆ្លើយសំណួរខាងក្រោមនេះយ៉ាងហោចណាស់ឲ្យបានពីរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើអ្នកនឹងមានអារម្មណ៍យ៉ាងណាចំពោះម្ចាស់ចម្ការទំពាំងបាយជូរ ប្រសិនបើអ្នកជាអ្នកត្រូវបានជួលដំបូងគេ ? ចុងក្រោយគេ ?
-
តើម្ចាស់ចម្ការបានបង្ហាញសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះជើងឈ្នួលទាំងអស់តាមរបៀបណា ?
-
នៅពេលអ្នកយល់ថា ម្ចាស់ចម្ការអាចតំណាងឲ្យព្រះវរបិតាសួគ៌ ឬព្រះយេស៊ូវគ្រីស្ទ តើអ្នកឃើញគុណលក្ខណៈដ៏ទេវភាពអ្វីខ្លះនៅក្នុងទ្រង់ ?
-
តើមេរៀនអ្វីខ្លះដែលយើងអាចរៀនមកពីពាក្យប្រៀបប្រដូចនេះ ?
សេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន បានចែកចាយសេចក្តីពិតសំខាន់ៗ ដែលយើងអាចរៀនអំពីព្រះអម្ចាស់នៅក្នុងពាក្យប្រៀបប្រដូចនេះ ។ អ្នកអាចចង់មើលវីដេអូ « The Laborers in the Vineyard » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ១០:០២ ដល់ម៉ោង ១១:៤២ ឬអានអត្ថបទខាងក្រោមនេះ ។
ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?
តើអ្វីជាគោលបំណងនៃការធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់ ?
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
រង្វាន់របស់លោកចៅហ្វាយនៅក្នុងសេចក្តីជំនុំជម្រះចុងក្រោយនឹងមិនផ្អែកទៅលើរយៈពេល ដែលយើងបានធ្វើការនៅក្នុងចម្ការទំពាំងបាយជូរបានយូរប៉ុណ្ណានោះទេ ។ យើងពុំទទួលបានរង្វាន់សួគ៌ារបស់យើងដោយកំណត់ពេលធ្វើការនោះឡើយ ។ អ្វីដែលសំខាន់គឺថា ការធ្វើការរបស់យើងនៅក្នុងកន្លែងធ្វើការរបស់ព្រះអម្ចាស់បានបណ្ដាលឲ្យយើង ក្លាយទៅជា អ្វីមួយ ។ ចំពោះពួកយើងមួយចំនួន ការណ៍នេះតម្រូវឲ្យធ្វើច្រើនជាងមនុស្សដទៃទៀត ។ អ្វីដែលសំខាន់នៅទីបញ្ចប់គឺអ្វីដែលយើងបានប្រែក្លាយ ដោយសារកម្លាំងពលកម្មរបស់យើង ។
( ដាល្លិន អេក អូក « The Challenge to Become » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣៤ )
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ខ្ញុំថ្លែងទីបន្ទាល់អំពីការរំឭកជាថ្មីនៃអំណាចនៃសេចក្ដីស្រឡាញ់របស់ព្រះ និងអព្ភូតហេតុនៃព្រះគុណរបស់ទ្រង់ ។ ទ្រង់បារម្ភអំពីសេចក្ដីជំនឿដែលអ្នកទទួលបាន មិនមែនអំពីចំនួនម៉ោងក្នុងមួយថ្ងៃ ដែលអ្នកទទួលសេចក្ដីជំនឿនោះទេ ។
ដូច្នេះបើអ្នកបានធ្វើសេចក្ដីសញ្ញាហើយ សូមរក្សាវាទុក ។ បើអ្នកមិនទាន់បានធ្វើទេ សូមធ្វើវា ។ បើអ្នកបានធ្វើវា ហើយមិនបានរក្សាវានោះទេ សូមប្រែចិត្ត និងធ្វើជាថ្មី ។ វា មិនដែល យឺតពេលនោះទេ ដរាបណាម្ចាស់ចម្ការមិនទាន់និយាយថា ដល់ពេលនោះ ។ … សូមកុំពន្យារពេល ។ វាជិតយឺតពេលហើយ ។
( ជែហ្វ្រី អ័រ ហូឡិន « The Laborers in the Vineyard » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣៣ )