ម៉ាថាយ ៥:១៣–១៦
« អ្នករាល់គ្នាជាពន្លឺនៃលោកិយ »
តើនរណាបានធ្វើជាគំរូល្អដល់អ្នកក្នុងការរស់នៅដោយសុចរិត ? តើគំរូរបស់ពួកគេបាននាំអ្នកឲ្យចូលកាន់តែជិតព្រះយ៉ាងដូចម្តេច ? បន្ទាប់ពីបង្រៀនបទជូនពរ ដែលជួយយើងឲ្យយល់ពីនិស្ស័យ និងបុគ្គលិកលក្ខណៈរបស់ព្រះហើយ នោះព្រះយេស៊ូវគ្រីស្ទបានបង្រៀនថា គំរូដ៏សុចរិតរបស់យើងអាចផ្ដល់ពរជ័យដល់មនុស្សដទៃបាន ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យអនុវត្តសេចក្តីពិតនេះ និងវាយតម្លៃពីសកម្មភាព និងអាកប្បកិរិយារបស់អ្នក ដើម្បីឆ្លុះបញ្ចាំងពីពន្លឺរបស់ព្រះយេស៊ូវគ្រីស្ទបានកាន់តែប្រសើរជាងមុន ។
អំបិលនៃផែនដី
ជារឿយៗ ព្រះអង្គសង្គ្រោះបានប្រើការប្រៀបធៀប ឬរឿងប្រៀបប្រដូច ដើម្បីបង្រៀនពីគំនិតសាមញ្ញៗ ដែលបង្កប់ដោយអត្ថន័យជ្រាលជ្រៅ ។ នៅពេលអ្នកសិក្សាមេរៀននេះ សូមគិតពីរបៀបដែលវត្ថុ ដែលព្រះយេស៊ូវបានលើកឡើង អាចជួយអ្នកឲ្យយល់ពីអ្វីដែលទ្រង់បានបង្រៀន ។
សូមអាន ម៉ាថាយ ៥:១៣ ដោយរកមើលរបៀបដែលព្រះយេស៊ូវគ្រីស្ទបានពិពណ៌នាអំពីពួកសិស្សរបស់ទ្រង់ ។
-
តើអំបិលមានឥទ្ធិពលលើរសជាតិអាហារយ៉ាងដូចម្តេច ?
-
ក្រៅពីប្រើដើម្បីបង្កើនរសជាតិនៃម្ហូបអាហាររបស់យើង តើយើងអាចប្រើអំបិលសម្រាប់អ្វីទៀត ?
អំបិលត្រូវបានប្រើប្រាស់ដើម្បីរក្សាទុកអ្វីមួយឲ្យបានយូរ ផ្ដល់រសជាតិ និងបន្សុទ្ធជាយូរលង់មកហើយ ។ អំបិលក៏មានអត្ថន័យខាងសាសនាផងដែរចំពោះពួកសាសន៍អ៊ីស្រាអែល ។… នៅពេលអំបិលបាត់បង់ជាតិប្រៃរបស់វា វាឥតបានការ ឬ « គ្មានប្រយោជន៍ » ( ម៉ាថាយ ៥:១៣ ) ។ អំបិលបាត់បង់ជាតិប្រៃ នៅពេលយកវាទៅច្របល់ ឬលាយនឹងសារធាតុអ្វីផ្សេងៗទៀតនោះ ។
(ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី [ ឆ្នាំ ២០១៩ ] ទំព័រ ៣១ )
សូមចំណាយពេលបន្តិច ដើម្បីសញ្ជឹងគិតនៅក្នុងចិត្តរបស់អ្នកថា ក្នុងនាមជាអំបិលនៃផែនដី តើអ្នកជួយបង្ហាញគុណសម្បត្តិល្អបំផុតនៅក្នុងមនុស្សដែលនៅជុំវិញអ្នកបានដោយរបៀបណា ។ សូមពិចារណាពីការល្បួងដែលអ្នកកំពុងប្រឈមមុខ និងរបៀបដែលអ្នកអាចរក្សាខ្លួនអ្នកឲ្យបរិសុទ្ធផងដែរ ។ ប្រសិនបើអ្នកបានអនុញ្ញាតឲ្យមានភាពមិនបរិសុទ្ធណាមួយចូលមកក្នុងជីវិតរបស់អ្នក នោះវាអាចត្រូវបានដកចេញបាន តាមរយៈអំណោយទាននៃការប្រែចិត្តដែលកើតមានដោយសារព្រះយេស៊ូវគ្រីស្ទ ។
ពន្លឺនៃលោកិយ
សូមអាន ម៉ាថាយ ៥:១៤–១៦ ដោយរកមើលអ្វីដែលព្រះយេស៊ូវគ្រីស្ទរំពឹងទុកពីយើង ដែលជាសិស្សរបស់ទ្រង់ ។
-
តើគោលការណ៍នៃសេចក្តីពិតអ្វី ដែលអ្នកអាចរកឃើញពី ម៉ាថាយ ៥:១៤–១៦ ?
ចេញពី ម៉ាថាយ ៥:១៤–១៦ អ្នកប្រហែលជាបានរកឃើញគោលការណ៍មួយ ដែលស្រដៀងនឹងគោលការណ៍នេះ ៖ គំរូសុចរិតរបស់យើងអាចលើកទឹកចិត្តមនុស្សដទៃឲ្យសរសើរតម្កើងព្រះវរបិតាសួគ៌ ។
-
តើអ្នកគិតថា ការសរសើរតម្កើងព្រះវរបិតាសួគ៌មានន័យយ៉ាងដូចម្ដេច ?
នៅពេលព្រះអង្គសង្គ្រោះដែលបានមានព្រះជន្មឡើងវិញ ទ្រង់បានគង់នៅជាមួយនឹងពួកសាសន៍នីហ្វៃ នោះទ្រង់បានបង្រៀនពួកគេបន្ថែមទៀត អំពីពន្លឺដែលពួកសិស្សរបស់ទ្រង់គួរតែលើកឡើង ។ សូមពិចារណាពីបទគម្ពីរឆ្លង ឬការភ្ជាប់ ម៉ាថាយ ៥:១៤–១៦ ទៅនឹង នីហ្វៃទី៣ ១៨:២៤–២៥ ( សូមមើល ម៉ាថាយ ៥:១៦ ) ។
សូមអាន នីហ្វៃទី៣ ១៨:២៤–២៥ ដោយរកមើលពន្លឺដែលពួកសិស្សពិតគួរតែលើកឡើង ។
-
តើការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុង នីហ្វៃទី៣ ១៨:២៤–២៥ មានឥទ្ធិពលលើការយល់ដឹងរបស់អ្នកអំពី ម៉ាថាយ ៥:១៤–១៦ យ៉ាងដូចម្តេច ?
ព្រះយេស៊ូវគ្រីស្ទគឺជាពន្លឺនៃលោកិយដ៏ពិត ហើយនៅពេលយើងដើរតាមទ្រង់ ហើយកាន់តែប្រែក្លាយដូចជាទ្រង់ នោះយើងបញ្ចាំងពន្លឺ ដែលទ្រង់បានប្រទានដល់យើង ។ ( សូមមើល យ៉ូហាន ១:៤, ៩; ៨:១២; គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:២៤; ៩៣:២ ) ។
និមិត្តរូបដែលព្រះអង្គសង្គ្រោះបានប្រើ
សំណួរខាងក្រោមនេះអាចជួយអ្នកឲ្យគិតបានកាន់តែស៊ីជម្រៅ អំពីនិមិត្តរូបដែលព្រះអង្គសង្គ្រោះបានប្រើនៅក្នុង ម៉ាថាយ ៥:១៤–១៦ ។
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមនេះមកពីប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយ ដោយស្វែងរកអ្វីដែលអ្នកអាចរៀនបានអំពីពន្លឺរបស់ព្រះយេស៊ូវគ្រីស្ទ ។
រាល់ពេលដែលដួងចិត្តរបស់អ្នកបង្វែរទៅរកព្រះដោយការអធិស្ឋានដែលរាបសា នោះអ្នកទទួលបានការដកពិសោធន៍នូវពន្លឺរបស់ទ្រង់ ។ រាល់ពេលដែលអ្នកស្វែងរកព្រះបន្ទូល និងព្រះទ័យរបស់ទ្រង់នៅក្នុងបទគម្ពីរ នោះពន្លឺនឹងបំភ្លឺឡើងកាន់តែចែងចាំង ។ រាល់ពេលដែលអ្នកសង្កេតឃើញនរណាម្នាក់ខ្វះខាត ហើយលះបង់ភាពសុខស្រួលរបស់អ្នកដើម្បីឈោងទៅជួយដោយក្ដីស្រឡាញ់ នោះពន្លឺនឹងរីកធំខ្លាំងឡើងៗ ។ រាល់ពេលដែលអ្នកបដិសេធការល្បួង ហើយជ្រើសរើសភាពបរិសុទ្ធ រាល់ពេលដែលអ្នកស្វែងរក ឬផ្ដល់ការអភ័យទោស រាល់ពេលដែលអ្នកថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដោយក្លាហាន នោះពន្លឺបណ្ដេញភាពងងឹត ហើយទាក់ទាញដល់អ្នកដទៃដែលកំពុងស្វែងរកពន្លឺ និងសេចក្តីពិតផងដែរ ។
( ឌៀថើរ អេហ្វ អុជដូហ្វ « Bearers of Heavenly Light » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៨០ )
-
តើអ្នកគិតថា សេចក្តីថ្លែងការណ៍នេះទាក់ទងនឹង ម៉ាថាយ ៥:១៤–១៦ យ៉ាងដូចម្តេច ?
សូមចាំថា ព្រះយេស៊ូវបានបង្រៀនយើងឲ្យធ្វើជា « អំបិលនៃផែនដី » និង « ពន្លឺនៃលោកិយ » ភ្លាមៗបន្ទាប់ពីទ្រង់បានបង្រៀនបទជូនពរ—បុគ្គលិកលក្ខណៈដូចជាព្រះគ្រីស្ទ ដែលជួយយើងឲ្យកាន់តែប្រែក្លាយដូចជាទ្រង់ ( សូមមើល ម៉ាថាយ ៥:៣–១២ ) ។
ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?
តើសកម្មភាពរបស់ខ្ញុំជះឥទ្ធិពលយ៉ាងដូចម្ដេចលើរសជាតិរបស់ខ្ញុំ ក្នុងនាមជាអំបិលនៃផែនដី ?
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ឆ្នាំ ១៩២០–២០០៧ ) ក្នុងគណៈប្រធានទីមួយបានពន្យល់ ៖
សារធាតុចិញ្ចឹមខាងវិញ្ញាណ ដែលធ្វើឲ្យយើងមានសុខភាពល្អខាងវិញ្ញាណ អាចបាត់បង់អំណាច និងកម្លាំងរបស់វា ប្រសិនបើយើងមិនរស់នៅឲ្យស័ក្ដិសមនឹងការណែនាំដ៏ទេវភាព ដែលយើងត្រូវការទេនោះ ។ … យើងត្រូវរក្សាចិត្ត និងរាងកាយរបស់យើងឲ្យជ្រះស្អាតពីការញៀន និងការបំពុលគ្រប់រូបភាព ។ យើងនឹងមិនដែលជ្រើសរើសបរិភោគអាហារដែលខូច ឬពុលឡើយ ។ តាមរបៀបជ្រើសរើសដូចគ្នានេះ យើងគួរតែប្រុងប្រយ័ត្នកុំអាន ឬមើលអ្វីដែលមិនមានរសជាតិឆ្ងាញ់ឡើយ ។ ភាគច្រើននៃការបំពុលខាងវិញ្ញាណ ដែលចូលមកក្នុងជីវិតរបស់យើង កើតឡើងតាមរយៈអ៊ីនធឺណិត ហ្គេមកំព្យូទ័រ កម្មវិធីកម្សាន្ដក្នុងទូរទស្សន៍ និងភាពយន្ត ដែលផ្ដល់ ឬបង្ហាញជាលក្ខណៈក្រាហ្វិក នូវឥរិយាបថមិនល្អរបស់មនុស្ស ។ ដោយសារយើងរស់នៅក្នុងបរិយាកាសបែបនេះ នោះយើងត្រូវបង្កើនកម្លាំងខាងវិញ្ញាណ ។
( ជេមស៍ អ៊ី ហ្វោស្ដ៍ « Spiritual Nutrients » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៥៥ )
តើខ្ញុំអាចបង្កើនពន្លឺរបស់ខ្ញុំបានយ៉ាងដូចម្ដេច ?
ប្រធាន ហែនរី ប៊ី អាវរិង បានបង្រៀន ៖
រាល់ពេលដែលអ្នកជ្រើសរើសព្យាយាមរស់នៅកាន់តែដូចជាព្រះអង្គសង្គ្រោះ នោះអ្នកបានពង្រឹងទីបន្ទាល់របស់អ្នកហើយ ។ នៅពេលនោះអ្នកនឹងដឹងដោយខ្លួនអ្នកថា ទ្រង់គឺជាពន្លឺនៃលោកិយ ។ អ្នកនឹងមានអារម្មណ៍ថា មានពន្លឺរះឡើងនៅក្នុងជីវិតរបស់អ្នក ។ វានឹងមិនកើតឡើងដោយគ្មានការខិតខំទេ ។ ប៉ុន្តែ វានឹងកើតឡើង នៅពេលទីបន្ទាល់របស់អ្នករីកចម្រើន ហើយអ្នកជ្រើសរើសថែទាំបីបាច់វា ។ នេះគឺជាការសន្យាដ៏ជាក់ច្បាស់មកពីព្រះគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា ៖ « អ្វីដែលមកពីព្រះជាពន្លឺ ហើយអ្នកណាដែលទទួលពន្លឺ ហើយនៅជាប់ក្នុងព្រះ នោះទទួលពន្លឺថែមទៀត ហើយពន្លឺនោះភ្លឺកាន់តែខ្លាំងឡើងៗ រហូតដល់ថ្ងៃបានល្អឥតខ្ចោះ [ គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:២៤ ] ។ អ្នកនឹងក្លាយជាពន្លឺនៃលោកិយនេះ នៅពេលអ្នកចែកចាយទីបន្ទាល់របស់អ្នកជាមួយនឹងមនុស្សដទៃទៀត ។ អ្នកនឹងជះពន្លឺនៃព្រះគ្រីស្ទដល់មនុស្សដទៃនៅក្នុងជីវិតរបស់អ្នក ។ ព្រះអម្ចាស់នឹងរកវិធីដើម្បីឲ្យពន្លឺនោះជះឥទ្ធិពលដល់មនុស្សដែលអ្នកស្រឡាញ់ ។
( ហែនរី ប៊ី អាវរិង « A Living Testimony » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ១២៨ )
ប្រធាន ថូម៉ាស អេស ម៉នសុន បានបង្រៀន ៖
យើងម្នាក់ៗមកកាន់ផែនដីនេះដោយត្រូវបានប្រទានឲ្យនូវពន្លឺនៃព្រះគ្រីស្ទ ។ នៅពេលយើងធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ហើយរស់នៅដូចដែលទ្រង់បានរស់នៅ និងដូចដែលទ្រង់បានបង្រៀន ពន្លឺនោះនឹងបំភ្លឺក្នុងខ្លួនយើង ហើយនឹងបំភ្លឺផ្លូវអ្នកដទៃ ។
( ថូម៉ាស អេស ម៉នសុន « Be an Example and a Light » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៨៦ )