ការហៅ​ក្នុង​បេសកកម្ម
ធនធាន​ណែនាំ​សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា ៖ ដំណោះស្រាយ​ការណ៍​អាសគ្រាម


ធនធាន​ណែនាំ​សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា ៖ ដំណោះស្រាយ​ការណ៍​អាសគ្រាម

ប្រសិន​បើ​អ្នក​មាន​បទពិសោធន៍​ជំរុញ​ឲ្យ​មើល​ការណ៍​អាសគ្រាម ហើយ​កំពុង​ព្យាយាម​ដក​វា​ចេញ​ពី​ជីវិត​របស់​អ្នក ការណែនាំ​នេះ​អាច​ជួយ​បាន ។ វា​មាន​គោលបំណង​ដើម្បី​បំពេញ​បន្ថែម និង​ជួយ​អ្នក​អនុវត្ត​គោលការណ៍​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ផ្នែក « សូម​ធ្វើតាម​វិធី​បង្ការ​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា » នៅក្នុង​ជំពូក​ទី ២ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទ្ទេសក៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ( ឆ្នាំ ២០២៣ ទំព័រ ២០–២២ ) ។ ដើម្បី​ទទួល​បាន​ប្រយោជន៍​ច្រើន​បំផុត​ពី​ធនធាន​នេះ សូម​ប្រាកដ​ថា​ត្រូវ​ពិនិត្យ​ឡើងវិញ​នូវ​ផ្នែក​នោះ និង​មេរៀន​អំពី​វិធី​បង្ការ​ដែល​បាន​កែសម្រួល ។

ស្រឡាញ់

សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​អ្នក

អ្នក​ជា​បុត្រ​នៃ​ព្រះវរបិតា​សួគ៌​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់ ។ ដោយសារ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​អ្នក នោះ​ទ្រង់​បាន​តែងតាំង​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ដឹកនាំ​អ្នក បង្រៀន​អ្នក ហើយ​ជួយ​អ្នក​ពេល​អ្នក​លំបាក ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖ « ប៉ុន្ដែ​មិន​ថា​អ្នក​គិត​ថា​អ្នក​យឺត​យ៉ាងណា​ទេ មិន​ថា​ឱកាស​ប៉ុន្មាន​ដែល​អ្នក​គិត​ថា​អ្នក​បាន​រំលង មិន​ថា​កំហុស​ច្រើន​ប៉ុនណា​ដែល​អ្នក​មាន​អារម្មណ៍​ថា​អ្នក​បាន​ធ្វើ ឬ ទេពកោសល្យ​ដែល​អ្នក​គិត​ថា​អ្នក​មិន​មាន ឬ ការ​ឃ្លាត​ឆ្ងាយ​ពី​ផ្ទះ និង គ្រួសារ និង ព្រះ​ដែល​អ្នក​មាន​អារម្មណ៍​ថា​អ្នក​បាន​ធ្វើ​ដំណើរ​មក​ឆ្ងាយ​យ៉ាង​ណា​នោះ​ទេ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា អ្នក មិន បាន​ធ្វើ​ដំណើរ​ឆ្ងាយ​ផុត​ពី​ទំហំ​នៃ​សេចក្ដីស្រឡាញ់​របស់​ព្រះ​នោះ​ទេ ។ វា​មិន​អាច​ទៅ​រួច​សម្រាប់​អ្នក​ដើម្បី​លិច​ទៅ​ជ្រៅជាង​ពន្លឺ​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ​ដ៏​និរន្ដន៍​ដែល​អាចចែងចាំង​ដល់​បាន​ទេ » ( « The Laborers in the Vineyard » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣១–៣៣ ) ។

សេចក្តី​សង្ឃឹម​នៅ​ក្នុង​ព្រះគ្រីស្ទ

មិន​ថា​អ្នក​ស្ថិត​នៅ​កន្លែង​ណា​លើ​ដំណើរ​របស់​អ្នក​ទេ ព្រះអម្ចាស់​តែងតែ​ប្រទាន​សេចក្ដី​សង្ឃឹម ការព្យាបាល និង​ផ្លូវ​ទៅ​កាន់​សុវត្ថិភាព និង​ភាពសុខសាន្ត​ជានិច្ច ។ អ្នក​អាច​បែរ​ទៅ​រក​ទ្រង់​គ្រប់ពេល ហើយ​ទ្រង់​នឹង​ជួយ​អ្នក​ឲ្យ​ត្រឡប់​មក​វិញ ឬ​បន្ត​នៅ​លើ​មាគ៌ា​នេះ។ « អ្នក​មិន​ចាំបាច់​យក​ឈ្នះ​លើ​ឧបសគ្គ​នានា​ដោយ​ខ្លួន​អ្នក​នោះ​ទេ ។ សូម​ពឹងផ្អែក​លើ​កម្លាំង​ដែល​មាន​មក​ពី​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ និង​សេចក្តីសញ្ញា​ដែល​អ្នក​បានចុះ​ជា​មួយ​ទ្រង់ ។ ព្រះអម្ចាស់​ជ្រាបដឹង​ពី​ឧបសគ្គ​ដែល​អ្នក​ប្រឈម​មុខ ហើយ​ទ្រង់​នឹង​ជួយ​អ្នក​ក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​នេះ » ( ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ២២ ) ។

សូម​ចាំ​ថា គ្មាន​មនុស្ស​ដែល​ល្អ​ឥតខ្ចោះ​នោះទេ ហើយ​នេះ​បូករួម​ទាំង​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ផងដែរ ។ យើង​មិន​បាន​រំពឹង​ថា​នឹង​ទទួល​បាន​ភាព​ល្អ​ឥតខ្ចោះ​ក្នុង​ជីវិត​នេះ​ដែរ ។ ទោះជា​តម្រូវឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង​ក្នុង​ផ្នែក​របស់​យើង​ក្តី ក៏​យើង​អាច​ទទួល​បាន​សេចក្ដី​សង្គ្រោះ និង​បាន​ល្អ​ឥតខ្ចោះ​តែ​តាម​រយៈ​ព្រះគ្រីស្ទ​ប៉ុណ្ណោះ ( សូម​មើល នីហ្វៃទី២ ២:៨ នីហ្វៃទី២ ១០:២៤; ម៉ូសាយ ៣:១៧; មរ៉ូណៃ ១០:៣២–៣៣ ) ។ ផ្លូវ​ទៅ​កាន់​ភាពល្អឥតខ្ចោះ គឺ​ជា​ដំណើរការ​ពេញ​មួយ​ជីវិត ។ សូម​អត់ធ្មត់​ជាមួយ​ខ្លួនឯង និង​អ្នកដទៃ​នៅពេល​ដែល​អ្នក​ព្យាយាម​កែលម្អ​ដោយ​មាន​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ ។

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា ៖ « គ្មាន​កម្រិត​ជាក់លាក់​នៃ​ភាពឥតខ្ចោះ ដែល​បងប្អូន​ត្រូវតែ​មាន​ដើម្បី​ស័ក្ដិសម​នឹង​ព្រះគុណ​របស់​ព្រះ​ឡើយ ។ … ព្រះ​មិន​បាន​រង់ចាំ​ដើម្បី​រក​បុគ្គល​ដ៏​ឥតខ្ចោះ​ម្នាក់​ឲ្យ​ស្ដារ​ដំណឹងល្អ​របស់​ទ្រង់​ឡើង​វិញ​នោះ​ទេ ។ ប្រសិន​បើ​ទ្រង់​ចាំ​វិញ ទ្រង់​នឹង​នៅ​តែ​រង់ចាំ​នៅ​ឡើយ​ទេ » ( «Come and Belong » EnsignLiahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ១០៥–១០៦ ) ។ ប្រសិន​បើ​អ្នក​កំពុង​ព្យាយាម​ប្រែចិត្ត​ដោយ​ស្មោះ ទោះបី​ជា​អ្នក​ជំពប់​ដួល​នៅ​តាម​ផ្លូវ​ក្តី ក៏​អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់​ដែរ ។

ពីព្រោះ​គ្មាន​យើង​ណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​នោះទេ យើង​ទាំងអស់​គ្នា​ប្រព្រឹត្ត​អំពើ​បាប ។ ពេល​ខ្លះ រឿង​នេះ​អាច​នាំ​ឲ្យ​មាន​ភាព​អាម៉ាស់ ។ ភាព​អាម៉ាស់​អាច​នាំ​យើង​ឲ្យ​លាក់បាំង​អំពើ​បាប​របស់យើង ហើយ​បំបាក់​ទឹកចិត្ត​យើង​ពី​ការព្យាយាម​រីកចម្រើន ហើយ​យកឈ្នះ​លើ​អំពើបាប​ទាំងនោះ ។ ភាព​អាម៉ាស់ គឺ​ជា​អារម្មណ៍​ដែល​ថា​ដោយព្រោះ​ទង្វើ​ទាំង​នេះ នោះយើង​ជា​មនុស្ស​អាក្រក់ ។ វា​គឺ​ជា​ឧបករណ៍​មួយ​ក្នុង​ចំណោម​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត​របស់​មារសត្រូវ ។ ប្រសិន​បើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​គ្មាន​តម្លៃ ឬ​ថា​អ្នក​មិន​អាច​ផ្លាស់ប្ដូរ​បាន​ទេ សូម​ដឹង​ថា​អារម្មណ៍​ទាំងនេះ​មិន​កើត​ចេញ​ពី​ព្រះ​ឡើយ ។

នៅ​លើ​ផ្លូវ​ទៅ​កាន់​ភាព​ល្អ​ឥតខ្ចោះ

មនុស្ស​ជា​ច្រើន​បាន​រង​ផល​ប៉ះពាល់​ដោយ​ការណ៍​អាសគ្រាម ។ នៅ​ក្នុង​សិក្ខាសាលា​មួយ​សម្រាប់​ប្រធាន​បេសកកម្ម​ថ្មី ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា ៖ « យុវជន​របស់​យើង​ត្រូវ​បាន​រង​ផល​ប៉ះពាល់​ពី​ការណ៍​អាសគ្រាម មិន​ថា​ពួកគេ​ចង់ ឬ​មិន​ចង់​នោះទេ ។ នៅ​ពេល​មួយ​នោះ ហេលេមិន​បាន​កត់ត្រា​ថា កងទ័ព​កំលោះ​ទាំងអស់​របស់​គាត់​បាន​រង​របួស​នៅ​ក្នុង​ចម្បាំង ហើយ​ពួកគេ​ភាគច្រើន​មាន​សភាព​ធ្ងន់ធ្ងរ ។ ប្រៀប​ដូចជា​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ជាច្រើន​របស់​អ្នក​ដែរ ទោះជា​មិន​ទាំងអស់​ក្ដី គឺ​ពួកគេ​ហាក់​ដូចជា​កងទ័ព​កំលោះ​នោះ​ដែរ ដែល​ធ្លាប់​រងរបួស ឬ​នឹង​ត្រូវ​របួស​ក្នុង​កម្រិត​ណាមួយ ដោយ​ការប្រឈម​ទៅនឹង​គ្រោះកាច​ដែល​ញៀន និង​ដ៏​បំផ្លិច​បំផ្លាញ​នេះ​ដែរ » ( « To Change Minds and Hearts » [ សុន្ទរកថា​ដែល​បាន​ផ្ដល់ឲ្យ​សម្រាប់​ថ្នាក់​ដឹកនាំ​បេសកកម្ម​មួយចំនួន នៅថ្ងៃ​ទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៥ ] ទំព័រ ៦ បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ ទីក្រុង សលត៍ លេក ) ។

ប្រសិន​បើ​អ្នក​ត្រូវ​បាន​រងផល​ប៉ះពាល់​ដោយ​ការណ៍​អាសគ្រាម សូម​ដឹង​ថា​វា​ដូច​ជា​ឧបសគ្គ​ផ្សេងទៀត​ដែរ អ្នក​អាច​យក​ឈ្នះ​វា​បាន ប្រសិន​បើ​អ្នក​ដាក់​បន្ទុក​របស់​អ្នក​នៅនឹង​ព្រះ​បាទា​នៃ​ព្រះអង្គ​សង្រ្គោះ​របស់​អ្នក ហើយ​ត្រូវ​ជំនួស​ទម្លាប់​អាក្រក់ៗ​ជាមួយ​នឹង​ទម្លាប់​ថ្មីៗ​វិញ ។ « ប្រសិនបើ​អ្នក​ធ្វើ​ខុស រួម​ទាំង​ការប្រើប្រាស់​បច្ចេកវិទ្យា​មិន​សមរម្យ សូម​ប្រែចិត្ត​ក្នុង​ពេល​នោះ ហើយ​បន្ត​ព្យាយាម​ធ្វើ​តាម​ក្រឹត្យវិន័យ​របស់​ទ្រង់ ។ នេះ​ជា​ផ្នែក​មួយ​នៃ​ការធ្វើ​ជា​សិស្ស​នៃ​ព្រះគ្រីស្ទ » ( ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ២១ ) ។

រៀន

ស្វ័យ​វាយតម្លៃ

ការណ៍អាសគ្រាម​គឺ​ជា​សម្ភារ​នានា​ដែល​បង្ហាញ ឬ​ពិពណ៌នា​អំពី​រូបកាយ​មនុស្ស ឬ​អាកប្បកិរិយា​ផ្លូវភេទ​តាម​របៀប​មួយ​ដែល​ចង់​ដាស់​អារម្មណ៍​ផ្លូវភេទ ។ ការកំណត់​កម្រិត​នៃ​ការប្រើប្រាស់​ការណ៍​អាសគ្រាម​របស់​អ្នក​អាច​ជួយ​អ្នក​សម្រេច​ចិត្ត​ថា​តើ​អ្នក​គួរ​ចាត់​វិធានការ​អ្វី​ខ្លះ​ដើម្បី​យក​ឈ្នះ​វា ។ អ្នក​ក៏​អាច​រក​ឃើញ​ពី​ជម្រៅ​នៃ​បញ្ហា​របស់​អ្នក​គឺ​មិន​អាប់ឱន ឬ​ធ្ងន់ធ្ងរ​ដូច​ដែល​អ្នក​បាន​ភ័យខ្លាច​នោះ​ទេ ដែល​អាច​ពង្រឹង​ក្តី​សង្ឃឹម​របស់​អ្នក​ថា​ការផ្លាស់ប្ដូរ និង​ការប្រែចិត្ត​គឺ​អាច​ធ្វើ​ទៅ​បាន ហើយ​ការណ៍​នេះ​វា​ស្ថិត​នៅ​ក្នុង​កណ្តាប់ដៃ​របស់​អ្នក ។ ( សូមមើល ដាល្លិន អេក អូក « Recovering from the Trap of Pornography » Ensign ខែ តុលា ឆ្នាំ ២០១៥ ទំព័រ ៣២–៣៨ ) ។

ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ​បាន​បង្ហាញ​ពី​ការពាក់ព័ន្ធ​ចំនួន​បួន​កម្រិត​ទាក់ទង​នឹង​ការណ៍​អាសគ្រាម ដែល​ត្រូវ​បាន​រៀបរាប់​ខាងក្រោម ។ អ្នក​អាច​ប្រើ​ការពិពណ៌នា​ទាំងនេះ​ដើម្បី​វាយ​តម្លៃ​កម្រិត​នៃ​ការប្រើប្រាស់​ការណ៍​អាសគ្រាម​របស់​អ្នក ៖

  • ការឃើញ​ដោយ​អចេតនា អ្នក​បាន​ឃើញ​ការណ៍​អាសគ្រាម​ដោយ​អចេតនា ។ ទោះ​បី​ជា​អ្នក​មិន​បាន​ធ្វើ​បាប​ដោយ​ការឃើញ​វា​ដោយ​អចេតនា​ក្ដី ក៏​ការណ៍​អាសគ្រាម​នៅ​តែ​អាច​ប៉ះពាល់​អវិជ្ជមាន​ដល់​អ្នក​បាន​ដដែល ។ វា​មាន​ប្រយោជន៍​ក្នុង​ការ​មាន​យុទ្ធសាស្ត្រ​ផ្ទាល់ខ្លួន​ដើម្បី​ឆ្លើយតប និង​គ្រប់គ្រង​ការឃើញ​ដោយ​អចេតនា ។

  • ការប្រើប្រាស់​ម្ដងម្កាល អ្នក​មើល​ការណ៍​អាសគ្រាម​ដោយ​ចេតនា ប៉ុន្តែ​មិន​ទៀងទាត់​ទេ ។ អ្នក​ប្រហែល​ជា​ស្ថិត​នៅ​ក្នុង​ដំណើរការ​នៃ​ការប្រែចិត្ត​ពី​ការប្រើប្រាស់​ការណ៍​អាសគ្រាម ប៉ុន្តែ​អ្នក​ភ្លាត់ភ្លាំង ។ ឧទាហរណ៍​ប្រហែល​ជា​មាន​ប៉ុន្មាន​ថ្ងៃ សប្តាហ៍ ឬ​សូម្បី​តែ​ប៉ុន្មាន​ខែ​នៅ​ចន្លោះ​ពេល​ដែល​អ្នក​មើល​ការណ៍​អាសគ្រាម ។ អ្នក​ប្រហែល​ជា​ចង់​ឈប់​ប្រើ​ការណ៍​អាសគ្រាម ប៉ុន្តែ​ពេល​ខ្លះ​អ្នក​នៅ​តែ​ត្រូវ​បាន​ទាក់ទាញ​យ៉ាង​ខ្លាំង ។

  • ការប្រើប្រាស់​ខ្លាំង អ្នក​មើល​ការណ៍​អាសគ្រាម​ដោយ​ចេតនា និង​ជា​ទម្លាប់ ។ អ្នក​ប្រហែលជា​មាន​អារម្មណ៍​តានតឹង ប្រសិនបើ​អ្នក​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញដោយ​គ្មានវា ប៉ុន្តែ​អ្នក​មិនញៀន​ទេ ។ ទោះ​ជា​យ៉ាង​ណា អ្នក​ទំនង​ជា​មាន​អារម្មណ៍​ថា​ត្រូវ​បាន​ជំរុញ​ឲ្យ​ស្វែងរក​ការលើកទឹកចិត្ត​កាន់​តែ​ខ្លាំង​ឡើង ។

  • ការប្រើប្រាស់​យ៉ាង​ឈ្លក់​វង្វេង ( ការញៀន ) អ្នក​មើល​ការណ៍​អាសគ្រាម​យ៉ាង​ឈ្លក់​វង្វេង ជា​ញឹកញាប់​ច្រើន​ដង​រៀងរាល់ថ្ងៃ ហើយ​ប្រហែល​ជា​រយៈ​ពេល​វែង ។ អ្នក​បាន​ពឹងផ្អែក​ទៅលើ​វា ហើយ​វា​ប្រហែលជា​គ្រប​ដណ្តប់​លើ​គំនិត និង​អារម្មណ៍​របស់​អ្នក ។ វា​អាច​រំខាន​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក ។ វា​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដ៏​ធំ​មួយ​ទៅ​លើ​អ្នក និង​សមត្ថភាព​របស់​អ្នក​ក្នុង​ការបម្រើ និង​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ ។ វា​ហាក់​ដូច​ជា​ដក់ជាប់​នៅក្នុង​ខ្លួនអ្នក ។

ទោះ​បី​ជា​ការប្រើប្រាស់​ការណ៍​អាសគ្រាម​អាច​ធ្វើឲ្យ​ញៀន​ក្តី ក៏​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ភាគ​ច្រើន​ដែល​មាន​បញ្ហា​នឹង​ការណ៍​អាសគ្រាម​មិន​ញៀន ហើយ​មិន​គួរ​ដាក់​ស្លាក​ថា​ជា​អ្នកញៀន​នោះ​ទេ ។ ការធ្វើ​បែប​នេះ​មិន​ត្រឹមត្រូវ​អាច​បង្ក​ឲ្យ​មាន​អារម្មណ៍​អាម៉ាស់ និង​ធ្វើ​ឲ្យ​អ្នក​ផ្សព្វផ្សាយ​សាសនា​ពិបាក​យក​ឈ្នះ​លើ​ការប្រើប្រាស់​ការណ៍​អាសគ្រាម ។ ចូរផ្ដោត​ទៅលើ​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់អ្នក​ក្នុងនាម​ជា​បុត្រ​របស់់់់់ព្រះ និង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​អ្នក ហើយ​កុំ​ដាក់ស្លាក​ខ្លួនអ្នក ឬ​កំណត់​តម្លៃ​របស់​អ្នក​ដោយ​ផ្អែកលើ​ឧបសគ្គ​ដែល​អ្នក​កំពុង​ជួបប្រទះ​នោះ​ឡើយ ។

សូម​ប្រាកដ​ថា​ត្រូវ​យក​ការវាយ​តម្លៃ​លើ​ខ្លួនឯង​នៅ​ក្នុង​មេរៀន​វិធី​បង្ការ​ដែល​មាន​ការកែតម្រូវ ដើម្បី​យល់​កាន់តែ​ច្បាស់​ពី​ការប្រើប្រាស់​ការណ៍​អាសគ្រាម​របស់​អ្នក ។ គ្រូ​ពេទ្យ​ជំនាញ​ក៏​អាច​ជួយ​អ្នក​វាយ​តម្លៃ​ថា​តើ​ការប្រើប្រាស់​ការណ៍​អាសគ្រាម​របស់​អ្នក​បាន​ឈាន​ដល់​កម្រិត​នៃ​ការញៀន​ដែរ​ឬ​ទេ ។

ហេតុអ្វី​ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រូវជំរុញឲ្យ​មើល​ការណ៍​អាសគ្រាម ?

មាន​ហេតុផល​ជា​ច្រើន​ដែល​អ្នក​អាច​បែរ​ទៅ​រក​ការណ៍​អាសគ្រាម ។ ជា​ញឹកញាប់ មនុស្ស​ស្វែងរក​ការណ៍​អាសគ្រាម​ដើម្បី​ដោះស្រាយ​នឹង​អារម្មណ៍ ឬ​ស្ថានភាព​ដ៏​លំបាក ។ ការប្រើប្រាស់​ការណ៍​អាសគ្រាម​អាច​លាក់បាំង ឬ​ធ្វើ​ឲ្យ​ស្ពឹក​នឹង​រឿង​ទាំងនេះ​ជា​បណ្តោះ​អាសន្ន ហើយ​ផ្តល់​នូវ​ការធូរស្រាល​ភ្លាមៗ ។ ទោះជា​យ៉ាងណា​ក៏ដោយ ជា​ធម្មតា​វា​បាន​នាំមក​នូវ​ភាព​សោកសៅ ភាព​អាម៉ាស់ ឬ​អារម្មណ៍​អវិជ្ជមាន​បន្ថែម​ទៀត ។ ការប្រើប្រាស់​ការណ៍​អាសគ្រាម​ម្ដងហើយ​ម្ដងទៀត​អាច​ធ្វើ​ឲ្យ​រូបកាយ និង​គំនិត​របស់​យើង​ប្រើប្រាស់​ការណ៍​អាសគ្រាម​នៅពេល​ណា​ដែល​យើង​ពិបាក​ចិត្ត ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ថា « ក្នុង​កម្រិត​ជាក់លាក់​មួយ មនុស្ស​ខាង​សាច់​ឈាម​ដែល​បាន​ពិពណ៌នា​ដោយ​ស្ដេចម៉ូសាយ គឺ​មាន​ជីវិត​ក្នុង​ខ្លួន​យើង​ម្នាក់ៗ ( សូម​មើល ម៉ូសាយ ៣:១៩) ។ បុរស ឬ​ស្ត្រី​ខាង​សាច់​ឈាម​គ្មាន​ការប្រែចិត្ត ជា​មនុស្ស​លោកិយ ហើយ​ត្រេកត្រអាល ( សូម​មើល ម៉ូសាយ ១៦:៥; អាលម៉ា ៤២:១០; ម៉ូសេ ៥:១៣ ) បណ្ដោយ​ខ្លួន​ហួស​ប្រមាណ ហើយ​មាន​អំនួត​និង​អាត្មា​និយម ។ …

« ដូច្នេះ​លក្ខណៈ​ដ៏​ជាក់លាក់​នៃ​ការសាកល្បង​ក្នុង​ជីវិត​រមែង​ស្លាប់​អាច​សង្ខេប​ក្នុង​សំណួរ​ដូច​តទៅ​នេះ ៖ តើ​ខ្ញុំ​នឹង​ងាកចិត្ត​ទៅ​រក​ផ្លូវ​ខាង​សាច់ឈាម ឬ​ងាក​ទៅ​រក​ការទាក់ទាញ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​សម្រាត​ភាព​ខាង​សាច់ឈាម ហើយ​ក្លាយ​ជា​ពួក​បរិសុទ្ធ​ម្នាក់​តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់​ដែរ​ទេ ( សូមមើល ម៉ូសាយ ៣:១៩ ) ? នោះ​ជា​ការសាកល្បង ។ រាល់​ការស្រេក​ឃ្លាន ក្ដី​ប្រាថ្នា ទំនោរ​ចិត្ត និង​ ការ​ជំរុញ​នៃ​ភាព​ខាង​សាច់ឈាម​អាច​ឈ្នះ​បាន​ដោយ និង​តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ​យើង​នៅ​រស់​លើ​ផែនដី​ដើម្បី​អភិវឌ្ឍ​គុណសម្បត្តិ​ដូចជា​ព្រះ និង​ដើម្បី​ទប់​ចិត្ត​នឹង​រាល់​តណ្ហា​ខាង​សាច់​ឈាម » ( « We Believe in Being Chaste » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤២–៤៣ ) ។

ហេតុអ្វី​វា​សំខាន់​សម្រាប់​ខ្ញុំ ដើម្បី​ជៀសវាង​ការប្រើប្រាស់​ការណ៍​អាសគ្រាម ?

ព្រះអម្ចាស់​បាន​បង្រៀន​ពី​គ្រោះថ្នាក់​ខាង​វិញ្ញាណ​ដែល​ទាក់ទង​នឹង​ការប្រើប្រាស់​ការណ៍​អាសគ្រាម​ពេល​ទ្រង់​ប្រកាស​ថា « ហើយ​អ្នក​ណា​ដែល​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​តម្រេក​សម្រើប​ចង់​បាន នោះ​នឹង​បោះបង់​ចោល​សេចក្ដី​ជំនឿ ហើយ​នឹង​មិន​ត្រូវ​មាន​ព្រះ​វិញ្ញាណ​ឡើយ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា​៤២:២៣ ) ។ បន្ថែម​ពី​លើ​ការណ៍​អាសគ្រាម​ដែល​ប្រឆាំង​នឹង​ព្រះវិញ្ញាណ ប្រធាន ណិលសុន ក៏​បាន​រំឭក​យើង​ផង​ដែរ​ថា ការណ៍​អាសគ្រាម​គឺ​ធ្វើឲ្យ​ញៀន និង​ជំរុញ​យើង​ឲ្យ​ចៀស​ពី « អ្វីៗ ដែល​ប្លន់​សិទ្ធិ​ជ្រើសរើស​របស់​បងប្អូន​បាន ។ … ការណ៍​អាសគ្រាម … ធ្វើ​ឲ្យ​ព្រះ​អាក់អន់​ព្រះទ័យ ។ ហេតុអ្វី ? ពីព្រោះ​ការឈ្លក់​វង្វេង​របស់​បងប្អូន​បាន​ក្លាយ​ជា​ព្រះ​របស់​បងប្អូន ។ បងប្អូន​ខ្វល់ខ្វាយ​តែនឹង វា ជំនួស​ឲ្យ ទ្រង់ ដើម្បី​ទទួល​បាន​ការសម្រាល​ទុក្ខ ។ បើ​បងប្អូន​ពុះពារ​នឹង​ការញៀន សូម​ស្វែងរក​ជំនួយ​ខាងវិញ្ញាណ និង​អ្នក​ជំនាញ​ដែល​បងប្អូន​ត្រូវការ ។ សូម​កុំ​បណ្តោយ​ឲ្យ​ការឈ្លក់​វង្វេង​ប្លន់​សេរីភាព​បងប្អូន​ពី​ការធ្វើ​តាម​ផែនការ​ដ៏​អស្ចារ្យ​របស់​ព្រះ​ឡើយ » ( « គិត​ដល់​សេឡេស្ទាល ! » លីអាហូណា ខែ វិច្ខិកា ឆ្នាំ ២០២៣ ទំព័រ ១១៨ ) ។

ការប្រើប្រាស់​ការណ៍​អាសគ្រាម​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក និង​ដល់​ទំនាក់ទំនង​បច្ចុប្បន្ន និង​អនាគត​របស់​អ្នក រួម​ទាំង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះអម្ចាស់​ផង​ដែរ ។ ពេល​អ្នក​ប្រែចិត្ត​អ្នក​នឹង​រីករាយ​កាន់​តែ​ពេញលេញ​ចំពោះ​ភាព​ជា​ដៃគូ​នៃ​ព្រះ​វិញ្ញាណបរិសុទ្ធ ហើយ​ក្លាយ​ជា​អ្នក​បម្រើ​ដ៏​មាន​ប្រសិទ្ធភាព​ជាង​មុន​របស់​ព្រះអង្គ​សង្គ្រោះ ។ ព្រះ​អម្ចាស់​ត្រូវ​ការកិច្ចខិតខំ​ដ៏​ល្អ​បំផុត​ក្នុង​កិច្ចការ​របស់​ទ្រង់ ហើយ​ទ្រង់​នឹង​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ជោគជ័យ ។

តើ​ខ្ញុំ​នឹង​ត្រូវ​បញ្ជូន​ទៅ​ផ្ទះ​វិញ​ដោយសារ​ការមើល​ការណ៍​អាសគ្រាម​ដែរ​ឬ​ទេ ?

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​មិន​ត្រូវ​បាន​បញ្ជូន​ទៅ​ផ្ទះ​ដោយ​ស្វ័យ​ប្រវត្តិ​ដោយសារ​ការមើល​ការណ៍​អាសគ្រាម​នោះ​ទេ ។ តាម​ពិត ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ភាគ​ច្រើន​អាច​បន្ត​ការបម្រើ​របស់​ខ្លួន​បាន​នៅ​ពេល​ដែល​ពួកគេ​ធ្វើការ​ដើម្បី​យក​ឈ្នះ​លើ​ឧបសគ្គ​របស់​ពួក​គេ ហើយ​ត្រូវ​បាន​ស្វែង​រក​ការបំផុស​គំនិត​នៅ​ក្នុង​ស្ថានភាព​នីមួយៗ ។ ខណៈ​ពេល​កំពុង​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា អ្នក​អាច​អភិវឌ្ឍ​ទម្លាប់​ល្អៗ រួម​ទាំង​ទម្លាប់​ដែល​ទាក់ទង​នឹង​ការប្រើប្រាស់​បច្ចេកវិទ្យា ដែល​អាច​ប្រទាន​ពរ​ដល់​ជីវិត​របស់​អ្នក​ពេញ​មួយជីវិត បន្ទាប់​ពី​អ្នក​បញ្ចប់​បេសកកម្ម ។

ភាពស័ក្ដិសម​មិន​មែន​ជា​ភាពល្អ​ឥតខ្ចោះ

« ភាព​ស្រស់​ស្អាត​នៃ​ដំណឹងល្អ​គឺ​ថា យើង​អាច​ទទួល​បាន​ការអភ័យទោស​ពេល​យើង​ប្រែចិត្ត »​( ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ២១ ) ។ ការប្រែចិត្ត​គឺ​ជា​ដំណើរ​ការ​ដ៏​ស្រស់​ស្អាត ដែល​អាច​ឲ្យ​យើង​ស្វែងយល់​ពី​របៀប​ដែល​គំនិត និង​សកម្មភាព​របស់​យើង​ត្រូវ​គ្នា​ទៅ​នឹង​ផែនការ​របស់​ព្រះបិតា​សម្រាប់​យើង ហើយ​ក្រោយ​មក​យើង​កែសម្រួល​គំនិត និង​សកម្មភាព​របស់​យើង​ដើម្បី​សម្រប​តាម​ព្រះរាជ​បំណង​របស់​ទ្រង់​ឲ្យ​បាន​ប្រសើរ​ឡើង ។ សូម​ស្វែងយល់​ពី​សន្ទុរកថា​របស់​បងប្រុស ប្រាតលី អ័រ វីលឃុស « ភាពស័ក្ដិសម​មិន​មែន​ជា​ភាពល្អ​ឥតខ្ចោះ»​( លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៦១–៦២ ៦៧ ) ។ សូម​ពិចារណា​ដូច​ខាងក្រោម ៖

  • ភាពស័ក្ដិសម​គឺ​ជា​ការប្រព្រឹត្ត​ដោយ​ស្មោះត្រង់ និង​ការព្យាយាម​ដើម្បី​កែលម្អ ហើយ​វា​មិន​ត្រូវ​បាន​កំណត់​ដោយ​កាល​បរិច្ឆេទ​តាមចិត្ត ឬ​រយៈ​ពេល​នៃ​ការអត់ឱន​នោះ​ទេ ។

  • ប្រសិន​បើ​អ្នក​ជួប​ឧបសគ្គ សូម​កុំ​បោះបង់​ចោល​ឡើយ ។ សូម​ប្រើ​វា​ជា​ដុំ​ថ្ម​សម្រាប់​បោះជំហាន​ឆ្លង​ទៅ​រក​ការយល់​កាន់តែ​ច្បាស់​អំពី​ឧបសគ្គ​របស់​អ្នក និង​បន្ត​ការកែ​លម្អ​របស់​អ្នក ។ ឧបសគ្គ​មិន​ទាញ​អ្នក​ត្រឡប់​ទៅ​ចំណុច​ដើម​វិញ​ទេ ។

  • ការផ្លាស់ប្តូរ​គឺជា​ដំណើរការ​នៃការទទួល​ព្រះ​គុណ​ថែម​លើ​ព្រះ​គុណ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៣:១១–១៤ ) ។ ខណៈ​ដែល​គោលដៅ​ចុងក្រោយ​របស់​អ្នក​គឺ​ត្រូវ​ស្អាតស្អំ​ពី​ការប្រើប្រាស់​ការណ៍​អាសគ្រាម សូម​យល់​ថា​អ្នក​មិន​ទៅ​ដល់​ចំណុច​នោះ​ក្នុង​ពេល​តែ​មួយ​ដង​នោះ​ឡើយ ។ វានឹង​តម្រូវ​ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង​ដោយ​ជាប់លាប់ និង​ជា​ទៀងទាត់ ។

  • សូម​ដាក់​គោលដៅ​តូចៗ​ដែល​អាច​សម្រេច​បាន ហើយ​កសាង​លើ​ភាព​ជោគជ័យ​ជាជាង​ផ្តោត​លើ​ការបរាជ័យ ។

បន្ទាប់ពី​ពិចារណា សូមសួរ​ខ្លួនឯង​ថា ៖ តើ​ខ្ញុំ​មាន​ភាពស្មោះត្រង់​ជាមួយ​ខ្លួនឯង ជាមួយ​ព្រះអម្ចាស់ និង​អ្នកដទៃ​ឬទេ ? តើ​ខ្ញុំ​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ឬ​ទេ ? តើ​ខ្ញុំ​អាច​ប្រើ​ឧបសគ្គ​ដែល​ពិបាកៗ​ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​បន្ត​ទៅ​មុខ​ដោយ​របៀប​ណា ? តើ​ខ្ញុំ​យល់​អ្វីខ្លះ​អំពី​លក្ខណៈ​នៃ​ការប្រែចិត្ត ? តើ​ខ្ញុំ​ទទួល​បាន​អារម្មណ៍​នៃ​ក្តីសង្ឃឹម​ចំពោះ​ការប្រែចិត្ត​ឬ​ទេ ?

ធ្វើ​សកម្មភាព

ចូរមាន​ចិត្ដ​មេត្ដា និង​ស្មោះត្រង់​ចំពោះ​ខ្លួនឯង

ប្រសិន​បើ​អ្នក​កំពុង​ប្រើ​ការណ៍​អាសគ្រាម​ដើម្បី​ដោះស្រាយ​នឹង​អារម្មណ៍​អវិជ្ជមាន គោលដៅ​របស់​អ្នក​គួរ​តែ​ជំនួស​ទម្លាប់​នេះ​ដោយ​ទម្លាប់​ដែល​ប្រសើរ​ជាង​នេះ ។ អ្នក​អាច​ចាប់ផ្ដើម​ដោយ​ការទទួលស្គាល់​អារម្មណ៍​របស់​អ្នក និង​ដោយ​ការមាន​សេចក្ដី​អាណិតអាសូរ​ចំពោះ​ខ្លួន​អ្នក​ដែល​ចង់​បាន​ការធូរស្បើយ ដែល​ជា​រឿង​ធម្មតា ។ បន្ទាប់​មក​សូម​ស្មោះត្រង់​ចំពោះ​ខ្លួនឯង ហើយ​ពិចារណា​ពី​របៀប​ដែល​ការមានបំណង​ដើម្បី​ស្វែងរក​ការធូរស្រាល​ភ្លាមៗ​ទាំងនោះ អាច​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​ពិបាក​ទៅៗ​សម្រាប់​អ្នក​ក្នុង​រយៈពេល​វែង ។

ប្រែចិត្ត​ជា​រៀងរាល់​ថ្ងៃ

ការប្រែចិត្ដ​គឺជា​រឿង​ដ៏​ល្អ​ណាស់ និង​រឿង​វិជ្ជមាន​ដែល​អាច​ធ្វើ​ទៅ​បាន​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ចូរ​ប្រែចិត្ត​ជា​រៀងរាល់​ថ្ងៃ ។ វា​ត្រូវការ​ពេល​វេលា និង​ការស៊ូទ្រាំ ។ ការប្រែចិត្ត​ពុំមែន​ជា​ព្រឹត្តិការណ៍​តែ​ម្ដង​នោះទេ ។ វា​ជា​បទពិសោធន៍​មួយ​ដែល​កើត​ឡើង​ពេញ​មួយ​ជីវិត ។ ទោះបី​ជា​ក្រោយ​ពី​បាន​យក​ឈ្នះ​លើ​ទម្លាប់​អាសគ្រាម​ក៏​ដោយ អ្នក​អាច​នៅ​តែ​ជួប​នឹង​ការល្បួង ឬ​ចំណង់​ដដែល ។ ទោះជា​យ៉ាង​ណា​ក៏ដោយ នេះ​មិនមែន​មានន័យ​ថា​ការតម​អាហារ ការអធិស្ឋាន ការប្រសិទ្ធពរ និង​ការខិតខំ​ខាងវិញ្ញាណ​ទាំងអស់​របស់​អ្នក​គឺ​គ្មាន​ប្រសិទ្ធិភាព​នោះ​ទេ ។ ពេល​អ្នក​ប្រែចិត្ត​ជា​រៀងរាល់​ថ្ងៃ អ្នក​នឹង​ចាប់ផ្ដើម​មើល​ឃើញ​ការរីក​ចម្រើន ហើយ​ជាមួយ​នឹង​ការរីក​ចម្រើន នោះ​នឹង​មាន​ការកើនឡើង​នូវ​សេចក្ដី​ជំនឿ ទំនុក​ចិត្ត និង​សេចក្ដី​ស្រឡាញ់​ចំពោះ​ខ្លួន​អ្នក និង​អ្នក​ដទៃទៀត​ផងដែរ ។

បង្កើត និង​ធ្វើ​តាម​ផែនការ​សកម្មភាព

ជា​ផ្នែក​មួយ​នៃ​មេរៀន​វិធីបង្ការ​ដែល​បាន​កែសម្រួល​របស់​អ្នក អ្នក​ត្រូវ​បាន​ណែនាំ​ឲ្យ​បង្កើត និង​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​សកម្មភាព​ផ្ទាល់ខ្លួន​របស់​អ្នក​ជា​ទៀងទាត់​សម្រាប់​ការប្រើប្រាស់​បច្ចេកវិទ្យា ។ កាល​អ្នក​ធ្វើ​ដូចនេះ សូម​ពិចារណា​នូវ​យោបល់​ខាងក្រោម ៖

  • ចូរ​អធិស្ឋាន​ទូល​សុំ​ការដឹកនាំ ។

  • « សូម​ចាប់អារម្មណ៍​ទៅលើ​គំនិត អារម្មណ៍ និង​ឥរិយាបថ​របស់​អ្នក ។ ត្រូវ​ដឹង​ពី​របៀប​គំនិត អារម្មណ៍ និង​ឥរិយាបថ​ទាំង​នេះ អាច​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ងាយ​រងគ្រោះ​ពេល​ប្រើប្រាស់​បច្ចេកវិទ្យា​មិន​ត្រឹមត្រូវ » ​( ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ២១ ) ។ សូម​ស្គាល់​ពី​ស្ថានភាព​រាងកាយ ឬ​ផ្លូវចិត្ត​ដែល​អាច​បង្កើត​ឲ្យ​មាន​បំណងប្រាថ្នា​ចង់មើល​ការណ៍អាសគ្រាម—ដូចជា ការឃ្លាន ភាពនឿយហត់ កំហឹង នឹកផ្ទះ ភាពតានតឹង ការព្រួយបារម្ភ ការបាក់ទឹកចិត្ត​ជាដើម—ហើយ​សូម​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ នៅពេល​អ្នកកំពុង​ជួបប្រទះ​បទពិសោធន៍​ទាំងនោះ ។ សូម​ពិចារណា​បង្កើត​បញ្ជី​មួយ​អំពី​មធ្យោបាយ​ល្អៗ​ដែល​អ្នក​អាច​គ្រប់គ្រង​អារម្មណ៍​ទាំងនេះ​បាន ។

  • « មនុស្ស​ស្ទើរតែ​ទាំងអស់​មានបញ្ហា​ជាប់​ទាក់ទង​ទៅ​នឹង​អ៊ីនធឺណិត ឬ​រូបអាសគ្រាម​ដែល​វា​កើតឡើង​ពេល​យើង​នៅ​ដាច់​ដោយ​ឡែក​ពី​គេ ។ សូម​ប្រើ​ឧបករណ៍​តែ​នៅ​ពេល​ណា​ដែល​អ្នក​អាច​មើល​ឃើញ​អេក្រង់​របស់​គ្នា​ទៅវិញ​ទៅមក​ប៉ុណ្ណោះ ។ សូម​មាន​ភាពក្លាហាន និង​ទទួល​ខុសត្រូវ​ចំពោះ​គ្នា​ទៅ​វិញ​ទៅមក ​( ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ២១ ) ។

  • សូម​ដាក់​ឧបករណ៍​របស់​អ្នក​ដោយ​អេក្រង់​ផ្កាប់​ចុះ​នៅ​ពេល​ដៃគូ​របស់​អ្នក​ចាកចេញ​ពី​បន្ទប់​រហូត​ដល់​ដៃគូ​របស់​អ្នក​ត្រឡប់​មក​វិញ ។

  • សូម​បិទ​ឧបករណ៍​របស់​អ្នក​ក្នុង​ពេល​ជាក់លាក់​មួយ​នៅ​ពេល​ល្ងាច ហើយ​សូម​កុំ​បើក​វា​ម្តង​ទៀត​រហូត​ដល់​ពេល​ជាក់លាក់​មួយ​នៅ​ពេល​ព្រឹក ។

  • សូម​កុំ​យក​ឧបករណ៍​របស់​អ្នក​ចេញ ឬ​មើល​ក្នុង​អំឡុង​ពេល​ជាក់លាក់​នៃ​ថ្ងៃ​ដែល​អ្នក​ដឹង​ថា​អ្នក​នឹង​ងាយ​រងគ្រោះ​ឡើយ ។

  • សូម​កុំ​យក​ឧបករណ៍​របស់​អ្នក​ចូល​ទៅ​ក្នុង​បន្ទប់​ទឹក​ឲ្យសោះ ។

  • សូម​ពិភាក្សា​ជាមួយ​ប្រធាន​បេសកកម្ម​របស់​អ្នក​អំពី​កម្រិត​ណា​មួយ​ដែល​នឹង​ល្អ​បំផុត​សម្រាប់​អ្នក ដើម្បី​ចូល​ដំណើរការ​ទូរសព្ទ​អ្នក ហើយ​សូម​ដាក់​ផែនការ​ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ការចូល​ដំណើរការ​កាន់​តែ​ប្រសើរ​ឡើង​ទៅថ្ងៃ​ខាងមុខ ។

  • ចូរ​ក្រោកឡើង ហើយ​ធ្វើចលនា នេះ​អាច​ជា​ទម្លាប់​ហាត់ប្រាណ ការដើរ​ជាមួយ​ដៃគូ​របស់​អ្នក ។ ល ។

  • សូម​និយាយ​ជាមួយ​ដៃគូ​ដែល​មាន​ទំនួល​ខុសត្រូវ​គួរឲ្យ​ទុកចិត្ត​បាន—ដូចជា​ដៃគូ​របស់អ្នក ឪពុក ឬ​ម្តាយ អ្នកដឹកនាំ​បេសកកម្ម ឬ​គ្រូពេទ្យ​ព្យាបាល ឬ​អ្នកប្រឹក្សា​យោបល់—ហើយ​សុំ​ជំនួយ​ពី​ពួកគាត់ ។ ( ប្រសិនបើ​អ្នក​ប្រើប្រាស់​ការណ៍​អាសគ្រាម​យ៉ាងខ្លាំង ឬ​យ៉ាង​ឈ្លក់​វង្វេង អ្នក​ប្រហែលជា​ត្រៀម​ទាក់ទង​ទៅកាន់​បុគ្គល​នេះ​ជា​រៀងរាល់​ថ្ងៃ ដើម្បី​រាយការណ៍​អំពី​ស្ថានភាព​របស់អ្នក ) ។ « ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងអស់​គួរតែ​មាន​ផាសុកភាព​ក្នុង​ការសុំ​ជំនួយ​នៅពេល​ចាំបាច់ ។ … [ ព្រះអម្ចាស់ ] បាន​ប្រទាន​ដៃគូ និង​ថ្នាក់​ដឹកនាំ​ដើម្បី​ជួយ​ការពារ ហើយ​គាំទ្រ​ដល់​អ្នក » ( ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ២១ ) ។

ទទួល​ការគាំទ្រ—តើខ្ញុំ​គួរ​ទៅជួប​ប្រធាន​បេសកកម្ម​របស់​ខ្ញុំ​ឬទេ ?

ការប្រើប្រាស់​ការណ៍​អាសគ្រាម​ធ្ងន់ធ្ងរ​ឡើង​ដោយសារ​ភាពសម្ងាត់ ។ ការនិយាយ​ដោយ​ស្មោះត្រង់​ជាមួយ​អ្នក​ដទៃ​ផ្ដល់​អំណាច​បន្ថែម​ដល់​យើង​ដើម្បី​បញ្ឈប់ ។ ការស្វែងរក​ការគាំទ្រ​ពី​ប្រធាន​បេសកកម្ម​របស់​អ្នក​អាច​ជា​ផ្នែក​ដ៏​ចាំបាច់​មួយ​នៃ​ដំណើរការ​ប្រែចិត្ត ហើយ​ជា​ទង្វើ​នៃ​សេចក្ដី​ជំនឿ និង​ភាពរាបសា ។ ទោះបី​ជា​វា​អាច​មាន​អារម្មណ៍​គួរ​ឲ្យ​ខ្លាច ឬ​អាម៉ាស់​ក៏​ដោយ គាត់​ស្រឡាញ់​អ្នក ហើយ​ត្រូវ​បាន​ហៅ​ឲ្យ​ជួយ​ដល់​អ្នក ។ សូម​អធិស្ឋាន​ឲ្យ​មាន​ភាព​ក្លាហាន​ដើម្បី​ទាក់ទង​ទៅ​ប្រធាន​បេសកកម្ម​របស់​អ្នក ហើយ​សូម​មាន​ភាព​ស្មោះត្រង់​ជាមួយ​គាត់ ។ គាត់​នឹង​គាំទ្រ​អ្នក ហើយ​ផ្តល់​យុទ្ធសាស្ត្រ និង​ធនធាន​នានា​ដើម្បី​ស្ថាបនា​ទំនុកចិត្ត​របស់​អ្នក ហើយ​ជួយ​អ្នក​ឲ្យ​ដោះស្រាយ​ការប្រើប្រាស់​ការណ៍​អាសគ្រាម​របស់​អ្នក ។

ក្នុង​ករណី​ខ្លះ ប្រធាន​បេសកកម្ម​អាច​ផ្តល់​អនុសាសន៍​ឲ្យ​អ្នក​ធ្វើការ​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ ឬ​អ្នកប្រឹក្សា​យោបល់​ដើម្បី​ទទួល​បាន​ធនធាន​ជំនួយ ។ ការធ្វើការ​ជាមួយ​គ្រូ​ពេទ្យ​ព្យាបាល​មិន​មាន​ន័យ​ថា​អ្នក​មិន​ល្អ​គ្រប់គ្រាន់ ឬ​ថា​បញ្ហា​របស់​អ្នក​គឺ​ធ្ងន់ធ្ងរ​នោះ​ទេ ។ យើង​ទាំងអស់​គ្នា​ត្រូវការ​ជំនួយ​ពេល​ខ្លះ ហើយ​ការ​ធ្វើការ​ជាមួយ​អ្នកប្រឹក្សា​យោបល់​គឺ​គ្មាន​ហេតុផល​ណា​មួយ​ដែល​ត្រូវ​អៀនខ្មាស​នោះ​ទេ ។ គ្រូ​ពេទ្យ​ព្យាបាល ឬ​អ្នកប្រឹក្សា​យោបល់​នឹង​ណែនាំ​អ្នក​ក្នុង​ដំណើរការ​នេះ ហើយ​រក្សា​រឿង​នេះ​ជា​ការសម្ងាត់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

ពេល​អ្នក​ស្វែងរក​ជំនួយ​ពី​ប្រធាន​បេសកកម្ម​របស់​អ្នក ឬ​អ្នក​ដទៃ​ដើម្បី​យក​ឈ្នះ​លើ​ការប្រើប្រាស់​ការណ៍​អាសគ្រាម សូម​ប្រាកដ​ថា​អ្នក​ក៏​បែរ​ទៅ​រក​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ផង​ដែរ ។ ប្រធាន​បេសកកម្ម​របស់​អ្នក​អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​ធនធាន​ដែល​អ្នក​ប្រហែល​ជា​ត្រូវការ​សម្រាប់​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​អ្នក ប៉ុន្តែ​គាត់​មិន​អាច​ជំនួស​តួនាទី​របស់​ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្គ្រោះ​ដែល​ដើរ​តួនាទី​ក្នុង​ការជួយ​អ្នក​ឲ្យ​ធ្វើ​ការផ្លាស់ប្ដូរ​បាន​ទេ ។ សូម​បន្ត​ពឹងផ្អែក​លើ​ទ្រង់​ទាំងទ្វេ ហើយ​ពង្រឹង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ទ្រង់ ។

រក​មើល​លំនាំ​ទាំងឡាយ

សូម​រកមើល​លំនាំ​នៃ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា​មាន​បំណង​ស្វែងរក​ការណ៍​អាសគ្រាម ។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ ? តើ​អារម្មណ៍​តានតឹង ស្ត្រេស ឬ​ការឈឺចាប់​អ្វី​ខ្លះ​ដែល​អ្នក​បាន​ជួបប្រទះ ? ជាញឹកញាប់ អាច​មាន​មូលហេតុ​ដែល​ជំរុញ​ឲ្យ​អ្នក​ស្វែងរក​ការណ៍​អាសគ្រាម ។ អ្នក​ខ្លះ​ប្រហែល​ជា​ស្វែង​រក​ការណ៍​អាសគ្រាម​នៅ​ពេល​មាន​ភាពតានតឹង ភាពឯកោ ឬ​គ្រា​ដ៏​សោកសៅ​ផ្សេង​ទៀត ។ ពេល​អ្នក​អភិវឌ្ឍ​សមត្ថភាព​ស្គាល់ពី​អារម្មណ៍​របស់​អ្នក​ច្បាស់ នោះ​អារម្មណ៍​ទាំងនេះ​នឹង​មាន​អំណាច​លើ​អ្នក​តិច​ជាងមុន ។

សូម​សរសេរ​អំពី​បទពិសោធន៍​របស់​អ្នក និង​ការយល់ដឹង​ណាមួយ​ដែល​អ្នក​ទទួល​បាន ។ សូម​រក្សា​ទិនានុប្បវត្តិ​ទាំងនេះ​នៅ​កន្លែង​មាន​សុវត្ថិភាព​មួយ ។ អ្នក​អាច​ពិភាក្សា​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​ជាមួយ​ប្រធាន​បេសកកម្ម ឬ​ដៃគូ​របស់​អ្នក​បាន ។ ការយល់ដឹង​ពី​អារម្មណ៍​របស់​អ្នក​នឹង​មាន​ប្រយោជន៍ នៅពេល​ដែល​អ្នក​ចាប់ផ្តើម​ធ្វើ​ផែនការ ដើម្បី​ឆ្លើយតប​ទៅនឹង​អារម្មណ៍​ទាំងនេះ​តាមវិធី​ដែល​ប្រសើរជាង ។

គ្រប់គ្រង​លើ​អារម្មណ៍​របស់​អ្នក

នៅ​ពេល​ដែល​អ្នក​បែរ​ទៅ​រក​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​បាន​ភាពរឹងមាំ​ខាងវិញ្ញាណ និង​អំណាច នោះ​ការយក​ឈ្នះ​លើ​ការប្រើប្រាស់​ការណ៍​អាសគ្រាម​ក៏​សម្រេច​បាន​ផងដែរ​តាមរយៈ​ការអភិវឌ្ឍ​ទម្លាប់​ថ្មីៗ​ដើម្បី​ជំនួស​លើ​ការប្រើប្រាស់​ការណ៍​អាសគ្រាម ។ ពេល​អ្នក​ពឹងផ្អែក​លើ​ព្រះអង្គ​សង្គ្រោះ នោះ​ទ្រង់​នឹង​ជួយ​អ្នក​ឲ្យ​ស៊ូទ្រាំ​នឹង​អារម្មណ៍​លំបាកៗ​បាន ។ នេះ​ជា​ដំណើរការ​មួយ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ផ្លាស់ប្ដូរ​គំនិត អារម្មណ៍ និង​ឥរិយាបថ​របស់​អ្នក ។ អ្នក​ក៏​អាច​ទូល​ដល់​ព្រះវរបិតាសួគ៌​ក្នុង​ការអធិស្ឋាន​ដើម្បី​មាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​អ្នក ហើយ​ទូលសូម​ឲ្យ​ទ្រង់​គាំទ្រ​ដល់​ការខិតខំ​របស់​អ្នក​ផង​ដែរ ។

ក្នុង​ការខិតខំ​ប្រឹងប្រែង​របស់​អ្នក​ដើម្បី​យក​ឈ្នះ​លើ​ការណ៍​អាសគ្រាម សូម​រៀន​ថា​វា​មិនអីទេ​នៅពេល​មាន​អារម្មណ៍​យ៉ាងខ្លាំង​ដោយ​មិន​ស្វែង​រក​ការធូរស្រាល​ភ្លាមៗ ។ ការធ្វើ​បែប​នេះ​យូរៗទៅ​នឹង​ជួយ​អ្នក​ផ្ដាច់​ការជំរុញ​ឲ្យ​មើល​ការណ៍​អាសគ្រាម​ពី​សកម្មភាព​នៃ​ការមើល​វា​ជាក់ស្តែង ។ អ្នក​នឹង​រៀន​ថា​អ្នក​គ្មាន​បញ្ហា​ទេ​ទោះជា​គ្មាន​ការណ៍​អាសគ្រាម​ក៏ដោយ ព្រោះ​អ្នក​នឹង​យក​ឈ្នះ​លើ​ការភ័យខ្លាច​ក្នុង​ការគ្រប់គ្រង​អារម្មណ៍​របស់​អ្នក ។

រឹតបន្តឹង​ការចូល​ដំណើរការ

ឧបករណ៍​របស់​អ្នក​មាន​កម្រិត​ផ្សេង​គ្នា​នៃ​ការចូល​ដំណើរការ ដែល​អាច​ជួយ​អ្នក​អភិវឌ្ឍ​ទម្លាប់​ល្អៗ​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា​បាន ។ បើ​ការប្រើប្រាស់​ការណ៍​អាសគ្រាម​គឺ​ជា​ការព្រួយ​បារម្ភ​មួយ​សម្រាប់​អ្នក សូម​និយាយ​ជាមួយ​ប្រធាន​បេសកកម្ម​របស់​អ្នក ។ គាត់​នឹង​ជួយ​អ្នក​សម្រេច​ចិត្ត​ថា តើ​អ្នក​អាច​ទទួល​បាន​ប្រយោជន៍​ពី​កម្រិត​ចូល​ដំណើរការ​ណា​មួយ​នៅ​លើ​ឧបករណ៍​របស់​អ្នក​ឬ​អត់ ។ ពេល​អ្នក​អភិវឌ្ឍ​ទម្លាប់​ដែល​ប្រសើរ​ជាង នោះ​កម្រិត​ចូល​ដំណើរការ​របស់​អ្នក​អាច​ត្រូវ​បាន​កែសម្រួល​ដើម្បី​បំពេញ​តម្រូវការ​របស់​អ្នក ។

រំឭក​ឡើងវិញ

សូម​ពិចារណា​អំពី​គំនិត​ខាងក្រោម​នេះ​ដើម្បី​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​លើ​ការប្រើប្រាស់​ការណ៍​អាសគ្រាម ៖

  • រក្សា​ការប្រុងប្រយ័ត្ន ចូរ​នៅ​ជិត​ព្រះវិញ្ញាណ​តាម​រយៈ​ទម្លាប់​ល្អៗ ហើយ​អនុវត្ត​ការប្រែចិត្ត​ជា​រៀងរាល់​ថ្ងៃ ។ សូម​ចាំ​ថា​ព្រះវរបិតា​សួគ៌​ស្រឡាញ់​អ្នក ហើយ​នឹង​ព្រះសណ្ដាប់ឮ​ការទូល​អង្វរ​របស់​អ្នក ។ ទ្រង់​នឹង​ការពារ ដឹកនាំ និង​គាំទ្រ​អ្នក​សូម្បី​តែ​នៅ​ពេល​ដែល​អ្នក​អាច​មាន​អារម្មណ៍​ថា​មិន​សក្តិសម​នឹង​សេចក្ដី​ស្រឡាញ់ និង​ជំនួយ​របស់​ទ្រង់​ក៏​ដោយ ។ ទ្រង់​នឹង​គង់​នៅ​ទី​នោះ​សម្រាប់​អ្នក​ជានិច្ច ។

  • សូម​ពិនិត្យ​មើល​ផ្នែក « សូម​ធ្វើតាម​វិធី​បង្ការ​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា » ជា​ទៀងទាត់ នៅក្នុង​ជំពូក​ទី ២ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង។ សូម​សិក្សា​ផ្នែក​នេះ​រៀងៗខ្លួន និង​ជាមួយ​ដៃគូ ជា​មណ្ឌល និង​ជា​ហ្សូន​របស់​អ្នក ។ ការធ្វើ​តាម​គោលការណ៍​ណែនាំ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​សុវត្ថិភាព រួមទាំង​ជួយ​អ្នក​អភិវឌ្ឍ​ទម្លាប់​ល្អៗ​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា ដែល​នឹង​បន្តមាន​បន្ទាប់ពី​ការបម្រើ​បេសកកម្ម​របស់​អ្នក ។

  • សូម​ពិនិត្យ​ឡើងវិញ​ជា​ទៀងទាត់​នូវ​មេរៀន​វិធី​បង្ការ​ដែល​មាន​ការកែតម្រូវ​ដើម្បី​បន្ត​រីក​ចម្រើន​ឡើង ។

  • តែងតែ​មាន​ផែនការ​សកម្មភាព ប្រៀប​ដូចជា​ក្រុម​កីឡា​រៀបចំ​សម្រាប់​ស្ថានការណ៍​ដែល​វា​អាច​ប្រឈម​ក្នុង​ការប្រកួត​ដែរ វា​សំខាន់​សម្រាប់​អ្នក​ក្នុង​ការមាន​ផែនការ​សកម្មភាព​មួយ​ដែល​អ្នក​អាច​ប្រើ នៅ​ពេល​ណា​ដែល​អ្នក​ជួប​នឹង​ការណ៍​អាសគ្រាម​ដោយ​អចេតនា ឬ​មាន​អារម្មណ៍​ថា​ត្រូវ​បាន​ល្បួង​ឲ្យ​មើល​វា ។ សូម​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​សកម្មភាព​របស់​អ្នក​ឲ្យបាន​ទៀងទាត់ ។

  • សូម​ប្រឹក្សា​ជាមួយ​ប្រធាន​បេសកកម្ម​របស់​អ្នក​ដើម្បី​សម្រេច​ចិត្ត​ថា តើ​កម្រិត​ចូល​ដំណើរការ​ទូរសព្ទ​មួយ​ណា​ក្នុង​ចំណោម​កម្រិត​ទាំង​បួន​គឺ​សម​បំផុត​សម្រាប់​អ្នក ។ ឧទាហរណ៍ អ្នក​អាច​ស្នើ​សុំ​កម្រិត​កាន់តែ​តឹងរឹង​ក្នុង​រយៈ​ពេល​មួយ ។ នៅ​ពេល​ដែល​អ្នក​ធ្វើការ​ជាមួយ​ប្រធាន​បេសកកម្ម​របស់​អ្នក នោះ​អ្នក​អាច​បង្កើត​ផែនការ​មួយ​ដើម្បី​ឆ្ពោះ​ទៅកាន់​កម្រិត​ចូល​ដំណើរការ​ដែល​កាន់​តែ​ប្រសើរ​ឡើង ។

  • សូម​ចូលទៅ​កាន់​ដំណើរ​របស់​អ្នក​ក្នុង​នាម​ជា​មនុស្ស​ម្នាក់​ដែល​កំពុង​រៀន និង​កំពុង​ទទួល​បាន​ជោគជ័យ​ដោយ​ប្រើ​ឧបសគ្គ​របស់​អ្នក​ជា​មធ្យោបាយ​ខិត​ទៅ​ជិត​ព្រះអង្គ​សង្គ្រោះ ហើយ​ក្លាយ​ជា​បុគ្គល​ដែល​ទ្រង់​សព្វព្រះទ័យ​ឲ្យ​អ្នក​ប្រែក្លាយ ។ « រៀន ប្រែចិត្ត និង​កែលម្អ សូមប្រើប្រាស់​បទពិសោធន៍​របស់​អ្នក ដើម្បី​បន្ត​រៀន​សូត្រ និង​កែលម្អ » ( ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ២២ ) ។

ធនធាន​បន្ថែម​ទាំងឡាយ

ផ្នែក ជួយ​ដល់​ជីវិត និង​ភាពខ្លួន​ទីពឹង​ខ្លួន នៃ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ( ឬ​តាម​អនឡាញ​នៅ ChurchofJesusChrist.org/study/life-help/pornography ) មាន​ធនធាន​ជាច្រើន​ទាក់ទង​នឹង​ការណ៍​អាសគ្រាម ។ អ្នក​អាច​រក​ឃើញ​គំនិត​ល្អៗ​ក្នុង​សៀវភៅ Help for Me ( ឆ្នាំ ២០១៩ គេហទំព័រ ChurchofJesusChrist.org ) ។ ជំពូក​ខាងក្រោម​នេះ​ចេញពី​សៀវភៅ​នោះ​អាច​មាន​ប្រយោជន៍​ជា​ពិសេស ៖

  • « Understanding Your Pornography Use »

  • « ហេតុអ្វី​បាន​ជា​ខ្ញុំ​មាន​អារម្មណ៍​មិនល្អ​យ៉ាងខ្លាំង​ចំពោះ​ខ្លួន​ឯង​ដូច្នេះ ? »

  • « ហេតុ​អ្វី​បាន​ជា​រឿង​នេះ​បន្ត​កើត​ឡើង ? »

  • « តើ​ការប្រើប្រាស់​ការណ៍​អាសគ្រាម​ប៉ះពាល់​ដល់​ខ្ញុំ​យ៉ាង​ដូចម្ដេច ? »

បោះពុម្ព