ការហៅ​ក្នុង​បេសកកម្ម
ការប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​ឆ្លាតវៃ ៖ ការទទួល​ខុសត្រូវ​លើ​ឧបករណ៍


ការប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​ឆ្លាតវៃ ៖ ការទទួល​ខុសត្រូវ​លើ​ឧបករណ៍

អភិវឌ្ឍ និង​ពង្រឹង​ទម្លាប់​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​របស់​អ្នក​ដោយ​បង្កើត​ឱកាស​ដើម្បី​បង្កើន​ការទទួល​ខុសត្រូវ​របស់​អ្នក​ចំពោះ​ខ្លួនឯង ដៃគូ​របស់​អ្នក ថ្នាក់ដឹកនាំ​បេសកកម្ម​របស់​អ្នក និង​ព្រះអម្ចាស់ ។ ទម្លាប់​ទាំងនេះ​នឹង​ប្រទាន​ពរ​ដល់​ការប្រើប្រាស់​បច្ចេកវិទ្យា​របស់​អ្នក​ក្នុង​អំឡុង​ពេល​បម្រើ​បេសកកម្ម​របស់​អ្នក និង​ពេញ​មួយ​ជីវិត​របស់​អ្នក ។

ការទទួលខុសត្រូវ ឬ « ទទួល​ខុសត្រូវ​ចំពោះ​សេចក្ដី​ប្ដេជ្ញា អាកប្បកិរិយា សេចក្ដី​ប៉ងប្រាថ្នា និង​សកម្មភាព​ទាំងឡាយ [ របស់​យើង ] ផ្ទាល់ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ការទទួលខុសត្រូវ » បណ្ណាល័យ​ដំណឹងល្អ ) គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រកប​ដោយ​ភាពឆ្លាតវៃ និង​អភិវឌ្ឍ​ទម្លាប់​ប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​សេចក្ដី​សុចរិត​ពេញមួយ​ជីវិត ។ បើ​គ្មាន​ការទទួល​ខុសត្រូវ​ទេ វា​ងាយស្រួល​ក្នុង​ការធ្លាក់ចូល​ទៅ​ក្នុង​ទម្លាប់​ប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​ខ្ជះខ្ជាយ​ពេលវេលា ឬ​គ្រោះថ្នាក់​ដោយ​មិន​ដឹង​ខ្លួន ។ ការកសាង​ទម្លាប់​វិជ្ជមាន​តម្រូវ​ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង និង​ត្រូវ​យល់​ដឹង​ដោយ​ខ្លួន​ឯង ។

អ្នក​អាច​បង្កើន​ការយល់ដឹង និង​សុវត្ថិភាព​របស់​អ្នក​តាម​រយៈ​មធ្យោបាយ​ជា​ច្រើន ៖ មុខងារ​គ្រប់គ្រង​ពេលវេលា ( ដូច​ជា​មុខងារ Digital Well-Being ) តម្រង​ឧបករណ៍ ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​វត្តមាន​របស់​អ្នក​ដទៃ និង​ការពិនិត្យ​មើល​ការទទួល​ខុសត្រូវ​លើ​ឧបករណ៍​ជាមួយ​ដៃគូ ឬ​អ្នក​ដទៃ​ទៀត ។ ( សូមមើល បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ, ៧.៥.២ ) ។

សូម​ស្វែងរក​ការណែនាំ​ពី​ថ្នាក់ដឹកនាំ​បេសកកម្ម និង​ដៃគូ​របស់​អ្នក​អំពី​របៀប​បង្កើន​ប្រសិទ្ធភាព និង​ភាពសុចរិត​របស់​អ្នក​ជាបន្តបន្ទាប់​ខណៈពេល​ដែល​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា ។ សូម​ធ្វើ​ការរំឭក​ឲ្យបាន​ញឹកញាប់ៗ​នូវ​ផ្នែក « សូម​ធ្វើតាម​វិធី​បង្ការ​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា » ក្នុង​ជំពូក​ទី ២ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទ្ទេសក៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ( ឆ្នាំ ២០២៣, ទំព័រ ២០–២២ ) និង​មេរៀន​កែសម្រួល​អំពី​វិធី​បង្ការ​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា ។ សូម​ធានា​ឲ្យ​បាន​ថា អ្នក​មាន​ផែនការ​សកម្មភាព​ដែល​ថ្មី​បំផុត ។ ( សូមមើល​ផ្នែក « បង្កើត និង​ធ្វើតាម​ផែនការ​សកម្មភាព » នៅក្នុង មគ្គុទ្ទេសក៍​ធនធាន​សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា ៖ ដំណោះស្រាយ​ការណ៍​អាសគ្រាម សូមមើល​ផងដែរ​នូវ​មេរៀន​អំពី​វិធី​បង្ការ​ដែល​បាន​កែសម្រួល ) ។

តើ​ខ្ញុំ​អាច​ទទួល​ខុសត្រូវ​កាន់តែ​ខ្លាំង​ចំពោះ​ខ្លួន​ខ្ញុំ និង​ចំពោះ​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

ស៊ិស្ទើរ លីនដា អេស រីវស៍ បាន​បង្រៀនថា « តម្រង​គឺជា​ឧបករណ៍​ការពារ​ដ៏មាន​ប្រយោជន៍ ប៉ុន្តែ​តម្រង​ដ៏​ធំបំផុត​ក្នុង​ពិភពលោក​នេះ ហើយជា​តម្រង​តែមួយ​គត់​ដែល​នឹង​មាន​ប្រសិទ្ធភាព គឺ​តម្រង​នៅ​ខាងក្នុង​ខ្លួន​មនុស្ស​ផ្ទាល់ ដែល​កើត​ចេញពី​ទីបន្ទាល់​ដ៏​ជ្រាលជ្រៅ និង​ខ្ជាប់ខ្ជួន​នៃ​ក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​យើង និង​ការបូជា​ដ៏ធួន​របស់​ព្រះអង្គ​សង្គ្រោះ​សម្រាប់​យើង​ម្នាក់ៗ » ( « Protection from Pornography—a Christ-Focused Home » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១៦ ) ។

សូម​ជួយ​ពង្រឹង​តម្រង​ផ្ទាល់ខ្លួន​របស់​អ្នក​តាម​វិធី​ដូច​ខាង​ក្រោម ៖

  • សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ឥឡូវ​នេះ ដើម្បី​ពង្រឹង​តម្រង​ផ្ទាល់​ខ្លួន​របស់​អ្នក ។

  • ការប្រើប្រាស់​មុខងារ Digital Well-Being ដែល​បាន​ភ្ជាប់​ជាមួយ​ទូរសព្ទ​របស់​អ្នក គឺ​ដើម្បី​គ្រប់គ្រង​ថា​តើ​អ្នក​ចំណាយ​ពេល​ប៉ុន្មាន​ទៅលើ​កម្មវិធី​ផ្សេងៗ ហើយ​ដើម្បី​កែសម្រួល​ការកំណត់​តាម​ដែល​ចាំបាច់ ។

  • សូម​ប្រៀបធៀប​ថា​តើ​អ្នក​ចំណាយ​ពេល​ប៉ុន្មាន​ក្នុង​កម្មវិធី​ផ្សេងៗ​ជាមួយ​នឹង​របៀប​ដែល​កម្មវិធី​ទាំងនេះ​ជួយ​អ្នក​ឲ្យ​ស្វែងរក​អំណរ និង​សម្រេច​គោលបំណង​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក ។

  • សូម​ជញ្ជឹងគិត​ក្នុង​ការអធិស្ឋាន​របស់​អ្នក​អំពី​ការប្រើប្រាស់​បច្ចេកវិទ្យា​របស់​អ្នក ។ សូម​កត់សម្គាល់​ពី​វិធី​ណា​មួយ​ដែល​អ្នក​មាន​អារម្មណ៍​ថា​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​ផ្លាស់ប្ដូរ ។

តើ​ខ្ញុំ​អាច​ទទួល​ខុសត្រូវ​កាន់តែ​ខ្លាំង​ទៅ​លើ​ដៃគូ និង​ថ្នាក់ដឹកនាំ​បេសកកម្ម​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព ៖

  • សូម​ពិនិត្យ​មើល​ការចុះផ្សាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​សារ​ជា​អក្សរ​ជា​ដៃគូ​មុន​ពេល​អ្នក​ផ្ញើចេញ ឬ​ចុះផ្សាយ ។

  • សូម​ប្រាកដ​ថា​ដៃគូ​របស់​អ្នក​ស្ថិតក្នុង​ទីតាំង​ដែល​អាច​មើល​ឃើញ​ទូរសព្ទ​របស់​អ្នក លើកលែង​តែ​ពេល​អ្នក​កំពុង​សន្ទនា​ជាលក្ខណៈ​ឯកជន​ជាមួយ​គ្រួសារ ឬ​អ្នក​ដឹកនាំ​បេសកកម្ម​របស់​អ្នក​ប៉ុណ្ណោះ ។

  • សូម​លើក​ទឹកចិត្តគ្នា​ទៅវិញ​ទៅមក​ដើម្បី​រស់នៅ​តាម​វិធី​បង្ការ​ទាំងបួន​ដែល​បាន​រៀបរាប់​នៅក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង​ ( ទំព័រ ២០–២១ ) ។

  • សូម​ពិនិត្យ​មើល​ឧបករណ៍​របស់​គ្នា​ទៅវិញ​ទៅមក ហើយ​ពិភាក្សា​អំពី​សំណួរ ឬ​ការព្រួយ​បារម្ភ​នានា ។

ការអនុវត្ត​ទាំងនេះ​អាច​បង្កើត​ទម្លាប់​នៃ​ការបើកចំហ​ដោយសារ « បញ្ហា​ស្ទើរតែ​ទាំងអស់​ដែល​ទាក់ទង​ទៅ​នឹង​អ៊ីនធឺណិត ឬ​ការណ៍អាសគ្រាម កើតឡើង​នៅ​ពេល​ដែល​អ្នក​នៅ​ដាច់​ដោយ​ឡែក​ពី​គេ » ( ប្រកាស​ដំណឹងល្អ​របស់​យើងទំព័រ ២១ ) ។

តើ​ខ្ញុំ​ធ្វើ​ការពិនិត្យ​ឡើងវិញ​នូវ​ការទទួល​ខុសត្រូវ​លើ​ឧបករណ៍​នៅ​ពេល​ណា ?

ដៃគូ​គប្បីពិនិត្យ​មើល​ឧបករណ៍​របស់​គ្នា​ទៅវិញ​ទៅមក​ជា​ទៀងទាត់ ។ ការពិនិត្យ​ឡើងវិញ​ទាំង​នេះ​អាច​ដាក់​បញ្ចូល​ទៅ​ក្នុង​ផែនការ​ប្រចាំ​សប្តាហ៍​របស់​អ្នក ។

ប្រកាស​ដំណឹងល្អ​របស់​យើង អញ្ជើញ​អ្នក​ឲ្យ « ជួយ​បេសកកម្ម​របស់​អ្នក​ឲ្យ​បង្កើត​ទម្លាប់​សាមគ្គីភាព ទំនុកចិត្ត ការទទួល​ខុសត្រូវ និង​សេចក្តី​មេត្តាករុណា ដើម្បី​ឲ្យ​អ្នក​ទាំងអស់​គ្នា​អាច​ពង្រឹង ហើយ​គាំទ្រ​ដល់​គ្នា​ទៅវិញ​ទៅមក » ( ទំព័រ ២១ ) ។

តើ​ខ្ញុំ​គប្បី​ពិនិត្យ​មើល​អ្វីខ្លះ​នៅលើ​ឧបករណ៍​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេងទៀត ?

នៅ​ពេល​ដែល​អ្នក​ពិនិត្យ​ឡើង​វិញ​នូវ​ឧបករណ៍​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​មួយ​ផ្សេងទៀត សូម​គោរព​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​គ្នា​ទៅវិញ​ទៅមក​ដោយ​មិន​មើល​អ៊ីមែល​ឯកជន ទិនានុប្បវត្តិ និង​កំណត់​ចំណាំ​នានា​ឡើយ ។ សូម​ពិចារណា​ដូច​ខាងក្រោម​ពេល​ដែល​អ្នក​ធ្វើ​ការពិនិត្យ​ឡើងវិញ ៖

  • តើ​ខ្ញុំ​ឃើញ​ភស្តុតាង​អ្វីខ្លះ​អំពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​វិជ្ជមាន និង​មាន​ប្រសិទ្ធភាព ?

  • តើ​ឧបករណ៍​នេះ​ជា​ទូរសព្ទ​ដែល​បាន​អនុម័ត​ថា​ត្រូវ​បាន​ចុះ​បញ្ជី​យ៉ាង​ត្រឹមត្រូវ​នៅ​ក្នុង​ការការពារ​របស់​សាសនាចក្រ​ដែរ​ឬ​ទេ ? ប្រសិនបើ​ទូរសព្ទ​ត្រូវបាន​ចុះបញ្ជី​ត្រឹមត្រូវ វានឹង​ប្រាប់​ថា « ឧបករណ៍​នេះ​ត្រូវបាន​គ្រប់គ្រង ( ឬ​កាន់កាប់ )​ដោយ​អង្គការ​របស់​អ្នក » នៅលើ​អេក្រង់​ចាក់សោ ។

  • ពិនិត្យ និង​ពិភាក្សា​អំពី​ស្ថិតិ Digital Well-Being ថ្មី​ៗ​របស់​ឧបករណ៍​នោះ ។ ពិភាក្សា​អំពី​អ្វី​ដែល​ដំណើរការ​បាន​ល្អ និង​ឧបសគ្គ​អ្វី​ដែល​ពួកគេ​អាច​នឹង​ប្រឈម​មុខ ។ សូម​សួរ​ពី​របៀប​ដែល​អ្នក ឬ​ថ្នាក់ដឹកនាំ​បេសកកម្ម​របស់​អ្នក​អាច​ជួយ​និង​ផ្ដល់​ការ​គាំទ្រ​បាន​ល្អ​បំផុត ។

ប្រសិនបើ​យើង​ប្រើ​ឧបករណ៍​រួមគ្នា តើ​ដៃគូ​របស់​ខ្ញុំ និង​ខ្ញុំ​អាច​ពិនិត្យ​មើល​ឧបករណ៍​ដោយ​របៀប​ណា ?

ប្រសិន​បើ​អ្នក​បម្រើ​ក្នុង​បេសកកម្ម​នៅ​កន្លែង​ដែល​អ្នក និង​ដៃគូ​របស់​អ្នក​ត្រូវ​ប្រើ​ទូរសព្ទ​រួមគ្នា អ្នក​អាច​ពិនិត្យ​ឡើងវិញ​នូវ​ចំណុច​ដូច​គ្នា​ដែល​បាន​រៀបរាប់​នៅ​ខាងលើ​ជាមួយ​គ្នា ឬ​សុំ​ដៃគូ​ផ្សេងទៀត​ដើម្បី​ពិនិត្យ​មើល​ទូរសព្ទ​របស់​អ្នក ។

ចុះ​បើ​ខ្ញុំ​រក​ឃើញ​អ្វី​មួយ​ដែល​គួរឲ្យ​ព្រួយបារម្ភ​នៅលើ​ឧបករណ៍ ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត តើ​ត្រូវ​ធ្វើ​ដូចម្ដេច ?

សូម​ប្រុង​ប្រយ័ត្ន និង​ពិចារណា​នៅ​ពេល​ដែល​អ្នក​ពិនិត្យ​ឡើង​វិញ​នូវ​ឧបករណ៍​របស់​អ្នកផ្សព្វផ្សាយ​សាសនា​មួយ​ផ្សេងទៀត ។ ប្រសិន​បើ​អ្នក​ឃើញ​អ្វី​មួយ​ដែល​គួរឲ្យ​ព្រួយបារម្ភ អ្នក​អាច​សួរ​អ្នកផ្សព្វផ្សាយ​សាសនា​នូវ​សំណួរ​មូលដ្ឋាន​មួយ​ចំនួន​តាមរបៀប​ដែល​មិន​គំរាមកំហែង និង​មិនមាន​ការវិនិច្ឆ័យ​ឡើយ ។ ផ្តល់​ឱកាស​ឲ្យ​ពួកគេ​ដើម្បី​ទទួល​ខុសត្រូវ ដោយ​ស្នើ​សុំ​ជំនួយ​ពី​ប្រធាន​បេសកកម្ម​របស់​ពួក​គេ ។ បង្ហាញ​សេចក្តី​ស្រឡាញ់ និង​ការគាំទ្រ ។ ប្រសិន​បើ​អ្នក​នៅ​តែ​មាន​អារម្មណ៍​ព្រួយ​បារម្ភ​បន្ទាប់​ពី​និយាយ​ជាមួយ​អ្នក​ផ្សព្វផ្សាយ​សាសនា ឬ​ពួកគេ​មិន​ចង់​ពិភាក្សា​អំពី​បញ្ហា​នេះ​ជាមួយ​ប្រធាន​បេសកកម្ម​របស់​អ្នក សូម​សុំ​ប្រធាន​បេសកកម្ម​របស់​អ្នក​ឲ្យ​ជួយ ។

កុំ​ចែកចាយ​បញ្ហា​ឯកជន​ជាមួយ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ដទៃ​ទៀត​ឲ្យសោះ ( សូម​មើល​ផ្នែក « រួមគ្នា​តែ​មួយ » ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ២១ ) ។ ប្រសិន​បើ​អ្វី​ដែល​អ្នក​រក​ឃើញ​នៅ​លើ​ឧបករណ៍​របស់​ដៃគូ​គឺ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន ឬ​រំខាន​ដល់​អ្នក វា​សំខាន់​ក្នុង​ការមាន​ស្មោះត្រង់ ហើយ​ស្វែងរក​ជំនួយ​ពី​អ្នក​ដទៃ ។ សូម​ទាក់ទង​ទៅ​ប្រធាន​បេសកកម្ម​របស់​អ្នក​ដើម្បី​គាំទ្រ ។

បោះពុម្ព