« រៀបចំខ្លួនអ្នកខាងវិញ្ញាណ » ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ បង្រៀនដោយព្រះវិញ្ញាណ ( ឆ្នាំ២០២៣ )
« រៀបចំខ្លួនអ្នកខាងវិញ្ញាណ » ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ បង្រៀនដោយព្រះវិញ្ញាណ
គោលការណ៍ទាំងឡាយនៃការបង្រៀនដូចជាព្រះគ្រីស្ទ ៖ បង្រៀនដោយព្រះវិញ្ញាណ
រៀបចំខ្លួនអ្នកខាងវិញ្ញាណ ។
ជំនាញ
ប្រើឯកសារ « ការកែលម្អឲ្យបានប្រសើរឡើងក្នុងនាមជាគ្រូបង្រៀនដូចជាព្រះគ្រីស្ទ—ការវាយតម្លៃផ្ទាល់ខ្លួន » ដើម្បីយាងព្រះវិញ្ញាណបរិសុទ្ធឲ្យជួយអ្នកកែលម្អការរៀបចំខ្លួនបង្រៀនរបស់អ្នក ។
កំណត់និយមន័យ
បន្ទាប់ពីអ្នករៀបចំមេរៀននីមួយៗហើយ សូមចូលទៅ « ការកែលម្អឲ្យបានប្រសើរឡើងក្នុងនាមជាគ្រូបង្រៀនដូចជាព្រះគ្រីស្ទ—ការវាយតម្លៃផ្ទាល់ខ្លួន » នៅក្នុងផ្នែកទី ៣ នៃ ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។ សូមពិចារណាថា តើសេចក្តីថ្លែងការណ៍នីមួយៗនៅក្នុងការវាយតម្លៃនេះពិពណ៌នាអំពីបទពិសោធន៍រៀនសូត្ររបស់អ្នកបានល្អប៉ុនណាដែរ ។ បន្ទាប់មក ពេលបានដឹកនាំដោយព្រះវិញ្ញាណ សូមអធិស្ឋានជ្រើសរើសចំណុចមួយចំនួនដែលអ្នកចង់កែលម្អនៅក្នុងផែនការមេរៀននេះ ហើយធ្វើការផ្លាស់ប្តូរ ។
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បានចែកចាយការសន្យាខាងក្រោមអំពីការប្រើការវាយតម្លៃនេះថា ៖ « វានឹងដឹកនាំទៅរកការឆ្លុះបញ្ចាំង បើកបង្ហាញចំណុចខ្វះខាត ហើយបំផុសឲ្យមានការបំផុសគំនិតអំពីរបៀបដែលយើងអាចកែលម្អ ។ … ការវាយតម្លៃផ្ទាល់ខ្លួននេះអាចជាពរជ័យដ៏ធំមួយ—នៅថ្ងៃនេះ និងរាល់ពេលដែលយើងរៀបចំខ្លួនដើម្បីបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ » ( « បញ្ជីត្រួតពិនិត្យរបស់គ្រូបង្រៀន » [ ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ជាមួយអែលឌើរ អុជដូហ្វ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ] នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
គំរូ
បន្ទាប់ពីបងស្រី អូលសិន បញ្ចប់ផែនការមេរៀនរបស់គាត់ គាត់បើកទៅរកឯកសារ « ការកែលម្អឲ្យបានប្រសើរឡើងក្នុងនាមជាគ្រូបង្រៀនដូចជាព្រះគ្រីស្ទ—ការវាយតម្លៃផ្ទាល់ខ្លួន » ។ គាត់សិក្សាផ្នែកនីមួយៗនៃការវាយតម្លៃនេះប្រកបដោយការអធិស្ឋាន ហើយជ្រើសរើសការឆ្លើយតបដែលសមរម្យសម្រាប់សេចក្តីថ្លែងការណ៍នីមួយៗ ។ គាត់មើលឃើញកន្លែងមួយនៅក្នុងមេរៀនរបស់គាត់ ដែលគាត់អាចប្រើប្រសាសន៍របស់ព្យាការីបានប្រសើរជាងមុន ដើម្បីបង្រៀនសេចក្តីពិតដែលពួកគេនឹងរៀន ។
បងប្រុស សូស៊ី កំពុងតែរៀបចំមេរៀនអំពីការអញ្ជើញឲ្យរៀនសូត្រដោយឧស្សាហ៍ព្យាយាមនៅក្នុងមេរៀនរបស់គាត់ ។ បន្ទាប់ពីគាត់រៀបចំមេរៀននោះហើយ គាត់បើកទៅ « ការកែលម្អឲ្យបានប្រសើរឡើងក្នុងនាមជាគ្រូបង្រៀនដូចជាព្រះគ្រីស្ទ—ការវាយតម្លៃផ្ទាល់ខ្លួន » ដើម្បីវាយតម្លៃអំពីការរៀបចំខ្លួនរបស់គាត់នៅក្នុងផ្នែកនេះ ។ គាត់វាយតម្លៃមេរៀនរបស់គាត់ដូចតទៅនេះ ៖
គាត់សម្រេចចិត្តថា គាត់អាចសួរសំណួរមួយដែលលើកទឹកចិត្តសិស្សឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទ ពេលពួកគេសិក្សាព្រះគម្ពីរជារៀងរាល់ថ្ងៃ ហើយធ្វើការផ្លាស់ប្តូរនៅក្នុងមេរៀនរបស់គាត់ ។
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អនុវត្ត
-
តើការកែតម្រូវអ្វីខ្លះដែលអ្នកអាចធ្វើបាននៅក្នុងផែនការមេរៀនរបស់អ្នក ប្រសិនបើការវាយតម្លៃផ្ទាល់ខ្លួនរបស់អ្នកមើលទៅដូចខាងក្រោមនេះ ៖
-
សូមវាយតម្លៃផែនការមេរៀនបន្ទាប់របស់អ្នកដោយប្រើ « ការកែលម្អឲ្យបានប្រសើរឡើងក្នុងនាមជាគ្រូបង្រៀនដូចជាព្រះគ្រីស្ទ—ការវាយតម្លៃផ្ទាល់ខ្លួន » ។ សូមពិចារណាប្រកបដោយការអធិស្ឋានថា តើសេចក្តីថ្លែងការណ៍នីមួយៗក្នុងការវាយតម្លៃនេះពិពណ៌នាអំពីបទពិសោធន៍រៀនសូត្រដែលអ្នកបានរៀបចំនោះបានល្អប៉ុនណាដែរ ។ បន្ទាប់មក ពេលបានដឹកនាំដោយព្រះវិញ្ញាណ សូមជ្រើសរើសអ្វីដែលអ្នកចង់កែលម្អនៅក្នុងផែនការមេរៀននេះ ហើយធ្វើការផ្លាស់ប្តូរ ។
ពិភាក្សា ឬជញ្ជឹងគិត
-
តើការអនុវត្តបែបនេះនឹងដឹកនាំទៅរកការឆ្លុះបញ្ចាំង បើកបង្ហាញចំណុចខ្វះខាត ហើយបំផុសឲ្យមានការបំផុសគំនិតអំពីរបៀបដែលយើងអាចកែលម្អដោយរបៀបណា ?
-
តើអ្វីទៅជាអត្ថប្រយោជន៍នៃការប្រើប្រាស់ឯកសារវាយតម្លៃលើផែនការមេរៀននីមួយៗដែលអ្នករៀបចំ ?
រួមបញ្ចូល
-
សូមរៀបចំផែនការរបៀបដែលអ្នកនឹងប្រើ « ការកែលម្អឲ្យបានប្រសើរឡើងក្នុងនាមជាគ្រូបង្រៀនដូចជាព្រះគ្រីស្ទ—ការវាយតម្លៃផ្ទាល់ខ្លួន » ជាមួយផែនការមេរៀននីមួយៗដែលអ្នករៀបចំ ។
តើចង់បានបន្ថែមទៀតទេ ?
-
ឌៀថើរ អេហ្វ អុជដូហ្វ « បញ្ជីត្រួតពិនិត្យរបស់គ្រូបង្រៀន » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ជាមួយអែលឌើរ អុជដូហ្វ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ) នៅលើគេហទំព័រ ChurchofJesusChrist.org
-
« ការកែលម្អឲ្យបានប្រសើរឡើងក្នុងនាមជាគ្រូបង្រៀនដូចជាព្រះគ្រីស្ទ—ការវាយតម្លៃផ្ទាល់ខ្លួន » ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ( ឆ្នាំ២០២២ ) ទំព័រ ៣៧
ជំនាញ
សួរសំណួរដើម្បីវាយតម្លៃបទពិសោធន៍ និងទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកជាមួយនឹងព្រះយេស៊ូវគ្រីស្ទ និងគោលលទ្ធិ និងគោលការណ៍នៅក្នុងមេរៀន ។
កំណត់និយមន័យ
ដើម្បីរៀបចំខ្លួនខាងវិញ្ញាណ អ្នកអាចជញ្ជឹងគិតអំពីបទពិសោធន៍ និងទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងគោលលទ្ធិ ឬគោលការណ៍ដែលបានបង្រៀននៅក្នុងមេរៀន ។ នៅពេលដែលអ្នកផ្អាក និងជញ្ជឹងគិតអំពីបទពិសោធន៍ និងទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នក នោះអ្នកនឹងមានទំនុកចិត្តកាន់តែខ្លាំងក្នុងការឈរជាសាក្សីសម្រាប់ព្រះយេស៊ូវគ្រីស្ទ ហើយ « ព្រះវិញ្ញាណបរិសុទ្ធនឹងត្រូវចាត់ឲ្យមក ដើម្បីថ្លែងទីបន្ទាល់អំពីអ្វីៗទាំងអស់ ដែលអ្នករាល់គ្នាត្រូវនិយាយ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១០០:៨ ) ។ ក្នុងអំឡុងពេលរៀបចំខ្លួន អ្នកអាចផ្អាកបន្តិច ហើយសួរសំណួរដែលជួយអ្នកឲ្យជញ្ជឹងគិត ។ ខាងក្រោមនេះជាឧទាហរណ៍នៃសំណួរដែលអ្នកអាចសួរខ្លួនឯងបាន ៖
-
តើខ្ញុំមានអារម្មណ៍បែបណាចំពោះគោលការណ៍នេះ ?
-
តើខ្ញុំមានបទពិសោធន៍អ្វីខ្លះជាមួយនឹងគោលការណ៍នេះ ?
-
តើព្រះអង្គសង្គ្រោះបានជួយខ្ញុំឲ្យរៀន និងរស់នៅតាមគោលការណ៍នេះដោយរបៀបណា ?
-
ប្រសិនបើខ្ញុំត្រូវធ្វើទីបន្ទាល់អំពីគោលការណ៍នេះ តើខ្ញុំនឹងប្រកាសអ្វីខ្លះ ហើយហេតុអ្វី ?
គំរូ និងការអនុវត្តខាងក្រោមនេះគឺជាឧទាហរណ៍ទូទៅ ។ ការបំពាក់បំប៉ននឹងកាន់តែមានប្រសិទ្ធភាព ប្រសិនបើគំរូ និងឱកាសអនុវត្តត្រូវបានផ្សារភ្ជាប់ទៅនឹងមេរៀនបន្ទាប់ ដែលនឹងត្រូវបានបង្រៀននៅក្នុងកម្មវិធីសិក្សា ។
គំរូ
បងប្រុស អាលម៉ៃដា កំពុងរៀបចំមេរៀនមួយ ហើយស្វែងរកគោលការណ៍ដូចខាងក្រោមនេះ ជាគោលការណ៍មួយដែលគាត់អាចជួយសិស្សឲ្យស្វែងយល់ និងយល់ដឹង ៖ « នៅពេលយើងទទួលទានសាក្រាម៉ង់ ហើយចងចាំព្រះអង្គសង្គ្រោះជានិច្ច នោះយើងនឹងមានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយនឹងយើង » ។
បងប្រុស អាលម៉ៃដា ផ្អាកបន្តិចដើម្បីពិចារណាអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ដោយសួរខ្លួនឯងថា « តើខ្ញុំមានបទពិសោធអ្វីខ្លះ នៅពេលដែលខ្ញុំបានព្យាយាមចងចាំព្រះអង្គសង្គ្រោះ នៅពេលទទួលទានសាក្រាម៉ង់ ? »
ពេលបងប្រុស អាលម៉ៃដា ពិចារណាអំពីសំណួរនេះ គាត់យល់ថា ការចងចាំ និងការគិតអំពីព្រះអង្គសង្គ្រោះក្នុងអំឡុងពេលពិធីសាក្រាម៉ង់បានជួយគាត់ឲ្យមានអារម្មណ៍ពីព្រះចេស្តាដ៏ខ្លាំងក្លានៃការអភ័យទោស និងការព្យាបាលតាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អនុវត្ត
សូមចំណាយពេលមួយភ្លែតដើម្បីពិចារណាអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកជាមួយនឹងព្រះយេស៊ូវគ្រីស្ទ និងទីបន្ទាល់អំពីទ្រង់សម្រាប់គោលលទ្ធិ និងគោលការណ៍នីមួយៗនៅក្នុងបញ្ជីខាងក្រោម ៖
-
ប្រសិនបើយើងគោរពតាមព្រះបញ្ញត្តិរបស់ព្រះ នោះព្រះនឹងប្រទានពរដល់យើងទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ។
-
គោលការណ៍មួយចេញពីមេរៀនបន្ទាប់ដែលអ្នកនឹងបង្រៀន ។
ពិភាក្សា ឬជញ្ជឹងគិត
-
តើអ្នកបានរៀន ឬទទួលអារម្មណ៍អ្វីខ្លះ ពេលអ្នកបានអនុវត្ត ?
-
តើអ្នកអាចបង្រៀនគោលការណ៍ និងគោលលទ្ធិនៅក្នុងមេរៀនរបស់អ្នកឲ្យកាន់តែមានប្រសិទ្ធភាពជាងមុនដោយរបៀបណា នៅពេលអ្នកអនុវត្តជំនាញនេះ ?
រួមបញ្ចូល
-
រាល់ពេលដែលអ្នករៀបចំមេរៀន សូមផ្អាកបន្តិច ហើយពិចារណាអំពីបទពិសោធន៍ និងទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកជាមួយនឹងព្រះយេស៊ូវគ្រីស្ទ និងគោលលទ្ធិ និងគោលការណ៍ក្នុងមេរៀន ។
តើចង់បានបន្ថែមទៀតទេ ?
-
« ព្រះអង្គសង្រ្គោះបានរៀបចំព្រះកាយទ្រង់ខាងវិញ្ញាណដើម្បីបង្រៀន » នៅក្នុង « បង្រៀនដោយព្រះវិញ្ញាណ » ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ( ឆ្នាំ២០២២ ) បណ្ណាល័យដំណឹងល្អ
-
អាលម៉ា ៥:៤៥–៤៦ ( អាលម៉ាបានជញ្ជឹងគិតអំពីទីបន្ទាល់របស់លោកផ្ទាល់ )