ព្រះគម្ពីរ
នីហ្វៃ ទី ១ 6


ជំពូក​ទី ៦

នីហ្វៃ​សរសេរ​កិច្ចការ​ទាំង​ឡាយ​នៃ​ព្រះ — គោលបំណង​របស់​នីហ្វៃ គឺ​ទៅ​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​មក​រក​ព្រះ​នៃ​អ័ប្រាហាំ ហើយ​បាន​សង្គ្រោះ។ ប្រមាណ​ជា​ឆ្នាំ ៦០០–៥៩២ ម.គ.ស.។

ហើយ​ឥឡូវ​នេះ ខ្ញុំ នីហ្វៃ មិន​រៀបរាប់​អំពី​ពង្សាវតារ​របស់​ពួក​អយ្យកោ​ខ្ញុំ នៅ​ក្នុង​ផ្នែក​នៃ​បញ្ជី​របស់​ខ្ញុំ​ទេ ក៏​ដូច​ជា​នៅ​ក្នុង​ពេល​ក្រោយៗ​ដែរ ដែល​ខ្ញុំ​នឹង​មិន​រៀបរាប់​អំពី​ពង្ស​សាវតារ នៅ​លើ​ផ្ទាំង​ទាំង​ឡាយ ដែល​ខ្ញុំ​កំពុង​សរសេរ​នេះ​ឡើយ ត្បិត​ពង្ស​សាវតារ​នោះ​មាន​នៅ​ក្នុង​បញ្ជី ដែល​បាន​កត់​ដោយ​ឪពុក​ខ្ញុំ​ហើយ ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​មិន​សរសេរ​ពី​ពង្ស​សាវតារ​នោះ​ក្នុង​បញ្ជី​នេះ​ឡើយ។

ត្បិត​ល្មម​ហើយ ដែល​ខ្ញុំ​គ្រាន់​តែ​និយាយ​ថា យើង​ជា​ពូជពង្ស​ទាំង​ឡាយ​របស់​យ៉ូសែប​ប៉ុណ្ណោះ។

ហើយ​វា​មិន​ជា​សំខាន់​អ្វី​ដល់​ខ្ញុំ​ទេ ដែល​ខ្ញុំ​ត្រូវ​រៀបរាប់ ជាពិសេស អំពី​ដំណើររឿង​ទាំងអស់​របស់​ឪពុក​ខ្ញុំ ត្បិត​រឿង​ទាំង​នោះ មិន​អាច​យក​មក​សរសេរ​នៅ​ក្នុង​ផ្ទាំង​ទាំង​នេះ​បាន​ឡើយ ព្រោះ​ខ្ញុំ​ចង់​ទុក​ចន្លោះ សម្រាប់​សរសេរ​នូវ​រឿង​ទាំង​ឡាយ​នៃ​ព្រះ​វិញ។

ត្បិត​ភាព​ពារពេញ​នៃ​ចេតនា​របស់​ខ្ញុំ គឺ​ដើម្បី​ឲ្យ​ខ្ញុំ​អាច​បញ្ចុះបញ្ចូល​មនុស្ស ឲ្យ​មក​រក​ព្រះ​នៃ​អ័ប្រាហាំ និង​ព្រះ​នៃ​អ៊ីសាក និង​ព្រះ​នៃ​យ៉ាកុប ហើយ​បាន​សង្គ្រោះ។

ហេតុ​ដូច្នោះ​ហើយ អ្វីៗ​ដែល​ផ្គាប់ចិត្ត​ដល់​មនុស្ស​លោក នោះ​ខ្ញុំ​មិន​សរសេរ​ទេ ប៉ុន្តែ​ខ្ញុំ​សរសេរ​អំពី​អ្វីៗ​ដែល​សព្វ​ព្រះហឫទ័យ​ដល់​ព្រះ ហើយ​គាប់ចិត្ត​ដល់​អស់​អ្នក​ណា ដែល​មិនមែន​ជា​របស់​ផង​លោកិយ​នោះ​វិញ។

ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​នឹង​បញ្ជា​ដល់​ពូជ​របស់​ខ្ញុំ ថា​ពួក​គេ​មិន​ត្រូវ​ឆ្លាក់​នៅ​លើ​ផ្ទាំង​ទាំង​នេះ នូវ​អ្វីៗ​ដែល​គ្មាន​ប្រយោជន៍​ដល់​កូន​ចៅ​មនុស្ស​ឡើយ៕