ព្រះគម្ពីរ
នីហ្វៃ ទី ១ 19


ជំពូក​ទី ១៩

នីហ្វៃ​ធ្វើ​ផ្ទាំង​ទាំង​ឡាយ​អំពី​លោហធាតុ ហើយ​កត់ត្រា​ប្រវត្តិ​នៃ​ប្រជាជន​លោក — ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​នឹង​យាង​មក​រវាង ៦០០ ឆ្នាំ​ពី​ពេល​ដែល​លីហៃ​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម​មក — នីហ្វៃ​រៀបរាប់​អំពី​សេចក្ដី​ទុក្ខលំបាក និង​ការ​ឆ្កាង​របស់​ទ្រង់ — ពួក​សាសន៍​យូដា​នឹង​ត្រូវ​គេ​មើលងាយ ហើយ​ត្រូវ​ខ្ចាត់ខ្ចាយ រហូត​ដល់​គ្រា​ចុង​ក្រោយ ពេល​នោះ​ពួក​គេ​នឹង​ត្រឡប់​មក​រក​ព្រះ​អម្ចាស់​វិញ។ ប្រមាណ​ជា​ឆ្នាំ ៥៨៨–៥៧០ ម.គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​ខ្ញុំ ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​បាន​ធ្វើ​ផ្ទាំង​ទាំង​ឡាយ​ពី​លោហធាតុ ដើម្បី​ខ្ញុំ​អាច​ឆ្លាក់​នៅ​លើ​នោះ​នូវ​ជីវប្រវត្តិ​នៃ​ប្រជាជន​ខ្ញុំ។ ហើយ​នៅ​លើ​ផ្ទាំង​ទាំង​ឡាយ​ដែល​ខ្ញុំ​បាន​ធ្វើ នោះ​ខ្ញុំ​បាន​ឆ្លាក់​នូវ​បញ្ជី​របស់​ឪពុក​ខ្ញុំ និង​អំពី​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ទីរហោស្ថាន​របស់​យើង​ផង ព្រម​ទាំង​ពាក្យ​ព្យាករណ៍​ទាំង​ឡាយ​របស់​ឪពុក​ខ្ញុំ​ដែរ ហើយ​ព្រម​ទាំង​ពាក្យ​ព្យាករណ៍​ជាច្រើន​របស់​ខ្ញុំ​ផង ដែល​ខ្ញុំ​បាន​ឆ្លាក់​នៅ​លើ​ផ្ទាំង​ទាំង​នោះ។

ហើយ​នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​ផ្ទាំង​នោះ ខ្ញុំ​មិន​ដឹង​ទេ​ថា ខ្ញុំ​នឹង​ត្រូវ​ព្រះ​អម្ចាស់​បញ្ជា​ឲ្យ​ធ្វើ​ផ្ទាំង​ទាំង​នេះ ហេតុ​ដូច្នោះ​ហើយ បញ្ជី​របស់​ឪពុក​ខ្ញុំ និង​ពង្សាវតារ​របស់​ពួក​អយ្យកោ​របស់​លោក ហើយ​នឹង​ភាគច្រើន​នៃ​អស់​ទាំង​ដំណើរការ​របស់​យើង​នៅ​ក្នុង​ទីរហោស្ថាន នោះ​ត្រូវ​បាន​ឆ្លាក់​ត្រា​ទុក​នៅ​លើ​ផ្ទាំង​ដំបូង​ទាំង​នោះ ដែល​ខ្ញុំ​បាន​ពោល​ដល់ ហេតុ​ដូច្នោះ​ហើយ រឿង​ទាំង​ឡាយ​ដែល​កើត​ឡើង មុន​ពេល​ខ្ញុំ​ធ្វើ​ផ្ទាំង​ទាំង​នេះ គឺ​តាម​ពិត បាន​ពោល​ដល់​នៅ​លើ​ផ្ទាំង​ដំបូង​ច្រើន​ជាង។

ហើយ​បន្ទាប់ពី​ខ្ញុំ​បាន​ធ្វើ​ផ្ទាំង​ទាំង​នេះ តាម​រយៈ​ការ​បញ្ជា​ហើយ នោះ​ខ្ញុំ នីហ្វៃ បាន​ទទួល​បញ្ជា​មួយ​ថា ការងារ​បម្រើ និង​ពាក្យ​ព្យាករណ៍​ទាំង​ឡាយ​នៃ​ភាគ​ដ៏​ច្បាស់ ហើយ​ពិសេសៗ ត្រូវ​យក​មក​សរសេរ​នៅ​លើ​ផ្ទាំង​ទាំង​នេះ ហើយ​រឿង​ទាំង​ឡាយ​ដែល​បាន​សរសេរ​ទុក​នោះ​ត្រូវ​រក្សាទុក​សម្រាប់​ការ​បង្រៀន​ដល់​ប្រជាជន​ខ្ញុំ ដែល​នឹង​បាន​ទទួល​ដែនដី​នោះ ហើយ​សម្រាប់​ប្រយោជន៍​ផ្សេងៗ​ទៀត​ផង ជា​ប្រយោជន៍​ទាំង​ឡាយ​ដែល​ព្រះ​អម្ចាស់​ទ្រង់​ជ្រាប។

ហេតុ​ដូច្នោះ​ហើយ ខ្ញុំ នីហ្វៃ បាន​ធ្វើ​បញ្ជី​មួយ​នៅ​លើ​ផ្ទាំង​ផ្សេង​ទៀត ដែល​មាន​ដំណើរ​រឿង ឬ​មាន​ដំណើរ​រឿង​ជាច្រើន​អំពី​សង្គ្រាម​ទាំង​ឡាយ និង​ការ​ទាស់ទែង​គ្នា​ទាំង​ឡាយ និង​សេចក្ដី​បំផ្លិចបំផ្លាញ​ទាំង​ឡាយ​នៃ​ប្រជាជន​ខ្ញុំ។ ហើយ​ការណ៍​នេះ​ហើយ​ដែល​ខ្ញុំ​បាន​ធ្វើ ហើយ​បាន​បញ្ជា​ប្រជាជន​ខ្ញុំ​ថា ពួក​គេ​ត្រូវ​ធ្វើ​យ៉ាង​ណា បន្ទាប់ពី​ខ្ញុំ​ស្លាប់​ទៅ ហើយ​ថា​ផ្ទាំង​ទាំង​នេះ ត្រូវ​ប្រគល់​ត​ពី​តំណ​មួយ​ទៅ​តំណ​មួយ​ទៀត ឬ​ពី​ព្យាការី​មួយ​ទៅ​ព្យាការី​មួយ​ទៀត រហូតដល់​បាន​ទទួល​បញ្ជា​ទាំង​ឡាយ​ពី​ព្រះ​អម្ចាស់​ថ្មី​ទៀត។

ហើយ​ដំណើរ​រឿង​អំពី​ការ​ដែល​ខ្ញុំ​ធ្វើ​ផ្ទាំង​ទាំង​នេះ នឹង​ត្រូវ​បាន​ប្រាប់​ពី​អំណឹះ​ត​ទៅ ហើយ​ខណៈ​នោះ មើល​ចុះ ខ្ញុំ​និយាយ​ត​ទៅ​ទៀត​នូវ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​មក ហើយ​ការណ៍​នេះ​ហើយ​ដែល​ខ្ញុំ​ធ្វើ ដើម្បី​ឲ្យ​ការណ៍​ទាំង​ឡាយ​ដែល​ពិសិដ្ឋ​លើសលែង​ទៅ​ទៀត នឹង​ត្រូវ​បាន​រក្សា​ទុក សម្រាប់​ជា​ដំណឹង​អំពី​ប្រជាជន​ខ្ញុំ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ខ្ញុំ​មិន​សរសេរ​រឿង​អ្វី​នៅ​លើ​ផ្ទាំង​ទាំង​នេះ​ទេ លើក​លែង​តែ​រឿង​ណា​ដែល​ខ្ញុំ​គិត​ថា​ពិសិដ្ឋ​ប៉ុណ្ណោះ។ ហើយ​ឥឡូវ​នេះ បើ​ខ្ញុំ​ធ្វើ​ខុស គឺ​សូម្បីតែ​មនុស្ស​ដើម​ក៏​បាន​ធ្វើ​ខុស​ដែរ ខ្ញុំ​នឹង​មិន​ដោះសា​ខ្លួន​ឯង​ដោយ​សារ​អ្នក​ដទៃ​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​ភាព​ទន់ខ្សោយ ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ ស្រប​តាម​សាច់ឈាម នោះ​ទើប​ខ្ញុំ​ដោះសា​ខ្លួន​ខ្ញុំ​វិញ។

ត្បិត​រឿង​ទាំង​ឡាយ​ដែល​អ្នក​ខ្លះ​រាប់​ថា​តម្លៃ​ដ៏​មហិមា គឺ​ដល់​ទាំង​រូប​កាយ និង​ដល់​ព្រលឹង​ដែរ នោះ​មាន​អ្នក​ផ្សេង​ទៀត​ចាត់​ទុក​ថា គ្មាន​តម្លៃ​អ្វី​សោះ ហើយ​យក​មក​ជាន់​ឈ្លី​នៅ​ក្រោម​ជើង​របស់​ពួក​គេ។ មែន​ហើយ សូម្បីតែ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ក៏​មនុស្ស​យក​មក ជាន់​ឈ្លី​នៅ​ក្រោម​ជើង​របស់​ពួក​គេ​ដែរ ខ្ញុំ​ថា ជាន់​ឈ្លី​នៅ​ក្រោម​ជើង​របស់​ពួក​គេ ប៉ុន្តែ​ខ្ញុំ​ចង់​និយាយ​ម្យ៉ាង​ទៀត​ថា — ពួក​គេ​ចាត់​ទុក​ទ្រង់​ថា​គ្មាន​តម្លៃ​អ្វី​សោះ ហើយ​មិន​ប្រុង​ស្ដាប់​តាម​ពាក្យ​ទូន្មាន​របស់​ព្រះ​អង្គ​ឡើយ។

ហើយ​មើល​ចុះ ទ្រង់​នឹង​យាង​មក ស្រប​តាម​ពាក្យ​សម្ដី​របស់​ទេវតា ក្នុង​៦០០​ឆ្នាំ ចាប់​តាំង​ពី​ពេល​ដែល​ឪពុក​ខ្ញុំ​បាន​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម​មក។

ហើយ​មនុស្ស​លោក ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​របស់​ពួក​គេ នោះ​នឹង​ចាត់​ទ្រង់​ទុក​ជា​គ្មាន​តម្លៃ​ទៅ​វិញ ហេតុ​ដូច្នោះ​ហើយ ពួក​គេ​វាយ​ទ្រង់ ក៏​ទ្រង់​អត់ធ្មត់ ពួក​គេ​ទះ​ទ្រង់ ក៏​ទ្រង់​អត់ធ្មត់។ មែន​ហើយ ពួក​គេ​ស្ដោះ​ដាក់​ទ្រង់ ក៏​ទ្រង់​អត់ធ្មត់ ពី​ព្រោះ​មក​ពី​សេចក្ដី​មេត្តាករុណា និង​ការ​អត់ធ្មត់ ដែល​ទ្រង់​មាន​ចំពោះ​កូន​ចៅ​មនុស្ស។

១០ហើយ​ព្រះ​នៃ​ពួក​អយ្យកោ​យើង ដែល​ត្រូវ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ឲ្យ​រួច​ផុត​ពី​សេវកភាព ហើយ​ត្រូវ​បាន​ថែរក្សា​ទុក​នៅ​ក្នុង​ទីរហោស្ថាន​ដោយ​សារ​ទ្រង់ មែន​ហើយ ជា​ព្រះ​នៃ​អ័ប្រាហាំ និង​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប ទ្រង់​ប្រគល់​រូប​អង្គ​ទ្រង់​ដូច​ជា​មនុស្ស ទៅ​ក្នុង​ដៃ​ពួក​ទុច្ចរិត ស្រប​តាម​ពាក្យ​សម្ដី​របស់​ទេវតា ដើម្បី​ឲ្យ​ត្រូវ​បាន​លើក​ឡើង ស្រប​តាម​ពាក្យ​សម្ដី​របស់​ស៊ីណុក ហើយ​ដើម្បី​ឲ្យ​ត្រូវ​បាន​ឆ្កាង ស្រប​តាម​ពាក្យ​សម្ដី​របស់​នីអ៊ុម ហើយ​ដើម្បី​ឲ្យ​ត្រូវ​បាន​បញ្ចុះ​ទៅ​ក្នុង​ផ្នូរ ស្រប​តាម​ពាក្យ​សម្ដី​របស់​ស៊ីណូស ដែល​លោក​បាន​និយាយ​អំពី​ភាព​ងងឹត​បី​ថ្ងៃ ដែល​ជា​ទីសម្គាល់​ប្រាប់​អំពី​ការ​សុគត​របស់​ព្រះ​អង្គ គឺ​ប្រាប់​ដល់​ពួក​អ្នក​ដែល​នៅ​លើ​កោះ​ទាំង​ឡាយ​ក្នុង​សមុទ្រ ជា​ពិសេស​ទៅ​ទៀត គឺ​ប្រាប់​ដល់​ពួក​អ្នក​ដែល​ជា​វង្ស​អ៊ីស្រាអែល។

១១ត្បិត​ព្យាការី​នោះ​បាន​និយាយ​ថា ៖ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​ពិតជា​នឹង​ពិនិត្យពិច័យ​វង្សអ៊ីស្រាអែល​ទាំង​អស់​នៅ​ថ្ងៃ​នោះ វង្សអ៊ីស្រាអែល​ខ្លះ​ដោយ​ព្រះ​បន្ទូល​របស់​ទ្រង់ ពី​ព្រោះ​មក​ពី​សេចក្ដី​សុចរិត​របស់​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​មាន​សេចក្ដី​អំណរ​ដ៏​ធំ និង​សេចក្ដី​សង្គ្រោះ ឯ​ខ្លះ​ទៀត ដោយ​ផ្គរ និង​រន្ទះ​នៃ​ព្រះ​ចេស្ដា​របស់​ទ្រង់ ដោយ​ព្យុះ​សង្ឃរា ដោយ​ភ្លើង និង​ដោយ​ផ្សែង និង​ចំហាយ​នៃ​សេចក្ដី​ងងឹត និង​ដោយ​ដី​បែក​ក្រហែង ហើយ​ដោយ​ភ្នំ​ទាំង​ឡាយ ដែល​នឹង​ផុស​ខ្ពស់​ឡើង​មក។

១២ហើយ​ព្យាការី​ស៊ីណូស​និយាយ​ថា ការណ៍​អស់​ទាំង​នេះ​ត្រូវ​តែ​មក​ដល់​ជា​ពិតប្រាកដ។ ហើយ​ថ្ម​នៅ​លើ​ដី​ត្រូវ​ប្រេះ​ចេញ​ពី​គ្នា ហើយ​ដោយ​សារ​សំឡេង​ថ្ងូរ​របស់​ផែនដី នោះ​ស្ដេច​ជាច្រើន​នៅ​លើ​កោះ​ទាំង​ឡាយ​ក្នុង​សមុទ្រ នឹង​ត្រូវ​បាន​ព្រះ​វិញ្ញាណ​នៃ​ព្រះ​បណ្ដាល​ឲ្យ​ស្រែក​ថា ៖ ព្រះ​នៃ​ធម្មជាតិ​រងទុក្ខ​វេទនា។

១៣រីឯ​ពួក​អ្នក​ដែល​នៅ​ក្រុង​យេរូសាឡិម នោះ​ព្យាការី​និយាយ​ថា ពួក​គេ​នឹង​ត្រូវ​មនុស្ស​ទាំង​ពួង​វាយ ពី​ព្រោះ​ពួក​គេ​ឆ្កាង​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​បែរ​ចិត្ត​ចេញ ដោយ​បដិសេធ​នូវ​ទីសម្គាល់ និង​ការណ៍​អស្ចារ្យ​ទាំង​ឡាយ ហើយ​នឹង​ព្រះ​ចេស្ដា និង​សិរីល្អ​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល។

១៤ហើយ​ព្យាការី​និយាយ​ថា ដោយ​មក​ពី​ពួក​គេ​បែរ​ចិត្ត​ចេញ ហើយ​មើល​ងាយ​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល នោះ​ពួក​គេ​នឹង​ដើរ​រសាត់ព្រាត់​ក្នុង​សាច់ឈាម ហើយ​វិនាស ហើយ​ក្លាយ​ទៅ​ជា​ទី​ដៀលត្មះ ជា​ទី​ដំណៀល ហើយ​ស្អប់​នៅ​គ្រប់​អស់​ទាំង​សាសន៍។

១៥ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ព្យាការី​និយាយ​ថា កាល​ណា​ថ្ងៃ​នោះ​មក​ដល់ ដែល​ពួក​គេ​នឹង​មិន​បែរ​ចិត្ត​ចេញ​ពី​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​ទៀត​ទេ នោះ​ទ្រង់​នឹង​នឹក​ឃើញ​សេចក្ដី​សញ្ញា​ទាំង​ឡាយ ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង​ពួក​អយ្យកោ​របស់​ពួក​គេ។

១៦មែន​ហើយ ខណៈ​នោះ ទ្រង់​នឹង​នឹក​ឃើញ​កោះ​ទាំង​ឡាយ​ក្នុង​សមុទ្រ មែន​ហើយ និង​អស់​ទាំង​ប្រជាជន​ដែល​ជា​វង្ស​អ៊ីស្រាអែល នោះ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ យើង​នឹង​ប្រមូល​មក​ពី​ទិស​ទាំង​បួន​នៃ​ផែនដី ស្រប​តាម​ពាក្យ​របស់​ព្យាការី​ស៊ីណូស។

១៧ព្យាការី​និយាយ​ថា មែន​ហើយ ហើយ​អស់​ទាំង​ផែនដី​នឹង​ឃើញ​សេចក្ដី​សង្គ្រោះ​នៃ​ព្រះ​អម្ចាស់ គឺ​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា ហើយ​នឹង​គ្រប់​ទាំង​ប្រជាជន​នឹង​បាន​ពរ។

១៨ហើយ​ខ្ញុំ នីហ្វៃ បាន​សរសេរ​រឿង​ទាំង​នេះ​សម្រាប់​ប្រជាជន​ខ្ញុំ ក្រែង​ខ្ញុំ​អាច​បញ្ចុះ​បញ្ចូល​ពួក​គេ​ឲ្យ​ចងចាំ​ដល់​ព្រះ​អម្ចាស់ ជា​ព្រះ​ដ៏​ប្រោស​លោះ​របស់​គេ។

១៩ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​និយាយ​ទៅ​វង្ស​អ៊ីស្រាអែល​ទាំង​អស់​ថា បើសិនជា​ដូច្នេះ​មែន នោះ​ពួក​គេ​នឹង​ទទួល​យក​ការណ៍​អស់​ទាំង​នេះ។

២០ត្បិត​មើល​ចុះ ខ្ញុំ​មាន​ការ​ហេវហត់​ខាង​វិញ្ញាណ ដើម្បី​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង​យេរូសាឡិម ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ខ្សោះ​ល្វើយ សូម្បីតែ​ឆ្អឹង​ខ្ញុំ​ក៏​ទន់ខ្សោយ ព្រោះ​បើ​ព្រះ​អម្ចាស់​ទ្រង់​មិន​មេត្តា​បង្ហាញ​ខ្ញុំ​អំពី​រឿង​ពួក​គេ ដូច​ជា​ទ្រង់​បាន​បង្ហាញ​ដល់​ពួក​ព្យាការី​ដើម​ទេ នោះ​ខ្ញុំ​ក៏​នឹង​ត្រូវ​វិនាស​ទៅ​ហើយ​ដែរ។

២១ហើយ​ទ្រង់​បាន​បង្ហាញ​យ៉ាង​ពិត​ប្រាកដ​ដល់​ពួក​ព្យាការី​ដើម​នូវ​រឿង​ទាំង​អស់​អំពី​ពួក​គេ ហើយ​ទ្រង់​ក៏​បាន​បង្ហាញ​ដល់​មនុស្ស​ជាច្រើន​អំពី​រឿង​យើង​ដែរ ហេតុ​ដូច្នោះ​ហើយ ជា​ការ​ចាំបាច់​ដែល​យើង​ត្រូវ​តែ​ដឹង​ពី​រឿង​ទាំង​នោះ ព្រោះ​រឿង​ទាំង​នោះ​ត្រូវ​បាន​សរសេរ​នៅ​លើ​ផ្ទាំង​លង្ហិន​ដែរ។

២២ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ នីហ្វៃ បាន​បង្រៀន​បងៗ​ខ្ញុំ​អំពី​រឿង​ទាំង​នេះ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​អាន​រឿង​ជាច្រើន​ឲ្យ​ពួក​គេ​ស្ដាប់ ដែល​បាន​ឆ្លាក់​នៅ​លើ​ផ្ទាំង​លង្ហិន ដើម្បី​ឲ្យ​ពួក​គេ​អាច​ដឹង​អំពី​កិច្ចការ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់​នៅ​លើ​ដែនដី​ផ្សេងៗ​ក្នុង​ចំណោម​ប្រជាជន​ជាន់​ដើម។

២៣ហើយ​ខ្ញុំ​បាន​អាន​រឿង​ជាច្រើន​ទៅ​ឲ្យ​បងៗ​ខ្ញុំ​ស្ដាប់ ដែល​មាន​សរសេរ​នៅ​ក្នុង​គម្ពីរ​ទាំង​ឡាយ​នៃ​លោក​ម៉ូសេ ប៉ុន្តែ​ដើម្បី​បញ្ចុះ​បញ្ចូល​ពួក​គេ​ឲ្យ​បាន​ច្រើន​ថែម​ទៀត ឲ្យ​ជឿ​ដល់​ព្រះ​អម្ចាស់ ជា​ព្រះ​ដ៏​ប្រោស​លោះ​របស់​ពួក​គេ នោះ​ខ្ញុំ​បាន​អាន​ឲ្យ​គេ​ស្ដាប់​នូវ​រឿង​ដែល​បាន​សរសេរ​ដោយ​ព្យាការី​អេសាយ ត្បិត​ខ្ញុំ​ប្រៀបធៀប​បទ​ព្រះ​គម្ពីរ​ទាំង​អស់​ទៅ​នឹង​ខ្លួន​យើង ដើម្បី​ទុក​ជា​ប្រយោជន៍ និង​ការ​ចេះ​ដឹង​ដល់​យើង។

២៤ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​បាន​និយាយ​ទៅ​ពួក​គេ​ថា ៖ ចូរ​បង​រាល់​គ្នា​ស្ដាប់​ពាក្យ​សម្ដី​របស់​ព្យាការី​ចុះ គឺ​បង​រាល់​គ្នា​ដែល​ជា​សំណល់​នៃ​វង្ស​អ៊ីស្រាអែល ដែល​ជា​មែក​ដែល​បាន​កាត់​ចេញ ចូរ​បង​រាល់​គ្នា​ស្ដាប់​ពាក្យ​សម្ដី​របស់​ព្យាការី ដែល​បាន​សរសេរ​សម្រាប់​វង្ស​អ៊ីស្រាអែល​ទាំង​អស់ ហើយ​ប្រៀបធៀប​ពាក្យ​ទាំង​នោះ​ទៅ​នឹង​ខ្លួន​យើង ដើម្បី​បង​រាល់​គ្នា​អាច​មាន​សេចក្ដី​សង្ឃឹម ដូច​ជា​បងប្អូន​ទាំង​ឡាយ​របស់​បង ដែល​បង​រាល់​គ្នា​បាន​កាត់​ចេញ​ពី​ពួក​គេ​មក​នោះ ព្រោះ​ព្យាការី​បាន​សរសេរ​ទុក​យ៉ាង​នេះ ៕