ព្រះគម្ពីរ
អាលម៉ា 16


ជំពូក​ទី ១៦

ពួក​លេមិន​បំផ្លាញ​ប្រជាជន​នៅ​ដែនដី​អាំម៉ូណៃហា — សូរាំ​ដឹកនាំ​ពួក​នីហ្វៃ​ឲ្យ​បាន​ជ័យ​ជម្នះ​លើ​ពួក​លេមិន — អាលម៉ា និង​អាមូលេក និង​អ្នក​ឯ​ទៀត​ជា​ច្រើន​ប្រកាស​ប្រាប់​ព្រះ​បន្ទូល​ — ពួក​គេ​បង្រៀន​ថា ក្រោយ​ពី​ដំណើរ​រស់​ឡើង​វិញ នោះ​ព្រះ​គ្រីស្ទ​នឹង​លេច​មក​ឲ្យ​ពួក​សាសន៍​នីហ្វៃ​ឃើញ។ ប្រមាណ​ជា ឆ្នាំ ៨១–៧៧ ម.គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ឆ្នាំ​ទី​ដប់​មួយ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម ទៅ​លើ​ប្រជាជន​នីហ្វៃ នៅ​ថ្ងៃ​ទី​ប្រាំ​នៃ​ខែ​ទី​ពីរ មាន​សេចក្ដី​សុខសាន្ត​ដ៏​ច្រើន​នៅ​លើ​ដែនដី​សារ៉ាហិមឡា គ្មាន​សង្គ្រាម ឬ​ការ​ទាស់ទែង​គ្នា​អស់​ប៉ុន្មាន​ឆ្នាំ គឺ​រហូត​ដល់​ថ្ងៃ​ទី​ប្រាំ​នៃ​ខែ​ទី​ពីរ នៅ​ក្នុង​ឆ្នាំ​ទី​ដប់​មួយ មាន​សម្រែក​នៃ​សង្គ្រាម​ឮ​ទូ​ទៅ​ទាំង​ដែនដី។

ត្បិត​មើល​ចុះ ពល​ទ័ព​សាសន៍​លេមិន បាន​មក​ពី​ខាង​ទិស​នៃ​ទី​រហោស្ថាន ចូល​មក​ក្នុង​ព្រំប្រទល់​ដែនដី គឺ​ចូល​មក​ដល់​ទី​ក្រុងអាំម៉ូណៃហា ហើយ​បាន​ចាប់​ផ្ដើម​សម្លាប់​ប្រជាជន និង​បំផ្លាញ​ទី​ក្រុង​ចោល។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា មុន​ពេល​ពួក​នីហ្វៃ​អាច​កើន​ទ័ព​ឲ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​រុញច្រាន​ពួក​វា​ចេញ​ពី​ដែនដី​ទៅ ពួក​នោះ​បាន​បំផ្លាញ​ប្រជាជន ដែល​នៅ​ក្នុង​ទី​ក្រុង​អាំម៉ូណៃហា និង​អ្នក​ខ្លះ​ដែល​នៅ​ខាង​ត្បូង​ព្រំប្រទល់​នឹង​ដែនដី​ណូអេ​ផង ហើយ​បាន​ចាប់​អ្នក​ខ្លះ​ទៀត​យក​ទៅ​ជា​ឈ្លើយ​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន។

ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​នីហ្វៃ​មាន​បំណង​ចង់​បាន​ពួក​អ្នក ដែល​ត្រូវ​ចាប់​យក​ទៅ​ជា​ឈ្លើយ​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន​មក​វិញ។

ហេតុ​ដូច្នេះ​ហើយ មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​រើស​ឡើង​ឲ្យ​ធ្វើ​ជា​មេទ័ព​ឯក​លើ​ពល​ទ័ព​សាសន៍​នីហ្វៃ (ហើយ​ឈ្មោះ​គាត់​គឺ សូរាំ ហើយ​លោក​មាន​កូន​ប្រុស​ពីរ​នាក់ គឺ​លីហៃ និង​អ័ហា) — ឥឡូវ​នេះ សូរាំ និង​កូន​ប្រុស​លោក​ទាំង​ពីរ​នាក់​ដឹង​ថា អាលម៉ា​ជា​សង្ឃ​ជាន់​ខ្ពស់​ក្នុង​សាសនាចក្រ ហើយ​បាន​ឮ​ថា លោក​មាន​វិញ្ញាណ​នៃ​ការ​ព្យាករណ៍ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ក៏​ទៅ​ជួប​នឹង​លោក ហើយ​សួរ​លោក​ចង់​ដឹង​ថា តើ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​ហ​ឬ​ទ័យ​ចង់​ឲ្យ​ពួក​គេ​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន ដើម្បី​ទៅ​រក​បង​ប្អូន​គេ​ដែល​ពួក​លេមិន​បាន​ចាប់​យក​ទៅ​ជា​ឈ្លើយ​នោះ​ឬ​ទេ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អាលម៉ា​បាន​សូម​ដល់​ព្រះ​អំពី​រឿង​នេះ។ ហើយ​អាលម៉ា​បាន​ត្រឡប់​មក​វិញ ហើយ​បាន​ប្រាប់​ពួក​គេ​ថា ៖ មើល​ចុះ ពួក​លេមិន​នឹង​ឆ្លងទន្លេ​ស៊ីដូន​នៅ​ក្នុង​ទី​រហោស្ថាន​ខាង​ត្បូង នៅ​ឯ​ខាង​នាយ​ព្រំប្រទល់​ដែនដី​ម៉ាន់តៃ។ ហើយ​មើល​ចុះ គឺ​ទី​នោះ​ហើយ​ដែល​អ្នក​ត្រូវ​ទៅ​ជួប​គេ គឺ​នៅ​ខាង​កើត​ទន្លេ​ស៊ីដូន ហើយ​នៅ​ទី​នោះ ព្រះ​អម្ចាស់​ទ្រង់​នឹង​ប្រគល់​បង​ប្អូន​អ្នក​ដែល​ពួក​លេមិន​បាន​ចាប់​យក​ទៅ​ជា​ឈ្លើយ​នោះ​ឲ្យ​អ្នក​ហើយ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា សូរាំ និង​កូន​ប្រុស​លោក​ទាំង​ពីរ​នាក់​ក៏​ឆ្លងទន្លេ​ស៊ីដូន​ជាមួយ​នឹង​ពល​ទ័ព​របស់​គេ ហើយ​បាន​ដើរ​ទៅ​ហួស​ព្រំប្រទល់​ដែនដី​ម៉ាន់តៃ ចូល​ទៅ​ក្នុង​ទី​រហោស្ថាន​ខាង​ត្បូង គឺ​នៅ​ប៉ែក​ខាង​កើត​នៃ​ទន្លេ​ស៊ីដូន។

ហើយ​ពួក​គេ​បាន​វាយប្រហារ​ពល​ទ័ព​លេមិន ហើយ​ពួក​លេមិន​ក៏​ខ្ចាត់ខ្ចាយ ហើយ​ត្រូវ​រុញច្រាន​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន ហើយ​ពួក​គេ​បាន​នាំ​ពួក​បង​ប្អូន​គេ ដែល​ពួក​លេមិន​បាន​ចាប់​យក​ទៅ​ជា​ឈ្លើយ ហើយ​គ្មាន​អ្នក​ណាមួយ ដែល​ត្រូវ​បាន​យក​ទៅ​ជា​ឈ្លើយ​បាត់បង់​សោះឡើយ។ ហើយ​ពួក​គេ​បាន​នាំ​បង​ប្អូន​គេ​វិល​មក​ដែនដី​ខ្លួន ដើម្បី​ទៅ​គ្រប់​គ្រង​ដីធ្លី​របស់​ខ្លួន​វិញ។

ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​ដប់​មួយ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ ដោយ​ពួក​លេមិន​ត្រូវ​បាន​រុញច្រាន​ឲ្យ​ចេញ​ពី​ដែនដី​ទៅ រីឯ​ប្រជាជន​អាំម៉ូណៃហា​ក៏​ត្រូវ​បំផ្លាញ​ចោល​ទៅ មែន​ហើយ អស់​ទាំង​សាសន៍​អាំម៉ូណៃហា​ត្រូវ​បំផ្លាញ​ចោល ព្រម​ទាំង​ទី​ក្រុង​ដ៏​ធំ​របស់​គេ​ផង ដែល​គេ​បាន​និយាយ​ថា ព្រះ​ទ្រង់​មិន​អាច​បំផ្លាញ​បាន​ឡើយ ពី​ព្រោះ​តែ​ស​ភាព​ដ៏​ធំ​របស់​វា។

១០ប៉ុន្តែ​មើល​ចុះ គ្រាន់​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ទី​ក្រុង​នោះ​ត្រូវ​បំផ្លាញ​សាបសូន្យ​ចោល​ទៅ ហើយ​សាកសព​ទាំង​ឡាយ​ត្រូវ​ឆ្កែ និង​សត្វ​ព្រៃ​ហែក​ស៊ី​អស់​នៅ​ក្នុង​ទី​រហោស្ថាន។

១១ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ច្រើន​ថ្ងៃ​ក្រោយ​មក សាកសព​របស់​គេ​ត្រូវ​បាន​គរ​នៅ​ពាសពេញ​លើ​ផ្ទៃ​ផែនដី ហើយ​ត្រូវ​បាន​កប់​យ៉ាង​រាក់ៗ។ ហើយ​ឥឡូវ​នេះ ទី​នោះ​មាន​ក្លិនស្អុយ​ជា​ខ្លាំង រហូត​ដល់​គ្មាន​មនុស្ស​ណា​ទៅ​យក​ដី​នៅ​អាំម៉ូណៃហា​ឡើយ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក។ ហើយ​គេ​បាន​ហៅ​ទី​នោះ​ថា​ជា ទី​ចោល​ស្ងាត់​នៃ​ពួក​នីហូរ ព្រោះ​ពួក​គេ​ជា​អ្នក​កាន់​តាម​ជឿ​នៃ​នីហូរ ដែល​ត្រូវ​គេ​សម្លាប់​ចោល ហើយ​ដែនដី​ទាំង​ឡាយ​របស់​គេ​នៅ​ជា​ស្ងាត់​សូន្យឈឹង​ត​ទៅ។

១២ហើយ​ពួក​លេមិន​ពុំ​បាន​មក​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​ពួក​នីហ្វៃ​ទៀត​ទេ រហូត​ដល់​ឆ្នាំ​ទី​ដប់​បួន​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ​លើ​ប្រជាជន​នីហ្វៃ។ ម្ល៉ោះ​ហើយ ប្រជាជន​នីហ្វៃ​មាន​សេចក្ដី​សុខសាន្ត​ត​រៀង​មក​អស់​រយៈ​បី​ឆ្នាំ​នៅ​លើ​អស់​ទាំង​ដែនដី។

១៣ហើយ​អាលម៉ា និង​អាមូលេក បាន​ចេញ​ទៅ​ប្រកាស​ប្រាប់​អំពី​ការ​ប្រែចិត្ត​ដល់​ប្រជាជន នៅ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ​ទាំង​ឡាយ​របស់​គេ និង​នៅ​ក្នុង​ទី​បរិសុទ្ធ​ទាំង​ឡាយ​របស់​គេ និង​នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ឡាយ​របស់​គេ​ដែរ ដែល​បាន​សង់​ឡើង​តាម​របៀប​ពួក​សាសន៍​យូដា។

១៤ហើយ​ដរាបណា​មាន​មនុស្ស​ដែល​ចង់​ស្ដាប់​ពាក្យ​សម្ដី​របស់​គេ គឺ​ពួក​នោះ​ហើយ​ដែល​ពួក​គេ​បាន​រំលែក​ព្រះ​បន្ទូល​នៃ​ព្រះ​ជា​រៀង​រហូត ដោយ​មិន​យោគយល់​ខាង​អ្នក​ណា​ឡើយ​សោះ។

១៥ម្ល៉ោះ​ហើយ អាលម៉ា និង​អាមូលេក​បាន​ចេញ​ទៅ ហើយ​ព្រម​ទាំង​មនុស្យ​ជា​ច្រើន​ទៀត​ផង ដែល​ត្រូវ​បាន​រើស​ឡើង​សម្រាប់​ធ្វើ​កិច្ចការ​នេះ ក៏​បាន​ចេញ​ទៅ​ប្រកាស​ប្រាប់​ព្រះ​បន្ទូល​ទូ​ទៅ​អស់​ទាំង​ដែនដី។ ហើយ​ការ​តាំង​សាសនាចក្រ ក៏​កើត​ឡើង​ទូ​ទៅ​ទាំង​ដែនដី គឺ​នៅ​គ្រប់​តំបន់​ព័ទ្ធជុំវិញ​នៅ​ក្នុង​ចំណោម​ប្រជាជន​នៃ​សាសន៍​នីហ្វៃ​ទាំង​អស់។

១៦ហើយ​គ្មាន​ការ​មិន​ស្មើ​គ្នា​នៅ​ក្នុង​ចំណោម​ពួក​គេ​ឡើយ ព្រះ​អម្ចាស់​ទ្រង់​បាន​ស្រោច​ព្រះ​វិញ្ញាណ​ទ្រង់​មក​លើ​អស់​ទាំង​ផ្ទៃ​ផែនដី ដើម្បី​រៀបចំ​ចិត្ត​គំនិត​នៃ​កូន​ចៅ​មនុស្ស ឬ​ក៏​ដើម្បី​រៀបចំ​ចិត្ត​គេ​ឲ្យ​ទទួល​ព្រះ​បន្ទូល ដែល​នឹង​ត្រូវ​បាន​បង្រៀន​នៅ​ក្នុង​ចំណោម​ពួក​គេ នៅ​ពេល​ដែល​ទ្រង់​នឹង​យាង​មក —

១៧ដើម្បី​កុំ​ឲ្យ​គេ​រឹងទទឹង​នឹង​ព្រះ​បន្ទូល ដើម្បី​កុំ​ឲ្យ​គេ​អាច​ទៅ​ជា​ឥត​ជំនឿ ហើយ​ដើរ​ឆ្ពោះ​ទៅ​រក​ការ​បំផ្លិចបំផ្លាញ​ឡើយ តែ​ដើម្បី​ឲ្យ​គេ​អាច​ទទួល​ព្រះ​បន្ទូល​ដោយ​សេចក្ដី​អំណរ​វិញ ហើយ​ដើម្បី​ឲ្យ​បាន​ទៅ​ដូច​ជា​មែក​មួយ ដែល​បាន​បំបៅ​ជាប់​ទៅ​នឹង​ដើម​ទំពាំង​បាយ​ជូរ​ពិត ដើម្បី​ឲ្យ​គេ​អាច​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នៃ​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​គេ​បាន។

១៨ឥឡូវ​នេះ ពួក​សង្ឃ​ទាំង​នោះ ដែល​បាន​ចេញ​ទៅ​ក្នុង​ចំណោម​ប្រជាជន ក៏​បាន​ប្រកាស​ទាស់​នឹង​ការ​កុហក ការ​បញ្ឆោត ការ​ឈ្នានីស ការ​ដណ្ដើម ការ​គំនុំ ការ​បង្អាប់ ការ​លួច ការ​ប្លន់ ការ​បង្ខំ ការ​ធ្វើ​ឃាតកម្ម ការ​ផិត និង​ការ​អាសអាភាស​គ្រប់​បែប​យ៉ាង ដោយ​ស្រែក​ប្រកាស​សូម​កុំ​ឲ្យ​មាន​ការ​អស់​ទាំង​នេះ​កើត​ឡើង​ឡើយ —

១៩ពួក​គេ​បាន​ពន្យល់​ប្រាប់​អំពី​ការណ៍​ដែល​ជិត​នឹង​កើត​ឡើង មែន​ហើយ បាន​ពន្យល់​ប្រាប់​អំពី​ការ​យាង​មក​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ការ​រង​ទុក្ខ និង​ការ​សុគត​របស់​ទ្រង់ ព្រម​ទាំង​ដំណើរ​រស់​ឡើង​វិញ​នៃ​មនុស្ស​ស្លាប់។

២០ហើយ​មនុស្ស​ជា​ច្រើន បាន​សួរ​ចង់​ដឹង​អំពី​ទីកន្លែង ដែល​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​នឹង​យាង​មក ហើយ​ពួក​គេ​ត្រូវ​បាន​ប្រាប់​ថា ទ្រង់​នឹង​លេច​មក​ឲ្យ​ពួក​គេ​ឃើញ បន្ទាប់​ពី​ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់ ហើយ​ប្រជាជន​បាន​ឮ​ការណ៍​នេះ ដោយ​សេចក្ដី​អំណរ និង​ដោយ​សេចក្ដី​រីករាយ​ពន់ប្រមាណ។

២១ហើយ​ឥឡូវ​នេះ បន្ទាប់​ពី​សាសនាចក្រ​ត្រូវ​បាន​តាំង​ឡើង​ទូ​ទៅ​អស់​ទាំង​ដែនដី​ហើយ — ដោយ​មាន​ជ័យ​ជម្នះ​លើ​អារក្ស ហើយ​ព្រះ​បន្ទូល​នៃ​ព្រះ ក៏​ត្រូវ​បាន​ប្រកាស​ប្រាប់​នៅ​ក្នុង​ភាព​ត្រឹម​ត្រូវ​នៅ​ពាសពេញ​ទាំង​ដែនដី ហើយ​ព្រះ​អម្ចាស់​ទ្រង់​ចាក់​ព្រះ​ពរ​ទាំង​ឡាយ​របស់​ទ្រង់​មក​លើ​ប្រជាជន — ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​ដប់​បួន​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ​លើ​ប្រជាជន​នីហ្វៃ៕