ជំពូកទី ២៨
ពួកលេមិនត្រូវបរាជ័យនៅក្នុងចម្បាំងមួយដ៏ធំ — មនុស្សរាប់ម៉ឺននាក់ត្រូវប្រហារចោល — ពួកទុច្ចរិតត្រូវដាក់ឲ្យនៅក្នុងស្ថានភាពវេទនាមួយដ៏មិនចេះចប់មិនចេះហើយ ពួកសុចរិតទទួលសុភមង្គលដ៏មិនចេះចប់មិនចេះហើយ។ ប្រមាណជា ឆ្នាំ ៧៧–៧៦ ម.គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា បន្ទាប់ពីប្រជាជនអាំម៉ូនបានតាំងនៅលើដែនដីយើសុន ហើយសាសនាចក្រមួយ ត្រូវបានតាំងឡើងនៅក្នុងដែនដីយើសុន ហើយពលទ័ពសាសន៍នីហ្វៃត្រូវបានដាក់នៅព័ទ្ធជុំវិញដែនដីយើសុនហើយ មែនហើយ នៅតាមព្រំប្រទល់ជុំវិញដែនដីសារ៉ាហិមឡា មើលចុះ ពលទ័ពសាសន៍លេមិន បានមកតាមបងប្អូនគេនៅក្នុងទីរហោស្ថាន។
២ម្ល៉ោះហីយ ទើបមានការប្រយុទ្ធយ៉ាងធំមួយ មែនហើយ ជាការប្រយុទ្ធ ដែលមិនដែលបានស្គាល់ពីមុនមកនៅក្នុងចំណោមគ្រប់ទាំងប្រជាជននៅលើដែនដីនេះ ចាប់តាំងពីពេលដែលលីហៃបានចាកចេញពីក្រុងយេរូសាឡិមមក មែនហើយ ពួកលេមិនរាប់ម៉ឺននាក់ត្រូវស្លាប់ ហើយត្រូវខ្ចាត់ខ្ចាយ។
៣មែនហើយ ព្រមទាំងមានការកាប់សម្លាប់យ៉ាងធំមួយ នៅក្នុងចំណោមប្រជាជននីហ្វៃ ទោះជាយ៉ាងណាក៏ដោយ គង់តែពួកលេមិនត្រូវបានរុញច្រានចេញដែរ ហើយត្រូវបែកខ្ចាត់ខ្ចាយ រីឯប្រជាជននីហ្វៃ គេបានត្រឡប់មកដែនដីគេវិញ។
៤ហើយឥឡូវនេះ នេះជាពេលមួយដែលមានការកាន់ទុក្ខដ៏ធំ ហើយសំឡេងទួញសោក បានឮទូទៅអស់ទាំងដែនដីនៅក្នុងចំណោមប្រជាជននីហ្វៃទាំងអស់ —
៥មែនហើយ ទំនួញរបស់ពួកស្ត្រីមេម៉ាយដែលកាន់ទុក្ខដល់ប្ដីរបស់ខ្លួន និងទំនួញរបស់ឪពុកកាន់ទុក្ខដល់ពួកកូនប្រុសរបស់ខ្លួន ហើយកូនស្រីកាន់ទុក្ខដល់បងប្រុស មែនហើយ បងប្រុសកាន់ទុក្ខដល់ឪពុក ម្ល៉ោះហើយ ទំនួញសោកសៅត្រូវបានឮឡើងនៅក្នុងចំណោមពួកគេ គឺកាន់ទុក្ខដល់ញាតិសន្តានរបស់ខ្លួនដែលត្រូវស្លាប់។
៦ហើយឥឡូវនេះ នេះពិតជាថ្ងៃដ៏សោកសៅមួយ មែនហើយ គឺជាពេលដ៏សំខាន់ ហើយជាពេលសម្រាប់តមអាហារ និងអធិស្ឋានឲ្យច្រើន។
៧ម្ល៉ោះហើយ ក៏ចប់ឆ្នាំទីដប់ប្រាំក្នុងរជ្ជកាលនៃពួកចៅក្រមទៅលើប្រជាជននីហ្វៃ
៨ហើយនេះគឺជាដំណើររឿងរបស់អាំម៉ូន និងបងប្អូនលោក ការធ្វើដំណើរទាំងឡាយរបស់គេនៅឯដែនដីនីហ្វៃ ការរងទុក្ខទាំងឡាយរបស់គេនៅដែនដីនោះ ការទុក្ខសោកទាំងឡាយរបស់គេ និងទុក្ខវេទនាទាំងឡាយរបស់គេ និងសេចក្ដីអំណររបស់គេ ដ៏មិនអាចថ្លែងអស់បាន និងការទទួលយក និងការសុខសាន្តរបស់បងប្អូនគេនៅដែនដីយើសុន។ ហើយឥឡូវនេះ សូមព្រះអម្ចាស់ ដែលជាព្រះដ៏ប្រោសលោះមនុស្សលោកទាំងអស់ ប្រទានពរដល់ព្រលឹងគេរហូតតទៅ។
៩ហើយនេះគឺជាដំណើររឿងនៃសង្គ្រាម និងការទាស់ទែងគ្នាទាំងឡាយនៅក្នុងចំណោមពួកនីហ្វៃ ហើយអំពីសង្គ្រាមទាំងឡាយរវាងពួកនីហ្វៃនឹងពួកលេមិនផង ហើយឆ្នាំទីដប់ប្រាំក្នុងរជ្ជកាលនៃពួកចៅក្រមក៏ចប់ទៅ។
១០ហើយចាប់ពីឆ្នាំទីមួយទៅដល់ឆ្នាំទីដប់ប្រាំ ត្រូវបាននាំមកនូវការបំផ្លិចបំផ្លាញជីវិតនៃមនុស្សជាច្រើនពាន់នាក់ មែនហើយ ត្រូវបាននាំមកនូវឆាកកំចាយឈាមដ៏ស្ញប់ស្ញែង។
១១ហើយកាលសាកសពជាច្រើនពាន់បានកប់ជ្រៅទៅក្នុងដី នៅពេលនោះមានសាកសពជាច្រើនពាន់នាក់ទៀត ដែលត្រូវរលួយជាគំនរនៅលើផ្ទៃដី មែនហើយ ហើយមនុស្សជាច្រើនពាន់នាក់កំពុងតែកាន់ទុក្ខចំពោះការបាត់បង់ញាតិសន្តានរបស់គេ ពីព្រោះគេមានហេតុនឹងភ័យ ស្របតាមពាក្យសន្យាទាំងឡាយនៃព្រះអម្ចាស់ដែលថា ពួកគេនឹងត្រូវដាក់ទៅក្នុងស្ថានភាពវេទនាមួយដ៏មិនចេះចប់មិនចេះហើយ។
១២នៅពេលមនុស្សជាច្រើនពាន់នាក់ទៀតកាន់ទុក្ខយ៉ាងពិតប្រាកដចំពោះការបាត់បង់ញាតិសន្តានរបស់គេ តែគេអររីករាយ ហើយរំភើបនៅក្នុងសេចក្ដីសង្ឃឹម ហើយដោយដឹងថា ស្របតាមពាក្យសន្យាទាំងឡាយនៃព្រះអម្ចាស់ នោះពួកគេនឹងត្រូវបានប្រោសឡើងវិញ ដើម្បីទៅនៅខាងស្ដាំព្រះហស្តនៃព្រះ នៅក្នុងស្ថានភាពនៃសុភមង្គលដ៏មិនចេះចប់មិនចេះហើយ។
១៣ម្ល៉ោះហើយ យើងឃើញថា ភាពមិនស្មើគ្នារបស់មនុស្សមានទំហំធំយ៉ាងណា ដោយព្រោះអំពើបាប និងអំពើរំលង និងអំណាចនៃអារក្សដែលកើតឡើងដោយផែនការដែលប្រកបដោយកលល្បិច ដែលវាធ្វើឡើងដើម្បីដាក់អន្ទាក់ចិត្តមនុស្ស។
១៤ម្ល៉ោះហើយ យើងឃើញការហៅមនុស្សឲ្យមានចិត្តព្យាយាមដ៏ខ្លាំង ដើម្បីធ្វើការនៅក្នុងចម្ការទំពាំងបាយជូរនៃព្រះអម្ចាស់ ម្ល៉ោះហើយ យើងឃើញហេតុដ៏ធំនៃការសោកសៅ និងការអររីករាយផង — ការសោកសៅដោយព្រោះសេចក្ដីស្លាប់ និងការបំផ្លិចបំផ្លាញនៅក្នុងចំណោមមនុស្សលោក ហើយសេចក្ដីអំណរដោយព្រោះពន្លឺនៃព្រះគ្រីស្ទដល់ជីវិត៕