ព្រះគម្ពីរ
អាលម៉ា 29


ជំពូក​ទី ២៩

អាលម៉ា​មាន​បំណង​ចង់​ស្រែក​ប្រកាស​ប្រាប់​អំពី​ការ​ប្រែ​ចិត្ត ដោយ​ការ​ឧស្សាហ៍​ដូច​ទេវតា — ព្រះ​អម្ចាស់​ទ្រង់​ប្រទាន​ពួក​គ្រូបង្រៀន​ដល់​គ្រប់​សាសន៍ — អាលម៉ា​អួត​នៅ​ក្នុង​កិច្ចការ​នៃ​ព្រះ​អម្ចាស់ និង​នៅ​ក្នុង​ជ័យ​ជម្នះ​របស់​អាំម៉ូន និង​បង​ប្អូន​លោក។ ប្រមាណ​ជា​ឆ្នាំ ៧៦ ម.គ.ស.។

ឱ បើ​សិន​ជា​ខ្ញុំ​បាន​ទៅ​ជា​ទេវតា​មួយ ហើយ​អាច​បំពេញ​បំណង​ចិត្ត​ខ្ញុំ គឺ​ឲ្យ​ខ្ញុំ​អាច​ទៅ​និយាយ​ដោយ​ត្រែ​នៃ​ព្រះ ដោយ​សំឡេង​ដែល​ធ្វើ​ឲ្យ​ញ័រ​ផែនដី ហើយ​ស្រែកហៅ​ឲ្យ​មាន​ការ​ប្រែ​ចិត្ត​ដល់​មនុស្ស​គ្រប់​រូប!

មែន​ហើយ ខ្ញុំ​នឹង​ប្រកាស​ដល់​មនុស្ស​គ្រប់​រូប ដូច​ជា​សូរផ្គរ​លាន់​នូវ​ការ​ប្រែ​ចិត្ត និង​ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ​ថា គេ​ត្រូវ​តែ​ប្រែ​ចិត្ត ហើយ​មក​រក​ព្រះ​នៃ​យើង​វិញ ដើម្បី​កុំ​ឲ្យ​មាន​ការ​សោកសៅ​នៅ​លើ​ផ្ទៃ​ផែនដី​ទៀត​ឡើយ។

ប៉ុន្តែ​មើល​ចុះ ខ្ញុំ​ជា​មនុស្ស​ទេតើ ហើយ​ធ្វើ​អំពើ​បាប​នៅ​ក្នុង​សេចក្ដី​ប៉ងប្រាថ្នា​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​គួរតែ​ពេញ​ចិត្ត​នឹង​កិច្ចការ​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រទាន​ដល់​ខ្ញុំ​វិញ។

ខ្ញុំ​មិន​គួរ​ខ្វល់​ខ្វាយ​នៅ​ក្នុង​បំណង​ទាំង​ឡាយ​របស់​ខ្ញុំ​ទេ អំពី​ច្បាប់​ដ៏​តឹង​រឹង​នៃ​ព្រះ​ដ៏​យុត្តិធម៌ ព្រោះ​ខ្ញុំ​ដឹង​ថា ទ្រង់​ប្រទាន​ឲ្យ​មនុស្ស​តាម​បំណង​របស់​គេ ទោះ​ជា​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​រស់​ក្ដី មែន​ហើយ ខ្ញុំ​ដឹង​ថា ទ្រង់​ប្រទាន​ដល់​មនុស្ស មែន​ហើយ ចេញ​ជា​ច្បាប់​ទាំង​ឡាយ​ឲ្យ​គេ ដែល​មិន​អាច​ប្រែប្រួល​បាន​តាម​ឆន្ទៈ​របស់​គេ ទោះ​ជា​សេចក្ដី​សង្គ្រោះ ឬ​សេចក្ដី​បំផ្លិចបំផ្លាញ​ក្ដី។

មែន​ហើយ ហើយ​ខ្ញុំ​ដឹង​ថា សេចក្ដី​ល្អ និង​សេចក្ដី​អាក្រក់​បាន​កើត​ឡើង​ចំពោះ​មនុស្ស​ទាំង​អស់ អ្នក​ណា​ដែល​មិន​ដឹង​ខុស​ពី​ត្រូវ ចាត់​ទុកជា​គ្មាន​ទោស ប៉ុន្តែ​អ្នក​ដែល​ដឹង​ខុស និង​ត្រូវ អ្នក​នោះ​ហើយ​ដែល​នឹង​បាន​ត្រូវ​ទទួល​តាម​បំណង​ចិត្ត​របស់​គេ ទោះ​ជា​គេ​ចង់​បាន​ល្អ ឬ​អាក្រក់ សេចក្ដី​រស់ ឬ​សេចក្ដី​ស្លាប់ សេចក្ដី​អំណរ ឬ​សេចក្ដី​សោកស្ដាយ​នៃ​សតិ​សម្បជញ្ញៈ​ក្ដី។

ឥឡូវ​នេះ ដោយ​ឃើញ​ថា ខ្ញុំ​ដឹង​ការណ៍​ទាំង​នេះ ហេតុ​អ្វី​ក៏​ខ្ញុំ​ប៉ងប្រាថ្នា​ច្រើន​ជាង​ធ្វើ​កិច្ចការ ដែល​បាន​ប្រគល់​មក​ឲ្យ​ខ្ញុំ?

ហេតុ​អ្វី​ក៏​ខ្ញុំ​ប៉ងប្រាថ្នា​ចង់​ធ្វើ​ជា​ទេវតា ដើម្បី​ខ្ញុំ​អាច​និយាយ​ទៅ​គ្រប់​ទិសទី​នៃ​ផែនដី?

ត្បិត​មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​ប្រទាន​ដល់​អស់​ទាំង​សាសន៍​នូវ​សាសន៍ និង​ភាសា​គេ​ផ្ទាល់​ឲ្យ​បង្រៀន​ព្រះ​បន្ទូល​របស់​ទ្រង់ មែន​ហើយ នៅ​ក្នុង​ប្រាជ្ញា​នូវ​អស់​ទាំង​អ្វី​ដែល​ទ្រង់​ទត​ឃើញ​ថា ល្មម​នឹង​ឲ្យ​គេ​មាន ហេតុ​ដូច្នេះ​ហើយ យើង​ឃើញ​ថា ព្រះ​អម្ចាស់​ទ្រង់​ទូន្មាន​នៅ​ក្នុង​ប្រាជ្ញា តាម​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​ពិត។

ខ្ញុំ​ដឹង​នូវ​អ្វី​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​ដល់​ខ្ញុំ ហើយ​ខ្ញុំ​អួត​នៅ​ក្នុង​ការណ៍​នោះ។ ខ្ញុំ​មិន​អួត​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់​ទេ តែ​ខ្ញុំ​អួត​នៅ​ក្នុង​អ្វី​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​ខ្ញុំ​វិញ មែន​ហើយ ហើយ​នេះ​គឺជា​ការ​អួត​របស់​ខ្ញុំ ក្រែង​ខ្ញុំ​អាច​បាន​ទៅ​ជា​គ្រឿង​ឧបករណ៍​មួយ​នៅ​ក្នុង​ព្រះ​ហស្ត​នៃ​ព្រះ ដើម្បី​នាំ​មនុស្ស​ខ្លះ​ទៅ​កាន់ការ​ប្រែ​ចិត្ត ហើយ​នេះ​គឺ​សេចក្ដី​អំណរ​របស់​ខ្ញុំ។

១០ហើយ​មើល​ចុះ កាល​ខ្ញុំ​ឃើញ​បង​ប្អូន​ខ្ញុំ​ជា​ច្រើន បាន​ប្រែ​ចិត្ត​ជា​ពិតប្រាកដ ហើយ​មក​រក​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ នៅ​ពេល​នោះ ព្រលឹង​ខ្ញុំ​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អំណរ​នៅ​ពេល​នោះ ខ្ញុំ​នឹក​ឃើញ​នូវ​អ្វីៗ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​ធ្វើ​ដើម្បី​ខ្ញុំ មែន​ហើយ គឺ​ទ្រង់​បាន​ឮ​ពាក្យ​អធិស្ឋាន​របស់​ខ្ញុំ មែន​ហើយ នៅ​ពេល​នោះ ខ្ញុំ​នឹក​ឃើញ​ព្រះ​ពាហុ​របស់​ទ្រង់​ដ៏​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា ដែល​ទ្រង់​ហុច​មក​រក​ខ្ញុំ។

១១មែន​ហើយ ខ្ញុំ​ក៏​នឹក​ឃើញ​ផង​ដែរ នូវ​ការ​ជាប់​ឃុំឃាំង​នៃ​ពួក​អយ្យកោ​ខ្ញុំ ត្បិត​ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​ដោះ​លែង​ពួក​គេ​ឲ្យ​រួច​ផុត​ពី​សេវក​ភាព ហើយ​ហេតុ​នេះ ទ្រង់​បាន​តាំង​សាសនាចក្រ​របស់​ទ្រង់ មែន​ហើយ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ គឺ​ព្រះ​នៃ​អ័ប្រាហាំ ព្រះ​នៃ​អ៊ីសាក និង​ព្រះ​នៃ​យ៉ាកុប បាន​ដោះ​លែង​ពួក​គេ​ឲ្យ​រួច​ផុត​ពី​សេវក​ភាព។

១២មែន​ហើយ ខ្ញុំ​ចងចាំ​ជានិច្ច​នូវ​ការ​ជាប់​ឃុំឃាំង​នៃ​ពួក​អយ្យកោ​ខ្ញុំ ហើយ​ចាំ​ថា ព្រះ​ដដែល​នោះ ទ្រង់​បាន​ដោះ​លែង​ពួក​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​ពួក​សាសន៍​អេស៊ីព្ទ បាន​ដោះ​លែង​ពួក​គេ​ឲ្យ​រួច​ផុត​ពី​សេវក​ភាព។

១៣មែន​ហើយ ព្រះ​ដដែល​នោះ​បាន​តាំង​សាសនាចក្រ​របស់​ទ្រង់​នៅ​ក្នុង​ចំណោម​ពួក​គេ មែន​ហើយ ហើយ​ព្រះ​ដដែល​នោះ បាន​ហៅ​ខ្ញុំ​ក្នុង​តំណែង​ដ៏​បរិសុទ្ធ​ឲ្យ​ទៅ​ផ្សាយ​ព្រះ​បន្ទូល​ដល់​ប្រជាជន​នេះ ហើយ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​នូវ​ការ​ជោគជ័យ​ដ៏​ច្រើន ដែល​នាំ​ឲ្យ​ខ្ញុំ​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អំណរ​ក្នុង​ការ​ជោគជ័យ​នេះ។

១៤ប៉ុន្តែ​ខ្ញុំ​មិន​មាន​សេចក្ដី​អំណរតែ​នៅ​ក្នុង​ការ​ជោគជ័យ​របស់​ខ្ញុំ​ប៉ុណ្ណោះ​ទេ តែ​សេចក្ដី​អំណរ​របស់​ខ្ញុំ​ពោរពេញ​ថែម​ឡើង ដោយ​ព្រោះ​ភាព​ជោគជ័យ​របស់​បង​ប្អូន​ខ្ញុំ ដែល​បាន​ឡើង​ទៅ​ឯ​ដែនដី​នីហ្វៃ។

១៥មើល​ចុះ ពួក​គេ​បាន​ខិតខំ​ធ្វើ​ការ​ជា​ខ្លាំង ហើយ​បាន​នាំ​មក​នូវ​លទ្ធផល​ដ៏​ច្រើន ឯ​រង្វាន់​របស់​គេ​មហិមា​ណាស់!

១៦ឥឡូវ​នេះ កាល​ខ្ញុំ​នឹក​ដល់​ការ​ជោគជ័យ​របស់​បង​ប្អូន​ទាំង​នេះ នោះ​ព្រលឹង​ខ្ញុំ​ត្រូវ​បាន​បណ្ដែត​ចេញ​ទៅ គឺ​ឃ្លាត​ចេញ​ពី​រូប​កាយ នៅ​ពេល​នោះ​សេចក្ដី​អំណរ​របស់​ខ្ញុំ​ធំ​អស្ចារ្យ​ណាស់។

១៧ហើយ​ឥឡូវ​នេះ សូម​ព្រះ​ទ្រង់​ប្រទាន​ឲ្យ​បង​ប្អូន​ខ្ញុំ​ទាំង​នេះ ឲ្យ​គេ​អាច​អង្គុយ​នៅ​ក្នុង​នគរ​ព្រះ មែន​ហើយ ហើយ​ព្រម​ទាំង​ជន​ទាំង​អស់​ណា ដែល​ជា​លទ្ធផល​នៃ​កិច្ចការ​របស់​គេ ដើម្បី​កុំ​ឲ្យ​អ្នក​ទាំង​នេះ​ចេញ​ទៅ​ក្រៅ​ទៀត​ឡើយ តែ​ឲ្យ​គេ​សរសើរ​តម្កើង​ដល់​ទ្រង់​រហូត​ត​ទៅ។ ហើយ​សូម​ព្រះ​អនុញ្ញាត​ឲ្យ​ការណ៍​នេះ អាច​បាន​សម្រេច​តាម​ពាក្យ​សម្ដី​របស់​ខ្ញុំ ដូច​ខ្ញុំ​បាន​និយាយ​ផង​ចុះ។ អាម៉ែន៕