ព្រះគម្ពីរ
អាលម៉ា 35


ជំពូក​ទី ៣៥

ការ​ផ្សាយ​ព្រះ​បន្ទូល​បំផ្លាញ​កលល្បិច​របស់​ពួក​សាសន៍​សូរាំ — ពួក​គេ​បណ្ដេញ​ពួក​ជន​ដែល​ប្រែ​ចិត្ត​ជឿ ហើយ​ដែល​រួបរួម​ជាមួយ​នឹង​ប្រជាជន​អាំម៉ូន​នៅ​ដែនដី​យើសុន​ចេញ — អាលម៉ា​មាន​ទុក្ខ​សោក​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​នៃ​ប្រជាជន។ ប្រមាណ​ជា​ឆ្នាំ ៧៤ ម.គ.ស.។

ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​អាមូលេក​បាន​បញ្ចប់​នូវ​ពាក្យ​ទាំង​នេះ​ហើយ នោះ​ពួក​គេ​បាន​ដក​ខ្លួន​ថយ​ចេញ​ពី​ហ្វូង​មនុស្ស ហើយ​បាន​ឆ្លង​ចូល​ទៅ​ដែនដី​យើសុន។

មែន​ហើយ ឯ​បង​ប្អូន​ឯ​ទៀត​ក្រៅ​ពី​នេះ បន្ទាប់​ពី​បាន​ផ្សាយ​ព្រះ​បន្ទូល​ដល់​ពួក​សូរាំ​ហើយ ក៏​បាន​ឆ្លង​មក​ឯ​ដែនដី​យើសុន​ដែរ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ពួក​សាសន៍​សូរាំ​មួយ​ច្រើន បាន​ប្រឹក្សា​គ្នា​អំពី​ព្រះ​បន្ទូល​ទាំង​ឡាយ ដែល​បាន​ផ្សាយ​ប្រាប់​គេ នោះ​ពួក​គេ​ក៏​ខឹង​ដោយ​ព្រោះ​ព្រះ​បន្ទូល​ទាំង​នោះ ត្បិត​ព្រះ​បន្ទូល​ទាំង​នោះ​បាន​បំផ្លាញ​កលល្បិច​របស់​គេ ហេតុ​ដូច្នោះ​ហើយ ពួក​គេ​ពុំ​ព្រម​ស្ដាប់​តាម​ព្រះ​បន្ទូល​ទាំង​នោះ​ឡើយ។

ហើយ​ពួក​គេ​បាន​ចាត់​ឲ្យ​ហៅ ហើយ​ឲ្យ​ប្រជាជន​ទាំង​អស់ ទូ​ទៅ​អស់​ទាំង​ដែនដី ឲ្យ​មក​ជួប​ជុំ​គ្នា ហើយ​ពិគ្រោះ​នឹង​ពួក​គេ​អំពី​ព្រះ​បន្ទូល​ទាំង​ឡាយ​ដែល​បាន​និយាយ​មក។

ឥឡូវ​នេះ ពួក​អ្នក​ត្រួតត្រា​របស់​គេ និង​ពួក​សង្ឃ​របស់​គេ និង​ពួក​គ្រូ​របស់​គេ ពុំ​បាន​ឲ្យ​ប្រជាជន​ដឹង​អំពី​បំណង​របស់​គេ​ឡើយ ហេតុ​ដូច្នោះ​ហើយ ពួក​គេ​បាន​ដឹង​អំពី​គំនិត​នៃ​ប្រជាជន​ទាំង​អស់​ដោយ​សម្ងាត់។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ពួក​គេ​បាន​ដឹង​អំពី​គំនិត​នៃ​ប្រជាជន​ទាំង​អស់​ហើយ គឺ​អស់​អ្នក​ណា​ដែល​គាំទ្រ​ព្រះ​បន្ទូល ដែល​បាន​ថ្លែង​ដោយ​អាលម៉ា និង​បង​ប្អូន​លោក នោះ​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ដែនដី ហើយ​ពួក​គេ​មាន​ចំនួន​ច្រើន ហើយ​ពួក​គេ​ក៏​ឆ្លង​មក​ឯ​ដែនដី​យើសុន​ដែរ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អាលម៉ា និង​បង​ប្អូន​លោក​បាន​ធ្វើ​ការងារ​បម្រើ​ដល់​ពួក​គេ។

ឥឡូវ​នេះ ប្រជាជន​នៃ​សាសន៍​សូរាំ​ខឹង​នឹង​ប្រជាជន​អាំម៉ូន ដែល​នៅ​ដែនដី​យើសុន ហើយ​មេ​ត្រួតត្រា​នៃ​ពួក​សូរាំ ដែល​ជា​មនុស្ស​ដ៏សែន​ទុច្ចរិត បាន​ចាត់​ឲ្យ​មនុស្ស​ទៅ​សុំ​ឲ្យ​ប្រជាជន​អាំម៉ូន បណ្ដេញ​ចេញ​ពី​ដែនដី​គេ​នូវ​អស់​អ្នក​ណា ដែល​មក​ពី​ពួក​គេ ដែល​បាន​ឆ្លង​ចូល​មក​ក្នុង​ដែនដី​នោះ។

ហើយ​គាត់​បាន​បញ្ចេញ​ពាក្យ​គំរាម​កំហែង​ជា​ច្រើន​ទាស់​នឹង​ពួក​គេ។ ហើយ​ឥឡូវ​នេះ ប្រជាជន​អាំម៉ូន ពុំ​ខ្លាច​ពាក្យ​សម្ដី​របស់​ពួក​គេ​ទេ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ពុំ​បាន​បណ្ដេញ​អ្នក​ទាំង​នោះ​ចេញ​ឡើយ ប៉ុន្តែ​ពួក​គេ​បាន​ទទួល​អស់​អ្នក​ក្រ​នៃ​ពួក​សាសន៍​សូរាំ ដែល​បាន​ឆ្លង​ចូល​មក​រក​គេ ហើយ​គេ​បាន​ចិញ្ចឹម​ពួក​នោះ ហើយ​បាន​ផ្ដល់​សំលៀកបំពាក់ ហើយ​បាន​ឲ្យ​ដី​ទុកជា​កេរ្តិ៍​អាករ​ដល់​គេ ហើយ​ពួក​គេ​បាន​ជួយ​ឧបត្ថម្ភ​អ្នក​ទាំង​នោះ ស្រប​តាម​អ្វីៗ​ដែល​គេ​ត្រូវ​ការ។

១០ឥឡូវ​នេះ ការណ៍​នេះ​បាន​ចាក់​រុក​ឲ្យ​ពួក​សូរាំ​កាន់តែ​ខឹង​នឹង​ប្រជាជន​អាំម៉ូន ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​រួបរួម​ជាមួយ​នឹង​ពួក​លេមិន ហើយ​ចាក់​រុក​ឲ្យ​ពួក​គេ​ខឹង​នឹង​ប្រជាជន​អាំម៉ូន​ដែរ។

១១ម្ល៉ោះ​ហើយ ពួក​សូរាំ និង​ពួក​លេមិន​បាន​ចាប់​ផ្ដើម​រៀបចំ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ប្រជាជន​អាំម៉ូន ព្រម​ទាំង​ប្រឆាំង​នឹង​ពួក​នីហ្វៃ​ផង។

១២ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​ដប់​ប្រាំពីរ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ​លើ​ប្រជាជន​នីហ្វៃ។

១៣ហើយ​ប្រជាជន​អាំម៉ូន​បាន​ចាក​ចេញ​ពី​ដែនដី​យើសុន ហើយ​បាន​ឆ្លង​ចូល​មក​ក្នុង​ដែនដី​មេលេក ហើយ​បាន​ទុក​កន្លែង​ក្នុង​ដែនដី​យើសុន សម្រាប់​ពល​ទ័ព​សាសន៍​នីហ្វៃ​វិញ ដើម្បី​ពួក​គេ​អាច​តតាំង​ជាមួយ​នឹង​ពល​ទ័ព​សាសន៍​លេមិន និង​ពល​ទ័ព​សាសន៍​សូរាំ ម្ល៉ោះ​ហើយ សង្គ្រាម បាន​ចាប់​ផ្ដើម​ឡើង រវាង​ពួក​លេមិន​នឹង​ពួក​នីហ្វៃ នៅ​ឆ្នាំ​ទី​ដប់​ប្រាំបី​ក្នុង​រជ្ជកាល​នៃ​ចៅក្រម ហើយ​ដំណើរ​រឿង​អំពី​សង្គ្រាម​ទាំង​ឡាយ​របស់​គេ នឹង​ត្រូវ​បាន​រៀប​រាប់​នៅ​ពេល​ខាង​ក្រោយ។

១៤ហើយ​អាលម៉ា និង​អាំម៉ូន និង​បង​ប្អូន​គេ និង​កូន​ប្រុស​ពីរ​នាក់​របស់​អាលម៉ា ក៏​ត្រឡប់​ទៅ​ដែនដី​សារ៉ាហិមឡា​វិញ បន្ទាប់​ពី​បាន​ធ្វើ​ជា​គ្រឿង​ឧបករណ៍​នៅ​ក្នុង​ព្រះ​ហស្ត​នៃ​ព្រះ ក្នុង​ការ​នាំ​ពួក​សាសន៍​សូរាំ​ជា​ច្រើន​ឲ្យ​ប្រែ​ចិត្ត ហើយ​អស់​អ្នក​ណា​ដែល​ត្រូវ​បាន​នាំ​ឲ្យ​ប្រែ​ចិត្ត​នោះ ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ដែនដី ប៉ុន្តែ​ពួក​គេ​មាន​ដី​ទុក​សម្រាប់​ជា​កេរ្តិ៍​អាករ​ដល់​គេ​នៅ​ក្នុង​ដែនដី​យើសុន ហើយ​ពួក​គេ​បាន​កាន់​អាវុធ ដើម្បី​ការ​ពារ​ខ្លួន និង​ប្រពន្ធ និង​កូន​ចៅ​របស់​គេ និង​ដី​របស់​គេ។

១៥ឥឡូវ​នេះ អាលម៉ា ដោយ​កើតទុក្ខ​ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​ប្រជាជន​លោក មែន​ហើយ ព្រោះ​តែ​សង្គ្រាម​ទាំង​ឡាយ និង​ការ​ខ្ចាយ​ឈាម និង​ការ​ទាស់ទែង​គ្នា​នៅ​ក្នុង​ចំណោម​ពួក​គេ ហើយ​ដោយ​បាន​ប្រកាស​ប្រាប់​នូវ​ព្រះ​បន្ទូល ឬ​បាន​ចាត់​ឲ្យ​ទៅ​ប្រកាស​ព្រះ​បន្ទូល នៅ​ក្នុង ចំណោម​ប្រជាជន​ទាំង​អស់​នៅ​គ្រប់​ទី​ក្រុង ហើយ​ដោយ​បាន​ឃើញ​ថា ចិត្ត​របស់​ប្រជាជន​បាន​ចាប់​ផ្ដើម​រឹងរូស ហើយ​ថា ពួក​គេ​បាន​ចាប់​ផ្ដើម​អាក់​អន់​ចិត្ត ដោយ​ព្រោះ​ភាព​តឹង​រឹង​នៃ​ព្រះ​បន្ទូល នោះ​ចិត្ត​លោក​មាន​ការ​សោកសៅ​ជា​ខ្លាំង។

១៦ហេតុ​ដូច្នេះ​ហើយ លោក​បាន​ចាត់​ឲ្យ​កូន​ប្រុសៗ​របស់​លោក​មក​ប្រជុំ​គ្នា ដើម្បី​លោក​អាច​ប្រទាន​កិច្ចការ​កាន់កាប់​មួយ​រៀងៗ​ខ្លួន​ដាច់ឡែក​ពី​គ្នា អំពី​ការណ៍​ទាំង​ឡាយ​ដែល​ទាក់​ទង​ទៅ​នឹង​សេចក្ដី​សុចរិត។ ហើយ​យើង​មាន​ដំណើរ​រឿង​អំពី​បញ្ជា​ទាំង​ឡាយ​របស់​លោក ដែល​លោក​បាន​ប្រទាន​ឲ្យ​ពួក​គេ ស្រប​តាម​បញ្ជី​របស់​លោក​ផ្ទាល់៕