ជំពូកទី ៥០
មរ៉ូណៃពង្រឹងដែនដីទាំងឡាយនៃពួកនីហ្វៃ — ពួកគេស្ថាបនាទីក្រុងថ្មីៗជាច្រើន — សង្គ្រាមទាំងឡាយ និងការបំផ្លិចបំផ្លាញទាំងឡាយ ធ្លាក់មកលើពួកសាសន៍នីហ្វៃនៅក្នុងថ្ងៃទាំងឡាយនៃអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់គេ — ម៉ូរីអានតុន និងពួកបែក ចេញរបស់វា ត្រូវបរាជ័យដោយទីអានគុម — នីហ្វៃហាស្លាប់ ហើយកូនប្រុសលោក គឺពេហូរ៉ានបំពេញវេទិកាជំនុំជំរះ។ ប្រមាណជាឆ្នាំ ៧២–៦៧ ម.គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា មរ៉ូណៃពុំបានឈប់ធ្វើការរៀបចំធ្វើសង្គ្រាម ឬការពារប្រជាជនលោកតទល់នឹងពួកសាសន៍លេមិនឡើយ ព្រោះលោកបានបញ្ជាឲ្យពលទ័ពលោក ចាប់ផ្ដើមនៅដើមឆ្នាំទីម្ភៃក្នុងរជ្ជកាលនៃពួកចៅក្រម ថាពួកគេត្រូវចាប់ផ្ដើមជីកដីគឡើងនៅជុំវិញទីក្រុងទាំងអស់ទូទៅអស់ទាំងដែនដី ដែលមានពួកសាសន៍នីហ្វៃតាំងនៅ។
២ហើយនៅលើភ្លឺដីទាំងនេះ លោកបានបញ្ជាឲ្យមានឈើ មែនហើយ របងឈើទាំងឡាយ ដែលសង់ឡើងឲ្យមានកម្ពស់ស្មើនឹងកម្ពស់មនុស្សនៅជុំវិញទីក្រុងទាំងឡាយ។
៣ហើយលោកបានបញ្ជាឲ្យដោតនៅលើរបងឈើទាំងនោះ នូវចម្រូងស្រួចទាំងឡាយ លើរបងឈើនៅជុំវិញ ហើយវាមាំ ហើយខ្ពស់។
៤ហើយលោកបានបញ្ជាឲ្យសង់ប៉មទាំងឡាយ ដែលបែរឆ្ពោះទៅពីលើចម្រូងទាំងនោះ ហើយលោកបានបញ្ជាឲ្យសង់កន្លែងសន្តិសុខទាំងឡាយនៅលើប៉មទាំងនោះ ដើម្បីក្រួស និងព្រួញទាំងឡាយរបស់ពួកសាសន៍លេមិន មិនអាចធ្វើឲ្យពួកគេរបួសបានឡើយ។
៥ហើយពួកគេបានរៀបចំជាស្រេច ដើម្បីពួកគេអាចចោលថ្មពីលើនោះ តាមចំណង់ និងកម្លាំងរបស់ពួកគេ ហើយសម្លាប់ជនណា ដែលនឹងបម្រុងមកជិតកំផែងទីក្រុង។
៦ម្ល៉ោះហើយ មរ៉ូណៃបានរៀបចំតំបន់ការពារប្រឆាំងនឹងការវាយលុក នៃពួកខ្មាំងសត្រូវរបស់គេនៅជុំវិញគ្រប់ទីក្រុងនៅអស់ទាំងដែនដី។
៧ហើយហេតុការណ៍បានកើតឡើងថា មរ៉ូណៃបានបញ្ជាឲ្យពលទ័ពរបស់លោក ធ្វើដំណើរចូលទៅក្នុងទីរហោស្ថានខាងកើត មែនហើយ ហើយពួកគេបានទៅ ហើយរុញច្រានពួកសាសន៍លេមិនទាំងអស់ដែលនៅក្នុងទីរហោស្ថានខាងកើត ឲ្យចូលទៅក្នុងដែនដីរបស់គេផ្ទាល់ ដែលនៅខាងត្បូងដែនដីសារ៉ាហិមឡា។
៨ហើយដែនដីនីហ្វៃ មាននៅតាមផ្លូវត្រង់ចាប់ពីសមុទ្រខាងកើតទៅខាងលិច។
៩ហើយហេតុការណ៍បានកើតឡើងថា កាលមរ៉ូណៃបានរុញច្រានពួកសាសន៍លេមិនទាំងអស់ចេញពីទីរហោស្ថានខាងកើត គឺនៅខាងជើងដែនដីទាំងឡាយ ដែលជារបស់គេហើយ នោះលោកបានបញ្ជាឲ្យបណ្ដាជនដែលនៅក្នុងដែនដីសារ៉ាហិមឡា និងដែនដីជុំវិញនោះ ឲ្យចូលទៅក្នុងទីរហោស្ថានខាងកើត គឺរហូតដល់ព្រំប្រទល់ទាំងឡាយជិតឆ្នេរសមុទ្រ ហើយយកដីនោះ។
១០ហើយលោកក៏បានដាក់ពលទ័ព នៅទិសខាងត្បូង នៅក្នុងព្រំប្រទល់ទាំងឡាយ នៃដែនដីរបស់គេ ហើយបានបញ្ជាឲ្យពួកគេលើកតំបន់ការពារទាំងឡាយ ដើម្បីពួកគេអាចរក្សាសន្តិសុខដល់ពលទ័ពរបស់គេ និងដល់ប្រជាជនរបស់គេពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់គេ។
១១ម្ល៉ោះហើយ លោកបានកាត់ផ្ដាច់អស់ទាំងតំបន់ការពារទាំងឡាយ របស់ពួកសាសន៍លេមិន ដែលនៅក្នុងទីរហោស្ថានខាងកើត មែនហើយ ហើយនៅខាងលិចផង ដោយបង្កើនកម្លាំងដល់ខ្សែការពារនៅចន្លោះពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន នៅចន្លោះដែនដីសារ៉ាហិមឡា និងដែនដីនីហ្វៃ ពីសមុទ្រខាងលិច កាត់តាមក្បាលទន្លេស៊ីដូន — ពួកសាសន៍នីហ្វៃមានដែនដីទាំងអស់ទៅទិសខាងជើង មែនហើយ និងដែនដីទាំងអស់ ដែលនៅខាងជើងដែនដីបរិបូរណ៍ តាមចំណង់របស់គេ។
១២ម្ល៉ោះហើយ មរ៉ូណៃជាមួយនឹងពលទ័ពរបស់លោក ដែលបានកើនឡើងជារៀងរាល់ថ្ងៃ ដោយសារការធានាការពារ ដែលកិច្ចការរបស់លោកបាននាំមកឲ្យពួកគេ បានរកកាត់ផ្ដាច់កម្លាំង និងអំណាចរបស់ពួកសាសន៍លេមិនពីដែនដីរបស់ពួកគេ ដើម្បីកុំឲ្យពួកគេមានអំណាចនៅលើដែនដីទាំងឡាយរបស់ពួកគេឡើយ។
១៣ហើយហេតុការណ៍បានកើតឡើងថា ពួកសាសន៍នីហ្វៃបានចាប់ផ្ដើមស្ថាបនាទីក្រុងមួយ ហើយគេបានឲ្យឈ្មោះទីក្រុងនោះថា មរ៉ូណៃ ហើយគឺនៅក្បែរសមុទ្រខាងកើត ហើយនៅទិសខាងត្បូង ជិតព្រំប្រទល់ដែនដីនៃពួកសាសន៍លេមិន។
១៤ហើយពួកគេក៏បានចាប់ផ្ដើមស្ថាបនាទីក្រុងមួយដែរនៅចន្លោះទីក្រុងមរ៉ូណៃ និងទីក្រុងអើរ៉ុន ជាប់នឹងព្រំប្រទល់ក្រុងអើរ៉ុន និងក្រុងមរ៉ូណៃ ហើយពួកគេបានឲ្យឈ្មោះទីក្រុងនោះ ឬដែនដីនោះថា នីហ្វៃហា។
១៥ហើយពួកគេបានចាប់ផ្ដើមក្នុងឆ្នាំដដែលនោះ ស្ថាបនាទីក្រុងជាច្រើននៅទិសខាងជើង ដោយរបៀបពិសេសដែលគេហៅថា លីហៃ ដែលនៅខាងជើងជិតព្រំប្រទល់ទាំងឡាយនៃឆ្នេរសមុទ្រ។
១៦ម្ល៉ោះហើយ ក៏ចប់ឆ្នាំទីម្ភៃទៅ។
១៧ហើយនៅក្នុងកាលៈទេសៈដ៏ចម្រើនទាំងនេះ ប្រជាជននីហ្វៃបានរស់នៅដើមឆ្នាំទីម្ភៃមួយក្នុងរជ្ជកាលនៃពួកចៅក្រមទៅលើប្រជាជននីហ្វៃ។
១៨ហើយពួកគេបានចម្រើនឡើងដ៏លើសលប់ ហើយពួកគេបានក្លាយទៅជាអ្នកមានទ្រព្យដ៏លើសលប់ មែនហើយ ហើយពួកគេបានកើនចំនួនឡើង និងខ្លាំងពូកែនៅក្នុងដែនដី។
១៩ម្ល៉ោះហើយ យើងឃើញថា ទំនាក់ទំនងទាំងអស់របស់ព្រះអម្ចាស់ប្រកបដោយសេចក្ដីមេត្តាករុណា ហើយត្រឹមត្រូវពន់ប្រមាណក្នុងការបំពេញព្រះបន្ទូលទាំងអស់របស់ទ្រង់ដល់កូនចៅមនុស្ស មែនហើយ យើងអាចមើលឃើញថា ព្រះបន្ទូលទាំងឡាយរបស់ទ្រង់ ត្រូវបានបញ្ជាក់ ដូចជានៅពេលនេះ ដែលទ្រង់មានព្រះបន្ទូលទៅកាន់លីហៃថា ៖
២០អ្នកមានពរហើយ និងកូនចៅអ្នកផង ហើយពួកគេនឹងបានពរ ដរាបណាពួកគេកាន់តាមបញ្ញត្តិទាំងឡាយរបស់យើង នោះពួកគេនឹងបានចម្រើនឡើងនៅលើដែនដី។ ប៉ុន្តែចូរចាំថា ដរាបណាពួកគេពុំកាន់តាមបញ្ញត្តិទាំងឡាយរបស់យើងទេ នោះពួកគេនឹងត្រូវកាត់ចេញពីវត្តមាននៃព្រះអម្ចាស់។
២១ហើយយើងឃើញថា ពាក្យសន្យាទាំងនេះ ត្រូវបានបញ្ជាក់ជាការពិតដល់ប្រជាជននីហ្វៃ ព្រោះដោយមកពីជម្លោះទាំងឡាយរបស់គេ និងការទាស់ទែងទាំងឡាយរបស់គេ មែនហើយ អំពើឃាតកម្មទាំងឡាយរបស់គេ និងអំពើលួចប្លន់ទាំងឡាយរបស់គេ ការថ្វាយបង្គំរូបព្រះរបស់គេ អំពើសហាយស្មន់ទាំងឡាយរបស់គេ និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់គេ ដែលមាននៅក្នុងចំណោមពួកគេផ្ទាល់ ដែលនាំមកលើពួកគេនូវសង្គ្រាមទាំងឡាយរបស់គេ និងការបំផ្លិចបំផ្លាញទាំងឡាយរបស់គេ។
២២ហើយអស់អ្នកណាដែលស្មោះត្រង់ក្នុងការកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ ត្រូវបានដោះលែងគ្រប់ពេលវេលា នៅពេលដែលបងប្អូនគេដែលទុច្ចរិតរាប់ពាន់នាក់ ត្រូវដាក់ទៅក្នុងសេវកភាព ឬត្រូវវិនាសបង់ដោយផ្លែដាវ ឬចុះអន់ថយក្នុងការឥតជំនឿ ហើយនៅលាយឡំជាមួយនឹងពួកសាសន៍លេមិន។
២៣ប៉ុន្តែមើលចុះ ពុំដែលមានពេលណានៅក្នុងចំណោមប្រជាជននីហ្វៃ ដែលសប្បាយជាងសម័យមរ៉ូណៃឡើយ ចាប់តាំងពីសម័យនីហ្វៃមក មែនហើយ ទាំងក្នុងពេលនេះ នៅឆ្នាំទីម្ភៃមួយក្នុងរជ្ជកាលនៃពួកចៅក្រម។
២៤ហើយហេតុការណ៍បានកើតឡើងថា ឆ្នាំទីម្ភៃពីរក្នុងរជ្ជកាលនៃពួកចៅក្រម ក៏ចប់ក្នុងសន្តិភាពដែរ មែនហើយ ហើយឆ្នាំទីម្ភៃបីផង។
២៥ហើយហេតុការណ៍បានកើតឡើងថា នៅដើមឆ្នាំទីម្ភៃបួនក្នុងរជ្ជកាលនៃពួកចៅក្រម ប្រាកដជាមានសន្តិភាពនៅក្នុងចំណោមប្រជាជននីហ្វៃ ប្រសិនបើគ្មានការទាស់ទែងគ្នាមួយ ដែលកើតឡើងនៅក្នុងចំណោមពួកគេអំពីដែនដីលីហៃ និងដែនដីម៉ូរីអានតុន ដែលនៅជាប់ព្រំប្រទល់ដែនដីលីហៃ ដែនដីទាំងពីរនៅជាប់នឹងឆ្នេរសមុទ្រ។
២៦ត្បិតមើលចុះ ប្រជាជនដែលយកដែនដីម៉ូរីអានតុន បានទាមទារយកដែនដីលីហៃមួយភាគ ហេតុដូច្នេះហើយ ក៏ចាប់ផ្ដើមមានការទាស់ទែងគ្នាដ៏ក្ដៅមួយរវាងពួកគេ ដរាបដល់ប្រជាជននៃដែនដីម៉ូរីអានតុន បានលើកអាវុធទាស់នឹងបងប្អូនខ្លួន ហើយពួកគេបានប្ដេជ្ញាចិត្តថា នឹងសម្លាប់ពួកគេចោលដោយដាវ។
២៧ប៉ុន្តែមើលចុះ ប្រជាជនដែលយកដែនដីលីហៃ បានរត់ភៀសខ្លួនទៅខាងជំរំមរ៉ូណៃ ហើយបានអង្វរឲ្យលោកជួយ ត្បិតមើលចុះ ពួកគេពុំមានកំហុសអ្វីសោះ។
២៨ហើយហេតុការណ៍បានកើតឡើងថា កាលប្រជាជនម៉ូរីអានតុន ដែលដឹកនាំដោយបុរសម្នាក់ មានឈ្មោះថា ម៉ូរីអានតុន បានដឹងថា ប្រជាជនលីហៃបានភៀសខ្លួនទៅខាងជំរំមរ៉ូណៃ នោះពួកគេភិតភ័យជាខ្លាំង ខ្លាចក្រែងកងទ័ពរបស់មរ៉ូណៃ នឹងមកវាយមកលើពួកគេ ហើយបំផ្លាញគេចោល។
២៩ហេតុដូច្នេះហើយ ម៉ូរីអានតុនបានដាក់ក្នុងចិត្តគេថា ពួកគេត្រូវរត់ភៀសខ្លួនទៅឯដែនដីដែលនៅខាងជើង ដែលឡោមព័ទ្ធជុំវិញទៅដោយទឹកដ៏ច្រើន ហើយយកដែនដីនោះ ដែលនៅទិសខាងជើង។
៣០ហើយមើលចុះ ពួកគេច្បាស់ជាអនុវត្តផែនការនេះ (ដែលជាដើមហេតុមួយគួរឲ្យយំសោក) ប៉ុន្តែមើលចុះ ម៉ូរីអានតុន ជាមនុស្សម្នាក់ប្រកបទៅដោយចិត្តក្ដៅ ហេតុដូច្នេះហើយ វាខឹងនឹងស្ត្រីបម្រើម្នាក់ ហើយវាបានសង្គ្រុបនាង ហើយវាយនាងជាខ្លាំង។
៣១ហើយហេតុការណ៍បានកើតឡើងថា នាងបានរត់ភៀសខ្លួន ហើយបានមកខាងជំរំមរ៉ូណៃ ហើយបានប្រាប់មរ៉ូណៃនូវគ្រប់ការណ៍ទាំងអស់ដែលទាក់ទងនឹងរឿងនេះ ព្រមទាំងអំពីបំណងទាំងឡាយរបស់គេ ចង់រត់ភៀសទៅក្នុងដែនដីផ្នែកខាងជើងផង។
៣២ឥឡូវនេះ មើលចុះ ប្រជាជនដែលនៅឯដែនដីបរិបូរណ៍ ឬនិយាយឲ្យចំ គឺមរ៉ូណៃ ខ្លាចក្រែងពួកគេស្ដាប់តាមពាក្យរបស់ម៉ូរីអានតុន ហើយរួបរួមជាមួយនឹងប្រជាជនរបស់វា ម្ល៉ោះហើយ វានឹងយកបានផ្នែកទាំងឡាយនៃដែនដីនោះ ដែលជាមូលដ្ឋានសម្រាប់ផលវិបាកដ៏ធ្ងន់ធ្ងរទាំងឡាយនៅក្នុងចំណោមប្រជាជននីហ្វៃ មែនហើយ ដែលជាផលវិបាកនាំឲ្យរំលំឥស្សរភាពរបស់គេ។
៣៣ហេតុដូច្នេះហើយ មរ៉ូណៃបានចាត់ឲ្យទ័ពមួយកងជាមួយនឹងជំរំរបស់គេ ចេញទៅស្ទាក់មុខប្រជាជនរបស់ម៉ូរីអានតុន ដើម្បីបញ្ឈប់ការភៀសខ្លួនចូលទៅដែនដីខាងជើង។
៣៤ហើយហេតុការណ៍បានកើតឡើងថា ពួកគេពុំបានស្ទាក់មុខពួកនោះ រហូតដល់គេបានមកដល់ព្រំប្រទល់នៃដែនដីចោលស្ងាត់ ហើយនៅទីនោះ ពួកគេបានស្ទាក់មុខពួកនោះ តាមច្រកដ៏ចង្អៀតដែលនៅតាមបណ្ដោយសមុទ្រ ដែលនាំទៅកាន់ដែនដីទិសខាងជើង មែនហើយ នៅជិតសមុទ្រនៅខាងលិច និងនៅខាងកើត។
៣៥ហើយហេតុការណ៍បានកើតឡើងថា កងទ័ពដែលមរ៉ូណៃបានចាត់ឲ្យទៅនោះ ដែលបានដឹកនាំដោយមនុស្សម្នាក់ ដែលមានឈ្មោះថា ទីអានគុម បានជួបនឹងប្រជាជនរបស់ម៉ូរីអានតុន ហើយប្រជាជនរបស់ម៉ូរីអានតុន រឹងរូសក្រៃលែង (ដោយត្រូវបានញុះញង់ ដោយអំពើទុច្ចរិតរបស់វា និងពាក្យបញ្ជារបស់វា) រហូតដល់មានការប្រយុទ្ធមួយចាប់ផ្ដើមឡើងរវាងពួកគេ ហើយនៅក្នុងការប្រយុទ្ធ នោះទីអានគុមបានសម្លាប់ម៉ូរីអានតុន ហើយធ្វើឲ្យបរាជ័យដល់កងទ័ពរបស់វា ហើយបានចាប់ពួកវាយកទៅជាឈ្លើយ ហើយបានត្រឡប់ទៅកាន់ជំរំនៃមរ៉ូណៃវិញ។ ម្ល៉ោះហើយ ក៏ចប់ឆ្នាំទីម្ភៃបួនក្នុងរជ្ជកាលនៃពួកចៅក្រមទៅលើប្រជាជននីហ្វៃ។
៣៦ម្ល៉ោះហើយ ប្រជាជនរបស់ម៉ូរីអានតុនត្រូវបាននាំមកវិញ។ ហើយកាលពួកគេធ្វើសេចក្ដីសញ្ញាថានឹងរក្សាសន្តិភាព នោះពួកគេត្រូវបានឲ្យទៅនៅដែនដីម៉ូរីអានតុនវិញ ហើយការសាមគ្គីក៏កើតឡើងរវាងពួកគេនឹងប្រជាជនលីហៃ ហើយពួកគេក៏បានដីទៅគេវិញដែរ។
៣៧ហើយហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំដដែល ដែលប្រជាជននីហ្វៃបានសន្តិភាពមកវិញ នោះនីហ្វៃហា ជាមេចៅក្រមទីពីរបានស្លាប់ទៅ បន្ទាប់ពីបានបំពេញវេទិកាជំនុំជំរះ ដោយភាពស្មោះត្រង់ដ៏ឥតខ្ចោះនៅចំពោះព្រះ។
៣៨ទោះជាយ៉ាងណាក៏ដោយ គង់តែលោកបានប្រកែកនឹងអាលម៉ាដែរ មិនព្រមយកបញ្ជីទាំងឡាយ និងវត្ថុទាំងឡាយដែលអាលម៉ា និងពួកអយ្យកោលោកចាត់ទុកជាពិសិដ្ឋបំផុត ហេតុដូច្នេះហើយ អាលម៉ាបានប្រគល់របស់ទាំងនេះ ទៅកូនប្រុសរបស់លោក គឺហេលេមិន។
៣៩មើលចុះ ហេតុការណ៍បានកើតឡើងថា កូនប្រុសរបស់នីហ្វៃហា ត្រូវបានតែងតាំងឡើងឲ្យបំពេញវេទិកាជំនុំជំរះជំនួសឪពុករបស់ខ្លួន មែនហើយ លោកត្រូវបានតែងតាំងឡើងជាមេចៅក្រម និងជាអ្នកអភិបាលលើប្រជាជនដោយពាក្យសម្បថ និងពិធីពិសិដ្ឋថា នឹងជំនុំជំរះដោយសុចរិត ហើយនឹងរក្សាសន្តិភាព និងសេរីភាពរបស់ប្រជាជន ហើយប្រទានដល់ពួកគេ នូវឯកសិទ្ធដ៏ពិសិដ្ឋទាំងឡាយរបស់គេក្នុងការថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់ពួកគេ មែនហើយ ដើម្បីគាំទ្រ ហើយរក្សានូវឧត្ដមគតិនៃព្រះអស់មួយជីវិតលោក ហើយដើម្បីនាំពួកទុច្ចរិតទៅរកសេចក្ដីយុត្តិធម៌ តាមទោសឧក្រិដ្ឋរបស់គេ។
៤០ឥឡូវនេះ មើលចុះ ឈ្មោះលោកគឺ ពេហូរ៉ាន ហើយពេហូរ៉ានបានបំពេញវេទិការបស់ឪពុកលោក ហើយបានចាប់ផ្ដើមរជ្ជកាលរបស់លោក នៅចុងឆ្នាំទីម្ភៃបួនទៅលើប្រជាជននីហ្វៃ៕