ព្រះគម្ពីរ
អាលម៉ា 50


ជំពូក​ទី ៥០

មរ៉ូណៃ​ពង្រឹង​ដែនដី​ទាំង​ឡាយ​នៃ​ពួក​នីហ្វៃ — ពួក​គេ​ស្ថាបនា​ទី​ក្រុង​ថ្មីៗ​ជា​ច្រើន — សង្គ្រាម​ទាំង​ឡាយ និង​ការ​បំផ្លិចបំផ្លាញ​ទាំង​ឡាយ ធ្លាក់​មក​លើ​ពួក​សាសន៍​នីហ្វៃ​នៅ​ក្នុង​ថ្ងៃ​ទាំង​ឡាយ​នៃ​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​គេ — ម៉ូរីអានតុន និង​ពួក​បែក ចេញ​របស់​វា ត្រូវ​បរាជ័យ​ដោយ​ទីអានគុម — នីហ្វៃ​ហា​ស្លាប់ ហើយ​កូន​ប្រុស​លោក គឺ​ពេហូរ៉ាន​បំពេញ​វេទិកា​ជំនុំ​ជំរះ។ ប្រមាណ​ជា​ឆ្នាំ ៧២–៦៧ ម.គ.ស.។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា មរ៉ូណៃ​ពុំ​បាន​ឈប់​ធ្វើ​ការ​រៀបចំ​ធ្វើ​សង្គ្រាម ឬ​ការ​ពារ​ប្រជាជន​លោក​តទល់​នឹង​ពួក​សាសន៍​លេមិន​ឡើយ ព្រោះ​លោក​បាន​បញ្ជា​ឲ្យ​ពល​ទ័ព​លោក ចាប់​ផ្ដើម​នៅ​ដើម​ឆ្នាំ​ទី​ម្ភៃ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម ថា​ពួក​គេ​ត្រូវ​ចាប់​ផ្ដើម​ជីក​ដី​គ​ឡើង​នៅ​ជុំវិញ​ទី​ក្រុង​ទាំង​អស់​ទូ​ទៅ​អស់​ទាំង​ដែនដី ដែល​មាន​ពួក​សាសន៍​នីហ្វៃ​តាំងនៅ។

ហើយ​នៅ​លើ​ភ្លឺ​ដី​ទាំង​នេះ លោក​បាន​បញ្ជា​ឲ្យ​មាន​ឈើ មែន​ហើយ របង​ឈើ​ទាំង​ឡាយ ដែល​សង់​ឡើង​ឲ្យ​មាន​កម្ពស់​ស្មើ​នឹង​កម្ពស់​មនុស្ស​នៅ​ជុំវិញ​ទី​ក្រុង​ទាំង​ឡាយ។

ហើយ​លោក​បាន​បញ្ជា​ឲ្យ​ដោត​នៅ​លើ​របង​ឈើ​ទាំង​នោះ នូវ​ចម្រូង​ស្រួច​ទាំង​ឡាយ លើ​របង​ឈើ​នៅ​ជុំវិញ ហើយ​វា​មាំ ហើយ​ខ្ពស់។

ហើយ​លោក​បាន​បញ្ជា​ឲ្យ​សង់​ប៉ម​ទាំង​ឡាយ ដែល​បែរ​ឆ្ពោះ​ទៅ​ពីលើ​ចម្រូង​ទាំង​នោះ ហើយ​លោក​បាន​បញ្ជា​ឲ្យ​សង់​កន្លែង​សន្តិសុខ​ទាំង​ឡាយ​នៅ​លើ​ប៉ម​ទាំង​នោះ ដើម្បី​ក្រួស និង​ព្រួញ​ទាំង​ឡាយ​របស់​ពួក​សាសន៍​លេមិន មិន​អាច​ធ្វើ​ឲ្យ​ពួក​គេ​របួស​បាន​ឡើយ។

ហើយ​ពួក​គេ​បាន​រៀបចំ​ជាស្រេច ដើម្បី​ពួក​គេ​អាច​ចោល​ថ្ម​ពីលើ​នោះ តាម​ចំណង់ និង​កម្លាំង​របស់​ពួក​គេ ហើយ​សម្លាប់​ជន​ណា ដែល​នឹង​បម្រុង​មក​ជិត​កំផែង​ទី​ក្រុង។

ម្ល៉ោះ​ហើយ មរ៉ូណៃ​បាន​រៀបចំ​តំបន់​ការ​ពារ​ប្រឆាំង​នឹង​ការ​វាយលុក នៃ​ពួក​ខ្មាំងសត្រូវ​របស់​គេ​នៅ​ជុំវិញ​គ្រប់​ទី​ក្រុង​នៅ​អស់​ទាំង​ដែនដី។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មរ៉ូណៃ​បាន​បញ្ជា​ឲ្យ​ពល​ទ័ព​របស់​លោក ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន​ខាង​កើត មែន​ហើយ ហើយ​ពួក​គេ​បាន​ទៅ ហើយ​រុញច្រាន​ពួក​សាសន៍​លេមិន​ទាំង​អស់​ដែល​នៅ​ក្នុង​ទី​រហោស្ថាន​ខាង​កើត ឲ្យ​ចូល​ទៅ​ក្នុង​ដែនដី​របស់​គេ​ផ្ទាល់ ដែល​នៅ​ខាង​ត្បូង​ដែនដី​សារ៉ាហិមឡា។

ហើយ​ដែនដី​នីហ្វៃ មាន​នៅ​តាម​ផ្លូវ​ត្រង់​ចាប់​ពី​សមុទ្រ​ខាង​កើត​ទៅ​ខាង​លិច។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​មរ៉ូណៃ​បាន​រុញច្រាន​ពួក​សាសន៍​លេមិន​ទាំង​អស់​ចេញ​ពី​ទី​រហោស្ថាន​ខាង​កើត គឺ​នៅ​ខាង​ជើង​ដែនដី​ទាំង​ឡាយ ដែល​ជា​របស់​គេ​ហើយ នោះ​លោក​បាន​បញ្ជា​ឲ្យ​បណ្ដាជន​ដែល​នៅ​ក្នុង​ដែនដី​សារ៉ាហិមឡា និង​ដែនដី​ជុំវិញ​នោះ ឲ្យ​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន​ខាង​កើត គឺ​រហូត​ដល់​ព្រំប្រទល់​ទាំង​ឡាយ​ជិត​ឆ្នេរសមុទ្រ ហើយ​យក​ដី​នោះ។

១០ហើយ​លោក​ក៏​បាន​ដាក់​ពល​ទ័ព នៅ​ទិស​ខាង​ត្បូង នៅ​ក្នុង​ព្រំប្រទល់​ទាំង​ឡាយ នៃ​ដែនដី​របស់​គេ ហើយ​បាន​បញ្ជា​ឲ្យ​ពួក​គេ​លើក​តំបន់​ការ​ពារ​ទាំង​ឡាយ ដើម្បី​ពួក​គេ​អាច​រក្សា​សន្តិសុខ​ដល់​ពល​ទ័ព​របស់​គេ និង​ដល់​ប្រជាជន​របស់​គេ​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​របស់​គេ។

១១ម្ល៉ោះ​ហើយ លោក​បាន​កាត់​ផ្ដាច់​អស់​ទាំង​តំបន់​ការ​ពារ​ទាំង​ឡាយ របស់​ពួក​សាសន៍​លេមិន ដែល​នៅ​ក្នុង​ទី​រហោស្ថាន​ខាង​កើត មែន​ហើយ ហើយ​នៅ​ខាង​លិច​ផង ដោយ​បង្កើន​កម្លាំងដល់​ខ្សែ​ការ​ពារ​នៅ​ចន្លោះ​ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន នៅ​ចន្លោះ​ដែនដី​សារ៉ាហិមឡា និង​ដែនដី​នីហ្វៃ ពី​សមុទ្រ​ខាង​លិច កាត់​តាម​ក្បាល​ទន្លេ​ស៊ីដូន — ពួក​សាសន៍​នីហ្វៃ​មាន​ដែនដី​ទាំង​អស់​ទៅ​ទិស​ខាង​ជើង មែន​ហើយ និង​ដែនដី​ទាំង​អស់ ដែល​នៅ​ខាង​ជើង​ដែនដី​បរិបូរណ៍ តាម​ចំណង់​របស់​គេ។

១២ម្ល៉ោះ​ហើយ មរ៉ូណៃ​ជាមួយ​នឹង​ពល​ទ័ព​របស់​លោក ដែល​បាន​កើន​ឡើង​ជា​រៀងរាល់​ថ្ងៃ ដោយ​សារ​ការ​ធានា​ការ​ពារ ដែល​កិច្ចការ​របស់​លោក​បាន​នាំ​មក​ឲ្យ​ពួក​គេ បា​នរក​កាត់​ផ្ដាច់​កម្លាំង និង​អំណាច​របស់​ពួក​សាសន៍​លេមិន​ពី​ដែនដី​របស់​ពួក​គេ ដើម្បី​កុំ​ឲ្យ​ពួក​គេ​មាន​អំណាច​នៅ​លើ​ដែនដី​ទាំង​ឡាយ​របស់​ពួក​គេ​ឡើយ។

១៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​សាសន៍​នីហ្វៃ​បាន​ចាប់​ផ្ដើម​ស្ថាបនា​ទី​ក្រុង​មួយ ហើយ​គេ​បាន​ឲ្យ​ឈ្មោះ​ទី​ក្រុង​នោះ​ថា មរ៉ូណៃ ហើយ​គឺ​នៅ​ក្បែរ​សមុទ្រ​ខាង​កើត ហើយ​នៅ​ទិស​ខាង​ត្បូង ជិត​ព្រំប្រទល់​ដែនដី​នៃ​ពួក​សាសន៍​លេមិន។

១៤ហើយ​ពួក​គេ​ក៏​បាន​ចាប់​ផ្ដើម​ស្ថាបនា​ទី​ក្រុង​មួយ​ដែរ​នៅ​ចន្លោះ​ទី​ក្រុង​មរ៉ូណៃ និង​ទី​ក្រុង​អើរ៉ុន ជាប់​នឹង​ព្រំប្រទល់​ក្រុង​អើរ៉ុន និង​ក្រុង​មរ៉ូណៃ ហើយ​ពួក​គេ​បាន​ឲ្យ​ឈ្មោះ​ទី​ក្រុង​នោះ ឬ​ដែនដី​នោះ​ថា នីហ្វៃ​ហា។

១៥ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​ដដែល​នោះ ស្ថាបនា​ទី​ក្រុង​ជា​ច្រើន​នៅ​ទិស​ខាង​ជើង ដោយ​របៀប​ពិសេស​ដែល​គេ​ហៅ​ថា លីហៃ ដែល​នៅ​ខាង​ជើង​ជិត​ព្រំប្រទល់​ទាំង​ឡាយ​នៃ​ឆ្នេរសមុទ្រ។

១៦ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​ម្ភៃ​ទៅ។

១៧ហើយ​នៅ​ក្នុង​កាលៈទេសៈ​ដ៏​ចម្រើន​ទាំង​នេះ ប្រជាជន​នីហ្វៃ​បាន​រស់នៅ​ដើម​ឆ្នាំ​ទី​ម្ភៃ​មួយ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ​លើ​ប្រជាជន​នីហ្វៃ។

១៨ហើយ​ពួក​គេ​បាន​ចម្រើន​ឡើង​ដ៏​លើសលប់ ហើយ​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន​ទ្រព្យ​ដ៏​លើសលប់ មែន​ហើយ ហើយ​ពួក​គេ​បាន​កើន​ចំនួន​ឡើង និង​ខ្លាំងពូកែ​នៅ​ក្នុង​ដែនដី។

១៩ម្ល៉ោះ​ហើយ យើង​ឃើញ​ថា ទំ​នាក់​ទំនង​ទាំង​អស់​របស់​ព្រះ​អម្ចាស់​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា ហើយ​ត្រឹម​ត្រូវ​ពន់ប្រមាណ​ក្នុង​ការ​បំពេញ​ព្រះ​បន្ទូល​ទាំង​អស់​របស់​ទ្រង់​ដល់​កូន​ចៅ​មនុស្ស មែន​ហើយ យើង​អាច​មើល​ឃើញ​ថា ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​ទ្រង់ ត្រូវ​បាន​បញ្ជាក់ ដូច​ជា​នៅ​ពេល​នេះ ដែល​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​កាន់​លីហៃ​ថា ៖

២០អ្នក​មាន​ពរ​ហើយ និង​កូន​ចៅ​អ្នក​ផង ហើយ​ពួក​គេ​នឹង​បាន​ពរ ដរាបណា​ពួក​គេ​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​ពួក​គេ​នឹង​បាន​ចម្រើន​ឡើង​នៅ​លើ​ដែនដី។ ប៉ុន្តែ​ចូរ​ចាំ​ថា ដរាបណា​ពួក​គេ​ពុំ​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង​ទេ នោះ​ពួក​គេ​នឹង​ត្រូវ​កាត់​ចេញ​ពី​វត្ត​មាន​នៃ​ព្រះ​អម្ចាស់។

២១ហើយ​យើង​ឃើញ​ថា ពាក្យ​សន្យា​ទាំង​នេះ ត្រូវ​បាន​បញ្ជាក់​ជា​ការ​ពិត​ដល់​ប្រជាជន​នីហ្វៃ ព្រោះ​ដោយ​មក​ពី​ជម្លោះ​ទាំង​ឡាយ​របស់​គេ និង​ការ​ទាស់ទែង​ទាំង​ឡាយ​របស់​គេ មែន​ហើយ អំពើ​ឃាតកម្ម​ទាំង​ឡាយ​របស់​គេ និង​អំពើ​លួច​ប្លន់​ទាំង​ឡាយ​របស់​គេ ការ​ថ្វាយ​បង្គំ​រូប​ព្រះ​របស់​គេ អំពើ​សហាយស្មន់​ទាំង​ឡាយ​របស់​គេ និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​គេ ដែល​មាន​នៅ​ក្នុង​ចំណោម​ពួក​គេ​ផ្ទាល់ ដែល​នាំ​មក​លើ​ពួក​គេ​នូវ​សង្គ្រាម​ទាំង​ឡាយ​របស់​គេ និង​ការ​បំផ្លិចបំផ្លាញ​ទាំង​ឡាយ​របស់​គេ។

២២ហើយ​អស់​អ្នក​ណា​ដែល​ស្មោះត្រង់​ក្នុង​ការ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ត្រូវ​បាន​ដោះ​លែង​គ្រប់​ពេល​វេលា នៅ​ពេល​ដែល​បង​ប្អូន​គេ​ដែល​ទុច្ចរិត​រាប់​ពាន់​នាក់ ត្រូវ​ដាក់​ទៅ​ក្នុង​សេវក​ភាព ឬ​ត្រូវ​វិនាស​បង់​ដោយ​ផ្លែ​ដាវ ឬ​ចុះ​អន់ថយ​ក្នុង​ការ​ឥត​ជំនឿ ហើយ​នៅ​លាយឡំ​ជាមួយ​នឹង​ពួក​សាសន៍​លេមិន។

២៣ប៉ុន្តែ​មើល​ចុះ ពុំ​ដែល​មាន​ពេល​ណា​នៅ​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ ដែល​សប្បាយ​ជាង​សម័យ​មរ៉ូណៃ​ឡើយ ចាប់​តាំង​ពី​សម័យ​នីហ្វៃ​មក មែន​ហើយ ទាំង​ក្នុង​ពេល​នេះ នៅ​ឆ្នាំ​ទី​ម្ភៃ​មួយ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម។

២៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឆ្នាំ​ទី​ម្ភៃ​ពីរ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម ក៏​ចប់​ក្នុង​សន្តិ​ភាព​ដែរ មែន​ហើយ ហើយ​ឆ្នាំ​ទី​ម្ភៃ​បី​ផង។

២៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ដើម​ឆ្នាំ​ទី​ម្ភៃ​បួន​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម ប្រាកដ​ជា​មាន​សន្តិ​ភាព​នៅ​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ ប្រសិនបើ​គ្មាន​ការ​ទាស់ទែង​គ្នា​មួយ ដែល​កើត​ឡើង​នៅ​ក្នុង​ចំណោម​ពួក​គេ​អំពី​ដែនដី​លីហៃ និង​ដែនដី​ម៉ូរីអានតុន ដែល​នៅ​ជាប់​ព្រំប្រទល់​ដែនដី​លីហៃ ដែនដី​ទាំង​ពីរ​នៅ​ជាប់​នឹង​ឆ្នេរសមុទ្រ។

២៦ត្បិត​មើល​ចុះ ប្រជាជន​ដែល​យក​ដែនដី​ម៉ូរីអានតុន បាន​ទាមទារ​យក​ដែនដី​លីហៃ​មួយ​ភាគ ហេតុ​ដូច្នេះ​ហើយ ក៏​ចាប់​ផ្ដើម​មាន​ការ​ទាស់ទែង​គ្នា​ដ៏​ក្ដៅ​មួយ​រវាង​ពួក​គេ ដរាប​ដល់​ប្រជាជន​នៃ​ដែនដី​ម៉ូរីអានតុន បាន​លើក​អាវុធ​ទាស់​នឹង​បង​ប្អូន​ខ្លួន ហើយ​ពួក​គេ​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​សម្លាប់​ពួក​គេ​ចោល​ដោយ​ដាវ។

២៧ប៉ុន្តែ​មើល​ចុះ ប្រជាជន​ដែល​យក​ដែនដី​លីហៃ បាន​រត់​ភៀស​ខ្លួន​ទៅ​ខាង​ជំរំ​មរ៉ូណៃ ហើយ​បាន​អង្វរ​ឲ្យ​លោក​ជួយ ត្បិត​មើល​ចុះ ពួក​គេ​ពុំ​មាន​កំហុស​អ្វី​សោះ។

២៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ប្រជាជន​ម៉ូរីអានតុន ដែល​ដឹកនាំ​ដោយ​បុរស​ម្នាក់ មាន​ឈ្មោះ​ថា ម៉ូរីអានតុន បាន​ដឹង​ថា ប្រជាជន​លីហៃ​បាន​ភៀស​ខ្លួន​ទៅ​ខាង​ជំរំ​មរ៉ូណៃ នោះ​ពួក​គេ​ភិតភ័យ​ជា​ខ្លាំង ខ្លាចក្រែង​កងទ័ព​របស់​មរ៉ូណៃ នឹង​មក​វាយ​មក​លើ​ពួក​គេ ហើយ​បំផ្លាញ​គេ​ចោល។

២៩ហេតុ​ដូច្នេះ​ហើយ ម៉ូរីអានតុន​បាន​ដាក់​ក្នុង​ចិត្ត​គេ​ថា ពួក​គេ​ត្រូវ​រត់​ភៀស​ខ្លួន​ទៅ​ឯ​ដែនដី​ដែល​នៅ​ខាង​ជើង ដែល​ឡោមព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ទឹក​ដ៏​ច្រើន ហើយ​យក​ដែនដី​នោះ ដែល​នៅ​ទិស​ខាង​ជើង។

៣០ហើយ​មើល​ចុះ ពួក​គេ​ច្បាស់​ជា​អនុវត្ត​ផែនការ​នេះ (ដែល​ជាដើម​ហេតុ​មួយ​គួរ​ឲ្យ​យំសោក) ប៉ុន្តែ​មើល​ចុះ ម៉ូរីអានតុន ជា​មនុស្ស​ម្នាក់​ប្រកប​ទៅ​ដោយ​ចិត្ត​ក្ដៅ ហេតុ​ដូច្នេះ​ហើយ វា​ខឹង​នឹង​ស្ត្រី​បម្រើ​ម្នាក់ ហើយ​វា​បាន​សង្គ្រុប​នាង ហើយ​វាយ​នាង​ជា​ខ្លាំង។

៣១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នាង​បាន​រត់​ភៀស​ខ្លួន ហើយ​បាន​មក​ខាង​ជំរំ​មរ៉ូណៃ ហើយ​បាន​ប្រាប់​មរ៉ូណៃ​នូវ​គ្រប់​ការណ៍​ទាំង​អស់​ដែល​ទាក់​ទង​នឹង​រឿង​នេះ ព្រម​ទាំង​អំពី​បំណង​ទាំង​ឡាយ​របស់​គេ ចង់​រត់​ភៀស​ទៅ​ក្នុង​ដែនដី​ផ្នែក​ខាង​ជើង​ផង។

៣២ឥឡូវ​នេះ មើល​ចុះ ប្រជាជន​ដែល​នៅ​ឯ​ដែនដី​បរិបូរណ៍ ឬ​និយាយ​ឲ្យ​ចំ គឺ​មរ៉ូណៃ ខ្លាចក្រែង​ពួក​គេ​ស្ដាប់​តាម​ពាក្យ​របស់​ម៉ូរីអានតុន ហើយ​រួបរួម​ជាមួយ​នឹង​ប្រជាជន​របស់​វា ម្ល៉ោះ​ហើយ វា​នឹង​យក​បាន​ផ្នែក​ទាំង​ឡាយ​នៃ​ដែនដី​នោះ ដែល​ជា​មូលដ្ឋាន​សម្រាប់​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​ទាំង​ឡាយ​នៅ​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ មែន​ហើយ ដែល​ជា​ផលវិបាក​នាំ​ឲ្យ​រំលំ​ឥស្សរភាព​របស់​គេ។

៣៣ហេតុ​ដូច្នេះ​ហើយ មរ៉ូណៃ​បាន​ចាត់​ឲ្យ​ទ័ព​មួយ​កង​ជាមួយ​នឹង​ជំរំ​របស់​គេ ចេញ​ទៅ​ស្ទាក់​មុខ​ប្រជាជន​របស់​ម៉ូរីអានតុន ដើម្បី​បញ្ឈប់​ការ​ភៀស​ខ្លួន​ចូល​ទៅ​ដែនដី​ខាង​ជើង។

៣៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​ពុំ​បាន​ស្ទាក់​មុខ​ពួក​នោះ រហូត​ដល់​គេ​បាន​មក​ដល់​ព្រំ​ប្រទល់​នៃ​ដែនដី​ចោល​ស្ងាត់ ហើយ​នៅ​ទី​នោះ ពួក​គេ​បាន​ស្ទាក់​មុខ​ពួក​នោះ តាម​ច្រក​ដ៏​ចង្អៀត​ដែល​នៅ​តាម​បណ្ដោយ​សមុទ្រ ដែល​នាំ​ទៅ​កាន់​ដែនដី​ទិស​ខាង​ជើង មែន​ហើយ នៅ​ជិត​សមុទ្រ​នៅ​ខាង​លិច និង​នៅ​ខាង​កើត។

៣៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កងទ័ព​ដែល​មរ៉ូណៃ​បាន​ចាត់​ឲ្យ​ទៅ​នោះ ដែល​បាន​ដឹកនាំ​ដោយ​មនុស្ស​ម្នាក់ ដែល​មាន​ឈ្មោះ​ថា ទីអានគុម បាន​ជួប​នឹង​ប្រជាជន​របស់​ម៉ូរីអានតុន ហើយ​ប្រជាជន​របស់​ម៉ូរីអានតុន រឹងរូស​ក្រៃលែង (ដោយ​ត្រូវ​បាន​ញុះញង់ ដោយ​អំពើ​ទុច្ចរិត​របស់​វា និង​ពាក្យ​បញ្ជា​របស់​វា) រហូត​ដល់​មាន​ការ​ប្រយុទ្ធ​មួយ​ចាប់​ផ្ដើម​ឡើង​រវាង​ពួក​គេ ហើយ​នៅ​ក្នុង​ការ​ប្រយុទ្ធ នោះ​ទីអានគុម​បាន​សម្លាប់​ម៉ូរីអានតុន ហើយ​ធ្វើ​ឲ្យ​បរាជ័យ​ដល់​កងទ័ព​របស់​វា ហើយ​បាន​ចាប់​ពួក​វា​យក​ទៅ​ជា​ឈ្លើយ ហើយ​បាន​ត្រឡប់​ទៅ​កាន់​ជំរំ​នៃ​មរ៉ូណៃ​វិញ។ ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​ម្ភៃ​បួន​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ​លើ​ប្រជាជន​នីហ្វៃ។

៣៦ម្ល៉ោះ​ហើយ ប្រជាជន​របស់​ម៉ូរីអានតុន​ត្រូវ​បាន​នាំ​មក​វិញ។ ហើយ​កាល​ពួក​គេ​ធ្វើ​សេចក្ដី​សញ្ញា​ថា​នឹង​រក្សា​សន្តិ​ភាព នោះ​ពួក​គេ​ត្រូវ​បាន​ឲ្យ​ទៅ​នៅ​ដែនដី​ម៉ូរីអានតុន​វិញ ហើយ​ការ​សាមគ្គី​ក៏​កើត​ឡើង​រវាង​ពួក​គេ​នឹង​ប្រជាជន​លីហៃ ហើយ​ពួក​គេ​ក៏​បាន​ដី​ទៅ​គេ​វិញ​ដែរ។

៣៧ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​ដដែល ដែល​ប្រជាជន​នីហ្វៃ​បាន​សន្តិ​ភាព​មក​វិញ នោះ​នីហ្វៃ​ហា ជា​មេ​ចៅក្រម​ទី​ពីរ​បាន​ស្លាប់​ទៅ បន្ទាប់​ពី​បាន​បំពេញ​វេទិកា​ជំនុំ​ជំរះ ដោយ​ភាព​ស្មោះត្រង់​ដ៏​ឥត​ខ្ចោះ​នៅ​ចំពោះ​ព្រះ។

៣៨ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​លោក​បាន​ប្រកែក​នឹង​អាលម៉ា​ដែរ មិន​ព្រម​យក​បញ្ជី​ទាំង​ឡាយ និង​វត្ថុ​ទាំង​ឡាយ​ដែល​អាលម៉ា និង​ពួក​អយ្យកោ​លោក​ចាត់​ទុកជា​ពិសិដ្ឋ​បំផុត ហេតុ​ដូច្នេះ​ហើយ អាលម៉ា​បាន​ប្រគល់​របស់​ទាំង​នេះ ទៅ​កូន​ប្រុស​របស់​លោក គឺ​ហេលេមិន។

៣៩មើល​ចុះ ហេតុការណ៍​បាន​កើត​ឡើង​ថា កូន​ប្រុស​របស់​នីហ្វៃ​ហា ត្រូវ​បាន​តែងតាំង​ឡើង​ឲ្យ​បំពេញ​វេទិកា​ជំនុំ​ជំរះ​ជំនួស​ឪពុក​របស់​ខ្លួន មែន​ហើយ លោក​ត្រូវ​បាន​តែងតាំង​ឡើង​ជា​មេ​ចៅក្រម និង​ជា​អ្នក​អភិបាល​លើ​ប្រជាជន​ដោយ​ពាក្យ​សម្បថ និង​ពិធី​ពិសិដ្ឋ​ថា នឹង​ជំនុំ​ជំរះ​ដោយ​សុចរិត ហើយ​នឹង​រក្សា​សន្តិ​ភាព និង​សេរីភាព​របស់​ប្រជាជន ហើយ​ប្រទាន​ដល់​ពួក​គេ នូវ​ឯក​សិទ្ធ​ដ៏​ពិសិដ្ឋ​ទាំង​ឡាយ​របស់​គេ​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ មែន​ហើយ ដើម្បី​គាំទ្រ ហើយ​រក្សា​នូវ​ឧត្ដម​គតិ​នៃ​ព្រះ​អស់​មួយ​ជីវិត​លោក ហើយ​ដើម្បី​នាំ​ពួក​ទុច្ចរិត​ទៅ​រក​សេចក្ដី​យុត្តិធម៌ តាម​ទោសឧក្រិដ្ឋ​របស់​គេ។

៤០ឥឡូវ​នេះ មើល​ចុះ ឈ្មោះ​លោក​គឺ ពេហូរ៉ាន ហើយ​ពេហូរ៉ាន​បាន​បំពេញ​វេទិកា​របស់​ឪពុក​លោក ហើយ​បាន​ចាប់​ផ្ដើម​រជ្ជកាល​របស់​លោក នៅ​ចុង​ឆ្នាំ​ទី​ម្ភៃ​បួន​ទៅ​លើ​ប្រជាជន​នីហ្វៃ៕