ជំពូកទី ៥៦
ហេលេមិនផ្ញើសំបុត្រមួយច្បាប់ទៅមរ៉ូណៃ រាប់រៀបអំពីស្ថានភាពសង្គ្រាមនឹងពួកសាសន៍លេមិន — អាន់ទីផុស និងហេលេមិនយកបានជ័យជម្នះមួយដ៏ធំលើពួកលេមិន — កូនប្រុសពីរពាន់នាក់របស់ហេលេមិនប្រយុទ្ធដោយកម្លាំងដ៏អស្ចារ្យ ហើយគ្មានពួកគេណាម្នាក់ត្រូវស្លាប់ឡើយ។ ខទី១, ប្រមាណជាឆ្នាំ ៦២ ម.គ.ស. ខទី២–១៩, ប្រមាណជាឆ្នាំ ៦៦ ម.គ.ស. ហើយខទី២០–៥៧, ប្រមាណជា ឆ្នាំ ៦៥–៦៤ ម.គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា នៅដើមឆ្នាំទីសាមសិបក្នុងរជ្ជកាលនៃពួកចៅក្រម នៅថ្ងៃទីពីរក្នុងខែទីមួយ នោះមរ៉ូណៃបានទទួលសំបុត្រមួយច្បាប់ពីហេលេមិន រៀបរាប់អំពីកិច្ចការទាំងឡាយរបស់ប្រជាជន នៅក្នុងភូមិនៃដែនដីនោះ។
២ហើយនេះគឺជាពាក្យពេចន៍ដែលលោកបានសរសេរថា ៖ ជូនចំពោះមរ៉ូណៃ ជាបងប្រុសជាទីស្រឡាញ់របស់ខ្ញុំ ទោះនៅក្នុងព្រះអម្ចាស់ ក៏ដូចជានៅក្នុងសេចក្ដីទុក្ខលំបាកនៃសង្គ្រាមដែរ មើលចុះ បងប្រុសជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំមានការណ៍ខ្លះនឹងជម្រាបបងអំពីកិច្ចការសង្គ្រាមនៃយើងខាងនៃដែនដីនេះ។
៣មើលចុះ កូនប្រុសពីរពាន់នាក់របស់ពួកអ្នកដែលអាំម៉ូន បាននាំចេញពីដែនដីនីហ្វៃនោះ — ឥឡូវនេះ ដូចបងបានដឹងហើយថា ពួកនេះជាពូជពង្សលេមិន ដែលជាកូនប្រុសច្បងរបស់លីហៃ ជាអយ្យកោរបស់យើង។
៤ឥឡូវនេះ ខ្ញុំមិនចាំបាច់រំឭកឡើងវិញជូនបងអំពីសណ្ដាប់ទាំងឡាយរបស់ពួកគេ ឬការឥតជំនឿរបស់ពួកគេនោះទេ ព្រោះបងបានដឹងអំពីការណ៍អស់ទាំងនេះហើយ —
៥ហេតុដូច្នេះហើយ ខ្ញុំគ្រាន់តែជម្រាបបងថា កំលោះពីរពាន់នាក់នេះ បានកាន់គ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់គេ ហើយចង់ឲ្យខ្ញុំធ្វើជាមេដឹកនាំរបស់គេ ហើយយើងបានចេញទៅការពារប្រទេសរបស់យើង។
៦ហើយឥឡូវនេះ បងក៏ដឹងអំពីសេចក្ដីសញ្ញា ដែលពួកអយ្យកោគេបានធ្វើដែរ គឺពួកគេមិនព្រមកាន់គ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមទាស់នឹងបងប្អូនរបស់គេ ដើម្បីកំចាយឈាមនោះឡើយ។
៧ប៉ុន្តែនៅក្នុងឆ្នាំទីម្ភៃប្រាំមួយ កាលពួកគេបានឃើញសេចក្ដីទុក្ខវេទនារបស់យើង និងសេចក្ដីទុក្ខលំបាករបស់យើងជំនួសពួកគេ នោះពួកគេបម្រុងនឹងបំបាក់សេចក្ដីសញ្ញា ដែលគេបានធ្វើ ហើយលើកគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់គេដើម្បីការពារពួកយើង។
៨ប៉ុន្តែខ្ញុំមិនទ្រាំទុកឲ្យពួកគេបំបាក់សេចក្ដីសញ្ញានេះដែលពួកគេបានធ្វើ ដោយសន្និដ្ឋានថា ព្រះទ្រង់នឹងចម្រើនកម្លាំងដល់យើង ដរាបដល់មិនឲ្យយើងរងទុក្ខថែមទៀត ដោយសារការបំពេញពាក្យសម្បថ ដែលគេបានស្បថនោះឡើយ។
៩ប៉ុន្តែមើលចុះ នេះគឺជាការណ៍មួយ ដែលអាចឲ្យយើងមានសេចក្ដីអំណរដ៏ធំ។ ត្បិតមើលចុះ នៅក្នុងឆ្នាំទីម្ភៃប្រាំមួយ គឺខ្ញុំ ហេលេមិន បានដើរនាំមុខកំលោះពីរពាន់នាក់នេះទៅកាន់ទីក្រុងយូដា ដើម្បីទៅជួយអាន់ទីផុស ជាអ្នកដែលបងបានតែងតាំងឡើងឲ្យធ្វើជាមេដឹកនាំលើប្រជាជននៅនៃដែនដីនោះ។
១០ហើយខ្ញុំបានរួបរួមកូនប្រុសពីរពាន់នាក់របស់ខ្ញុំ (ព្រោះពួកគេសមនឹងបានហៅថា កូនប្រុស) ទៅក្នុងកងទ័ពរបស់អាន់ទីផុស ក្នុងកម្លាំងបែបនេះ អាន់ទីផុសអររីករាយជាអតិបរមា ត្បិតមើលចុះ កងទ័ពរបស់លោកត្រូវបន្ថយចំនួនដោយពួកលេមិន ពីព្រោះកងកម្លាំងរបស់ពួកវា បានសម្លាប់ទ័ពរបស់យើងមួយចំនួនធំ ដែលជាហេតុនាំឲ្យយើងកាន់ទុក្ខ។
១១ទោះជាយ៉ាងណាក៏ដោយ គង់តែយើងអាចលួងចិត្តយើងក្នុងចំណុចនេះថា ពួកគេបានស្លាប់ក្នុងឧត្ដមគតិនៃប្រទេសរបស់គេ និងព្រះរបស់គេ មែនហើយ ហើយពួកគេសប្បាយរីករាយ។
១២ហើយពួកលេមិន ក៏បានរក្សាពួកឈ្លើយជាច្រើនទុកដែរ គេទាំងអស់នោះជាមេទ័ពឯក ព្រោះក្រៅពីនោះ គ្មានអ្នកណាម្នាក់ដែលគេទុកជីវិតឲ្យឡើយ។ ហើយយើងសន្និដ្ឋានថា ឥឡូវនេះ ក្នុងពេលនេះ ពួកគេនៅក្នុងដែនដីនីហ្វៃ គឺដូច្នោះមែន បើសិនជាពួកគេពុំទាន់ស្លាប់ទេ។
១៣ហើយឥឡូវនេះ នេះគឺជាទីក្រុងទាំងឡាយ ដែលពួកលេមិនយកបានដោយការខ្ចាយឈាមនៃបុរសដ៏ក្លាហានជាច្រើននាក់របស់យើង គឺ ៖
១៤ដែនដីម៉ាន់តៃ ឬទីក្រុងម៉ាន់តៃ និងទីក្រុងស៊ីអែសរ៉ុម និងទីក្រុងគូមេណៃ និងទីក្រុងអាន់ទីប៉ារ៉ា។
១៥ហើយនេះគឺជាទីក្រុងទាំងឡាយដែលពួកគេយកបាន កាលខ្ញុំបានទៅដល់ទីក្រុងយូដា ហើយខ្ញុំបានឃើញអាន់ទីផុស និងទ័ពរបស់លោក កំពុងតែប្រឹងធ្វើការដោយសមត្ថភាពរបស់គេដើម្បីពង្រឹងទីក្រុង។
១៦មែនហើយ ហើយពួកគេថប់ចិត្ត ទាំងខាងរូបកាយ និងខាងវិញ្ញាណ ព្រោះពួកគេបានប្រយុទ្ធយ៉ាងអង់អាចនៅពេលថ្ងៃ ហើយបានធ្វើការដោយកម្លាំងក្នុងពេលយប់ ដើម្បីទ្រទ្រង់ទីក្រុងទាំងឡាយរបស់គេ ម្ល៉ោះហើយ ពួកគេបានទទួលសេចក្ដីទុក្ខវេទនាដ៏ធំគ្រប់បែបយ៉ាង។
១៧ហើយឥឡូវនេះ ពួកគេបានប្ដេជ្ញាថា នឹងយកជ័យជម្នះនៅក្នុងទីនេះឲ្យបាន ឬក៏ស្លាប់ ហេតុដូច្នេះហើយ បងអាចសន្និដ្ឋានថា កងកម្លាំងដ៏តូចដែលខ្ញុំនាំមកជាមួយខ្ញុំនេះ មែនហើយ កូនប្រុសទាំងនោះរបស់ខ្ញុំ បានផ្ដល់ឲ្យពួកគេនូវសេចក្ដីសង្ឃឹមដ៏ធំ និងសេចក្ដីអំណរដ៏ខ្លាំង។
១៨ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលពួកលេមិនបានឃើញថា អាន់ទីផុសបានទទួលកម្លាំងថែមឲ្យកងទ័ពរបស់លោក នោះពួកគេបានទទួលបញ្ជាពីអាំម៉ូរ៉ុន ហាមមិនឲ្យទៅវាយប្រហារទីក្រុងយូដា ឬច្បាំងតទល់នឹងយើងទេ។
១៩ម្ល៉ោះហើយ ពួកយើងត្រូវបានប្រោសប្រណីពីព្រះអម្ចាស់ ត្បិតបើពួកគេមកវាយប្រហារពួកយើង នៅពេលដ៏ទន់ខ្សោយរបស់យើងនេះ នោះពួកគេប្រហែលជាបានបំផ្លាញកងទ័ពដ៏តូចរបស់យើងនេះទៅហើយ ប៉ុន្តែយើងត្រូវបានថែរក្សាឲ្យគង់បែបដូច្នេះ។
២០ពួកគេត្រូវបានបញ្ជាដោយអាំម៉ូរ៉ុនឲ្យរក្សាទីក្រុងទាំងឡាយ ដែលពួកគេយកបាន។ ម្ល៉ោះហើយ ក៏ចប់ឆ្នាំទីម្ភៃប្រាំមួយទៅ។ ហើយនៅដើមឆ្នាំទីម្ភៃប្រាំពីរ យើងបានរៀបចំទីក្រុងរបស់យើង និងខ្លួនយើងដើម្បីការពារ។
២១ឥឡូវនេះ យើងមានបំណងចង់ឲ្យពួកលេមិនមកវាយប្រហារយើង ព្រោះយើងមិនចង់ទៅវាយប្រហារពួកគេនៅក្នុងទីតាំងការពាររបស់ពួកគេឡើយ។
២២ហើយហេតុការណ៍បានកើតឡើងថា យើងបានចាត់ឲ្យមានពួកអ្នកស៊ើបការណ៍ទៅជុំវិញ ដើម្បីសង្កេតចលនាទាំងឡាយរបស់ពួកលេមិន ដើម្បីកុំឲ្យពួកគេអាចឆ្លងកាត់ពួកយើង នៅពេលយប់ ឬក៏ពេលថ្ងៃដើម្បីវាយប្រហារមកលើទីក្រុងរបស់យើងឯទៀត ដែលនៅទិសខាងជើងបានឡើយ។
២៣ព្រោះយើងបានដឹងថា នៅក្នុងទីក្រុងទាំងនោះ ពួកគេមិនមានកម្លាំងគ្រប់គ្រាន់ ដើម្បីប្រយុទ្ធនឹងពួកវាបានឡើយ ហេតុដូច្នេះហើយ យើងមានបំណងថា បើសិនជាពួកវាដើរកាត់ក្បែរយើង នោះយើងនឹងវាយប្រហារពួកវាពីខាងក្រោយ ដើម្បីឃាំងផ្លូវពួកវាពីខាងក្រោយ នៅពេលនោះ ពួកវាក៏ត្រូវជួបប្រយុទ្ធនៅខាងមុខ។ យើងបានសន្និដ្ឋានថា យើងអាចយកឈ្នះលើពួកវាបាន ប៉ុន្តែមើលចុះ យើងបានខកចិត្តក្នុងបំណងរបស់យើងនេះ។
២៤ពួកគេមិនហ៊ានឆ្លងកាត់ក្បែរយើងដោយកងទ័ពទាំងមូលរបស់គេទេ ហើយគេក៏មិនហ៊ានឆ្លងកាត់ជាផ្នែកៗដែរ ព្រោះពួកគេខ្លាចពុំមានកម្លាំងគ្រប់គ្រាន់ ឬពួកគេត្រូវបរាជ័យ។
២៥ពួកគេមិនហ៊ានលើកទ័ពទៅវាយទីក្រុងសារ៉ាហិមឡា ហើយគេក៏មិនហ៊ានឆ្លងកាត់ តាមក្បាលទន្លេស៊ីដូនទៅកាន់ទីក្រុងនីហ្វៃហាដែរ។
២៦ម្ល៉ោះហើយ ដោយកងកម្លាំងរបស់គេ នោះពួកគេបានប្ដេជ្ញាថា នឹងរក្សាទីក្រុងទាំងឡាយដែលគេយកបាន។
២៧ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា នៅខែទីពីរក្នុងឆ្នាំនេះ មានស្បៀងជាច្រើន ត្រូវបាននាំមកឲ្យយើងពីឪពុកទាំងឡាយរបស់កូនប្រុសពីរពាន់នាក់របស់ខ្ញុំនោះ។
២៨ហើយក៏មានទ័ពចំនួនពីរពាន់នាក់ ត្រូវបានបញ្ជូនមកឲ្យយើងពីដែនដីសារ៉ាហិមឡាដែរ។ ម្ល៉ោះហើយ ពួកយើងបានប្រុងប្រៀបជាស្រេច ដោយមានទ័ពចំនួនមួយម៉ឺននាក់ និងស្បៀងសម្រាប់ពួកគេ និងសម្រាប់ប្រពន្ធគេ និងកូនចៅគេផង។
២៩ហើយពួកលេមិន ដោយបានឃើញកងកម្លាំងរបស់យើង កើនឡើងជារៀងរាល់ថ្ងៃដូច្នោះ ហើយស្បៀងក៏មកដល់សម្រាប់គាំទ្រដល់យើង នោះពួកគេបានចាប់ផ្ដើមភិតភ័យ ហើយបានចាប់ផ្ដើមស្ទុះចេញមក ប្រសិនបើមានលទ្ធភាពធ្វើបាន ដើម្បីបញ្ឈប់កុំឲ្យយើងទទួលស្បៀង និងកម្លាំងបាន។
៣០ឥឡូវនេះ កាលពួកយើងបានឃើញថា ពួកលេមិនបានចាប់ផ្ដើមមានការបារម្ភខ្លាំងឡើងចំពោះស្នៀតនេះ នោះពួកយើងមានបំណងចង់យកឧបាយសឹកមួយមកប្រើលើពួកគេ ហេតុដូច្នេះហើយ អាន់ទីផុសបានបញ្ជាថា ខ្ញុំត្រូវនាំកូនប្រុសតូចទាំងឡាយរបស់ខ្ញុំដើរទៅទីក្រុងជិតខាងមួយ ហាក់បីដូចជានាំយកស្បៀងទៅកាន់ទីក្រុងជិតខាងនោះ។
៣១ហើយយើងត្រូវធ្វើដំណើរជិតទីក្រុងអានទីប៉ារ៉ា ហាក់បីដូចជាយើងកំពុងតែទៅកាន់ទីក្រុងមួយ ដែលនៅហួសពីនោះក្នុងព្រំប្រទល់ជិតឆ្នេរសមុទ្រ។
៣២ហើយហេតុការណ៍បានកើតឡើងថា ពួកយើងបានដើរទៅធ្វើដូចជាយកស្បៀងទៅជាមួយនឹងយើងទៅកាន់ទីក្រុងនោះ។
៣៣ហើយហេតុការណ៍បានកើតឡើងថា អាន់ទីផុសបានធ្វើដំណើរចេញទៅជាមួយនឹងកងទ័ពរបស់លោកមួយផ្នែក ដោយទុកឲ្យទ័ពដែលនៅសល់ទាំងប៉ុន្មានរក្សាទីក្រុង។ ប៉ុន្តែលោកពុំបានចេញទៅទេ ទាល់តែខ្ញុំបានចេញទៅជាមួយនឹងកងទ័ពតូចរបស់ខ្ញុំ ហើយបានមកជិតទីក្រុងអាន់ទីប៉ារ៉ាសិន។
៣៤ហើយឥឡូវនេះ នៅក្នុងទីក្រុងអាន់ទីប៉ារ៉ា នោះមានកងទ័ពសាសន៍លេមិននៅដ៏ខ្លាំងបំផុត មែនហើយ មានចំនួនច្រើនបំផុត។
៣៥ហើយហេតុការណ៍បានកើតឡើងថា កាលពួកគេបានព័ត៌មានពីអ្នកស៊ើបការណ៍ទាំងឡាយរបស់ពួកគេ នោះពួកគេបានចេញមកជាមួយនឹងកងទ័ពរបស់គេ ហើយបានលើកមកតតាំងនឹងពួកយើង។
៣៦ហើយហេតុការណ៍បានកើតឡើងថា ពួកយើងបានរត់គេចចេញពីគេទៅទិសខាងជើង។ ម្ល៉ោះហើយ ពួកយើងបាននាំកងទ័ពដ៏ខ្លាំងបំផុតរបស់ពួកសាសន៍លេមិនចេញ។
៣៧មែនហើយ គឺទៅដល់ចម្ងាយដ៏ឆ្ងាយ ដរាបដល់ពេលដែលពួកគេបានឃើញកងទ័ពរបស់អាន់ទីផុសដេញតាមពួកគេដោយសមត្ថភាពរបស់គេ នោះពួកគេពុំបានបត់បែរទៅស្ដាំ ឬទៅឆ្វេងទេ តែបន្តដំណើររបស់គេត្រង់ទៅមុខតាមក្រោយពួកយើង ហើយបើតាមយើងសន្និដ្ឋាន គឺពួកគេមានបំណងចង់សម្លាប់ពួកយើងចោល មុនពេលអាន់ទីផុសដេញទាន់ពួកគេ ហើយយ៉ាងនេះ គឺដើម្បីកុំឲ្យពួកគេត្រូវអាចបានឡោមព័ទ្ធដោយទ័ពរបស់យើង។
៣៨ហើយឥឡូវនេះ អាន់ទីផុស កាលបានឃើញការគ្រោះថ្នាក់របស់ពួកយើង ក៏បានបង្កើនល្បឿនទ័ពរបស់លោក។ ប៉ុន្តែមើលចុះ នោះជាពេលយប់ ហេតុដូច្នេះហើយ ពួកគេដេញតាមយើងមិនទាន់ទេ ឯអាន់ទីផុស ក៏ដេញតាមពួកគេមិនទាន់ដែរ ហេតុដូច្នេះហើយ ពួកយើងបានបោះជំរំសម្រាប់យប់នោះ។
៣៩ហើយហេតុការណ៍បានកើតឡើងថា នៅមុនពេលព្រលឹមស្រាងៗនៃវេលាព្រឹក មើលចុះ ពួកលេមិនដេញតាមពួកយើង។ ឥឡូវនេះ ពួកយើងពុំមានកម្លាំងគ្រប់គ្រាន់ដើម្បីតតាំងនឹងពួកគេទេ មែនហើយ ខ្ញុំពុំសុខចិត្តឲ្យកូនប្រុសតូចរបស់ខ្ញុំត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃពួកគេឡើយ ហេតុដូច្នេះហើយ ពួកយើងក៏បានបន្តដំណើរទៅមុខ ហើយយើងបានធ្វើដំណើរចូលទៅក្នុងទីរហោស្ថាន។
៤០ឥឡូវនេះ ពួកគេពុំហ៊ានបត់បែរស្ដាំ ឬឆ្វេងទេ ព្រោះខ្លាចគេត្រូវឡោមព័ទ្ធ ឯខ្ញុំក៏មិនបត់បែរស្ដាំ ឬឆ្វេងដែរ ព្រោះខ្លាចក្រែងពួកគេដេញខ្ញុំទាន់ ហើយពួកយើងពុំអាចទប់ទល់នឹងពួកគេបានទេ តែនឹងត្រូវស្លាប់វិញ ហើយពួកគេនឹងរត់រួច ម្ល៉ោះហើយ ពួកយើងបានរត់គេចអស់ពេញមួយថ្ងៃនោះចូលទៅក្នុងទីរហោស្ថាន គឺរហូតដល់ពេលយប់ងងឹត។
៤១ហើយហេតុការណ៍បានកើតឡើងថា ជាថ្មីទៀត កាលពន្លឺនៃពេលព្រឹកមកដល់ ពួកយើងបានឃើញពួកលេមិនមករកយើង ហើយយើងបានរត់ចេញពីពួកគេទៅ។
៤២ប៉ុន្តែហេតុការណ៍បានកើតឡើងថា ពួកគេពុំដេញយើងបានឆ្ងាយ មុនពេលគេឈប់នោះទេ ហើយនោះគឺជាពេលព្រឹកនៃថ្ងៃទីបីនៃខែទីប្រាំពីរ។
៤៣ហើយឥឡូវនេះ តើពួកគេត្រូវអាន់ទីផុសតាមទាន់ឬអី នោះយើងមិនដឹងទេ ប៉ុន្តែខ្ញុំបាននិយាយទៅទ័ពរបស់ខ្ញុំថា ៖ មើលចុះ យើងមិនដឹងទេថា តើពួកគេបានឈប់ក្នុងគោលបំណងចង់ឲ្យយើងមកវាយប្រហារគេ ដើម្បីពួកគេអាចចាប់ពួកយើងនៅក្នុងអន្ទាក់របស់គេឬអី។
៤៤ហេតុដូច្នេះហើយ តើអ្នករាល់គ្នាថាដូចម្ដេច កូនប្រុសទាំងឡាយរបស់ឪពុកអើយ តើអ្នករាល់គ្នានឹងទៅច្បាំងនឹងពួកគេឬ?
៤៥ហើយឥឡូវនេះ បងមរ៉ូណៃ ជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមប្រាប់បងថា ខ្ញុំមិនដែលបានឃើញសេចក្ដីក្លាហានដ៏ធំយ៉ាងនេះទេ ទោះនៅក្នុងចំណោមពួកសាសន៍នីហ្វៃទាំងអស់ក្ដី។
៤៦ព្រោះដូចខ្ញុំធ្លាប់ហៅពួកគេថា កូនប្រុសរបស់ខ្ញុំ (ព្រោះគេទាំងអស់គ្នានៅក្មេងណាស់) នោះពួកគេបាននិយាយមកខ្ញុំថា ៖ ឪពុកអើយ មើលចុះ ព្រះរបស់យើងទ្រង់គង់នៅជាមួយនឹងយើង ហើយទ្រង់នឹងពុំទុកឲ្យយើងត្រូវដួលចុះទេ ខណៈនោះ ចូរឲ្យយើងទៅ ពួកយើងនឹងពុំសម្លាប់បងប្អូនរបស់យើងទេ បើសិនជាពួកគេពុំធ្វើអ្វីដល់យើង ហេតុដូច្នេះហើយ ចូរឲ្យយើងទៅ ព្រោះខ្លាចក្រែងពួកគេមានជ័យជម្នះទៅលើកងទ័ពរបស់អាន់ទីផុស។
៤៧ឥឡូវនេះ ពួកគេមិនដែលធ្លាប់បានប្រយុទ្ធមកទេ តែគេពុំខ្លាចស្លាប់ឡើយ ហើយពួកគេបានគិតជាច្រើនដល់ឥស្សរភាពរបស់ឪពុកគេ ជាងគិតដល់ជីវិតរបស់ខ្លួន មែនហើយ ពួកគេត្រូវបានបង្រៀនដោយម្ដាយគេថា បើសិនជាពួកគេពុំសង្ស័យទេ នោះព្រះទ្រង់នឹងដោះលែងពួកគេឲ្យរួច។
៤៨ហើយពួកគេបានរៀបរាប់ប្រាប់ខ្ញុំនូវពាក្យពេចន៍របស់ម្ដាយគេថា ៖ យើងខ្ញុំមិនសង្ស័យសោះថា ម្ដាយយើងដឹងការណ៍នេះ។
៤៩ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានត្រឡប់ជាមួយនឹងកូនពីរពាន់នាក់របស់ខ្ញុំ ទៅច្បាំងនឹងពួកលេមិនទាំងនេះ ដែលបានដេញតាមយើង។ ហើយឥឡូវនេះ មើលចុះ ពលទ័ពរបស់អាន់ទីផុស បានតាមពួកគេទាន់ ហើយការប្រយុទ្ធដ៏ឃោរឃៅមួយបានចាប់ផ្ដើមឡើង។
៥០កងទ័ពរបស់អាន់ទីផុសដោយនឿយហត់មកពីការធ្វើដំណើរឆ្ងាយ ក្នុងរយៈពេលដ៏ខ្លី នោះជិតត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃពួកសាសន៍លេមិន ហើយបើកុំតែបានខ្ញុំត្រឡប់មកវិញ ជាមួយនឹងកងពីរពាន់នាក់របស់ខ្ញុំទេ ម្ល៉េះពួកគេច្បាស់ជាបានសម្រេចគោលបំណងរបស់ពួកគេហើយ។
៥១ព្រោះអាន់ទីផុសត្រូវដួលដោយដាវ និងមេដឹកនាំរបស់លោកជាច្រើនដែរ ដោយសារការនឿយហត់ដែលបណ្ដាលមកពីដំណើរទ័ពដ៏លឿន — ហេតុដូច្នេះហើយ កងទ័ពរបស់អាន់ទីផុសដោយមានការច្របូកច្របល់ ព្រោះការដួលចុះនៃមេដឹកនាំរបស់គេ ក៏ចាប់ផ្ដើមបើកផ្លូវឲ្យពួកលេមិន។
៥២ហើយហេតុការណ៍បានកើតឡើងថា ពួកលេមិនបានឡើងចិត្តក្លាហាន ហើយបានចាប់ផ្ដើមដេញតាមពួកគេ ម្ល៉ោះហើយ ពួកលេមិនកំពុងតែដេញតាមពួកគេយ៉ាងពេញទំហឹង នៅពេលហេលេមិនមកវាយប្រហារពីខាងក្រោយពួកគេជាមួយនឹងកងពីរពាន់នាក់របស់លោក ហើយចាប់ផ្ដើមសម្លាប់ពួកគេច្រើនហួសប្រមាណ ដរាបដល់កងទ័ពសាសន៍លេមិនឈប់ ហើយបែរមកលើហេលេមិនវិញ។
៥៣ឥឡូវនេះ កាលដែលទ័ពរបស់អាន់ទីផុស បានឃើញថា ពួកលេមិនបានបែរក្រោយ នោះពួកគេក៏បានប្រមូលគ្នា ហើយមកវាយពីខាងក្រោយពួកលេមិនទៀត។
៥៤ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា ពួកយើងដែលជាទ័ពរបស់នីហ្វៃ ទ័ពរបស់អាន់ទីផុស ហើយខ្ញុំជាមួយនឹងកងពីរពាន់នាក់របស់ខ្ញុំ បានព័ទ្ធជុំវិញពួកលេមិន ហើយបានសម្លាប់ពួកគេ មែនហើយ គឺដរាបដល់ពួកគេត្រូវបង្ខំឲ្យប្រគល់គ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់គេ ព្រមទាំងខ្លួនគេធ្វើជាឈ្លើយសឹក។
៥៥ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលពួកគេបានប្រគល់ខ្លួនសុំចុះចាញ់ពួកយើងហើយ មើលចុះ ខ្ញុំបានរាប់ចំនួនកំលោះទាំងនោះ ដែលបានប្រយុទ្ធជាមួយនឹងខ្ញុំ ព្រោះខ្លាចពួកគេត្រូវស្លាប់អស់ច្រើន។
៥៦ប៉ុន្តែមើលចុះ ខ្ញុំមានសេចក្ដីអំណរជាខ្លាំង គ្មានអ្នកណាម្នាក់ក្នុងពួកគេ បានដួលចុះទៅលើដីឡើយ មែនហើយ ហើយពួកគេបានប្រយុទ្ធហាក់បីដូចជាមានកម្លាំងនៃព្រះ មែនហើយ ពុំដែលដឹងថា មនុស្សអាចប្រយុទ្ធដោយកម្លាំងដ៏អស្ចារ្យបែបនេះទេ ហើយដោយអានុភាពដ៏ខ្លាំងក្លាបែបនេះ ពួកគេបានវាយប្រហារពួកលេមិន ដែលពួកគេបានធ្វើឲ្យពួកវាតក់ស្លុត ហើយដោយហេតុនេះ ទើបពួកលេមិនបានប្រគល់ខ្លួនធ្វើជាឈ្លើយសឹក។
៥៧ហើយដោយពួកយើងគ្មានកន្លែងសម្រាប់ឈ្លើយសឹករបស់យើង ដើម្បីយើងអាចយាមពួកគេ ការពារពួកគេពីពលទ័ពសាសន៍លេមិន ហេតុដូច្នេះហើយ យើងបានបញ្ជូនពួកគេទៅឯដែនដីសារ៉ាហិមឡា ហើយចាត់ទ័ពមួយរបស់អាន់ទីផុសដែលមិនត្រូវស្លាប់នោះ ឲ្យទៅជាមួយនឹងពួកគេ ឯចំនួនដែលនៅសល់ ខ្ញុំបានយកមកបញ្ចូលជាមួយនឹងពួកកំលោះសាសន៍អាំម៉ូនរបស់ខ្ញុំ ហើយបានធ្វើដំណើរត្រឡប់ទៅទីក្រុងយូដាវិញ៕