ជំពូកទី ៥៧
ហេលេមិនរៀបរាប់អំពីការវាយយកក្រុងអាន់ទីប៉ារ៉ាមកវិញ និងការចុះចូល ហើយបន្ទាប់មក អំពីកិច្ចការពារក្រុងគូមេណៃ — យុវជនសាសន៍អាំម៉ូនទាំងឡាយរបស់លោកប្រយុទ្ធយ៉ាងអង់អាច ហើយទាំងអស់គ្នាត្រូវរបួស តែគ្មានអ្នកណាម្នាក់ត្រូវស្លាប់ឡើយ — គីឌ រាយការណ៍អំពីការកាប់សម្លាប់ និងការរត់រួចនៃពួកឈ្លើយសាសន៍លេមិន។ ប្រមាណជាឆ្នាំ ៦៣ ម.គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា ខ្ញុំបានទទួលសំបុត្រមួយច្បាប់ពីអាំម៉ូរ៉ុន ដែលជាស្ដេចចែងថា បើសិនជាខ្ញុំព្រមដោះលែងពួកឈ្លើយសឹក ដែលយើងចាប់បានទាំងនោះ ទ្រង់នឹងប្រគល់ទីក្រុងអាន់ទីប៉ារ៉ាមកឲ្យយើង។
២ប៉ុន្តែ ខ្ញុំបានផ្ញើសំបុត្រមួយច្បាប់ទៅស្ដេចថា ពួកយើងដឹងច្បាស់ថា កងកម្លាំងរបស់យើងមានគ្រប់គ្រាន់ ដើម្បីវាយយកទីក្រុងអាន់ទីប៉ារ៉ាដោយកម្លាំងរបស់យើង ហើយការដោះលែងពួកឈ្លើយ ដើម្បីប្ដូរយកទីក្រុង នោះយើងគិតថាជាឆោតទៅវិញ ហើយយើងគ្រាន់តែចង់ដោះលែងពួកឈ្លើយរបស់យើង ដើម្បីប្ដូរឈ្លើយតែប៉ុណ្ណោះ។
៣ហើយអាំម៉ូរ៉ុនជំទាស់សំបុត្ររបស់ខ្ញុំ ព្រោះទ្រង់មិនព្រមប្ដូរពួកឈ្លើយទេ ហេតុដូច្នេះហើយ យើងបានចាប់ផ្ដើមធ្វើការរៀបចំដើម្បីទៅវាយយកទីក្រុងអាន់ទីប៉ារ៉ា។
៤ប៉ុន្តែទ័ពរបស់អាន់ទីប៉ារ៉ា បានចាកចេញពីទីក្រុង ហើយបានរត់ភៀសទៅទីក្រុងឯទៀត ដែលជារបស់គេ ដើម្បីពង្រឹងកម្លាំងពួកគេ ហើយទីក្រុងអាន់ទីប៉ារ៉ាត្រូវបានធ្លាក់មកក្នុងកណ្ដាប់ដៃពួកយើងបែបនេះ។
៥ម្ល៉ោះហើយ ក៏ចប់ឆ្នាំទីម្ភៃប្រាំបីក្នុងរជ្ជកាលនៃពួកចៅក្រមទៅ។
៦ហើយហេតុការណ៍បានកើតឡើងថា នៅដើមឆ្នាំទីម្ភៃប្រាំបួន ពួកយើងបានទទួលស្បៀងមួយចំនួន ព្រមទាំងកងទ័ពបន្ថែមឲ្យយើងផងពីដែនដីសារ៉ាហិមឡា និងពីដែនដីដែលនៅព័ទ្ធជុំវិញ ដល់មានចំនួនប្រាំមួយពាន់នាក់ ក្រៅពីនោះ មានកូនប្រុសសាសន៍អាំម៉ូនហុកសិបនាក់បានមករួបរួមនឹងបងប្អូនរបស់គេ គឺជាក្រុមតូចពីរពាន់ក្មេងតូចរបស់ខ្ញុំ។ ហើយឥឡូវនេះ មើលចុះ យើងមានកម្លាំង មែនហើយ ហើយយើងមានស្បៀងបរិបូរ ដែលនាំមកឲ្យយើង។
៧ហើយហេតុការណ៍បានកើតឡើងថា យើងមានបំណងចង់ទៅប្រយុទ្ធនឹងកងទ័ព ដែលត្រូវបានដាក់ឲ្យការពារទីក្រុងគូមេណៃ។
៨ហើយឥឡូវនេះ មើលចុះ ខ្ញុំនឹងបង្ហាញដល់បងថា យើងបានសម្រេចបំណងយើងក្នុងពេលដ៏ខ្លី មែនហើយ ដោយមានកងកម្លាំងដ៏ខ្លាំង ឬដោយផ្នែកមួយនៃកងកម្លាំងដ៏ខ្លាំងរបស់យើង ពួកយើងបានព័ទ្ធជុំវិញទីក្រុងគូមេណៃក្នុងពេលយប់ គឺមុនពេលមួយភ្លែត ដែលពួកគេទទួលស្បៀងបន្ថែម។
៩ហើយហេតុការណ៍បានកើតឡើងថា យើងបានបោះជំរំជុំវិញទីក្រុងនោះអស់ជាច្រើនយប់ ប៉ុន្តែយើងបានដេកកើយដាវរបស់យើង ហើយចាំយាមដើម្បីកុំឲ្យពួកលេមិនអាចវាយប្រហារយើងនៅពេលយប់ ហើយសម្លាប់យើងបាន ដែលពួកគេបានប៉ុនប៉ងជាច្រើនលើក ប៉ុន្តែអស់ជាច្រើនលើកដែលពួកគេប៉ុនប៉ងនោះ ឈាមរបស់គេត្រូវខ្ចាយ។
១០នៅទីបញ្ចប់ ស្បៀងរបស់ពួកគេបានមកដល់ ហើយស្បៀងជិតចូលទៅក្នុងទីក្រុងនៅពេលយប់។ ហើយពួកយើងជាទ័ពនីហ្វៃមិនមែនជាទ័ពលេមិនទេ ហេតុដូច្នេះហើយ ពួកយើងបានចាប់ពួកគេ និងស្បៀងរបស់គេ។
១១ហើយទោះបីពួកលេមិនត្រូវកាត់ផ្ដាច់ពីការផ្គត់ផ្គង់តាមរបៀបនេះក៏ដោយ គង់តែពួកគេនៅតែប្ដេជ្ញាថានឹងរក្សាទីក្រុង នោះហេតុដូច្នេះហើយ ជាការចាំបាច់ដែលយើងត្រូវតែយកស្បៀងទាំងនោះ ហើយបញ្ជូនវាទៅឯក្រុងយូដា រីឯពួកឈ្លើយរបស់យើង ទៅឯដែនដីសារ៉ាហិមឡា។
១២ហើយហេតុការណ៍បានកើតឡើងថា មិនយូរថ្ងៃប៉ុន្មាន ពួកលេមិនក៏ចាប់ផ្ដើមអស់សេចក្ដីសង្ឃឹមថាបានជំនួយ ហេតុដូច្នេះហើយ ពួកគេបានប្រគល់ទីក្រុងនោះដល់ដៃយើង ម្ល៉ោះហើយ យើងបានសម្រេចផែនការរបស់យើងក្នុងការយកទីក្រុងគូមេណៃ។
១៣ប៉ុន្តែហេតុការណ៍បានកើតឡើងថា ពួកឈ្លើយរបស់យើង មានចំនួនច្រើនពេក ទោះជាពួកយើងមានចំនួនច្រើនសម្បើមក្ដី គង់តែពួកយើងត្រូវបង្ខំឲ្យប្រើកងកម្លាំងយើងទាំងអស់ ដើម្បីយាមពួកគេ ឬក៏យកពួកគេទៅប្រហារជីវិតចោល។
១៤ត្បិតមើលចុះ ពួកគេបានបះបោរក្នុងចំនួនជាច្រើននាក់ ហើយបានប្រយុទ្ធដោយប្រើថ្ម និងដំបង ឬវត្ថុណាក្ដីដែលគេអាចរកបានមកក្នុងដៃគេ ដរាបដល់យើងបានសម្លាប់ពួកគេអស់ជាងពីរពាន់នាក់ ក្រោយពីពួកគេបានចុះចាញ់ធ្វើជាឈ្លើយសឹក។
១៥ហេតុដូច្នេះហើយ ជាការចាំបាច់សម្រាប់យើង ដែលយើងត្រូវបញ្ចប់ជីវិតគេ ឬយាមគេដោយដាវនៅក្នុងដៃចុះទៅដែនដីសារ៉ាហិមឡា ហើយស្បៀងរបស់យើងផង ក៏មិនមានលើសពីគ្រប់គ្រាន់សម្រាប់តែទ័ពយើង ទោះជាមានទាំងស្បៀងដែលយើងយកបានពីពួកលេមិនក្ដី។
១៦ហើយឥឡូវនេះ នៅក្នុងកាលៈទេសៈដែលប្រកបដោយគ្រោះថ្នាក់នេះ វាក្លាយទៅការណ៍មួយដ៏សែនសំខាន់ថាត្រូវសម្រេចចិត្តយ៉ាងណា អំពីពួកឈ្លើយសឹកទាំងនេះ ទោះជាយ៉ាងណាក៏ដោយ គង់តែពួកយើងបានសម្រេចថា នឹងបញ្ជូនពួកគេទៅឯដែនដីសារ៉ាហិមឡាដែរ ហេតុដូច្នេះហើយ ពួកយើងបានរើសទ័ពរបស់យើងមួយភាគ ហើយបានប្រគល់ភារៈឲ្យគេនាំពួកឈ្លើយរបស់យើង ចុះទៅឯដែនដីសារ៉ាហិមឡា។
១៧ប៉ុន្តែហេតុការណ៍បានកើតឡើងថា លុះដល់ស្អែកឡើង ពួកគេបានត្រឡប់មកវិញ។ ហើយឥឡូវនេះ មើលចុះ ពួកយើងមិនបានសួរគេអំពីពួកឈ្លើយរបស់យើងទេ ត្បិតមើលចុះ ពួកលេមិនកំពុងតែវាយប្រហារយើង ហើយពួកគេបានត្រឡប់មកវិញចំពេលដើម្បីជួយសង្គ្រោះយើង កុំឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកវា។ ត្បិតមើលចុះ អាំម៉ូរ៉ុនបានបញ្ជូនមកជួយពួកវានូវស្បៀង និងទ័ពមួយកងដ៏ច្រើនផង។
១៨ហើយហេតុការណ៍បានកើតឡើងថា ទ័ពដែលយើងចាត់ឲ្យនាំពួកឈ្លើយទៅនោះ បានមកដល់ទាន់ពេលដើម្បីបញ្ឈប់ពួកវា នៅពេលពួកវាជិតយកជ័យជម្នះលើពួកយើង។
១៩ប៉ុន្តែមើលចុះ ក្រុមតូចពីរពាន់ហុកសិបនាក់របស់ខ្ញុំ បានប្រយុទ្ធយ៉ាងប្ដូរផ្ដាច់ មែនហើយ ពួកគេរឹងប៉ឹងនៅចំពោះពួកលេមិន ហើយបានធ្វើឲ្យស្លាប់ដល់អស់ពួកណាដែលមកតតាំងនឹងគេ។
២០ហើយនៅពេលកងទ័ពរបស់យើង ដែលនៅសល់ទាំងប៉ុន្មាន ជិតបើកផ្លូវឲ្យមុខពួកលេមិន មើលចុះ ពួកពីរពាន់ហុកសិបនាក់នោះនៅរឹងប៉ឹង ហើយក្លាហានយ៉ាងប្ដូរផ្ដាច់។
២១មែនហើយ ហើយពួកគេបានគោរព ហើយប្រតិបត្តិតាមគ្រប់ពាក្យបញ្ជាដោយត្រូវឥតល្អៀង មែនហើយ ហើយគឺស្របតាមសេចក្ដីជំនឿរបស់គេ ដែលបណ្ដាលឲ្យគេធ្វើយ៉ាងនេះ ហើយខ្ញុំបានចាំនូវពាក្យពេចន៍ដែលគេបាននិយាយមកខ្ញុំថា ម្ដាយរបស់គេបានបង្រៀនពួកគេ។
២២ហើយឥឡូវនេះ មើលចុះ គឺដោយសារកូនប្រុសរបស់ខ្ញុំទាំងនេះ និងទ័ពដែលត្រូវបានរើសឲ្យនាំពួកឈ្លើយ ចំពោះអ្នកទាំងនេះហើយដែលពួកយើងជំពាក់ជ័យជម្នះដ៏ធំនេះ ព្រោះគឺពួកគេនេះហើយដែលបានឈ្នះលើពួកលេមិន ហេតុដូច្នេះហើយ ពួកវាត្រូវបានរុញច្រានឲ្យថយទៅឯទីក្រុងម៉ាន់តៃវិញ។
២៣ហើយយើងបានរក្សាទីក្រុងគូមេណៃរបស់យើងទុក ហើយពុំត្រូវបំផ្លាញអស់ដោយដាវទេ ទោះជាយ៉ាងណាក៏ដោយ គង់តែយើងបានរងការបាត់បង់ដ៏ធំ។
២៤ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីពួកលេមិនបានរត់ទៅ ខ្ញុំបានចេញបញ្ជាភ្លាមថា ទ័ពរបស់ខ្ញុំដែលត្រូវរបួស នោះត្រូវយកចេញពីក្នុងចំណោមអ្នកស្លាប់ ហើយត្រូវរុំអបមុខរបួសឲ្យគេ។
២៥ហើយហេតុការណ៍បានកើតឡើងថា មានចំនួនពីររយនាក់នៅក្នុងចំណោមពីរពាន់ហុកសិបនាក់របស់ខ្ញុំដែលត្រូវសន្លប់ ដោយសារអស់ឈាម ទោះជាយ៉ាងណាក៏ដោយ គង់តែស្របតាមសេចក្ដីល្អសប្បុរសនៃព្រះ និងចំពោះសេចក្ដីអស្ចារ្យរបស់យើងជាខ្លាំង និងចំពោះសេចក្ដីអំណររបស់កងទ័ពយើងទាំងមូលផង នោះគ្មានអ្នកណាម្នាក់នៅក្នុងចំណោមពួកគេត្រូវវិនាសឡើយ មែនហើយ ហើយគ្មានអ្នកណាម្នាក់នៅក្នុងចំណោមពួកគេដែលពុំមានរបួសច្រើនដែរ។
២៦ហើយឥឡូវនេះ ការណ៍ដែលគេត្រូវបានរក្សាឲ្យគង់វង់ គឺជាការណ៍មួយដ៏គួរឲ្យឆ្ងល់ដល់កងទ័ពយើងទាំងមូល មែនហើយ ថាពួកគេត្រូវបានសំចៃទុក នៅពេលដែលបងប្អូនយើងមួយពាន់នាក់ត្រូវស្លាប់។ ហើយយើងសន្មតដោយត្រឹមត្រូវថា ការណ៍នេះគឺមកពីព្រះចេស្ដាដ៏អស្ចារ្យនៃព្រះ ដោយសារសេចក្ដីជំនឿដ៏លើសលប់របស់គេនៅក្នុងអ្វីៗ ដែលពួកគេត្រូវបានបង្រៀនឲ្យជឿ — ថាមានព្រះដ៏យុត្តិធម៌មួយអង្គ ហើយអស់អ្នកណាដែលមិនសង្ស័យ អ្នកនោះនឹងត្រូវបានរក្សាទុកឲ្យគង់វង្សដោយព្រះចេស្ដាដ៏អស្ចារ្យរបស់ទ្រង់។
២៧ឥឡូវនេះ នេះគឺជាសេចក្ដីជំនឿនៃពួកអ្នកទាំងនេះ ដែលខ្ញុំបាននិយាយមកនេះ ពួកគេនៅក្មេង ហើយគំនិតគេរឹងប៉ឹង ហើយពួកគេដាក់ទីទុកចិត្តរបស់គេទៅលើព្រះរហូត។
២៨ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា បន្ទាប់ពីពួកយើងបានថែទាំដល់ពួកអ្នករបួសរបស់យើង ហើយបានបញ្ចុះពួកអ្នកស្លាប់ និងពួកលេមិនដែលស្លាប់ ដែលមានច្រើនហើយ មើលចុះ យើងបានសួរ គីឌ អំពីពួកឈ្លើយ ដែលពួកគេបានចាប់ផ្ដើមនាំចុះទៅឯដែនដីសារ៉ាហិមឡានោះ។
២៩ឥឡូវនេះ គីឌ គឺជាមេទ័ពឯកលើក្រុមទ័ពដែលត្រូវចាត់ឲ្យយាមពួកគេនាំចុះទៅដែនដីនោះ។
៣០ហើយឥឡូវនេះ នេះគឺជាពាក្យពេចន៍ដែលគីឌបាននិយាយមកខ្ញុំ ៖ មើលចុះ យើងបានចាប់ផ្ដើមធ្វើដំណើរចុះទៅដែនដីសារ៉ាហិមឡាជាមួយនឹងពួកឈ្លើយរបស់យើង។ ហើយហេតុការណ៍បានកើតឡើងថា យើងបានជួបនឹងពួកអ្នកស៊ើបការណ៍នៃពលទ័ពរបស់យើង ដែលត្រូវបានចាត់ឲ្យទៅឃ្លាំមើលជំរំរបស់ពួកលេមិន។
៣១ហើយពួកគេបានស្រែកប្រាប់យើងថា — មើលចុះ ពលទ័ពសាសន៍លេមិនកំពុងលើកសំដៅទៅឯទីក្រុងគូមេណៃ ហើយមើលចុះ ពួកវានឹងវាយប្រហារពួកគេ មែនហើយ ហើយនឹងបំផ្លាញប្រជាជនរបស់យើងចោល។
៣២ហើយហេតុការណ៍បានកើតឡើងថា ពួកឈ្លើយរបស់យើងបានឮសម្រែកទាំងឡាយរបស់ពួកគេ ដែលបានធ្វើឲ្យពួកវាឡើងចិត្តក្លាហាន ហើយពួកវាបានបះបោរឡើងប្រឆាំងនឹងយើង។
៣៣ហើយហេតុការណ៍បានកើតឡើង គឺដោយមកពីការបះបោររបស់ពួកគេ ទើបយើងបានប្រើដាវរបស់យើងប្រយុទ្ធនឹងគេ។ ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានផ្ដុំគ្នាជាក្រុមៗ រត់មកបុកនឹងដាវរបស់ពួកយើង នៅក្នុងការធ្វើនេះ ពួកគេចំនួនច្រើនត្រូវស្លាប់ ឯពួកគេដែលនៅសល់ទាំងប៉ុន្មាន បានបែកចេញ ហើយរត់គេចចេញពីយើងទៅ។
៣៤ហើយមើលចុះ កាលពួកគេបានរត់គេចទៅ ហើយពួកយើងមិនអាចតាមគេទាន់ នោះយើងបានធ្វើដំណើរយ៉ាងលឿនឆ្ពោះមកឯទីក្រុងគូមេណៃ ហើយមើលចុះ យើងបានមកដល់ទាន់ពេល ដើម្បីយើងអាចជួយបងប្អូនយើងក្នុងការរក្សាទីក្រុងនេះទុកឲ្យគង់។
៣៥ហើយមើលចុះ ពួកយើងត្រូវបានដោះលែងជាថ្មីទៀត ឲ្យរួចផុតពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវយើង។ ហើយសូមឲ្យព្រះនាមនៃព្រះរបស់យើងប្រកបដោយព្រះពរ ត្បិតមើលចុះ គឺទ្រង់នេះហើយដែលបានដោះលែងពួកយើងឲ្យរួច មែនហើយ ដែលបានធ្វើកិច្ចការដ៏ធំនេះដល់យើង។
៣៦ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលខ្ញុំ គឺហេលេមិន បានឮពាក្យទាំងនេះពីគីឌហើយ នោះខ្ញុំបានពោរពេញទៅដោយសេចក្ដីអំណរដ៏លើសលប់ ដោយសារសេចក្ដីល្អសប្បុរសនៃព្រះក្នុងការរក្សាយើងទុកឲ្យគង់ ដើម្បីកុំឲ្យយើងវិនាសទាំងអស់គ្នា មែនហើយ ហើយខ្ញុំជឿថា ព្រលឹងរបស់ពួកអ្នកដែលបានស្លាប់ទៅ នោះបានចូលទៅក្នុងទីសម្រាកនៃព្រះរបស់ពួកគេហើយ៕