ព្រះគម្ពីរ
ហេលេមិន 11


ជំពូក​ទី ១១

នីហ្វៃ​សូម​ឲ្យ​ព្រះ​អម្ចាស់​ជំនួស​សង្គ្រាម​ដោយ​អំណត់​អត់ — មនុស្ស​ជា​ច្រើន​វិនាស — ពួក​គេ​ប្រែ​ចិត្ត ហើយ​នីហ្វៃ​បួងសួង​ដល់​ព្រះ​អម្ចាស់ សូម​ឲ្យ​មាន​ភ្លៀង — នីហ្វៃ និង​លីហៃ​ទទួល​វិវរណៈ​ជា​ច្រើន — ពួក​ចោរ​កាឌីអានតុន​បង្កប់​ខ្លួន​នៅ​ក្នុង​ដែនដី។ ប្រមាណ​ជា​ឆ្នាំ ២០–៦ ម.គ.ស.។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ឆ្នាំ​ទី​ចិតសិប​ពីរ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម នោះ​ការ​ទាស់ទែង​គ្នា​ទាំង​ឡាយ​បាន​កើត​ឡើង ដរាប​ដល់​មាន​សង្គ្រាម​ទាំង​ឡាយ​ទូ​ទៅ​អស់​ទាំង​ដែនដី​នៅ​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ​ទាំង​អស់។

ហើយ​គឺ​ក្រុម​ចោរ​សម្ងាត់​នេះ​ហើយ​ដែល​បាន​បន្ត​ការ​បំផ្លិចបំផ្លាញ និង​អំពើ​ទុច្ចរិត​នេះ។ ហើយ​សង្គ្រាម​នេះ​បាន​កើត​ឡើង​អស់​ពេញ​មួយ​ឆ្នាំ ហើយ​នៅ​ក្នុង​ឆ្នាំ​ទី​ចិតសិប​បី វា​ក៏​បាន​បន្ត​ទៅ​ដែរ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​នេះ​នីហ្វៃ​បាន​អំពាវនាវ​ដល់​ព្រះ​អម្ចាស់​ថា ៖

ឱ​ព្រះ​អម្ចាស់​អើយ សូម​ទ្រង់​កុំ​ទុក​ឲ្យ​ប្រជាជន​នេះ​ត្រូវ​បំផ្លាញ​ដោយ​ដាវ​ឡើយ តែ​ឱ​ព្រះ​អម្ចាស់​អើយ សូម​ឲ្យ​មាន​អំណត់​អត់​មួយ​នៅ​ក្នុង​ដែនដី​វិញ​នោះ​ជា​ការ​ប្រសើរ​ជាង ដើម្បី​ដាស់​រំជួល​ពួក​គេ​ឲ្យ​នឹក​ចាំ​ដល់​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ ហើយ​ប្រហែលជា​ពួក​គេ នឹង​ប្រែ​ចិត្ត ហើយ​បែរ​មក​រក​ទ្រង់​វិញ។

ហើយ​ការណ៍​នោះ​ត្រូវ​បាន​សម្រេច ស្រប​តាម​ពាក្យ​សម្ដី​របស់​នីហ្វៃ​មែន។ ហើយ​មាន​អំណត់​អត់​មួយ​យ៉ាង​ធំ​នៅ​លើ​ដែនដី​នេះ នៅ​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ​ទាំង​អស់។ ហើយ​នៅ​ក្នុង​ឆ្នាំ​ទី​ចិតសិប​បួន អំណត់​អត់​បាន​បន្ត​ទៅ​យ៉ាង​នេះ ហើយ​ការ​បំផ្លិចបំផ្លាញ​បាន​ឈប់មាន​ដោយ​ដាវ តែ​ក្លាយ​ទៅ​ជា​ឈឺ​ចាប់​ដោយ​អំណត់​អត់​ទៅ​វិញ។

ហើយ​ការ​បំផ្លិចបំផ្លាញ​នេះ ក៏​បាន​បន្ត​ទៅ​ទៀត នៅ​ក្នុង​ឆ្នាំ​ទី​ចិតសិប​ប្រាំ។ ព្រោះ​ផែនដី​ត្រូវ​វាយ​ឲ្យ​វា​រាំងស្ងួត ហើយ​ពុំ​ផ្ដល់​ធញ្ញជាតិ​នៅ​ក្នុង​រដូវ​ច្រូតកាត់​សោះ ហើយ​ផែនដី​ទាំង​មូល​ត្រូវ​វាយ ទាំង​ក្នុង​ចំណោម​ពួក​សាសន៍​លេមិន ក៏​ដូច​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ​ដែរ ដើម្បី​ពួក​គេ​ត្រូវ​វាយ​ឲ្យ​គេ​វិនាស​រាប់​ពាន់​នាក់ នៅ​ក្នុងផ្នែក​ទាំង​ឡាយ​នៃ​ដែនដី​ដែល​ទុច្ចរិត​ច្រើន។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ប្រជាជន​បាន​ឃើញ​ថា ពួក​គេ​ជិត​វិនាស​ដោយ​អំណត់​អត់​ហើយ នោះ​ពួក​គេ​បាន​ចាប់​ផ្ដើម​នឹក​ឃើញ​ដល់​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​គេ ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​នឹក​ឃើញ​ដល់​ពាក្យ​សម្ដី​របស់​នីហ្វៃ។

ហើយ​ប្រជាជន​បាន​ចាប់​ផ្ដើម​អង្វរ​ដល់​ពួក​មេ​ចៅក្រម​របស់​គេ និង​ពួក​មេដឹកនាំ​របស់​គេ ឲ្យ​គេ​ទៅ​និយាយ​នឹង​នីហ្វៃ​ថា ៖ មើល​ចុះ យើង​ដឹង​ថា លោក​ជា​អ្នក​សំណប់​នៃ​ព្រះ ហេតុ​ដូច្នេះ​ហើយ សូម​អំពាវនាវ​ទៅ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​យើង ឲ្យ​ទ្រង់​បង្វែរ​អំណត់​អត់​នេះ​ចេញ​ពី​យើង​ទៅ ក្រែងលោ​ពាក្យ​ទាំង​អស់​ដែល​លោក​បាន​និយាយ អំពី​ការ​បំផ្លិចបំផ្លាញ​យើង នឹង​បាន​សម្រេច​មែន។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​ចៅក្រម​បាន​និយាយ​នឹង​នីហ្វៃ ស្រប​តាម​ពាក្យ​ទាំង​ឡាយ​ដែល​ពួក​គេ​ចង់​ឲ្យ​និយាយ​នោះ។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​នីហ្វៃ​បាន​ឃើញ​ថា ប្រជាជន​បាន​ប្រែ​ចិត្ត ហើយ​បាន​បន្ទាប​ខ្លួន ទាំង​ស្លៀក​សំពត់​ធ្មៃ នោះ​លោក​បាន​អំពាវនាវ​ដល់​ព្រះ​អម្ចាស់​ទៀត​ថា ៖

១០ឱ​ព្រះ​អម្ចាស់​អើយ មើល​ន៏ ប្រជាជន​នេះ​បាន​ប្រែ​ចិត្ត​ហើយ ហើយ​ពួក​គេ​បាន​បោស​ជម្រះ​ក្រុម​កាឌីអានតុន​ពី​ក្នុង​ចំណោម​ពួក​គេ​ហើយ ដរាប​ដល់​ពួក​វា​ត្រូវ​បាត់​បង់​អស់ ហើយ​ពួក​វា​បាន​លាក់​ផែនការ​សម្ងាត់​របស់​វា​នៅ​ក្នុង​ដី។

១១ឥឡូវ​នេះ ឱ​ព្រះ​អម្ចាស់​អើយ ដោយ​ភាព​ទន់​ទាប​របស់​ពួក​គេ សូម​ព្រះ​អង្គ​ដក​សេចក្ដី​ពិរោធ​របស់​ទ្រង់​ចេញ ហើយ​សូម​សេចក្ដី​ពិរោធ​របស់​ព្រះ​អង្គ​បាន​ស្ងប់​នៅ​ក្នុង​ការ​បំផ្លិចបំផ្លាញ​ពួក​ជន​ទុច្ចរិត​ទាំង​នោះ ដែល​ព្រះ​អង្គ​បាន​បំផ្លាញ​រួច​មក​ហើយ។

១២ឱ​ព្រះ​អម្ចាស់​អើយ សូម​ព្រះ​អង្គ​ដក​សេចក្ដី​ពិរោធ​របស់​ព្រះ​អង្គ​ចេញ ព្រះ​ពរ សេចក្ដី​ពិរោធ​ដ៏​ខ្លាំង​ក្លា ហើយ​សូម​ធ្វើ​ឲ្យ​អំណត់​អត់​នៅ​លើ​ដែនដី​នេះ​បាត់​អស់​ទៅ។

១៣ឱ​ព្រះ​អម្ចាស់​អើយ សូម​ព្រះ​អង្គ​មេត្តា​ឮ​ដល់​ទូលបង្គំ ហើយ​ធ្វើ​ឲ្យ​ការណ៍​នេះ​បាន​សម្រេច​ស្រប​តាម​ពាក្យ​សម្ដី​របស់​ទូលបង្គំ​ផង ហើយ​សូម​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​លើ​ផ្ទៃ​ផែនដី ដើម្បី​ឲ្យ​ដី​អាច​នាំ​មក​នូវ​ផ្លែ និង​ធញ្ញជាតិ​នៅ​ក្នុង​រដូវ​ច្រូតកាត់។

១៤ឱ​ព្រះ​អម្ចាស់​អើយ ព្រះ​អង្គ​បាន​ឮ​ពាក្យ​ទាំង​ឡាយ​របស់​ទូលបង្គំ កាល​ទូលបង្គំ​បាន​ទូល​ថា សូម​ឲ្យ​មាន​អំណត់​មួយ ដើម្បី​ឲ្យ​គ្រោះ​អាសន្ន​នៃ​ដាវ​អាច​បាន​ឈប់ ហើយ​ទូលបង្គំ​ដឹង​ថា ព្រះ​អង្គ​នឹង​ឮ​ពាក្យ​ទាំង​ឡាយ​របស់​ទូលបង្គំ​នៅ​ពេល​នេះ ព្រោះ​ព្រះ​អង្គ​មាន​បន្ទូល​ថា ៖ បើ​សិន​ជា​ប្រជាជន​នេះ​ប្រែ​ចិត្ត យើង​នឹង​លើក​លែង​ឲ្យ​គេ។

១៥ព្រះ​ពរ ឱ​ព្រះ​អម្ចាស់​អើយ ហើយ​ព្រះ​អង្គ​ទត​ឃើញ​ថា ពួក​គេ​បាន​ប្រែ​ចិត្ត​ហើយ ដោយ​ព្រោះ​អំណត់​អត់ និង​ជំងឺ​អាសន្នរោគ និង​ការ​បំផ្លិចបំផ្លាញ ដែល​កើត​ឡើង​ដល់​ពួក​គេ។

១៦ហើយ​ឥឡូវ​នេះ ឱ​ព្រះ​អម្ចាស់​អើយ សូម​ព្រះ​អង្គ​ដក​សេចក្ដី​ពិរោធ​របស់​ព្រះ​អង្គ​ចេញ ហើយ​សាក​ល្បង​មើល​ជា​ថ្មី បើ​សិន​ជា​ពួក​គេ​នឹង​បម្រើ​ព្រះ​អង្គ​ឬ​អី? ហើយ​បើ​យ៉ាង​ដូច្នោះ​មែន ឱ​ព្រះ​អម្ចាស់​អើយ ព្រះ​អង្គ​អាច​ប្រទាន​ពរ​ដល់​ពួក​គេ ស្រប​តាម​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ ដែល​ព្រះ​អង្គ​បាន​ថ្លែង​ចុះ។

១៧ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​ទី​ចិតសិប​ប្រាំមួយ ព្រះ​អម្ចាស់​ទ្រង់​បាន​បំបែរ​សេចក្ដី​ពិរោធ​របស់​ទ្រង់​ចេញ​ពី​ប្រជាជន ហើយ​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី ដរាប​ដល់​វា​បាន​នាំ​មក​នូវ​ផលានុផល​ក្នុង​រដូវ​ផ្លែ។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា វា​បាន​នាំ​មក​នូវ​ធញ្ញជាតិ​របស់​វា នៅ​ក្នុង​រដូវ​ច្រូតកាត់។

១៨ហើយ​មើល​ចុះ ប្រជាជន​បាន​អរ​រីករាយ ហើយ​សរសើរ​តម្កើង​ដល់​ព្រះ ហើយ​ផ្ទៃ​ដែនដី​ទាំង​មូល​បាន​ពោរ​ពេញ​ទៅ​ដោយ​ការ​អរ​រីករាយ ហើយ​ពួក​គេ​បាន​ឈប់​រក​បំផ្លាញ​នីហ្វៃ​ទៀត ប៉ុន្តែ​ពួក​គេ​បាន​គោរព​លោក​ថា ជា​ព្យាការី​ដ៏​ធំ​ម្នាក់ ហើយ​ជា​អ្នក​សំណប់​នៃ​ព្រះ ដែល​មាន​អានុភាព និង​សិទ្ធិ​អំណាច​ដ៏​ធំ​ដែល​បាន​ប្រទាន​ឲ្យ​លោក​ពី​ព្រះ។

១៩ហើយ​មើល​ចុះ លីហៃ ដែល​ត្រូវ​ជា​ប្អូន​របស់​លោក ក៏​មិន​អន់​ជាង​លោក​ប៉ុន្មាន​ទេ ចំពោះ​ការណ៍​ទាំង​ឡាយ​ដែល​ទាក់​ទង​ទៅ​នឹង​សេចក្ដី​សុចរិត។

២០ម្ល៉ោះ​ហើយ ហេតុការណ៍​បាន​កើត​ឡើង​ថា ប្រជាជន​នីហ្វៃ​បាន​ចាប់​ផ្ដើម​ចម្រើន​ឡើង​ទៀត​នៅ​លើ​ដែនដី ហើយ​បាន​ចាប់​ផ្ដើម​កសាង​ទី​កន្លែង​ទាំង​ឡាយ​ដែល​ចោល​ទទេ ហើយ​បាន​ចាប់​ផ្ដើម​កើន​ចំនួន​ឡើង និង​រាល​ធំ​ឡើង គឺ​រហូត​ដល់​ពួក​គេ​បាន​នៅ​ពាស​ពេញ​លើ​ផ្ទៃ​ដែនដី​ទាំង​មូល ទាំង​ខាង​ជើង និង​ខាង​ត្បូង ពី​សមុទ្រ​ខាង​លិច​ទៅ​ដល់​សមុទ្រ​ខាង​កើត។

២១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឆ្នាំ​ទី​ចិតសិប​ប្រាំមួយ បាន​ចប់​ទៅ​ក្នុង​សេចក្ដី​សុខសាន្ត។ ហើយ​ឆ្នាំ​ទី​ចិតសិប​ប្រាំពីរ បាន​ចាប់​ផ្ដើម​ក្នុង​សេចក្ដី​សុខសាន្ត ហើយ​សាសនាចក្រ​បាន​រាលដាល​ទូ​ទៅ​លើ​ផ្ទៃ​ដែនដី​ទាំង​អស់ ហើយ​ប្រជាជន​ច្រើន ទាំង​សាសន៍​នីហ្វៃ និង​សាសន៍​លេមិន​បាន​នៅ​ក្នុង​សាសនាចក្រ ហើយ​ពួក​គេ​មាន​សេចក្ដី​សុខសាន្ត​ដ៏​ធំ​ក្រៃលែង​នៅ​លើ​ដែនដី ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​ចិតសិប​ប្រាំពីរ​ទៅ។

២២ហើយ​ពួក​គេ​ក៏​មាន​សេចក្ដី​សុខសាន្ត​ដែរ នៅ​ក្នុង​ឆ្នាំ​ទី​ចិតសិប​ប្រាំបី លើក​លែង​តែ​មាន​ការ​ទាស់​ទែង​គ្នា​ខ្លះ អំពី​គោល​ចំណុច​ទាំង​ឡាយ​នៃ​លទ្ធិ ដែល​ត្រូវ​បាន​ដាក់​ដោយ​ពួក​ព្យាការី។

២៣ហើយ​ក្នុង​ឆ្នាំ​ទី​ចិតសិប​ប្រាំបួន ក៏​ចាប់​ផ្ដើម​មាន​ការ​វិវាទ​ជា​ខ្លាំង។ ប៉ុន្តែ​ហេតុការណ៍​បាន​កើត​ឡើង​ថា នីហ្វៃ និង​លីហៃ និង​បង​ប្អូន​របស់​គេ​ជា​ច្រើន ដែល​ដឹង​នូវ​គោល​ចំណុច​ពិត​នៃ​លទ្ធិ ដោយ​មាន​វិវរណៈ​ជា​ច្រើន​រាល់ៗ​ថ្ងៃ ហេតុ​ដូច្នេះ​ហើយ ទើប​ពួក​គេ​បាន​ផ្សាយ​ដល់​ប្រជាជន ដរាប​ដល់​គេ​បាន​បញ្ចប់​ការ​វិវាទ​របស់​គេ​នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ។

២៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ឆ្នាំ​ទី​ប៉ែតសិប​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ​លើ​ប្រជាជន​នីហ្វៃ នោះ​មាន​ពួក​អ្នក​បែក​ចេញ​ពី​ប្រជាជន​នីហ្វៃ​មួយ​ចំនួន ដែល​ពី​ប៉ុន្មាន​ឆ្នាំ​មុន បាន​ចុះ​ចូល​ទៅ​ខាង​សាសន៍​លេមិន ហើយ​បាន​ដាក់​ឈ្មោះ​ខ្លួន​ថា ជា​សាសន៍​លេមិន ហើយ​មួយ​ចំនួន​ទៀត​ផង ដែល​ជា​ពូជ​ពង្ស​លេមិន​សុទ្ធ ត្រូវ​បាន​ចាក់​រុក​ឲ្យ​មាន​កំហឹង​ដោយ​ពួក​គេ ឬ​ដោយ​ពួក​អ្នក​បែក​ចេញ​ទាំង​នោះ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​ចាប់​ផ្ដើម​ធ្វើ​សង្គ្រាម​មួយ ជាមួយ​នឹង​បង​ប្អូន​របស់​គេ។

២៥ហើយ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម និង​ការ​ប្លន់ ហើយ​បន្ទាប់​មក ពួក​គេ​បាន​បែរ​ទៅ​ក្នុង​ទី​ភ្នំ ហើយ​ទៅ​ក្នុង​ទី​រហោស្ថាន និង​ទី​កន្លែង​សម្ងាត់ៗ​ទាំង​ឡាយ ដោយ​បាន​ពួន​សម្ងំ​ខ្លួន​ដើម្បី​កុំ​ឲ្យ​គេ​រក​ឃើញ ដោយ​បាន​ទទួល​រាល់ៗ​ថ្ងៃ​នូវ​ចំនួន​មនុស្ស​បន្ថែម ឲ្យ​តែ​មាន​ពួក​បែកបាក់​ចេញ​ដែល​បាន​ទៅ​រក​ពួក​គេ។

២៦ម្ល៉ោះ​ហើយ ក្នុង​រយៈ​ពេល មែន​ហើយ គឺ​ក្នុង​រយៈ​ពេល​មិន​ប៉ុន្មាន​ឆ្នាំ​ទេ ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ក្រុម​ចោរ​មួយ​ធំ​ដ៏​ខ្លាំង ហើយ​ពួក​គេ​បា​នរក​ផែនការ​សម្ងាត់​ទាំង​អស់​របស់​កាឌីអានតុន ម្ល៉ោះ​ហើយ ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ពួក​ចោរ​របស់​កាឌីអានតុន។

២៧ឥឡូវ​នេះ មើល​ចុះ ពួក​ចោរ​ទាំង​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ខូចខាត​ដ៏​ធំ មែន​ហើយ គឺ​ការ​បំផ្លិចបំផ្លាញ​ដ៏​ធំ​នៅ​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ ហើយ​នៅ​ក្នុង​ចំណោម​ប្រជាជន​លេមិន​ផង។

២៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ជា​ការ​ចាំ​បាច់ ត្រូវ​តែ​បញ្ឈប់​ការ​បំផ្លិចបំផ្លាញ​នេះ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​បញ្ជូន​កង​ទ័ព​មួយ​ដែល​មាន​មនុស្ស​ខ្លាំង​ពូកែ​ឲ្យ​ទៅ​ក្នុង​ទី​រហោស្ថាន ហើយ​ទៅ​លើ​ភ្នំ ដើម្បី​រក​ក្រុម​ចោរ​នេះ ហើយ​បំផ្លាញ​ពួក​វា​ចោល។

២៩ប៉ុន្តែ​មើល​ចុះ ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ ពួក​គេ​ត្រូវ​បាន​រុញច្រាន​ថយ​ទៅ​ក្នុង​ដែនដី​ផ្ទាល់​របស់​គេ​វិញ។ ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​ប៉ែតសិប​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ​លើ​ប្រជាជន​នីហ្វៃ។

៣០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ដើម​ឆ្នាំ​ទី​ប៉ែតសិប​មួយ ពួក​គេ​បាន​ចេញ​ទៅ​ប្រឆាំង​នឹង​ក្រុម​ចោរ​នេះ​ទៀត ហើយ​បាន​បំផ្លាញ​ចោល​អស់​ជា​ច្រើន ហើយ​ពួក​គេ​ក៏​ត្រូវ​ជួបប្រទះ​ដោយ​ការ​បំផ្លិចបំផ្លាញ​ដ៏​ខ្លាំង​ក្លា។

៣១ហើយ​ពួក​គេ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចេញ​ពី​ទី​រហោស្ថាន ហើយ​ចេញ​ពី​ភ្នំ​ទាំង​ឡាយ មក​ដែនដី​ទាំង​ឡាយ​របស់​ខ្លួន​គេ​វិញ ដោយ​ព្រោះ​ពួក​ចោរ​មាន​ចំនួន​ច្រើន​ហួស​ពេក ដែល​នៅ​ពាស​ពេញ​ក្នុង​ភ្នំ និង​ទី​រហោស្ថាន។

៣២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឆ្នាំ​នេះ​ក៏​ចប់​ទៅ។ ហើយ​ពួក​ចោរ​នៅ​តែ​កើន​ចំនួន​ច្រើន​ឡើងៗ ហើយ​មាន​កម្លាំង​ជា​ខ្លាំង ដរាប​ដល់​ពួក​គេ​បាន​តទល់​នឹង​ពល​ទ័ព​សាសន៍​នីហ្វៃ​ទាំង​មូល និង​ពល​ទ័ព​សាសន៍​លេមិន​ផង ហើយ​ពួក​គេ​បាន​នាំ​ឲ្យ​មាន​ការ​ភ័យខ្លាច​ដ៏​ធំ​មក​លើ​ប្រជាជន​ដែល​នៅ​លើ​ផ្ទៃ​ដែនដី។

៣៣មែន​ហើយ ព្រោះ​ពួក​គេ​បាន​ទៅ​រុករាន​ជា​ច្រើន​នៃ​ដែនដី ហើយ​បាន​ធ្វើ​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ធំ​ដល់​ពួក​គេ មែន​ហើយ បាន​សម្លាប់​មនុស្ស​ជា​ច្រើន ហើយ​បាន​ចាប់​ពួក​អ្នក​ឯ​ទៀត​យក​ទៅ​ជា​ឈ្លើយ នាំ​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន មែន​ហើយ ហើយ​ជា​ពិសេស​ទៅ​ទៀត គឺ​ពួក​ស្ត្រី និង​កូន​ចៅ​របស់​គេ។

៣៤ឥឡូវ​នេះ អំពើ​អាក្រក់​ដ៏​ធំ​នេះ ដែល​បាន​ធ្លាក់​មក​លើ​ប្រជាជន ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ បាន​ដាស់​រំជួល​គេ​ទៀត​ឲ្យ​នឹក​ឃើញ​ដល់​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​គេ។

៣៥ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​ប៉ែតសិប​មួយ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ។

៣៦ហើយ​ក្នុង​ឆ្នាំ​ទី​ប៉ែតសិប​ពីរ ពួក​គេ​បាន​ចាប់​ផ្ដើម​ភ្លេច​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ​ទៀត។ ហើយ​នៅ​ក្នុង​ឆ្នាំ​ទី​ប៉ែតសិប​បី ពួក​គេ​បាន​ចាប់​ផ្ដើម​ធ្វើ​អំពើ​ទុច្ចរិត​ដ៏​ខ្លាំង។ ហើយ​នៅ​ក្នុង​ឆ្នាំ​ទី​ប៉ែតសិប​បួន ពួក​គេ​មិន​បាន​កែប្រែ​គំនិត​របស់​គេ​ទេ។

៣៧ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​ទី​ប៉ែតសិប​ប្រាំ ពួក​គេ​កាន់តែ​ធ្វើ​ខ្លាំង​ឡើងៗ នៅ​ក្នុង​សេចក្ដី​ឆ្មើងឆ្មៃ​របស់​គេ និង​ក្នុង​អំពើ​ទុច្ចរិត​របស់​គេ ម្ល៉ោះ​ហើយ ពួក​គេ​បា​ទុំ​ទៀត ចំពោះ​ការ​បំផ្លិចបំផ្លាញ។

៣៨ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​ប៉ែតសិប​ប្រាំ​ទៅ៕