ព្រះគម្ពីរ
ហេលេមិន 4


ជំពូក​ទី ៤

ពួក​សាសន៍​នីហ្វៃ​ដែល​បែកបាក់ និង​ពួក​សាសន៍​លេមិន​រួម​កម្លាំង​គ្នា ហើយ​វាយ​យក​ដែនដី​សារ៉ាហិមឡា — បរាជ័យ​របស់​សាសន៍​នីហ្វៃ​កើត​ឡើង ព្រោះ​តែ​សេចក្ដី​ទុច្ចរិត​របស់​គេ — សាសនាចក្រ​ចុះ​អន់ថយ ហើយ​ប្រជាជន​ក្លាយ​ទៅ​ជា​ទន់ខ្សោយ ដូច​ពួក​សាសន៍​លេមិន។ ប្រមាណ​ជា​ឆ្នាំ ៣៨–៣០ ម.គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​ទី​ហាសិប​បួន មាន​ការ​បែកបាក់​ជា​ច្រើន នៅ​ក្នុង​សាសនាចក្រ ហើយ​មាន​ការ​ទាស់ទែង​គ្នា​ដែរ​នៅ​ក្នុង​ចំណោម​ប្រជាជន ដរាប​ដល់​មាន​ការ​ខ្ចាយ​ឈាម​ជា​ច្រើន។

ហើយ​ពួក​ដែល​បះបោរ នោះ​ត្រូវ​សម្លាប់​ចោល ហើយ​ត្រូវ​រុញច្រាន​ឲ្យ​ចេញ​ពី​ដែនដី ហើយ​ពួក​គេ​បាន​ទៅ​ជួប​នឹង​ស្ដេច​នៃ​ពួក​សាសន៍​លេមិន។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ខិតខំ​ចាក់​រុក​ឲ្យ​ពួក​សាសន៍​លេមិន​មាន​សង្គ្រាម​នឹង​ពួក​សាសន៍​នីហ្វៃ ប៉ុន្តែ​មើល​ចុះ ពួក​សាសន៍​លេមិន​បាន​ភិតភ័យ​ជា​ខ្លាំង ដរាប​ដល់​ពួក​គេ​ពុំ​ស្ដាប់​តាម​ពាក្យ​របស់​ពួក​ជន ដែល​បែកបាក់​ទាំង​នោះ​ទេ។

ប៉ុន្តែ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ឆ្នាំ​ទី​ហាសិប​ប្រាំមួយ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម មាន​ពួក​បែកបាក់​ពី​ពួក​សាសន៍​នីហ្វៃ​បាន​ឡើង​ចូល​ទៅ​ខាង​សាសន៍​លេមិន ហើយ​ពួក​គេ​ជាមួយ​នឹង​ពួក​ដែល​បែកបាក់​ឯ​ទៀត​ទាំង​នោះ បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ចាក់​រុក​ពួក​គេ​ឲ្យ​មាន​កំហឹង​នឹង​ពួក​សាសន៍​នីហ្វៃ ហើយ​ក្នុង​ពេញ​មួយ​ឆ្នាំ​នោះ ពួក​គេ​រៀបចំ​ធ្វើ​សង្គ្រាម។

ហើយ​នៅ​ក្នុង​ឆ្នាំ​ទី​ហាសិប​ប្រាំពីរ ពួក​គេ​បាន​ចុះ​មក​ច្បាំង​នឹង​ពួក​សាសន៍​នីហ្វៃ ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​សម្លាប់ មែន​ហើយ ដរាប​ដល់​នៅ​ឆ្នាំ​ទី​ហាសិប​ប្រាំបី​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម ពួក​គេ​បាន​សម្រេច​នូវ​ជោគជ័យ​ក្នុង​ការ​វាយ​យក​បាន​ដែនដី​សារ៉ាហិមឡា មែន​ហើយ ហើយ​ដែនដី​ទាំង​អស់​ផង រហូត​ទៅ​ទល់​នឹង​ដែនដី​ដែល​នៅ​ជិត​ដែនដី​បរិបូរណ៍។

ហើយ​ពួក​សាសន៍​នីហ្វៃ និង​ពល​ទ័ព​របស់​មរ៉ូណៃហា ត្រូវ​រុញច្រាន​ទៅ​ក្នុង​ដែនដី​បរិបូរណ៍

ហើយ​នៅ​ទី​នោះ ពួក​គេ​បាន​ពង្រឹង​កម្លាំង​វាយ​តប​ត​នឹង​ពួក​លេមិន​វិញ ចាប់​ពី​សមុទ្រ​ខាង​លិច​ទៅ​ទល់​ខាង​កើត គឺ​អស់​រយៈ​ពេល​មួយ​ថ្ងៃ​នៃ​ការ​ធ្វើ​ដំណើរ​សម្រាប់​ជន​នីហ្វៃ​ម្នាក់ នៅ​តាម​ខ្សែ​ដែល​ពួក​គេ​បាន​ពង្រឹង ហើយ​ដាក់​ពល​ទ័ព​ដើម្បី​ការ​ពារ​ប្រទេស​ផ្នែក​ខាង​ជើង​របស់​គេ។

ម្ល៉ោះ​ហើយ ពួក​សាសន៍​នីហ្វៃ​ដែល​បាន​បែកបាក់​ទាំង​នោះ ដោយ​មាន​ជំនួយ​ពី​កងទ័ព​លេមិន​ដ៏​ច្រើន ក៏​យក​បាន​ទឹកដី​ទាំង​អស់​របស់​ពួក​សាសន៍​នីហ្វៃ ដែល​នៅ​ផ្នែក​ខាង​ត្បូង។ ហើយ​ការណ៍​ទាំង​អស់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ​ទី​ហាសិប​ប្រាំបី និង​ប្រាំបួន ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ឆ្នាំ​ទី​ហុកសិប​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម មរ៉ូណៃហា​បាន​សម្រេច​ជោគជ័យ​ជាមួយ​នឹង​ពល​ទ័ព​របស់​លោក នៅ​ក្នុង​ការ​វាយ​យក​បាន​ជា​ច្រើន​នៃ​ដែនដី មែន​ហើយ ពួក​គេ​យក​បាន​មក​វិញ​នូវ​ទី​ក្រុង​ជា​ច្រើន ដែល​បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​សាសន៍​លេមិន​ពីមុន។

១០ហើយ​ហេតុការណ៍​បាន​កើត​ឡើង គឺ​នៅ​ឆ្នាំ​ទី​ហុកសិប​មួយ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម ពួក​គេ​បាន​សម្រេច​ជោគជ័យ​នៅ​ក្នុង​ការ​យក​បាន​វិញ ដល់​ទៅ​ពាក់​កណ្ដាល​នៃ​ទឹកដី​របស់​គេ។

១១ឥឡូវ​នេះ ការ​បាត់បង់​របស់​ពួក​សាសន៍​នីហ្វៃ​ដ៏​ធំ​នេះ និង​ការ​កាប់​សម្លាប់​ដ៏​ធំ​ដែល​មាន​នៅ​ក្នុង​ចំណោម​ពួក​គេ​ច្បាស់​ជា​ពុំ​បាន​កើត​ឡើង​ទេ ប្រសិន​បើ​គ្មាន​អំពើ​ទុច្ចរិត​របស់​ពួក​គេ និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​របស់​ពួក​គេ ដែល​មាន​ក្នុង​ចំណោម​ពួក​គេ មែន​ហើយ ហើយ​គឺ​នៅ​ក្នុង​ចំណោម​ពួក​ជន​ទាំង​នោះ​ផង ដែល​ប្រកាស​ថា​ខ្លួន​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះ។

១២ហើយ​គឺ​ដោយ​សារ​ការ​ឆ្មើងឆ្មៃ​នៃ​ចិត្ត​របស់​គេ ដោយ​សារ​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​លើសលប់​របស់​គេ មែន​ហើយ គឺ​ដោយ​សារ​ការ​ជិះជាន់​ដល់​ពួក​អ្នក​ក្រីក្រ ដោយ​ទុក​ចំណីអាហារ​មិន​ឲ្យ​ដល់​ពួក​អ្នក​អត់ឃ្លាន ទុក​សំលៀកបំពាក់​មិន​ឲ្យ​ដល់​ជន​អាក្រាត ហើយ​ទះកំផ្លៀង​បង​ប្អូន​គេ​ដែល​សុ​ភាព​រាបសា ចំអកឡកឡឺយ​ដល់​អ្វីៗ​ដែល​ពិសិដ្ឋ បដិសេធ​វិញ្ញាណ​នៃ​ការ​ព្យាករណ៍ និង​វិវរណៈ ធ្វើ​អំពើ​ឃាត​កម្ម ប្លន់ ភូតភរ លួច ប្រព្រឹត្ត​អំពើ​កំផិត បំបះបំបោរ​ឲ្យ​កើតការ​ទាស់ទែង​គ្នា​ដ៏​ធំ ហើយ​បោះបង់​ចោល​ដែនដី​ទៅ​កាន់​ដែនដី​នីហ្វៃ​ក្នុង​ចំណោម​ពួក​សាសន៍​លេមិន។

១៣ហើយ​ដោយ​សារ​អំពើ​ទុច្ចរិត​ដ៏​ធំ​របស់​គេ​នេះ និង​ការ​អួតអាង​របស់​គេ​នៅ​ក្នុង​កម្លាំង​ផ្ទាល់​របស់​គេ នោះ​ពួក​គេ​ត្រូវ​បាន​ទុក​ឲ្យ​ប្រើ​កម្លាំង​របស់​គេ​ផ្ទាល់ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ពុំ​បាន​ចម្រើន​ឡើង​ទេ តែ​ត្រូវ​រង​ទុក្ខ​វេទនា ហើយ​ត្រូវ​វាយ ហើយ​ត្រូវ​រុញច្រាន​ដោយ ពួក​សាសន៍​លេមិន រហូត​ដល់​ពួក​គេ​បាត់បង់​ដែនដី​សឹង​តែ​ទាំង​អស់​របស់​គេ​ទៅ។

១៤ប៉ុន្តែ​មើល​ចុះ មរ៉ូណៃហា​បាន​ផ្សាយ​ពី​ការណ៍​ជា​ច្រើន​ដល់​ប្រជាជន ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នីហ្វៃ និង​លីហៃ​ផង គឺជា​កូន​របស់​ហេលេមិន បាន​ផ្សាយ​ពី​ការណ៍​ជា​ច្រើន​ដល់​ប្រជាជន មែន​ហើយ ហើយ​បាន​ព្យាករ​ពី​ការណ៍​ជា​ច្រើន​ដល់​ពួក​គេ អំពី​អំពើ ទុច្ចរិត​ទាំង​ឡាយ​របស់​គេ និង​អំពី​អ្វីៗ​ដែល​នឹង​កើត​មាន​ដល់​គេ បើ​សិន​ជា​ពួក​គេ​ពុំ​ប្រែ​ចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​គេ​ទេ។

១៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ប្រែ​ចិត្ត ហើយ​ដរាបណា​ពួក​គេ​បាន​ប្រែ​ចិត្ត នោះ​ពួក​គេ​បាន​ចាប់​ផ្ដើម​ចម្រើន​ឡើង។

១៦ព្រោះ​កាល​មរ៉ូណៃ​ហា​បាន​ឃើញ​ថា ពួក​គេ​បាន​ប្រែ​ចិត្ត នោះ​លោក​មាន​ចិត្ត​ក្លាហាន​នាំ​ពួក​គេ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ និង​ពី​ទី​ក្រុង​មួយ​ទៅ​ទី​ក្រុង​មួយ គឺ​រហូត​ដល់​ពួក​គេ​យក​បាន​មក​វិញ ពាក់​កណ្ដាល​នៃ​ទ្រព្យ​របស់​គេ និង​ពាក់​កណ្ដាល​នៃ​ដែនដី​របស់​គេ​ទាំង​អស់។

១៧ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​ហុកសិប​មួយ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ។

១៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ឆ្នាំ​ទី​ហុកសិប​ពីរ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម នោះ​មរ៉ូណៃហា​ពុំ​អាច​យក​ដី​ពី​ពួក​សាសន៍​លេមិន​បាន​ទៀត​ទេ។

១៩ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​បោះបង់​ចោល​គម្រោងការណ៍​របស់​គេ ដើម្បី​យក​ដែនដី ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ព្រោះ​ពួក​លេមិន​មាន​គ្នា​ច្រើន​ណាស់ ដែល​ជា​ហេតុ​នាំ​ឲ្យ​គ្មាន​លទ្ធ​ភាព​ឲ្យ​ពួក​សាសន៍​នីហ្វៃ​យកឈ្នះ​លើ​ពួក​គេ​បាន​ឡើយ ហេតុ​ដូច្នេះ​ហើយ មរ៉ូណៃហា​បាន​ប្រើ​ពល​ទ័ព​របស់​លោក​ទាំង​អស់ ក្នុង​ការ​រក្សា​ផ្នែក​នៃ​ដី​ទាំង​ឡាយ ដែល​លោក​យក​បាន។

២០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ដោយ​ព្រោះ​ទ័ព​លេមិន​មាន​ចំនួន​ច្រើន​ពេក ទើប​ពួក​សាសន៍​នីហ្វៃ​មាន​ការ​ភិតភ័យ​ជា​ខ្លាំង ខ្លាចក្រែង​ត្រូវ​ចាញ់​កម្លាំង ហើយ​ត្រូវ​ជាន់​ឈ្លី ហើយ​ត្រូវ​សម្លាប់ ហើយ​ត្រូវ​បំផ្លាញ​ចោល។

២១មែន​ហើយ ពួក​គេ​បាន​ចាប់​ផ្ដើម​នឹក​ឃើញ​ដល់​ពាក្យ​ព្យាករណ៍​ទាំង​ឡាយ​នៃ​អាលម៉ា និង​ពាក្យ​សម្ដី​នៃ​ហ្លួង​ម៉ូសាយ​ផង ហើយ​ពួក​គេ​បាន​ឃើញ​ថា ពួក​គេ​ជា​មនុស្ស​រឹងទទឹង ហើយ​ថា ពួក​គេ​បាន​បោះបង់​ចោល​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ។

២២ហើយ​ថា ពួក​គេ​បាន​កែប្រែ ហើយ​ជាន់​ឈ្លី​នៅ​ក្រោម​ជើង​គេ​នូវ​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​នៃ​ហ្លួង​ម៉ូសាយ ឬ​ក្រឹត្យ​វិន័យ​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​លោក​ឲ្យ​យក​មក​ប្រទាន​ដល់​មនុស្ស ហើយ​ពួក​គេ​ឃើញ​ថា ក្រឹត្យ​វិន័យ​របស់​គេ បាន​ក្លាយ​ទៅ​ជា​ពុករលួយ ហើយ​ថា​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ប្រជាជន​ទុច្ចរិត ដរាប​ដល់​ថា​ពួក​គេ​ទុច្ចរិត​ស្មើ​នឹង​ពួក​សាសន៍​លេមិន។

២៣ហើយ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ នោះ​សាសនាចក្រ​បាន​ចាប់​ផ្ដើម​ចុះ​អន់ថយ ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​មិន​ជឿ​វិញ្ញាណ​នៃ​ការ​ព្យាករណ៍ និង​វិញ្ញាណ​នៃ​វិវរណៈ ហើយ​សេចក្ដី​ជំនុំ​ជំរះ​ទាំង​ឡាយ​នៃ​ព្រះ បាន​សម្លឹង​មើល​គេ​ចំ​ពីមុខ។

២៤ហើយ​ពួក​គេ​បាន​ឃើញ​ថា ពួក​គេ​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ទន់ខ្សោយ ដូច​ជា​បង​ប្អូន​របស់​គេ គឺ​ពួក​សាសន៍​លេមិន ហើយ​ថា ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ ឈប់​រក្សា​គេ​ទៀត​ហើយ មែន​ហើយ ទ្រង់​បាន​ដកថយ​ចេញ​ពី​ពួក​គេ ពី​ព្រោះ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់​ពុំ​គង់នៅ​ក្នុង​ព្រះ​វិហារ​ណា​ដែល​ឥត​បរិសុទ្ធ​ឡើយ។

២៥ហេតុ​ដូច្នេះ​ហើយ ព្រះ​អម្ចាស់​ទ្រង់​បាន​ឈប់​ថែរក្សា​ពួក​គេ ដោយ​ព្រះ​ចេស្ដា​របស់​ទ្រង់​ដ៏​អស្ចារ្យ និង​ដ៏​ឥត​ប្រៀបផ្ទឹម​បាន ព្រោះ​ពួក​គេ​បាន​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​ឥត​ជំនឿ និង​ទុច្ចរិត​ដ៏​គួរ​ស្ញែង​ខ្លាច ហើយ​ពួក​គេ​បាន​ឃើញ​ថា ពួក​សាសន៍​លេមិន​មាន​ចំនួន​ច្រើន​លើសលប់​ជាង​ពួក​គេ ហើយ​លើក​លែងតែ​ពួក​គេ​ស្រវា​តោង​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ បើ​ពុំ​នោះ​សោត​ទេ នោះ​ពួក​គេ​ត្រូវ​វិនាស​ដោយ​ចៀស​មិន​ផុត​ជាមិនខាន​ឡើយ។

២៦ត្បិត​មើល​ចុះ ពួក​គេ​បាន​ឃើញ​ថា កម្លាំង​របស់​ទ័ព​លេមិន​ខ្លាំង​ស្មើ​នឹង​កម្លាំង​គេ​ដែរ គឺ​រាប់​ម្នាក់​ទល់​នឹង​ម្នាក់ ម្ល៉ោះ​ហើយ ពួក​គេ​បាន​ធ្លាក់​ទៅ​ក្នុង​អំពើ​រំលង​ដ៏​ធំ មែន​ហើយ ពួក​គេ​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ទន់​ខ្សោយ​ដោយ​ព្រោះ​អំពើ​រំលង​របស់​គេ អស់​រយៈ​ពេល​ពុំ​ច្រើន​ឆ្នាំ​ប៉ុន្មាន​ទេ៕