ជំពូកទី ៤
ពួកសាសន៍នីហ្វៃដែលបែកបាក់ និងពួកសាសន៍លេមិនរួមកម្លាំងគ្នា ហើយវាយយកដែនដីសារ៉ាហិមឡា — បរាជ័យរបស់សាសន៍នីហ្វៃកើតឡើង ព្រោះតែសេចក្ដីទុច្ចរិតរបស់គេ — សាសនាចក្រចុះអន់ថយ ហើយប្រជាជនក្លាយទៅជាទន់ខ្សោយ ដូចពួកសាសន៍លេមិន។ ប្រមាណជាឆ្នាំ ៣៨–៣០ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំទីហាសិបបួន មានការបែកបាក់ជាច្រើន នៅក្នុងសាសនាចក្រ ហើយមានការទាស់ទែងគ្នាដែរនៅក្នុងចំណោមប្រជាជន ដរាបដល់មានការខ្ចាយឈាមជាច្រើន។
២ហើយពួកដែលបះបោរ នោះត្រូវសម្លាប់ចោល ហើយត្រូវរុញច្រានឲ្យចេញពីដែនដី ហើយពួកគេបានទៅជួបនឹងស្ដេចនៃពួកសាសន៍លេមិន។
៣ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានខិតខំចាក់រុកឲ្យពួកសាសន៍លេមិនមានសង្គ្រាមនឹងពួកសាសន៍នីហ្វៃ ប៉ុន្តែមើលចុះ ពួកសាសន៍លេមិនបានភិតភ័យជាខ្លាំង ដរាបដល់ពួកគេពុំស្ដាប់តាមពាក្យរបស់ពួកជន ដែលបែកបាក់ទាំងនោះទេ។
៤ប៉ុន្តែហេតុការណ៍បានកើតឡើងថា នៅឆ្នាំទីហាសិបប្រាំមួយក្នុងរជ្ជកាលនៃពួកចៅក្រម មានពួកបែកបាក់ពីពួកសាសន៍នីហ្វៃបានឡើងចូលទៅខាងសាសន៍លេមិន ហើយពួកគេជាមួយនឹងពួកដែលបែកបាក់ឯទៀតទាំងនោះ បានទទួលជោគជ័យក្នុងការចាក់រុកពួកគេឲ្យមានកំហឹងនឹងពួកសាសន៍នីហ្វៃ ហើយក្នុងពេញមួយឆ្នាំនោះ ពួកគេរៀបចំធ្វើសង្គ្រាម។
៥ហើយនៅក្នុងឆ្នាំទីហាសិបប្រាំពីរ ពួកគេបានចុះមកច្បាំងនឹងពួកសាសន៍នីហ្វៃ ហើយពួកគេបានចាប់ផ្ដើមធ្វើការសម្លាប់ មែនហើយ ដរាបដល់នៅឆ្នាំទីហាសិបប្រាំបីក្នុងរជ្ជកាលនៃពួកចៅក្រម ពួកគេបានសម្រេចនូវជោគជ័យក្នុងការវាយយកបានដែនដីសារ៉ាហិមឡា មែនហើយ ហើយដែនដីទាំងអស់ផង រហូតទៅទល់នឹងដែនដីដែលនៅជិតដែនដីបរិបូរណ៍។
៦ហើយពួកសាសន៍នីហ្វៃ និងពលទ័ពរបស់មរ៉ូណៃហា ត្រូវរុញច្រានទៅក្នុងដែនដីបរិបូរណ៍
៧ហើយនៅទីនោះ ពួកគេបានពង្រឹងកម្លាំងវាយតបតនឹងពួកលេមិនវិញ ចាប់ពីសមុទ្រខាងលិចទៅទល់ខាងកើត គឺអស់រយៈពេលមួយថ្ងៃនៃការធ្វើដំណើរសម្រាប់ជននីហ្វៃម្នាក់ នៅតាមខ្សែដែលពួកគេបានពង្រឹង ហើយដាក់ពលទ័ពដើម្បីការពារប្រទេសផ្នែកខាងជើងរបស់គេ។
៨ម្ល៉ោះហើយ ពួកសាសន៍នីហ្វៃដែលបានបែកបាក់ទាំងនោះ ដោយមានជំនួយពីកងទ័ពលេមិនដ៏ច្រើន ក៏យកបានទឹកដីទាំងអស់របស់ពួកសាសន៍នីហ្វៃ ដែលនៅផ្នែកខាងត្បូង។ ហើយការណ៍ទាំងអស់នេះ ត្រូវបានធ្វើឡើងនៅឆ្នាំទីហាសិបប្រាំបី និងប្រាំបួន ក្នុងរជ្ជកាលនៃពួកចៅក្រម។
៩ហើយហេតុការណ៍បានកើតឡើងថា នៅឆ្នាំទីហុកសិបក្នុងរជ្ជកាលនៃពួកចៅក្រម មរ៉ូណៃហាបានសម្រេចជោគជ័យជាមួយនឹងពលទ័ពរបស់លោក នៅក្នុងការវាយយកបានជាច្រើននៃដែនដី មែនហើយ ពួកគេយកបានមកវិញនូវទីក្រុងជាច្រើន ដែលបានធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃពួកសាសន៍លេមិនពីមុន។
១០ហើយហេតុការណ៍បានកើតឡើង គឺនៅឆ្នាំទីហុកសិបមួយក្នុងរជ្ជកាលនៃពួកចៅក្រម ពួកគេបានសម្រេចជោគជ័យនៅក្នុងការយកបានវិញ ដល់ទៅពាក់កណ្ដាលនៃទឹកដីរបស់គេ។
១១ឥឡូវនេះ ការបាត់បង់របស់ពួកសាសន៍នីហ្វៃដ៏ធំនេះ និងការកាប់សម្លាប់ដ៏ធំដែលមាននៅក្នុងចំណោមពួកគេច្បាស់ជាពុំបានកើតឡើងទេ ប្រសិនបើគ្មានអំពើទុច្ចរិតរបស់ពួកគេ និងអំពើគួរខ្ពើមឆ្អើមរបស់ពួកគេ ដែលមានក្នុងចំណោមពួកគេ មែនហើយ ហើយគឺនៅក្នុងចំណោមពួកជនទាំងនោះផង ដែលប្រកាសថាខ្លួននៅក្នុងសាសនាចក្រនៃព្រះ។
១២ហើយគឺដោយសារការឆ្មើងឆ្មៃនៃចិត្តរបស់គេ ដោយសារទ្រព្យសម្បត្តិដ៏ច្រើនលើសលប់របស់គេ មែនហើយ គឺដោយសារការជិះជាន់ដល់ពួកអ្នកក្រីក្រ ដោយទុកចំណីអាហារមិនឲ្យដល់ពួកអ្នកអត់ឃ្លាន ទុកសំលៀកបំពាក់មិនឲ្យដល់ជនអាក្រាត ហើយទះកំផ្លៀងបងប្អូនគេដែលសុភាពរាបសា ចំអកឡកឡឺយដល់អ្វីៗដែលពិសិដ្ឋ បដិសេធវិញ្ញាណនៃការព្យាករណ៍ និងវិវរណៈ ធ្វើអំពើឃាតកម្ម ប្លន់ ភូតភរ លួច ប្រព្រឹត្តអំពើកំផិត បំបះបំបោរឲ្យកើតការទាស់ទែងគ្នាដ៏ធំ ហើយបោះបង់ចោលដែនដីទៅកាន់ដែនដីនីហ្វៃក្នុងចំណោមពួកសាសន៍លេមិន។
១៣ហើយដោយសារអំពើទុច្ចរិតដ៏ធំរបស់គេនេះ និងការអួតអាងរបស់គេនៅក្នុងកម្លាំងផ្ទាល់របស់គេ នោះពួកគេត្រូវបានទុកឲ្យប្រើកម្លាំងរបស់គេផ្ទាល់ ហេតុដូច្នេះហើយ ពួកគេពុំបានចម្រើនឡើងទេ តែត្រូវរងទុក្ខវេទនា ហើយត្រូវវាយ ហើយត្រូវរុញច្រានដោយ ពួកសាសន៍លេមិន រហូតដល់ពួកគេបាត់បង់ដែនដីសឹងតែទាំងអស់របស់គេទៅ។
១៤ប៉ុន្តែមើលចុះ មរ៉ូណៃហាបានផ្សាយពីការណ៍ជាច្រើនដល់ប្រជាជន ដោយព្រោះអំពើទុច្ចរិតរបស់គេ ហើយនីហ្វៃ និងលីហៃផង គឺជាកូនរបស់ហេលេមិន បានផ្សាយពីការណ៍ជាច្រើនដល់ប្រជាជន មែនហើយ ហើយបានព្យាករពីការណ៍ជាច្រើនដល់ពួកគេ អំពីអំពើ ទុច្ចរិតទាំងឡាយរបស់គេ និងអំពីអ្វីៗដែលនឹងកើតមានដល់គេ បើសិនជាពួកគេពុំប្រែចិត្តពីអំពើបាបទាំងឡាយរបស់គេទេ។
១៥ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានប្រែចិត្ត ហើយដរាបណាពួកគេបានប្រែចិត្ត នោះពួកគេបានចាប់ផ្ដើមចម្រើនឡើង។
១៦ព្រោះកាលមរ៉ូណៃហាបានឃើញថា ពួកគេបានប្រែចិត្ត នោះលោកមានចិត្តក្លាហាននាំពួកគេពីកន្លែងមួយទៅកន្លែងមួយ និងពីទីក្រុងមួយទៅទីក្រុងមួយ គឺរហូតដល់ពួកគេយកបានមកវិញ ពាក់កណ្ដាលនៃទ្រព្យរបស់គេ និងពាក់កណ្ដាលនៃដែនដីរបស់គេទាំងអស់។
១៧ម្ល៉ោះហើយ ក៏ចប់ឆ្នាំទីហុកសិបមួយក្នុងរជ្ជកាលនៃពួកចៅក្រមទៅ។
១៨ហើយហេតុការណ៍បានកើតឡើងថា នៅឆ្នាំទីហុកសិបពីរក្នុងរជ្ជកាលនៃពួកចៅក្រម នោះមរ៉ូណៃហាពុំអាចយកដីពីពួកសាសន៍លេមិនបានទៀតទេ។
១៩ហេតុដូច្នេះហើយ ពួកគេបានបោះបង់ចោលគម្រោងការណ៍របស់គេ ដើម្បីយកដែនដី ដែលនៅសល់ទាំងប៉ុន្មាន ព្រោះពួកលេមិនមានគ្នាច្រើនណាស់ ដែលជាហេតុនាំឲ្យគ្មានលទ្ធភាពឲ្យពួកសាសន៍នីហ្វៃយកឈ្នះលើពួកគេបានឡើយ ហេតុដូច្នេះហើយ មរ៉ូណៃហាបានប្រើពលទ័ពរបស់លោកទាំងអស់ ក្នុងការរក្សាផ្នែកនៃដីទាំងឡាយ ដែលលោកយកបាន។
២០ហើយហេតុការណ៍បានកើតឡើងថា ដោយព្រោះទ័ពលេមិនមានចំនួនច្រើនពេក ទើបពួកសាសន៍នីហ្វៃមានការភិតភ័យជាខ្លាំង ខ្លាចក្រែងត្រូវចាញ់កម្លាំង ហើយត្រូវជាន់ឈ្លី ហើយត្រូវសម្លាប់ ហើយត្រូវបំផ្លាញចោល។
២១មែនហើយ ពួកគេបានចាប់ផ្ដើមនឹកឃើញដល់ពាក្យព្យាករណ៍ទាំងឡាយនៃអាលម៉ា និងពាក្យសម្ដីនៃហ្លួងម៉ូសាយផង ហើយពួកគេបានឃើញថា ពួកគេជាមនុស្សរឹងទទឹង ហើយថា ពួកគេបានបោះបង់ចោលព្រះបញ្ញត្តិទាំងឡាយនៃព្រះ។
២២ហើយថា ពួកគេបានកែប្រែ ហើយជាន់ឈ្លីនៅក្រោមជើងគេនូវក្រឹត្យវិន័យទាំងឡាយនៃហ្លួងម៉ូសាយ ឬក្រឹត្យវិន័យដែលព្រះអម្ចាស់ទ្រង់បានបញ្ជាលោកឲ្យយកមកប្រទានដល់មនុស្ស ហើយពួកគេឃើញថា ក្រឹត្យវិន័យរបស់គេ បានក្លាយទៅជាពុករលួយ ហើយថាពួកគេបានក្លាយទៅជាប្រជាជនទុច្ចរិត ដរាបដល់ថាពួកគេទុច្ចរិតស្មើនឹងពួកសាសន៍លេមិន។
២៣ហើយដោយព្រោះអំពើទុច្ចរិតរបស់គេ នោះសាសនាចក្របានចាប់ផ្ដើមចុះអន់ថយ ហើយពួកគេបានចាប់ផ្ដើមមិនជឿវិញ្ញាណនៃការព្យាករណ៍ និងវិញ្ញាណនៃវិវរណៈ ហើយសេចក្ដីជំនុំជំរះទាំងឡាយនៃព្រះ បានសម្លឹងមើលគេចំពីមុខ។
២៤ហើយពួកគេបានឃើញថា ពួកគេបានក្លាយទៅជាមនុស្សទន់ខ្សោយ ដូចជាបងប្អូនរបស់គេ គឺពួកសាសន៍លេមិន ហើយថា ព្រះវិញ្ញាណនៃព្រះអម្ចាស់ ឈប់រក្សាគេទៀតហើយ មែនហើយ ទ្រង់បានដកថយចេញពីពួកគេ ពីព្រោះព្រះវិញ្ញាណនៃព្រះអម្ចាស់ពុំគង់នៅក្នុងព្រះវិហារណាដែលឥតបរិសុទ្ធឡើយ។
២៥ហេតុដូច្នេះហើយ ព្រះអម្ចាស់ទ្រង់បានឈប់ថែរក្សាពួកគេ ដោយព្រះចេស្ដារបស់ទ្រង់ដ៏អស្ចារ្យ និងដ៏ឥតប្រៀបផ្ទឹមបាន ព្រោះពួកគេបានធ្លាក់ទៅក្នុងស្ថានភាពឥតជំនឿ និងទុច្ចរិតដ៏គួរស្ញែងខ្លាច ហើយពួកគេបានឃើញថា ពួកសាសន៍លេមិនមានចំនួនច្រើនលើសលប់ជាងពួកគេ ហើយលើកលែងតែពួកគេស្រវាតោងព្រះអម្ចាស់ជាព្រះរបស់គេ បើពុំនោះសោតទេ នោះពួកគេត្រូវវិនាសដោយចៀសមិនផុតជាមិនខានឡើយ។
២៦ត្បិតមើលចុះ ពួកគេបានឃើញថា កម្លាំងរបស់ទ័ពលេមិនខ្លាំងស្មើនឹងកម្លាំងគេដែរ គឺរាប់ម្នាក់ទល់នឹងម្នាក់ ម្ល៉ោះហើយ ពួកគេបានធ្លាក់ទៅក្នុងអំពើរំលងដ៏ធំ មែនហើយ ពួកគេបានក្លាយទៅជាមនុស្សទន់ខ្សោយដោយព្រោះអំពើរំលងរបស់គេ អស់រយៈពេលពុំច្រើនឆ្នាំប៉ុន្មានទេ៕