ព្រះគម្ពីរ
យ៉ាកុប 3


ជំពូក​ទី ៣

អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ទទួល​ព្រះ​បន្ទូល​ដ៏​ផ្អែមល្ហែម​នៃ​ព្រះ — សេចក្ដី​សុចរិត​នៃ​ពួក​សាសន៍​លេមិន ខ្ពស់​ជាង​សេចក្ដី​សុចរិត​នៃ​ពួក​សាសន៍​នីហ្វៃ — យ៉ាកុប​ព្រមាន​ទាស់​នឹង​ការ​កំផិត ការ​អាសអាភាស និង​អំពើ​បាប​គ្រប់​បែប​យ៉ាង។ ប្រមាណ​ជា​ឆ្នាំ ៥៤៤–៤២១ ម.គ.ស.។

ប៉ុន្តែ​មើល​ចុះ ខ្ញុំ យ៉ាកុប ចង់​និយាយ​ទៅ​កាន់​អ្នក​ទាំង​ឡាយ ដែល​មាន​ចិត្ត​បរិសុទ្ធ។ ចូរ​មើល​ទៅ​ព្រះ ដោយ​មាន​គំនិត​រឹងប៉ឹង ហើយ​អធិស្ឋាន​ដល់​ព្រះ​អង្គ ដោយ​មាន​សេចក្ដី​ជំនឿ​ដ៏​លើសលប់ នោះ​ទ្រង់​នឹង​លួងលោម​ដល់​អ្នក ក្នុង​គ្រា​ដែល​អ្នក​មាន​ទុក្ខ​លំបាក ហើយ​ទ្រង់​នឹង​អង្វរ​ដើម្បី​ប្រយោជន៍​របស់​អ្នក ហើយ​នឹង​ទម្លាក់​សេចក្ដី​យុត្តិធម៌​មក​ធ្វើ​ទោស​ពួក​អ្នក​ណា​ដែល​ស្វែងរក​បំផ្លាញ​អ្នក។

ឱ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ​ទាំង​អស់​គ្នា​អើយ ចូរ​ងើប​ក្បាល​ឡើង ហើយ​ទទួល​ព្រះ​បន្ទូល​ដ៏​ផ្អែមល្ហែម​នៃ​ព្រះ ហើយ​ទទួល​ទាន​នូវ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចុះ ព្រោះ​បើ​សិន​ជា​អ្នក​មាន​គំនិត​រឹងប៉ឹង នោះ​អ្នក​នឹង​បាន​ទទួល​ការណ៍​ទាំង​នេះ​ដរាប​ត​ទៅ។

ប៉ុន្តែ វេទនា វេទនា ដល់​អ្នក​ណា​ដែល​មិន​មាន​ចិត្ត​បរិសុទ្ធ ដែល​ជា​មនុស្ស​ស្មោក​គ្រោក​នៅ​ចំពោះ​ព្រះ​នៅ​ថ្ងៃ​នេះ ត្បិត​លើក​លែង​តែ​អ្នក​ប្រែ​ចិត្ត នោះ​ដែនដី​នេះ​នឹង​ត្រូវ​បណ្ដាសា​ពី​ព្រោះ​តែ​អ្នក ឯ​ពួក​សាសន៍​លេមិន ដែល​មិន​ស្មោក​គ្រោក​ដូច​អ្នក ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពួក​គេ​ត្រូវ​បណ្ដាសា​ដ៏​ធ្ងន់​ដែរ គឺ​ពួក​គេ​នឹង​វាយ​អ្នក រហូត​ដល់​សេចក្ដី​បំផ្លិចបំផ្លាញ​បង់។

ហើយ​ពេល​នោះ​នឹង​មក​ដល់​យ៉ាង​ឆាប់ៗ ហើយ​លើក​លែងតែ​អ្នក​ប្រែ​ចិត្ត នោះ​ពួក​គេ​នឹង​បាន​ដែនដី​កេរ្តិ៍​អាករ​របស់​អ្នក ហើយ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​នាំ​ពួក​អ្នក​សុចរិត​ចេញ​ពី​ចំណោម​ពួក​អ្នក។

មើល​ចុះ ពួក​សាសន៍​លេមិន ជា​បង​ប្អូន​របស់​អ្នក ដែល​អ្នក​រាល់​គ្នា​ស្អប់ ពី​ព្រោះ​តែ​ការ​ស្មោក​គ្រោក​របស់​ពួក​គេ និង​បណ្ដាសា​ដែល​បាន​ឆ្លាក់​មក​លើ​ស្បែក​របស់​ពួក​គេ នោះ​ពួក​គេ​សុចរិត​លើស​ពួក​អ្នក​វិញ ព្រោះ​ពួក​គេ​ពុំ​ទាន់​ភ្លេច​ព្រះ​បញ្ញត្តិ​នៃ​ព្រះ​អម្ចាស់ ដែល​បាន​ប្រទាន​ដល់​ឪពុក​របស់​យើង​ឡើយ — ដែល​ថា​ពួក​គេ​ត្រូវ​មាន​ប្រពន្ធ​តែមួយ​ប៉ុណ្ណោះ ហើយ​ឯ​ពួក​ស្រី​ស្នំ​ក៏​ពួក​គេ​មិន​ត្រូវ​មាន​សោះ ហើយ​ពុំ​ត្រូវ​ប្រព្រឹត្ត​អំពើ​សហាយស្មន់​ទាំង​ឡាយ​នៅ​ក្នុង​ចំណោម​ពួក​គេ​ឡើយ​ដែរ។

ហើយ​ឥឡូវ​នេះ ព្រះ​បញ្ញត្តិ​នេះ ពួក​គេ​ប្រតិបត្តិ​តាម ហេតុ​ដូច្នោះ​ហើយ ដោយ​សារ​ការ​គោរព​តាម​នេះ គឺ​ក្នុង​ការ​កាន់​តាម​ព្រះ​បញ្ញត្តិ​នេះ បាន​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​ទ្រង់​ពុំ​បំផ្លាញ​ពួក​គេ​ចោល តែ​ទ្រង់​នឹង​មេត្តាករុណា​ដល់​ពួក​គេ​វិញ ហើយ​នៅ​ថ្ងៃ​ណាមួយ ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ប្រជាជន​មួយ​ដ៏​មាន​ពរ។

មើល​ចុះ ពួក​ប្ដីៗ​របស់​គេ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ឯ​ពួក​ប្រពន្ធៗ​របស់​គេ​ស្រឡាញ់​ប្ដី​របស់​ខ្លួន ហើយ​ប្ដី​ប្រពន្ធ​របស់​គេ​ស្រឡាញ់​កូនៗ​របស់​ខ្លួន ឯ​ការ​ឥត​ជំនឿ​របស់​ពួក​គេ និង​ការ​ស្អប់​របស់​ពួក​គេ​ចំពោះ​អ្នក​នោះ គឺ​មក​ពី​អំពើ​ទុច្ចរិត​របស់​ពួក​អយ្យកោ​គេ​ទេតើ ហេតុ​ដូច្នោះ​ហើយ ចុះ​តើ​អ្នក​រាល់​គ្នា​គ្រាន់បើ​ជាង​ពួក​គេ​ប៉ុណ្ណា​ទៅ នៅ​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ​ដ៏​មហិមា ដែល​បង្កើត​អ្នក​មក​នោះ?

ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ លើក​លែងតែ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​អ្នក បើ​ពុំ​នោះ​សោត​ទេ ខ្ញុំ​ខ្លាច​តែ​ស្បែក​របស់​ពួក​គេ នឹង​ស​ជាង​ស្បែក​របស់​អ្នករួច​ទៅ​ហើយ ក្នុង​កាល​អ្នក​ត្រូវ​បាន​នាំ​ទៅ​ជាមួយ​ពួក​គេ​នៅ​ចំពោះ​បល្ល័ង្ក​នៃ​ព្រះ។

ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​សូម​ប្រគល់​ដល់​អ្នក​នូវ​ព្រះ​បញ្ញត្តិ​មួយ ដែល​ជា​ព្រះ​បន្ទូល​នៃ​ព្រះ គឺ​ចូរ​អ្នក​រាល់​គ្នា​កុំ​ជេរប្រមាថ​ពួក​គេ ពី​ព្រោះ​តែ​ស្បែក​ខ្មៅ​របស់​គេ​នោះ​ឡើយ ហើយ​ចូរ​អ្នក​កុំ​ជេរប្រមាថ​ពួក​គេ ពី​ព្រោះ​តែ​សេចក្ដី​ស្មោក​គ្រោក​របស់​ពួក​គេ​ដែរ ប៉ុន្តែ​អ្នក​រាល់​គ្នា​ត្រូវ​នឹក​ចាំ​ពី​សេចក្ដី​ស្មោក​គ្រោក​របស់​ខ្លួន​វិញ ហើយ​ចូរ​នឹក​ចាំ​ថា សេចក្ដី​ស្មោក​គ្រោក​របស់​ពួក​គេ គឺ​មាន​មក​ពី​ព្រោះ​តែ​ពួក​អយ្យកោ​គេ​ទេតើ។

១០ហេតុ​ដូច្នោះ​ហើយ ចូរ​អ្នក​រាល់​គ្នា​ត្រូវ​នឹក​ឃើញ​ដល់​កូន​ចៅ​របស់​អ្នក​វិញ​ពី​របៀប​ដែល​អ្នក​បាន​ធ្វើ​ឲ្យ​កូន​ចៅ​អ្នក​កើតទុក្ខ​យ៉ាង​ណា​ទៅ ដោយ​សារ​តែ​គំរូ​ដែល​អ្នក​បាន​ធ្វើ​ឲ្យ​គេ​មើល ហើយ​ក៏​ចូរ​នឹក​ឃើញ​ថា ពី​ព្រោះ​តែ​សេចក្ដី​ស្មោក​គ្រោក​របស់​អ្នក នោះ​អ្នក​អាច​នាំ​កូន​ចៅ​របស់​អ្នក​ទៅ​រក​ការ​បំផ្លិចបំផ្លាញ ហើយ​អំពើ​បាប​ទាំង​ឡាយ​របស់​គេ នឹង​គរ​លើ​ក្បាល​អ្នក​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​វិញ។

១១ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ ចូរ​ប្រុង​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​ខ្ញុំ​ចុះ ចូរ​ដាស់​សមត្ថ​ភាព​ទាំង​ឡាយ​នៃ​ព្រលឹង​អ្នក​ឲ្យ​ភ្ញាក់​ឡើង ចូរ​រលាស់​ខ្លួន​ឲ្យ​ភ្ញាក់​ពី​ដំណេក​ដ៏​យូរអង្វែង​នៃ​សេចក្ដី​ស្លាប់ ហើយ​ចូរ​ដោះ​ខ្លួន​ចេញ​ពី​ការ​ឈឺ​ចាប់​នៃ​ស្ថាន​នរក ដើម្បី​កុំ​ឲ្យ​ខ្លួន​អ្នក​រាល់​គ្នា​អាច​ក្លាយ​ទៅ​ជា​ពួក​ទេវតា​របស់​អារក្ស ដែល​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់ធ័រ​នោះ គឺជា​សេចក្ដី​ស្លាប់​ទី​ពីរឡើយ។

១២ហើយ​ឥឡូវ​នេះ ខ្ញុំ យ៉ាកុប បាន​និយាយ​ជា​ច្រើន​ការណ៍​ទៀត​ទៅ​ប្រជាជន​នីហ្វៃ ហាម​កុំ​ឲ្យ​គេ​ប្រព្រឹត្ត​ការ​កំផិត និង​ការ​អាសអាភាស និង​អំពើ​បាប​គ្រប់​យ៉ាង​ឡើយ ដោយ​បាន​ប្រាប់​គេ​នូវ​ផល​ដ៏​ធ្ងន់ធ្ងរ​នៃ​អំពើ​ទាំង​នេះ។

១៣ហើយ​មួយ​ភាគរយ​នៃ​ដំណើរការ​របស់​ប្រជាជន​នេះ គឺ​ឥឡូវ​នេះ មាន​កាន់តែ​ច្រើន​ឡើងៗ គឺ​មិន​អាច​យក​មក​កត់​នៅ​លើ​ផ្ទាំង​ទាំង​នេះ​បាន​អស់​ឡើយ ប៉ុន្តែ​ដំណើរការ​របស់​គេ​ជា​ច្រើន​ត្រូវ​បាន​កត់​នៅ​លើ​ផ្ទាំង​ធំ ទាំង​សង្គ្រាម​ទាំង​ឡាយ​របស់​គេ និង​ការ​ទាស់ទែង​គ្នា​ទាំង​ឡាយ​របស់​គេ និង​ការ​គ្រងរាជ្យ​នៃ​ស្ដេច​ទាំង​ឡាយ​របស់​គេ។

១៤ផ្ទាំង​ទាំង​នេះ​ហៅ​ថា ផ្ទាំង​យ៉ាកុប គឺ​បាន​ធ្វើ​ដោយ​ដៃ​នីហ្វៃ។ ហើយ​ខ្ញុំ​សូម​បញ្ចប់​នូវ​ការ​និយាយ​ពាក្យ​ទាំង​នេះ​ត្រឹម​នេះ​សិន​ចុះ៕