ជំពូកទី ៣
អ្នកដែលមានចិត្តបរិសុទ្ធ ទទួលព្រះបន្ទូលដ៏ផ្អែមល្ហែមនៃព្រះ — សេចក្ដីសុចរិតនៃពួកសាសន៍លេមិន ខ្ពស់ជាងសេចក្ដីសុចរិតនៃពួកសាសន៍នីហ្វៃ — យ៉ាកុបព្រមានទាស់នឹងការកំផិត ការអាសអាភាស និងអំពើបាបគ្រប់បែបយ៉ាង។ ប្រមាណជាឆ្នាំ ៥៤៤–៤២១ ម.គ.ស.។
១ប៉ុន្តែមើលចុះ ខ្ញុំ យ៉ាកុប ចង់និយាយទៅកាន់អ្នកទាំងឡាយ ដែលមានចិត្តបរិសុទ្ធ។ ចូរមើលទៅព្រះ ដោយមានគំនិតរឹងប៉ឹង ហើយអធិស្ឋានដល់ព្រះអង្គ ដោយមានសេចក្ដីជំនឿដ៏លើសលប់ នោះទ្រង់នឹងលួងលោមដល់អ្នក ក្នុងគ្រាដែលអ្នកមានទុក្ខលំបាក ហើយទ្រង់នឹងអង្វរដើម្បីប្រយោជន៍របស់អ្នក ហើយនឹងទម្លាក់សេចក្ដីយុត្តិធម៌មកធ្វើទោសពួកអ្នកណាដែលស្វែងរកបំផ្លាញអ្នក។
២ឱអ្នកដែលមានចិត្តបរិសុទ្ធទាំងអស់គ្នាអើយ ចូរងើបក្បាលឡើង ហើយទទួលព្រះបន្ទូលដ៏ផ្អែមល្ហែមនៃព្រះ ហើយទទួលទាននូវសេចក្ដីស្រឡាញ់របស់ទ្រង់ចុះ ព្រោះបើសិនជាអ្នកមានគំនិតរឹងប៉ឹង នោះអ្នកនឹងបានទទួលការណ៍ទាំងនេះដរាបតទៅ។
៣ប៉ុន្តែ វេទនា វេទនា ដល់អ្នកណាដែលមិនមានចិត្តបរិសុទ្ធ ដែលជាមនុស្សស្មោកគ្រោកនៅចំពោះព្រះនៅថ្ងៃនេះ ត្បិតលើកលែងតែអ្នកប្រែចិត្ត នោះដែនដីនេះនឹងត្រូវបណ្ដាសាពីព្រោះតែអ្នក ឯពួកសាសន៍លេមិន ដែលមិនស្មោកគ្រោកដូចអ្នក ទោះជាយ៉ាងណាក៏ដោយ គង់តែពួកគេត្រូវបណ្ដាសាដ៏ធ្ងន់ដែរ គឺពួកគេនឹងវាយអ្នក រហូតដល់សេចក្ដីបំផ្លិចបំផ្លាញបង់។
៤ហើយពេលនោះនឹងមកដល់យ៉ាងឆាប់ៗ ហើយលើកលែងតែអ្នកប្រែចិត្ត នោះពួកគេនឹងបានដែនដីកេរ្តិ៍អាកររបស់អ្នក ហើយព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងនាំពួកអ្នកសុចរិតចេញពីចំណោមពួកអ្នក។
៥មើលចុះ ពួកសាសន៍លេមិន ជាបងប្អូនរបស់អ្នក ដែលអ្នករាល់គ្នាស្អប់ ពីព្រោះតែការស្មោកគ្រោករបស់ពួកគេ និងបណ្ដាសាដែលបានឆ្លាក់មកលើស្បែករបស់ពួកគេ នោះពួកគេសុចរិតលើសពួកអ្នកវិញ ព្រោះពួកគេពុំទាន់ភ្លេចព្រះបញ្ញត្តិនៃព្រះអម្ចាស់ ដែលបានប្រទានដល់ឪពុករបស់យើងឡើយ — ដែលថាពួកគេត្រូវមានប្រពន្ធតែមួយប៉ុណ្ណោះ ហើយឯពួកស្រីស្នំក៏ពួកគេមិនត្រូវមានសោះ ហើយពុំត្រូវប្រព្រឹត្តអំពើសហាយស្មន់ទាំងឡាយនៅក្នុងចំណោមពួកគេឡើយដែរ។
៦ហើយឥឡូវនេះ ព្រះបញ្ញត្តិនេះ ពួកគេប្រតិបត្តិតាម ហេតុដូច្នោះហើយ ដោយសារការគោរពតាមនេះ គឺក្នុងការកាន់តាមព្រះបញ្ញត្តិនេះ បានជាព្រះអម្ចាស់ដ៏ជាព្រះទ្រង់ពុំបំផ្លាញពួកគេចោល តែទ្រង់នឹងមេត្តាករុណាដល់ពួកគេវិញ ហើយនៅថ្ងៃណាមួយ ពួកគេនឹងក្លាយទៅជាប្រជាជនមួយដ៏មានពរ។
៧មើលចុះ ពួកប្ដីៗរបស់គេស្រឡាញ់ប្រពន្ធរបស់ខ្លួន ឯពួកប្រពន្ធៗរបស់គេស្រឡាញ់ប្ដីរបស់ខ្លួន ហើយប្ដីប្រពន្ធរបស់គេស្រឡាញ់កូនៗរបស់ខ្លួន ឯការឥតជំនឿរបស់ពួកគេ និងការស្អប់របស់ពួកគេចំពោះអ្នកនោះ គឺមកពីអំពើទុច្ចរិតរបស់ពួកអយ្យកោគេទេតើ ហេតុដូច្នោះហើយ ចុះតើអ្នករាល់គ្នាគ្រាន់បើជាងពួកគេប៉ុណ្ណាទៅ នៅចំពោះព្រះនេត្រនៃព្រះដ៏មហិមា ដែលបង្កើតអ្នកមកនោះ?
៨ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ លើកលែងតែអ្នករាល់គ្នាប្រែចិត្តពីអំពើបាបទាំងឡាយរបស់អ្នក បើពុំនោះសោតទេ ខ្ញុំខ្លាចតែស្បែករបស់ពួកគេ នឹងសជាងស្បែករបស់អ្នករួចទៅហើយ ក្នុងកាលអ្នកត្រូវបាននាំទៅជាមួយពួកគេនៅចំពោះបល្ល័ង្កនៃព្រះ។
៩ហេតុដូច្នោះហើយ ខ្ញុំសូមប្រគល់ដល់អ្នកនូវព្រះបញ្ញត្តិមួយ ដែលជាព្រះបន្ទូលនៃព្រះ គឺចូរអ្នករាល់គ្នាកុំជេរប្រមាថពួកគេ ពីព្រោះតែស្បែកខ្មៅរបស់គេនោះឡើយ ហើយចូរអ្នកកុំជេរប្រមាថពួកគេ ពីព្រោះតែសេចក្ដីស្មោកគ្រោករបស់ពួកគេដែរ ប៉ុន្តែអ្នករាល់គ្នាត្រូវនឹកចាំពីសេចក្ដីស្មោកគ្រោករបស់ខ្លួនវិញ ហើយចូរនឹកចាំថា សេចក្ដីស្មោកគ្រោករបស់ពួកគេ គឺមានមកពីព្រោះតែពួកអយ្យកោគេទេតើ។
១០ហេតុដូច្នោះហើយ ចូរអ្នករាល់គ្នាត្រូវនឹកឃើញដល់កូនចៅរបស់អ្នកវិញពីរបៀបដែលអ្នកបានធ្វើឲ្យកូនចៅអ្នកកើតទុក្ខយ៉ាងណាទៅ ដោយសារតែគំរូដែលអ្នកបានធ្វើឲ្យគេមើល ហើយក៏ចូរនឹកឃើញថា ពីព្រោះតែសេចក្ដីស្មោកគ្រោករបស់អ្នក នោះអ្នកអាចនាំកូនចៅរបស់អ្នកទៅរកការបំផ្លិចបំផ្លាញ ហើយអំពើបាបទាំងឡាយរបស់គេ នឹងគរលើក្បាលអ្នកនៅគ្រាចុងក្រោយបង្អស់វិញ។
១១ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ ចូរប្រុងស្ដាប់តាមពាក្យសម្ដីរបស់ខ្ញុំចុះ ចូរដាស់សមត្ថភាពទាំងឡាយនៃព្រលឹងអ្នកឲ្យភ្ញាក់ឡើង ចូររលាស់ខ្លួនឲ្យភ្ញាក់ពីដំណេកដ៏យូរអង្វែងនៃសេចក្ដីស្លាប់ ហើយចូរដោះខ្លួនចេញពីការឈឺចាប់នៃស្ថាននរក ដើម្បីកុំឲ្យខ្លួនអ្នករាល់គ្នាអាចក្លាយទៅជាពួកទេវតារបស់អារក្ស ដែលនឹងត្រូវបោះទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រនោះ គឺជាសេចក្ដីស្លាប់ទីពីរឡើយ។
១២ហើយឥឡូវនេះ ខ្ញុំ យ៉ាកុប បាននិយាយជាច្រើនការណ៍ទៀតទៅប្រជាជននីហ្វៃ ហាមកុំឲ្យគេប្រព្រឹត្តការកំផិត និងការអាសអាភាស និងអំពើបាបគ្រប់យ៉ាងឡើយ ដោយបានប្រាប់គេនូវផលដ៏ធ្ងន់ធ្ងរនៃអំពើទាំងនេះ។
១៣ហើយមួយភាគរយនៃដំណើរការរបស់ប្រជាជននេះ គឺឥឡូវនេះ មានកាន់តែច្រើនឡើងៗ គឺមិនអាចយកមកកត់នៅលើផ្ទាំងទាំងនេះបានអស់ឡើយ ប៉ុន្តែដំណើរការរបស់គេជាច្រើនត្រូវបានកត់នៅលើផ្ទាំងធំ ទាំងសង្គ្រាមទាំងឡាយរបស់គេ និងការទាស់ទែងគ្នាទាំងឡាយរបស់គេ និងការគ្រងរាជ្យនៃស្ដេចទាំងឡាយរបស់គេ។
១៤ផ្ទាំងទាំងនេះហៅថា ផ្ទាំងយ៉ាកុប គឺបានធ្វើដោយដៃនីហ្វៃ។ ហើយខ្ញុំសូមបញ្ចប់នូវការនិយាយពាក្យទាំងនេះត្រឹមនេះសិនចុះ៕