ព្រះគម្ពីរ
ម៉ូសាយ 17


ជំពូក​ទី ១៧

អាលម៉ា​ជឿ ហើយ​កត់​ពាក្យ​សម្ដី​របស់​អ័ប៊ីណាដៃ​ទុក — អ័ប៊ីណាដៃ​ស្លាប់​ដោយ​ភ្លើង — លោក​ព្យាករ​អំពី​ជំងឺ និង​ការ​ស្លាប់​ដោយ​ភ្លើង ដែល​នឹង​កើត​ឡើង​ដល់​ឃាតករ​លើ​រូបលោក។ ប្រមាណ​ជា​ឆ្នាំ ១៤៨ ម.គ.ស.។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាលដែល​អ័ប៊ីណាដៃ​បាន​និយាយ​ពាក្យ​ទាំង​នេះ​ចប់​ហើយ នោះ​ស្ដេច​ក៏​បញ្ជា​ឲ្យ​ពួក​សង្ឃ​នាំ​លោក​យក​ទៅ ហើយ​បញ្ជា​ឲ្យ​គេ​សម្លាប់​លោក​ចោល។

ប៉ុន្តែ​នៅ​ក្នុង​ចំណោម​ពួក​នោះ មាន​មនុស្ស​ម្នាក់​ឈ្មោះ អាលម៉ា ជា​ពូជ​ពង្ស​របស់​នីហ្វៃ​ដែរ។ ហើយ​លោក​ជា​អ្នក​កំលោះ​មួយ​រូប ហើយ​លោក​បាន​ជឿ​ដល់​ពាក្យ​សម្ដី​ដែល​អ័ប៊ីណាដៃ​បាន​និយាយ ព្រោះ​លោក​បាន​ស្គាល់​នូវ​អំពើ​ទុច្ចរិត ដែល​អ័ប៊ីណាដៃ​បាន​បរិហារ​ទាស់​នឹង​ពួក​នោះ ហេតុ​ដូច្នេះ​ហើយ លោក​បាន​ចាប់​ផ្ដើម​សូម​អង្វរ​ដល់​ស្ដេច សូម​កុំ​ឲ្យ​ទ្រង់​ខ្ញាល់​នឹង​អ័ប៊ីណាដៃ ប៉ុន្តែ​សូម​ទុក​ឲ្យ​លោក​ចេញ​ទៅ​ដោយ​សេចក្ដី​សុខ។

ប៉ុន្តែ​ស្ដេច​កាន់តែ​ខ្ញាល់​ឡើង ហើយ​បាន​បញ្ជា​ឲ្យ​បណ្ដេញ​អាលម៉ា​ចេញ​ពី​ពួក​គេ ព្រម​ទាំង​បញ្ជា​ឲ្យ​ពួក​អ្នក​បម្រើ​ដេញ​តាម​លោក ដើម្បី​គេ​អាច​សម្លាប់​លោក​ចោល។

ប៉ុន្តែ​លោក​បាន​រត់គេច​ពី​ពួក​គេ​ផុត ហើយ​បាន​លាក់​ខ្លួន​មិន​ឲ្យ​ពួក​គេ​រក​ឃើញ។ ហើយ​ដោយ​លោក​បាន​ពួន​អស់​ជា​ច្រើន​ថ្ងៃ​មក នោះ​លោក​បាន​កត់ត្រា​នូវ​អស់​ទាំង​ពាក្យ​ដែល​អ័ប៊ីណាដៃ​បាន​និយាយ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ស្ដេច​បាន​បញ្ជា​ឲ្យ​ពួក​អ្នក​យាម​ទ្រង់​ហ៊ុម​ព័ទ្ធ​ចាប់​អ័ប៊ីណាដៃ ហើយ​ពួក​គេ​ចង​លោក ហើយ​ឃុំ​លោក​ទុក​ក្នុង​គុក។

ហើយ​បី​ថ្ងៃ​ក្រោយ​មក បន្ទាប់​ពី​បាន​ពិភាក្សា​គ្នា​ជាមួយ​នឹង​ពួក​សង្ឃ​របស់​ទ្រង់ នោះ​ស្ដេច​បាន​បញ្ជា​ឲ្យ​គេ​នាំ​អ័ប៊ីណាដៃ​មក​គាល់​ទ្រង់​ទៀត។

ហើយ​ស្ដេច​មាន​បន្ទូល​ទៅ​កាន់​លោក​ថា ៖ អ័ប៊ីណាដៃ​អើយ យើង​បាន​រក​ឃើញ​ការ​ចោទប្រកាន់​ទោស​លើ​រូប​អ្នក​ហើយ ហើយ​អ្នក​ត្រូវ​មាន​ទោស​ដល់​ស្លាប់។

ព្រោះ​អ្នក​បាន​និយាយ​ថា ព្រះ​អង្គ​ទ្រង់​ផ្ទាល់​នឹង​យាង​ចុះ​មក​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស ហើយ​ឥឡូវ​នេះ មក​ពី​ហេតុ​នេះ​ហើយ អ្នក​នឹង​ត្រូវ​ទទួល​ទោស​ដល់​ជីវិត លើក​លែងតែ​អ្នក​ដក​យក​អស់​ទាំង​ពាក្យ​ដែល​អ្នក​បាន​និយាយ​អាក្រក់​អំពី​យើង និង​ប្រជាជន​របស់​យើង​ចេញ។

ឥឡូវ​នេះ អ័ប៊ីណាដៃ​បាន​ទូល​ទៅ​កាន់​ស្ដេច​ថា ៖ ទូលបង្គំ​សូម​ទូល​ទៅ​កាន់​ទ្រង់ ទូលបង្គំ​នឹង​ពុំ​ដក​យក​ពាក្យ​សម្ដី​ដែល​ទូលបង្គំ​បាន​និយាយ​អំពី​ប្រជាជន​នេះ​វិញ​ទេ ព្រោះ​ពាក្យ​ទាំង​នោះ​ពិត ហើយ​ដើម្បី​ឲ្យ​ទ្រង់​ជ្រាប​នូវ​ភាព​ពិត​នៃ​ពាក្យ​ទាំង​នេះ នោះ​ទូលបង្គំ​សុខ​ចិត្ត​ឲ្យ​រូប​ទូលបង្គំ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ទ្រង់​ចុះ។

១០មែន​ហើយ ទូលបង្គំ​នឹង​ស៊ូទ្រាំ​រហូត​ដល់​ស្លាប់ ហើយ​ទូលបង្គំ​នឹង​ពុំ​ដក​យក​ពាក្យ​សម្ដី​របស់​ទូលបង្គំ​វិញ​ឡើយ ហើយ​ពាក្យ​ទាំង​នោះ​នឹង​ឈរ​ជាទី​បន្ទាល់​ទាស់​នឹង​ទ្រង់។ ហើយ​បើ​សិន​ជា​ទ្រង់​សម្លាប់​ទូលបង្គំ គឺ​ទ្រង់​នឹង​កំចាយ​ឈាម​ជន​ឥត​ទោស ហើយ​នេះ​ក៏​នឹង​ឈរ​ជាទី​បន្ទាល់​មួយ​ទៀត ទាស់​នឹង​ទ្រង់​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់​ដែរ។

១១ហើយ​ឥឡូវ​នេះ ស្ដេច​ណូអេ​បម្រុង​នឹង​ដោះ​លែង​លោក​ទៅ​ហើយ ព្រោះ​ទ្រង់​ខ្លាច​ដល់​ពាក្យ​សម្ដី​របស់​លោក ហើយ​ទ្រង់​ខ្លាច​ក្រែង​សេចក្ដី​ជំនុំ​ជំរះ​ទាំង​ឡាយ​នៃ​ព្រះ​នឹង​ធ្លាក់​មក​លើ​រូប​ទ្រង់​មែន។

១២ប៉ុន្តែ​ពួក​សង្ឃ​បាន​ស្រែក​ឡើង​ទាស់​នឹង​លោក ហើយ​បាន​ចាប់​ផ្ដើម​ចោទប្រកាន់​ដល់​លោក​ថា ៖ លោក​បាន​ជេរប្រមាថ​ស្ដេច។ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​ចាក់​រុក​ឲ្យ​ស្ដេច​កាន់តែ​ខ្ញាល់​ឡើង​យ៉ាង​ខ្លាំង ទើប​ទ្រង់​បាន​បញ្ជា​ឲ្យ​គេ​យក​លោក​ទៅ​សម្លាប់​ចោល។

១៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា គេ​បាន​ចាប់​ចង​លោក ហើយ​យក​អង្កត់​ឧស​មក​ដុត​ស្បែក​លោក មែន​ហើយ គឺ​គេ​បាន​ដុត​លោក​ដល់​ស្លាប់។

១៤ហើយ​ឥឡូវ​នេះ នៅ​ពេល​អណ្ដាត​ភ្លើង​ឆាបឆេះ​ដល់​ខ្លួន​លោក នោះ​លោក​បាន​ស្រែក​ទៅ​កាន់​ពួក​គេ​ថា ៖

១៥មើល​ចុះ គឺ​ដូចដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​មក​លើ​រូប​ខ្ញុំ​យ៉ាង​ណា នោះ​ពូជ​របស់​អ្នក​នឹង​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន ត្រូវ​រង​ការ​ឈឺ​ចាប់​ដូច​ជា​ខ្ញុំ​រង​ទុក្ខ​យ៉ាង​នោះ​ដែរ គឺជា​ការ​ឈឺ​ចាប់​នៃ​សេចក្ដី​ស្លាប់​ដោយ​ភ្លើង ហើយ​នេះ​គឺ​មក​ពី​គេ​ជឿ​ដល់​សេចក្ដី​សង្គ្រោះ​នៃ​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​គេ។

១៦ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​រង​ទុក្ខ​លំបាក ដោយ​ជំងឺ​គ្រប់​ប្រភេទ​មក​ពី​អំពើ​ទុច្ចរិត​ទាំង​ឡាយ​របស់​អ្នក។

១៧មែន​ហើយ ហើយ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វាយ​ពី​គ្រប់​ទិសទី ហើយ​នឹង​ត្រូវ​គេ​ដេញ​ខ្ចាត់ខ្ចាយ​ទៅ​វិញ​ទៅ​មក គឺ​ដូច​ជា​ហ្វូង​ចៀម​ព្រៃ ដែល​ត្រូវ​សត្វ​កាច​សាហាវ​ដេញ។

១៨ហើយ​នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​គេ​ដេញ​ចាប់ ហើយ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​អ្នក ហើយ​ខណៈ​នោះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​រង​ទុក្ខ ដូច​ជា​ខ្ញុំ​រង​ទុក្ខ​ដែរ គឺជា​ការ​ឈឺ​ចាប់​នៃ​សេចក្ដី​ស្លាប់​ដោយ​ភ្លើង។

១៩ព្រះ​ទ្រង់​នឹង​សងសឹក​ដល់​អស់​អ្នក​ណា​ដែល​បាន​បំផ្លាញ​រាស្ត្រ​ទ្រង់​យ៉ាង​ដូច្នោះ​ឯង។ ឱ​ព្រះ​អង្គ​អើយ សូម​ព្រះ​អង្គ​ទទួល​យក​ព្រលឹង​របស់​ទូលបង្គំ​ផង។

២០ហើយ​ឥឡូវ​នេះ កាល​អ័ប៊ីណាដៃ​បាន​ពោល​នូវ​ពាក្យ​ទាំង​នេះ​ហើយ នោះ​លោក​ក៏​ដួល​ចុះ ដោយ​រង​ទុក្ខ​ដល់​ស្លាប់​ដោយ​ភ្លើង​ឆេះ មែន​ហើយ លោក​ត្រូវ​គេ​សម្លាប់ ពី​ព្រោះ​តែ​លោក​ពុំ​ព្រម​បដិសេធ​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ហើយ​បាន​បិទ​ត្រា​នូវ​ការ​ពិត​នៃ​ពាក្យ​សម្ដី​របស់​ខ្លួន​ដោយ​សេចក្ដី​ស្លាប់​របស់​លោក៕