ជំពូកទី ១៧
អាលម៉ាជឿ ហើយកត់ពាក្យសម្ដីរបស់អ័ប៊ីណាដៃទុក — អ័ប៊ីណាដៃស្លាប់ដោយភ្លើង — លោកព្យាករអំពីជំងឺ និងការស្លាប់ដោយភ្លើង ដែលនឹងកើតឡើងដល់ឃាតករលើរូបលោក។ ប្រមាណជាឆ្នាំ ១៤៨ ម.គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលដែលអ័ប៊ីណាដៃបាននិយាយពាក្យទាំងនេះចប់ហើយ នោះស្ដេចក៏បញ្ជាឲ្យពួកសង្ឃនាំលោកយកទៅ ហើយបញ្ជាឲ្យគេសម្លាប់លោកចោល។
២ប៉ុន្តែនៅក្នុងចំណោមពួកនោះ មានមនុស្សម្នាក់ឈ្មោះ អាលម៉ា ជាពូជពង្សរបស់នីហ្វៃដែរ។ ហើយលោកជាអ្នកកំលោះមួយរូប ហើយលោកបានជឿដល់ពាក្យសម្ដីដែលអ័ប៊ីណាដៃបាននិយាយ ព្រោះលោកបានស្គាល់នូវអំពើទុច្ចរិត ដែលអ័ប៊ីណាដៃបានបរិហារទាស់នឹងពួកនោះ ហេតុដូច្នេះហើយ លោកបានចាប់ផ្ដើមសូមអង្វរដល់ស្ដេច សូមកុំឲ្យទ្រង់ខ្ញាល់នឹងអ័ប៊ីណាដៃ ប៉ុន្តែសូមទុកឲ្យលោកចេញទៅដោយសេចក្ដីសុខ។
៣ប៉ុន្តែស្ដេចកាន់តែខ្ញាល់ឡើង ហើយបានបញ្ជាឲ្យបណ្ដេញអាលម៉ាចេញពីពួកគេ ព្រមទាំងបញ្ជាឲ្យពួកអ្នកបម្រើដេញតាមលោក ដើម្បីគេអាចសម្លាប់លោកចោល។
៤ប៉ុន្តែលោកបានរត់គេចពីពួកគេផុត ហើយបានលាក់ខ្លួនមិនឲ្យពួកគេរកឃើញ។ ហើយដោយលោកបានពួនអស់ជាច្រើនថ្ងៃមក នោះលោកបានកត់ត្រានូវអស់ទាំងពាក្យដែលអ័ប៊ីណាដៃបាននិយាយ។
៥ហើយហេតុការណ៍បានកើតឡើងថា ស្ដេចបានបញ្ជាឲ្យពួកអ្នកយាមទ្រង់ហ៊ុមព័ទ្ធចាប់អ័ប៊ីណាដៃ ហើយពួកគេចងលោក ហើយឃុំលោកទុកក្នុងគុក។
៦ហើយបីថ្ងៃក្រោយមក បន្ទាប់ពីបានពិភាក្សាគ្នាជាមួយនឹងពួកសង្ឃរបស់ទ្រង់ នោះស្ដេចបានបញ្ជាឲ្យគេនាំអ័ប៊ីណាដៃមកគាល់ទ្រង់ទៀត។
៧ហើយស្ដេចមានបន្ទូលទៅកាន់លោកថា ៖ អ័ប៊ីណាដៃអើយ យើងបានរកឃើញការចោទប្រកាន់ទោសលើរូបអ្នកហើយ ហើយអ្នកត្រូវមានទោសដល់ស្លាប់។
៨ព្រោះអ្នកបាននិយាយថា ព្រះអង្គទ្រង់ផ្ទាល់នឹងយាងចុះមកក្នុងចំណោមកូនចៅមនុស្ស ហើយឥឡូវនេះ មកពីហេតុនេះហើយ អ្នកនឹងត្រូវទទួលទោសដល់ជីវិត លើកលែងតែអ្នកដកយកអស់ទាំងពាក្យដែលអ្នកបាននិយាយអាក្រក់អំពីយើង និងប្រជាជនរបស់យើងចេញ។
៩ឥឡូវនេះ អ័ប៊ីណាដៃបានទូលទៅកាន់ស្ដេចថា ៖ ទូលបង្គំសូមទូលទៅកាន់ទ្រង់ ទូលបង្គំនឹងពុំដកយកពាក្យសម្ដីដែលទូលបង្គំបាននិយាយអំពីប្រជាជននេះវិញទេ ព្រោះពាក្យទាំងនោះពិត ហើយដើម្បីឲ្យទ្រង់ជ្រាបនូវភាពពិតនៃពាក្យទាំងនេះ នោះទូលបង្គំសុខចិត្តឲ្យរូបទូលបង្គំធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ទ្រង់ចុះ។
១០មែនហើយ ទូលបង្គំនឹងស៊ូទ្រាំរហូតដល់ស្លាប់ ហើយទូលបង្គំនឹងពុំដកយកពាក្យសម្ដីរបស់ទូលបង្គំវិញឡើយ ហើយពាក្យទាំងនោះនឹងឈរជាទីបន្ទាល់ទាស់នឹងទ្រង់។ ហើយបើសិនជាទ្រង់សម្លាប់ទូលបង្គំ គឺទ្រង់នឹងកំចាយឈាមជនឥតទោស ហើយនេះក៏នឹងឈរជាទីបន្ទាល់មួយទៀត ទាស់នឹងទ្រង់នៅថ្ងៃចុងក្រោយបង្អស់ដែរ។
១១ហើយឥឡូវនេះ ស្ដេចណូអេបម្រុងនឹងដោះលែងលោកទៅហើយ ព្រោះទ្រង់ខ្លាចដល់ពាក្យសម្ដីរបស់លោក ហើយទ្រង់ខ្លាចក្រែងសេចក្ដីជំនុំជំរះទាំងឡាយនៃព្រះនឹងធ្លាក់មកលើរូបទ្រង់មែន។
១២ប៉ុន្តែពួកសង្ឃបានស្រែកឡើងទាស់នឹងលោក ហើយបានចាប់ផ្ដើមចោទប្រកាន់ដល់លោកថា ៖ លោកបានជេរប្រមាថស្ដេច។ ហេតុដូច្នេះហើយ ពួកគេបានចាក់រុកឲ្យស្ដេចកាន់តែខ្ញាល់ឡើងយ៉ាងខ្លាំង ទើបទ្រង់បានបញ្ជាឲ្យគេយកលោកទៅសម្លាប់ចោល។
១៣ហើយហេតុការណ៍បានកើតឡើងថា គេបានចាប់ចងលោក ហើយយកអង្កត់ឧសមកដុតស្បែកលោក មែនហើយ គឺគេបានដុតលោកដល់ស្លាប់។
១៤ហើយឥឡូវនេះ នៅពេលអណ្ដាតភ្លើងឆាបឆេះដល់ខ្លួនលោក នោះលោកបានស្រែកទៅកាន់ពួកគេថា ៖
១៥មើលចុះ គឺដូចដែលអ្នករាល់គ្នាបានធ្វើមកលើរូបខ្ញុំយ៉ាងណា នោះពូជរបស់អ្នកនឹងបណ្ដាលឲ្យមនុស្សជាច្រើន ត្រូវរងការឈឺចាប់ដូចជាខ្ញុំរងទុក្ខយ៉ាងនោះដែរ គឺជាការឈឺចាប់នៃសេចក្ដីស្លាប់ដោយភ្លើង ហើយនេះគឺមកពីគេជឿដល់សេចក្ដីសង្គ្រោះនៃព្រះអម្ចាស់ ជាព្រះរបស់គេ។
១៦ហើយហេតុការណ៍នឹងកើតឡើងថា អ្នករាល់គ្នានឹងត្រូវរងទុក្ខលំបាក ដោយជំងឺគ្រប់ប្រភេទមកពីអំពើទុច្ចរិតទាំងឡាយរបស់អ្នក។
១៧មែនហើយ ហើយអ្នករាល់គ្នានឹងត្រូវវាយពីគ្រប់ទិសទី ហើយនឹងត្រូវគេដេញខ្ចាត់ខ្ចាយទៅវិញទៅមក គឺដូចជាហ្វូងចៀមព្រៃ ដែលត្រូវសត្វកាចសាហាវដេញ។
១៨ហើយនៅថ្ងៃនោះ អ្នករាល់គ្នានឹងត្រូវគេដេញចាប់ ហើយអ្នករាល់គ្នានឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវអ្នក ហើយខណៈនោះ អ្នករាល់គ្នានឹងត្រូវរងទុក្ខ ដូចជាខ្ញុំរងទុក្ខដែរ គឺជាការឈឺចាប់នៃសេចក្ដីស្លាប់ដោយភ្លើង។
១៩ព្រះទ្រង់នឹងសងសឹកដល់អស់អ្នកណាដែលបានបំផ្លាញរាស្ត្រទ្រង់យ៉ាងដូច្នោះឯង។ ឱព្រះអង្គអើយ សូមព្រះអង្គទទួលយកព្រលឹងរបស់ទូលបង្គំផង។
២០ហើយឥឡូវនេះ កាលអ័ប៊ីណាដៃបានពោលនូវពាក្យទាំងនេះហើយ នោះលោកក៏ដួលចុះ ដោយរងទុក្ខដល់ស្លាប់ដោយភ្លើងឆេះ មែនហើយ លោកត្រូវគេសម្លាប់ ពីព្រោះតែលោកពុំព្រមបដិសេធព្រះបញ្ញត្តិទាំងឡាយនៃព្រះ ហើយបានបិទត្រានូវការពិតនៃពាក្យសម្ដីរបស់ខ្លួនដោយសេចក្ដីស្លាប់របស់លោក៕