ព្រះគម្ពីរ
ម៉ូសាយ 20


ជំពូក​ទី ២០

ពួក​កូន​ស្រី​ខ្លះ​របស់​ពួក​លេមិន​ត្រូវ​ពួក​សង្ឃ​របស់​ស្ដេច​ណូអេ​ចាប់​យក — ពួក​សាសន៍​លេមិន​ធ្វើ​សង្គ្រាម​មក​លើ​លិមហៃ និង​ប្រជាជន​របស់​ទ្រង់ — ពួក​ពល​ទ័ព​លេមិន​ត្រូវ​បាន​វាយ​ច្រាន​ទៅ​វិញ ហើយ​ត្រូវ​បាន​ធ្វើ​ឲ្យ​បាត់​ខឹង។ ប្រមាណ​ជា​ឆ្នាំ ១៤៥–១២៣ ម.គ.ស.។

ឥឡូវ​នេះ មាន​កន្លែង​មួយ​នៅ​ដែនដី​សេមឡុន ដែល​ពួក​កូន​ស្រី​របស់​ពួក​លេមិន​បាន​ទៅ​ជួបជុំ​គ្នា​ដើម្បី​ច្រៀង​រាំ ហើយ​លេង​សប្បាយ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មាន​ថ្ងៃ​មួយ ពួក​គេ​មួយ​ចំនួន​តូច​បាន​មក​ជួបជុំ​គ្នា ដើម្បី​ច្រៀង​រាំ​លេង។

ហើយ​ឥឡូវ​នេះ ពួក​សង្ឃ​របស់​ស្ដេច​ណូអេ ដោយ​មក​ពី​អៀនខ្មាស ទើប​ពុំ​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​នីហ្វៃ​វិញ​ទេ មែន​ហើយ ហើយ​ក៏​ខ្លាច​ប្រជាជន​សម្លាប់​ពួក​គេ​ចោល​ផង ហេតុ​ដូច្នេះ​ហើយ ទើប​ពួក​គេ​ពុំ​ហ៊ាន​ត្រឡប់​ទៅ​ជួប​ប្រពន្ធ​គេ និង​កូន​ចៅ​គេ​វិញ​ឡើយ។

ហើយ​នៅ​ពេល​ដែល​ពួន​នៅ​ក្នុង​ទី​រហោស្ថាន ហើយ​កាល​បាន​ប្រទះ​ឃើញ​ពួក​កូន​ក្រមុំ​របស់​ពួក​លេមិន នោះ​ពួក​គេ​បាន​លប​មើល​ពួក​កូន​ក្រមុំ​ទាំង​នោះ

ហើយ​កាល​មាន​ពួក​កូន​ក្រមុំ​មួយ​ចំនួន​តូច​មក​ជួប​ជុំ​គ្នា​រាំ នោះ​ពួក​គេ​ក៏​ចេញ​មក​ពី​ទី​សម្ងាត់​របស់​គេ ហើយ​ចាប់​យក​ពួក​កូន​ក្រមុំ​ទាំង​នោះ ហើយ​នាំ​គេ​ទៅ​ក្នុង​ទី​រហោស្ថាន មែន​ហើយ ពួក​គេ​បាន​នាំ​យក​កូន​ក្រមុំ​នៃ​ពួក​លេមិន​ចំនួន​ម្ភៃ​បួន​នាក់​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពេល​ដែល​ពួក​លេមិន​ដឹង​ថា កូន​ក្រមុំ​របស់​គេ​បាត់​ខ្លួន​ទៅ ពួក​គេ​ក៏​ខឹង​នឹង​ប្រជាជន​របស់​លិមហៃ ព្រោះ​គេ​គិត​ស្មាន​ថា ប្រជាជន​របស់​លិមហៃ​បាន​ធ្វើ​ការ​នេះ។

ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​ចាត់​ឲ្យ​ពល​ទ័ព​របស់​គេ​ចេញ​ទៅ មែន​ហើយ សូម្បីតែ​ស្ដេច​ផ្ទាល់​ក៏​បាន​ចេញ​នាំ​មុខ​ប្រជាជន​ទ្រង់​ដែរ ហើយ​ពួក​គេ​ឡើង​ទៅ​ដែនដី​នីហ្វៃ ដើម្បី​ទៅ​បំផ្លាញ​ប្រជាជន​របស់​លិមហៃ​ចោល។

ហើយ​ឥឡូវ​នេះ លិមហៃ​បាន​ទត​ឃើញ​ពួក​គេ​ពីលើ​ប៉ម ទ្រង់​ថែម​ទាំង​ទត​ឃើញ​ពី​ការ​រៀបចំ​ធ្វើ​សង្គ្រាម​របស់​គេ​ផង ហេតុ​ដូច្នេះ​ហើយ ទ្រង់​បាន​ប្រជុំ​ប្រជាជន​ទ្រង់ ហើយ​បាន​បង្កប់​ចាំ​ពួក​គេ​នៅ​តាម​ទីវាល និង​នៅ​ក្នុង​ព្រៃ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​លេមិន​បាន​ឡើង​មក​ដល់ ស្រាប់​តែ​ពួក​កង​របស់​លិមហៃ​ចាប់​ផ្ដើម​សម្រុក​មក​លើ​ពួក​គេ​ចេញ​ពី​កន្លែង​បង្កប់​ខ្លួន ហើយ​ចាប់​ផ្ដើម​សម្លាប់​ពួក​គេ​ចោល។

១០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ការ​ប្រយុទ្ធ​បាន​ក្លាយ​ទៅ​ជា​សាហាវ​អស្ចារ្យ ព្រោះ​ពួក​គេ​ប្រយុទ្ធ​ដូច​ជា​សត្វ​សិង្ហ​ប្រយុទ្ធ​ដណ្ដើម​ចំណី។

១១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទ័ព​របស់​លិមហៃ​បាន​ចាប់​ផ្ដើម​រុញច្រាន​ពួក​លេមិន​ឲ្យ​ថយ​ពី​គេ ទោះ​ជា​គេ​មាន​ចំនួន​តិច​ជាង​ពាក់​កណ្ដាល​នៃ​ចំនួន​ពួក​លេមិន​ក្ដី។ ប៉ុន្តែ​ពួក​គេ​បាន​ប្រយុទ្ធ​ដើម្បី​ជីវិត​គេ និង​ដើម្បី​ប្រពន្ធ​គេ និង​ដើម្បី​កូន​ចៅ​គេ ហេតុដូច្នេះ​ហើយ ទើប​ពួក​គេ​ខំ​ប្រឹង​យ៉ាង​អស់​ពី​សមត្ថ​ភាព ហើយ​គេ​បាន​ប្រយុទ្ធ​ដូច​ជា​សត្វ​នាគ​ច្បាំង​គ្នា។

១២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ឃើញ​ស្ដេច​នៃ​ពួក​លេមិន​នៅ​ក្នុង​ចំណោម​ពួក​មនុស្ស​ស្លាប់ តែ​ទ្រង់​មិន​បាន​ស្លាប់​ទេ គឺ​ដោយ​ត្រូវ​របួស ហើយ​ត្រូវ​ទុក​ចោល​នៅ​លើ​ដី ព្រោះ​ទ័ព​របស់​ទ្រង់​បាន​រត់​គេច​ចេញ​ទៅ​ដោយ​រហ័ស​ពេក។

១៣ហើយ​ពួក​គេ​បាន​យក​ទ្រង់ ហើយ​រុំ​របួស​ឲ្យ​ទ្រង់ ហើយ​នាំ​យក​ទ្រង់​ទៅ​គាល់​លិមហៃ ហើយ​ទូល​ថា ៖ ក្រាបទូល នេះ​គឺ​ស្ដេច​របស់​ពួក​លេមិន ទ្រង់​បាន​ត្រូវ​របួស ដួល​ចុះ​ក្នុង​ចំណោម​ពួក​ដែល​ស្លាប់ ហើយ​ពួក​គេ​បាន​ទុក​ទ្រង់​ចោល ហើយ​មើល​ចុះ យើង​ខ្ញុំ​បាន​នាំ​ទ្រង់​មក​គាល់​ទ្រង់ ហើយ​ឥឡូវ​នេះ ចូរ​យើង​សម្លាប់​ទ្រង់​ទៅ។

១៤តែ​លិមហៃ​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ​ថា ៖ អ្នក​រាល់​គ្នា​មិន​ត្រូវ​សម្លាប់​ទ្រង់​ទេ តែ​នាំ​ទ្រង់​មក​ទី​នេះ​វិញ​ដើម្បី​ឲ្យ​យើង​ឃើញ​ទ្រង់។ ហើយ​ពួក​គេ​ក៏​នាំ​ទ្រង់​មក ហើយ​លិមហៃ​មាន​បន្ទូល​ទៅ​កាន់​ទ្រង់​ថា ៖ ចុះ​តើ​ហេតុ​អ្វី​បាន​ជា​ទ្រង់​ឡើង​មក​ធ្វើ​សង្គ្រាម​នឹង​ប្រជាជន​យើង? មើល​ចុះ ប្រជាជន​របស់​យើង​ពុំ​បាន​បំពាន​លើ​ពាក្យ​សច្ចា ដែល​យើង​បាន​ធ្វើ​ជាមួយ​ទ្រង់​នោះ​ឡើយ ហេតុ​ដូច្នេះ​ហើយ តើ​ហេតុ​អ្វី​បាន​ជា​ទ្រង់​បំពាន​លើ​ពាក្យ​សច្ចា ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង​ប្រជាជន​យើង​វិញ?

១៥ហើយ​ឥឡូវ​នេះ ស្ដេច​មាន​បន្ទូល​ថា ៖ យើង​បាន​បំពាន​លើ​ពាក្យ​សច្ចា ពី​ព្រោះ​ប្រជាជន​របស់​ទ្រង់​បាន​ចាប់​យក​កូន​ក្រមុំ​របស់​ប្រជាជន​យើង​ទៅ ហេតុ​ដូច្នេះ​ហើយ នៅ​ក្នុង​កំហឹង​របស់​យើង នោះ​យើង​បាន​នាំ​ប្រជាជន​យើង​ឡើង​មក​ធ្វើ​សង្គ្រាម​នឹង​ប្រជាជន​ទ្រង់។

១៦ហើយ​ឥឡូវ​នេះ លិមហៃ​ពុំ​ដែល​បាន​ឮ​ពី​ការណ៍​នេះ​សោះ ហេតុ​ដូច្នេះ​ហើយ ទើប​ទ្រង់​មាន​បន្ទូល​ថា យើង​នឹង​ស៊ើបរក​ក្នុង​ចំណោម​ប្រជាជន​យើង ហើយ​អ្នក​ណា​បាន​ធ្វើ​ការណ៍​នេះ​នឹង​ត្រូវ​វិនាស។ ហេតុ​ដូច្នេះ​ហើយ ទ្រង់​បាន​ចាត់​ឲ្យ​ធ្វើ​ការ​ស៊ើបរក​ក្នុង​ចំណោម​ប្រជាជន​ទ្រង់។

១៧ឥឡូវ​នេះ កាល​គេឌាន​បាន​ឮ​រឿង​ទាំង​នេះ គឺ​លោក​ជា​មេទ័ព​ម្នាក់​របស់​ស្ដេច នោះ​លោក​បាន​ចេញ​មក ហើយ​ទូល​ស្ដេច​ថា ៖ សូម​ទ្រង់​មេត្តា ហើយ​សូម​កុំ​ស៊ើបរក​ក្នុង​ប្រជាជន​នេះ ហើយ​កុំ​យក​រឿង​នេះ​មក​ចោទប្រកាន់​ដល់​ពួក​គេ​ឡើយ។

១៨ត្បិត​តើ​ទ្រង់​មិន​ចាំ​ទេ​ឬ​ថា ពួក​សង្ឃ​របស់​បិតា​ទ្រង់ ដែល​ប្រជាជន​នេះ​រក​បំផ្លាញ​ចោល​នោះ? ហើយ​តើ​មិនមែន​ពួក​គេ​នោះ​នៅ​ក្នុង​ទី​រហោស្ថាន​ទេ​ឬ? ហើយ​តើ​មិនមែន​ពួក​គេ​នោះ ជា​អ្នក​លួច​យក​កូន​ក្រមុំ​ទាំង​ឡាយ​នៃ​ពួក​លេមិន​ទេ​ឬ​អី?

១៩ហើយ​ឥឡូវ​នេះ មើល​ចុះ សូម​ទ្រង់​ទូល​ដល់​ស្ដេច​នូវ​ការណ៍​ទាំង​នេះ ដើម្បី​ទ្រង់​អាច​ប្រាប់​ប្រជាជន​ទ្រង់​ដើម្បី​ឲ្យ​ពួក​គេ​បាត់​ខឹង​នឹង​យើង ត្បិត​មើល​ចុះ ពួក​គេ​បាន​រៀបចំ​ជាស្រេច ដើម្បី​មក​តតាំង​នឹង​យើង​ទៀត ហើយ​មើល​ចុះ យើង​ក៏​មាន​ចំនួន​តិច​ផង។

២០ហើយ​មើល​ចុះ គេ​មក​ដោយ​មាន​ពួក​ពល​ដ៏​ច្រើន ហើយ​លើក​លែង​ស្ដេច​នោះ​ធ្វើ​ឲ្យ​គេ​បាត់​ខឹង​នឹង​យើង នោះ​យើង​ច្បាស់​ជា​ត្រូវ​វិនាស​ជាមិនខាន​ឡើយ។

២១ត្បិត​តើ​មិនមែន​ពាក្យ​សម្ដី​របស់​អ័ប៊ីណាដៃ ត្រូវ​បាន​បំពេញ​ទេ​ឬ​អី ដែល​លោក​បាន​ព្យាករ​ទាស់​នឹង​យើង​នោះ — ហើយ​ការណ៍​អស់​ទាំង​នេះ ក៏​ពី​ព្រោះ​យើង​មិន​ព្រម​ស្ដាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់ ហើយ​បែរ​ចេញ​ពី​អំពើ​ទុច្ចរិត​ទាំង​ឡាយ​របស់​យើង​ឬ?

២២ហើយ​ឥឡូវ​នេះ ចូរ​យើង​សម្រុះសម្រួល​ជាមួយ​នឹង​ស្ដេច ហើយ​យើង​បំពេញ​នូវ​ពាក្យ​សច្ចា ដែល​យើង​បាន​ធ្វើ​ជាមួយ​នឹង​ទ្រង់ ត្បិត​បើ​យើង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​សេវក​ភាព នោះ​គ្រាន់បើ​ជាង​យើង​ត្រូវ​បាត់បង់​ជីវិត ហេតុ​ដូច្នេះ​ហើយ ចូរ​យើង​បញ្ចប់​ការ​ខ្ចាយ​ឈាម​ដ៏​ច្រើន​នេះ​ទៅ។

២៣ហើយ​ឥឡូវ​នេះ លិមហៃ​បាន​ទូល​ស្ដេច​នូវ​ការណ៍​ទាំង​អស់​អំពី​បិតា​ទ្រង់ និង​ពួក​សង្ឃ​ដែល​បាន​រត់​ភៀស​ខ្លួន​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន ហើយ​ទម្លាក់​ទោស​អំពី​ការ​ពង្រត់​កូន​ក្រមុំ​ទាំង​ឡាយ​នោះ​ទៅ​លើ​ពួក​គេ។

២៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ស្ដេច​ក៏​បាត់​ខឹង​នឹង​ប្រជាជន​របស់​លិមហៃ ហើយ​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​គេ​ថា ៖ ចូរ​ពួក​យើង​ចេញ​ទៅ​ជួប​នឹង​ប្រជាជន​យើង​ដោយ​មិនបាច់​យក​គ្រឿង​អាវុធ​ទៅ​ជា​មួយ​ទេ ហើយ​យើង​សច្ចា​នឹង​ទ្រង់​ថា ប្រជាជន​យើង​នឹង​ពុំ​សម្លាប់​ប្រជាជន​របស់​ទ្រង់​ឡើយ។

២៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ចេញ​ទៅ​តាម​ស្ដេច ហើយ​បាន​ចេញ​ទៅ​ជួប​ពួក​លេមិន​ដោយ​គ្មាន​អាវុធ​ជាប់​ទៅ​ជា​មួយ​ឡើយ។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ជួប​នឹង​ពួក​លេមិន ហើយ​ស្ដេច​របស់​ពួក​លេមិន​បាន​ក្រាប​ចំពោះ​ពួក​គេ ហើយ​បាន​ដោះ​សារ​ឲ្យ​ប្រជាជន​លិមហៃ។

២៦ហើយ​កាល​ពួក​លេមិន​បាន​ឃើញ​ប្រជាជន​លិមហៃ​ថា ពួក​គេ​គ្មាន​ប្រដាប់​អាវុធ​ឡើយ នោះ​ពួក​គេ​ក៏​មាន​ចិត្ត​មេត្តា​ដល់​ប្រជាជន​លិមហៃ ហើយ​បាត់​ខឹង​នឹង​ពួក​គេ​ដែរ ហើយ​ក៏​បាន​ត្រឡប់​ទៅ​ដែនដី​ខ្លួន​ជាមួយ​នឹង​ស្ដេច​របស់​គេ​វិញ​ដោយ​ក្ដី​សុខសាន្ត៕