ការត្រលប់មកផ្ទះវិញមុនការគ្រោងទុក
អ្នកនិពន្ធរស់នៅក្នុងរដ្ឋ អារីស្សូណា ស.រ.អា. ។
មានរបៀបជាច្រើនក្នុងការបន្តបម្រើព្រះអម្ចាស់ និងស្វែងយល់អំពីអត្ថន័យបន្ទាប់ពីការត្រលប់មកពីបេសកកម្មវិញលឿនមុនកំណត់ ។
ទាំងឪពុក និងម្តាយរបស់ខ្ញុំ បានបម្រើបេសកកម្ម ។ តាំងពីនៅក្មេង ខ្ញុំបានស្តាប់អំពីរឿងរ៉ាវបេសកកម្មរបស់ពួកគាត់ ហើយស្រមៃគិតដល់ថ្ងៃដែលខ្ញុំអាចបម្រើព្រះអម្ចាស់ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។
ការរៀបចំខ្លួនសម្រាប់បេសកកម្ម គឺជាពេលវេលាមួយដ៏មានតម្លៃបំផុតក្នុងជីវិតខ្ញុំ ។ ខ្ញុំខិតចូលកាន់តែជិតព្រះអម្ចាស់ជាងមុន ។ ខ្ញុំបានទទួលការហៅបម្រើបេសកកម្មរបស់ខ្ញុំទៅបេសកកម្ម ប៊ុយដាប៉ែស ហុងគ្រី ហើយបានចូលមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនា ( អិម. ធី. ស៊ី. ) ដោយបានតាំងចិត្តថា ថ្វាយអ្វីៗទាំងអស់របស់ខ្ញុំទៅព្រះវរបិតាសួគ៌ ។
ការនៅ អិម. ធី. ស៊ី. គឺជាបទពិសោធន៍ខាងវិញ្ញាណដ៏អស្ចារ្យសម្រាប់ខ្ញុំ ។ ពេលខ្ញុំខិតកាន់តែជិតព្រះអម្ចាស់ ខ្ញុំបានអធិស្ឋានដោយស្មោះសថា ខ្ញុំមានឆន្ទៈធ្វើអ្វីគ្រប់យ៉ាង ដែលទ្រង់សុំ ហើយសន្យាថា ខ្ញុំនឹងស្រឡាញ់ប្រជាជនហុងគ្រីឲ្យអស់ពីដួងចិត្តខ្ញុំ ។
នៅជិតចុងបញ្ចប់នៃបទពិសោធន៍នៅ អិម. ធី. ស៊ី. ខ្ញុំបានឈឺ ។ បន្ទាប់ពីសម្រាកនៅផ្ទះមួយរយៈពេលខ្លីដើម្បីឲ្យស្រួលខ្លួនឡើងវិញមក ខ្ញុំបានទទួលឱកាសដើម្បីបន្តបេសកកម្មរបស់ខ្ញុំទៅប្រទេសហុងគ្រី ។ ខ្ញុំបានដាក់ឲ្យធ្វើជាដៃគូនឹងស៊ិស្ទើរ សាន់ស្សាញ ណេស្តូរ ជាអ្នកបំពាក់បំប៉នដ៏អស្ចារ្យ ដែលបានបង្រៀនខ្ញុំអំពីរបៀបទទួលស្គាល់សេចក្តីមេត្តាករុណាដ៏ទន់ភ្លន់ និងអព្ហូតហេតុពីព្រះអម្ចាស់រៀងរាល់ថ្ងៃ ។
ពីរបីខែក្រោយមក ខ្ញុំបានធ្លាក់ខ្លួនឈឺម្តងទៀត ។ ទោះបីជាស៊ិស្ទើរ ណេស្តូរ និងខ្ញុំបានបន្តខិតខំធ្វើការអស់ពីសមត្ថភាពក្តីខ្ញុំត្រូវត្រឡប់ទៅផ្ទះវិញម្តងទៀត ។
ក្នុងចិត្តខ្ញុំ បានគិតថា ខ្ញុំបានធ្វើឲ្យព្រះអម្ចាស់ខកព្រះទ័យដោយសារខ្ញុំពុំបានបម្រើបេសកកម្ម « ពេញលេញ » ។ ខ្ញុំបានជឿថា នៅតែមានជនជាតិហុងគ្រីដែលខ្ញុំ « គប្បី » បង្រៀនប្រសិនបើខ្ញុំពុំឈឺនោះ ។ ខ្ញុំបានឆ្ងល់ថា តើខ្ញុំគ្មានសេចក្តីជំនឿគ្រប់គ្រាន់ដើម្បីបានជាសះស្បើយឬ ព្រោះព្រះអម្ចាស់ការពារអ្នកផ្សព្វផ្សាយសាសនារបស់ទ្រង់ ។ ខ្ញុំ ពុំធ្លាប់ ចាត់ទុកថា ការលះបង់របស់ខ្ញុំចំពោះព្រះអម្ចាស់នោះនឹងពុំមែនជាការថ្វាយពេលវេលាក្នុងជីវិតខ្ញុំតែមួយឆ្នាំកន្លះប៉ុណ្ណោះនោះទេ ប៉ុន្តែគឺជាការលះបង់នូវបេសកកម្មមួយបែបដែលខ្ញុំបានលៃលកទុកជាមុន ។
ការស្រាវជ្រាវរបស់ខ្ញុំនៅផ្ទះក្នុងការស្វែងរកអត្ថន័យ
ពេលខ្ញុំដើរចេញពីយន្តហោះត្រឡប់មកផ្ទះវិញ នោះខ្ញុំពុំអាចទ្រាំមិនគិតមិនបានថា ខ្ញុំបានទុកកិច្ចការដ៏សំខាន់បំផុតនៃជីវិតខ្ញុំមួយអន្លើរនៅក្នុងតំបន់បេសកកម្មហើយ ។ វាត្រូវការពេលវេលា ប៉ុន្តែខ្ញុំបានដឹងថា មានកិច្ចការនៅផ្ទះដែលនឹងធ្វើឲ្យជីវិតខ្ញុំមានន័យផងដែរ ។
មិនថាហេតុផលរបស់អ្នកក្នុងការត្រឡប់មកពីបេសកកម្មវិញមុនកំណត់ជាអ្វីនោះទេ សូមសម្រេចចិត្តថ្ងៃនេះដើម្បីធ្វើឲ្យបទពិសោធន៍នេះបោះជំហាន ទៅមុខ នៅក្នុងការរីកចម្រើនរបស់អ្នក ពុំមែនជាការដើរថយក្រោយនោះឡើយ ។ ខ្ញុំត្រឡប់មកផ្ទះវិញដោយសារតែបញ្ហាសុខភាព ប៉ុន្តែអ្នកផ្សេងទៀតត្រឡប់មកផ្ទះវិញដោយហេតុផលផ្សេងជាច្រើនរួមមានទាំងការប្រព្រឹត្តរំលងផងដែរ ។ ជាលទ្ធផល យោបល់មួយចំនួនខាងក្រោយនេះពុំអាចអនុវត្តទៅនឹងស្ថានភាពរបស់អ្នកឡើយ ។ សូមអធិស្ឋានទូលទៅព្រះអម្ចាស់ ដើម្បីស្វែងរកមធ្យោបាយនានាដើម្បីបម្រើទ្រង់ពេលត្រឡប់ទៅផ្ទះវិញ ។ ឧទាហរណ៍ ប្រសិនបើអ្នកត្រឡប់ទៅផ្ទះវិញ ដោយសារតែការប្រព្រឹត្តរំលង ហើយពុំទាន់មានភាពសក្តិសមចូលរួមព្រះវិហារបរិសុទ្ធនៅឡើយ នោះអ្នកអាចនៅតែរកឃើញអត្ថន័យ ពេលអ្នកដើរជុំវិញបរិវេណព្រះវិហារបរិសុទ្ធជាទៀងទាត់ ហើយតាំងចិត្តថា ថ្ងៃណាមួយនឹងត្រឡប់ទៅកាន់ព្រះដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់វិញ ។
ក្រៅពីការអានព្រះគម្ពីរ អធិស្ឋាន និងចូលរួមព្រះវិហារ ជំហាននីមួយៗខាងក្រោមនេះស្តីអំពីដំណើររបស់ខ្ញុំគឺវាសំខាន់ចំពោះការជាសះស្បើយរបស់ខ្ញុំ ។
១. បន្តមានទំនាក់ទំនង
ជំហានដំបូងរបស់ខ្ញុំក្នុងការរកឃើញអត្ថន័យនៅក្នុងជីវិតខ្ញុំគឺ បន្តមានទំនាក់ទំនងជាមួយពួកបរិសុទ្ធ និងអ្នកផ្សព្វផ្សាយសាសនានៅប្រទេសហុងគ្រី ។ ដ្បិតជួនកាល ខ្ញុំបានរស់នៅដូចថ្ងៃរៀបចំក្នុងបេសកកម្មខ្ញុំ ពេលខ្ញុំទទួលអ៊ីម៉ែលពីស៊ិស្ទើរ ណេស្តូរ និងដៃគូនៅអិម. ធី. ស៊ី. របស់ខ្ញុំ ។ ជួលកាល ខ្ញុំហ៊ានសារភាពថា វាពុំងាយស្រួលឡើយក្នុងការអានអ៊ីម៉ែលពីដៃគូក្នុងបេសកកម្មរបស់ខ្ញុំ ឬនិយាយជាមួយពួកអ្នកហុងគ្រីដែលខ្ញុំនឹកយ៉ាងខ្លាំង ។ ប៉ុន្តែពេលខ្ញុំក្រឡេកមើលក្រោយវិញ ខ្ញុំដឹងថាវាគឺជារឿងសំខាន់ចាំបាច់ក្នុងការជាសះស្បើយរបស់ខ្ញុំ ដែលបានស្តាប់ឮអំពីអព្ភូតហេតុនានាដែលបានកើតមាននៅទីនោះ ។
២. ធ្វើលិបិក្រមនៅលើអ៊ិនធើរណែត
ប្អូនប្រុសខ្ញុំ ដែលបានទទួលការដាស់តឿនដ៏ទន់ភ្លន់ពីម្តាយដ៏ឈ្លាសវៃរបស់ខ្ញុំ បានធ្វើឲ្យខ្ញុំជឿក្នុងការចាប់ផ្តើមធ្វើលិបិក្រម ។ ក្នុងការចាប់ផ្តើម ខ្ញុំបានធ្វើលិបិក្រមឈ្មោះមួយចំនួនដើម្បីផ្គាប់ចិត្តគាត់ ប៉ុន្តែថ្ងៃមួយមានបញ្ជីឈ្មោះជនជាតិហុងគ្រីមួយបានផុសឡើងនៅលើអេក្រង់កុំព្យូទ័ររបស់ខ្ញុំ ។ ព្រះវិញ្ញាណបានសន្ធប់លើខ្ញុំ ហើយបង្រៀនខ្ញុំថា ខ្ញុំនៅតែអាចជួយនាំព្រលឹងរបស់ពួកហុងគ្រីឲ្យមកកាន់ព្រះគ្រីស្ទ — គ្រាន់តែពួកគេនៅផ្នែក ម្ខាងទៀត នៃវាំងននប៉ុណ្ណោះ !
៣. ដាក់គោលដៅ
បន្ទាប់ពីបេសកកម្ម គោលដៅមុនបេសកកម្មរបស់ខ្ញុំទាំងអស់ ហាក់ដូចជាពុំអាចសម្រេចបានឡើយជាមួយនឹងស្ថានភាពថ្មីនៃសុខភាពរបស់ខ្ញុំនេះ ។ ប៉ុន្តែជាមួយនឹងពេលវេលា ខ្ញុំដឹងថាមានគោលដៅដែលខ្ញុំអាចសម្រេចបាន ទោះបីជាខ្ញុំដេកឈឺនៅលើគ្រែក្តី ។ ខ្ញុំដាក់គោលដៅបែបនោះដូចជាការអានសៀវភៅ Jesus the Christ ថាជា « គោលដៅផ្តេក » ហើយខិតខំសម្រេចគោលដៅនោះរៀងរាល់ថ្ងៃ ។
៤. ត្រឡប់ទៅរៀនវិញ
គោលដៅមួយមុនបេសកកម្មរបស់ខ្ញុំគឺរៀនឲ្យចប់មហាវិទ្យាល័យ ។ ខណៈដែលការទៅរៀនមានការលំបាកដោយសារជំងឺរបស់ខ្ញុំ និងការទៅជួបវេជ្ជបណ្ឌិតជាប់លាប់ នោះឪពុកខ្ញុំបានលើកទឹកចិត្តខ្ញុំឲ្យរៀនថ្នាក់តាមអ៊ិនធើរណែតពីសាកលវិទ្យា ព្រិកហាំ យ៉ង់ ថ្នាក់សិក្សាឯករាជ្យ ។ នេះពុំមែនគ្រាន់តែជាគោលដៅផ្ដេកដែលអាចសម្រេចបាននោះទេ ប៉ុន្តែខ្ញុំក៏បានដឹងដែរថា ខ្ញុំមានសមត្ថភាពធ្វើគោលដៅមុនបេសកកម្មកាន់តែច្រើនឡើង ជាងខ្ញុំបានគិតពីមុនថាខ្ញុំអាចធ្វើបានទៅទៀត ។
៥. បម្រើបេសកកម្មតាមអ៊ិនធើរណែត
នាថ្ងៃមួយនៅព្រះវិហារ បងស្រីម្នាក់បានដើរមកជួបម្តាយខ្ញុំ ហើយនិយាយថា « តើអ្នកដឹងទេថា ដេស្ទីនី អាចបម្រើបេសកកម្មធ្វើលិបិក្រមតាមអ៊ិនធើរណែតបាន ? » សំណួរដែលពុំបានរំពឹងទុកនេះគឺជាចម្លើយចំពោះការអធិស្ឋានរបស់ខ្ញុំ ។ ខ្ញុំអាចបម្រើព្រះអម្ចាស់អស់រយៈពេលប្រាំបួនខែ ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មសាសនាចក្រគាំទ្រផ្នែកការធ្វើលិបិក្រម ។ នេះគឺជាបេសកកម្មមួយដែលខ្ញុំ អាច ធ្វើបាន !*
៦. បង្រៀនថ្នាក់រៀបចំខ្លួនបម្រើបេសកកម្ម
នៅពេលខ្ញុំបានគ្រប់គ្រងស្ថានភាពសុខភាពខ្ញុំបានប្រសើរ ខ្ញុំបានចាប់ផ្តើមសិក្សានៅ មហាវិទ្យាល័យសហគមន៍ អំឡុងពេលធ្វើបេសកកម្មរបស់ខ្ញុំតាមអ៊ិនធើរណែត ។ ខ្ញុំត្រូវបានសូមឲ្យបង្រៀនថ្នាក់រៀបចំខ្លួនបម្រើបេសកកម្មនៅថ្នាក់វិទ្យាស្ថានក្បែរនោះ ។ ការបង្រៀនជួយខ្ញុំឲ្យដឹងថា ក្តីសាទររបស់ខ្ញុំចំពោះកិច្ចការផ្សព្វផ្សាយសាសនាពុំបានរលត់ទេ ហើយថាបេសកកម្មខ្លីរបស់ខ្ញុំបានផ្តល់បទពិសោធន៍ជាច្រើនដល់ខ្ញុំ ដែលអាចមានប្រយោជន៍ដល់សិស្សរបស់ខ្ញុំ ។
៧. ស្ម័គ្រចិត្តនៅអិម. ធី. ស៊ី
បន្ទាប់ពីបានចូលរៀនមហាវិទ្យាល័យនៅជិតផ្ទះខ្ញុំបានជោគជ័យអស់រយៈពេលមួយឆមាសមក ខ្ញុំបានប្តូរទៅរស់នៅ រដ្ឋយូថាហ៍ ស.រ.អា. ដើម្បីចូលរៀន ប៊ី.វ៉ាយ.យូ ។ ពេលដំបូងខ្ញុំពិបាកដើរទៅក្បែរ អិម. ធី. ស៊ី. ប្រូវ៉ូ ណាស់ដោយព្រោះតែអារម្មណ៍រអៀសចិត្ត ។ ប៉ុន្តែខ្ញុំបានចាប់ផ្តើមស្ម័គ្រចិត្តរៀងរាល់សប្តាហ៍នៅ អិម. ធី. ស៊ី ហើយបានឃើញថា វាគឺជាការជាសះស្បើយក្នុងការជួបអ្នកផ្សព្វផ្សាយសាសនាដ៏អស្ចារ្យត្រូវបានបញ្ជូនទៅបម្រើប្រជាជនហុងគ្រីដ៏គួរឲ្យស្រឡាញ់របស់ខ្ញុំ ។
៨. ធ្វើកិច្ចការព្រះវិហារបរិសុទ្ធ
ស្ត្រីជនជាតិហុងគ្រីម្នាក់ឈ្មោះ អេឌីត បានរៀបចំឈ្មោះជិត ១៥០០០០ សម្រាប់ព្រះវិហារបរិសុទ្ធ បានសូមឲ្យខ្ញុំយកឈ្មោះមួយចំនួនរបស់គាត់ទៅព្រះវិហារបរិសុទ្ធ ។ វាគឺជាអំណរមួយក្នុងការធ្វើពិធីបរិសុទ្ធនៃសេចក្តីសង្គ្រោះសម្រាប់ប្រជាជនហុងគ្រីទាំងនោះ ។
ការព្យាបាលដោយសន្សឹមៗតាមរយៈកិច្ចការរបស់ទ្រង់
ការបម្រើបេសកកម្មគឺជាសុបិនដ៏សំខាន់បំផុតនៃជីវិតរបស់ខ្ញុំ ហើយដោយយល់បាននោះគឺថា ខ្ញុំមានអារម្មណ៍បាត់បង់ពេលខ្ញុំបានត្រឡប់មកផ្ទះវិញមុនការគ្រោងទុក ។ ខ្ញុំមានការពិបាកនិយាយអំពីបេសកកម្មរបស់ខ្ញុំអស់មួយរយៈ ។ ខ្ញុំត្រូវទប់ទល់នឹងអារម្មណ៍នៃភាពបរាជ័យ ។ ខ្ញុំត្រូវរៀនអំពីរបៀបវិនិច្ឆ័យតម្លៃនៃបេសកកម្មខ្ញុំ តាមរយៈបំណងប្រាថ្នារបស់ខ្ញុំក្នុងការបម្រើជាងរយៈពេលនៃការបម្រើ ។ ទោះជានៅពេលនោះខ្ញុំមិនបានដឹងអំពីរឿងនេះក្តី ជំហាននីមួយៗបោះឆ្ពោះទៅរកអត្ថន័យក្នុងជីវិតរបស់ខ្ញុំក៏បាននាំមកនូវការព្យាបាលផងដែរ ។
អស់រយៈពេលជាច្រើនឆ្នាំខ្ញុំបារម្ភថា ការត្រឡប់ទៅប្រទេសហុងគ្រីវិញ នឹងធ្វើឲ្យខ្ញុំមានអារម្មណ៍សែនលំបាក ។ ទីបំផុតពេលខ្ញុំបានធ្វើដំណើរទៅទីនោះ រហូតដល់ថ្ងៃទីពីរទើបខ្ញុំបានដឹងថា ខ្ញុំមិនគ្រាន់តែគ្មានអារម្មណ៍ឈឺចាប់នោះទេ ខ្ញុំថែមទាំងមានអំណរយ៉ាងខ្លាំងដែលបានត្រឡប់ទៅទីនោះវិញ ។ ក្រោយមកខ្ញុំបានដឹងថា ព្រះវរបិតាសួគ៌បានប្រទានឱកាសដល់ខ្ញុំឲ្យទទួលបទពិសោធន៍នៃអំណាចនៃការព្យាបាលនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ ឥឡូវនេះ ខ្ញុំដឹងថា តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ អ្វីៗគ្រប់យ៉ាងនឹងដំណើរការបានត្រឹមត្រូវនៅពេលចុងក្រោយ ។