ការធ្វើឲ្យវាក្លាយជា វិវរណៈផ្ទាល់ខ្លួន
តើអ្នកស្គាល់ពីភាពខុសគ្នារវាងវិវរណៈ និងគំនិតផ្ទាល់ខ្លួនរបស់អ្នកដែរឬទេ ?
យើងរស់នៅក្នុងពិភពមួយនៃឱកាសជាច្រើន ។ យើងមានសេរីភាពដើម្បីជ្រើសរើសមុខរបរ សាលារៀន ស្វាមី ឬភរិយា កន្លែងផ្ទាល់ខ្លួនយើងដែលយើងចង់រស់នៅ និងអ្វីៗជាច្រើនទៀត ។ វាពិតជាពរជ័យក្នុងជំនាន់របស់យើង ។ ប៉ុន្តែម្យ៉ាងវិញទៀត វាធ្វើឲ្យការជ្រើសរើសទាំងនេះកាន់តែពិបាក ដោយសារវាពិបាកដើម្បីធ្វើការសម្រេចចិត្ត ពេលមានផ្លូវ និងឱកាសជាច្រើនដែលនឹងដឹកនាំយើងទៅរករឿងល្អៗ ។ តើយើងជ្រើសរើសត្រឹមត្រូវដូចម្តេច ពេលមានឱកាសជាច្រើនដែលល្អៗនោះ ? ពេលអ្នកមានអារម្មណ៍ថា វង្វេង ឬភាន់ច្រឡំនៅក្នុងការសម្រេចចិត្តនានា សូមដឹងថា ព្រះវរបិតាសួគ៌សព្វព្រះទ័យដឹកនាំអ្នក ។ អ្នកអាចជ្រើសរើសផ្លូវត្រឹមត្រូវ ហើយទទួលចម្លើយដែលអ្នកកំពុងស្វែងរក ប្រសិនបើអ្នកធ្វើតាមសំឡេងទ្រង់ ។ ចូរទទួលស្គាល់របៀបដែលទ្រង់មានបន្ទូលមកកាន់អ្នក ចូរទុកចិត្តទ្រង់ ចូរធ្វើតាមព្យាការី ចូរមានចិត្តអត់ធ្មត់ ចូរមានភាពសុទិដ្ឋិនិយម និងមានសេចក្តីជំនឿ ហើយទីបំផុតអ្នកនឹងត្រូវបានដឹកនាំទៅរកទិសដៅត្រឹមត្រូវ ។
—វីរ៉ា វ៉ាស្សឆិនកូ ទីក្រុង គីអីវ ប្រទេសអ៊ុយក្រែន
ពេញមួយជីវិតខ្ញុំ ខ្ញុំបានឃើញរបៀបដែលព្រះអម្ចាស់បានដឹកនាំខ្ញុំ ហើយខ្ញុំទទួលស្គាល់ថា អ្វីៗទាំងអស់ដែលខ្ញុំសម្រេចបានគឺដោយសារទ្រង់ និងការណែនាំរបស់ទ្រង់ ។ ទោះបីនៅក្នុងគ្រាដែលខ្ញុំគិតថា ខ្ញុំដើរតែឯងក្តី នៅទីបំផុត ទ្រង់បានអនុញ្ញាតឲ្យខ្ញុំដឹង ហើយទទួលអារម្មណ៍ថា ទ្រង់គង់នៅទីនោះជាមួយខ្ញុំជានិច្ច ។ នោះជាមូលហេតុដែលខ្ញុំបានធ្វើការសម្រេចចិត្តដើម្បីបន្តឆ្ពោះទៅមុខដោយសេចក្តីជំនឿជានិច្ច ទោះបីពេលខ្ញុំមានអារម្មណ៍ថា ខ្ញុំធ្វើកិច្ចការនោះតែឯងក្តី ។ សម្រាប់ខ្ញុំ ផ្លូវរបស់ខ្ញុំពុំច្បាស់លាស់ជានិច្ចនោះទេ ហើយខ្ញុំពុំអាចឃើញអ្វីដែលទន្ទឹងរង់ចាំខ្ញុំនាពេលអនាគតឡើយ ប៉ុន្តែខ្ញុំបោះជំហានទៅមុខដោយសេចក្តីជំនឿជានិច្ច ហើយបន្ទាប់មក ខ្ញុំបានចាប់ផ្តើមឃើញពន្លឺ ហើយទទួលស្គាល់ព្រះចេស្តារបស់ព្រះនៅក្នុងជីវិតខ្ញុំ ។ ខ្ញុំដឹងថា ព្រះវរបិតាសួគ៌របស់យើង និងព្រះបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទស្រឡាញ់ពួកយើង ហើយពួកទ្រង់មានព្រះទ័យដឹកនាំយើង ប៉ុន្តែពួកទ្រង់ក៏រំពឹងឲ្យយើងដាក់សេចក្តីជំនឿរបស់យើងលើពួកទ្រង់ ហើយធ្វើសកម្មភាព ពេលយើងទទួលការបំផុសគំនិតពីព្រះវិញ្ញាណ ។—
អ៊ីនហីរ៉ា មេចាយ សាធារណរដ្ឋ ដូមីនីហ្គែន
ពេលខ្ញុំកាន់តែធំ នោះខ្ញុំត្រូវតែរៀនភាសានៃព្រះវិញ្ញាណ ។ ព្រះវិញ្ញាណមានបន្ទូលមកកាន់ខ្ញុំតាមរយៈគំនិតសាមញ្ញៗ ។ វាត្រូវការការអនុវត្តដើម្បីឲ្យវាស៊ាំ ប៉ុន្តែជាទូទៅព្រះវិញ្ញាណយាងមករកខ្ញុំនៅកន្លែងស្ងាត់ ដូចជាពេលខ្ញុំបើកឡានទៅធ្វើការជាដើម ។ ខ្ញុំដឹងថា វាពុំមែនជាគំនិតខ្ញុំទេដោយសារជារឿយៗ ព្រះវិញ្ញាណបានយាងចូលមក សូម្បីតែពេលខ្ញុំពុំបានគិតពីប្រធានបទផងនោះ ។
—ក្លារីសា មែ ថេលើរ រដ្ឋយូថាហ៍ ស. រ. អា.
ខ្ញុំគិតថា ក្បួនដ៏អស្ចារ្យបំផុតមួយដែលយើងត្រូវចេះឲ្យស្ទាត់នោះគឺ សមត្ថភាពដើម្បីទទួលស្គាល់ការខ្សឹបប្រាប់ដ៏ស្រទន់ពីព្រះវិញ្ញាណបរិសុទ្ធ ។ ការសិក្សាព្រះគម្ពីរដោយព្យាយាមបានជំរុញខ្ញុំឲ្យចេះស្ទាត់ក្នុងរឿងនេះ ។ ខ្ញុំជឿជានិច្ចថា អ្នកដែលព្យាយាមរកដោយឧស្សាហ៍នឹងឃើញ ហើយការអាថ៌កំបាំងទាំងឡាយនៃព្រះនឹងបានបើកបង្ហាញដល់គេដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល នីហ្វៃទី ១ ១០:១៩ ) ។ ម៉្យាងវិញទៀត ប្រសិនបើខ្ញុំចង់ទទួលស្គាល់ព្រះវិញ្ញាណ នោះខ្ញុំពុំអាចបណ្តោយខ្លួនខ្ញុំទៅក្នុងគំនិតឥតប្រយោជន៍ ឬកង្វល់នៃជីវិតប្រចាំថ្ងៃរបស់ខ្ញុំឡើយ ផ្ទុយទៅវិញ ខ្ញុំត្រូវចុះប្រឡូកការងារ ហើយបំភ្លេចខ្លួនរបស់ខ្ញុំ ។ នេះគឺជាគ្រាដែលខ្ញុំអាចនឹងទទួលស្គាល់ព្រះវិញ្ញាណ ដោយសារខ្ញុំត្រៀមខ្លួនសម្រាប់រឿងនោះ ! ដូចទៅនឹងកប៉ាល់ដែលមិនអាចធ្វើដំណើរដោយងាយស្រួលកាត់ព្យុះដែរ នោះយើងពុំអាចស្តាប់ឮព្រះវិញ្ញាណឡើយ ប្រសិនបើយើងផ្តោតទៅលើកង្វល់នៃជីវិតដែលហួសពីការគ្រប់គ្រងរបស់យើងនោះ ។—
អែលម៉ាញូអែល ប៊នហ្គ្រេត ដកបី ទីក្រុងអាក្រា ប្រទេសហ្គាណា
នៅក្នុងគ្រួសារតូចរបស់យើង យើងទទួលស្គាល់ព្រះវិញ្ញាណ ដោយសារភាពសុខសាន្តដែលយើងទទួល ជាពិសេសស្វាមីរបស់ខ្ញុំ និងខ្ញុំរួមគ្នាក្នុងនាមជាគូស្វាមីភរិយា ។ ពេលវាជាគំនិតផ្ទាល់របស់យើង យើងពុំមានអារម្មណ៍ថា វាជារឿងត្រឹមត្រូវទាំងស្រុងទេ—វាមានការសង្ស័យ ឬភាពភ័យខ្លាចជានិច្ច ។ ប៉ុន្តែនៅពេលវាជាវិវរណៈ យើងមានអារម្មណ៍សុខសាន្តជានិច្ច ទោះបើយើងព្យាយាមដោះសារ ហើយអ្វីៗហាក់ដូចជាពុំយល់ច្រើននាគ្រាដំបូងក្តី ។ ពេលយើងធ្វើតាមវិវរណៈដោយជោគជ័យ នោះយើងឃើញអ្វីៗរីកចម្រើនយ៉ាងរលូន ហើយអ្វីៗគ្រប់យ៉ាងដំណើរការល្អជានិច្ច ។ នោះជាពេលដែលយើងមើលមុខគ្នា ហើយនិយាយថា « អូ៎ ឥឡូវនេះយើងយល់ហើយ ! »
—ម៉ារីយ៉ាណា រដ្ឋយូថាហ៍ ស.រ.អា.
ទោះបីយើងទាំងអស់គ្នាអាចទទួលវិវរណៈផ្ទាល់ខ្លួនក្នុងរបៀបផ្សេងៗក្តី អ្វីមួយដែលឥតសង្ស័យពិតប្រាកដនោះគឺ ៖ ព្រះមានបន្ទូលមកកាន់យើងជារឿយៗ ។ យើងត្រូវមានឆន្ទៈខិតខំបង្កើតសមត្ថភាពយើង ដើម្បីទទួលស្គាល់ និងស្តាប់សំឡេងរបស់ទ្រង់ ។ ដូចប្រធាន រ័សុល អិម ណិលសុន បានប្រឹក្សាថា ៖ « សូមអធិស្ឋាននៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទអំពីកង្វល់ ការភ័យខ្លាច ភាពទន់ខ្សោយរបស់បងប្អូន—ពិតណាស់ ជាបំណងប្រាថ្នានៅក្នុងដួងចិត្តរបស់អ្នក ។ បន្ទាប់មក ចូរស្តាប់ ! សូមសរសេរគំនិតដែលកើតមានក្នុងគំនិតរបស់បងប្អូន ។ សូមកត់ត្រាអារម្មណ៍របស់បងប្អូន ហើយធ្វើសកម្មភាពតាមអ្វីដែលបងប្អូនត្រូវបានបំផុសគំនិតឲ្យធ្វើ ។ កាលអ្នកធ្វើដំណើរការនេះម្ដងហើយម្ដងទៀតរៀងរាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំ បងប្អូននឹង ‹ រីកចម្រើននៅក្នុងគោលការណ៍នៃវិវរណៈ › » ( « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៥ ) ។