ឆ្នាំ ២០១៩
តើ​អ្នក​កំពុង​រស់នៅ​តាម​ដំណឹងល្អ​មិន​អស់​ពី​ចិត្ត​ឬ ?
ខែ មេសា ឆ្នាំ ២០១៩


តើ​អ្នក​កំពុង​រស់នៅ​តាម​ដំណឹងល្អ​មិន​អស់​ពី​ចិត្ត​ឬ ?

អាកប្បកិរិយា​របស់​យើង​ចំពោះ​ការទទួលខុសត្រូវ​ផ្នែក​សាសនាចក្រ​របស់​យើង​ពិតជា​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​មួយ ។

« តើ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​បែប​នោះ​ឬ ? »

តើ​អ្នក​ធ្លាប់​មាន​គំនិត​ដូច្នេះ​ពីមុន​មក​ដែរ​ឬ​ទេ ? ខ្ញុំ​មាន​គំនិត​នេះ​ច្រើន​ដង​ហើយ ។ ហើយ​ខ្ញុំ​បាន​ដឹងថា គំនិត​ដែល​ហាក់​ដូច​ជា​មិន​សំខាន់​​នេះ​គឺជាការបង្ហាញ​ដ៏​សំខាន់​មួយ​ពី​អាកប្បកិរិយា​របស់​ខ្ញុំ ។ ប្រាកដ​ណាស់ យើង​ទាំងអស់​គ្នា​អាច​ឈោង​ទៅ​ជួយ និង​ផ្តល់​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ យើង​អាច​ទទួល​យក ហើយ​បំពេញ​ការហៅ​បម្រើ​ក្នុង​សាសនាចក្រ​របស់​យើង ហើយ​យើង​អាច​ចូលរួម​ក្នុង​ការប្រជុំ​របស់​សាសនាចក្រ​យើង​បាន ។ ទោះបី​ជា​បាន​ធ្វើ​វា​មិន​អស់​ពី​ចិត្ត​ក្តី រឿង​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​មួយ​នៅ​ក្នុង​ជីវិត​របស់​យើង​បាន ។ ប៉ុន្តែ​តើ​វា​កំណត់​ពី​សមត្ថភាព​របស់​ព្រះ​ដើម្បី​ប្រើ​អ្នក​ឬ ? តើ​វា​កំណត់​ពី​សមត្ថភាព​របស់​ព្រះ​ដើម្បី​ផ្លាស់ប្តូរ​អ្នក​ឬ ? សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ថា វា​ប្រាកដ​ជា​អញ្ចឹង​មែន ។

គំនិត​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី​លេមិន និង​លេមយួល ដែល​បាន​ចាកចេញ​ពី​ក្រុង​យេរូសាឡិម ដែល​បាន​ត្រឡប់​ទៅ​យក​ផ្ទាំង​ចំណារ ដែល​បាន​ជួយ​សង់​សំពៅ ដែល​បាន​ធ្វើ​កិច្ចការ​គោរព​ប្រតិបត្តិ​មួយ​ចំនួន—ប៉ុន្តែ​ពួកគេ​បាន​ធ្វើ​រឿង​ទាំង​នេះ​ដោយ​ទើសទាល់ និង​មិន​អស់​ពី​ចិត្ត ។ ពួកគេ​ពុំ​បាន​អនុញ្ញាត​ឲ្យ​បទពិសោធន៍​ពួកគេ​ផ្លាស់ប្តូរ​ពួកគេ​សម្រាប់​អ្វី​ដែល​កាន់តែ​ប្រសើរ​ឡើងឡើយ ។ ផ្ទុយទៅវិញ ពួកគេ​តែងតែ​រអ៊ូរទាំ ហើយ​មាន​អាកប្បកិរិយា​អវិជ្ជមាន​ក្នុង​គ្រប់​កាលៈទេស​ដែល​ពួកគេ​មាន ។ ហើយ​បន្ទាប់​ពី​ដឹង​រឿង​នោះ​មក ខ្ញុំ​មិន​ចង់​ក្លាយ​ដូចជា​លេមិន និង​លេមយួល​ឡើយ ។

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​គិត​អំពី​ហេតុផល​នៅ​បង្កប់​ក្នុង​ទង្វើ​របស់​អ្នក ។ តើ​អ្នក​ឈោង​ទៅ​ជួយ​មនុស្ស​ដទៃ​ជាមួយ​នឹង​ការផ្តោត​ចិត្ត​ទុកដាក់​លើ​ពរជ័យ​ដែល​មាន​សម្រាប់​អ្នក​ដែរ​ឬ​ទេ ? ឬ តើ​អ្នក​ឈោង​ទៅ​ជួយ​មនុស្ស​ដទៃ ដោយសារ​តែ​អ្នក​ចង់​ចែកចាយ​ពន្លឺ និង​សេចក្តី​ស្រឡាញ់​ដោយ​ស្មោះ​ចំពោះ​ពួកគេ​ដែរ​ឬ​ទេ ? តើ​អ្នក​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​ត្រូវការ​សម្រាប់​ការហៅ​បម្រើ​របស់​អ្នក ដោយសារ​វា​ជា​អ្វី​ដែល​រំពឹង​ចង់​បាន​ពី​អ្នក​ឬ​ទេ ? ឬ​តើ​អ្នក​ធ្វើ​វា ដោយសារ​អ្នក​ចង់​បម្រើ​ព្រះអម្ចាស់ និង​អស់​អ្នក​ដែល​នៅ​ជុំវិញ​អ្នក​ឬ​ទេ ?

ទាំង​នេះ​គឺជា​សំណួរ​មួយ​ចំនួន​ដែល​ខ្ញុំ​ព្យាយាម​សួរ​ខ្លួន​ឯង​ពី​មួយ​គ្រា​ទៅ​មួយ​គ្រា ។ តើ​ខ្ញុំ​កំពុង​តែ​ធ្វើ​អ្វីទាំងអស់ ដើម្បី​រស់នៅ​ដូចជា​សិស្ស​ដ៏ពិត​របស់​ព្រះគ្រីស្ទ​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ដែរ​ឬ​ទេ ? ឬ​តើ​ចិត្ត​ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​តាម​ដំណឹង​ល្អ​ទាំងស្រុង​ទេ​ឬ ? ខ្ញុំ​គិត​ថា ប៊ីស្សព ហ្គែរ៉ល កូសសែ គណៈប៊ីស្សព​ជា​អធិបតី​បាន​ថ្លែង​អំពី​រឿង​នេះ​បាន​ល្អ​បំផុត​ថា ៖ « តើ​យើង​សកម្ម​នៅ​ក្នុង​ដំណឹងល្អ​ដែរ​ឬ​ទេ ឬ​យើង​គ្រាន់តែ​រវល់​នៅ​ក្នុង​សាសនាចក្រ​ប៉ុណ្ណោះ ? » ( « It Is All about People » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១១២ ) ។

សកម្ម ទល់​នឹង រវល់

សម្រាប់​ខ្ញុំ ពេល​ខ្ញុំ​គ្រាន់តែ « រវល់ » នៅ​ក្នុង​សាសនាចក្រ នោះ​ភាពព្រងើយ​កន្តើយ​បាន​ចូល​មក​ក្នុង​ដួងចិត្ត​ខ្ញុំ ។ ភាពព្រងើយ​កន្តើយ​នេះ​អាច​កើត​មក​ពី​អាកប្បកិរិយា​មិន​សូវ​មាន​បំណង ឬ​កើត​ឡើង​មក​ពី​ការបណ្តោយ​ឲ្យ​កិច្ចការ​មិន​សូវ​សំខាន់​ចូល​មក​ក្នុង​កាលវិភាគ​ខ្ញុំ ដើម្បី​រំខាន​កិច្ចការ​ដែល​សំខាន់​ខ្លាំង​សម្រាប់​ខ្ញុំ ។ ភាព​ព្រងើយ​កណ្តើយ​នេះ​លប​ចូល​មក ពេល​ខ្ញុំ​អង្គុយ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ហើយ​ពុំ​បាន​ផ្តោត​ចិត្ត​ទុកដាក់ ពេល​ខ្ញុំ​ថ្លែង​ពាក្យ​អធិស្ឋាន​នាពេល​យប់ ហើយ​ចិត្ត​របស់​ខ្ញុំ​ចាប់ផ្តើម​រសាត់​អណ្តែត​ទៅ​គិត​ពី​រឿង​ផ្សេងៗ ពេល​ខ្ញុំ​អានព្រះគម្ពីរ​របស់​ខ្ញុំ​លឿន ដោយ​ពុំ​បាន​ពិចារណា​អំពី​វា ឬ​ពេល​ខ្ញុំ​បាន​ឈោង​ទៅ​ជួយ​បុគ្គល​ម្នាក់ ដោយ​គ្រាន់តែ​និយាយ​ថា ខ្ញុំ​បាន​ធ្វើ​វា ជាជាង​ដើម្បី​ធ្វើ​ជា​មិត្ត​ដ៏​ស្មោះស្ម័គ្រ​ជាមួយ​ពួកគេ ។

ជួនកាល​ខ្ញុំ​ថែមទាំង​មាន​អារម្មណ៍​ស្មុគស្មាញ ពេល​ខ្ញុំ​ពុំ​ឃើញ​ភាព​រីកចម្រើន​នៅក្នុង​ជីវិត​ខ្ញុំ—ពេល​ខ្ញុំ​មាន​ភាព​ព្រងើយ​កន្តើយ​ដោយ​ងាយៗ ហើយ « រវល់ » នៅក្នុង​ដំណឹងល្អ—ហើយ​អារម្មណ៍​នេះ​បន្ត​នៅ​ជាប់​នឹង​ខ្ញុំ រហូត​ដល់​ខ្ញុំ​បាន​ដឹង​ពី​បញ្ហា​នោះ​ពិត​ប្រាកដ ។ ជួនកាល​ខ្ញុំ​សញ្ចឹង​គិត​ដោយ​សួរ​ខ្លួន​ឯងថា « តើ​ខ្ញុំ​កំពុង​ធ្វើ​ការហៅបម្រើ​នេះ ឬ​ជួយបុគ្គលរូប​នេះ ឬ​អធិស្ឋាន ឬ​សិក្សា​ខគម្ពីរ​នេះ​ដោយ​ផ្តោត​ចិត្ត​ទុកដាក់​ទាំងស្រុង និង​អស់​ពី​ចិត្ត​ក្នុងពេល​នេះ​ដែរ​ឬ​ទេ ?

បន្ទាប់​ពី​ការបង្ហាញ​មួយ​ចំនួន​ដូច្នោះ​បាន​ប៉ះ​ចិត្ត​ខ្ញុំ នោះ​គឺជា​ពេល​ដែលការផ្លាស់ប្តូរ​ពិតជា​បានកើត​ឡើង​​ក្នុង​ជីវិត​របស់​ខ្ញុំ ។ ពេល​ខ្ញុំ​​អធិស្ឋាន​ដោយ​អស់​ពីចិត្ត​ដើម្បី​ឃើញ​មនុស្ស​ដទៃ​ដូច​ព្រះវរបិតា​ទត​ឃើញ​ពួកគេ ពេល​ខ្ញុំ​អធិស្ឋាន​ទូល​សូម​ឱកាស​ផ្តល់​ការងារ​បម្រើ ពេល​ខ្ញុំ​អធិស្ឋាន​ទូលសូម​ការណែនាំ​ចំពោះ​ការហៅ​បម្រើ​របស់​ខ្ញុំ នៅក្នុង​មុខ​របរ​របស់​ខ្ញុំ និង​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ និង​សំខាន់​បំផុត​នោះ គឺ​ពេល​ខ្ញុំ​ធ្វើ​តាម​ការបំផុសគំនិត​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ខ្ញុំ ពេល​សកម្មភាព​របស់​ខ្ញុំ​ឆ្លុះ​បញ្ចាំង​ពី​បំណង​ប្រាថ្នា​ដែល​មាន​នៅក្នុង​ចិត្ត​ខ្ញុំ ដើម្បី​ធ្វើ​ជា​មនុស្ស​កាន់តែ​ប្រសើរ—នោះ គឺជា​ពេល​ដែល​ខ្ញុំ​កំពុង​សកម្ម​នៅក្នុង​ដំណឹងល្អ ។ នោះ គឺ​ជា​ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ផ្លាស់ប្តូរ​ពិតប្រាកដ​ទៅលើ​អាកប្ប​កិរិយា​របស់​ខ្ញុំ ក្នុង​ចិត្តខ្ញុំ និង​ក្នុង​ព្រលឹង​របស់​ខ្ញុំ ។ នោះ គឺជា​ពេល​ដែល​ខ្ញុំ​ឃើញ​អព្ភូហេតុ​ជា​ច្រើន​បាន​បើក​បង្ហាញ​ឡើង ។ នោះ គឺ​ជា​ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា មាន​សុភមង្គល​ពិត​ប្រាកដ​ចូល​ក្នុង​ជីវិត​ខ្ញុំ ។ នោះ គឺ​ជា​ពេល​ដែល​ខ្ញុំ​ពិត​ជា​ព្យាយាម​ដើម្បី​ផ្លាស់ប្តូរ​សម្រាប់​អ្វី​ដែល​កាន់តែ​ប្រសើរ​ឡើង ។

សកម្មភាព ទល់​នឹង អារម្មណ៍

ខ្ញុំ​គិត​ថា យើង​ទាំងអស់​គ្នា​អាច​គិត​អំពី​ការណ៍​មួយ​ចំនួនដែល​បាន​កើត​ឡើយ​នៅក្នុង​ជីវិត​យើង ពេល​សកម្មភាព​យើង​បានប្រសើរ​ខ្ពង់ខ្ពស់ ប៉ុន្តែ​អារម្មណ៍​ដែល​បង្កប់​នៅក្នុង​សកម្មភាព​នោះ​ពុំ​សូវ​ពុះ​កញ្ជ្រោល​នោះ ។ ជួនកាល​ជីវិត​យើង​ពិត​ជា​មមាញឹក​ណាស់ ជួនកាល​យើង​ក៏​ពុំ​រីករាយ​ទាំងស្រុង​ក្នុង​កាលៈទេសៈ​នានា​របស់​យើង​ជានិច្ច​ដែរ ហើយ​ជួនកាល​រឿង​គ្រប់​យ៉ាង​ពុំ​ដំណើរ​ការ​រលូន​ទៅ​មុខ​ដូច​អ្វី​ដែល​យើង​ចង់​បាន​ឡើយ ។ យើង​ពុំ​ល្អ​ឥតខ្ចោះ​ទេ តែ​បើសិន​ជា​យើង​ទូល​សូម​ព្រះវរបិតាសួគ៌​ឲ្យ​ជួយ​យើងឲ្យ​ផ្តោត​​អស់​ពី​ចិត្ត​ទៅក្នុង​គ្រា​ស្មុគស្មាញ ឬ​គ្រា​នានា​ដែល​ចំណាយ​ពេល​វេលា​ច្រើន ដែល​យើង​ត្រូវបាន​ស្នើសុំ​ឲ្យ​ធ្វើ នោះ​យើង​អាច​រៀន​ធ្វើ​កិច្ចការ​ទាំង​នោះ​ក្នុង​របៀប​មួយ​កាន់តែ​ដូច​ព្រះគ្រីស្ទ ។

ខ្ញុំ​អាច​គិត​ពី​គ្រា​នានា ពេល​ខ្ញុំ​ស្ទាក់ស្ទើរ​ព្រម​ធ្វើ​ការបម្រើ​មួយ នោះ​គ្រាន់តែ​ដើម្បី​បន្ទន់​ចិត្ត​ខ្ញុំ ហើយ​បាន​ផ្លាស់ប្តូរ​បន្ទាប់​ពី​បទពិសោធន៍​នោះ​មក ។ ឬ​ពេល​ខ្ញុំ​បាន​ទទួល​ការហៅ​បម្រើ​មួយ ហើយ​រអ៊ូរទាំ​អំពី​វា​ថា ខ្ញុំ​ចំណាយ​ពេល​ច្រើន​ពេក​លើវា តែ​ដល់​ពេល​ការដោះលែង​មក​ដល់ ខ្ញុំ​ក៏យំយ៉ាងខ្លាំង ដោយសារ​ខ្ញុំ​បាន​រៀន​ស្រឡាញ់​ការហៅ​បម្រើ​នោះ ។

យើង​អាច​ចែកចាយ​ពន្លឺ បំពេញ​ការទទួល​ខុសត្រូវ​របស់​យើង ហើយ​ទទួល​ចម្លើយ​ចំពោះ​ការអធិស្ឋាន​យើង​កាន់តែ​មាន​ប្រសិទ្ធភាព​បំផុត ប្រសិនបើ​ដួងចិត្ត​យើង​ស្ថិតនៅក្នុង​កន្លែង​ត្រឹមត្រូវ ។ ប្រសិនបើ​យើង​ឆ្លៀត​ពេល​វាយ​តម្លៃ​អំពី​អាកប្បកិរិយា និង​បំណង​ប្រាថ្នា​ដែល​បង្កប់​នៅ​ក្នុង​សកម្មភាព​យើង ហើយ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​អាច « ដោយ​ចិត្ត​ស្មោះសរ [ និង ] ដោយ​ស្មោះ​អស់​ពី​ចិត្ត » ( មរ៉ូណៃ ១០:៤ ) នោះ​យើង​នឹង​អាច​ទទួល​ស្គាល់​កាន់តែ​ច្បាស់​នូវ​ការណែនាំ​របស់​ព្រះវរបិតាសួគ៌ រកឃើញ​អំណរ​កាន់តែ​ខ្លាំង​ឡើង ហើយ​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​កាន់តែ​ខ្លាំង​ឡើង​នៅក្នុង​ជីវិត​យើង និង​ជីវិត​របស់​មនុស្ស​ដទៃ​ទៀត ។