មេរៀនបីស្តីពី សេចក្តីស្រឡាញ់ អំណរ និងភាពសុខសាន្ដ
ដកស្រង់ចេញមកពីសុន្ទរកថាការប្រជុំធម្មនិដ្ឋាន « Happiness, Deceit, and Small Things » ដែលបានថ្លែងនៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៧ ។
ការធ្វើតាមជំហានទាំងបីនេះអាចធ្វើឲ្យមានការផ្លាស់ប្តូរដ៏ធំនៅក្នុងជីវិតរបស់អ្នក ហើយជួយអ្នកឲ្យទទួលអារម្មណ៍នៃផលផ្លែនៃព្រះវិញ្ញាណ ។
កាលខ្ញុំរៀននៅមហាវិទ្យាល័យ នោះខ្ញុំបានគិតច្រើនពីអនាគតខ្ញុំ ។ ពេលខ្ញុំឈានដល់ពេលអនាគត—មានន័យថា ជីវិតបន្ទាប់ពីមហាវិទ្យាល័យ—ខ្ញុំបានរៀនមេរៀនបីសំខាន់ៗដែលធ្វើឲ្យជីវិតខ្ញុំមានការផ្លាស់ប្តូរយ៉ាងធំ ។ ខ្ញុំចង់ចែកចាយមេរៀនទាំងនេះជាមួយអ្នក ដោយសង្ឃឹមថា អ្នកពុំរៀនវាយូរដូចខ្ញុំឡើយ ពេលអ្នករៀនអំពីមេរៀនទាំងនេះ ។ មេរៀនទាំងនេះអាចជួយអ្នកឲ្យរកឃើញអំណរដ៏ប្រសើរនៅក្នុងជីវិត—ហើយទីបំផុតទទួលបានភាពតម្កើងឡើងជាមួយនឹងព្រះវរបិតាសួគ៌របស់យើង ។
១. ស្វែងរកសុភមង្គល ភាពសុខសាន្ត និងព្រះវិញ្ញាណបរិសុទ្ធ
ខ្ញុំបានជួបមេលីនដាភរិយាខ្ញុំ អំឡុងឆ្នាំទីពីរនៃមហាវិទ្យាល័យ ប្រហែលជាប្រាំមួយខែបន្ទាប់ពីខ្ញុំបានត្រឡប់ពីបេសកកម្មរបស់ខ្ញុំវិញ ។ ខ្ញុំបានដឹងភ្លាមថា ខ្ញុំចង់រៀបការនឹងនាង ។ ប៉ុន្តែមេលីនដាពុំមានបទពិសោធន៍ដូចនោះទេ ។ គាត់ពុំបានដឹងឡើយ រហូតដល់ប្រាំឆ្នាំក្រោយមកទើបគាត់ទទួលចម្លើយថា វានឹង « ល្អ » ប្រសិនបើគាត់រៀបការនឹងខ្ញុំ ។
អំឡុងពេលប្រាំឆ្នាំនោះ ខ្ញុំមានការសាកល្បងដ៏លំបាកមួយក្នុងជីវិតខ្ញុំ ។ ខ្ញុំបានស្គាល់មនុស្សដែលខ្ញុំត្រូវរៀបការជាមួយ ហើយព្រះវិញ្ញាណបានជំរុញចិត្តខ្ញុំ ប៉ុន្តែខ្ញុំហាក់ដូចជាពុំអាចឈោងទៅសម្រេចបានគោលដៅនោះឡើយ ។
មិនយូរប៉ុន្មានក្រោយពីខ្ញុំបានបញ្ចប់ការសិក្សា មេលីនដាបានសម្រេចចិត្តទៅបម្រើបេសកកម្ម—ខ្ញុំជឿថា នោះគឺជាផ្នែកមួយនៃការជំរុញចិត្តរបស់នាងដើម្បីទៅឲ្យឆ្ងាយពីខ្ញុំ ។ មានគ្រាជាច្រើនអំឡុងបេសកកម្មរបស់នាង ពេលខ្ញុំរងទុក្ខ ដោយសារខ្ញុំបានផ្តោតទៅលើអ្វីដែលខ្ញុំគ្មាន ។ ប៉ុន្តែ ខ្ញុំបានសិក្សាព្រះគម្ពីរ និងអធិស្ឋានរៀងរាល់ថ្ងៃ បម្រើនៅក្នុងសាសនាចក្រ ហើយព្យាយាមធ្វើកិច្ចការដែលបានយាងព្រះវិញ្ញាណបរិសុទ្ធឲ្យចូលមកក្នុងជីវិតខ្ញុំ ។
នៅព្រឹកថ្ងៃអាទិត្យស្រាងៗដ៏ត្រជាក់មួយនៅទីក្រុងមីនេប៉ូលីស រដ្ឋមីណេសូតា ស.រ.អា. អំឡុងពេលខ្ញុំកំពុងបើកឡានទៅការប្រជុំសាសនាចក្រ ខ្ញុំបានគិតថា « តាមពិត ខ្ញុំត្រូវរងទុក្ខខ្លាំងនៅពេលនេះ ។ រឿងគ្រប់យ៉ាងពុំបានកើតឡើងដូចអ្វីដែលចិត្តខ្ញុំចង់បានឡើយ ។ ប៉ុន្តែខ្ញុំពុំរងទុក្ខនោះទេ ។ ខ្ញុំមានអារម្មណ៍រីករាយដែលមិនគួរឲ្យជឿ ។
ឥឡូវតើខ្ញុំអាចរីករាយដូចម្តេចកើត បើខ្ញុំកំពុងឆ្លងកាត់ការសាកល្បងដ៏លំបាកមួយនោះ ?
ចម្លើយត្រូវបានរកឃើញនៅក្នុង កាឡាទី ៥:២២–២៣ ៖ « ផលផ្លែនៃព្រះវិញ្ញាណនោះគឺសេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត និងដឹងខ្នាត » ។
ដោយសារខ្ញុំបានធ្វើកិច្ចការដែលយាងព្រះវិញ្ញាណមកក្នុងជីវិតខ្ញុំ នោះខ្ញុំបានទទួលសេចក្តីស្រឡាញ់របស់ព្រះ ។ ខ្ញុំបានទទួលអារម្មណ៍នៃអំណរ និងភាពសុខសាន្ត ។ ខ្ញុំអាចរងទុក្ខបានយូរ ហើយនៅតែមានចិត្តរីករាយ ។
ការមានសេចក្តីស្រឡាញ់ អំណរ និងភាពសុខសាន្តនៅក្នុងជីវិតយើង គ្រួសារយើង និងអាពាហ៍ពិពាហ៍យើង ពុំកើតឡើងពីការមានផ្ទះធំ ឡានស្អាត សម្លៀកបំពាក់ម៉ូដថ្មីៗ ជោគជ័យក្នុងមុខរបរ ឬអ្វីៗផ្សេងៗទៀតដែលលោកិយនេះនិយាយថាជាសុភមង្គលឡើយ ។ ប្រាកដណាស់ ដោយសារអារម្មណ៍នៃសេចក្តីស្រឡាញ់ អំណរ និងភាពសុខសាន្តកើតចេញពីព្រះវិញ្ញាណ ការទទួលនូវអារម្មណ៍ទាំងនេះពុំទាក់ទងនឹងកាលៈទេសៈខាងសាច់ឈាមរបស់យើងទាល់តែសោះ ។
សូមយល់ថា ខ្ញុំពុំមែននិយាយថា យើងនឹងរីករាយជានិច្ច ឬកាលៈទេសៈខាងសាច់ឈាមរបស់យើងពុំប៉ះពាល់ដល់សុភមង្គលរបស់យើងនោះទេ ។ ប្រាកដណាស់ ប្រសិនបើយើងពុំភ្លក់ភាពជូរចត់ទេ នោះយើងពុំអាចដឹងរសជាតិផ្អែមឡើយ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:៣៩ សូមមើលផងដែរ ម៉ូសេ ៦:៥៥ ) ។
ខ្ញុំត្រូវតែជួបនូវឧបសគ្គនៅក្នុងជីវិត ។ លើសពីនោះទៀត លក្ខខណ្ឌខាងសាច់ឈាម និងផ្លូវចិត្តមួយចំនួន អាចបណ្តាលឲ្យយើងមានការរងទុក្ខដ៏ធំ ហើយធ្វើឲ្យវាលំបាកខ្លាំងសម្រាប់យើងក្នុងការទទួលអារម្មណ៍ពីព្រះវិញ្ញាណ ។ ប៉ុន្តែប្រសិនបើយើងព្យាយាមធ្វើឲ្យមានព្រះវិញ្ញាណនៅក្នុងជីវិតយើង ហើយទុកចិត្តលើព្រះ ជាទូទៅយើងអាចមានភាពរីករាយ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ចេញពីបទពិសោធន៍ផ្ទាល់ថា រឿងនេះជាការពិត ។ ដោយសារបទពិសោធន៍ខ្ញុំអំឡុងពេលមេលីនដានៅបម្រើបេសកកម្ម នោះខ្ញុំបានកត់សម្គាល់ឃើញថា ប្រសិនបើខ្ញុំធ្វើកិច្ចការនានា ដែលយាងព្រះវិញ្ញាណមកក្នុងជីវិតខ្ញុំ រួមមានការជ្រើសជឿ និងទទួលយកថា រឿងនោះនឹងដំណើរតាមព្រះទ័យរបស់ព្រះ ជាទូទៅខ្ញុំមានភាពរីករាយ ( សូមមើល យ៉ាកុប ៣:២ ) ។១
២. កុំជឿលើអារម្មណ៍ក្លែងក្លាយ
សាតាំងផ្តល់ជម្រើសក្លែងក្លាយផ្សេងៗស្រដៀងទៅនឹងអ្វីៗទាំងអស់ដែលព្រះបានធ្វើ ក្នុងគោលបំណងដើម្បីបំភាន់ និងបោកបញ្ឆោតយើង ។ ទោះជាការប៉ុនប៉ងរបស់សាតាំងដើម្បីបញ្ចុះបញ្ចូលយើងក្តី ផ្ទុយទៅវិញព្រះអង្គសង្គ្រោះបង្រៀនយើងថា « ដើមដែលអាក្រក់ [ ពុំ ] អាចនឹងបញ្ចេញផលល្អបាន » ( នីហ្វៃទី ៣ ១៤:១៨ ) ។ ដោយសារសាតាំងគឺជាដើមដែលអាក្រក់ នោះវាពុំអាចធ្វើឲ្យយើងទទួលអារម្មណ៍នៃ « សេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត [ និង ] ដឹងខ្នាត » ឡើយ ( កាឡាទី ៥:២២–២៣ ) ។ ផ្ទុយទៅវិញ សាតាំងចង់ធ្វើឲ្យយើងរងទុក្ខ ( សូមមើល នីហ្វៃទី ២ ២:២៧ ) ។
ដូច្នេះតើសាតាំងធ្វើអ្វីខ្លះ ? វាព្យាយាមបោកបញ្ឆោតយើង ។
មិត្តភក្ដិម្នាក់របស់ខ្ញុំគឺជាអ្នកជម្រើសម្នាក់ត្រូវបានវាបោកបញ្ឆោត ។ មិត្តភក្ដិរបស់ខ្ញុំបានបម្រើបេសកកម្ម ហើយគាត់គឺជាអ្នកផ្សព្វផ្សាយសាសនាដ៏ឆ្នើមមួយរូប ។ ពេលគាត់ត្រឡប់ពីបេសកកម្មគាត់ទៅផ្ទះវិញ គាត់មានបំណងធ្វើកិច្ចការតូចៗទាំងអស់ ដែលធ្វើឲ្យគាត់មានព្រះវិញ្ញាណចូលមកគង់ក្នុងជីវិតគាត់ ហើយបានពង្រឹងគាត់ក្នុងបេសកកម្ម ។ ហើយគាត់បានធ្វើកិច្ចការនោះមួយរយៈ ។
ប៉ុន្តែ គាត់បានឃើញមិត្តភក្តិជាច្រើនដែលជាអ្នកត្រឡប់ពីបេសកកម្ម មកព្រះវិហាររៀងរាល់ថ្ងៃអាទិត្យ ប៉ុន្តែនៅក្រៅព្រះវិហារពួកគេរស់នៅតាមរបៀបលោកិយ ។ ពួកគេហាក់ដូចជារីករាយ ។ ពួកគេធ្វើរឿង « សប្បាយ » ។ ហើយបែបផែននៃជីវិតរបស់ពួកគេហាក់ដូចជាពុំតម្រូវឲ្យខិតខំច្រើនដូចជីវិតរបស់គាត់ឡើយ ។
គាត់បានឈប់ធ្វើកិច្ចការតូចៗទាំងនោះបន្តិចម្តងៗ ដែលជាកិច្ចកានាំកម្លាំងខាងវិញ្ញាណដល់គាត់នៅពេលបម្រើបេសកកម្ម ។ គាត់នៅតែមានទីបន្ទាល់ ប៉ុន្តែគាត់បានប្រាប់ខ្ញុំថា គាត់បានគិតថា « ប្រសិនបើខ្ញុំនៅតែចូលរួមការប្រជុំព្រះវិហារ នោះខ្ញុំមិនអីទេ—ខ្ញុំមានសុវត្ថិភាពហើយ » ។ ប៉ុន្តែគាត់បាននិយាយថា « ខ្ញុំបានអសកម្មខាងវិញ្ញាណហើយ » ។២ ពេលគាត់បានរស់នៅដូចមនុស្សលោកិយរស់នៅ គាត់បានជ្រើសធ្វើជម្រើសមិនល្អមួយ ហើយនាំទៅធ្វើជម្រើសមិនល្អបន្តទៀត ហើយមិនយូរប៉ុន្មានក្រោយមកគាត់បានមានទម្ងន់ ។
ទីបំផុត ជម្រើសមិនសុចរិតរបស់គាត់បានផ្តល់លទ្ធផលដល់គាត់ ។ គាត់ពុំសប្បាយរីករាយឡើយ ហើយគាត់បានដឹងរឿងនោះ ។ សំណាងល្អ មិត្តភក្ដិរបស់ខ្ញុំបានទទួលស្គាល់ថា គាត់បានចាញ់ការបោកបញ្ឆោត ហើយគាត់បានប្រែចិត្ត ។
រឿងរបស់គាត់គូសបញ្ជាក់ថា សូម្បីតែយើងដែលជាមនុស្សល្អបំផុតក៏អាចចាញ់ការបោកបញ្ឆោតដែរ ។ លើសពីនោះទៀត រឿងរបស់គាត់ចង្អុលបង្ហាញថា យើងត្រូវតែការពារខ្លួនជានិច្ចទាស់នឹងការបោកបញ្ឆោត ។ យើងសម្រេចកិច្ចការនេះ តាមរយៈការធ្វើកិច្ចការតូចៗដែលយាងព្រះវិញ្ញាណមកក្នុងជីវិតយើង ។
ខ្ញុំរីករាយដើម្បីប្រាប់ថា សព្វថ្ងៃនេះមិត្តភក្តិរបស់ខ្ញុំមានភាពរីករាយ គាត់កំពុងព្យាយាមគោរពបទបញ្ញត្តិ ហើយសកម្មក្នុងដំណឹងល្អទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ។
ការបោកបញ្ឆោតរបស់សាតាំងកើតឡើងតាមរបៀបជាច្រើន ។ ខ្ញុំនឹងលើកឡើងតែពីរបីប៉ុណ្ណោះ ។
សាតាំងព្យាយាមបញ្ចុះបញ្ចូលយើងឲ្យដាក់អាទិភាពខាងសាច់ឈាមជាងរឿងខាងវិញ្ញាណ ។ យើងអាចប្រាប់ថា តើអាទិភាពរបស់យើងងាកចេញពីកន្លែង តាមរយៈការសម្គាល់ពីភាពញឹកញាប់ដែលយើងនិយាយថា « ខ្ញុំមមាញឹកពេក ឬខ្ញុំនឿយហត់ពេលក្នុងពេលបច្ចុប្បន្ន ដើម្បី _________ » ។ សូមបំពេញក្នុងចន្លោះ ៖ ចូលរួមព្រះវិហារបរិសុទ្ធ ផ្តល់ការងារបម្រើ សិក្សា និងពិចារណាព្រះគម្ពីរ បំពេញការហៅបម្រើរបស់ខ្ញុំ ឬសូម្បីតែអធិស្ឋាន ។
ហេតុផលមួយដែលយើងមានភាពមមាញឹកនោះគឺថា សាតាំងបានខិតខំបង្វែរអារម្មណ៍យើង ។ វាប្រើទូរសព្ទស្មាតហ្វូតដែលមានក្នុងដៃយើង វិទ្យុក្នុងរថយន្តយើង ទូរទស្សន៍នៅផ្ទះយើង និងកិច្ចការជាច្រើនផ្សេងទៀត ដើម្បីបន្តបង្វែរអារម្មណ៍យើងស្ទើរតែគ្រប់ពេលទាំងអស់ ។ ជាលទ្ធផល យើងមានអារម្មណ៍ថា យើងរវល់ជាងទាំងយើងមិនរវល់ផងនោះ ។
លទ្ធផលផ្សេងទៀតនៃការបង្វែរអារម្មណ៍នេះគឺថា យើងពិចារណាកាន់តែតិចទៅៗ ។ សាតាំងធ្វើការបង្វែរអារម្មណ៍យើង ដោយសារវាដឹងថា ការពិចារណា ជាពិសេសព្រះគម្ពីរនឹងនាំទៅរកការប្រែចិត្តជឿ និងវិវរណៈកាន់តែប្រសើរឡើង ។
ការបោកបញ្ឆោតមួយផ្សេងទៀតរបស់សាតាំងកើតឡើងតាមរយៈគំនិតថា សកម្មភាពខាងក្រៅរបស់យើងសំខាន់ជាងការជំរុញពីក្នុងចិត្តយើង ។ ពេលយើងខ្វះការជំរុញចិត្តត្រឹមត្រូវដើម្បីធ្វើកិច្ចការខាងវិញ្ញាណ នោះយើងបរាជ័យក្នុងការទទួលបទពិសោធន៍អំណរនៃដំណឹងល្អ ។ ជាលទ្ធផល ការរក្សាបទបញ្ញត្តិចាប់ផ្តើមធ្វើឲ្យមានអារម្មណ៍ថា ដូចជាបន្ទុក ហើយសាតាំងដឹងថា ប្រសិនបើវាអាចនាំយើងឲ្យមានអារម្មណ៍បែបនេះ នោះយើងទំនងជាឈប់ធ្វើអ្វីដែលយើងដឹងថា យើងគប្បីធ្វើវា ។
សាតាំងក៏បោកបញ្ឆោតយើងឲ្យជឿថា អំណរ និងសុភមង្គលកើតឡើងពីជីវិតងាយស្រួល ឬការមានភាពសប្បាយរីករាយសាមញ្ញគ្រប់ពេលវេលា ។ វាពុំមែនជាការពិតទេ ។ សេចក្តីពិតគឺថា គ្មានអំណរ ឬសុភមង្គលណាដែលមិនតម្រូវឲ្យមានការខិតខំនោះទេ ( សូមមើល នីហ្វៃទី ២ ២:១១, ២៣ ) ។
ការបោកបញ្ឆោតចុងក្រោយរបស់សាតាំង ដែលខ្ញុំលើកឡើងនេះគឺថា វាព្យាយាមបញ្ចុះបញ្ចូលយើងថា សេចក្តីទុច្ចរិត ជាមួយនឹងភាពរីករាយបណ្តោះអាសន្នរបស់វា ជាសុភមង្គលពិតប្រាកដ ។ សាតាំងដឹងថា យ៉ាងហោចណាស់នៅគ្រានោះ អារម្មណ៍ ឬសតិពិតប្រាកដអាច (១) ធ្វើឲ្យយើងគិតថា យើងកំពុងមានអារម្មណ៍ផលផ្លែនៃព្រះវិញ្ញាណ (២) បិទបាំងបំណងប្រាថ្នាយើងពីផលផ្លែទាំងនោះ ឬ (៣) មានអារម្មណ៍ថា អារម្មណ៍ជំនួសនោះអាចទទួលយកបាន ។
ឧទាហរណ៍ សាតាំងអាចល្បួងយើងឲ្យស្វែងរកសម្រេកសម្រើបជំនួសឲ្យសេចក្តីស្រឡាញ់ ។ វាអាចទាក់ចិត្តយើងជាមួយនឹងក្តីរំភើបរីករាយជំនួសឲ្យអំណរដ៏យូរអង្វែង ។ វាព្យាយាមបង្វែរអារម្មណ៍យើងជាជាងផ្តល់ភាពសុខសាន្តដល់យើង ។ វាចង់ឲ្យយើងមានចិត្តថា យើងសុចរិត ជឿស៊ុប និងធ្វើអ្វីៗដែលមនុស្សលោកមានអារម្មណ៍ត្រឹមត្រូវបំផុត ជំនួសឲ្យការមិនគិតពីខ្លួនឯង គោរពប្រតិបត្តិជាប់លាប់ និងផ្តោតទៅលើរឿងខាងវិញ្ញាណត្រឹមត្រូវ ។ ការល្បួងរបស់វាអាចបណ្តាលឲ្យយើងមានការភាន់ច្រឡំ ដែលក្រោយមកអាចនាំយើងឲ្យគិតថា ការមិនគោរពបទបញ្ញត្តិនឹងនាំមកនូវសុភមង្គល ។
៣. ធ្វើកិច្ចការតូចតាច
ជានិច្ចកាល កិច្ចការតូចតាចនាំឲ្យមានព្រះវិញ្ញាណចូលមកក្នុងជីវិតយើង រារាំងយើងមិនឲ្យចាញ់ការបោកបញ្ឆោត ហើយទីបំផុតជួយយើងឲ្យទទួលកម្លាំង ដើម្បីគោរពបទបញ្ញត្តិ និងទទួលបានជីវិតអស់កល្បជានិច្ច ។ ព្រះអង្គសង្គ្រោះបានបង្រៀនគោលការណ៍នេះដល់ពួកអែលឌើរនៃសាសនាចក្រនៅទីក្រុងខឺតឡង់ រដ្ឋហៃអូ ថា ៖ « ហេតុដូច្នោះហើយ ចូរកុំណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតអ្នករាល់គ្នាកំពុងតែដាក់គ្រឹះនៃកិច្ចការដ៏ធំ ។ ហើយចេញពីការណ៍ដ៏តូចតាច នោះបណ្តាលឲ្យមានការណ៏ដ៏ធំធេងឡើង » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៣៣ ) ។
ហេតុអ្វីកិច្ចការតូចតាចសំខាន់ម៉្លេះ ? នៅក្នុងខគម្ពីរបន្ទាប់ ព្រះអង្គសង្គ្រោះបានពន្យល់ថា « ព្រះអម្ចាស់ទ្រង់តម្រូវចិត្ត និងគំនិតដែលស្ម័គ្រតាម » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៣៤ ) ។ ហេតុអ្វីព្រះអង្គសង្គ្រោះភ្ជាប់ការធ្វើកិច្ចការតូចតាចទៅនឹងចិត្ត និងគំនិតដែលស្ម័គ្រតាម ? ដោយសារនៅក្នុងការធ្វើកិច្ចការតូចតាចបានជាប់លាប់ នោះយើងបណ្តោយចិត្ត និងគំនិតយើងទៅតាមព្រះ ដែលបន្សុទ្ធ និងញែកយើងចេញជាបរិសុទ្ធ ( សូមមើល ហេលេមិន ៣:៣៥ ) ។
ការបន្សុទ្ធ និងការញែកចេញជាបរិសុទ្ធនេះផ្លាស់ប្តូរលក្ខណៈរបស់យើង បន្តិចម្តងៗ ដើម្បីឲ្យយើងប្រែកាន់តែដូចព្រះអង្គសង្គ្រោះ ។ ការណ៍នេះក៏បណ្តាលឲ្យយើងកាន់តែទទួលនូវការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ដែលធ្វើឲ្យយើងទំនងជាមិនសូវចាញ់ការបោកបញ្ឆោត ។
កាលខ្ញុំនៅរៀនវិទ្យាល័យ ឪពុករបស់ខ្ញុំបានបង្រៀនថ្នាក់សិក្ខាសាលាដល់ខ្ញុំនៅក្នុងផ្ទះរបស់យើង ។ ដោយសារប្រធានបទនៅឆ្នាំនោះគឺជាព្រះគម្ពីរមរមន នោះឪពុកខ្ញុំបានសម្រេចចិត្តថា យើងនឹងអានព្រះគម្ពីរមរមនជាមួយគ្នា ពីមួយខទៅមួយខ ហើយពិភាក្សាអំពីអ្វីដែលយើងបានរៀន ។ ពេលយើងអាន ឪពុកខ្ញុំបានសួរសំណួរដែលធ្វើឲ្យខ្ញុំគិតអំពីអ្វីដែលយើងបានអាន ហើយគាត់បានពន្យល់អ្វីដែលខ្ញុំមិនយល់ ។ ខ្ញុំនៅតែចាំពីការរៀនអំពីព្រះអង្គសង្គ្រោះ និងយល់ដឹងថា ទ្រង់ពិតជាបានយាងទៅជួបពួកសាសន៍នីហ្វៃ ហើយថា ខ្ញុំពិតជាអាចទទួលការអភ័យទោសពីអំពើបាបរបស់ខ្ញុំ តាមរយៈដង្វាយធួនរបស់ទ្រង់ ។
ការអានព្រះគម្ពីរនៅអំឡុងពេលនោះជាមួយឪពុកខ្ញុំគឺជាការចាប់ផ្តើមនៃគ្រឹះរបស់ខ្ញុំក្នុងព្រះគម្ពីរ ។ ខ្ញុំបានទទួលអារម្មណ៍អ្វីមួយពេលយើងបានអានព្រះគម្ពីរ ។ ហើយកាន់តែសំខាន់នោះគឺថា បំណងប្រាថ្នា ការជំរុញចិត្ត និងទង្វើរបស់ខ្ញុំបានផ្លាស់ប្តូរ ។ ខ្ញុំចង់ក្លាយជាមនុស្សប្រសើរឡើង ។ ខ្ញុំបានចាប់ផ្ដើមមើលឃើញពីចំណុចដែលខ្ញុំកំពុងចាញ់ការបោកបញ្ឆោត ។ ខ្ញុំបានប្រែចិត្តកាន់តែច្រើន ។ នៅចុងបញ្ចប់នៃឆ្នាំទីមួយរបស់ខ្ញុំនៅមហាវិទ្យាល័យ ខ្ញុំបានអានព្រះគម្ពីររៀងរាល់ថ្ងៃ ។
នៅអំឡុងឆ្នាំនោះ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ១៨៩៩–១៩៩៤ ) បានសុំឲ្យសមាជិកសាសនាចក្រអានព្រះគម្ពីរមរមនប្រចាំថ្ងៃ ហើយអនុវត្តអ្វីដែលពួកគេបានរៀន ។៣ ដូច្នេះបន្ថែមទៅលើអ្វីផ្សេងទៀតដែលខ្ញុំកំពុងអាន នោះខ្ញុំអានយ៉ាងហោចណាស់នូវអ្វីមួយពីព្រះគម្ពីរមរមន ។
នៅពេលបម្រើបេសកកម្ម ខ្ញុំបានរៀនអំពីរបៀបសិក្សា និងទទួលទានព្រះគម្ពីរយ៉ាងពិតប្រាកដ ។ ខ្ញុំពុំគ្រាន់តែទទួលបានអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធពេលខ្ញុំអានព្រះគម្ពីរប៉ុណ្ណោះទេ ខ្ញុំថែមទាំងចាប់ផ្តើមទទួលអារម្មណ៍នៃអំណរ ពេលខ្ញុំស្រាវជ្រាវព្រះគម្ពីរ ដើម្បីស្វែងរកចម្លើយចំពោះបញ្ហារបស់ខ្ញុំ និងសាសនាគន់ការីរបស់ខ្ញុំ ។
បន្ទាប់ពីបេសកកម្ម ខ្ញុំបានបន្តទទួលទានព្រះគម្ពីររៀងរាល់ថ្ងៃ ។ ដោយសារការអនុវត្តនេះបានអញ្ជើញព្រះវិញ្ញាណបរិសុទ្ធមកក្នុងជីវិតខ្ញុំ នោះខ្ញុំបានទទួលការណែនាំពីទ្រង់ ឲ្យជួយខ្ញុំប្រើពេលវេលារបស់ខ្ញុំកាន់តែមានប្រសិទ្ធភាព ។ ជាលទ្ធផល ខ្ញុំធ្វើបានកាន់តែល្អនៅសាលារៀន ហើយក្រោយមកនៅឯកន្លែងធ្វើការផងដែរ ។ វាប្រែកាន់តែងាយស្រួលដើម្បីធ្វើជម្រើសល្អ ។ ខ្ញុំបានអធិស្ឋានកាន់តែច្រើន ហើយមានចិត្តកាន់តែឧស្សាហ៍ព្យាយាមក្នុងការបំពេញការហៅបម្រើរបស់ខ្ញុំ ។ ការទទួលទានព្រះគម្ពីរប្រចាំថ្ងៃពុំបានដោះស្រាយគ្រប់បញ្ហារបស់ខ្ញុំទេ ប៉ុន្តែជីវិតរបស់ខ្ញុំមានភាពកាន់តែងាយស្រួល ។
នៅខែ សីហា ឆ្នាំ ២០០៥ ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី ( ១៩១០–២០០៨ ) បានចេញការអញ្ជើញមួយឲ្យអាន ឬអានព្រះគម្ពីរមរមនម្តងទៀត ពីមុនដាច់ឆ្នាំនោះ ។៤ ដោយសារខ្ញុំបានអានព្រះគម្ពីរមរមនប្រចាំថ្ងៃ នោះខ្ញុំបានអានដល់គម្ពីរអេធើរ ឬមរ៉ូណៃទៅហើយ ។ ហេតុដូច្នេះហើយ ពេលចប់ការអាននោះនៅមួយ ឬពីរសប្តាហ៍ក្រោយមក ខ្ញុំបានរាប់ថា ខ្ញុំបានបំពេញការអញ្ជើញរបស់ប្រធានហ៊ិងគ្លី ។
ប៉ុន្តែក្រោយមក គ្រូបង្រៀនតាមផ្ទះដ៏ស្មោះត្រង់បានមកសួរសុខទុក្ខគ្រួសារយើង ។ គាត់បានសួរថា តើខ្ញុំបានធ្វើអ្វីហើយជាមួយនឹងការអញ្ជើញរបស់ប្រធានហ៊ិងគ្លី ។
ខ្ញុំបានប្រាប់គាត់ថា ខ្ញុំមានសំណាងល្អក្នុងការចាប់ផ្តើមព្រះគម្ពីរមរមន ពីមុនការអញ្ជើញរបស់ប្រធានហ៊ិងគ្លី ។ កាលនោះដោយសារតែភាពសុចរិតផ្ទាល់ខ្លួន ខ្ញុំបានប្រកាសថា ខ្ញុំបានបំពេញកិច្ចការនោះហើយ ។
សំណាងល្អ គ្រូបង្រៀនតាមផ្ទះរបស់ខ្ញុំបានយល់ឃើញខុសពីនោះ ។ ពេលគាត់បានកែតម្រូវខ្ញុំដោយរាបសា នោះព្រះវិញ្ញាណបានខ្សឹបប្រាប់ខ្ញុំថា គ្រូបង្រៀនតាមផ្ទះរបស់ខ្ញុំត្រូវហើយ ។
ឥឡូវខ្ញុំត្រូវអានគម្ពីរមួយថ្ងៃពីរជំពូករហូតដល់ចុងឆ្នាំ ដើម្បីបញ្ចប់ការអានរបស់ខ្ញុំម្តងទៀត ។ ពេលខ្ញុំបានបង្កើនការអានព្រះគម្ពីរមរមន នោះខ្ញុំបានកត់សម្គាល់ឃើញថា ជីវិតខ្ញុំកាន់តែទទួលបានអំណាច ។ ខ្ញុំមានអំណរកាន់តែច្រើន ។ ខ្ញុំបានយល់ពីរឿងនានាកាន់តែច្បាស់ឡើង ។ ខ្ញុំបានប្រែចិត្តកាន់តែញឹកញាប់ឡើង ។ ខ្ញុំចង់ផ្តល់ការងារបម្រើ និងសង្គ្រោះមនុស្សដទៃ ។ ខ្ញុំពុំសូវងាយនឹងធ្លាក់ចូលទៅក្នុងការបោកបញ្ឆោត និងការល្បួងរបស់សាតាំង ។ ខ្ញុំស្រឡាញ់ព្រះអង្គសង្រ្គោះកាន់តែខ្លាំងឡើយ ។
នៅខែវិច្ឆិកាឆ្នាំនោះ ខ្ញុំត្រូវបានហៅឲ្យធ្វើជាប៊ីស្សពនៃវួដនោះ ។ ដោយបញ្ចប់ការអញ្ជើញរបស់ប្រធានហ៊ិងគ្លី បានរៀបចំខ្ញុំសម្រាប់ការហៅបម្រើនោះ ។ ចាប់តាំងពីពេលនោះមក ខ្ញុំបានកត់សម្គាល់ថា ដរាបណាខ្ញុំកាន់តែមមាញឹកទោះនៅកន្លែងការងារ ឬនៅព្រះវិហារក្តី ដរាបនោះខ្ញុំត្រូវតែសិក្សាព្រះគម្ពីរកាន់តែច្រើនជាពិសេសព្រះគម្ពីរមរមន ។
អ្នកអាចមានពរជ័យ និងអំណាចដូចគ្នានេះនៅក្នុងជីវិតអ្នក ប្រសិនបើអ្នកនឹងទទួលទានព្រះគម្ពីររៀងរាល់ថ្ងៃ ។ ខ្ញុំសូមសន្យាថា ប្រសិនបើអ្នកនឹងទទួលទានព្រះគម្ពីររៀងរាល់ថ្ងៃ ជាពិសេសព្រះគម្ពីរមរមន នោះអ្នកនឹងអញ្ជើញព្រះវិញ្ញាណមកក្នុងជីវិតអ្នក ហើយអ្នកនឹងអធិស្ឋានជាប្រចាំដោយឯកឯង ប្រែចិត្តកាន់តែញឹកញាប់ ហើយឃើញថា វាមានភាពងាយស្រួលដើម្បីចូលរួមព្រះវិហារ និងទទួលទានសាក្រាម៉ង់ប្រចាំសប្តាហ៍ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ពេលអ្នកធ្វើកិច្ចការតូចតាច ហើយទុកចិត្តលើព្រះអម្ចាស់ នោះអ្នកអាចរកឃើញសេចក្តីស្រឡាញ់ អំណរ ភាពសុខសាន្ត និងសុភមង្គល មិនថាកាលៈទេសៈរបស់អ្នកបែបណានោះទេ ។ ខ្ញុំក៏សូមថ្លែងទីបន្ទាល់ថា ការណ៍នេះអាចធ្វើទៅបានដោយសារការពលិកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ។ គ្រប់កិច្ចការល្អទាំងអស់កើតឡើងមកពីទ្រង់ ( សូមមើល មរ៉ូណៃ ៧:២២, ២៤ ) ។