ទោះបីជាព្យុះសង្ឃរាក៏ពុំអាចបញ្ឈប់យើងបានដែរ
កូរៀម៉ា សាន់ទីអាហ្គោ ឌឺ ជេសឺ ទីក្រុង សាន់ ហ៊ន ប្រទេស ពឺតតូ រីកូ
មិនយូរប៉ុន្មានបន្ទាប់ពីខ្ញុំត្រឡប់មកពីបេសកកម្មវិញ ខ្ញុំបានទទួលការអញ្ជើញទៅក្នុងពិធីរាំកម្សាន្តមួយ ។ នៅក្នុងពិធីរាំកម្សាន្តនោះ ខ្ញុំវង្វេងដៃបាត់ទូរសព្ទ ហើយយុវជនម្នាក់បានស្ម័គ្រចិត្តជួយរកទូរសព្ទរបស់ខ្ញុំ ។ ពេលយើងដើររក យើងបានឃើញថា យើងទាំងពីរនាក់គឺជាអ្នកត្រឡប់មកពីបេសកកម្មដូចគ្នា ហើយបានចែកចាយគំនិត និងគោលដៅជាច្រើន ។
ទំនាក់ទំនងរបស់យើងបានអភិវឌ្ឍឡើង ហើយយើងបានឈានដល់ការភ្ជាប់ពាក្យ ។ វាជាក្តីសុបិនរបស់យើងដើម្បីផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ វ៉ាស៊ីនតោន ឌី.ស៊ី ពីមុនវាត្រូវបានបិទសម្រាប់ការជួសជុលនៅខែ មីនា ឆ្នាំ ២០១៨ ។ ប៉ុន្តែបន្ទាប់ពីការសម្រេចចិត្តនោះមក យើងត្រូវបានសាកល្បង ។ ដំបូង ខ្ញុំបានបាត់បង់ការងារ ហើយគ្មានមធ្យោបាយណាដើម្បីសន្សំប្រាក់សម្រាប់ការធ្វើដំណើរទៅព្រះវិហារបរិសុទ្ធឡើយ ។ បន្ទាប់មកទៀត មានព្យុះសង្ឃរាមួយបានបោកបក់ទៅលើប្រទេស ពើរតូ រីកូ ពីមុនកាលបរិច្ឆេទមង្គលការរបស់យើង ។
ពេលព្យុះសង្ឃរាម៉ារៀបានកើតឡើង វាបានបំផ្លិចបំផ្លាញកោះដ៏ស្រស់ស្អាតរបស់យើង ។ ហាងលក់ទំនិញបានបិទទ្វារ ។ យើងអត់មានភ្លើងអគ្គិសនី ទឹក អាហារឡើយ ហើយយើងពិបាករកវត្ថុប្រើប្រាស់ចាំបាច់ផ្សេងៗទៀត ។ យើងបានបាត់បង់អ្វីគ្រប់យ៉ាងដែលយើងគ្រោងទុកប្រើសម្រាប់ពិធីទទួលភ្ញៀវក្នុងពិធីមង្គលការរបស់យើង ។ យើងត្រូវតែលុបចោលពិធីទទួលភ្ញៀវនោះ ហើយវាទំនងថា យើងក៏នឹងលុបចោលពិធីមង្គលការរបស់យើងផងដែរ ។ ការធ្វើដំណើរចេញចូលប្រទេស ពើរតូ រីកូ គឺមានកំណត់ ហើយគ្មាននរណាម្នាក់ដឹងថា វាមានកំណត់យូរប៉ុណ្ណានោះទេ ។ ខ្ញុំបានចាប់ផ្ដើមមានអារម្មណ៍បាក់ទឹកចិត្ត ហើយខ្ញុំពោរពេញដោយមន្ទិលសង្ស័យ និងការភាន់ច្រឡំ ។
នៅយប់មួយ គូដណ្តឹងរបស់ខ្ញុំ និងខ្ញុំបានពិភាក្សាគ្នាអំពីស្ថានភាពរបស់ពួកយើង ។ ការធ្វើដំណើរពុំដឹងពិតប្រាកដ ហើយយើងគ្មានសម្លៀកបំពាក់សម្រាប់ពិធីទទួលភ្ញៀវ ឬពិធីមង្គលការយើងឡើយ ប៉ុន្តែព្រះវិញ្ញាណបានបញ្ជាក់ថា យើងត្រូវតែទុកចិត្តលើព្រះអម្ចាស់ ។ រឿងសំខាន់បំផុតនោះគឺការផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ។ យើងបានអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ទូលសូមជំនួយ ។
ពេលយន្តហោះចេញពីប្រទេស ពើរតូ រីកូ បានដំណើរការវិញ នោះយើងបានធ្វើគម្រោងហោះហើរថ្មី ហើយដាក់កាលវិភាគផ្សារភ្ជាប់របស់យើងឡើងវិញ ។ យើងគ្មានប្រព័ន្ធទាក់ទងអស់រយៈពេលជាច្រើនសប្តាហ៍បន្ទាប់ពីព្យុះសង្ឃរានោះ ប៉ុន្តែទូរសព្ទដៃរបស់មិត្តភក្តិខ្ញុំមានដំណើរការ ។ គាត់បានអនុញ្ញាតឲ្យយើងប្រើទូរសព្ទរបស់គាត់ដើម្បីទាក់ទងទៅព្រះវិហារបរិសុទ្ធ ។ យើងបានរៀបចំអ្វីៗគ្រប់យ៉ាងជាថ្មី ដើម្បីយើងអាចផ្សារភ្ជាប់បាន ! ពីរបីសប្តាហ៍ពីមុនការធ្វើដំណើររបស់យើង សមាជិកគ្រួសារ និងមិត្តភក្ដិ បានបរិច្ចាគស្បែកជើង និងសម្លៀកបំពាក់ ព្រមទាំងជួយទិញវត្ថុជាច្រើនទៀតសម្រាប់ពិធីមង្គលការរបស់យើង ។
ទីបំផុតពេលយើងបានចូលទៅក្នុងព្រះវិហារបរិសុទ្ធ នោះយើងបានទុកនូវក្តីកង្វល់ទាំងអស់មួយអន្លើរសិន ។ យើងបានកាន់ដៃគ្នាចូលទៅក្នុងអនាគតកាលរបស់យើង ។ ខ្ញុំអាចនិយាយយ៉ាងពិតប្រាកដថា ខ្ញុំបានទទួលព្រះហស្តដឹកនាំរបស់ព្រះអម្ចាស់ និងការធានាអះអាងដល់យើងថា ដរាបណាយើងទុកចិត្តលើទ្រង់ នោះអ្វីៗគ្រប់យ៉ាងនឹងដំណើរការល្អ ។ សព្វថ្ងៃនេះ យើងមានពរដែលមានកូនប្រុសដ៏ស្រស់ស្អាតម្នាក់ ហើយយើងគឺជាគ្រួសារមួយដែលបានផ្សារភ្ជាប់សម្រាប់ភាពអស់កល្បជានិច្ច ។