ចូរទុកចិត្តលើការដោះលែងឲ្យរួចរបស់ព្រះអង្គសង្គ្រោះ
ដកស្រង់ចេញមកពីសុន្ទរកថាការប្រជុំធម្មនិដ្ឋាន « The Power of Deliverance » ដែលបានថ្លែងនៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០០៨ ។
ដង្វាយធួន និងការរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះផ្តល់ព្រះចេស្តារដល់ទ្រង់ ឲ្យពង្រឹងយើងនៅក្នុងការសាកល្បងរបស់យើង ឬដោះលែងយើងចេញពីការសាកល្បងទាំងនោះ ។
សម្រាប់ពួកយើងដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ នោះពេលវេលាបន្ទាប់ពីពួកគេស្លាប់អាចនឹងមានទុក្ខ និងឯកោ—ហើយភាពកើតទុក្ខ និងឯកោនេះកើតមានកាន់តែខ្លាំងលើអស់អ្នកដែលគ្មានចំណេះដឹង និងទីបន្ទាល់អំពីដង្វាយធួន និងការរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ។ អ្នកចាំពីសិស្សពីរនាក់របស់ទ្រង់ដែលមានចិត្តសង្ស័យនៅលើផ្លូវទៅក្រុងអេម៉ោស ។ ព្រះអម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញបាននៅក្បែរនឹងពួកគេ ហើយសួរពីមូលហេតុដែលពួកគេកើតទុក្ខ ។ លូកាផ្តល់ចម្លើយនោះដល់យើង ៖
« នោះគេឆ្លើយថា គឺពីដំណើរលោកយេស៊ូវ ពីស្រុកណាសារ៉ែត ជាហោរា ដែលការលោកធ្វើ និងពាក្យសម្តីរបស់លោកសុទ្ធតែមានឫទ្ធិនៅចំពោះព្រះ និងបណ្តាជនទាំងឡាយផង ៖
ហើយពីបែបយ៉ាងណាដែលពួកសង្គ្រាជ និងពួកនាម៉ឺនយើងខ្ញុំ បានបញ្ជូនលោកទៅឲ្យជាប់ទោសដល់ជីវិត ហើយឆ្កាងលោកផង ។
តែយើងខ្ញុំបានសង្ឃឹមថា គឺលោកនេះហើយជាព្រះដែលរៀបនឹងប្រោសលោះសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន » ( លូកា ២៤:១៩–២១ ) ។
យើងទទួលបានការលួងលោមចេញពីចំណេះដឹង និងទីបន្ទាល់របស់យើងថា នោះ គឺជា ទ្រង់ដែលបានប្រោសលោះពួកសាសន៍អ៊ីស្រាអែល ។ គឺ ជា ទ្រង់ដែល « [ ផ្ដាច់ ] ចំណងនៃសេចក្ដីស្លាប់ » ( ម៉ូសាយ ១៥:២៣ ) ។ គឺ ជា ទ្រង់ដែលបានក្លាយជា « ផលដំបូងពីពួកអ្នកដែលបានដេកលក់ទៅហើយ » ( កូរិនថូសទី ១ ១៥:២០ ) ។ គឺ ជា ទ្រង់ដែលអាចធ្វើឲ្យសេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធ ចងភ្ជាប់យើងជារៀងរហូតជាមួយអស់អ្នកដែលយើង « ស្រឡាញ់ដែលលាចាកទៅជាយូរ ! » ១
នៅក្នុងរដូវការបុណ្យអ៊ីស្ទើរនេះ ខ្ញុំចង់ចែកចាយផ្នែកមួយនៃសារលិខិតការប្រជុំធម្មនិដ្ឋានរបស់ខ្ញុំ ដែលខ្ញុំបានថ្លែងកាលពីពីរបីឆ្នាំកន្លងទៅ អំពីព្រះចេស្តានៃការដោះលែងឲ្យរួចរបស់ព្រះអង្គសង្គ្រោះ ។ វាបានពង្រឹងដល់ខ្ញុំ ពេលខ្ញុំបានរៀបចំសារលិខិតនេះ ហើយចែកចាយវា ។ ខ្ញុំសូមអធិស្ឋានថា សារលិខិតនេះនឹងពង្រឹងដល់អ្នក ពេលអ្នកអានវា ។
អ្នកខ្លះស្លាប់ទាំងវ័យក្មេង ហើយទីបំផុតគឺយើងទាំងអស់គ្នានឹងស្លាប់ ។ ពួកយើងម្នាក់ៗនឹងត្រូវបានសាកល្បង ដោយការប្រឈមមុខនឹងសេចក្តីស្លាប់នៃមនុស្សដែលយើងស្រឡាញ់ ។
កាលពីម្សិលម្ងៃ ខ្ញុំបានជួបបុរសម្នាក់ដែលខ្ញុំពុំបានឃើញគាត់តាំងពីប្រពន្ធគាត់បានចែកឋានទៅម៉្លេះ ។ វាគឺជាឱកាសជួបជុំក្នុងថ្ងៃបុណ្យជាតិក្នុងសង្គមដ៏ជាទីមនោរម្យមួយ ។ គាត់បានញញឹមពេលគាត់ដើរសំដៅមករកខ្ញុំ ។ ដោយចាំពីមរណភាពរបស់ភរិយាគាត់ នោះខ្ញុំបានស្វាគមន៍គាត់ដោយប្រើឃ្លាសាមញ្ញមួយដោយប្រុងប្រយ័ត្នថា ៖ « តើលោកមានសុខទុក្ខយ៉ាងណាដែរ ? »
គាត់ឈប់ញញឹម ទឹកភ្នែកគាត់ចាប់ផ្តើមហូរ ហើយគាត់បាននិយាយស្ងាត់ៗ ដោយស្មោះអស់ពីចិត្តថា « ខ្ញុំសុខសប្បាយធម្មតាទេ ។ ប៉ុន្តែវាពិបាកណាស់ » ។
វា ពិតជា ពិបាកណាស់ ដូចដែលភាគច្រើននៃអ្នកទាំងអស់គ្នាបានដឹង ហើយជួនកាលពួកយើងគ្រប់គ្នានឹងដឹង ។ ផ្នែកដ៏លំបាកបំផុតនៃការសាកល្បងនោះគឺ ដើម្បីស្គាល់នូវអ្វីដែលត្រូវធ្វើពេលកើតទុក្ខ ឯកោ និងបាត់បង់ ដែលយើងអាចទទួលអារម្មណ៍ ដែលជាផ្នែកមួយនៃអ្វីដែលយើងបាត់បង់ ។ ការឈឺចាប់អាចបន្តបៀមជាប់នៅដូចជាជំងឺរាំរ៉ៃមួយ ។ ហើយមនុស្សខ្លះ មានអារម្មណ៍នៃកំហឹង ឬភាពអយុត្តិធម៌ ។
ព្រះអង្គសង្គ្រោះជ្រាបដឹងពីការឈឺចាប់របស់យើង ។
ដង្វាយធួន និងការរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះផ្តល់ព្រះចេស្តារដល់ទ្រង់ ឲ្យដោះលែងយើងចេញពីការសាកល្បងទាំងនោះ ។ តាមរយៈបទពិសោធន៍របស់ទ្រង់ ទ្រង់អាចជ្រាបដឹងពីការឈឺចាប់ទាំងអស់របស់យើង ។ ទ្រង់អាចជ្រាបដឹងការឈឺចាប់ទាំងនោះ តាមរយៈការបំផុសគំនិតពីព្រះវិញ្ញាណ ប៉ុន្តែទ្រង់បានជ្រើសជ្រាបដឹងតាមរយៈការទទួលបទពិសោធន៍នូវការឈឺចាប់ដោយព្រះអង្គផ្ទាល់ជំនួសវិញ ។ នេះគឺជាដំណើររឿង ៖
« ហើយមើលចុះ ទ្រង់នឹងប្រសូតមកពីនាងម៉ារា នៅក្រុងយេរូសាឡិម ដែលជាដែនដីរបស់ពួកអយ្យកោដើមរបស់យើង នាងជាស្ត្រីព្រហ្មចារី គឺជាប្រដាប់ដ៏ជម្រើស ហើយពិសេសមួយ ដែលនឹងត្រូវគ្របដណ្ដប់ ហើយចាប់ទំផ្ទៃដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងប្រសូតបានបុត្រមួយ មែនហើយ គឺជាព្រះរាជបុត្រានៃព្រះ ។
ហើយព្រះយេស៊ូវគ្រីស្ទនឹងយាងទៅដោយរងការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាងហើយទ្រង់ធ្វើយ៉ាងនេះ គឺដើម្បីឲ្យបានបំពេញនូវពាក្យទាំងឡាយ ដែលបានចែងមកថា ទ្រង់នឹងលើកដាក់លើខ្លួនទ្រង់នូវការឈឺចាប់ និងជំងឺទាំងឡាយរបស់រាស្ត្រទ្រង់ ។
ហើយទ្រង់នឹងយកដាក់លើរូបអង្គទ្រង់នូវសេចក្ដីស្លាប់ ដើម្បីទ្រង់អាចស្រាយចំណងទាំងឡាយនៃសេចក្ដីស្លាប់ដែលចងរាស្ត្រទ្រង់ ហើយទ្រង់នឹងដាក់លើរូបអង្គទ្រង់នូវជំងឺឈឺចាប់របស់ពួកគេ ដើម្បីឲ្យព្រះហឫទ័យទ្រង់ បានពោរពេញទៅដោយសេចក្ដីមេត្តាករុណា ស្របតាមសាច់ឈាម ដើម្បីទ្រង់អាចដឹងស្របតាមសាច់ឈាមថា តើត្រូវជួយរាស្ត្រទ្រង់បែបណាតាមជំងឺរបស់គេ » ( អាលម៉ា ៧:១០–១២ ) ។
មនុស្សល្អនៅជុំវិញអ្នកនឹងព្យាយាមយល់ពីការឈឺចាប់របស់អ្នកនៅគ្រានៃការស្លាប់របស់មនុស្សជាទីស្រឡាញ់ណាម្នាក់ ។ ពួកគេអាចទទួលអារម្មណ៍នៃការឈឺចាប់ដោយខ្លួនពួកគេផ្ទាល់ ។ ព្រះអង្គសង្គ្រោះពុំគ្រាន់តែយល់ និងទទួលអារម្មណ៍ឈឺចាប់ប៉ុណ្ណោះទេ ទ្រង់ថែមទាំងទទួលអារម្មណ៍នៃការឈឺចាប់ផ្ទាល់ របស់អ្នក ផងដែរ ដែលមានតែអ្នកប៉ុណ្ណោះដែលអាចទទួលអារម្មណ៍ឈឺចាប់នោះ ។ ហើយទ្រង់ស្គាល់អ្នកយ៉ាងច្បាស់ ។ ទ្រង់ជ្រាបពីចិត្តរបស់អ្នក ។
អញ្ជើញព្រះវិញ្ញាណបរិសុទ្ធ
ព្រះអង្គសង្គ្រោះអាចដឹងថា តើកិច្ចការណាមួយនៃកិច្ចការជាច្រើនដែលអ្នកអាចធ្វើ ដែលនឹងក្លាយជាល្អបំផុតសម្រាប់អ្នក នៅពេលអ្នកអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យលួងលោម និងប្រទានពរដល់អ្នក ។ ទ្រង់នឹងជ្រាបដឹងពីកន្លែងដែលល្អបំផុតសម្រាប់ឲ្យអ្នកចាប់ផ្តើម ។ ជួនកាលវាគឺជាការអធិស្ឋាន ។ ជួនកាលវាគឺជាការទៅលួងលោមចិត្តបុគ្គលណាម្នាក់ទៀត ។ ខ្ញុំស្គាល់ស្ត្រីមេម៉ាយម្នាក់ដែលមានជំងឺពិការភាព ដែលត្រូវបានបំផុសគំនិតឲ្យទៅសួរសុខទុក្ខស្ត្រីមេម៉ាយម្នាក់ផ្សេងទៀត ។ ខ្ញុំពុំបាននៅទីនោះទេ ប៉ុន្តែខ្ញុំប្រាកដក្នុងចិត្តថា ព្រះអម្ចាស់បានបំផុសគំនិតសិស្សស្មោះត្រង់ម្នាក់ ឲ្យឈោងទៅជួយបុគ្គលម្នាក់ទៀត ហើយរឿងនោះអាចជួយពួកគេទាំងពីរនាក់ ។
មានមធ្យោបាយជាច្រើនដែលព្រះអង្គសង្គ្រោះអាចជួយសង្គ្រោះអស់អ្នកដែលមានការឈឺចាប់ ហើយរបៀបនីមួយៗត្រូវម៉ាច់នឹងពួកគេតែម្តង ។ ប៉ុន្តែអ្នកអាចប្រាកដថា ទ្រង់អាច និងធ្វើវាក្នុងរបៀបមួយដែលល្អបំផុតសម្រាប់អស់អ្នកដែលឈឺចាប់ និងសម្រាប់អស់អ្នកដែលនៅជុំវិញពួកគេ ។ ឧទាហរណ៍ពេលព្រះដោះលែងមនុស្សចេញពីការឈឺចាប់ គឺថាពួកគេមានអារម្មណ៍បន្ទាបខ្លួនដូចជាកូនក្មេងនៅចំពោះព្រះភក្ត្រទ្រង់ ។ គំរូដ៏អស្ចារ្យស្តីពីអំណាចនៃភាពរាបសាដ៏ស្មោះត្រង់កើតចេញពីជីវិតរបស់យ៉ូប ( សូមមើល យ៉ូប ១:២០–២២ ) ។ ឧទាហរណ៍មួយទៀត ដែលយ៉ូបក៏មានដែរនោះគឺ សេចក្តីជំនឿដែលមាននៅក្នុងអំណាចនៃការរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ ( សូមមើល យ៉ូប ១៩:២៦ ) ។
យើងទាំងអស់គ្នានឹងរស់ឡើងវិញ រួមទាំងមនុស្សជាទីស្រឡាញ់របស់យើងដែលបានស្លាប់ផងដែរ ។ ការជួបជុំដែលយើងនឹងមានជាមួយពួកគេ ពុំមែនជាការមានរូបកាយដែលពុកផុយនោះទេ ប៉ុន្តែជាការមានរូបកាយដែលនឹងពុំចេះស្លាប់ ពុំចាស់ និងគ្មានជំងឺឡើយ ។
ពេលព្រះអង្គសង្គ្រោះបង្ហាញព្រះកាយដល់ពួកសាវកទ្រង់បន្ទាប់ពីទ្រង់មានព្រះជន្មរស់ឡើងវិញ នោះទ្រង់ពុំគ្រាន់តែធានាជាថ្មីចំពោះទុក្ខសោករបស់ពួកគេប៉ុណ្ណោះទេ តែទ្រង់ថែមទាំងធានាចំពោះយើងទាំងអស់គ្នាដែលមានការឈឺចាប់ផងដែរ ។ ទ្រង់បានធានាដល់ពួកគេ និងពួកយើងជាថ្មីទៀតតាមរបៀបនេះ ៖
« សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្តចុះ ។…
ចូរមើលមកដៃ និងជើងខ្ញុំឲ្យបានដឹងថា នេះគឺខ្ញុំពិតមែន ចូរពាល់ខ្ញុំមើល ដ្បិតខ្មោចគ្មានសាច់ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ » ( លូកា ២៤:៣៦, ៣៩ ) ។
ព្រះអម្ចាស់អាចបំផុសគំនិតយើងឲ្យទទួលនូវព្រះចេស្តានៃការដោះលែងចេញពីការឈឺចាប់របស់យើងក្នុងរបៀបមួយដែលស័ក្តិសមបំផុតសម្រាប់យើង ។ យើងអាចជ្រើសបម្រើមនុស្សដទៃសម្រាប់ព្រះអម្ចាស់ ។ យើងអាចថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ អំពីដំណឹងល្អរបស់ទ្រង់ អំពីការស្តារឡើងវិញនៃសាសនាចក្ររបស់ទ្រង់ និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ។ យើងអាចគោរពបទបញ្ញត្តិរបស់ទ្រង់ ។
ជម្រើសទាំងអស់នោះអញ្ជើញព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះវិញ្ញាណបរិសុទ្ធគឺជាអង្គដែលលួងលោមយើងក្នុងរបៀបមួយដែលត្រូវនឹងតម្រូវការរបស់យើង ។ ហើយតាមរយៈការបំផុសគំនិតរបស់ព្រះវិញ្ញាណ នោះយើងអាចមានទីបន្ទាល់អំពីការរស់ឡើងវិញ និងទស្សនៈច្បាស់លាស់អំពីការជួបជុំដ៏រុងរឿងនាពេលខាងមុខ ។ ខ្ញុំទទួលអារម្មណ៍លួងលោមនោះ នៅពេលខ្ញុំបានមើលទៅថ្មក្បាលផ្នូរនៃបុគ្គលម្នាក់ដែលខ្ញុំស្គាល់—ជាបុគ្គលដែលខ្ញុំដឹងថា ខ្ញុំអាចឱបពួកគេក្នុងរង្វង់ដៃខ្ញុំនៅពេលខាងមុខ ។ ដោយដឹងថា ខ្ញុំពុំគ្រាន់តែអាចដោះលែងចេញពីការឈឺចាប់ប៉ុណ្ណោះនោះទេ ខ្ញុំថែមទាំងបានពោរពេញដោយការរំពឹងទុកមួយដ៏រីករាយទៀតផង ។
ដោយមានបុគ្គលតូចនោះបានរស់នៅរហូតដល់ចាស់ទុំ នោះនាងត្រូវការការដោះលែងឲ្យរួចក្នុងការសាកល្បងផ្សេងៗទៀត ។ នាងត្រូវបានសាកល្បងឲ្យបន្តនៅស្មោះត្រង់នឹងព្រះ តាមរយៈឧបសគ្គខាងសាច់ឈាម និងខាងវិញ្ញាណ ដែលកើតមានលើមនុស្សគ្រប់រូប ។ ទោះបីជារូបកាយនេះជាការបង្កបង្កើតដ៏សំខាន់ក្តី ការរក្សាវាឲ្យដំណើរការគឺជាឧបសគ្គមួយដែលសាកល្បងយើងទាំងអស់គ្នា ។ មនុស្សគ្រប់រូបត្រូវតែពុះពារឆ្លងកាត់នូវជំងឺ និងឥទ្ធិពលនៃភាពចាស់ជរា ។
« ចូរមានចិត្តរាបសា »
ព្រះចេស្ដានៃការដោះលែងឲ្យរួចពីការសាកល្បងរបស់យើងគឺមានសម្រាប់យើង ។ វាដំណើរការក្នុងរបៀបមួយដូចនឹងការដោះលែងចេញពីការសាកល្បងដែលកើតឡើងនឹងការប្រឈមមុខនឹងសេចក្តីស្លាប់របស់មនុស្សជាទីស្រឡាញ់ ។ ដូចជាការដោះលែងនោះ ដែលពុំមែនតែងតែជាការប្រោសប្រណីជីវិតដល់មនុស្សជាទីស្រឡាញ់ជានិច្ច នោះការដោះលែងចេញពីការសាកល្បងផ្សេងទៀតអាចពុំត្រូវបានដកចេញពីពួកគេដូចគ្នានោះដែរ ។ ព្រះអម្ចាស់អាចពុំបន្ធូរការឈឺចាប់ឡើយ រហូតដល់យើងអភិវឌ្ឍនូវសេចក្តីជំនឿ ដើម្បីធ្វើជម្រើសដែលនឹងនាំព្រះចេស្តានៃដង្វាយធួនឲ្យដំណើរការក្នុងជីវិតរបស់យើងសិន ។ ទ្រង់ពុំតម្រូវរឿងនោះចេញពីភាពព្រងើយកន្តើយឡើយ ប៉ុន្តែត្រូវចេញពីសេចក្តីស្រឡាញ់សម្រាប់យើង ។
មគ្គុទេស៍មួយសម្រាប់ការទទួលព្រះចេស្តានៃការដោះលែងឲ្យរួចរបស់ព្រះអង្គសង្គ្រោះនៅក្នុងជីវិតនេះ ត្រូវបានប្រទានឲ្យទៅ ថូម៉ាស ប៊ី ម៉ាស ដែលកាលនោះគឺជាប្រធានកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ លោកមានការសាកល្បងដ៏លំបាក ហើយព្រះអម្ចាស់បានជ្រាបថា លោកនឹងប្រឈមមុខនឹងការសាកល្បងជាច្រើនទៀត ។ នេះគឺជាព្រះឱវាទចំពោះលោក ដែលខ្ញុំបានយកវាដាក់លើខ្លួនខ្ញុំ ហើយសូមផ្តល់ជូនដល់អ្នក ៖ « ចូរមានចិត្តរាបសា ហើយព្រះអម្ចាស់ជាព្រះរបស់អ្នកនឹងដឹកដៃអ្នក ហើយប្រទានចម្លើយដល់បទអធិស្ឋានទាំងឡាយរបស់អ្នក » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២:១០ ) ។
ព្រះអម្ចាស់សព្វព្រះទ័យដឹកនាំយើងទៅរកការដោះលែងជានិច្ច តាមរយៈការប្រែកាន់តែសុចរិតរបស់យើង ។ ការណ៍នោះតម្រូវឲ្យមានការប្រែចិត្ត ។ ហើយវាត្រូវការការបន្ទាបខ្លួន ។ ដូច្នេះផ្លូវទៅកាន់ការដោះលែង តម្រូវឲ្យមានការបន្ទាបខ្លួន ដើម្បីព្រះអម្ចាស់អាចដឹកនាំយើងដោយដឹកដៃទៅកន្លែងដែលទ្រង់មានព្រះទ័យចង់យកយើងទៅ ដោយឆ្លងកាត់បញ្ហារបស់យើង ហើយបន្តទៅកាន់ភាពបរិសុទ្ធ ។
ការសាកល្បងអាចបង្កើតឲ្យមានការពេញចិត្ត ឬការបាក់ទឹកចិត្ត ។ ភាពរាបសាដែលអ្នក និងខ្ញុំត្រូវការសម្រាប់ឲ្យព្រះអម្ចាស់ដឹកនាំយើងដោយដឹកដៃយើងនោះ កើតឡើងពីសេចក្តីជំនឿ ។ វាកើតឡើងពីសេចក្តីជំនឿដែលថា ព្រះពិតជាមានព្រះជន្មរស់នៅ ថាទ្រង់ស្រឡាញ់ពួកយើង ហើយអ្វីដែលទ្រង់សព្វព្រះទ័យ—យ៉ាងខ្លាំង—ឲ្យយើងមាននោះគឺជាអ្វីដែលល្អបំផុតសម្រាប់យើង ។
ព្រះអង្គសង្គ្រោះបានបង្ហាញយើងនូវភាពរាបសានោះ ។ អ្នកបានអាននូវរបៀបដែលទ្រង់បានអធិស្ឋាននៅក្នុងច្បារគែតសេម៉ានី អំឡុងពេលទ្រង់រងទុក្ខនូវការសាកល្បងជំនួសពួកយើង ដែលហួសពីសមត្ថភាពដែលយើងអាចយល់បាន ឬស៊ូទ្រាំបាន ឬឲ្យខ្ញុំពិពណ៌នាបាន ។ អ្នកចាំពីការអធិស្ឋានរបស់ទ្រង់ថា ៖ « ឱព្រះវរបិតាអើយ បើសិនជាទ្រង់សព្វព្រះហឫទ័យ នោះសូមយកពែងនេះចេញពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ » ( លូកា ២២:៤២ ) ។
ទ្រង់បានស្គាល់ ហើយបានទុកព្រះទ័យលើព្រះវរបិតាសួគ៌ទ្រង់គឺព្រះអេឡូហិមដ៏មហិមា ។ ទ្រង់បានជ្រាបថា ព្រះវរបិតាទ្រង់មានគ្រប់ព្រះចេស្ដាទាំងអស់ និងមានព្រះទ័យសប្បុរសជាខ្លាំង ។ បុត្រាសំណព្វបានទូលសូមដោយពាក្យរាបសា—ដូចជាកុមារតូចៗទាំងនោះ—ទូលសូមនូវព្រះចេស្តានៃការដោះលែងឲ្យរួច ដើម្បីជួយទ្រង់ ។
ចូរក្លាហាន និងទទួលការលួងលោម
ព្រះវរបិតាពុំបានដោះលែងព្រះរាជបុត្រាឲ្យរួចតាមរយៈការដកយកការសាកល្បងចេញឡើយ ។ សម្រាប់ជាប្រយោជន៍យើង ទ្រង់ពុំធ្វើបែបនោះឡើយ ប៉ុន្តែទ្រង់អនុញ្ញាតឲ្យព្រះអង្គសង្គ្រោះបញ្ចប់នូវបេសកកម្មដែលទ្រង់យាងចុះមកធ្វើ ។ ប៉ុន្តែយើងអាចមានចិត្តក្លាហាន និងទទួលការលួងលោមជារៀងរហូត ចេញពីការដឹងអំពីជំនួយដែលព្រះវរបិតាបានប្រទានមក ៖
« នោះមានទេវតាលេចមកឯទ្រង់អំពីស្ថានសួគ៌ មកចម្រើនកម្លាំងថ្វាយ ។
ហើយដោយទ្រង់កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី ។
រួចទ្រង់ក្រោកពីទីអធិស្ឋាន វិលទៅឯពួកសិស្សវិញ ក៏ឃើញគេដេកលក់ដោយព្រួយចិត្ត ។
ទ្រង់មានព្រះបន្ទូលថា ហេតុអ្វីបានជាដេកលក់ដូច្នេះ ចូរក្រោកឡើងអធិស្ឋានចុះ ដើម្បីកុំឲ្យត្រូវសេចក្តីល្បួងឡើយ » ( លូកា ២២:៤៣–៤៦ ) ។
ព្រះអង្គសង្គ្រោះបានអធិស្ឋានទូលសូមការដោះលែងឲ្យរួច ។ អ្វីដែលទ្រង់បានពោលពាក្យអធិស្ឋានពុំមែនជាការគេចចេញពីការសាកល្បងនោះទេ ប៉ុន្តែជាការលួងលោមសមល្មមដើម្បីឆ្លងកាត់ការសាកល្បងនោះដោយរុងរឿង ។
ការត្រាស់បង្គាប់របស់ទ្រង់ទៅកាន់សិស្សទ្រង់ ដែលពួកគេនឹងត្រូវទទួលការសាកល្បងគឺជាមគ្គុទេស៍មួយសម្រាប់យើង ។ យើងអាចប្ដេជ្ញាចិត្តធ្វើតាមការបង្គាប់នោះ ។ យើងអាចប្ដេជ្ញាចិត្តក្រោកឡើង ហើយអធិស្ឋានដោយសេចក្តីជំនឿ និងរាបសាបំផុត ។ ហើយយើងអាចធ្វើតាមការត្រាស់បង្គាប់បន្ថែមនៅក្នុងគម្ពីរម៉ាកុស ៖ « ចូរក្រោកឡើង យើងទៅ » ( ម៉ាកុស ១៤:៤២ ) ។
ចេញពីខគម្ពីរនេះ អ្នកមានការទូន្មានសម្រាប់ហែលឆ្លងកាត់ការសាកល្បងខាងសាច់ឈាម និងខាងវិញ្ញាណនៃជីវិត ។ អ្នកនឹងត្រូវការជំនួយរបស់ព្រះ បន្ទាប់ពីអ្នកបានធ្វើអស់ពីសមត្ថភាពដែលអ្នកអាចធ្វើសម្រាប់ខ្លួនអ្នក ។ ដូច្នេះ ចូរក្រោកឡើង ហើយទៅ ប៉ុន្តែសូមទទួលជំនួយពីទ្រង់ឲ្យបានកាន់តែឆាប់ កុំចាំរហូតដល់មានវិបត្តិ ទើបទូលសូមរកការដោះលែងនោះ ។
ខ្ញុំសូមថ្លែងជាសាក្សីដ៏ឱឡារិករបស់ខ្ញុំថា ព្រះគឺជាព្រះវរបិតាមានព្រះជន្មរស់នៅ ហើយទ្រង់ស្រឡាញ់អ្នក ។ ខ្ញុំដឹងរឿងនោះ ។ ផែនការនៃសុភមង្គលរបស់ទ្រង់គឺល្អឥតខ្ចោះ ហើយវា ជា ផែនការនៃសុភមង្គល ។ ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ឡើងវិញ ហើយយើងនឹងរស់ឡើងវិញផងដែរ ។ ទ្រង់បានរងទុក្ខ ដើម្បីទ្រង់អាចជួយយើងក្នុងគ្រប់ការសាកល្បងរបស់យើង ។ ទ្រង់បានបង់ថ្លៃលោះសម្រាប់អំពើបាបទាំងអស់របស់យើង និងបុត្រាបុត្រីទាំងអស់របស់ព្រះវរបិតាសួគ៌ ដើម្បីយើងអាចត្រូវបានដោះលែងឲ្យរួចពីសេចក្តីស្លាប់ និងអំពើបាប ។
ខ្ញុំដឹងថា នៅក្នុងសាសនាចក្រព្រះយេស៊ូវគ្រីស្ទ ព្រះវិញ្ញាណបរិសុទ្ធអាចយាងមកលួងលោម និងសម្អាតយើង ពេលយើងធ្វើតាមលោកចៅហ្វាយ ។ សូមឲ្យអ្នកទទួលការលួងលោម និងជំនួយរបស់ទ្រង់ក្នុងគ្រាអាសន្នរបស់អ្នក ពេញទាំងការសាកល្បងនានានៃជីវិតរបស់អ្នក ។