២០១៩
ជម្រើស ៖ តើ​ធ្វើ​ជា​វិចិត្រករ​ដ៏​ឆ្នើម​ម្នាក់ ឬ​ធ្វើ​ជា​ម្តាយ​ដ៏​ប្រពៃ​ម្នាក់ ?
ខែ មេសា ឆ្នាំ ២០១៩


មាន​តែ​ឌីជីថល​ប៉ុណ្ណោះ

ជម្រើស ៖ តើ​ធ្វើ​ជា​វិចិត្រករ​ដ៏​ឆ្នើម​ម្នាក់ ឬ​ធ្វើ​ជា​ម្តាយ​ដ៏​ប្រពៃ​ម្នាក់ ?

មនុស្ស​គ្រប់​រូប​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ពុំ​អាច​ធ្វើ​បាន​ល្អ​ប្រពៃ​ចំពោះ​រឿង​ទាំង​ពីរ​នេះ​ឡើយ ។ តើ​វា​អញ្ចឹង​មែន​ឬ ?

ខ្ញុំ​ចាំ​ពី​អារម្មណ៍​មិន​ស្រណុក​ចិត្ត ពេល​ខ្ញុំ​បាន​សិក្សា​អំពី​ជីវិត​របស់​វិចិត្រករ​ដ៏​ឆ្នើម​កាល​ខ្ញុំ​រៀន​នៅ​មហាវិទ្យាល័យ ។ វា​ទំនង​ថា ដើម្បី​ក្លាយ​ជា​វិចិត្រករ​ដ៏​ចំណាន និង​ដ៏​ឆ្នើម ពួកគេ​ត្រូវបោះបង់​ចោល​គ្រួសារ និង​សតិអារម្មណ៍​របស់​ពួកគេ ។ វិចិត្រករ​ដ៏​ឆ្នើម​បាន​ផាត់​ពណ៌​រូប​គំនូរ នាព្រឹក​ថ្ងៃ​បុណ្យគ្រីស្ទម៉ាស់ ខណៈ​ដែល​កូនៗ​របស់​ពួកគេ​បើក​កញ្ចប់​អំណោយ ។ មាន​វិចិត្រករ​ម្នាក់​បាន​រៀបការ​ចំនួន​ប្រាំ​មួយ​ដង ។ មាន​វិចិត្រករ​ម្នាក់​ទៀត​បាន​កាត់​ស្លឹក​ត្រចៀក​គាត់​ចេញ ហើយ​ផ្ញើ​ជូន​មនុស្ស​ដែល​គាត់​ស្រឡាញ់ ។ ហើយ​វិចិត្រករ​ម្នាក់​ទៀត​ថែម​ទាំង​បាន​សម្លាប់​មនុស្ស​ម្នាក់ទៀតផង ! ខ្ញុំ​បាន​ចាប់ផ្តើម​ឆ្ងល់​ថា តើ​អាច​ទៅ​រួច​ដែរ​ឬទេ ប្រសិនបើ​ក្លាយ​ជា​វិចិត្រករ​ដ៏​ឆ្នើម​ម្នាក់​ផង និង​ក្លាយ​ជា​ភរិយា និង​ម្តាយ​ដ៏​ប្រពៃ​ម្នាក់​ផង​នោះ ( ធ្វើ​កិច្ចការ​ទាំង​អស់​នោះ ដោយ​រក្សា​សតិ​របស់​ខ្ញុំ ! ) ។

សាស្ត្រាចារ្យ​របស់ខ្ញុំ​បាន​បង្រៀន​ថា ប្រសិនបើ​យើង​ពិតជា​ចង់​ក្លាយ​ជា​មនុស្ស​ឆ្នើម​មែន នោះ​យើង​ត្រូវ​ធ្វើ​ការលះបង់​ដើម្បី​សម្រេច​បាន​នូវ​រឿង​នោះ ។ យើង​ត្រូវតែ​ខិតខំ​ធ្វើ​ការនោះ​ច្រើនជាង​នរណាៗ​ផ្សេង​ទៀត​ទាំងអស់ ។ យើង​ត្រូវតែ​ដាក់​ការគូររូប​ជាចម្បង​គេ​ក្នុង​ជីវិត​របស់​យើង ។ ជារឿយៗ ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ថា « ចុះប្រសិនបើ​វិចិត្រករ​ម្នាក់​រក្សា​បទបញ្ញត្តិ ដាក់​កិច្ចការ​សំខាន់​ជាអាទិភាព ហើយ​មាន​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ដឹកនាំ​កិច្ចការ​បស់​ពួកគេ តើ​ពួកគេ​មិន​ប្រែ​ជា​មនុស្ស​ឆ្នើម ហើយ​អាចកាន់តែ​ឆ្នើម​ឡើង​ទេ​ឬអី ? »​ សំណួរ​នេះ​បាន​ដក់​ក្នុង​ចិត្ត​ខ្ញុំ​រហូត​ដល់​ខ្ញុំ​រៀន​ចប់ ។

នៅពេល​ស្វាមី​ខ្ញុំ និង​ខ្ញុំ​បាន​បញ្ចប់​ការសិក្សា នោះ​យើង​បាន​រៀបការបានមួយ​ឆ្នាំហើយ ។ អែលឌើរ រ័សុល អិម ណិលសុន ( កាលនោះ​លោក​ជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ) បាន​មក​ថ្លែង​សុន្ទរកថា​នៅ​ពិធី​ទទួលសញ្ញាបត្រ​របស់យើង ។ ការទទួលទាន​អាហារ​បាន​ធ្វើ​ឡើង​បន្ទាប់​ពីការប្រជុំ​នោះ ហើយ​មាន​សិស្ស​តែ ១៦ នាក់​ប៉ុណ្ណោះ​ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម ។ គួរ​ឲ្យ​ចម្លែក​ណាស់ ទាំងស្វាមី​ខ្ញុំ និង​ខ្ញុំ​ត្រូវបាន​ជ្រើសរើស​ឲ្យ​ទៅ​ទទួល​ទាន​អាហារ​នោះ ។ នៅពេល​នោះ​មាន​វគ្គ​បើកការពិភាក្សា​សម្រាប់​សំណួរ និង​ចម្លើយ ។ ខ្ញុំ​បាន​លើក​ដៃ ហើយ​បាន​មើល​ទៅ​អែលឌើរ​ណិលសុន​ចំ​កែវ​ភ្នែក​លោក ហើយ​បង្ហាញ​ពី​កង្វល់​របស់​ខ្ញុំ​អំពី​ការធ្វើ​ជា​វិចិត្រករ និងជា​ម្តាយ​មួយ​រូប​ផងដែរ ។ ខ្ញុំ​បាន​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​កសាង​ទេពកោសល្យ​របស់​ខ្ញុំ​នៅ​ក្នុង​សាលា​រៀន ហើយ​ខ្ញុំ​ចង់​បន្ត​ខិតខំ និង​កែលម្អ​ខ្លួន​ឲ្យ​បានកាន់តែ​ប្រសើរ​ឡើង ប៉ុន្តែ​ខ្ញុំ​ក៏​ដឹង​ថា ភាព​ជាម្តាយ​គឺជា​អាទិភាព​ដែរ ។ តើ​មាន​របៀប​មួយ​​ដើម្បី​ធ្វើ​កិច្ចការ​ទាំង​ពីរបាន​ដែរ​ឬ​ទេ ? ដោយ​ក្តីចាប់អារម្មណ៍​អែលឌើរណិលសុន​បាន​តប​ថា « ពិតជា​អាច​ធ្វើ​បាន ! » លោក​បាន​លើក​ទឹកចិត្ត​ខ្ញុំ​ឲ្យ​បង្កើន​ទេពកោសល្យ​របស់​ខ្ញុំ​ឲ្យ​បាន​ប្រសើរ​ឡើង ហើយ​អធិស្ឋានទៅ​កាន់​ព្រះវរបិតាសួគ៌​ទូល​សូម​ជំនួយ​ដើម្បី​ដឹង អំពី​របៀប​ដែល​ខ្ញុំ​អាច​ធ្វើ​កិច្ចការ​ទាំងពីរបាន ហើយ​ថា​ជាមួយ​នឹង​ទ្រង់ នោះ​ខ្ញុំ​នឹង​អាច​ធ្វើ​កិច្ចការ​នានា​ដែល​ខ្ញុំ​ធ្លាប់​គិតថា ខ្ញុំ​ពុំ​អាច​ធ្វើបាន ។ ខ្ញុំ​បាន​យក​ការទូន្មាន​នោះទុក​ក្នុង​ចិត្ត ។

បានតាំងចិត្ត​តាម​ព្រះរាជបំណង​របស់​ទ្រង់

ឥឡូវ​នេះ ស្វាមីខ្ញុំ និង​ខ្ញុំ​មាន​កូន​បួន​នាក់ ។ យើង​បាន​រៀន​អំពី​របៀប​ដោះស្រាយ​នឹង​ការទទួល​ខុសត្រូវ​ជាច្រើន​ក្នុងនាម​ជា​ឪពុកម្តាយ ។ កាល​នោះ ស្ទើ​តែ​រាល់​ថ្ងៃ​ខ្ញុំ​បាន​ចាប់ផ្តើម​ក្រោក​នៅ​ម៉ោង ៤ ព្រឹក ហើយគូរគំនូរ ពីមុន​កូនៗ​របស់​ខ្ញុំ​ភ្ញាក់​ឡើង ។ ខ្ញុំ​ព្យាយាម​គូរ​គំនូរ​ប្រាំមួយ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ទោះបីជា​ថ្ងៃ​ខ្លះ​ខ្ញុំ​មាន​តែ ៣០ នាទី​ដើម្បី​គូរ​គំនូរ​ក្តី ។ ខ្ញុំ​បាន​ចាប់ផ្តើម​ការគូរ​គំនូរ​នីមួយៗ​ដោយ​ការអធិស្ឋាន ដោយដឹង​ថា ខ្ញុំ​ពុំ​អាច​ធ្វើ​វា​បាន​ច្រើន​ដោយ​គ្មាន​ជំនួយ​ពី​ព្រះអម្ចាស់​ឡើយ ។ ខ្ញុំ​ពុំ​គ្រាន់តែ​អធិស្ឋាន​ដើម្បី​អាច​គូរ​គំនូរ​របស់​ខ្ញុំ​ប៉ុណ្ណោះទេ គឺ​ខ្ញុំ​ថែម​ទាំងបានអធិស្ឋាន​ដើម្បី​ដឹង​ពីអ្វី​ដែល​សំខាន់​បំផុត​នៅ​ថ្ងៃ​នោះ ហើយ​តាំងចិត្ត​ធ្វើ​តាម​ព្រះទ័យ​ទ្រង់​ជាមុន ។ ទោះ​ជា​ការរីកចម្រើន​វា​ពុំ​បាន​លឿន​ក្តី ប៉ុន្តែ​វា​មាន​ស្ថេរភាព ។

វា​អស់​រយៈពេល ១២ ឆ្នាំ​ហើយ​ចាប់តាំង​ពី​ថ្ងៃ​បញ្ចប់​ការសិក្សា​របស់ខ្ញុំ​មក ។ ខ្ញុំ​មាន​គ្រា​មួយ​នៃ​ការបាក់ទឹកចិត្ត ។ ជីវិត​ហាក់ដូចជា​ស្មុគស្មាញ​ណាស់ ។ ភាព​ជាម្តាយ​បាន​ប្រែ​កាន់តែ​ស្មុគស្មាញ​ឡើង​លើសពី​ការរំពឹង​ទុក​របស់​ខ្ញុំ ។ ខ្ញុំ​បាន​អង្គុយ​លើ​ជើង​ជ្រោង​រូបគំនូរ​របស់​ខ្ញុំ​ទាំង​យំ ដោយ​ឆ្ងល់​ថា តើ​ខ្ញុំ​ពិតជា​អាច​ក្លាយ​ជាវិចិត្រករ​ដ៏ឆ្នើម ដូច​ខ្ញុំ​ធ្លាប់​ស្រមៃ​ចង់​បានដែរ​ឬ​ទេ ។ ខ្ញុំ​ទទួល​ការបំផុស​គំនិត​ឲ្យ​ទាញ​សៀវភៅ​កំណត់ហេតុ​ចាស់​របស់​ខ្ញុំ​ពី​ធ្នើរ​មក ហើយ​ខ្ញុំ​បានបើក​វា​ទៅ​រក​ការសរសេរ​របស់​ខ្ញុំ​ចុះ​ថ្ងៃ​ទី ៣០ ខែ មេសា ឆ្នាំ ២០០៦ ជា​ថ្ងៃ​បន្ទាប់​ពី​ខ្ញុំ​ទទួល​សញ្ញាបត្រ ។ ខ្ញុំ​បាន​ភ្លេច​ទាំងស្រុង​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​របស់ខ្ញុំ​ជាមួយ​ប្រធានណិលសុន ! ជួនកាល​ព្យុះភ្លៀង​នៃ​ជីវិត​បាន​ធ្វើ​ឲ្យខ្ញុំ​ស្ទើរតែ​ភ្លេច​នូវ​ព្រឹត្តិការណ៍​នោះ ។ ពាក្យ​នៅក្នុង​សៀវភៅ​នោះ បាន​នៅ​ចំពោះ​មុខ​ខ្ញុំ ជា​ពាក្យ​មកពីព្យាការី​បច្ចុប្បន្ន​របស់​យើង​ថា « ពិតជាអាច​ធ្វើ​បាន ! » ខ្ញុំ​ហូរទឹក​ភ្នែក​ទាំង​អំណរគុណ ពេល​ខ្ញុំ​នឹក​គិត​ឡើង​វិញ​ពី​អ្វី​ដែល​ខ្ញុំ​សម្រេច​បាន​ ចាប់តាំង​ពី​គ្រា​នោះ ហើយ​ខ្ញុំ​ក៏​សម្លឹង​ទៅ​មុខ​ទៀត​ដោយ​សេចក្តីសង្ឃឹម​ផងដែរ ។

ការធ្វើ​កិច្ចការ​ដែល​ពុំ​អាច​ធ្វើ​បាន

ពីរបី​ខែ​ក្រោយ​មក អ្នករចនាប្លង់​ទស្សនាវដ្តី Ensign ម្នាក់​បាន​ទូរសព្ទ​មក​ខ្ញុំ ហើយ​សួរ ប្រសិនបើពួកគេ​អាច​ប្រើ​រូបគំនូរ​មួយ​របស់​ខ្ញុំ ដាក់លើ​គម្រប​ខាង​ក្នុង​នៃ​ច្បាប់​ចេញ​ផ្សាយ​សន្និសីទ​ទូទៅ​ខែ​វិច្ឆិកា​ឆ្នាំ ២០១៨ ។ ខ្ញុំ​មាន​ក្តីរំភើប​ជា​ខ្លាំង ! អំឡុងពេល​ធំ​ដឹង​ក្តី រឿង​ដំបូង​ដែល​ខ្ញុំ​តែងតែ​ធ្វើ ពេល​ទទួល​បាន​ទស្សនាវដ្តី​សាសនាចក្រ​គឺ​មើល​រូបគំនូរ​ក្នុង​ទស្សនាវដ្តី​នោះ​តាំង​ពី​ដើម​រហូត​ដល់​ចប់ ។ ឥឡូវ​នេះ​រូប​គំនូរ​មួយ​របស់​ខ្ញុំ​បាន​ដាក់​នៅក្នុង​ទស្សនាវដ្តី​នោះ ! បន្ទាប់​មក ពេល​គេ​ប្រាប់​ខ្ញុំ​ថា ពួកគេ​ចង់​ផ្គូផ្គង​គំនូរ​របស់​ខ្ញុំ​ឲ្យ​ត្រូវ​នឹង​ប្រសាសន៍​របស់​ប្រធាន​ណិលសុន នោះ​ខ្ញុំ​អាច​ឃើញ​ព្រះហស្ត​របស់​ព្រះលើក​ទឹកចិត្ត​ខ្ញុំ​ឲ្យ​ឆ្ពោះ​ទៅ​មុខ ។

ខ្ញុំ​នៅតែ​មាន​ដំណើរ​ដ៏​វែងឆ្ងាយ​នៅ​លើ​វិថី​ផ្នែក​គំនូរ​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ក៏​មាន​អំណរគុណ​ចំពោះ​ក្តីសង្ឃឹម​របស់​ប្រធាន​ណិលសុន​ទៅលើ​ព្រះអម្ចាស់ និង​លើ​ពួកយើង​ដែរ ។ ខ្ញុំ​មាន​អំណរ​គុណ​ចំពោះ​ភាពសុទ្ធិនិយម និង​ទំនុក​ចិត្ត​របស់​លោក ។ ខ្ញុំ​ដឹង​ថា នៅពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់ នោះ​យើង​អាច​នឹង​ធ្វើ​កិច្ចការ​អស្ចារ្យ​បាន សូម្បី​តែ​កិច្ចការ​ដែល​យើង​ធ្លាប់​គិតថា យើង​ពុំ​អាច​ធ្វើ​បាន​នោះ ។ « ដ្បិត​ការណ៍អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន​នោះ​គ្មាន​សោះ​ឡើយ » ( លូកា ១:៣៧ ) ។