ភាពទៀងត្រង់ដ៏ផ្អែមល្ហែម
អ្នកនិពន្ធរស់នៅក្នុងរដ្ឋខូឡូរ៉ាដូ ស.រ.អា. ។
« ប្រព្រឹត្តសេចក្តីល្អតែប៉ុណ្ណោះ » ( កូរិនថូសទី ២ ១៣:៧ ) ។
ម៉ាក់បាននិយាយថា « ម៉ាក់ត្រូវការកូនមើលថែប្អូន ។ ប៉ារបស់កូន និងម៉ាក់នឹងទៅជួយមនុស្សម្នាក់ដែលឈឺ » ។
ខ្ញុំបានងើយមុខមើលគាត់ពេលកំពុងជូលកម្រាលឥដ្ឋផ្ទះតូចរបស់យើង ហើយងក់ក្បាល ។ ម៉ាក់គឺជាប្រធានសមាគមន៍សង្គ្រោះ ហើយជារឿយៗគាត់បានទៅសួរសុខទុក្ខបងប្អូនស្រីនៅក្នុងវួដរបស់យើង ។
ម៉ាក់បាននិយាយទាំងថើបសក់ក្បាលខ្ញុំថា « អរគុណអាលីន ។ ចនកំពុងគេង ។ ហើយមានម្សៅធ្វើនំបុ័ងនៅលើតុ ។ សុំកុំប៉ះពាល់វា » ។
ខ្ញុំបានមើលម៉ាក់ និងប៉ាតាមមាត់ទ្វារ ពេលពួកគេជិះរទេះមានដំបូងទៅតាមផ្លូវដីហុយ ។ ខ្ញុំមានអារម្មណ៍មោទនភាពដែលម៉ាក់បានទុកចិត្តខ្ញុំ ។
ពេលខ្ញុំបោសសម្អាតផ្ទះបាយ ខ្ញុំបានឈប់ ហើយមើលទៅម្សៅធ្វើនំបុ័ងនោះ ។ ខ្ញុំពុំអាចទ្រាំនឹងរង់ចាំឲ្យម៉ាក់ធ្វើនំបុ័ងយប់នេះឡើយ ។ ជាទូទៅ យើងបរិភោគនំបុ័ងស្រស់ៗជាមួយដំណាប់ដែលយើងធ្វើ ។ ប៉ុន្តែយើងបានអស់ដំណាប់បីខែមកហើយ ។
ដំណាប់ ! គំនិតនេះបានធ្វើឲ្យខ្ញុំឃ្លានអ្វីមួយផ្អែមៗ ។ ខ្ញុំបានក្រឡេកមើលទៅក្រឡស្ករដែលនៅលើធ្នើរខ្ពស់ ។ ខ្ញុំដឹងថា ម៉ាក់បានទុកវាដើម្បីធ្វើដំណាប់បន្ថែមទៀត ។
ប៉ុន្តែពេលណាខ្ញុំគិតអំពីស្ករ នោះខ្ញុំកាន់តែឃ្លាន ។ ទីបំផុត ខ្ញុំបានទាញកៅអីដាក់ឡើងលើតុ ហើយឈោងយកវា ។ ម្រាមដៃរបស់ខ្ញុំស្ទើរតែប៉ះក្រឡស្ករនោះ ។ ខ្ញុំបានទាញវាមកក្បែរគែមធ្នើរ ។…
បន្ទាប់មក ក្រឡនោះបានរអិលធ្លាក់ចុះពីធ្នើរ ។ ខ្ញុំបានព្យាយាមចាប់វា ប៉ុន្តែវាបានធ្លាក់ឭសំឡេងយ៉ាងខ្លាំងនៅចំកណ្តាលម្សៅធ្វើនំបុ័ង ។ ស្ករបានខ្ចាយពេញលើនំបុ័ង និងតុ ព្រមទាំងលើកម្រាលឥដ្ឋផងដែរ ។
ខ្ញុំបានស្រែក « អូ៎ អត់ទេ ! » វាបានធ្វើឲ្យប្អូនប្រុសខ្ញុំភ្ញាក់ ។ គាត់បានចាប់ផ្តើមយំ ។ ខ្ញុំ ក៏ចង់យំដែរ ។ តើម៉ាក់នឹងនិយាយដូចម្តេចអំពីភាពរញ៉េរញ៉ៃនេះ ?
បន្ទាប់ពីខ្ញុំបានលួងចនហើយ ខ្ញុំបានខំសម្អាតស្ករដែលខ្ចាយនោះ ។ ខ្ញុំបានទាញក្រឡនោះចេញពីម្សៅ ហើយលាងសម្អាតវា ។ ខ្ញុំបានបោសម្អាតស្ករចេញពីតុ និងកម្រាលឥដ្ឋ ។ ប៉ុន្តែខ្ញុំពុំអាចធ្វើអ្វីមួយដើម្បីយកស្ករចេញពីម្សៅបានឡើយ ។
ខ្ញុំបានគិតពីការទុកក្រឡស្ករទៅលើធ្នើរវិញ ។ ប្រហែលជាម៉ាក់មិនចាំថា អស់ស្ករទេ ។ ប៉ុន្តែខ្ញុំដឹងថា ធ្វើបែបនេះពុំត្រូវទេ ។ ដូច្នេះខ្ញុំបានទុកក្រឡនេះនៅលើតុ ហើយរង់ចាំរហូតដល់ម៉ាក់ និងប៉ាត្រឡប់មកផ្ទះវិញ ។
ពេលពួកគាត់មកដល់ផ្ទះ ម៉ាក់បានឃើញក្រឡស្ករភ្លាម ។
ខ្ញុំបានដកដង្ហើមធំ ។ « កូនគ្រាន់តែចង់ភ្លក់រសជាតិស្ករ ! តែកូនបានប៉ះក្រឡស្ករធ្លាក់ចុះពីធ្នើរ ។ កូនបានព្យាយាមសម្អាតវា ប៉ុន្តែកូនពុំអាចយកស្ករចេញពីម្សៅធ្វើនំបុ័ងបានទេ » ។ ខ្ញុំបាននិយាយយ៉ាងលឿន ខណៈដែលខ្ញុំឱនមុខចុះទៅកម្រាលឥដ្ឋ ។
ម៉ាក់បាននៅស្ងៀមមួយសន្ទុះ ។
ខ្ញុំបាននិយាយខ្សឹបៗថា « ឲ្យកូនសុំទោស » ។
ម៉ាក់បានដកដង្ហើមធំ ។ គាត់បាននិយាយថា « អញ្ជឹងម៉ាក់គិតថា នំបុ័ងនឹងមានរសជាតិផ្អែមខ្លាំងហើយយប់នេះ ។ ខ្ញុំបានងើយមើលទៅគាត់ ។ គាត់បានញញឹមបន្តិចដាក់ខ្ញុំ ។ « អរគុណដែលកូនបានប្រាប់នូវអ្វីដែលបានកើតឡើង ។
ពេលយើងបរិភោគនំបុ័ងផ្អែមនាយប់នោះ ម៉ាក់ និងប៉ា ព្រមទាំងខ្ញុំបាននិយាយគ្នាអំពីភាពទៀងត្រង់ ។
ប៉ាបាននិយាយថា « យើងទាំងអស់គ្នាធ្វើខុសច្រើននៅក្នុងជីវិត ។ ប៉ុន្តែពេលយើងមានចិត្តទៀងត្រង់ ហើយព្យាយាមប្រែចិត្ត នោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវសព្វព្រះទ័យ ។ យើងនឹងមានពរជានិច្ចសម្រាប់ការមានចិត្តទៀងត្រង់—ទោះបីវាហាក់ដូចជាលំបាកនៅពេលដំបូងក្តី » ។
ខ្ញុំនៅតែស្តាយ ដែលខ្ញុំបានធ្វើឲ្យកំពប់ស្ករ ។ ខ្ញុំបានដឹងថា យើងប្រហែលជាគ្មានដំណាប់ច្រើនទេនាឆ្នាំនេះ ដោយសារតែកំហុសរបស់ខ្ញុំ ។ ប៉ុន្តែខ្ញុំរីករាយ ដែលខ្ញុំបាននិយាយការពិត ។ នោះគឺជាអារម្មណ៍ដ៏ផ្អែមល្អែមមួយ ដែលទោះជាមានស្ករប៉ុន្មានក៏មិនអាចធ្វើឲ្យវាផ្អែមដូចនេះឡើយ ។