២០១៩
ឃើញ​លោក​ប៉ា​ច្រៀង
ខែ មេសា ឆ្នាំ ២០១៩


ឃើញ​លោក​ប៉ា​ច្រៀង

ម៉ារៀ អូកា រដ្ឋ កាលីហ្វ័រញ៉ា ស.រ.អា.

watching choir singing

រចនា​រូបភាព​ដោយ អេលែន ហ្គានស៍

ខ្ញុំ​បាន​ទៅ​បេសកកម្ម​នៅ ហូណូលូលូ រដ្ឋ ហាវ៉ៃ ស.រ.អា. បានតែ​រយៈពេល​បួន​ខែ​កន្លះ​ប៉ុណ្ណោះ ពេល​ខ្ញុំ​មាន​ការប្រកាច់ដ៏​យូរ​មួយ ហើយ​ក្រោយ​មក​ខ្ញុំ​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​ជំងឺ​ឆ្កួត​ជ្រូក ។​ ជា​ច្រើន​ខែ​បន្ទាប់​មក ខ្ញុំ​បាន​ទៅ​មន្ទីរពេទ្យ ធ្វើ​តេស្ត​ជាច្រើន ហើយ​ទទួល​ថ្នាំ​ព្យាបាល​ថ្មី​មួយ​ដែល​ធ្វើឲ្យ​មាន​ផល​ប៉ះពាល់​ច្រើន ។

តាំងពី​ដំបូង​រហូត​មក​ដល់​ពេល​នោះ ខ្ញុំ​បាន​ផ្តោត​ចិត្ត​យ៉ាង​ខ្លាំង​លើ​កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា ដែល​ធ្វើ​ឲ្យ​ខ្ញុំពុំ​នឹក​ផ្ទះ​ខ្លាំង​ទេ ប៉ុន្តែ​ចាប់តាំង​ពី​ពេល​ដែល​ខ្ញុំ​មាន​ការប្រកាច់​នោះ​មក ដួង​ចិត្ត​ខ្ញុំ​ឈឺ​ចាប់ ។ ខ្ញុំ​នឹក​ឪពុក​ម្តាយ​ខ្ញុំ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ឯកោ ទោះបី​ខ្ញុំ​នៅក្នុង​ចំណោម​មនុស្ស​ដ៏អស្ចារ្យ​ដែល​មើល​ថែ​ខ្ញុំ​ក្តី ។ ខ្ញុំ​មិន​ចង់​ទៅ​​ផ្ទះ ប៉ុន្តែ​ខ្ញុំ​ចង់​បាន​អារម្មណ៍​នៃ​ភាព​សុខសាន្ត ។

ដោយ​មាន​ការអនុញ្ញាត​ពី​ប្រធាន​បេសកកម្ម ខ្ញុំ​បាន​និយាយ​ជាមួយ​ឪពុក​ម្តាយ​ខ្ញុំ​តាម​ទូរសព្ទ​អំពី​ថ្នាំ​របស់​ខ្ញុំ ។ ឪពុក​ខ្ញុំ​ដែល​ទើបតែ​បំពេញ​ក្តីសុបិន​​ដ៏​យូរ​របស់​គាត់​ ចូលរួម​ក្រុមចម្រៀង​រោង​ឧបោសថ​នៅ​វិសាលដ្ឋាននៃ​ព្រះវិហារ​បរិសុទ្ធ បាន​បញ្ជាក់​ដល់​ខ្ញុំ​ថា គាត់​នឹង​​ច្រៀង​ចម្រៀង​ឲ្យ​អស់​ពី​ចិត្ត​សម្រាប់​ខ្ញុំ​នៅក្នុង​សន្និសីទ​ទូទៅ ដែល​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​បន្ទាប់នោះ ។

នៅព្រឹក​បន្ទាប់​ ខ្ញុំ​បាន​អធិស្ឋាន​ដោយ​ស្មោះ​ទូលសូម​ភាពសុខសាន្ត​ដែល​ខ្ញុំ​ត្រូវការ​ជា​ខ្លាំង​នោះ ។ ខ្ញុំ​បាន​ទទួល​ចម្លើយ​ចំពោះ​សំណួរ​ជាក់លាក់​នានា អំឡុងពេល​សន្និសីទ​ទូទៅ​ពីមុនៗ ហើយ​ខ្ញុំ​បាន​ទុកចិត្ត​ថា ខ្ញុំ​អាច​ទទួល​ការណែនាំ​ម្តង​ទៀត ។ នៅពេល​ចាប់ផ្តើម​សន្និសីទ ក្រុម​ចម្រៀង​បាន​ច្រៀង​បទ « កូនចៅ​នៃ​ព្រះ​អើយ​ទ្រង់​គង់​ក្បែរ​អ្នក » ( ទំនុកតម្កើង លេខ ៤៥ ) ។ អំឡុងពេល​នាទី​ដំបូង ខ្ញុំ​បាន​ឃើញ​ប៉ា​របស់​ខ្ញុំ​នៅលើ​កញ្ចក់​ទូរទស្សន៍ ។ អ្នក​ថត​វីដេអូ​បាន​ពង្រីក​កាំម៉ារ៉ា​​កាន់តែ​ជិត​មុខ​របស់​គាត់​មួយ​សន្ទុះធំ ។

ទឹក​ភ្នែក​ខ្ញុំ​បាន​ហូរ​ស្រក់​ចុះ​មក ពេល​ខ្ញុំ​បាន​ទទួល​អារម្មណ៍​​នៃ​ភាពសុខសាន្ត​ពេញ​ខ្លួន​ខ្ញុំ ។ ខ្ញុំ​បានដឹង​ថា ព្រះ​ស្រឡាញ់​ខ្ញុំ ។ ទ្រង់​បាន​ដឹង​យ៉ាង​ពិត​ប្រាកដ​អំពី​តម្រូវ​ការ​ខ្ញុំ​នា​ថ្ងៃ​នោះ—គឺ​ការបញ្ជាក់​យ៉ាង​សាមញ្ញ​ថា ទ្រង់​គង់​នៅ​ក្បែរ ហើយ​ជ្រាប​ដឹង​ពី​ខ្ញុំ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ និង​សេចក្តីស្រឡាញ់​របស់​គ្រួសារ​ខ្ញុំ ដៃគូ និង​ប្រធាន​បេសកកម្ម​របស់​ខ្ញុំ ។ ជំនួសឲ្យ​អារម្មណ៍​ការមាន​បន្ទុក ឥឡូវ​នេះ ខ្ញុំ​បាន​ឃើញ​ពី​ឱកាស​មួយ​ដើម្បី​ខិតកាន់តែ​ជិត​ព្រះអម្ចាស់ ។

ឧបសគ្គ​ផ្នែក​សុខភាព​ខ្ញុំ​ពុំ​បាត់​ទៅ​ណា​ទេ ។ ទីបំផុត ខ្ញុំ​​ត្រូវ​ចាកចេញ​ពី​បេសកកម្ម​របស់ខ្ញុំ​មុន​កំណត់ ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា​ព្រះ​គង់​នៅទីនោះ ហើយ​ទ្រង់​ស្រឡាញ់​ខ្ញុំ ។ ការបញ្ជាក់​នោះ​បាន​នៅជាប់​ជាមួយ​ខ្ញុំ ពេញទាំង​ការសាកល្បង​ជាច្រើន​ទៀត​របស់​ខ្ញុំ ហើយ​បាន​ផ្តល់​សេចក្តីសង្ឃឹម​ក្នុង​គ្រា​លំបាក​នានា​របស់​ខ្ញុំ ។ មនុស្ស​ដទៃ​អាច​គិត​ថា វា​គឺជា​រឿង​ចៃដន្យ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ការឃើញ​ប៉ា​របស់​ខ្ញុំ​ច្រៀង​អំពី​សេចក្តីស្រឡាញ់​នៃ​ព្រះ គឺជា​អព្ភូតហេតុ​តូច​មួយ​​ក្នុង​គ្រា​អាសន្ន​របស់​ខ្ញុំ ។ ◼