ពរជ័យនៃភាពខ្លួនទីពឹងខ្លួន
អាជីវកម្មកំពុងដំណើរការល្អ
ដោយអរគុណចំពោះអ្វីដែលគាត់បានរៀននៅក្នុងថ្នាក់ភាពខ្លួនទីពឹងខ្លួន នោះ ថេឌី រេយីស រកឃើញឱកាសថ្មីមួយទៀត ទោះបីគាត់បាត់បង់ឱកាសមួយក្តី ។
ម៉ោង ៤ ព្រឹកនៅទីក្រុង សានតូ ដូមីងហ្គោ សាធារណៈរដ្ឋ ដូមីនីហ្គែន ហើយ ថេឌី រេយី បានក្រោកឡើង ហើយកំពុងធ្វើការ ។ គាត់មានកិច្ចការច្រើនត្រូវធ្វើដើម្បីឲ្យអាជីវកម្មរបស់គាត់ដំណើរល្អ ។ គាត់បានចាប់ផ្តើមចិតប៉េងប៉ោះ និងនំបុ័ងជាចំណិតៗ ។ បន្ទាប់មក គាត់ធ្វើទឹកជ្រលក់ពិសេសរបស់គាត់ ។
នៅម៉ោង ៦ ព្រឹក បុគ្គលិកពីរនាក់បានមក ហើយជួយធ្វើការគាត់ និងការរៀបចំត្រូវបន្ថែមល្បឿនឡើង ។ ពេលម៉ោង ៨ ព្រឹក ពួកគេធ្វើនំបុ័ងសាំវិចបាន ៣០០ ខ្ចប់ដាក់ក្នុងកញ្ចប់ផ្លាស្ទីក ហើយដាក់វាក្នុងថង់ ។ បុគ្គលិកប្រាំមួយនាក់ទៀតបានមកដល់ ហើយក្រុមនេះទាំងមូលបានចេញទៅក្រៅដើម្បីលក់ ។
ត្រឹមម៉ោង ៩ ព្រឹក ពួកគេលក់នំបុ័ងសាំវិចដាច់ទាំងអស់ លើកលែងតែមួយចំនួនប៉ុណ្ណោះ—គឺនំបុ័ងបី ឬបួនដែលថេឌី ទុកសម្រាប់ក្រុមរបស់គាត់ ។
អាជីវកម្មនេះល្អសម្រាប់ថេឌី ។ ប៉ុន្តែអ្វីគ្រប់យ៉ាងមិនស្រួលជានិច្ចនោះទេ ។ ប្រាកដណាស់ អស់រយៈពេលប្រាំឆ្នាំមកហើយ គាត់ពុំអាចរកបានការងារមានស្ថេរភាពមួយក្នុងវិជ្ជាជីវៈដែលគាត់បានជ្រើសរើសឡើយ—គឺមេធាវី ។
ដូច្នេះ តើថេឌីបានធ្វើការផ្លាស់ប្តូរពីការប្រឹក្សាដល់អតិថិជនមកលក់នំបុ័ងសាំវិចដោយរបៀបណា ? ប្រាកដណាស់ វាតម្រូវឲ្យមានការខិតខំខ្លាំង ប៉ុន្តែវាក៏ត្រូវអនុវត្តគោលការណ៍ទាំងនោះដោយប្រុងប្រយ័ត្ន ជាគោលការណ៍ដែលគាត់បានរៀន នៅក្នុងថ្នាក់កម្មវិធីសេវាកម្មភាពខ្លួនទីពឹងខ្លួនរបស់សាសនាចក្រ ។
ការបាត់បង់ការងាររបស់គាត់
អស់រយៈពេលប្រាំឆ្នាំ ជីវិតរបស់ថេឌីគឺអស្ចារ្យណាស់ ។ គាត់មានការងារមួយល្អក្នុងនាមជាមេធាវី គាត់ទើបតែរៀបការរួច ហើយគាត់បានជ្រមុជទឹកភរិយារបស់គាត់ ។ គាត់និយាយថា « ប៉ុន្តែយើងមានឧបសគ្គមួយចំនួន ហើយខ្ញុំបានបាត់បង់ការងាររបស់ខ្ញុំ » ។
អស់រយៈពេលបួនឆ្នាំបន្ទាប់មកទៀត ថេឌីមានការលំបាកក្នុងការស្វែងរកការងារ ។ « មានការងារច្រើនដែលខ្ញុំអាចធ្វើបាន ប៉ុន្តែគ្មាននរណាម្នាក់ចង់បង់ថ្លៃឈ្នួលឲ្យខ្ញុំឡើយ ។ ខ្ញុំបានព្យាយាមចាប់ផ្តើមមុខរបរផ្សេងដោយខ្លួនឯង ប៉ុន្តែវាពុំដំណើរការទេ » ។
ស្ទេផានីភរិយារបស់គាត់មានការងារល្អមួយ ប៉ុន្តែប្រាក់ខែរបស់គាត់តែឯងពុំអាចផ្គត់ផ្គង់ថ្លៃចាយវាយគ្រប់ឡើយ ។ មិនយូរប៉ុន្មានក្រោយមក គូស្វាមីភរិយានេះមានកូនម្នាក់ ។ ពួកគេមានក្តីរំភើបណាស់ ប៉ុន្តែហិរញ្ញវត្ថុរបស់ពួកគេមានកាន់តែតិច ។ ពួកគេបានបាត់បង់ផ្ទះ ពួកគេត្រូវលក់ឡានរបស់ពួកគេ ហើយចាយប្រាក់សន្សំទាំងអស់របស់ពួកគេ ។ ទីបំផុតពួកគេត្រូវប្តូរទៅនៅក្នុងផ្ទះតូចមួយដែលជារបស់ម្តាយស្ទេផានី ។
ប៉ុន្តែថេឌីពុំចុះចាញ់ឡើយ ។ មិនយូរប៉ុន្មានក្រោយមក ឱកាសពុំបានរំពឹងទុកមួយបានបង្ហាញឡើង ។
អំណាចនៃភាពខ្លួនទីពឹងខ្លួន
បន្ទាប់ពីច្រើនឆ្នាំនៃការលំបាក ថេឌីបានដឹងថា វាដល់ពេលត្រូវផ្លាស់ប្តូរហើយ ។
គាត់និយាយថា « ខ្ញុំបានសម្រេចចិត្តចូលរៀនថ្នាក់ភាពខ្លួនទីពឹងខ្លួនរបស់សាសនាចក្រ ។ ខ្ញុំបានឮពីថ្នាក់នេះ ប៉ុន្តែខ្ញុំតែងតែគិតថា ថ្នាក់ទាំងនោះមិនមែនសម្រាប់ខ្ញុំទេ ។ ខ្ញុំបានគិតថា វាគឺជាការធ្វើកិច្ចការដោយខ្លួនយើង ។ ថ្នាក់រៀនទាំងនោះគឺអស្ចារ្យណាស់ » ។ដំបូងថេឌីបានចូលរួមក្រុមហិរញ្ញវត្ថុផ្ទាល់ខ្លួន
។ បន្ទាប់មក គាត់បានចូលរួមក្រុម ការចាប់ផ្ដើម និងការពង្រីកអាជីវកម្មរបស់ខ្ញុំ ។ ការពិភាក្សាក្នុងថ្នាក់បានជួយថេឌីឲ្យមានចំណេះដឹងផ្នែកអាជីវកម្ម ប៉ុន្តែក៏ជួយគាត់អភិវឌ្ឍផ្នែកខាងវិញ្ញាណផងដែរ ។
គាត់បាននិយាយថា « ការរៀនថ្នាក់ទាំងនេះបានផ្លាស់ប្តូរអ្វីគ្រប់យ៉ាង ។ ខ្ញុំបានសម្រេចចិត្តធ្វើអ្វីដែលពួកគេបានបង្រៀន ។ ហើយហិរញ្ញវត្ថុរបស់ខ្ញុំបានផ្លាស់ប្តូរភ្លាមៗ ។ ខ្ញុំបានចាប់ផ្តើមថ្វាយដង្វាយមួយភាគក្នុងដប់ពេញលេញ អធិស្ឋានរៀងរាល់ថ្ងៃ សិក្សាព្រះគម្ពីរ និងអនុវត្តសេចក្តីជំនឿ ។ ហើយអ្វីៗបានផ្លាស់ប្តូរ—ខ្ញុំបានចាប់ផ្តើមសន្សំប្រាក់ ហើយរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ។ គ្រប់គោលការណ៍ទាំងអស់បានផ្តល់ពរដល់ខ្ញុំ » ។
នៅក្នុងក្រុម ការចាប់ផ្ដើម និងការពង្រីកអាជីវកម្មរបស់ខ្ញុំ ថេឌីបានរៀនពីរបៀបស្វែងរកផលិតផលដែលមានសក្តានុពល ដែលអាចផ្តល់ប្រយោជន៍ដល់អតិថិជននៅកន្លែងដែលគាត់រស់នៅ ។ ពេលគាត់បានវាយតម្លៃនូវអ្វីដែលមនុស្សកំពុងស្វែងរក នោះការបំផុសគំនិតបានចាប់ផ្តើមកើតមានឡើង ។ នៅក្នុងតំបន់របស់គាត់ មនុស្សចូលចិត្តនំបុ័ងសាំវិចស្រស់ៗ ប៉ុន្តែពួកគេក៏ចូលចិត្តបញ្ជាទិញវា—ហើយដឹកវាយកទៅឲ្យពួកគេផងដែរ ។
ថេឌីនិយាយថា « មានភោជនីដ្ឋានជាច្រើនមានទឹកជ្រលក់ពិសេសដែលធ្វើឲ្យអាហាររបស់ពួកគេឆ្ងាញ់ ។ ដូច្នេះខ្ញុំបានធ្វើទឹកជ្រលក់សាំវិចពិសេសផ្ទាល់ខ្លួនខ្ញុំ » ។
ការពង្រីកអាជីវកម្មរបស់គាត់
នៅថ្ងៃដែលគាត់បើកអាជីវកម្មរបស់គាត់ ថេឌីបានធ្វើនំបុ័ងសាំវិចចំនួន ៣០ ដើម ។
គាត់និយាយថា « សាមសិបនាទីក្រោយមក ខ្ញុំបានត្រឡប់ទៅផ្ទះវិញ ។ ភរិយាខ្ញុំមានចិត្តព្រួយពេលគាត់ឃើញខ្ញុំដេកលើសាឡុង ។ គាត់បានសួរខ្ញុំថា តើខ្ញុំមកផ្ទះវិញហើយ—តើខ្ញុំមិនទៅលក់នំបុ័ងសាំវិចទេឬអី ? ខ្ញុំបានលក់វាដាច់អស់ហើយ ! »
ពីរបីសប្តាហ៍បន្ទាប់មក ថេឌីបានទាក់ទងអាជីវកម្ម និងសាលារៀនក្នុងមូលដ្ឋាន ។ មានមនុស្សជាច្រើនអន្ទះសារទិញនំបុ័ងសាំវិចរបស់គាត់ ហើយអាជីវកម្មរបស់គាត់បានរីកចម្រើនឡើង ។ គាត់បានរៀនយ៉ាងលឿនអំពីរបៀបរក្សាបន្លែស្រស់ដើម្បីគាត់អាចទុកវាបានយូរ ។ គាត់ក៏ដឹងច្បាស់ថា តើទឹកជ្រលក់ពិសេសរបស់គាត់អាចទុកបានយូរប៉ុណ្ណាផងដែរ ។ គាត់បានបញ្ជាទិញ និងយកនំបុ័ងរៀងរាល់ល្ងាច ។ គាត់ទិញបន្លែបញ្ចុះតម្លៃនៅរាល់ថ្ងៃសៅរ៍ ដែលមានតម្លៃថោកជាង ហើយអាចទុកបានរហូតដល់ថ្ងៃចន្ទ ។
មិនយូរប៉ុន្មានក្រោយមក គេបានបញ្ជាទិញនំបុ័ងសាំវិចជាច្រើនប្រភេទពីគាត់ ហើយទិញច្រើនៗសម្រាប់កម្មវិធីពិសេសៗ ។ គាត់ត្រូវការជំនួយ ហើយបានចាប់ផ្តើមជួលបុគ្គលិកឲ្យធ្វើការ ។
ដោយបង្កើតទំនាក់ទំនងវិជ្ជមានជាមួយសាលារៀន និងអាជីវកម្មក្នុងមូលដ្ឋាន ថេឌីបានបង្កើតក្រុមអតិថិជនដែលសកម្ម និងជាប់លាប់ ។ ក្នុងរយៈពេលបួនខែ គាត់មានបុគ្គលិកប្រាំបីនាក់ ហើយបានលក់នំបុ័ងសាំវិច ៣០០ ដើមក្នុងមួយថ្ងៃ ប្រាំថ្ងៃមួយសប្តាហ៍ ។ ក្រុមលក់របស់គាត់ពិតជាមានប្រសិទ្ធភាពណាស់ ពួកគេបានលក់សាំវិចទាំងអស់ ទោះបីអំឡុងពេលរដូវក្តៅជាពេលដែលសាលារៀនសម្រាកក្តី ។ ឥឡូវនេះថេឌីត្រៀមខ្លួនដើម្បីពង្រីកអាជីវកម្មទៀត ។
ដោយសារគាត់បានរៀនថ្នាក់ភាពខ្លួនទីពឹងខ្លួន នោះគាត់ត្រូវបានបំផុសគំនិតឲ្យកើតមានគំនិតនៃការលក់នំសាំងវិច ។ គាត់និយាយថា « ដោយសារការណែនាំនេះពីសាសនាចក្រ និងពរជ័យដែលខ្ញុំបានទទួល នោះខ្ញុំមានទីបន្ទាល់យ៉ាងរឹងមាំអំពីសាសនាចក្រ និងព្រះយេស៊ូវគ្រីស្ទ » ។