យុវមជ្ឈិមវ័យ
តើព្រះកំពុងដឹកនាំខ្ញុំមែនដែរឬទេ ?
ជីវិតរបស់យើងពោរពេញដោយជម្រើសធំៗ ៖ តើគួរជ្រើសរើសមុខរបរអ្វី តើត្រូវរៀបការជាមួយនរណា តើត្រូវរៀននៅសាលាណា ជាដើម ។ ជីវិតរបស់យើងក៏ពោរពេញដោយកង្វល់ជាប្រចាំរបស់យើងផងដែរ ៖ ការជ្រើសរើសប្រើពេលវេលាឲ្យបានល្អបំផុត ព្យាយាមយល់ពីគោលលទ្ធិ និងការស្វែងរកភាពសុខសាន្តពេលកំពុងមានការសាកល្បង ។ សរុបទៅ យើងត្រូវការវិវរណៈផ្ទាល់ខ្លួន ។ ប៉ុន្តែពេលខ្លះ វាអាចជាការពិបាកដើម្បីដឹងពីរបៀបទទួលវិវរណៈ និងរបៀបដើម្បីទទួលស្គាល់វា ពេលយើងទទួលវា ។ ពេលយើងពុំទទួលចម្លើយ ឬទទួលស្គាល់ចម្លើយ យើងអាចឆ្ងល់ថា « តើនោះជាព្រះវិញ្ញាណ ឬវាគ្រាន់តែជាគំនិតរបស់ខ្ញុំ ? » « ហេតុអ្វីខ្ញុំបានទទួលការបំផុសគំនិតឲ្យធ្វើរឿងនោះ ហើយបន្ទាប់មកបរាជ័យទៅវិញ ? » « ហេតុអ្វីខ្ញុំមានអារម្មណ៍ថា ព្រះហាក់ដូចជាពុំឆ្លើយតបការអធិស្ឋានរបស់ខ្ញុំដូច្នេះ ? »
សំណាងល្អ នៅក្នុងអត្ថបទ « ការសម្រេចចិត្ត ៖ សិទ្ធិជ្រើសរើស ទល់នឹង វិវរណៈ » ( ទំព័រ ៤៤ ) អ៊ីរិនចែកចាយរឿងរបស់គាត់អំពីវិវរណៈផ្ទាល់ខ្លួន ពេលគាត់បានធ្វើការសម្រេចចិត្តមួយដើម្បីផ្លាស់ប្តូរជីវិត ។ ដោយសារ ព្រះសព្វព្រះទ័យដឹកនាំយើង នោះទ្រង់ក៏សព្វព្រះទ័យជួយយើងឲ្យរៀនពឹងផ្អែកលើសិទ្ធិជ្រើសរើសរបស់យើងដើម្បីធ្វើជម្រើសល្អផងដែរ ។
ការរៀនឲ្យដឹងអំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលមកកាន់អ្នកផ្ទាល់ គឺជាផ្នែកសំខាន់មួយផ្សេងទៀតនៃការទទួល និងការទទួលស្គាល់វិវរណៈ ។ វាអាចមានសភាពខុសគ្នាចំពោះយើងម្នាក់ៗ ។ នៅទំព័រ ៤៨ យុវមជ្ឈិមវ័យជាច្រើននាក់ចែកចាយអំពីរបៀបដែលពួកគេទទួលវិវរណៈ ។
នៅក្នុងអត្ថបទដែលមានសម្រាប់តែឌីជីថលប៉ុណ្ណោះ នោះអាស្ពែនពន្យល់ថា វិវរណៈផ្ទាល់ខ្លួនតម្រូវឲ្យ « ហ្វឹកហាត់សាច់ដុំខាងវិញ្ញាណរបស់អ្នក » ។
ការគិតអំពីអនាគតអាចធ្វើឲ្យមានភាពស្មុគស្មាញ ហើយថែមទាំងមានការភ័យព្រួយទៀតផង ។ ជាពិសេសក្នុងនាមជាយុវមជ្ឈិមវ័យ ។ ប៉ុន្តែពេលខ្ញុំចាំពីរបៀបដែល ព្រះបានដឹកនាំជីវិតខ្ញុំ កាលពីអតីតកាល វាផ្តល់ភាពក្លាហានដល់ខ្ញុំឲ្យបន្តឆ្ពោះទៅមុខ ហើយធ្វើសកម្មភាព ដោយទុកចិត្តថា ទ្រង់នឹងបន្តប្រទានការណែនាំដែលខ្ញុំត្រូវការដល់ខ្ញុំ នៅក្នុងដំណើរជីវិតខ្ញុំ ។
ដោយស្មោះស្ម័គ្រ
ខាធី ស៊ូ អែមប្លី