សំណួរ និងចម្លើយ
« តើពររបស់លោកអយ្យកោអាចជួយខ្ញុំឲ្យធ្វើការសម្រេចចិត្តដោយរបៀបណា ? »
លីអាហូណាផ្ទាល់ខ្លួនរបស់យើង
ពររបស់លោកអយ្យកោគឺជាមធ្យោបាយមួយ ដែលព្រះវរបិតាសួគ៌ជួយយើងឲ្យដឹងពីជីវិតមុនឆាកជីវិតនេះ ជីវិតរមែងស្លាប់ និងអត្តសញ្ញាណដ៏អស់កល្បជានិច្ចរបស់យើង ។ តាមរយៈការដឹងអំពីសេចក្តីពិតពិសេសទាំងបីនេះអំពីខ្លួនយើង នោះវាជួយយើងឲ្យធ្វើតាមផែនការព្រះដែលបានរៀបចំសម្រាប់យើង ។ យើងដឹងថា យើងជានរណា ហេតុអ្វីយើងនៅទីនេះ និងទីកន្លែងដែលយើងនឹងទៅ ។ ដូចជាលីអាហូណាដែលបានដំណើរការស្របតាមសេចក្តីជំនឿ និងភាពឧស្សាហ៍ព្យាយាមរបស់នីហ្វៃ និងគ្រួសារលោកក្នុងការធ្វើតាមការបង្ហាញរបស់វាដែរ ( សូមមើល នីហ្វៃទី ១ ១៦:២៨ ) នោះយើងក៏អាចមានចិត្តស្មោះត្រង់ និងឧស្សាហ៍ព្យាយាមក្នុងការធ្វើតាមលីអាហូណាផ្ទាល់ខ្លួនយើង និងការបង្ហាញរបស់វា ដែលនឹងដឹកនាំយើងឲ្យឆ្ពោះទៅរកសក្តានុពលនៃភាពជាព្រះរបស់យើង ។
អែលឌើរ យូថៃ អាយុ ២០ ឆ្នាំ បេសកកម្ម អាហ្សង់ទីន សាលតា
ទស្សនវិស័យអស់កល្បជានិច្ច
ពេលណាដែលខ្ញុំមានអារម្មណ៍ថា គ្មានតម្រុយអ្វីសោះក្នុងការសម្រេចចិត្ត នោះខ្ញុំបើកពររបស់លោកអយ្យកោខ្ញុំ ហើយពិចារណាវិវរណៈមកពីព្រះនៅក្នុងនោះ ។ ហើយក្រោយមកការសម្រេចចិត្តគឺមានភាពងាយស្រួល ។ វាពុំគ្រាន់តែជួយខ្ញុំឲ្យស៊ូទ្រាំនឹងជីវិតលើផែនដីរបស់ខ្ញុំ និងទទួលបានពរជ័យដែលបានសន្យានោះទេ វាថែមទាំងរំឭកខ្ញុំអំពីការរៀបចំខ្លួនខ្ញុំ ឲ្យមានភាពស័ក្តិសមចូលនគររបស់ទ្រង់នៅថ្ងៃខាងមុខផងដែរ ។ វាជួយខ្ញុំឲ្យបន្តបង្កើនសេចក្តីជំនឿ ទុកចិត្តលើព្រះទ័យរបស់ព្រះអម្ចាស់ ហើយរស់នៅជាមួយទស្សនវិស័យអស់កល្បជានិច្ចមួយ ។
អាបេហ្គែល អេហ្វ អាយុ ១៨ ឆ្នាំ ទីក្រុងកាហ្គាយ៉ាន វ៉ាលី ប្រទេសហ្វីលីពីន
ការទូន្មានសួគ៌ា
ពររបស់លោកអយ្យកោផ្តល់ការទូន្មានពីព្រះវរបិតាសួគ៌របស់ខ្ញុំ ។ ប្រសិនបើខ្ញុំធ្វើតាមការទូន្មាននោះ ខ្ញុំដឹងថា ខ្ញុំនឹងទទួលវិវរណៈស្តីពីការសម្រេចចិត្តដែលខ្ញុំត្រូវធ្វើ ។ ទ្រង់ឆ្លើយសំណួរមួយចំនួនរបស់ខ្ញុំ ពីមុនខ្ញុំសួរសំណួរនោះទៅទៀត ។
កាមី អេច អាយុ ១៦ ឆ្នាំ រដ្ឋយូថាហ៍ ស.រ.អា
សូមស្ដាប់ព្រះវិញ្ញាណ
ប្រសិនបើអ្នកកំពុងស្វែងរកការលួងលោម និងការណែនាំ ឬស្វែងរកចម្លើយចំពោះសំណួរក្នុងគ្រាអាសន្ន អ្នកអាចអធិស្ឋានដោយស្មោះសរអំពីវា ហើយអានពររបស់លោកអយ្យកោរបស់អ្នក ដោយស្មោះអស់ពីចិត្ត អំឡុងពេលស្តាប់តាមព្រះវិញ្ញាណនោះ ។ ការស្រាវជ្រាវបទគម្ពីរក៏មានប្រយោជន៍ផងដែរ ។ ខ្ញុំជឿថា ប្រសិនបើអ្នកធ្វើបែបនេះដោយសេចក្តីជំនឿពិត នោះព្រះអម្ចាស់នឹងឆ្លើយតបដល់អ្នកតាមពេលវេលា និងតាមរបៀបដ៏ល្អបំផុតរបស់ទ្រង់ ។
ខេស្សៀ ប៊ី អាយុ ១៥ ឆ្នាំ រដ្ឋ ហាវ៉ៃ ស.រ.អា.
ពរជ័យដែលបានសន្យា
ពររបស់លោកអយ្យកោប្រាប់យើងនូវអ្វីដែលព្រះសព្វព្រះទ័យដើម្បីប្រទានពរដល់យើង ។ ទ្រង់ប្រទានដល់យើងនូវការព្រមាន និងពន្យល់របៀបដែលយើងអាចក្លាយកាន់តែដូចជាទ្រង់ ។ ពេលយើងដឹងអ្វីដែលព្រះវរបិតាសួគ៌រៀបចំនៅក្នុងឃ្លាំងសម្រាប់យើង និងរបៀបទទួលបានវា នោះយើងជ្រើសរើស ហើយធ្វើសកម្មភាពស្របតាមការដែលយើងទទួលវា ។
ហាន់ធើរ អេច អាយុ ១៨ ឆ្នាំ រដ្ឋយូថាហ៍ ស.រ.អា