សាកល្បង ប្រពៃណីបុណ្យអ៊ីស្ទើរថ្មីៗមួយចំនួន
នៅបុណ្យអ៊ីស្ទើរនេះ សូមចំណាយពេលមួយចំនួនបន្ថែមទៀត ដើម្បីចងចាំពីអំណោយទានដ៏មហិមាបំផុតដែលបានប្រទានមក ។
ជាទូទៅបុណ្យគ្រីស្ទម៉ាស់ទទួលបានការចាប់អារម្មណ៍ច្រើន ពេលដល់រដូវកាលនោះ ។ ប៉ុន្តែបើគ្មានព្រឹត្តិការណ៍ដែលកើតឡើងយូរអង្វែងមកនេះ ដែលយើងសាទរដល់បុណ្យអ៊ីស្ទើរនីមួយៗទេ នោះបុណ្យគ្រីស្ទម៉ាស់នឹងពុំមានឡើយ ។
មានម្តងនោះប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី ( ១៩១០–២០០៨ ) បានបង្រៀនថា « វានឹងគ្មានបុណ្យគ្រីស្ទម៉ាស់ឡើយ ប្រសិនបើគ្មានបុណ្យអ៊ីស្ទើរនោះ ។ ព្រះឱរសយេស៊ូវនៃភូមិបេថ្លេហិមនឹងក្លាយជាទារកធម្មតាម្នាក់ ប្រសិនបើគ្មានព្រះគ្រីស្ទដ៏ប្រោសលោះនៃសួនច្បារគែតសាម៉ានី និងកាល់វ៉ារី និងការពិតដ៏ជោគជ័យនៃការរស់ឡើងវិញនោះ » ។១
នេះជាប្រពៃណីមួយចំនួនដែលអ្នកអាចពិចារណាបន្ថែមទៅលើការសាទរជាប្រចាំឆ្នាំរបស់អ្នក ៖
១. ទៅច្រៀងចម្រៀងបុណ្យអ៊ីស្ទើរ
ទុកចម្រៀងកំប្លុកកំប្លែងអំពីសត្វរមាំង និងម្រេញគង្វាលមួយអន្លើរសិន ចម្រៀងបុណ្យគ្រីស្ទម៉ាស់ទាំងអស់គឺស្តីពីព្រះយេស៊ូវគ្រីស្ទ ។ បុណ្យអ៊ីស្ទើរគឺជាគ្រាដ៏ល្អបំផុតសម្រាប់តន្ត្រីស្តីពីព្រះអង្គសង្គ្រោះ មែនហើយថែមទាំងអាចច្រៀងវានៅខាងមុខទ្វារផ្ទះអ្នកជិតខាងរបស់អ្នកផងដែរ ។
ប្រសិនបើអ្នកពុំប្រាកដចិត្តទេនោះ សូមពិនិត្យមើលវគ្គ « ប្រធានបទ » នៃសៀវភៅទំនុកតម្កើងក្រោមពាក្យ « បុណ្យអ៊ីស្ទើរ » និង « ដង្វាយធួន » សម្រាប់បទចម្រៀងទាំងនោះ ។ ចម្រៀងណាដែលសាទរដល់ព្រះយេស៊ូវគ្រីស្ទគឺត្រូវនឹងចម្រៀងបុណ្យអ៊ីស្ទើរហើយ ។
២. អភ័យទោសដល់អ្នកដទៃ
តើអ្នកមានអំណរគុណចំពោះអំណោយទាននៃការប្រែចិត្តញឹកញាប់ប៉ុណ្ណា ? បុណ្យអ៊ីស្ទើរផ្តល់ឱកាសឲ្យយើងគិតបន្ថែមទៀត ពីរបៀបយើងបង្ហាញវិញ្ញាណនៃការអភ័យទោសដូចគ្នានោះចំពោះមនុស្សដទៃ ។
ព្រះយេស៊ូវបានបង្រៀនថា ៖ « ហេតុដូច្នោះហើយ យើងប្រាប់អ្នកថា អ្នកត្រូវអត់ទោសដល់គ្នាទៅវិញទៅមក ។ …
យើងជាព្រះអម្ចាស់នឹងអត់ទោសដល់អ្នកណា ដែលយើងនឹងអត់ទោស ប៉ុន្តែរីឯអ្នកវិញ គឺតម្រូវឲ្យអត់ទោសដល់មនុស្សទាំងអស់ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៩–១០ ) ។
សួរខ្លួនអ្នកថា ៖ តើអ្នកកំពុងចងកំហឹងចំពោះនរណា ? សូមអធិស្ឋានទូលសូមកម្លាំងដើម្បីអភ័យទោសដល់បុគ្គលនេះ ហើយទុកឲ្យព្រះអង្គសង្គ្រោះជួយឲ្យអារម្មណ៍ឈឺចាប់ទាំងនោះរសាយបាត់អស់ ។
៣. សម្តែងល្ខោន សម្តែងរឿង ឬការសម្តែងផ្សេងៗ
អ្នកអាចរៀបចំការសម្តែងបុណ្យអ៊ីស្ទើរមួយ ។ ឧទាហរណ៍សាមញ្ញមួយគឺការអានព្រះគម្ពីរសម្រាប់រាត្រីជួបជុំក្រុមគ្រួសារ ឬការប្រគំតន្ត្រីសហគមន៍ដែលមានការច្រៀងអមជាមួយ ។
៤. ទៅផ្នូរមនុស្សជាទីស្រឡាញ់
ដោយសារព្រះយេស៊ូវគ្រីស្ទ សេចក្តីស្លាប់បានបាត់បង់ទ្រនិចរបស់វា ( សូមមើល កូរិនថូសទី ១ ១៥:៥៥ ) ។ សូមចំណាយពេលទៅផ្នូររបស់មនុស្សជាទីស្រឡាញ់ ដើម្បីពិចារណាអំពីព័ត៌មានដ៏អស្ចារ្យនេះ ។
អ្នកអាចអានខគម្ពីរដែលអ្នកពេញចិត្តមួយចំនួនឲ្យឮៗ ដែលទាក់ទងនឹងការរស់ឡើងវិញ ពេលអ្នកទៅលេងផ្នូរទាំងនោះ ។ ខគម្ពីរមួយចំនួន ( នៃខគម្ពីរ ជាច្រើន ) ដើម្បីពិចារណាសម្រាប់រឿងនេះគឺ កូរិនថូសទី ១ ១៥:២០–២២; អាលម៉ា ១១:៤២–៤៤ និង គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:១៤–១៦ ។
៥. ចូរធ្វើខ្លួនឲ្យបានប្រសើរឡើងបន្តិច
បុណ្យអ៊ីស្ទើរផ្តល់កិត្តិយសដល់ព្រឹត្តិការណ៍នៃច្បារគែតសេម៉ានី អ្វីដែលបានកើតឡើងនៅលើឈើឆ្កាង ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះនៅថ្ងៃទីបី ហើយក្រោយមកការងារបម្រើរបស់ទ្រង់រយៈពេល ៤០ ថ្ងៃ ពីមុនការយាងទៅស្ថានសួគ៌វិញ ។
ក្រៅពីនេះ មិនយូរប៉ុន្មានបន្ទាប់ពីការយាងទៅកាន់ស្ថានសួគ៌ ព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយដល់ពួកសាសន៍នីហ្វៃ ហើយប្រទានការងារបម្រើដល់ពួកគេ ( សូមមើល នីហ្វៃទី ៣ ១១–២៨ ) ។ មានចំណុចជាច្រើនដែលត្រូវសាទរ ។
ហេតុអ្វីពុំពង្រីកពេលវេលានៃការសាទររបស់អ្នកនៅរដូវកាលបុណ្យអ៊ីស្ទើរ ? ចូរឲ្យព្រលឹងអ្នកអររីករាយកាន់តែយូរនៅក្នុងអព្ភូតហេតុនៃបុណ្យអ៊ីស្ទើរ ។ សូមខំប្រឹងដោយការគិតគូរដើម្បីក្លាយកាន់តែដូចព្រះគ្រីស្ទ អំឡុងពេល ៤០ ថ្ងៃ បន្ទាប់ពីបុណ្យអ៊ីស្ទើរ ។ សម្រាប់ការបំផុសគំនិត សូមពិចារណាអំពីការអញ្ជើញខាងក្រោមមកពីប្រធាន រ័សុល អិម ណិលសុន ៖ « ថ្វាយផ្នែកមួយនៃពេលវេលារបស់អ្នករាល់សប្ដាហ៍ដើម្បីសិក្សា អ្វីៗគ្រប់យ៉ាង ដែលព្រះយេស៊ូវបានមានបន្ទូល និងបានធ្វើដូចបានកត់ត្រានៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដ្បិតទ្រង់គឺជាព្រះយេហូវ៉ានៃព្រះគម្ពីរសញ្ញាចាស់ ។ សិក្សាពីក្រឹត្យវិន័យទ្រង់ដូចបានកត់ត្រានៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដ្បិតទ្រង់គឺជាព្រះគ្រីស្ទក្នុងព្រះគម្ពីរសញ្ញាថ្មី ។ សូមសិក្សាគោលលទ្ធិរបស់ទ្រង់ដូចមានកត់ត្រានៅក្នុងព្រះគម្ពីរមរមន ដ្បិតគ្មានគម្ពីរណាដែលបានបើកសម្តែងពីបេសកកម្ម និងការងារបម្រើរបស់ទ្រង់ច្បាស់លាស់ជាងព្រះគម្ពីរមរមនឡើយ ។ ហើយសូមសិក្សាពីព្រះបន្ទូលទ្រង់ដូចបានកត់ត្រានៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ដ្បិតទ្រង់បន្តបង្រៀនរាស្ត្ររបស់ទ្រង់នៅក្នុងសម័យកាន់កាប់ត្រួតត្រានេះ » ។២
ប្រពៃណីរបស់អ្នកកំពុងរង់ចាំ
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា « ដើម្បីស្វែងរកជំនាន់ដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្រ យើងត្រូវតែត្រឡប់ទៅកាន់ពេលល្ងាចមួយជិត ២០០០ ឆ្នាំមុននៅសួនច្បារគែតសេម៉ានី នៅពេលដែលព្រះយេស៊ូវគ្រីស្ទបានលុតជង្គង់អធិស្ឋានដោយមុតមាំ ហើយថ្វាយព្រះអង្គទ្រង់ជាការលោះសម្រាប់អំពើបាបរបស់យើង » ។៣
ព្រឹត្តការណ៍សំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្រមានតម្លៃ ដើម្បីឆ្លៀតពេលពិចារណាជារៀងរាល់ឆ្នាំ ។ ប្រពៃណីជួយយើងឲ្យធ្វើបែបនោះ ទោះបីជាប្រពៃណីមួយដែលចេញពីបញ្ជីនេះ ឬប្រពៃណីណាមួយដែលអ្នកជ្រើសរើសដោយផ្ទាល់ខ្លួនក្តី ។
តើអ្នកនឹងបន្ថែមអ្វីខ្លះក្នុងឆ្នាំនេះ ?