ខ្ញុំនឹងឃើញគាត់ម្តងទៀត
ខ្ញុំបានធំឡើងនៅប្រទេសនីខារ៉ាហ្គារ ។ កាលខ្ញុំនៅតូច ខ្ញុំបានធ្វើកិច្ចការនានាជាមួយបងប្រុសរបស់ខ្ញុំ ។ យើងបានដើរទៅសាលារៀនជាមួយគ្នា ។ យើងបានទៅហាងលក់ទំនិញជាមួយគ្នា ។ ពួកយើងទាំងអស់គ្នាមានការផ្សងព្រេងផ្សេងៗនៅក្នុងរានហាលក្រោយផ្ទះរបស់យើង ។ ពួកយើងសប្បាយរីករាយ ។
ក្រោយមក ពេលខ្ញុំអាយុប្រាំបួនឆ្នាំ មានរឿងមួយដ៏ក្រៀមក្រំបានកើតឡើង ។ បងប្រុសរបស់ខ្ញុំបានស្លាប់ដោយសារគ្រោះរញ្ជួយដី ។ នៅគ្រាដំបូង វាពុំមែនជាអារម្មណ៍ពិតទេដែលថា គាត់បានស្លាប់ហើយ ។ ខ្ញុំធ្លាប់ស្រមៃឃើញថា គាត់នឹងមកគោះទ្វារផ្ទះរបស់យើង ។ គាត់នឹងប្រាប់យើងថា គាត់បានទៅទីណាមួយរយៈ ។ ខ្ញុំធ្លាប់សម្លឹងមើលទ្វារផ្ទះយើង ដោយបួងសួងឲ្យគាត់មកវិញ ។ ខ្ញុំចង់ឃើញគាត់ម្តងទៀតខ្លាំងណាស់ ។
យូរៗទៅ ខ្ញុំមានអារម្មណ៍ធូរស្បើយ ។ ខ្ញុំនៅតែនឹកបងប្រុសខ្ញុំ ប៉ុន្តែខ្ញុំអាចមានអារម្មណ៍រីករាយម្តងទៀត ។
កាលនោះ ខ្ញុំពុំមែនជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវនៃពួកបរិសុទ្ធថ្ងៃចុងក្រោយទេ ។ ប៉ុន្តែខ្ញុំបានធំឡើង ហើយខ្ញុំបានរៀនអំពីសាសនាចក្រ ហើយបានទទួលបុណ្យជ្រមុជទឹក ។ ថ្ងៃមួយ ពេលខ្ញុំកំពុងលាងចាន ។ វាជារដូវកាលបុណ្យអ៊ីស្ទើរ ។ ខ្ញុំបានគិតអំពីការរស់ឡើងវិញ ហើយបានគិតអំពីបងប្រុសរបស់ខ្ញុំ ។
រំពេចនោះ អារម្មណ៍មួយបានផុសឡើងក្នុងចិត្តខ្ញុំ ។ ខ្ញុំបានចាំពីថ្ងៃដែលខ្ញុំសុបិនឃើញបងប្រុសរបស់ខ្ញុំ ។ ខ្ញុំបានដឹងថា វាពុំមែនជារឿងលេងសើចឡើយ ! អារម្មណ៍នោះកើតមកពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីលួងលោមខ្ញុំ និងដឹកនាំខ្ញុំ ។ នៅថ្ងៃណាមួយ បងប្រុសរបស់ខ្ញុំនឹងរស់ឡើងវិញយ៉ាងពិតប្រាកដ ។ ហើយខ្ញុំពិតជាឃើញគាត់ម្តងទៀត ។
ប្រសិនបើ មនុស្សណាម្នាក់ដែលអ្នកស្រឡាញ់បានស្លាប់ វាមិនអីទេដើម្បីនឹកពួកគេ និងមានអារម្មណ៍កើតទុក្ខ ។ សូមនិយាយជាមួយគ្រួសាររបស់អ្នក និងមនុស្សពេញវ័យ ពេលអ្នកមានអារម្មណ៍ថា ត្រៀមខ្លួនរួចរាល់ ។ សូមអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌អំពីអារម្មណ៍ដែលអ្នកមាន ។ ទ្រង់អាចជួយអ្នកឲ្យទទួលអារម្មណ៍នៃភាពសុខសាន្តម្តងទៀត ។
មិនថាមានអ្វីកើតឡើងទេ សូមចាំថា ព្រះយេស៊ូវគ្រីស្ទស្រឡាញ់អ្នក ។ នៅបុណ្យអ៊ីស្ទើរ យើងចងចាំពីការពលិកម្មរបស់ទ្រង់សម្រាប់យើង ។ ដោយសារទ្រង់ នោះយើងទាំងអស់គ្នានឹងរស់ឡើងវិញ ហើយយើងអាចរស់នៅជាមួយគ្រួសារយើងជារៀងរហូត ។
ប័ណ្ណលួងលោម
សូមកាត់ប័ណ្ណទាំងនេះ ។ អ្នកអាចបត់វាពាក់កណ្តាល ឬប្រើវាជាវត្ថុស៊កចំណាំ ។ ទុកវាក្នុងព្រះគម្ពីររបស់អ្នក ឬកន្លែងផ្សេងទៀត ដើម្បីមើលវា ពេលអ្នកមានអារម្មណ៍កើតទុក្ខ ឯកោ ឬភ័យខ្លាច ។
« ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាទេ ៖ ខ្ញុំនឹងមកឯអ្នករាល់គ្នាវិញ » ។
យ៉ូហាន ១៤:១៨
« ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែកពីភ្នែកគេចេញ » ។
វិវរណៈ ២១:៤
« ចូរសង្ឃឹមឡើង ហើយចូរកុំខ្លាចឡើយ ដ្បិតយើងជាព្រះអម្ចាស់គង់នៅជាមួយនឹងអ្នក » ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៨:៦