អារម្មណ៍ ថ្មីស្រឡាង
អ្នកនិពន្ធរស់នៅរដ្ឋតិចសាស ស.រ.អា ។
ប្រទេសអេស្តូនី
« ម៉ាក់មានរឿងភ្ញាក់ផ្អើលមួយ ! » Ema ( ម៉ាក់ ) បាននិយាយពេលគាត់បានទៅយករ៉ាស្មុសពីសាលារៀន ។ ពួកគេបានដើរតាមបន្ទាត់ផ្លូវចង្អៀតដែលមានអគារចម្រុះពណ៌ជុំវិញ ។
តើយើងញ៉ាំ « Rosolje សម្រាប់អាហារពេលល្ងាចឬ ? » រ៉ាស្មុសបានទាយទាំងសង្ឃឹម ។ ពួកគេទើបតែបានបរិភោគវាកាលពីសប្តាហ៍មុនសម្រាប់ថ្ងៃខួបកំណើតគម្រប់ប្រាំពីរឆ្នាំរបស់គាត់ ។ ប៉ុន្តែគាត់អាចញ៉ាំសាឡាត់ដែលមានឆៃថាវ និងដំឡូងជាមួយម៉ាំត្រីហារ៉ុង ។
Ema បានងក់ក្បាលរបស់គាត់ទាំងញញឹម ។ « ម៉ាក់បានជួបយុវនារីពីរនាក់នៅលើឡានក្រុងកាលពីព្រឹកមិញ ។ ពួកគេជាអ្នកផ្សព្វផ្សាយសាសនា ។ ពួកគេនឹងមកលេងយើងយប់នេះ ដើម្បីនិយាយអំពីព្រះវិហាររបស់ពួកគេ » ។
រ៉ាស្មុសបានមើលទៅលើដោយចិត្តចង់ដឹង ។ គាត់មិនធ្លាប់ជួបពួកអ្នកផ្សព្វផ្សាយសាសនាពីមុនទេ ។
គាត់បាននៅក្នុងបន្ទប់គេងរបស់គាត់ លេងឡានជ័ររបស់គាត់ ពេលពួកអ្នកផ្សព្វផ្សាយសាសនាបានមក ។ « Tere! Tere! សួស្តី » ពួកគេបានស្វាគមន៍ Ema ពេលពួកគេបានដើរចូលមកក្នុងផ្ទះ ។ ពួកគេបានដោះស្បែងជើងកវែងដ៏ធ្ងន់របស់ពួកគេ ហើយពាក់ស្បែកជើងផ្ទាត់ដែល Ema បានទុកសម្រាប់ភ្ញៀវ ។ Ema ឲ្យពួកគាត់អង្គុយលើសាឡុងពណ៌ទឹកក្រូច ។ ប៉ុន្តែរ៉ាស្មុសបានផ្អែកខ្នងនឹងទ្វារ ។
ស្ត្រីខ្ពស់ជាងគេម្នាក់បានឃើញគាត់ ហើយបានញញឹមដាក់គាត់ ។ ស្លាកឈ្មោះខ្មៅរបស់គាត់សរសេរថា Õde Craig ( ស៊ីស្ទើរ ក្រេក ) ។ គាត់បាននិយាយថា « ម៉ាក់របស់ក្មួយបានប្រាប់ពួកខ្ញុំថា ក្មួយទើបធ្វើខួបកំណើតរួច ។ ពួកខ្ញុំបានយកអ្វីមួយមកឲ្យក្មួយ ។ គាត់បានកាន់ប័ណ្ណតូចមកចេញមក ។ រ៉ាស្មុសបានមើលវាយ៉ាងជិត ។
វាជារូបភាពរបស់បុរសម្នាក់ ។ គាត់ពាក់រូបពណ៌ស ហើយដៃរបស់គាត់លាចេញក្រៅ ។
ស៊ីស្ទើរក្រេកបានសួរ « តើក្មួយដឹងថា រូបនេះជារូបនរណាទេ ? »
រ៉ាស្មុសពុំស្គាល់ឈ្មោះបុរសនោះទេ ។ គាត់មិនធ្លាប់ឃើញរូបនេះពីមុនទេ ។ ប៉ុន្តែបុរសនោះមើលទៅដូចជាមានចិត្តល្អ ហើយមានអំណាច ។ រ៉ាស្មុសបាននិយាយថា « ខ្ញុំគិតថា គាត់គឺជាស្តេច ! »
អ្នកផ្សព្វផ្សាយសាសនាទាំងពីរនាក់បានញញឹម ។ « ចាស៎ ទ្រង់ពិតជាស្តេចមែន ! ទ្រង់គឺជាស្តេចអស់ទាំងស្តេច ។ ព្រះនាមរបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ » ។ ស៊ីស្ទើរក្រេកបានទាញយកសៀវភៅមួយក្បាលដែលមានគម្របពណ៌ខៀវ ។ « ហើយនេះគឺជាសៀវភៅមួយក្បាលដែលបង្រៀនអំពីទ្រង់ គឺព្រះគម្ពីរ Mormoni Raamat ។ ព្រះគម្ពីរមរមន » ។
គាត់ និង Ema បានចាប់ផ្តើមបានអានព្រះគម្ពីរមរមនរៀងរាល់ថ្ងៃ ពីមុនគាត់ទៅសាលារៀន ។ អំឡុងពេលនៅសាលារៀន រ៉ាស្មុស និងសិស្សក្នុងថ្នាក់របស់គាត់បានដើរកម្សាន្ត នឹងគេងពេលថ្ងៃ ។ បន្ទាប់ពីចប់ពីសាលារៀន គាត់ និង Ema ជួបអ្នកផ្សព្វផ្សាយសាសនាជារឿយៗ ។ ពួកគេបាននិយាយជាមួយពួកអ្នកផ្សព្វផ្សាយសាសនាអំពីអ្វីដែលពួកគេបានអានពីព្រះគម្ពីរមរមន ។ ជួនកាល Ema ផ្តល់អាហារ kringel ជានំបុ័ងលឿងក្រម៉ៅដល់ពួកគេទាំងអស់គ្នា ។ នៅថ្ងៃចុងសប្តាហ៍ គាត់ និង Ema ជិះកង់ ឬដើរលំហែនៅលើឆ្នេរសមុទ្រ ។ ជួនកាលពួកគេដើរចូលទៅក្នុងព្រៃជ្រៅ ឬដើរតាមដងទន្លេដែលពួកគេចូលចិត្ត ។
មានគ្រាមួយ ពេលដើរទៅក្នុងព្រៃនោះ Ema បានប្រាប់រ៉ាស្មុសថា គាត់ចង់ទទួលបុណ្យជ្រមុជទឹក ។ រ៉ាស្មុសបានញញឹម ។ ពួកអ្នកផ្សព្វផ្សាយសាសនាបានសូមឲ្យ Ema អធិស្ឋានថា តើគួរទទួលបុណ្យជ្រមុជទឹកឬមិនទទួល ។ វាទំនងថា គាត់បានទទួលចម្លើយរបស់គាត់ហើយ !
គាត់បានប្រាប់រ៉ាស្មុសទាំងញញឹមថា « ហើយម៉ាក់ដឹងពីកន្លែងដែលម៉ាក់នឹងទទួលបុណ្យជ្រមុជទឹកហើយ ។ តើកូនអាចទាយដឹងទេ ? »
រ៉ាស្មុសបានគិតពីមេរៀនរបស់ពួកអ្នកផ្សព្វផ្សាយសាសនាស្តីពីពិធីបុណ្យជ្រមុជទឹក ។ ពួកគេបានលើករូបភាពមួយដែលបង្ហាញពីពេលដែល ព្រះយេស៊ូវគង់នៅជាមួយយ៉ូហាន បាទីស្ទ នៅក្នុងទឹកទន្លេមួយ ។…
គាត់បានស្រែកឡើងថា « ជ្រមុជទឹកក្នុងទន្លេ ! គឺទន្លេដែលយើងស្រឡាញ់ » ។
មួយសប្តាហ៍ក្រោយមក រ៉ាស្មុសបានឈរនៅលើច្រាំងទន្លេជាមួយពួកអ្នកផ្សព្វផ្សាយសាសនា និងមនុស្សមួយចំនួនផ្សេងទៀតមកពីព្រះវិហារ ។ Ema បានទទួលបុណ្យជ្រមុជទឹក ។ គាត់បានលេចកប់ចុះទាំងស្រុងទៅក្នុងទឹក គឺដូចព្រះយេស៊ូវបានធ្វើ ។ ពេលគាត់ក្រោកចេញពីទឹកមកវិញ គាត់បានញញឹម ។ រ៉ាស្មុសចង់ចងចាំពីគ្រានោះរៀងរហូត—ទឹកពណ៌ខៀវ ផ្កាព្រៃពណ៌សនៅក្នុងស្មៅពណ៌បៃតង និងស្នាមញញឹមរបស់ម្តាយគាត់ ។
ក្រោយមក ពេលមនុស្សគ្រប់គ្នាកំពុងបរិភោគនំឃុកឃីដែលពួកអ្នកផ្សព្វផ្សាយសាសនាបានយកមក រ៉ាស្មុសបានសួរថា « តើការទទួលបុណ្យជ្រមុជទឹករួចហើយមានអារម្មណ៍បែបណា ? »
ម្តាយគាត់បានប្រាប់គាត់ថា « អារម្មណ៍អស្ចារ្យណាស់ ។ ម៉ាក់ចង់នៅក្នុងទឹកទន្លេនោះរៀងរហូត ។ ម៉ាក់មានអារម្មណ៍ថ្មីស្រឡាង ! » គាត់បានឱបរ៉ាស្មុសយ៉ាងណែន ។
រ៉ាស្មុសបានប្រាប់គាត់ថា « សម្រាប់ថ្ងៃកំណើតកូនលើកក្រោយ កូនចង់ទទួលបុណ្យជ្រមុជទឹក ដូចម៉ាក់ និងព្រះយេស៊ូវដែរ ។ កូនចង់មានអារម្មណ៍ថ្មីស្រឡាងផងដែរ ! »