២០១៩
លិខិត​អញ្ជើញ​មួយ​សម្រាប់​រីកាដូ
ខែ មេសា ឆ្នាំ ២០១៩


លិខិត​អញ្ជើញ​មួយ​សម្រាប់​រីកាដូ

ម៉ាទីន អាប៉ូឡូ ខូដូវ៉ា ទីក្រុង ប៉ារ៉ាណា ប្រទេស​ប្រេស៊ីល

stack of invitations

រចនា​រូបភាព​ដោយ ខាធី ដុកគ្រីល

ពេល​ខ្ញុំ​ឮ​ពី​សកម្មភាព​សាសនាចក្រ ខ្ញុំ​បាន​អញ្ជើញ​មនុស្ស ១០ នាក់​ដែល​មិនមែន​ជា​សមាជិក​សាសនចក្រ​​ទៅចូលរួម​កម្មវិធីនោះ ។ ខ្ញុំ​បាន​​ធ្វើ​បែប​នេះ​អស់​ជា​ច្រើន​ឆ្នាំ ។ ខ្ញុំ​បាន​ធ្វើ​លិខិត​អញ្ជើញ ហើយ​ដាក់​វា​ក្នុង​ស្រោម​សំបុត្រ​ពណ៌​ស​មួយ ហើយ​អធិស្ឋាន​សូម​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ​ខ្ញុំ ។ បន្ទាប់​មក​ ខ្ញុំ​បាន​ចែក​លិខិត​អញ្ជើញ​នោះ ។ កម្រ​ណាស់​ដែ​ល​មាន​មនុស្ស​ទាំង ១០ នាក់​នោះ​ចូលរួម ប៉ុន្តែ​ប្រសិនបើ​មាន​តែ​ម្នាក់​ចូលរួម នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មាន​ជោគជ័យ ។

បួន​ប្រាំ​ឆ្នាំ​កន្លង​ទៅ​នេះ ខ្ញុំ​បាន​រៀបចំ​លិខិត​អញ្ជើញ​​ចំនួន​ដប់ សម្រាប់​ការប្រជុំ​ពិសេស​មួយ​របស់​គូស្វាមី​ភរិយា​ដែល​បាន​រៀបការ​រួច ។ ខ្ញុំ​បាន​ជូន​លិខិត​អញ្ជើញ​នោះ​ទៅ​​មនុស្ស​ប្រាំបួន​នាក់​នៅ​កន្លែង​ធ្វើការ ហើយ​នៅសល់​លិខិត​មួយ​ទៀត ។ ខ្ញុំ​ពុំ​ដឹង​ថា ​ខ្ញុំ​ត្រូវ​ជូនលិខិតអញ្ជើញ​នោះ​ទៅ​នរណា​ទេ ។ ប៉ុន្មាន​នាទី​ក្រោយ រីកាដូ​អ្នកតំណាង​​ផ្នែកលក់​ បាន​ដើរ​កើត​តុ​ធ្វើ​ការ​របស់​ខ្ញុំ ។ ខ្ញុំ​ទទួលការបំផុសគំនិត​ឲ្យ​អញ្ជើញ​គាត់ ទោះបីគាត់​បាន​​បដិសេធ​ការអញ្ជើញ​មួយ​ពី​មិត្តរួម​ការងារ​ម្នាក់ឲ្យ​ចូលរួម​សកម្មភាព​នៅ​ព្រះវិហារ​គាត់​ក្តី ។ ខ្ញុំ​បាន​គិតថា រីកាដូ​នឹង​ពុំ​ចាប់​អារម្មណ៍​ទេ ។

ប៉ុន្តែ​ពេល​រីកាដូ​បាន​ដើរ​កាត់​តុ​ធ្វើ​ការ​ខ្ញុំ​ម្តង​ទៀត​ដើម្បី​ចេញ​ទៅ​វិញ នោះ​ខ្ញុំ​ទទួល​ការបំផុសគំនិត​ម្តង​ទៀត ។ ប៉ុន្តែ​គាត់​បាន​ចេញ​ទៅ​យ៉ាង​លឿន ដែល​ធ្វើ​ឲ្យ​ខ្ញុំគ្មាន​ឱកាស​និយាយ​ជាមួយ​គាត់​ឡើយ ។ ខ្ញុំ​បាន​អធិស្ឋាន​ថា រីកាដូ​នឹង​ត្រឡប់​មកវិញ ប្រសិនបើ​ខ្ញុំ​ត្រូវ​ជូន​លិខិត​អញ្ជើញ​នោះ​ដល់​គាត់ ។

បន្ទាប់​​ពី​ខ្ញុំ​បាន​បញ្ចប់​ការអធិស្ឋាន​រួច រីកាដូ​បាន​ត្រឡប់​វិញ ហើយ​សួរ​សំណួរ​មួយ​ដល់​ខ្ញុំ ។ បន្ទាប់​មក ខ្ញុំ​បាននិយាយ​ថា « រីកាដូ ព្រះវិហារ​របស់​ខ្ញុំ​មាន​សកម្មភាព​សម្រាប់​គូស្វាមី​ភរិយា​ដែល​រៀបការ​រួច ។ យើង​នឹង​​ចែកចាយ​បទពិសោធន៍​អំពី​របៀប​ដើម្បី​រស់នៅ​ដោយ​រីករាយ​រៀងរាល់​ថ្ងៃ ។ បន្ទាប់​ពី​កម្មវិធី​នោះ​ចប់ យើង​នឹង​រាំ​កម្សាន្ត ។ ខ្ញុំ​សូម​​អញ្ជើញ​​អ្នក​ឲ្យ​ទៅ​កម្មវិធី​នោះ តើ​អ្នក​នឹង​ទៅ​កម្មវិធី​នោះ​ដែរ​ឬ​ទេ ? »

រីកាដូ​បាន​និយាយ​​ថា « បាទ ខ្ញុំ​នឹង​ទៅ ! » ប៉ុន្តែ​ចម្លើយ​របស់​គាត់​ពុំ​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​គាត់​ឡើយ ។

ខ្ញុំ​បាន​គិត​ថា « យ៉ាង​ហោច​ណាស់​ខ្ញុំ​បាន​ធ្វើ​កិច្ចការ​ដែល​ខ្ញុំ​ត្រូវធ្វើហើយ » ។

ភរិយា​ខ្ញុំ និង​ខ្ញុំ​បាន​​ទៅ​ដល់​​ព្រះវិហារ​មុន​គេ ដើម្បី​ស្វាគមន៍​មនុស្ស​ពេល​ពួកគេ​មក​ដល់ ។ រំពេច​នោះ ខ្ញុំ​បាន​ឃើញ​រីកាដូ និង​ភរិយា​គាត់​រេជីណា ។ ខ្ញុំ​​បាន​ណែនាំ​ពួកគេ​ឲ្យ​ស្គាល់​ភរិយា​ខ្ញុំ និង​​មនុស្ស​ដទៃ​ដែល​ចូលរួម​កម្មវិធី​នោះ ។ ពេញ​មួយ​ល្ងាច​នោះ រីកាដូ និង​រេជីណា ហាក់ដូចជា​រីករាយ​នឹង​កម្មវិធី​នោះ​ណាស់ ។ ខ្ញុំ​មាន​ក្តី​រំភើប​ចិត្ត ពេល​ពួកគេ​និយាយ​ថា ពួកគេ​នឹង​មក​ចូលរួម​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ​ដើម្បី​រៀន​បន្ថែម​ទៀត ។

រីកាដូ និង​រេជីណា និង​កូន​ពីរ​នាក់​របស់​ពួកគេ​បាន​រៀន​បន្ថែម​ទៀត ។ ទីបំផុត ​ពួកគេ​បាន​ចូលរួម​សាសនាចក្រ ។ ក្រោយ​មក​ទៀត ពួកគេ​បាន​ផ្សារ​ភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ មាន​គ្រា​មួយ រីកាដូ​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ និង​ភរិយា​គាត់​បាន​និយាយ​គ្នា​ពី​រឿង​លែងលះ​គ្នា ប៉ុន្តែ​ក្រោយ​មក​ព្រះអម្ចាស់​បាន​ដឹកនាំ​រីកាដូ​ឲ្យ​ទៅ​ការិយាល័យ​របស់​ខ្ញុំ ។

ចាប់​តាំង​ពីពេល​នោះ​មក ខ្ញុំ​បាន​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះអភ័យទោស​ដល់​ខ្ញុំ​ដែល​គិត​ថា រីកាដូ​នឹង​ពុំ​ទទួល​លិខិត​អញ្ជើញ​របស់​ខ្ញុំ​ទេ ។ ខ្ញុំ​បាន​​ដឹង​ថា វា​គឺជា​រឿង​សំខាន់​ដើម្បី​អញ្ជើញ​មនុស្ស​គ្រប់​រូប ។ អ្នក​មិន​អាច​ដឹង​មុន​ទេ​ថា តើ​នរណា​ខ្លះ​ដែល​នឹង​ទទួល​យក​ការអញ្ជើញ​នោះ ។ ◼