« នេះហើយគឺជាជីវិត ! »
រីឆាត ជេ អែនឌើរសុន រដ្ឋ យូថាហ៍ សហរដ្ឋអាមេរិក
បន្ទាប់ពីការសម្ភាសជាច្រើនក្នុងនាមជាប៊ីស្សព ខ្ញុំបានមកដល់ផ្ទះពេលយប់ជ្រៅនារដូវរងារមួយ ។ ខ្ញុំអស់កម្លាំងខ្លាំងណាស់ ។ សម្ពាធការងាររយៈពេលជាច្រើនសប្តាហ៍ និងការទទួលខុសត្រូវក្នុងគ្រួសារ និងសាសនាចក្រ បានធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំពុំអាចធ្វើរឿងគ្រប់យ៉ាងដែលខ្ញុំត្រូវបានសុំឲ្យធ្វើទេ ។
នាល្ងាចនោះ ខ្ញុំត្រូវតែជួសជុលឡានរបស់ខ្ញុំ ដើម្បីខ្ញុំអាចទៅធ្វើការបាននៅព្រឹកបន្ទាប់ ។ ពេលខ្ញុំពាក់អាវក្រៅរបស់ខ្ញុំ នោះខ្ញុំបានប្តូរតួនាទីខ្ញុំពីប៊ីស្សពទៅជាជាងមេកានិចវិញ ។ ខ្ញុំបានតម្រេកខ្លួនលើកម្រាលហ្គារ៉ាសឡានដ៏ត្រជាក់ក្រោមឡាន ដើម្បីជួសជុល ។ ហេតុអ្វីខ្ញុំត្រូវរងារ អស់កម្លាំង ហើយឈឺក្រញរដៃ បន្ទាប់ពីខ្ញុំបានធ្វើការយ៉ាងខ្លាំងនៅថ្ងៃនោះទៀតដូច្នេះ ? ខ្ញុំបានបាត់បង់ការអត់ធ្មត់ ហើយចាប់ផ្តើមយំ ដោយទូលការអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ។
« តើវាអាចទៅរួចទេ ប្រសិនបើទ្រង់អាចជួយខ្ញុំតែបន្តិចនោះ ? » ខ្ញុំបាននិយាយថា « ខ្ញុំកំពុងព្យាយាមអស់ពីសមត្ថភាពរបស់ខ្ញុំដើម្បីធ្វើជាឪពុក ស្វាមី និងប៊ីស្សពល្អម្នាក់ ហើយរស់នៅតាមបទបញ្ញត្តិ ។ តើខ្ញុំនឹងមិនបម្រើបានប្រសើរជាងនេះទេឬ ប្រសិនបើខ្ញុំសម្រាកខ្លះនោះ ? សូមជួយទូលបង្គំធ្វើការឲ្យរួច ដើម្បីទូលបង្គំអាចចូលដេក » ។
រំពេចនោះ ពាក្យដ៏ច្បាស់លាស់បានផុសឡើងក្នុងគំនិតខ្ញុំ ៖ « នេះហើយគឺជាជីវិត ! »
ខ្ញុំបានតបថា « ស្អីគេ ? »
ខ្ញុំបានឮពាក្យនោះម្ដងទៀត ៖ « នេះហើយគឺជាជីវិត ! »
ការយល់ដឹងបានចាប់ផ្តើមមានក្នុងគំនិត និងចិត្តខ្ញុំ ពេលខ្ញុំបានស្តាប់ឮពាក្យនោះជាលើកទីបី ៖ « នេះហើយគឺជាជីវិត ! » ពាក្យទាំងនេះពាំនាំនូវសារលិខិតមួយមកក្នុងវិញ្ញាណខ្ញុំ ។ « នេះ » គឺជាជីវិតរមែងស្លាប់ ហើយខ្ញុំបានជួបនូវគ្រានៃការរីកចម្រើនដែលបានរៀបចំឡើង ដើម្បីជួយខ្ញុំឲ្យក្លាយជាអ្វីដែលព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យខ្ញុំប្រែក្លាយ ។ ព្រះវិញ្ញាណទំនងជាមានបន្ទូលមកខ្ញុំថា « តើអ្នករំពឹងថា ដំណើរលើផែនដីនេះគ្មានឧបសគ្គឬ ? » ពេលខ្ញុំក្រោកចេញពីកម្រាលស៊ីម៉ងតិ៍ដ៏ត្រជាក់នោះ ខ្ញុំពុំមែនជាមនុស្សដូចមុនទៀតឡើយ ។
ដោយផ្អែកទៅលើរបៀបដែលយើងឆ្លើយតបទៅនឹងការសាកល្បងនានា នោះយើងអាចចាត់ទុកការសាកល្បងថាជា អំណោយមកពីព្រះវរបិតាជាទីស្រឡាញ់របស់យើងដែលគង់នៅឋានសួគ៌ ។ ទ្រង់ប្រទានឱកាសឲ្យយើងប្រឈមមុខនឹងការសាកល្បងនានា ដើម្បីយើងអាចរៀនបែរទៅរកទ្រង់ ។ នៅពេលយើងធ្វើដូច្នោះ យើងមានពរដោយការរៀនសូត្រ និងការរីកចម្រើនខាងវិញ្ញាណ ។
ពាក្យទាំងនោះដែលផុសឡើងក្នុងគំនិតខ្ញុំអំឡុងពេលយប់ដ៏រងារនៅលើកម្រាលស៊ីម៉ង់តិ៍នៅហ្គារ៉ាសឡានរបស់ខ្ញុំ បានផ្តល់ពរដល់ខ្ញុំអស់រយៈពេលជាង ៣៥ ឆ្នាំហើយ ។ ខ្ញុំបានព្យាយាមយ៉ាងខ្លាំងដើម្បីយល់ថា ខ្ញុំពុំបានខ្ជះខ្ជាយនឹងការសាកល្បងដែលខ្ញុំបានទទួលនោះទេ ។ ខ្ញុំឃើញថា ការសាកល្បងគឺជាឱកាសដើម្បីរៀនអ្វីដែលខ្ញុំពុំធ្លាប់រៀនតាមរបៀបមួយផ្សេងទៀត ។