គោលការណ៍នៃការងារបម្រើ
ការធ្វើឲ្យការងារបម្រើ ពោរពេញដោយអំណរ
ការបម្រើដោយសេចក្តីស្រឡាញ់នាំមកនូវអំណរដល់ទាំងអ្នកផ្ដល់ឲ្យ និងអ្នកទទួល ។
ជួនកាលការស្វែងរកសុភមង្គលរបស់យើងក្នុងជីវិតនេះ អាចទំនងជាដូចជាការរត់នៅមួយកន្លែង ។ យើងរត់ ហើយរត់ទៀត ហើយនៅតែមានអារម្មណ៍ថា យើងពុំបានទៅដល់កន្លែងណាឡើយ ។ សម្រាប់មនុស្សមួយចំនួន គំនិតនៃការផ្តល់ការងារបម្រើដល់មនុស្សដទៃ ហាក់ដូចជាការបន្ថែមកិច្ចការដើម្បីធ្វើ ។
ប៉ុន្តែព្រះវរបិតាសួគ៌របស់យើងសព្វព្រះទ័យឲ្យយើងទទួលបទពិសោធន៍នៃអំណរ ហើយបានមានបន្ទូលប្រាប់យើងថា « មានមនុស្សលោក ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ » ( នីហ្វៃទី ២ ២:២៥ ) ។ ហើយព្រះអង្គសង្គ្រោះបានបង្រៀនថា ការផ្តល់ការងារបម្រើដល់មនុស្សដទៃគឺជាផ្នែកចាំបាច់មួយនៃរបៀបដែលយើងនាំអំណរដល់ជីវិតយើង និងមនុស្សដទៃ ។
តើអំណរជាអ្វី ?
អំណរត្រូវបានផ្តល់និយមន័យថា « អារម្មណ៍មួយនៃការពេញចិត្ត និងសុភមង្គលដ៏អស្ចារ្យ » ។១ ពួកព្យាការីថ្ងៃចុងក្រោយបានផ្តល់ការបញ្ជាក់ច្បាស់លាស់ស្តីពីប្រភពដែលអំណរកើតមាន និងរបៀបស្វែងរកអំណរ ។ ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា « អំណរដែលយើងទទួលវាមានទំនាក់ទំនងតែបន្តិចបន្តួចជាមួយកាលៈទេសៈនៃជីវិតយើង និងអ្វីគ្រប់យ៉ាងដែលយើងធ្វើជាមួយនឹងការផ្តោតយកចិត្តទុកដាក់នឹងជីវិតរបស់យើង …អំណរកើតឡើង និងដោយសារតែ [ ព្រះយេស៊ូវគ្រីស្ទ ] ។ ទ្រង់គឺជាប្រភពនៃអំណរទាំងអស់ » ។២
ការផ្តល់ការងារបម្រើនាំមកនូវអំណរ
ពេលលីហៃបានទទួលទានផ្លែឈើជីវិត នោះព្រលឹងវិញ្ញាណលោកក៏បានពោរពេញទៅ « ដោយសេចក្តីអំណរជាខ្លាំង » ( នីហ្វៃទី ១ ៨:១២ ) ។ បំណងប្រាថ្នាដំបូងរបស់លោកគឺចែកចាយផ្លែឈើនោះជាមួយអស់អ្នកដែលលោកស្រឡាញ់ ។
បំណងប្រាថ្នារបស់យើងដើម្បីផ្តល់ការងារបម្រើដល់មនុស្សដទៃ អាចនាំអំណរបែបនោះដល់យើង និងដល់ពួកគេ ។ ព្រះអង្គសង្គ្រោះបានបង្រៀនពួកសិស្សរបស់ទ្រង់ថា ផលផ្លែដែលយើងនាំមក ពេលយើងភ្ជាប់ទៅនឹងទ្រង់ ជួយនាំភាពពេញលេញនៃសេចក្ដីអំណរដល់យើង ( សូមមើល យ៉ូហាន ១៥:១–១១ ) ។ ការធ្វើកិច្ចការរបស់ទ្រង់ដោយការបម្រើ និងការនាំមនុស្សដទៃទៅកាន់ទ្រង់ អាចជាបទពិសោធន៍នៃអំណរមួយ ( សូមមើល លូកា ១៥:៧; អាលម៉ា ២៩:៩; គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១៦; ៥០:២២ ) ។ យើងអាចទទួលបទពិសោធន៍នៃអំណរនេះ ទោះបីយើងប្រឈមមុននឹងការប្រឆាំង និងការរងទុក្ខក្តី ( សូមមើល កូរិនថូសទី ២ ៧:៤; កូល៉ុស ១:១១ ) ។
ព្រះអង្គសង្គ្រោះបានបង្ហាញយើងនូវគំរូដ៏ល្អឥតខ្ចោះ ដែលជាប្រភពដ៏អស្ចារ្យបំផុតមួយនៃអំណរដ៏ពិតប្រាកដនៅក្នុងជីវិតរមែងស្លាប់នេះ គឺរកឃើញតាមរយៈការបម្រើ ។ ពេលយើងផ្តល់ការងារបម្រើដល់បងប្អូនប្រុសស្រីរបស់យើងដូចព្រះអង្គសង្គ្រោះបានធ្វើ ដោយសេចក្តីសប្បុរស និងសេចក្តីស្រឡាញ់ក្នុងដួងចិត្តយើង នោះយើងអាចទទួលបទពិសោធន៍នៃអំណរដែលមានលើសពីសុភមង្គលធម្មតាទៅទៀត ។
ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ ប្រធានសមាគមសង្គ្រោះទូទៅបានបង្រៀនថា « ពេលយើងទទួលយក [ ការផ្តល់ការងារបម្រើ ] ដោយដួងចិត្តប្រកបដោយឆន្ទៈ នោះយើងនឹងនឹងកាន់តែជិតប្រែក្លាយទៅជារាស្ត្រនៃស៊ីយ៉ូន ហើយនឹងទទួលអំណរដ៏មហិមាជាមួយនឹងអស់អ្នកដែលយើងបានជួយនៅតាមផ្លូវនៃភាពជាសិស្ស » ។៣
តើយើងអាចធ្វើឲ្យការផ្តល់ការងារបម្រើកាន់តែពោរពេញដោយអំណរយ៉ាងដូចម្តេច ?
មានរបៀបជាច្រើនដែលនាំអំណរកាន់តែអស្ចារ្យមកកាន់ការងារបម្រើរបស់យើង ។ នេះគឺជាយោបល់មួយចំនួន ៖
-
យល់ដឹងពីគោលបំណងរបស់អ្នកក្នុងការផ្តល់ការងារបម្រើ ។ មានហេតុផលជាច្រើនដើម្បីផ្តល់ការងារបម្រើ ។ សំខាន់បំផុត កិច្ចខិតខំរបស់យើងគួរតែស្របទៅនឹងព្រះរាជបំណងរបស់ព្រះគឺ « ដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ ពេលយើងទទួលយកការអញ្ជើញរបស់ប្រធានណិនសុន ដើម្បីជួយមនុស្សដទៃនៅលើផ្លូវនៃសេចក្តីសញ្ញា នោះយើងអាចរកឃើញអំណរក្នុងការចូលរួមក្នុងកិច្ចការររបស់ព្រះ ។៤ ( សម្រាប់គោលបំណងបន្ថែមស្តីពីការផ្តល់ការងារបម្រើ សូមមើល « គោលការណ៍នៃការងារបម្រើ ៖ គោលបំណងដែលនឹងផ្លាស់ប្តូរការងារបម្រើរបស់អ្នក » នៅក្នុងទស្សនាវដ្តី លីអាហូណា ខែ មករា ឆ្នាំ ២០១៩ ) ។
-
ធ្វើឲ្យការងារបម្រើផ្តោតទៅលើមនុស្ស មិនមែនទៅលើកិច្ចការឡើយ ។ ជារឿយៗ ប្រធាន ថូម៉ាស អេស ម៉នសុន បានរំឭកយើងថា « ចូរកុំឲ្យបញ្ហាមួយដែលត្រូវដោះស្រាយ ក្លាយជារឿងសំខាន់ជាងមនុស្សម្នាក់ដែលត្រូវស្រឡាញ់ » ។៥ ការងារបម្រើគឺស្តីពីការស្រឡាញ់មនុស្ស ពុំមែនជាការធ្វើកិច្ចការអ្វីមួយនោះទេ ។ នៅពេលយើងស្រឡាញ់កាន់តែច្រើនដូចព្រះអង្គសង្គ្រោះស្រឡាញ់ នោះយើងនឹងកាន់តែបើកផ្លូវឆ្ពោះទៅរកអំណរដែលកើតមកពីការបម្រើមនុស្សដទៃ ។
-
ធ្វើឲ្យការងារបម្រើជារឿងសាមញ្ញ ។ ប្រធាន អិម រ័សុល បាឡឺដ ប្រធានស្ដីទីក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ប្រាប់យើងថា ៖ « រឿងដ៏អស្ចារ្យកើតឡើងតាមរយៈរឿងដ៏សាមញ្ញ និងតូចតាច ។… ទង្វើតូចតាច និងសាមញ្ញប្រកបដោយសន្ដានចិត្តរបស់យើង និងការបម្រើនឹងរួមផ្សំទៅជាជីវិតមួយដែលពោរពេញដោយក្ដីស្រឡាញ់ចំពោះព្រះវរបិតាសួគ៌ ការបូជាចំពោះកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ អារម្មណ៍នៃក្ដីសុខសាន្ដ និងអំណររាល់ពេលដែលយើងជួយគ្នា » ។៦
-
ដកយកការតានតឹងផ្លូវចិត្តពីការងារបម្រើ ។ វាពុំមែនជាការទទួលខុសត្រូវរបស់អ្នក ដើម្បីធ្វើឲ្យមានសេចក្តីសង្គ្រោះសម្រាប់នរណាម្នាក់ឡើយ ។ នោះគឺជារឿងរវាងបុគ្គលម្នាក់ៗ និងព្រះអម្ចាស់ ។ ការទទួលខុសត្រូវរបស់យើងគឺស្រឡាញ់ពួកគេ ហើយជួយពួកគេឲ្យបែរទៅរកព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអង្គសង្គ្រោះរបស់ពួកគេ ។
កុំពន្យារពេលនៃអំណរក្នុងការបម្រើ
ជួនកាលមនុស្សមានចិត្តរារែកក្នុងការសូមជំនួយដែលពួកគេត្រូវការ ដូច្នេះការផ្តល់ការបម្រើរបស់យើងអាចក្លាយជាអ្វីដែលពួកគេត្រូវការ ។ ប៉ុន្តែការបង្ខំខ្លួនយើងទៅលើមនុស្សក៏ពុំមែនជាចម្លើយផងដែរ ។ ការសូមការអនុញ្ញាតពីមុនផ្តល់ការងារបម្រើគឺជាគំនិតល្អមួយ ។
អែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានប្រាប់អំពីម្តាយទោលម្នាក់ដែលមានជំងឺអុតស្វាយ—ហើយក្រោយមកកូនៗរបស់គាត់ក៏ឈឺផងដែរ ។ ផ្ទះដែលធ្លាប់តែមានសណ្ដាប់ធ្នាប់ បែរជាមានភាពរាយប៉ាយ និងរញ៉េរញ៉ៃ ។ ចានក្បាន និងសម្លៀកបំពាក់ប្រឡាក់គរដូចភ្នំ ។
នៅគ្រាដែលគាត់មានអារម្មណ៍ស្មុគស្មាញពេញទំហឹង នោះមានបងប្អូនស្ត្រីខាងសមាគមសង្គ្រោះបានគោះទ្វារផ្ទះគាត់ ។ ពួកគេពុំបាននិយាយថា « សូមប្រាប់យើង បើមានអ្វីឲ្យពួកយើងជួយ » ឡើយ ។ ពេលពួកគេបានឃើញស្ថានភាពនោះ ពួកគេបានធ្វើវាតែម្តង ។
« ពួកគេបានរៀបចំភាពរញ៉េរញ៉ៃនោះ បានបោសសម្អាតផ្ទះ ហើយបានទូរសព្ទទៅមិត្តម្នាក់ឲ្យយកអាហារដែលត្រូវការចាំបាច់មក ។ នៅទីបំផុត កាលពួកគេបានបញ្ចប់កិច្ចការខ្លួន ហើយបានលាចេញទៅវិញ នោះពួកគេបានបន្សល់ទុកឲ្យម្ដាយវ័យក្មេងនោះនូវទឹកភ្នែក—ជាទឹកភ្នែកនៃអំណរគុណ និងក្ដីស្រឡាញ់ » ។៧
ទាំងអ្នកផ្តល់ឲ្យ និងអ្នកទទួលបានទទួលអារម្មណ៍កក់ក្តៅនៃអំណរ ។
បណ្តុះអំណរនៅក្នុងជីវិតរបស់អ្នក
ដរាបណាយើងបណ្តុះឲ្យមាន អំណរ ភាពសុខសាន្ត និងក្តីរីករាយចិត្តក្នុងជីវិតយើង ដរាបនោះយើងនឹងអាចចែកចាយវាជាមួយមនុស្សដទៃ ពេលយើងផ្តល់ការងារបម្រើ ។ អំណរកើតមកតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល កាឡាទី ៥:២២ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១:១៣ ) ។ វាជាអ្វីដែលយើងអាចអធិស្ឋានទូលសូមបាន ( សូមមើល គោលលទ្ធិ និងសេ់ ១៣៦:២៩ ) ហើយនាំវាមកក្នុងជីវិតរបស់យើង ។ នេះជាគំនិតយោបល់មួយចំនួន ដើម្បីបណ្តុះឲ្យមានអំណរនៅក្នុងជីវិតយើងផ្ទាល់ ៖
-
ចូររាប់ព្រះពររបស់អ្នក ។ ពេលអ្នកពិនិត្យមើលជីវិតរបស់អ្នក សូមសរសេរសៀវភៅកំណត់ហេតុរបស់អ្នក នូវអ្វីៗដែលព្រះបានប្រទានពរដល់អ្នក ។៨ សូមកត់ចំណាំអំពីរឿងល្អដែលមាននៅជុំវិញអ្នក ។៩ សូមផ្តោតចិត្តទុកដាក់លើអ្វីដែលអាចរារាំងអ្នកពីការទទួលអារម្មណ៍អំណរ ហើយកត់ត្រារបៀបនានា ដើម្បីដោះស្រាយ ឬយល់ពីរបៀបនោះកាន់តែប្រសើរឡើង ។ អំឡុងពេលរដូវកាលបុណ្យអ៊ីស្ទើរនេះ សូមឆ្លៀតពេលស្រាវជ្រាវរកទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយព្រះអង្គសង្គ្រោះ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១០១:៣៦ ) ។
-
អនុវត្តនូវស្ថានភាពផ្លូវចិត្ត ។ អ្នកអាចរកឃើញអំណរកាន់តែងាយស្រួលក្នុងគ្រានៃការស្មឹងស្មាធដ៏ស្ងប់ស្ងាត់ ។១០ សូមស្តាប់ឲ្យហ្មត់ចត់នូវអ្វីដែលនាំអ្នកឲ្យមានអំណរ ( សូមមើល របាក្សត្រទី ១ ១៦:១៥ ) ។ ជួនកាល ការចំណាយពេលងាកចេញពីប្រព័ន្ធសង្គមអាចជារឿងចាំបាច់ ដើម្បីអនុវត្តនូវស្ថានភាពផ្លូវចិត្ត ។១១
-
ចៀសវាងការប្រៀបធៀបខ្លួនឯង ។ មានពាក្យនិយាយថា ការប្រៀបធៀបគឺជាចោរប្លន់អំណរ ។ ប៉ុលបានព្រមានអស់អ្នកដែល « គេវាស់ ហើយផ្ទឹមខ្លួននឹងខ្លួនគេ នោះគ្មានប្រាជ្ញាទេ » ( កូរិនថូសទី ២ ១០:១២ ) ។
-
ស្វែងរកវិវរណៈផ្ទាល់ខ្លួន ។ ព្រះអង្គសង្គ្រោះបានបង្រៀនថា ៖ « បើសិនជាអ្នកសូម នោះអ្នកនឹងបានទទួលវិវរណៈថែមទៅលើវិវរណៈ តម្រិះថែមទៅលើតម្រិះ ដើម្បីឲ្យអ្នកអាចបានស្គាល់សេចក្ដីអាថ៌កំបាំងទាំងឡាយ និងរបស់ទាំងឡាយដ៏ប្រកបដោយសេចក្ដីសុខសាន្ត—ដែលនឹងនាំឲ្យមានសេចក្ដីអំណរ ជាអ្វីដែលនាំឲ្យមានជីវិតដ៏នៅអស់កល្បជានិច្ច » ( គ. និង ស. ៤២:៦១ ) ។
ការអញ្ជើញឲ្យអនុវត្ត
តើអ្នកអាចបង្កើនអំណរដែលអ្នករកឃើញនៅក្នុងជីវិតរបស់អ្នក តាមរយៈការងារបម្រើដោយរបៀបណា ?