យុវមជ្ឈិមវ័យ
ការសម្រេចចិត្ត ៖ សិទ្ធិជ្រើសរើស ទល់នឹង វិវរណៈ
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
ពេលមានការសម្រេចចិត្តធំៗ តើយើងត្រូវពឹងផ្អែកលើព្រះឲ្យប្រាប់យើងនូវអ្វីដែលយើងត្រូវធ្វើខ្លាំងប៉ុណ្ណា ?
រៀងរាល់ថ្ងៃ យើងម្នាក់ៗប្រឈមមុខនឹងការសម្រេចចិត្ត ។ ការសម្រេចចិត្តខ្លះវាជារឿងធម្មតា ដូចជា « តើខ្ញុំគួរស្លៀកពាក់អ្វី ? » « តើខ្ញុំគួរបរិភោគអ្វីសម្រាប់អាហារថ្ងៃត្រង់ ? » « តើវាដល់ពេលត្រូវទិញឡានថ្មី ឬក៏ខ្ញុំអាចនៅទ្រាំប្រើឡានចាស់នេះបន្តិចទៀតសិន ? » ប៉ុន្តែជារឿយៗ យើងជួបនឹងការសម្រេចចិត្តធំៗ—« តើខ្ញុំគួរតែត្រឡប់ទៅរៀនវិញដែរឬទេ ? » « តើខ្ញុំគួរតែទទួលយកការងារនេះដែរឬទេ ? » « តើខ្ញុំគួរតែប្តូរទៅរស់នៅទីក្រុងថ្មីដែរឬទេ ? » « តើខ្ញុំគួរតែទិញផ្ទះដែរឬទេ ? » « តើខ្ញុំគួរតែណាត់ដើរលេងជាគូនឹងបុគ្គលនេះដែរឬទេ ? » « តើខ្ញុំគួរតែរៀបការជាមួយបុគ្គលនេះដែរឬទេ ? » ជាដើម ។
ពេលជួបនឹងការសម្រេចចិត្តធំៗ យើងមានទំនោរ—ដោយសមរម្យ—ប្រើពេលច្រើនដើម្បីធ្វើការសម្រេចចិត្ត ។ យើងធ្វើតាមការទូន្មានដែលអូលីវើរ ខៅឌើរី បានទទួលនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៩:៨–៩ ដែលព្រះអម្ចាស់មានបន្ទូលថា ៖
« ប៉ុន្តែមើលចុះ យើងប្រាប់អ្នកថា អ្នកត្រូវសិក្សាក្នុងគំនិតរបស់អ្នក រួចហើយ អ្នកត្រូវសូមដល់យើង បើសិនជាការណ៍នោះត្រឹមត្រូវ ហើយបើសិនជាត្រឹមត្រូវ នោះយើងនឹងបណ្ដាលឲ្យទ្រូងរបស់អ្នកខ្មួលខ្មាញ់ខាងក្នុង ហេតុដូច្នោះហើយ អ្នកនឹងមានអារម្មណ៍ថា ការណ៍នោះត្រឹមត្រូវ ។
ប៉ុន្តែបើសិនជាការណ៍នោះមិនត្រឹមត្រូវវិញ នោះអ្នកនឹងពុំមានអារម្មណ៍យ៉ាងដូច្នោះឡើយ ប៉ុន្តែអ្នកនឹងអាប់គំនិត ដែលនឹងបណ្ដាលឲ្យអ្នកភ្លេចនូវអ្វីដែលខុស » ។
ទោះបីនេះគឺពិតជាការទូន្មានល្អក្តី ពេលមានការសម្រេចចិត្តធំៗកើតឡើង ជួនកាលយើងពឹងផ្អែកច្រើនបន្តិចទៅលើផ្នែកដែលព្រះមានបន្ទូលប្រាប់យើងនូវអ្វីដែលត្រឹមត្រូវ ហើយមិនពឹងផ្អែកច្រើនល្មមទៅលើផ្នែកដែលទ្រង់ប្រាប់យើងឲ្យសិក្សាវានៅក្នុងគំនិតយើង ។ យើងបែរជាផ្តោតចិត្តខ្លាំងទៅលើការទន្ទឹងចាំព្រះ ឲ្យបញ្ជាក់ការសម្រេចចិត្តយើង ដែលយើងបានឲ្យឱកាសដ៏អស្ចារ្យរំលងចេញពីយើងទៅ ។ យើងថែមទាំងទទួលស្គាល់តួនាទីនៃសិទ្ធិជ្រើសរើស ប៉ុន្តែយើងភ័យខ្លាចនឹងការសម្រេចចិត្តដែលអាចទាញយើងចេញពីផ្លូវនៃ « ផែនការ » ដែលបានតាំងចិត្តជាមុន ហើយបញ្ចប់ដោយការសន្មតថា អ្វីៗផ្សេងទៀតក្រៅពីការបណ្ដាលឲ្យទ្រូងខ្មួលខ្មាញ់ ឬសំឡេងចេញពីស្ថានសួគ៌នោះមានន័យថា ការសម្រេចចិត្តរបស់យើងគឺខុស ។ សម្រាប់យើងជាច្រើននាក់ ភាពតានតឹងដែលពុំអាចថ្លែងបានរវាងសិទ្ធិជ្រើសរើស និងវិវរណៈផ្ទាល់ខ្លួនដឹកនាំទៅរកសំណួរសំខាន់មួយ ៖ តើព្រះមានតួនាទីអ្វីនៅក្នុងការជួយយើងឲ្យធ្វើការសម្រេចចិត្ត ?
តួនាទីរបស់ព្រះក្នុងការសម្រេចចិត្តរបស់យើង
ប្រហែលសំណួរនេះគឺត្រូវឆ្លើយបានល្អបំផុត តាមរយៈរឿងរបស់បងប្រុសយ៉ារេឌ ? មានលំនាំដ៏គួរឲ្យចាប់អារម្មណ៍មួយស្តីពីការរីកចម្រើននៅក្នុងរឿងនេះ ដែលបង្រៀនយើងអំពីរបៀបដែលព្រះរំពឹងទុកឲ្យយើងធ្វើការសម្រេចចិត្ត ។ បន្ទាប់ពីបានបំភាន់ភាសានៅប៉មបាបិលមក យ៉ារេឌសូមឲ្យបងប្រុសរបស់លោកទូលសួរព្រះអម្ចាស់ថា តើពួកគេគួរចាកចេញពីដែនដីដែរឬទេ ហើយបើត្រូវចាកចេញមែន តើពួកគេគួរតែទៅទីណា ( សូមមើល អេធើរ ១:៣៦–៤៣ ) ។ បងប្រុសរបស់យ៉ារេឌបានអធិស្ឋាន ហើយព្រះអម្ចាស់បានដឹកនាំពួកគេទៅឆ្នេរសមុទ្រ ។ ពេលពួកគេធ្វើដំណើរ ព្រះអម្ចាស់បានមានព្រះបន្ទូលទៅកាន់ពួកគេពីលើពពក ហើយបានដឹកនាំពួកគេគ្រប់ជំហាននៃការធ្វើដំណើររបស់ពួកគេ ។ ទីបំផុតពួកគេបានទៅដល់ឆ្នេរសមុទ្រជាកន្លែងដែលពួកគេបានស្នាក់នៅអស់ជាច្រើនឆ្នាំ ។
នៅចុងឆ្នាំទីបួន ព្រះបានប្រាប់បងប្រុសរបស់យ៉ារេឌឲ្យសាងសង់ភេត្រា ដើម្បីត្រៀមខ្លួនឆ្លងកាត់មហាសមុទ្រ ។ ពេលបងប្រុសរបស់យ៉ារេឌដឹងថា ភេត្រាទាំងនោះនឹងគ្មានខ្យល់ នោះលោកធ្វើតាមលំនាំដដែល ដោយទៅរកព្រះដើម្បីទូលសូមអ្វីដែលលោកគួរធ្វើ ។ ដូចបានរំពឹងទុក ព្រះអម្ចាស់ឆ្លើយតប ដោយប្រទានការណែនាំលម្អិតដល់លោក ឲ្យចោះរន្ធនៅផ្នែកខាងលើ និងបាតភេត្រាទាំងនោះ ។ សូមកត់សម្គាល់ពីលំនាំនៃវិវរណៈកន្លងមក ៖ ព្រះប្រទានផែនការដល់ពួកគេ ពួកគេសួរសំណួរអំពីរបៀបដើម្បីបំពេញផែនការនោះ ហើយព្រះឆ្លើយតបនូវចម្លើយដ៏លម្អិត និងច្បាស់លាស់ ។
ប៉ុន្តែបន្ទាប់ពីលោកបានចោះរន្ធនៅក្នុងភេត្រាហើយនោះ បងប្រុសរបស់យ៉ារេឌដឹងថា ភេត្រានឹងគ្មានពន្លឺទេ ។ ជាថ្មីម្តងទៀត លោកបានទូលសួរព្រះថា តើលោកគួរតែធ្វើដូចម្ដេច ។ ប៉ុន្តែជំនួសឲ្យការផ្តល់ចម្លើយ ព្រះបានសួរថា « តើអ្នកចង់ឲ្យយើងធ្វើអ្វី ដើម្បីឲ្យអ្នកមានពន្លឺនៅក្នុងភេត្រាទាំងឡាយរបស់អ្នក ? » ( អេធើរ ២:២៣ ) ។ ជាជាងការប្រទាននូវការណែនាំលម្អិតដូចទ្រង់បានធ្វើកាលពីមុន នៅគ្រានេះព្រះអម្ចាស់រង់ចាំឲ្យបងប្រុសយ៉ារេឌសម្រេចចិត្តធ្វើកិច្ចការនោះ ។
ចម្លើយបែបនេះពីព្រះអម្ចាស់ ប្រហែលជាពិបាកយល់បំផុត ពេលព្យាយាមធ្វើការសម្រេចចិត្តមួយ ។ យើងត្រូវបានបង្រៀនឲ្យអធិស្ឋាន ហើយរង់ចាំទទួលចម្លើយ ដូច្នេះជាទូទៅ យើងបារម្ភពេលយើងអត់ទទួលចម្លើយ ។ ជារឿយៗ យើងឆ្ងល់ថា តើការខ្វះចម្លើយច្បាស់លាស់ស្មើនឹង « អាប់គំនិត » បង្ហាញថាជម្រើសរបស់ខុសឬ ។ មានគ្រាផ្សេងទៀត យើងឆ្ងល់ថា តើវាមានន័យថា យើងពុំសុចរិតល្មមដើម្បីស្តាប់ចម្លើយ ឬតើយើងពុំបានសូមដោយ « ចិត្តស្មោះសរ » ឬ ( សូមមើល មរ៉ូណៃ ១០:៤ ) ។ ប៉ុន្តែមានជម្រើសទីបី ដែលជួនកាលយើងពុំពិចារណា—ប្រហែលដូចជាបងប្រុសរបស់យ៉ារេឌ ព្រះទន្ទឹងរង់ចាំឲ្យ យើង ធ្វើការសម្រេចចិត្ត ផ្ទាល់ ដោយខ្លួនឯង ។
ការធ្វើការសម្រេចចិត្ត
ថ្មីៗនេះ ខ្ញុំបានជួបនឹងស្ថានភាពមួយដែលជាឧបសគ្គរាំងផ្លូវខ្ញុំឲ្យគិតអំពីសិទ្ធិជ្រើសរើស និងវិវរណៈផ្ទាល់ខ្លួន ។ ពេលខ្ញុំជិតបញ្ចប់ការសិក្សា មានគេផ្តល់ការងារផ្សេងៗមួយចំនួនដល់ខ្ញុំនៅក្នុងទីក្រុងផ្សេងៗ ហើយខ្ញុំពុំអាចសម្រេចចិត្តថា ត្រូវយកមួយណាទេ ។ ដូចជាបងប្រុសរបស់យ៉ារេឌដែរ ខ្ញុំបានជួបនូវគ្រាជាច្រើន ដែលខ្ញុំបានអធិស្ឋានអំពីការសម្រេចចិត្តធំៗ ហើយព្រះបានឆ្លើយតបជាមួយនឹងចម្លើយដ៏ច្បាស់លាស់ ។ ដោយពឹងផ្អែកលើបទពិសោធន៍ពីមុនៗ ខ្ញុំបានចាប់ផ្តើមអធិស្ឋាន ហើយទូលសូមព្រះឲ្យជួយខ្ញុំសម្រេចចិត្តថា តើការងារមួយណាដែលខ្ញុំគួរតែយក ។ ខ្ញុំក៏កំពុងធ្វើផ្នែករបស់ខ្ញុំ តាមរយៈការរៀនអំពីឱកាសការងារនីមួយៗ ហើយប្រឹក្សាជាមួយមនុស្សជាច្រើន ។ ប៉ុន្តែមិនថា ខ្ញុំបានអធិស្ឋាន ឬតមអាហារច្រើនប៉ុណ្ណាទេ ស្ថានសួគ៌ហាក់ដូចជាស្ងប់ស្ងាត់ ហើយខ្ញុំពុំបានទទួលចម្លើយឡើយ ។
ថ្ងៃផុតកំណត់ធ្វើការសម្រេចចិត្តជិតមកដល់ ហើយខ្ញុំបានចាប់ផ្តើមភ័យ ។ ប្រាកដណាស់ ព្រះអម្ចាស់ត្រូវតែខ្វល់ខ្វាយនឹងការសម្រេចចិត្តបែបនេះ ហេតុអ្វីទ្រង់ពុំឆ្លើយតប ? ប្រហែលជាទ្រង់ពុំខ្វល់ខ្វាយអំពីមុខរបរណាមួយដែលខ្ញុំជ្រើសរើសឡើយ ប៉ុន្តែទ្រង់ត្រូវខ្វល់ថា តើខ្ញុំត្រូវប្តូរទៅរស់នៅទីក្រុងណាមួយ ដោយសារវានឹងជះឥទ្ធិពលលើជីវិតខ្ញុំ ។ ព្រះអម្ចាស់ខ្វល់ព្រះទ័យនឹងការសម្រេចចិត្តរបស់ខ្ញុំជានិច្ចកាលពីអតីតកាល ហេតុអ្វីទ្រង់មិនខ្វល់ព្រះទ័យនឹងការសម្រេចចិត្តរបស់ខ្ញុំលើកនេះ ?
មិនថា ខ្ញុំខំប្រឹងបែបណាទេ ខ្ញុំពុំបានទទួលចម្លើយឡើយ ។ ខ្ញុំបានចាប់ផ្តើមឆ្ងល់ថា តើខ្ញុំបានចេញឆ្ងាយពីព្រះឬ បានជាខ្ញុំពុំឮចម្លើយទ្រង់ដូច្នេះ ។ ខ្ញុំក៏ឆ្ងល់ផងដែរថា តើខ្ញុំពុំអាចឮចម្លើយទ្រង់ ដោយសារខ្ញុំមិន ចង់ ឮចម្លើយឬ ។ ទីបំផុត នៅមួយថ្ងៃមុនដល់ថ្ងៃកំណត់ ខ្ញុំបានដឹងថា ខ្ញុំបានសម្រេចចិត្តហើយ ដូច្នេះខ្ញុំបានប្រើការវិនិច្ឆ័យរបស់ខ្ញុំ ហើយធ្វើការសម្រេចចិត្ត ។ នាយប់នោះ ខ្ញុំអធិស្ឋានយ៉ាងសាមញ្ញ ដោយទូលសូមទ្រង់ឲ្យប្រាប់ខ្ញុំ ប្រសិនបើចម្លើយរបស់ខ្ញុំខុស ។ នៅតែគ្មានចម្លើយកើតឡើងឡើយ ដូច្នេះខ្ញុំបានបន្តឆ្ពោះទៅមុខ ហើយទទួលយកការងារនោះ ។
បីបួនខែក្រោយមក ខ្ញុំនៅតែមានមន្ទិលសង្ស័យអំពីការសម្រេចចិត្តរបស់ខ្ញុំ ដូច្នេះខ្ញុំបានសូមការប្រសិទ្ធពរបព្វជិតភាពដើម្បីទទួលការបញ្ជាក់ ។ នៅក្នុងការប្រសិទ្ធពរនោះ ខ្ញុំត្រូវបានប្រាប់ថា ខ្ញុំពុំបានទទួលចម្លើយចំពោះការអធិស្ឋានខ្ញុំទេ ដោយសារព្រះអម្ចាស់សព្វព្រះទ័យនឹងការសម្រេចចិត្តដែលខ្ញុំបានធ្វើ ។ ពរជ័យនេះពង្រឹងដល់ការទូន្មានពីមុនដែលបានផ្តល់ដល់ខ្ញុំតាមរយៈប្រធានបេសកកម្មខ្ញុំ ដែលបានប្រាប់ខ្ញុំថា ជារឿយៗ វាមិនសំខាន់ថា យើងសម្រេចចិត្តធ្វើអ្វីនោះទេ ។ ព្រះសព្វព្រះទ័យឲ្យយើងរៀនអំពីរបៀបដើម្បីពឹងផ្អែកលើខ្លួនឯង ហើយសម្រេចចិត្តពីរបៀបដែលជីវិតយើងត្រូវរស់នៅ ។ ប្រធានបេសកកម្មរបស់ខ្ញុំក៏បានរំឭកខ្ញុំដែរថា ព្រះជាព្រះវរបិតាសួគ៌របស់យើង ពុំដាក់ទោសយើង ហើយយកឱកាសនានាដែលបានសន្យាចេញពីយើងទេ ប្រសិនបើយើងមានចិត្តស្មោះ ដោយព្យាយាមចង់ដឹងអ្វីដែលត្រូវធ្វើនោះ ។
បងប្រុសយ៉ារេឌទំនងជាត្រូវបានផ្តល់យោបល់ឲ្យស្ទើរតែគ្រប់ដំណោះស្រាយទាំងអស់ ដើម្បីបំភ្លឺភេត្រាទាំងនោះ ហើយព្រះអម្ចាស់យល់ស្របនឹងរឿងនោះ ។ ចំណុចនៃបទពិសោធន៍នោះគឺពុំគ្រាន់តែសម្រាប់បងប្រុសយ៉ារេឌពង្រឹងសេចក្តីជំនឿរបស់លោកទេ លោកថែមទាំងបានរៀនពីរបៀបធ្វើការសម្រេចចិត្តផងដែរ ។
អនុវត្តសិទ្ធិជ្រើសរើស
ចេញពីទស្សនវិស័យអស់កល្បមួយ ការអនុវត្តសិទ្ធិជ្រើសរើសគឺជាធាតុចាំបាច់មួយដើម្បីរីកចម្រើនផ្ទាល់ខ្លួន ។ បើគ្មានសិទ្ធិជ្រើសរើសទេនោះ យើងពុំអាចធ្វើការសម្រេចចិត្តដែលនឹងជួយយើងឲ្យសម្រេចបានសក្ដានុពលដ៏ពេញលេញរបស់យើងឡើយ ។ ដូចជាអ្វីៗផ្សេងទៀតនៅក្នុងដំណឹងល្អ ការរីកចម្រើនកើតឡើង « មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ » ( នីហ្វៃទី ២ ២៨:៣០ ) ។ ព្រះសព្វព្រះទ័យឲ្យយើងក្លាយជាមនុស្សមានការរៀបចំ ពុំមែនជាមនុស្សខ្លាចមិនហ៊ានអនុវត្តនោះទេ ហើយទ្រង់រំពឹងឲ្យយើងប្រើប្រាស់សិទ្ធិជ្រើសរើសរបស់យើងដើម្បីរស់នៅឲ្យបានល្អបំផុតតាមដែលយើងអាចធ្វើបាន ។
ពេលយើងរៀនស្វែងរកតុល្យភាពរវាងសិទ្ធិជ្រើសរើស និងវិវរណៈហើយ នោះយើងអាចដកពិសោធន៍ការរីកចម្រើនខាងវិញ្ញាណយ៉ាងពិតប្រាកដ ។ នេះគឺជាអ្វីដែលបានកើតឡើងចំពោះបងប្រុសយ៉ារេឌ ។ បន្ទាប់ពីគិតអំពីរឿងនោះមក លោកបានធ្វើការរំលាយក្រួស ១៦ ដុំ ចេញពីថ្ម ហើយសូមឲ្យព្រះពាល់ក្រួសទាំងនោះ ហើយធ្វើឲ្យវាមានពន្លឺឡើង ( សូមមើល អេធើរ ៣:១–៥ ) ។ លើកនេះ ពេលព្រះបានឆ្លើយតប អ្វីៗគ្រប់យ៉ាងបានផ្លាស់ប្តូរ ។ ជាជាងការឮសំឡេងរបស់ព្រះនៅលើពពក បងប្រុសយ៉ារេឌបាន ឃើញ ព្រះអម្ចាស់ដោយផ្ទាល់ ដែលពុំគ្រាន់តែបង្ហាញព្រះកាយទ្រង់ប៉ុណ្ណោះទេ ទ្រង់ថែមទាំងបង្ហាញបងប្រុសយ៉ារេឌនូវការនិមិត្តដ៏អស្ចារ្យអំពីពិភពលោក និងអ្វីៗគ្រប់យ៉ាងដែលនឹងកើតឡើង ( សូមមើល អេធើរ ៣:៦–២៦ ) ។ វាអាចថា បងប្រុសយ៉ារេឌពុំបានរៀបចំខ្លួនខាងវិញ្ញាណដើម្បីទទួលការនិមិត្តនោះឡើយ ប្រសិនបើលោកពុំបានទទួលបទពិសោធន៍នៃការរីកចម្រើនផ្ទាល់ខ្លួនជាមុនដំបូងសិន ដែលកើតមកពីការសម្រេចចិត្តផ្ទាល់ខ្លួនលោកនោះ ។
ពេលយើងធ្វើការសម្រេចចិត្ត យើងត្រូវប្រាកដថា ធ្វើតាមការទន្មានរបស់អាលម៉ាឲ្យ « ប្រឹក្សាជាមួយនឹងព្រះអម្ចាស់នូវគ្រប់កិច្ចការ [ របស់យើង ] ( អាលម៉ា ៣៧:៣៧ ) ។ ពេលព្រះអម្ចាស់ត្រូវការយើងឲ្យធ្វើការសម្រេចចិត្តជាក់លាក់មួយ ទ្រង់នឹងអនុញ្ញាតឲ្យយើងដឹង និងជួយរារាំងយើងពីការវង្វេងផ្លូវ ។ ប៉ុន្តែយើងក៏ត្រូវរៀបចំខ្លួនដើម្បីឈរយ៉ាងរឹងប៉ឹង ហើយបន្តឆ្ពោះទៅមុខដោយសេចក្តីជំនឿ ទោះបីមាន ឬគ្មានចម្លើយកើតឡើងក្តី ។ ដរាបណាយើងរក្សាសេចក្តីសញ្ញារបស់យើង ហើយបន្តនៅស្មោះត្រង់ចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ នោះយើងអាចទទួលអារម្មណ៍នៃទំនុកចិត្តក្នុងការសម្រេចចិត្តដ៏សុចរិតរបស់យើង និងភាពសុខសាន្តដែលព្រះអម្ចាស់សព្វព្រះទ័យជាមួយនឹងកិច្ចខិតខំរបស់យើង ។