២០១៩
ការ​បង្ហាញ​ដ៏​អស្ចារ្យ​បំផុត​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ
ខែ មេសា ឆ្នាំ ២០១៩


ពាក្យ​ចុង​ក្រោយ

ការ​បង្ហាញ​ដ៏​អស្ចារ្យ​បំផុត​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ

ដកស្រង់​ចេញ​ពី​សុន្ទរកថា​សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ១៩៨៨ ។

ព្រះ​បង្ហាញ​សេចក្តីស្រឡាញ់​របស់​ទ្រង់​សម្រាប់​យើង តាមរយៈ​ការ​ប្រទាន​នូវ​ការណែនាំ ដែល​យើង​ត្រូវការ​ដើម្បី​រីកចម្រើន និង​ឈាន​ដល់​សក្តានុពល​របស់​យើង ។ ទ្រង់​ស្គាល់​យើង សក្តានុពល​យើង​ច្បាស់​បំផុត ហើយ​ភាពអស់កល្ប​ជានិច្ច​របស់​យើង​ដែល​អាច​កើត​មាន​ឡើង​ដល់​យើង បាន​ផ្ដល់​ដល់​យើង​នូវ​ឱវាទ និង​បទបញ្ញត្តិ​ដ៏​ទេវភាព​នៅក្នុង​សៀវភៅ​ណែនាំ​របស់​ទ្រង់—គឺ​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ ។ ពេល​យើង​យល់ ហើយ​ធ្វើ​តាម​ការណែនាំ​ទាំង​នេះ ជីវិត​របស់​យើង​មាន​គោលបំណង និង​អត្ថន័យ ។ យើង​រៀន​ថា អង្គបង្កបង្កើត​របស់​យើង​ស្រឡាញ់​យើង ហើយ​មាន​ព្រះទ័យ​ប្រទាន​សុភមង្គល​ដល់​យើង ។ នៅក្នុង​ការបង្ហាញ​សេចក្តីស្រឡាញ់​ដ៏​ទេវភាព​ដែល​ពុំ​អាច​ប្រៀបផ្ទឹម​បាន​សម្រាប់​យើង នោះ​ទ្រង់​បាន​បញ្ជូន​ព្រះរាជបុត្រា​ទ្រង់​តែ​មួយ​គឺ​ព្រះយេស៊ូវគ្រីស្ទ ។

« ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​មួយ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ ។

ពី​ព្រោះ​ព្រះ​ទ្រង់​មិន​បាន​ចាត់​ព្រះរាជបុត្រា​ទ្រង់ ឲ្យ​មក​ក្នុង​លោកីយ៍ ដើម្បី​នឹង​ជំនុំជម្រះ​លោកីយ៍​នោះ​ទេ គឺ​ឲ្យ​លោកីយ៍​បាន​សង្គ្រោះ ដោយសារ​ទ្រង់​វិញ » ( យ៉ូហាន ៣:១៦–១៧ ) ។

ព្រះយេស៊ូវ​បាន​ប្រសូត​មក​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ ទ្រង់​បាន​ដឹកនាំ​ជីវិត​ដ៏​ឥតខ្ចោះ ហើយ​ដោយ​ការ​ធ្វើ​បែប​នោះ ទ្រង់​បាន​គូស​ផ្លូវ​ឲ្យ​យើង​ដើរ​តាម ។ ទ្រង់​បាន​បង្រៀន​សិស្ស​ទ្រង់​ថា ៖ « ខ្ញុំ​ជា​ពន្លឺ​លោកីយ៍​អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ »។ ( យ៉ូហាន ៨:១២ ) ។

យើង​អាច​ចាប់ផ្តើម​យល់​ពី​ជម្រៅ​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះគ្រីស្ទ​សម្រាប់​យើង ពេល​យើង​ពិចារណា​ថា ទ្រង់​មាន​ព្រះទ័យ​ធ្វើ​ពលិកម្ម​ធួន ហើយ​រង​ការឈឺចាប់​សម្រាប់​អំពើ​បាប​យើង « គឺជា​សេចក្ដី​រង​ទុក្ខ​វេទនា ដែល​បណ្ដាល​ឲ្យ [ ទ្រង់ ] គឺជា​ព្រះ​ដែល​មហិមា​លើ​អ្វីៗ​ទាំង​អស់​ត្រូវ​ញ័រ​ដោយ​សារ​តែ​ការ​ឈឺ​ចាប់ ហើយ​ត្រូវ​ច្រួច​លោហិត​ចេញ​ពី​គ្រប់​រន្ធ​ញើស ហើយ​ត្រូវ​រង​ទុក្ខ​ព្រម​ទាំង​រូប​កាយ និង​វិញ្ញាណ​ផង » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១៨ ) ។

នៅ​បុណ្យ​អ៊ីស្ទើរ​នេះ ចូរ​យើង​ថ្លែង​អំណរគុណ​ជាពិសេស​ដល់​ព្រះ ចំពោះ​ដង្វាយធួន និង​ការ​មាន​ព្រះជន្មរស់​ឡើង​វិញ​របស់​ព្រះរាជបុត្រា​សំណព្វ​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ដ្បិត​​នៅក្នុង​ទ្រង់ ដោយសារ​​ទ្រង់ និង​តាមរយៈ​ទ្រង់ លក្ខខណ្ឌ​នៃ​ជីវិត​រមែង​ស្លាប់​បណ្តោះ​អាសន្ន​នេះ អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​ទៅ​ជាអចិន្ត្រៃរ៍ ឲ្យ​មាន​ភាព​ល្អ​ឥតខ្ចោះ ដែល​រកពាក្យ​ណា​មក​ថ្លែង​ពី​អំណរ​យើង​បាន​ឡើយ ។

លក្ខណៈ​ដ៏​អស្ចារ្យ​ទាំង​អស់​គឺជា​ផ្នែក​មួយ​នៃ​ព្រះចេស្តា​ដ៏​ទេវភាព​របស់​ទ្រង់ និង​ការបង្ហាញ​នៃ​សេចក្តីស្រឡាញ់​របស់​ទ្រង់ ។ ប៉ុន្តែ​អព្ភូតហេតុ​ដ៏​មហិមា​ទាំងអស់​កំពុង​រង់​ចាំ​យើង ។ វា​នឹង​កើត​មាន​ឡើង​ដោយ​ព្រះចេស្តា​របស់​ទ្រង់ នៅពេល​យើង​នឹង​ងើប​ចេញ​ពី​សេចក្តីស្លាប់ និង​ផ្នូរ​ទៅ​កាន់​ពិភពថ្មី​មួយ ដែល​នឹង​មិន​កន្លង​ផុត​ទៅ​ឡើយ ជា​កន្លែង​ដែល​យើង​នៅ​ជាមួយ​ទ្រង់ និង​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​ជារៀង​រហូត​តទៅ ប្រសិនបើ​យើង​ស័ក្តិសម ។

infographic about President Ballard